Category: ទូរទស្សន៍

  • វត្ថុបុរាណខ្មែរ៣៣ដុំ ដែលគេលួចចេញពីប្រាសាទកោះកេរ ត្រូវបានរកឃើញ ក្នុងគ្រួសារ Lindemann ក្នុងសហរដ្ឋអាមេរិក (Video Inside)

    វត្ថុបុរាណខ្មែរ៣៣ដុំ ដែលគេលួចចេញពីប្រាសាទកោះកេរ ត្រូវបានរកឃើញ ក្នុងគ្រួសារ Lindemann ក្នុងសហរដ្ឋអាមេរិក (Video Inside)

    វត្ថុបុរាណខ្មែរដែលគេបានលួចចេញពីប្រទេសក្នុងអតីតសម័យសង្គ្រាម ត្រូវគេប្រទះឃើញចំនួន៣៣ដុំ នៅក្នុងផ្ទះមួយ នៃក្រុមគ្រួសារ Lindemann រស់ក្នុងសហរដ្ឋអាមេរិក។ វត្ថុបុរាណទាំង៣៣ដុំ រួមមាន «បដិមាព្រះវិស្ណុផ្ទុំ និងបដិមាអឌ្ឍនារីស្វរ» ដែលមានប្រភពមកពីប្រាសាទក្រចាប់ នៃអតីតរាជធានីកោះកេរ បច្ចុប្បន្នស្ថិតក្នុងខេត្តព្រះវិហារ ត្រូវគេលួចចេញក្នុងទសវត្សរ៍១៩៩០។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្ងៃទី១៣កញ្ញានេះ បានបញ្ជាក់ថា វត្ថុបុរាណខ្មែរទាំងនោះ នឹងត្រូវគ្រោងប្រគល់មកប្រទេសកម្ពុជាវិញ។ ការបញ្ជូនសម្បត្តិវប្បធម៌ ដែលទើបនឹងរកឃើញនេះ នឹងធ្វើនៅថ្ងៃណានោះ មិនទាន់បានបញ្ជាក់នៅឡើយទេ។ លោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា បានថ្លែងក្នុងសេចក្តីជូនព័ត៌មានថា រាជរដ្ឋាភិបាលកម្ពុជា សូមកោតសរសើរដល់គ្រួសារ Lindemann ដែលបានទទួលស្គាល់ថាវត្ថុបុរាណ ដែលខ្លួនកំពុងកាន់កាប់នោះ គឺពិតជាសម្បត្តិវប្បធម៌របស់កម្ពុជា និងបានស្ម័គ្រចិត្តប្រគល់សម្បត្តិវប្បធម៌ទាំងនេះ ត្រឡប់មកកម្ពុជាវិញ។ លោកជំទាវបានថ្លែងទៀតថា «ការប្រគល់មកវិញនេះ គឺជាគំរូដ៏ល្អមួយដល់សារមន្ទីរ និងអ្នកកាន់កាប់សមុច្ច័យឯកជនផ្សេងទៀត ដែលកម្ពុជាធ្លាប់ជូនដំណឹង ដើម្បីបន្តប្រគល់មកវិញ នូវសម្បត្តិវប្បធម៌ជាតិរបស់យើង»។

  • ស្ពានបេតុងខ្សែកាបកោះពេជ្រ និងកោះនរា បើកដំណើរការថ្ងៃទី២៧តុលា (Video Inside)

    ស្ពានបេតុងខ្សែកាបកោះពេជ្រ និងកោះនរា បើកដំណើរការថ្ងៃទី២៧តុលា (Video Inside)

