-
រដ្ឋាភិបាលបារាំងសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា (Video Inside)

ប្រទេសបារាំងបានសន្យាចំពោះកម្ពុជាថានឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសុខាភិបាល, ឌីជីថល, សេដ្ឋកិច្ច, ហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។ ការសន្យានេះបានធ្វើឡើងដោយឯកអគ្គរដ្ឋទូតបារាំង លោក ហ្សាក់ ប៉ែលឡេ ក្នុងឱកាសអញ្ជើញជួបសម្តែងការគួរសមចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី២០ធ្នូ នៅវិមានសន្តិភាព។ ឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចធិបតីនាយករដ្ឋមន្ត្រីទៀតថា បារាំងនឹងគាំទ្របេក្ខភាពរបស់កម្ពុជា ដើម្បីធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ ដែលនឹងមានរដ្ឋ និងរដ្ឋាភិបាលជាង៩០ នៅទូទាំងសាកលលោកនឹងអញ្ជើញចូលរួម។ លោកបានថ្លែងថាប្រទេសបារាំង ក៏កំពុងត្រៀមលក្ខណៈ ក្នុងការរង់ចាំទទួលស្វាគន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅក្នុងក្រុងប៉ារីសនាពេលឆាប់ៗខាងមុខនេះផងដែរ។ សម្តេចធិបតីក្នុងប្រសាសន៍ឆ្លើយតប បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផល នៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ក្នុងរយៈកាលកន្លងមក និងស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយនឹងការបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា មានគោលនយោបាយការបរទេសមិនប្រែប្រួលឡើយ ពោលគឺបន្តនូវនិរន្តរភាព និងសង្គតិភាព នៃទំនាក់ទំនង ជាពិសេសនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-បារាំង។ បារាំងគឺជាប្រទេសដែលធ្លាប់ធ្វើអាណានិគមត្រួតត្រាកម្ពុជាក្នុងសម័យអតីតកាល។ កម្ពុជា និងបារាំងក្រោយមកមានទំនាក់ទំនងការទូតនៅឆ្នាំ១៩៥២។ បារំាង បានដើរតួនាទីយ៉ាងសកម្មនៅក្នុងការស្វែងរកសន្តិភាពឲ្យកម្ពុជា រហូតបង្កើតបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីសឆ្នាំ១៩៩១។
-
ក្រសួងពាណិជ្ជកម្មគ្រោងប្តឹងក្រុមហ៊ុន SENG CHEANG MONG FOOD CORP នៅអាមេរិក (Video Inside)

ក្រសួងពាណិជ្ជកម្មកម្ពុជា បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុនដែលក្លែងបន្លំប្រើប្រាស់ស្លាកសញ្ញាជាតិ, រូបទង់ជាតិ និងនិមិត្តរូបជាតិរបស់ប្រទេសកម្ពុជា។ ក្រុមហ៊ុន SENG CHEANG MONG FOOD CORP នៅរដ្ឋកាលីហ្វ័រនីញ៉ានិងរដ្ឋ Florida ក្នុងសហរដ្ឋអាមេរិក ត្រូវគេរកឃើញបានក្លែងបន្លំស្លាកសញ្ញាជាតិខ្មែរ ដោយដាក់រូបប្រាសាទបាយ័ន លើសំបកវេចខ្ចប់ សរសៃបាញ់កាញ់ក្រៀម ដាក់លក់នៅលើទៅទីផ្សារផ្ទាល់ផង និងតាមប្រព័ន្ធអនឡាញផង ដោយគ្មានការអនុញ្ញាត ពីក្រសួងមានសមត្ថកិច្ចរបស់កម្ពុជាឡើយ។ ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងសហការជាមួយក្រសួងការបរទេស និងស្ថាប័នមានសមត្ថកិច្ច ដើម្បីការចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុននៅក្រៅប្រទេសនោះ។
-
កម្ពុជាមិនទាន់មានប្រតិកម្មផ្លូវការ ជុំវិញសេចក្តីរាយការណ៍ចោទប្រកាន់គណបក្សកាវក្លៃ (Video Inside)

