-
អគ្គនាយកអង្គការ WHO បញ្ជាក់ថា ស្ថានភាពជម្ងឺ COVID-19 នៅទូទាំងសកលលោកកំពុងប្រឈមនឹងភាពកាន់តែអាក្រក់ខ្លាំងឡើង
ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស នៅថ្ងៃចន្ទម្សិលមិញ បញ្ជាក់ថា បើទោះបីជាស្ថានភាពឆ្លងរាលដាលនៃជម្ងឺ COVID-19 ក្នុងតំបន់អឺរ៉ុបកំពុងមានភាពប្រសើរឡើងក៏ពិតមែន ប៉ុន្តែនៅទូទាំងសកលវិញ វាហាក់កំពុងកាន់តែអាក្រក់ឡើងៗ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។ លោក ថេដ្រូស បន្ថែមទៀតថា ច្រើនជាង១០ម៉ឺនករណីត្រូវបានរាយការណ៍មកកាន់អង្គការសុខភាពពិភពលោក WHO នារយៈពេល០៩ថ្ងៃក្នុងចំណោម១០ថ្ងៃចុងក្រោយនេះ ហើយនៅថ្ងៃទី០៧ ខែមិថុនាមកនេះវិញ ច្រើនជាង១៣ម៉ឺន៦ពានក់ករណីត្រូវបានរាយការណ៍ ដែលនេះជាករណីឆ្លងដ៏ច្រើនបំផុតក្នុងពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ។ ទន្ទឹមគ្នា អគ្គនាយកអង្គការ WHO រូបនេះ ថែមទាំងបានក្រើនរំលឹកដល់បណ្តាប្រទេសនានា គួរតែបន្តរក្សាការប្រុងប្រយ័ត្នជានិច្ច ដោយសារមនុស្សភាពច្រើននៅលើពិភពលោក នៅតែងាយនឹងឆ្លងវីរុសដ៏កាចសាហាវមួយនេះ ៕
-
អង្គការសុខភាពពិភពលោក WHO អំពាវនាវឱ្យក្រុមបាតុករការពារខ្លួនពី COVID-19 អំឡុងការតវ៉ាប្រឆាំងការរើសអើងពូជសាសន៍
ស្វីស៖ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស បានថ្លែងតាមរយៈវីដេអូអនឡាញកាលពីថ្ងៃចន្ទម្សិលមិញថា អង្គការ WHO គាំទ្រយ៉ាងពេញទំហឹងចំពោះភាពស្មើគ្នា និង ចលនាជាសកល ដើម្បីប្រឆាំងការរើសអើងពូជសាសន៍ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ បន្ថែមលើនេះ លោក ថេដ្រូស បាននិយាយទៀតថា យើងបដិសេធនូវការរើស អើងគ្រប់ទម្រង់ទាំងអស់ យើងលើកទឹកចិត្តដល់បាតុករទាំងអស់នៅទូទាំងពិភពលោក ឲ្យធ្វើសកម្មភាពប្រកបដោយសុវត្ថិភាព ដើម្បីការពារខ្លួនពីការឆ្លងជម្ងឺ COVID-19 ។ អគ្គនាយកអង្គការ WHO រូបនេះ ក៏បានណែនាំផងដែរឲ្យបាតុករទាំងឡាយណា ដែលមានអការៈមិនស្រួលខ្លួន ឬជារោគសញ្ញាសង្ស័យនៃជម្ងឺ COVID-19 នោះគួរតែព្យាយាមស្នាក់នៅផ្ទះ និងតាមដានអការៈ ដើម្បីកុំឲ្យចម្លងជំងឺទៅអ្នកដទៃ ៕
-
ក្រសួងសុខាភិបាលអ៊ីរ៉ង់ព្រួយបារម្ភខ្ពស់ពីរលកទី២ នៃការចម្លង COVID-19 និងអំពាវនាវឱ្យប្រជាជនទាំងអស់ពាក់ម៉ាសការពារ
អ៊ីរ៉ង់៖ ក្រសួងសុខាភិបាលអ៊ីរ៉ង់ព្រមានថា រលកទី២នៃការចម្លងជម្ងឺ COVID-19 ទំនងជាផ្ទុះឡើង ហើយវាអាចនឹងមានសភាពកាន់តែធ្ងន់ធ្ងរ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាលអ៊ីរ៉ង់ថែមទាំងបានជំរុញឱ្យប្រជាជនរបស់ខ្លួនទាំងអស់ ពាក់ម៉ាស និងអនុវត្តន៍វិធានការគម្លាតសុវត្ថិភាពនៅតាមទីសាធារណៈជាំដើម ។ បើតាមក្រុមអ្នកជំនាញនោះ អ៊ីរ៉ង់កំពុងប្រឈមមុខនឹងរលកទី២នៃជម្ងឺ COVID-19 ដែលនឹងអាចមានសភាពកាន់តែធ្ងន់ជាងមុនទ្វេដង ក្រោយករណីឆ្លងជាប់កំណត់ត្រាថ្មីមួយ គឺមានអ្នកឆ្លងរហូតដល់៣.៥៧៤នាក់ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ។ សូមជម្រាបថា អ៊ីរ៉ង់ស្ថិតនៅលំដាប់ទី១០ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានអ្នកឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ហើយគិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ អ៊ីរ៉ង់មានអ្នកឆ្លងសរុប១៧ម៉ឺន៣ពាន់៨៣២ករណី ក្នុងនោះមានអ្នកជម្ងឺ៨ពាន់៣៥១នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប១៣ម៉ឺន៦ពាន់៣៦០នាក់ ៕
-
ប្រេស៊ីលប្រកាសកែតម្រូវរបាយការណ៍ប្រចាំថ្ងៃ ស្តីពីចំនួនមនុស្សស្លាប់ និងឆ្លងជម្ងឺ COVID-19