    ការតភ្ជាប់ស្ពានបេតុងខ្សែកាបកោះពេជ្រ និងកោះនរា បានធ្វើពិធីតភ្ជាប់នៅថ្ងៃនេះ ប៉ុន្តែការដាក់ប្រើប្រាស់ គ្រោងនឹងធ្វើនាចុងខែតុលា ឆ្នាំ២០២៣។ ខែតុលា គឺជាខែដែលមានពិធីបុណ្យអុំទូក សំពះព្រះខែ ដែលមានមនុស្សច្រើនម៉ឺនសែននាក់ តែងនាំគ្នាមកកំសាន្តតាមដងទន្លេក្នុងរាជធានីភ្នំពេញ។ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ក្នុងពិធីតភ្ជាប់ស្ពានបេតុងខ្សែកាបនៅថ្ងៃទី១៣ កញ្ញានេះ បានថ្លែងថា «ស្ពានឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា គ្រោងដាក់ឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរបណ្ដោះអាសន្ននៅថ្ងៃទី២៧ តុលា ឆ្នាំ២០២៣»។ លោកបានថ្លែងថានៅក្នុងថ្ងៃដែលមានការដាក់ប្រើប្រាស់ជាបណ្តោះអាសន្ននោះ, រដ្ឋបាលរាជធានីភ្នំពេញនឹងស្នើសុំទៅសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីគោរពអញ្ជើញសម្តេចធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់។ ថ្លែងក្នុងឱកាសនោះផងដែរ, អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងដែរថា រដ្ឋបាលរាជធានីមានគម្រោងកសាងស្ពានឆ្លងកាត់ទន្លេមួយកន្លែងទៀតនៅចំណុចព្រែកប្រា ឆ្លងទៅផ្លូវ៦០ម៉ែត្រ សំដៅទៅតំបន់អភិវឌ្ឍន៍ជើងឯក និងបន្តទៅផ្លូវលេខ២១៧។ លោក ឃួង ស្រេង បានបញ្ជាក់បន្ថែមថា គម្រោងកសាងស្ពានថ្មីមួយទៀតនេះ កំពុងស្ថិតក្នុងការសិក្សាជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅឡើយទេ។ ស្ពានបេតុងខ្សែកាបកោះពេជ្រ និងកោះនរា មានប្រវែង ៨២៤ម៉ែត្រ និងទទឹង ២៤ម៉ែត្រកន្លះ ដែលមាន៤គន្លង គឺ២គន្លងសម្រាប់រថយន្ត, ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀត សម្រាប់អ្នកថ្មើជើង។

  • សមាគមជប៉ុន-កម្ពុជា បញ្ជាក់ការបាញ់កាំជ្រួចជប៉ុន ក្នុងខែវិច្ឆិកា នៅរាជធានីភ្នំពេញ (Video Inside)

    សមាគមជប៉ុន-កម្ពុជា បញ្ជាក់ការបាញ់កាំជ្រួចជប៉ុន ក្នុងខែវិច្ឆិកា នៅរាជធានីភ្នំពេញ (Video Inside)

    ប្រធានសមាគមជប៉ុន-កម្ពុជា លោក តាកាហាស៊ី ហ៊្វូមីអាគី បានបញ្ជាក់នូវការត្រៀមរៀបចំទុកជាស្រេច នូវកាំជ្រួចរបស់ជប៉ុន ដើម្បីត្រូវបាញ់ក្នុងឱកាសអបអរសាទរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន នាខែវិច្ឆិកា ក្នុងរាជធានីភ្នំពេញ។ ការបញ្ជាក់នូវការត្រៀមបាញ់កាំជ្រួចជប៉ុនជាលើកដំបូងក្នុងប្រទេសកម្ពុជានេះ បានធ្វើឡើងក្នុងឱកាសជួបសម្តែងការគួរសមរបស់លោកប្រធានសមាគមជប៉ុន ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២៣។ កម្ពុជានិងជប៉ុន បានចាប់ផ្តើមទំនាក់ទំនងការទូតរវាងគ្នានៅក្នុងឆ្នាំ១៩៥៣។ ឆ្នាំនេះគឺជាខួបលើកទី៧០ឆ្នាំ នៃការអបអរសាទរ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២។ សេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា បានថ្លែងថា ក្នុងជំនួបសម្តែងក្តីគួរសម ចំពោះសម្តេចតេជោផងដែរ, លោក តាកាហាស៊ី ហ៊្វូមីអាគី បានជម្រាបជូនសម្តេច នូវការត្រៀមអញ្ជើញវិនិយោគិនជប៉ុន លើការបណ្តាក់ទុនផ្នែកសំខាន់ៗមួយចំនួន ក្នុងប្រទេសកម្ពុជា។ សម្តេចតេជោបានថ្លែងលើកទឹកចិត្តគាំទ្រការវិនិយោគរបស់ជប៉ុន ជាពិសេសលើវិស័យបង្កើតរោងចក្រកែច្នៃវត្ថុធាតុដើម ដែលមានស្រាប់នៅកម្ពុជា និងបច្ចេកវិទ្យាកម្រិតខ្ពស់ ដូចជារោងចក្រតម្លើងរថយន្ត, គ្រឿងបង្គំអេឡិចត្រូនិក និងថាមពលជាដើម។

  • ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៤ កញ្ញា ២០២៣ (មានវីដេអូ)

