-
មនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ៦ខែដើមឆ្នាំ កើនឡើង ៥ភាគរយ (Video Inside)

ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក បានឱ្យដឹងថា មនុស្សជិត ៨០០នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ។ ប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ លោកឧបនាយករដ្ឋមន្រ្តី ស សុខា ដែលជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់នូវតួលេខគ្រោះថ្នាក់តាមដងផ្លូវនេះ នារសៀលថ្ងៃទី១៦ ខែកក្កដា ក្នុងកិច្ចប្រជុំឆ្លងសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយបញ្ជាក់ថា តាមរយៈតួលេខគ្រោះថ្នាក់ចរាចរណ៍ ដែលមានមនុស្សស្លាប់នេះ មានការកើនឡើងប្រមាណ ៥ភាគរយ។ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០២៤ បានកើតឡើង ១ពាន់ ៥២០លើក មានអ្នកស្លាប់ចំនួន ៧៩៣នាក់, កើនឡើង ៣៧នាក់។ ក្នុងចំណោមអ្នកស្លាប់សរុបមាន ៧៥ភាគរយ គឺជាអ្នកជិះម៉ូតូ …ចំណែកអ្នករបួសមានចំនួន ២ពាន់ ៧២នាក់កើនឡើង ៤៤នាក់ ស្មើនឹង ២ភាគរយ។
-
ក្រសួងសុខាភិបាលដាស់តឿនការប្រុងប្រយ័ត្នជម្ងឺគ្រុនឈាម ខណៈវដ្តផ្ទុះជម្ងឺឈានមកដល់ (Video Inside)

ការផ្ទុះឡើងនូវជម្ងឺគ្រុនឈាមក្នុងរយៈពេល៦ខែដើមឆ្នាំនេះ បានកើនឡើងជាង ១៥ភាគរយ ខណៈឆ្នាំ២០២៤នេះ គឺជាឆ្នាំនៃវដ្តវិលជុំការផ្ទុះរយៈពេល៥ឆ្នាំម្តង។ ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមរូបលោក លាង ឫទ្ធា បានពន្យល់ថា ការកើនឡើងករណីជំងឺគ្រុនឈាមក្នុងឆ្នាំនេះ គឺដោយសារវដ្ដនៃការផ្ទុះជំងឺគ្រុនឈាម ដែល ៥ឆ្នាំមុននេះ គឺជាឆ្នាំ២០១៩។ យោងតាមតួលេខឆ្នាំ២០១៩ គឺនៅក្នុងខែកក្កដាដូចគ្នានេះ តួលេខអ្នកកើតជម្ងឺគ្រុនឈាម មានចំនួន ២ម៉ឺន ១ពាន់ ១៣០ករណី និងមានមនុស្សស្លាប់ ២៥នាក់ ប៉ុន្តែនៅឆ្នាំ២០២៤ ក្នុងរយៈពេល ៦ខែដើមឆ្នាំនេះ ជំងឺគ្រុនឈាមមានតែជាង ៦ពាន់ ៧០០ករណី តែប៉ុណ្ណោះ។ ជំងឺគ្រុនឈាម គឺជាជម្ងឺដែលបង្កឡើងដោយសត្វមូសខ្លាញី ដែលខាំបឺតឈាម ចម្លងមេរោគគ្រុនឈាម ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ លោកវេជ្ជបណ្ឌិត លាង ឫទ្ធា បានបញ្ជាក់ថា មួយរយៈចុងក្រោយបន្ទាប់ពីចូលដល់រដូវមានភ្លៀងធ្លាក់ចូលមកដល់, ជំងឺគ្រុនឈាមមានការកើនឡើងខ្លាំង នៅបណ្តាខេត្តមួយចំនួន ដូចជា ខេត្តសៀមរាប ក្រចេះ ត្បូងឃ្មុំ និងកំពង់ចាមជាដើម។
-
ក្រុមជួញដូរគ្រឿងញៀនឆ្លងដែន បាញ់ដាក់លើសមត្ថកិច្ចនៅខេត្តស្វាយរៀង (Video Inside)