កម្ពុជានៅមិនទាន់ធ្វើប្រតិកម្មជាផ្លូវការនៅឡើយទេ ជុំវិញសេចក្តីរាយការណ៍ពីប្រទេសថៃ ដែលនិយាយថា គណបក្សកាវក្លៃ បានផ្ដល់ទីកន្លែង និងជួយបណ្ដុះបណ្ដាលក្រុមជ្រុលនិយមបរទេស ដើម្បីឲ្យប្រឆាំងជាមួយរាជរដ្ឋាភិបាលកម្ពុជា។ មិនមានសេចក្តីរាយការណ៍ថា តើក្រុមជ្រុលនិយមបរទេសនោះ ជាក្រុមរបស់អ្នកណាឡើយ។ សេចក្តីរាយការណ៍ពីប្រទេសថៃបាននិយាយថា ក្រុមអ្នកប្រជាធិបតេយ្យថៃ ដឹកនាំដោយបណ្ឌិត ថែនខុន ចីតអីសារ៉ាក់ បានថ្កោលទោស គណបក្សកាវក្លៃ និងចាត់ទុកថាការជួយរបស់គណបក្សកាវក្លៃដល់ក្រុមជ្រុលនិយមបរទេសនោះ គឺជាអំពើខុសច្បាប់ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ក្រុមអ្នកប្រជាធិបតេយ្យថៃទាំងនោះ បានដាក់ពាក្យប្តឹងអំពើជ្រៀតជ្រែករបស់គណបក្សកាវក្លៃ របស់ថៃនោះ ទៅរាជរដ្ឋាភិបាលថៃ ដើម្បីមានវិធានការតាមផ្លូវច្បាប់។ តាមរយៈការសរសេរលើបណ្ដាញសង្គម ក៏មានការអ្នកបញ្ចេញមតិយោបល់យ៉ាងច្រើន ស្ដីបន្ទោសទៅលើគណបក្សកាវក្លៃថា បានលូកលាន់ចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងបានប្រៀបប្រដូចអំពើនោះ ដូចជាការយកភ្លើងចូលក្នុងផ្ទះយ៉ាងដូច្នេះដែរ។ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏បានទាមទារឲ្យរដ្ឋាភិបាល ពិសេសក្រុមប្រឹក្សាសន្ដិសុខជាតិថៃ ត្រូវចាត់វិធានការជាបន្ទាន់ ចំពោះសកម្មភាពរបស់គណបក្សកាវក្លៃ ហើយបានអំពាវនាវសូមកុំឲ្យជនបរទេសយកទឹកដីថៃ ធ្វើនយោបាយប្រឆាំងប្រទេសជិតខាង ឬប្រទេសដទៃផ្សេងទៀត។ រាជរដ្ឋាភិបាលកម្ពុជា នៅមិនទាន់មានប្រតិកម្ម ចំពោះព័ត៌មាននេះនៅឡើយទេ។
-
មន្ត្រីនាំពាក្យរងក្រសួងមហាផ្ទៃ៖ «ក្រសួងនឹងបន្តបណ្តេញមន្ត្រីនគរបាលខ្លះទៀត ដែលពាក់ព័ន្ធនឹងគ្រឿងញៀន» (Video Inside)