    ព្យាករណ៌អាកាសធាតុ សម្រាប់ថ្ងៃទី១៤ កញ្ញា ២០២៣ (មានវីដេអូ)
  • ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៦៦ករណី (Video Inside)

    ២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៦៦ករណី (Video Inside)

    មានប្រទេសតែ ២ ប៉ុណ្ណោះនៅអាស៊ាន ដែលមានករណីឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសកម្ពុជាមិនមានករណីឆ្លងថ្មីឡើយ។ តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ានមានចំនួន ៦៦ករណី ដែលជាតួលេខឆ្លងកើនឡើងចំនួន ១៣ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីម្សិលមិញ។ ប្រទេសទាំង ២ នៅអាស៊ានដែលមានការឆ្លងថ្ងៃនេះ គឺប្រទេសវៀតណាម និងប្រទេសថៃ។ ប្រទេសថៃ មានការឆ្លងចំនួន ៣៧ករណី និងប្រទេសវៀតណាមមានការឆ្លងចំនួន ២៩ករណី។ នៅអាស៊ានរយៈពេល ២៤ម៉ោងកន្លងមកនេះ មានអ្នកស្លាប់ដោយសារកូវីដ១៩ ចំនួនម្នាក់ ដែលជាពលរដ្ឋនៃប្រទេសថៃ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៥ម៉ឺន ៦ពាន់ ៤៩២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨០៥នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៥លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕

  • រដ្ឋបាលរាជធានីណែនាំការរៀបចំបុណ្យកាន់បិណ្ឌ, ភ្ជុំបិណ្ឌ និងកឋិនទាន (Video Inside)

    រដ្ឋបាលរាជធានីណែនាំការរៀបចំបុណ្យកាន់បិណ្ឌ, ភ្ជុំបិណ្ឌ និងកឋិនទាន (Video Inside)

    រដ្ឋបាលរាជធានីបានចេញសេចក្តីណែនាំជុំវិញការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងកឋិនទានផងដែរ ដែលជាបុណ្យប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ ដែលកាន់ព្រះពុទ្ធសាសនា។ ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នឹងមកដល់ចាប់ពីថ្ងៃទី៣០កញ្ញា ដល់១៤តុលា ឆ្នាំ២០២៣ ដែលមានរយៈពេល១៤ថ្ងៃ…ចំណែកបុណ្យកឋិនទាននឹងមានរយៈពេល២៩ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី៣០ តុលា ដល់ដល់ថ្ងៃទី២៧ វិច្ឆិកា។ បុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យនៃទំនៀមទម្លាប់របស់ខ្មែរ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខ័ន្ធ នៃអ្នកមានគុណទាំងឡាយ ដែលបានលាចាកលោកនេះ ទៅកាន់លោកខាងមុខ… ចំណែកបុណ្យកឋិន គឺជាទានមួយដែលតែងធ្វើក្រោយការចេញវស្សា។ សេចក្តីណែនាំរបស់រដ្ឋបាលរាជធានី ៩ចំណុច បានណែនាំរដ្ឋបាលខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ត្រូវណែនាំពលរដ្ឋតាមបណ្តាខណ្ឌ និងសង្កាត់ ធ្វើការតុបតែងដោយមានការដាក់ភ្លើង, ទង់ជាតិ និងទង់សាសនា, ផ្សព្វផ្សាយខ្លឹមសារ នៃពិធីបុណ្យ ដើម្បីការជ្រួតជ្រាបកាន់តែទូលំទូលាយ, ណែនាំមនុស្សដែលចូលរួមមិនត្រូវបង្កជាបាតុភាព ឬសកម្មភាព ដែលប៉ះពាល់ដល់កិត្តិយស និងតម្លៃព្រះពុទ្ធសាសនា ដូចជាការគប់ស្បោងទឹក, ការជះទឹក, ការគប់អំពៅ, គប់ផ្លែឈើ និងគប់វត្ថុរឹងផ្សេងៗ។ សេចក្តីណែនាំបានបញ្ជាការត្រៀមចាត់តាំងកម្លាំងការពារសន្តិសុខនៅតាមវត្តអារាមនីមួយៗ ជាពិសេសដើម្បីការសម្រួលចរាចរណ៍, ការពារសន្តិសុខសណ្តាប់ធ្នាប់, ប្រុងប្រយ័ត្នការអុជទានធូប, ការប្រើប្រាស់ភ្លើងចង្ក្រាន្ត, អគ្គិសនី, ហាមឃាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងការរៀបចំដទៃទៀត ពាក់ព័ន្ធនឹងការរក្សាសុខភាព និងសុវត្ថិភាពរបស់ពលរដ្ឋ…