ការបង្ក្រាបគ្រឿងញៀនឆ្លងដែនមួយ នាព្រំដែនស្រុកស្វាយទាប ជាប់នឹងវៀតណាម បានធ្វើឱ្យជនសង្ស័យជាតិវៀតណាមម្នាក់ បានដកកាំភ្លើងខ្លី បាញ់ដាក់លើសមត្ថកិច្ច ក្នុងហេតុការណ៍មួយដែលមានការចាប់គ្រឿងញៀនឆ្លងដែនជិត ៩គីឡូក្រាម។ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឱ្យដឹងនៅថ្ងៃទី១៧កក្កដាថា ហេតុការណ៍នោះ បានកើតឡើងកាលពីសប្តាហ៍មុននៅចំណុចភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប នៃខេត្តស្វាយរៀង។ នៅក្នុងហេតុការណ៍នោះ សមត្ថកិច្ចកម្ពុជាបានហៅជនសង្ស័យជាតិវៀតណាម ២រូប ដែលជិះម៉ូតូ ២គ្រឿងឈប់ ដើម្បីធ្វើការឆែកឆេរត្រួតពិនិត្យកញ្ចប់ឥវ៉ាន់ដែលពួកគេបានដឹក។ ជនសង្ស័យជាតិវៀតណាមទាំង២ បានប្រញាប់ផ្តួលម៉ូតូចោល ហើយរត់ចូលទៅក្នុងទឹកដីវៀតណាមវិញ ខណៈដែលកងកម្លាំងរត់ដេញតាមចាប់។ ជនសង្ស័យវៀតណាមម្នាក់ បានដកអាវុធខ្លីបាញ់សម្តៅដាក់មកលើសមត្ថកិច្ច ប៉ុន្តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើងឡើយ។ កញ្ចប់ឥវ៉ាន់ដែលជនសង្ស័យទម្លាក់ចោលហើយបានរត់ចូលទៅក្នុងទឹកដីវៀតណាមនោះ ត្រូវបានរកឃើញថ្នាំញៀនកេតាមីនចំនួន ៩កញ្ចប់ ទម្ងន់ ៨ពាន់ ៨៦៣,៧៣ក្រាម, អាវុធខ្លីមួយដើម មានគ្រាប់ចំនួន ៤ និងអត្តសញ្ញាណបណ្ណវៀតណាមមួយសន្លឹក។ សេចក្តីរាយការណ៍ដដែលបានឱ្យដឹងថា បន្ទាប់ពីកិច្ចសហការពីសមត្ថកិច្ចវៀតណាម, ជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន និងម្នាក់ទៀតកំពុងរត់គេច។
-
កម្ពុជារងឥទ្ធិពលព្យុះត្រូពិក (Video Inside)

-
គណៈកម្មាធិការជាតិ (គសពស) បដិសេធការផ្សាយមួលបង្កាច់ការកាត់ខេត្តបួនរបស់កម្ពុជា (Video Inside)

គណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាន និងសាធារណមតិ (គសពស) បានប្រញាប់បដិសេធការផ្សាយព័ត៌មានតាមបណ្តាញសង្គមមួយ ដែលមួលបង្កាច់ថា ខេត្តបួន នៃភាគឥសានប្រទេសកម្ពុជា រួមមានខេត្តមណ្ឌលគិរី, ស្ទឹងត្រែង, ក្រចេះ និងរតនគិរី ត្រូវបានកាត់ជាស្ថាពរឱ្យទៅប្រទេសវៀតណាមហើយ។ គណៈកម្មាធិការជាតិ (គសពស) បានបកស្រាយបំភ្លឺបញ្ជាក់មកវិញថា ព័ត៌មានដែលផ្សាយនោះ គឺជាព័ត៌មានក្លែងក្លាយ។ ការបកស្រាយបំភ្លឺរបស់គណៈកម្មាធិការជាតិ (គសពស) នៅថ្ងៃទី១៧កក្កដានេះ បានធ្វើឡើងបន្ទាប់ពីបណ្តាញសង្គមឈ្មោះ សុធា នូ ដែលបង្ហាញរូប Profile ជាព្រះសង្ឃ បានសរសេរចោទប្រកាន់ថា ការកាត់ខេត្តទាំងបួនឱ្យវៀតណាមនោះ គឺ «ក្រោមរូបភាពសម្បទានតំបន់សេដ្ឋកិច្ចត្រីកោណ បន្ទាប់ពីសម្ពោធព្រែកជីកហ៊្វូណនតេជោ»។ គណៈកម្មាធិការជាតិ (គសពស) បានសរសេរបញ្ជាក់ប្រាប់ពលរដ្ឋតាមបណ្តាញសង្គមវិញថា «ប្រទេសកម្ពុជាការពារថែរក្សាបាននូវឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដី របស់ខ្លួនយ៉ាងពេញលេញ» ដែលមានន័យថា មិនមានទឹកដីកម្ពុជានៅទីណាមួយ បានបាត់បង់ ឬរបេះចេញពីផែនទីរបស់ព្រះរាជាណាចក្រកម្ពុជាឡើយ។ គណៈកម្មាធិការជាតិ (គសពស) បានសរសេរបន្តថា «គឺមិនមានអ្វីដូចការឃោសនាអកុសល ដែលគេបានធ្វើឡើងដោយចេតនាទុច្ចរិត ក្នុងគោលបំណងញុះញង់ បង្កចលាចលបំពុលសង្គមនោះឡើយ»។ ការផ្សាយព័ត៌មានបង្កាច់បង្ខូចថា ខេត្តខ្មែរទាំងបួនត្រូវបានកាត់ឱ្យទៅវៀតណាមនោះ បានទន្ទឹមនឹងអ្វីដែលក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅស្រុក បានបង្កើតរដ្ឋាភិបាលនីរទេសមួយនៅក្រៅស្រុកដោយបានដាក់ឈ្មោះថា «ក្រុមសាធារណរដ្ឋខ្មែរទី២» ជាមួយការបង្កើតទង់ជាតិរបស់ខ្លួនថែមទៀត។…
-
ការស្វែងរកឧទ្ធម្ភាគចក្រ Z9 បាត់នៅពោធិ៍សាត់ឈានចូលថ្ងៃទី៥ (Video Inside)