ប្រេស៊ីល៖ រដ្ឋាភិបាលប្រេស៊ីលបានទម្លាក់ចំនួនអ្នកស្លាប់ប្រចាំថ្ងៃពី១ពាន់៣៨២នាក់ មកនៅត្រឹម៥២៥នាក់វិញ ប៉ុន្តែសម្រាប់តួលេខអ្នកឆ្លងប្រចាំថ្ងៃត្រូវបានដំឡើងពី១ម៉ឺន២ពាន់៥៨១ករណី ទៅ១ម៉ឺន៨ពាន់៩១២ករណី នេះបើតាមសារព័ត៌ មានស៊ីនហួរនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ អាជ្ញាធរប្រេស៊ីលបានអះអាងថា ការកែតម្រូវតួលេខខាងលើនេះ ក៏ព្រោះតែរដ្ឋមួយចំនួនបានជួបបញ្ហា ដោយសារការរាប់ចំនួនជាន់គ្នា ធ្វើឲ្យតួលេខអ្នកស្លាប់កើនឡើង និងការមិនបានរាប់បញ្ចូលចំនួនត្រឹមត្រូវ នាំឲ្យបាត់តួលេខអ្នកឆ្លងជាច្រើន។ សូមជម្រាបថា ប្រេស៊ីលស្ថិតនៅលំដាប់ទី០២ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានអ្នកឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ហើយគិតត្រឹមថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ ប្រេស៊ីលមានអ្នកឆ្លងសរុប៧១ម៉ឺន៨៨៧ករណី ក្នុងនោះមានអ្នកជម្ងឺ៣ម៉ឺន៧ពាន់៣១២នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប៣២ម៉ឺន៥ពាន់៦០២នាក់ ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត៧.២លាននាក់ ក្នុងនោះស្លាប់ជាង៤០ម៉ឺននាក់ និងជាសះស្បើយជាង៣.៥លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧លាន១៩ម៉ឺន៣ពាន់៤៧៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤០ម៉ឺន៨ពាន់៦១៤នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុបចំនួន៣លាន៥៣ម៉ឺន៥ពាន់៥៥៤នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។ បច្ចុប្បន្នជម្ងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» នោះ បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន២១៣ហើយនៅទូទាំងសកលលោក ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់២លាន២ម៉ឺន៦ពាន់៤៩៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១១ម៉ឺន៣ពាន់៥៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧៧ម៉ឺន៣ពាន់៤៨០នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៧១ម៉ឺន៨៨៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៧ពាន់៣១២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៣២ម៉ឺន៥ពាន់៦០២នាក់ ។ ៣-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៤៧ម៉ឺន៦ពាន់៦៥៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥ពាន់៩៧១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២៣ម៉ឺន៦៨៨នាក់ ។ ៤-អេស្ប៉ាញ ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៨ពាន់៧៩៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន៧ពាន់១៣៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ។ ៥-អង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់២៨ម៉ឺន៧ពាន់៣៩៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៥៩៧នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់ទេ ៕…
-
ក្រសួងប្រាប់សហគ្រាសវិស័យទេសចរណ៍ស្តីពីការលើកលែងបង់កម្រៃបន្តអាជ្ញាបណ្ណឆ្នាំ២០២១ដើម្បីលើកទឹកចិត្ត