  • សមាគមជប៉ុន-កម្ពុជា បង្ហាញការប្តេជ្ញាចិត្តជួយកម្ពុជាលើវិស័យវប្បធម៌ (Video Inside)

    សមាគមជប៉ុន-កម្ពុជា បង្ហាញការប្តេជ្ញាចិត្តជួយកម្ពុជាលើវិស័យវប្បធម៌ (Video Inside)

    សមាគមជប៉ុន-កម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តជួយកម្ពុជាលើវិស័យវប្បធម៌។ ភាពប្តេជ្ញាចិត្តនេះ បានធ្វើឡើងក្នុងឱកាសជួបពិភាក្សាមួយរវាងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា ជាមួយនឹងប្រធានសមាគមជប៉ុន-កម្ពុជា លោក តាកាហាស៊ី ហ្វូមីអាគី នៅថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៣។ អប្សរាណិតរាយការណ៍

  • ខេត្តតាកែវដាក់បទបញ្ជាល្បាតញឹកញាប់ ដើម្បីបង្ក្រាបក្មេងទំនើង (Video Inside)

    ខេត្តតាកែវដាក់បទបញ្ជាល្បាតញឹកញាប់ ដើម្បីបង្ក្រាបក្មេងទំនើង (Video Inside)

    សកម្មភាពកម្រើកឡើងវិញ នៃក្រុមក្មេងទំនើងតាមបណ្តាខេត្ត និងរាជធានី បានជំរុញឱ្យអាជ្ញាធរតាមខេត្តដទៃ បានដាក់បទបញ្ជាធ្វើចំណាត់ការបង្ក្រាប។ សេចក្តីរាយការណ៍បង្ហាញថានៅក្នុងខែកញ្ញានេះ សកម្មភាពក្មេងទំនើងបង្កការអុកសុវត្ថិភាពសង្គម ត្រូវគេឃើញបានកើតឡើងក្នុងរាជធានី, នៅពោធិ៍សាត់, នៅតាកែវ និងក្មេងទំនើងខ្លះ ដែលបង្កហិង្សារបួសស្នាម បានភៀសខ្លួនទៅពួននៅខេត្តព្រៃវែង និងសៀមរាបជាដើម ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់។ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ព្រះរាជអាជ្ញាខេត្តតាកែវ លោក ឯក ឆេងហួត ក្នុងកិច្ចប្រជុំមួយជាមួយមន្រ្តីនគរបាលយុត្តិធម៌ បានណែនាំសមត្ថកិច្ចឲ្យចុះល្បាត នៅតាមដងផ្លូវជាតិលេខ២ និងលេខ៣ ឲ្យបានញឹកញាប់ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ក្រុមក្មេងទំនើង ដែលតែងតែនាំគ្នា គប់កញ្ចក់រថយន្តមានការរិះគន់ពីមហាជន។ លោកព្រះរាជអាជ្ញា បានណែនាំដល់មន្រ្តីនគបាលយុត្តិធម៌ ត្រូវចុះអប់រំផ្សព្វផ្សាយច្បាប់ ដល់យុវជននៅតាមសាលាឲ្យបានជាប់ជាប្រចាំ ជាពិសេសដើម្បីទប់ស្កាត់សកម្មភាពទាំងនេះ ក៏ដូចជាបទល្មើសផ្សេងៗ រួមទាំងការប្រើហិង្សាដាក់គ្នានៅតាមដងផ្លូវផងដែរ។ លោកព្រះរាជអាជ្ញានៅបានណែនាំមន្រ្តីនគបាលយុត្តិធម៌ទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តលើការងារមួយចំនួនឲ្យបានប្រសើរឡើង ក្នុងនោះរួមមានបញ្ហាចរាចរណ៍ និងបញ្ហាគ្រឿងញៀនជាដើម។

  • រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបដិសេធការស្នើសុំបង្កើតគណបក្សអាយ៉ងខ្មែរ (Video Inside)

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបដិសេធការស្នើសុំបង្កើតគណបក្សអាយ៉ងខ្មែរ (Video Inside)

    រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបដិសេធការស្នើសុំបង្កើតគណបក្សនយោបាយមួយ ដែលបានដាក់ឈ្មោះថា «គណបក្សអាយ៉ងខ្មែរ»។ «គណបក្សអាយ៉ងខ្មែរ» ដែលសរសេរកាត់ អ.យ.ខ. ត្រូវបានស្នើសុំបង្កើតនៅថ្ងៃទី៣០ សីហា ឆ្នាំ២០២៣ ដោយមានស្ថាបនិកឈ្មោះ ឯម សុខសុវណ្ណ។ អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាឧបនាយករដ្ឋមន្ត្រីក្នុងលិខិតឆ្លើយតបមួយ ចំពោះសំណើសុំបង្កើតគណបក្សនយោបាយនេះ បានសរសេរថា «ខ្ញុំសូមជម្រាបលោកតំណាងស្ថាបនិកគណបក្សថា ផ្អែកតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ, ក្រសួងមហាផ្ទៃសម្រេចបដិសេធសុំបង្កើតគណបក្សអាយ៉ងខ្មែរ ដែលសរសេរកាត់ អ.យ.ខ.» នេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ក្នុងលិខិតបដិសេធនោះថា តំណាងស្ថាបនិកគណបក្សនេះ មិនបានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនាមប្រជាពលរដ្ឋខ្មែរទាំង៨០រូប ដែលបានផ្តួចផ្តើមបង្កើតគណបក្សនយោបាយនេះឡើយ។

  • ពលរដ្ឋខ្មែរនៅក្រៅប្រទេសបន្តផ្ញើសារស្វាគមន៍ដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត (Video Inside)

    ពលរដ្ឋខ្មែរនៅក្រៅប្រទេសបន្តផ្ញើសារស្វាគមន៍ដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត (Video Inside)

    ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសបានបន្តផ្ញើសារបញ្ជាក់ការត្រៀមធ្វើដំណើរ ទៅកាន់ក្រុងញូយ៉ក ដើម្បីជួបស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូដែលនឹងអញ្ជើញចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំ របស់អង្គការសហប្រជាជាតិ។ យោងតាមប្រតិទិនរៀបចំ, សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងគ្រោងឡើងថ្លែងសុន្ទរកថា លើវេទិកាពិភពលោក នៅថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៣ និងមានកម្មវិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅក្រៅប្រទេស និងជួបជាមួយបណ្តាឥស្សរជននយោបាយបរទេស និងមានកម្មវិធីផ្សេងៗ ដទៃទៀត។ ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស បានផ្ញើសារតាមបណ្តាញសង្គម បញ្ជាក់នូវទឹកចិត្តស្រឡាញ់គាំទ្រដំណើរបេសកកម្មជាតិ នៅក្រៅប្រទេសនេះ និងបង្ហាញការចង់ជួបក្នុងពេលដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី ស្ថិតនៅក្នុងបុរីញូយ៉ក។ ប្រទេសកាណាដា គឺជាប្រទេសមួយដែលមានព្រំដែនជាប់នឹងសហរដ្ឋអាមេរិកប្រវែងវែងដល់ ៨ពាន់ ៨៩១គីឡូម៉ែត្រ។ ប្រទេសកាណាដាបានទទួលជនភៀសខ្លួនខ្មែរច្រើនម៉ឺន ក្នុងពេលដែលទឹកដីកម្ពុជាកើតមានសង្គ្រាមស៊ីវិល។ ក្នុងប្រទេសកាណាដានោះ គិតត្រឹមរវាងពីឆ្នាំ១៩៨០ ដល់១៩៩២, អាជ្ញាធរកាណាដា បានទទួលខ្មែរភៀសខ្លួនមានចំនួនជាង ១ម៉ឺន ៨ពាន់នាក់។ ដំណើរទស្សនកិច្ចលើកដំបូងទៅកាន់សហរដ្ឋអាមេរិក របស់គណៈប្រតិភូរាជរដ្ឋាភិបាលខ្មែរ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំអង្គការសហប្រជាជាតិ លើទឹកដីអាមេរិកក្នុងខែកញ្ញានេះ បានទទួលការស្វាគមន៍ជាបន្តបន្ទាប់ពីពលរដ្ឋខ្មែរ ដែលបានរស់នៅទីនោះផងដែរ។ ពលរដ្ឋខ្មែរបានធ្វើសារតាមបណ្តាញសង្គម ពីទឹកដីសហរដ្ឋអាមេរិក សម្តែងក្តីរីករាយ និងបញ្ជាក់ការត្រៀមរង់ចាំទទួលស្វាគមន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត។ សហរដ្ឋអាមេរិក គឺជាប្រទេសដែលមានពលរដ្ឋខ្មែររស់នៅច្រើនជាងគេបំផុត។…