ការស្វែងរកឧទ្ធម្ភាគចក្រយោធា Z9 ដែលបានបាត់នៅតំបន់ជួរភ្នំក្រវាញ បានឈានចូលដល់ថ្ងៃទី៥ហើយ ប៉ុន្តែនៅតែមិនទាន់ប្រទះតម្រុយអ្វីឡើយ។ ព្រះករុណាព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលក្នុងសប្តាហ៍នេះ បួងសួងសូមឱ្យការស្វែងរកឧទ្ធម្ភាគចក្រ ទទួលបានលទ្ថផលជាវិជ្ជមាន និងបួងសួងសុំឱ្យក្រុមការងាររុករកទាំងអស់ សមប្រកបនឹងសុវត្ថិភាពផងដែរ។ រដ្ឋមន្រ្តីក្រសួងការពារជាតិនាយឧត្តមសេនីយ៍ ទៀ សីហា នៅថ្ងៃទី១៧ ខែកក្កដា បានអញ្ជើញចុះដោយផ្ទាល់ទៅកាន់តំបន់ដែលមានការដាក់កម្លាំងច្រើនរយនាក់ កំពុងស្វែងតាមរកឧទ្ធម្ភាគចក្រយោធា Z9 នោះ។ អប្សរាណិតរាយការណ៍
-
ព្រះមហាក្សត្រខ្មែរទទួលសារតាំង «អ្នកចម្បាំងចចក» (Video Inside)

ឯកអគ្គរដ្ឋទូតថ្មីរបស់សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោក វ៉ាង វិនប៊ិន បានអញ្ជើញថ្វាយសារតាំងចំពោះព្រះមហាក្សត្រ ដែលជាព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីថ្វាយសារតាំងថ្ងៃទី១៧កក្កដា បានធ្វើនៅព្រះទីនាំងទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។ លោក Wang Wenbin ដែលជាអតីតអ្នកនាំពាក្យក្រសួងការបរទេសចិន ត្រូវបានគេដាក់ឈ្មោះលោកថា ជា «អ្នកចម្បាំងចចក» ដោយសារតែសម្តីដ៏ម៉ឺងម៉ាត់ របស់លោកហ៊ាននិយាយ រិះគន់ និងវាយប្រហារដាក់លើបណ្តាប្រទេសលោកខាងលិច និងប្រទេសជប៉ុន ក្នុងរយៈពេល ៤ឆ្នាំ ដែលលោកជាមន្ត្រីនាំពាក្យ នៅក្នុងក្រសួងការបរទេសចិននោះ។
-
ជំនន់ទឹកភ្លៀងនៅព្រះវិហារ និងស្ទឹងត្រែង លិចផ្ទះពលរដ្ឋច្រើនរយខ្នង (Video Inside)

-
ក្រសួងធនធានទឹកអំពាវនាវការប្រុងប្រយ័ត្នគ្រោះធម្មជាតិក្នុងរដូវធ្លាក់ភ្លៀង (Video Inside)

-
ខេត្តសៀមរាបគ្រោងប្រកាសជាខេត្ត ODF នៅខែវិច្ឆិកា (Video Inside)

ខេត្តសៀមរាបគ្រោងនឹងប្រកាសជាខេត្ត ODF ដែលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល នៅក្នុងខែវិច្ឆិកាខាងមុខនេះ។ អភិបាលរងខេត្តសៀមរាប លោក អ៊ឹង គឹមលាង បានបញ្ជាក់លើការបញ្ហានេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នាថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២៤ បន្ទាប់ពីមន្ត្រីជំនាញបានវាយតម្លៃ នូវចំនួនបង្គន់អនាម័យនានា ដែលមានក្នុងបច្ចុប្បន្ន។ សេចក្តីរាយការណ៍បង្ហាញថា ក្នុងខេត្តសៀមរាប មានភូមិ ODF ដែលជាភូមិបញ្ចប់ការបន្ទោរបង់ពាសវាលកាល មាន ៨៦៥ភូមិ និងភូមិមិនទាន់ ODF មាន ៩០ភូមិ។ របាយការណ៍បន្តថា ឃុំ ODF មាន ៨១ឃុំ រីឯឃុំមិនទាន់ ODF មាន ១៩ឃុំ។ ចំណែកស្រុក ODF មាន ៦ស្រុក រួមមាន ស្រុកអង្គរជុំ ស្រុកបន្ទាយស្រី ស្រុកអង្គរធំ ស្រុកក្រឡាញ់ និងស្រុកប្រាសាទបាគង។ កិច្ចប្រជុំបានឯកភាព ទទួលយកនូវលទ្ធផលនៃការចុះផ្ទៀងផ្ទាត់ដោយថ្នាក់ជាតិ និងអង្គការដៃគូ ដើម្បីខេត្តសៀមរាបក្លាយជាខេត្ត ODF នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។