មន្ត្រីនគរបាលម្នាក់ក្នុងជួរអង្គភាពប្រឆាំងគ្រឿងញៀន ត្រូវបានបកសក្តិ, ដកហូតមុខតំណែង និងបណ្តេញចេញពីក្របខណ្ឌនគរបាលថែមទៀត ក្រោយការរកឃើញជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ វរសេនីយ៍ត្រី សួន តុសិតពិទូរ្យ អត្តលេខ ៧៨២១៧ ដែលជានាយរងការិយាល័យរដ្ឋបាល-សរុបនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសថ្ងៃទី១៨ធ្នូ បណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ក្រោមមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ ឈ្មោះ សួន តុសិតពិទូរ្យ ធ្លាប់ត្រូវបានគេចាប់ខ្លួននៅក្នុងខេត្តកំពត កាលពីខែកញ្ញា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងអំពើជួញដូរគ្រឿងញៀន។ បុគ្គលរូបនោះទៀត មានរឿងអាស្រូវក្នុងការចោទប្រកាន់ប្រើប្រាស់អំពើហិង្សាថែមទៀត។ មន្ត្រីនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានប្រាប់អប្សរាណិតថា មន្ត្រីនគរបាលរូបនោះ ត្រូវបានរកឃើញជាប់ពាក់ព័ន្ធការប្រើប្រាស់ហិង្សា, ការរក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ប្រព្រឹត្តកាលពីខែកញ្ញា ឆ្នាំ២០១៩។ មន្ត្រីនាំពាក្យដដែលបានលើកឡើងដោយដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ដែលបបញ្ជាក់ច្បាស់លាស់ថា «មន្ត្រីនគរបាលជាតិរូបណាក៏ដោយ នឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ ដោយគ្មានការលើកលែង ប្រសិនបើរកឃើញថា ជាប់ព័ន្ធនឹងគ្រឿងញៀន ទាំងការរក្សាទុក, ការប្រើប្រាស់ និងការជួញដូរគ្រឿងញៀន។» លោកបានបញ្ជាក់ បន្ថែមថា «នៅមានមន្ត្រីនគរបាលមួយចំនួនទៀត ដែលគេកំពុងរៀបចំឯកសារបណ្តេញចេញ ដោយការរកឃើញជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន»។…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់បទបញ្ជា «វាយខ្នោះ» បុគ្គលអនុវត្តខុសច្បាប់បើករថយន្តបុកមនុស្សស្លាប់ (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាដាច់ណាត់ ក្នុងការដាក់ខ្នោះ ចំពោះបុគ្គលណាដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ ដោយមិនចាំបាច់ស្នើសុំ រកការធ្វើអន្តរាគមន៍ពីថ្នាក់ដឹកនាំខាងលើឡើយ។ ការដាក់បទបញ្ជានេះ បានធ្វើឡើងទន្ទឹមនឹងមានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ អំពីបុគ្គលដែលបានបើករថយន្តបុកមនុស្សស្លាប់ ប៉ុន្តែមិនត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងហេតុការណ៍នោះឡើយ ដោយសារតែមានអន្តរាគមន៍ពីនេះ ឬពីនោះ។ ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងបរិស្ថាននៅថ្ងៃទី២១ធ្នូឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវបទបញ្ជាដាច់ណាត់យ៉ាងនេះ។ គ្រោះថ្នាក់ចរាចរណ៍ គឺជាគ្រោះថ្នាក់កើតឡើងជាប្រចាំរៀងរាល់ថ្ងៃ និងគ្មានថ្ងៃណាមួយ ដែលកម្ពុជាមិនមានគ្រោះថ្នាក់តាមដងផ្លូវនោះទេ។ យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣នេះ គ្រោះថ្នាក់តាមដងផ្លូវបានសម្លាប់មនុស្ស៧៥៦នាក់ និងមានអ្នករបួស២ពាន់៧២។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថា ក្នុងមួយឆ្នាំៗ គ្រោះថ្នាក់ដោយសារចរាចរណ៍ បានបង្ខាតថវិកាជាតិប្រមាណ ៤៥០លានដុល្លារ ជាមួយនឹងការស្លាប់ និងរបួសដល់ពេលរដ្ឋច្រើនពាន់នាក់ថែមទៀត។
-
ព្រះមហាក្សត្រខ្មែរយាងវិលត្រឡប់ពីប្រទេសចិន ក្រោយព្រះរាជទស្សនកិច្ច៣ថ្ងៃ (Video Inside)