ក្រសួងទេសចរណ៍ នៅថ្ងៃទី០៨ ខែមិថុនានេះ បានជូនដំណឹងស្ដីពីការអនុវត្តវិធានបន្ថែមរបស់រាជរដ្ឋាភិបាល លើការលើកលែងការបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ២០២១។ នៅក្នុងនោះមានចំនួន៤ចំណុចធំៗ ទី១៖លើកលែងការបង់ពន្ធ ចំពោះអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទសម្រាប់ឆ្នាំ 2021 ចំពោះអាជ្ញាប័ណ្ណទេសចរណ៍ដែលស្ថិតក្នុងសុខភាពហើយការលើកលែងនេះ គឺនឹងត្រូវអនុវត្តចាប់ពីដើមខែមករារហូតដល់បំណាច់ខែធ្នូឆ្នាំ២០២១។ ទី២ រក្សាការបង់កម្រៃអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទចំពោះអាជីវកម្មទេសចរណ៍ដែលបានដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍ថ្មីឬបន្តក្នុងឆ្នាំ ២០២០ និងស្នើសុំអាជ្ញាបណ្ណទេសចរណ៍ថ្មីសម្រាប់ឆ្នាំ ២០២១។ ទី៣ រក្សាការបង់កម្រៃសេវាសាធារណៈ ចំពោះការស្នើសុំចំណាត់ថ្នាក់សេវាទេសចរណ៍គ្រប់ប្រភេទ ទី៤ រក្សាការអនុវត្ត ការពិន័យអន្តរការណ៍ ជាប្រាក់ចំពោះអាជីវកម្មទេសចរណ៍ដែលហួសសុពលភាពអាជ្ញាប័ណ្ណទេសចរណ៍ និងអាជីវកម្មដែលបានប្រព្រឹត្តខុសបទល្មើសផ្សេងៗ ស្ដីពីការផ្ដល់សេវាសាធារណៈ។ ការចេញវិធានការនេះគឺដើម្បីជាការលើកទឹកចិត្តដល់សហគ្រាសវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ខ្លាំងដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ហើយវិធានការនេះ ក៏ជាវិធានការជុំទី៤របស់រដ្ឋាភិបាលផងដែរ៕
-
ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវពេញទំហឹងរងរបួសធ្ងន់២នាក់ នៅខណ្ឌមានជ័យ
ភ្នំពេញ៖ បុរសម្នាក់រួមដំណេីរជាមួយនឹងនារីម្នាក់ ជិះម៉ូតូ១គ្រឿងក្នុងល្បឿនយ៉ាងលឿន មកដល់ស្តុបលូប្រាំដោយខ្វះការប្រុងប្រយ័ត្ន មិនបានបន្ថយល្បឿន ក៏ជ្រុលទៅបុករថយន្តដែលកំពុងឆ្លងថ្នល់ ចំពីមុខពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់បាក់ជេីងឆ្វេងទាំងពីរនាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ហេតុការណ៍នេះ កេីតឡេីងកាលពីវេលាម៉ោង ១១ និង៣០នាទីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចនិងស្តុបលូប្រាំ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់ និងនារីម្នាក់ទៀតជាអ្នករួមដំណេីរជាមួយ ជិះម៉ូតូ១គ្រឿងម៉ាក ហុងដា ឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H-9873 ធ្វេីដំណេីរក្នុងល្បឿនយ៉ាងលឿន ទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុខាងលេី ត្រង់និងចំណុចស្តុបលូប្រាំ ដោយខ្វះការប្រុងប្រយ័ត្ន ក៏បានជ្រុលទៅបុករថយន្ត១គ្រឿងម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-1286 កំពុងតែឆ្លងថ្នល់ បុកចំពីខាងមុខពេញទំហឹង បណ្ដាលឲ្យម្ចាស់ភាគីខាងម៉ូតូ បាក់ជេីងឆ្វេងទាំងពីរនាក់ រងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ រីឯរថយន្តរងការខូចខាតតិចតួចប៉ុណ្ណោះ។ …
-
សប្តាហ៍ក្រោយ៖ កម្ពុជា-ចិននឹងបើកកិច្ចប្រជុំអន្តររដ្ឋាភិបាល ជជែកពីការស្តារសេដ្ឋកិច្ចកម្ពុជា
កម្ពុជានិងចិននឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិននៅថ្ងៃអង្គារទី១៦ ខែមិថុនាសប្តាហ៍ក្រោយដើម្បីសហការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយវិបត្តិកូវីដ១៩។ នេះគឺជាបញ្ជាក់ពីលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលបានដឹកនាំកិច្ចប្រជុំស្តីពីភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនាតែរួមកម្ពុជា-ចិន នៅទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី០៨ ខែមិថុនានេះ។ ក្នុងកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងនិងលោករដ្ឋមន្ត្រីការបរទេស វ៉ាង យី ដែលជាសហប្រធាននៃកិច្ចប្រជុំនឹងពិភាក្សាលើរបៀបវីរៈនៃកិច្ចសហការរវាងកម្ពុជា-ចិនកន្លងមកហើយទៅពេលអនាគត នឹងបន្តសហការគ្នាយ៉ាងណាបន្ថែមទៀត ដើម្បីស្តារសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ ក្រោយពីវិបត្តិកូវីដ១៩។ មួយវិញទៀតភាគីទាំងពីរនឹងបន្តជជែកពីផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ចរបស់សកលលោកទាំងមូល និងលទ្ធភាពនៃការស្តារ។ កិច្ចប្រជុំដែលត្រូវធ្វើឡើងតាមរយៈវីដេអូខនហ្វើរ៉េន (Video Conference) គិតចាប់តាំងពីឆ្នាំ២០១០មក កម្ពុជានិងចិន គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ បានចុះហត្ថលេខា លើផែនការ៥ឆ្នាំ ដើម្បីកសាងសហគមន៍វាសនារួម កម្ពុជា-ចិនដែលជាទំនាក់ទំនងខ្ពស់បំផុតមិនធ្លាប់មាន៕
-
ឯកឧត្តម ហោ ណាំហុង អតីតរដ្ឋមន្ត្រីការទូតកម្ពុជាបញ្ជាក់ថា ចិនជាប្រភពជួយសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ១៩
អតីតប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានបញ្ជាក់ថា ប្រទេសចិនជាប្រភពជួយសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិកូវីដ១៩។ ការបញ្ជាក់បែបនេះរបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានបញ្ចប់កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ស្តីពីភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនាតែរួមកម្ពុជា-ចិន នៅទីស្តីការគណៈរដ្ឋមន្ត្រី។ អតីតប្រមុខការទូតកម្ពុជា បានបបញ្ជាក់យ៉ាដូច្នេះថា៖ «យើងខ្ញុំបានអញ្ជើញតំណាងក្រសួងមកប្រជុំ ក៏ប៉ុន្តែ ឥឡូវនេះមិនមែនតំណាងក្រសួងទេ ជាសមាជិកគណៈកម្មាធិការកម្ពុជាដើម្បីរៀបចំធំ ជាមួយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេសចិន ដើម្បីលើកទៅថ្ងៃអនាគតកន្លងមកកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន មានសភាពយ៉ាងណាល្អ ខ្វះខាតយ៉ាងម៉េច? ហើយអនាគតយើងលើកអ្វីខ្លះ ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាយើងក្រោយពីកូវីដ១៩»។ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្ថែមទៀតថា កម្ពុជា-ចិន បានបង្កើតដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចាប់តាំងពីឆ្នាំ២០១០មក។ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឱ្យដឹងថា បញ្ហាវីរុសកូវី១៩នេះ មិនមែនប៉ះពាល់តែប្រទេសកម្ពុជានោះទេ គឺវាបានធ្វើឱ្យប៉ះពាល់ជាសកលដល់បណ្តាប្រទេសនានាទូទាំងពិភពលោក ៕ …
-
ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
ភ្នំពេញ៖ បើតាមសេចក្តីសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត អតីតអនុប្រធានប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា តែងតាំងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលជំនួសលោក កែ ប៊ុនខៀង។ ការតែងតាំងនេះ ធ្វើឡើងផ្អែកលើសមត្ថភាព និងសំណើរបស់គណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាល ក៏ដូចជាមតិរបស់គណអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា។ បច្ចុប្បន្ន ឯកឧត្តម ហ៊ុន ម៉ាណែត ក៏ជាសមាជិកអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជាផងដែរ។ ដោយឡែក ឯកឧត្តម កែ ប៊ុនខៀង ដែលមានវ័យជាង៦០ឆ្នាំ ត្រូវបានសម្រួលការងារ ទៅកាន់តួនាទីចាស់របស់គាត់ជា អនុប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។ នេះបើតាមការបញ្ជាក់របស់មន្រ្តីគណបក្សប្រជាជនកម្ពុជា៕