ព្រះមហាក្សត្រខ្មែរ បានយាងមាតុភូមិនិវត្តន៍មកវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហ្វូជៀន នៃប្រទេសចិន រយៈពេល៣ថ្ងៃ។ ក្នុងព្រះរាជទស្សនកិច្ចនៅខេត្តហ្វូជៀន រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣, ព្រះអង្គបានយាងចូលរួមពិធីតាំងពិព័រណ៍សមិទ្ធផលគម្រប់ខួប៣០ឆ្នាំ នៃគម្រោងយុទ្ធសាស្ត្រ «៣៨២០»។ គម្រោងនេះ ត្រូវបានផ្សព្វផ្សាយដោយលោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅពេលដែលរូបលោកធ្វើការនៅទីក្រុងហ្វូចូវ។ ព្រះករុណាបានយាងធ្វើព្រះរាជទស្សនកិច្ចនៅវត្ត «South Putuo Temple» និងបន្ទាប់មកព្រះអង្គ ស្តេចយាងទៅកាន់សាកលវិទ្យាល័យ Xiamen។ ក្នុងព្រះរាជទស្សនកិច្ចនៅសាកលវិទ្យាល័យដដែលនោះ ព្រះអង្គបានយាងសួរសុខទុក្ខនិស្សិតខ្មែរ ដែលកំពុងសិក្សារៀនសូត្រនៅទីនោះផងទៀត។ ក្នុងព្រះរាជទស្សនកិច្ច៣ថ្ងៃនេះផងទៀត ព្រះមហាក្សត្រខ្មែរ បានយាងធ្វើព្រះទស្សនកិច្ចនៅទន្លេ Yun Dang Lake ផងដែរ។ ព្រះអង្គបានយាងវិលត្រឡប់មកដល់រាជធានីភ្នំពេញវិញនារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
-
រយៈពេល២៤ម៉ោង កម្ពុជាជាប្រទេសតែមួយគត់ ក្នុងអាស៊ាន ដែលមានអ្នកឆ្លង ២ករណី (Video Inside)

នៅទូទាំងអាស៊ាន មានតែប្រទេសកម្ពុជាមួយប៉ុណ្ណោះ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដែលមានការឆ្លងជំងឺកូវីដ១៩ ។ ការឆ្លងនៅកម្ពុជាថ្ងៃនេះ មានចំនួន ២ករណី។ តួលេខឆ្លងនៅថ្ងៃនេះ បានថយចុះច្រើនដល់ ២ពាន់ ៣៩២ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ ក្នុងក្របខណ្ឌទូទាំងអាស៊ានទាំងមូល។ អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ ពុំមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៥៩ម៉ឺន ៧ពាន់ ៥៦៦ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ១៣២នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៩លានករណីហើយ, និងការស្លាប់មានជាង ៦លាន ៩៥ម៉ឺននាក់៕
-
អង្គការស៊ីម៉ាក់ទទួលជំនួយជិត ៥០ម៉ឺនដុល្លារបោសសំអាតផ្ទៃដីមានមីន និងគ្រាប់មិនទាន់ផ្ទុះ ៦៣០ហិកតា (Video Inside)

អង្គការស៊ីម៉ាក់ បានទទួលជំនួយជិត ៥០ម៉ឺនដុល្លារ ពីអង្គការ JMAS ប្រចាំកម្ពុជា ដើម្បីបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ នៅក្នុងខេត្តជាប់ព្រំដែនចំនួនពីរ ក្នុងរយៈពេលមួយឆ្នាំ។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានធ្វើឡើងនៅទី២០ធ្នូឆ្នាំ២០២៣នេះ រវាងអង្គការ JMAS ប្រចាំកម្ពុជា និងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ស៊ីម៉ាក់។ យោងតាមកិច្ចព្រមព្រៀង ជំនួយជិត ៥០ម៉ឺនដុល្លារនេះ នឹងត្រូវប្រើប្រាស់ក្នុងការបោសសំអាតមីន ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងការបោសសម្អាតតំបន់គ្រាប់បែកចង្កោម ក្នុងខេត្តស្ទឹងត្រែងរវាងពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤»។ អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានថ្លែងគម្រោងត្រូវបោសសំអាត ក្នុងខេត្តទាំង២នោះ មានផ្ទៃដីសរុបចំនួន ៦៣០ហិកតា។ លោកបានថ្លែងបញ្ជាក់ថា គម្រោងចុងក្រោយនេះ គឺជាគម្រោងទី៣ ខណៈការបោសសំអាតឆ្នាំទី១ និងឆ្នាំទី២ គេបានរំដោះផ្ទៃដីចំនួន ១ពាន់ ១៨៥ហិកតា, រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បានចំនួន ១ពាន់ ៦៧១គ្រាប់ និងគម្រោងនេះ បានជួយប្រជាពលរដ្ឋទទួលផលដោយផ្ទាល់ ចំនួន…
-
ផ្លែមៀនស្រស់កម្ពុជា «ត្រូវប៉ាន់» លើទីផ្សារបរទេស (Video Inside)

កម្ពុជាបាននាំចេញផ្លែមៀនស្រស់ចូលទៅកាន់ទីផ្សារបរទេស ជាមួយការទទួលបានទឹកប្រាក់ ១៨លាន ៥៤ម៉ឺនដុល្លារ។ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ការនាំចេញផ្លែមៀន រយៈ១១ខែដើមឆ្នាំនេះ បានកើនឡើងជិត១ពាន់ភាគរយ។ ឧកញ៉ា ឈិន កេន ដែលពាក់ព័ន្ធនឹងកិច្ចវិនិយោគផ្លែមៀននេះ បាននិយាយថា ទីផ្សារធំ នៃការនាំចេញផ្លែមៀនស្រស់របស់កម្ពុជា រួមមាន ប្រទេសថៃ និងប្រទេសចិន។ លោកបញ្ជាក់ថា ការនាំចេញផ្លែមៀនស្រស់ មានបរិមាណប្រមាណ ១ម៉ឺន ៥ពាន់ ទៅ ២ម៉ឺនតោនក្នុង១ឆ្នាំ និងលោកសង្ឃឹមថាកំណើននេះនឹងបន្ដកើនឡើងនៅឆ្នាំបន្តបន្ទាប់ទៀត។ កម្ពុជាក្នុងរយៈពេល១០ខែឆ្នាំ២០២៣ បាននាំចេញផ្លែមៀនស្រស់ទៅប្រទេសចិន មានចំនួន ១ម៉ឺន ១ពាន់ ៤០៣ ក្បៀស២៣តោន។ ក្រៅពីការនាំចេញទៅកាន់ទីផ្សារប្រទេសចិន សហគ្រាសនៅកម្ពុជា នៅបានកែច្នៃផ្លែមៀន ទៅជាដំណាប់មៀន ផ្លែមៀនកំប៉ុង ទឹកមៀនកៀប និងស្រាមៀន ដាក់លក់នៅតាមផ្សារទំនើបនានានៅក្នុងប្រទេសផងដែរ៕
-
១១ខែប្រមូលប្រាក់ពន្ធដារបានជាង ៣,៣៤៧លានដុល្លារ (Video Inside)

ប្រាក់ចំណូលពីការប្រមូលពន្ធដារក្នុងរយៈពេល១១ខែឆ្នាំ២០២៣ មានចំនួន ៣ពាន់ ៣៤៧លាន ១៨ម៉ឺនដុល្លារ ដែលស្មើនឹង ៩៣.៧១% នៃផែនការសរុបរបស់ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២៣។ ទំហំនៃប្រាក់ចំណូលនេះ ត្រូវបានប្រកាសក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការប្រមូលចំណូលពន្ធដារ ដោយអគ្គនាយកពន្ធដារ លោក គង់ វិបុល នាព្រឹកថ្ងៃទី២០ធ្នូ។ ដោយឡែកប្រាក់ចំណូលពន្ធសម្រាប់ខែវិច្ឆិកាតែមួយ ត្រូវបានគេប្រកាសថា មានចំនួន ២៨០លាន ១៤ម៉ឺនដុល្លារ។ យោងតាមការកំណត់ក្នុងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣, ការប្រមូលប្រាក់ចំណូលពន្ធក្នុងមួយឆ្នាំ បានកំណត់ការប្រមូលឱ្យបាន ៣ពាន់ ៥៧១លាន និង ៥៤ម៉ឺនដុល្លារ។ យោងតាមច្បាប់ដែលបានកំណត់នេះ ក្នុងរយៈពេល១ខែធ្នូនេះ, អគ្គនាយកដ្ឋានពន្ធដារ ត្រូវប្រមូលប្រាក់ពន្ធដារឱ្យបានជាង ២២៤លានដុល្លារបន្ថែមទៀត ដើម្បីបង្គ្រប់នូវផែនការ ដាក់ចេញដោយរាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣នេះ។