-
២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ២ករណី (Video Inside)

កម្ពុជាក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ មានការឆ្លងចំនួន២ករណី ដែលជាតួលេខឆ្លង ស្មើគ្នានឹងការឆ្លងកាលពីម្សិលមិញ។ តួលេខឆ្លងទាំង២ករណីនៅថ្ងៃនេះ សុទ្ធតែជាករណី ដែលកើតឡើងនៅក្នុងរង្វង់សហគមន៍ទាំងអស់ ។ កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ក្នុងខែមករានេះ ដើម្បីបង្កើនភាពស៊ាំ ក្នុងសហគមន៍ ខណៈដែលមានសេចក្តីរាយការណ៍របស់ពិភពលោកអំពីការឆ្លងនូវវីរុសបំប្លែងថ្មីម្យ៉ាងឈ្មោះ XBB ។ ពលរដ្ឋដែលបានទៅចាក់ដូសជំរុញទី៦ បានចំនួន ១៤ម៉ឺន ៣ពាន់ ៩៦២នាក់ហើយ។ កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយ រួចមកនេះ។
-
រថយន្តសាមុយត្រូវរថភ្លើងបុកនៅទំនប់រលក (Video Inside)

រថយន្តសាមុយដែលតែងមានអទិភាពក្នុងពេលធ្វើដំណើរតាមដងផ្លូវ ត្រូវបានរថភ្លើងធ្វើដំណើរតាមផ្លូវដែក បានបុកក្នុងហេតុការណ៍មួយដែលកើតឡើងក្នុងសង្កាត់លេខ១ទំនប់រលក នៃក្រុងព្រះសីហនុ។ សេចក្តីរាយការណ៍បានបង្ហាញថា មនុស្ស២នាក់បានរងរបួសក្នុងហេតុការណ៍ ដែលរថភ្លើងបុករថយន្តសង្គ្រោះបន្ទាន់ នៃសាលាហ្វឹកហ្វឺនសង្គ្រោះមិត្តភាព កម្ពុជាជប៉ុន ខេត្តព្រះសីហនុ ដែលកើតឡើងវេលាម៉ោងជិត១រសៀលថ្ងៃទី៣១ មករា ឆ្នាំ២០២៣ ត្រង់ម្តុំរំដួលជើងភ្នំនៃសង្កាត់លេខ១ក្រុងព្រះសីហនុ។ ផ្ទះរបស់ពលរដ្ឋដែលស្ថិតក្បែរថ្នល់រថភ្លើង ត្រូវគេឃើញថាបានរងប៉ះពាល់ក្នុងហេតុការណ៍ ប៉ះទង្គិចគ្នានោះផងដែរ។ សម្ភារៈខ្លះក្នុងផ្ទះត្រូវបានខូចខាតគ្រាដែលរថយន្តត្រូវបានរថភ្លើង បុក និងកៀរមកចូលក្នុងផ្ទះអ្នកស្រុក។ សេចក្តីរាយការណ៍បានបង្ហាញថា មុនពេលរថភ្លើង បើកមកដល់នោះ មិនមានការដាក់របាំងណាមួយរារាំងការធ្វើដំណើរឆ្លងកាត់ថ្នល់រថភ្លើងឡើយ ដែលជាមូលហេតុបណ្តាលឱ្យរថយន្តសាមុយ ត្រូវបានរថភ្លើងបើកបុកក្នុងពេល កំពុងឆ្លងកាត់នោះ។
-
អាជ្ញាធរថែរក្សាសុវត្ថិភាពព្រឹត្តិការណ៍ស៊ីហ្គេម ដាក់បទបញ្ជាបង្ក្រាបករណីក្មេងទំនើប (Video Inside)

ករណីក្មេងទំនើង គឺជាករណីដែលសមត្ថកិច្ចកំពុងយកចិត្តទុកដាក់លើករណីបង្ការ និងរក្សាសន្តិសុខ ក្នុងពេលដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនាពេលខាងមុខនេះ។ នៅថ្ងៃទី៣១ មករា ឆ្នាំ២០២៣, ស្នងការដ្ឋាននគរបាលរាជធានី បានបើកកិច្ចប្រជុំមួយ ដោយដាក់ចេញនូវវិធានការណ៍ម៉ឺងម៉ាត់ ចំពោះខណ្ឌទាំង១៤ ក្នុងការបង្ក្រាបករណីក្មេងទំនើងនោះ។ អប្សរាណិតរាយការណ៍
-
នៅសល់៩៤ថ្ងៃទៀត កម្ពុជានឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រ (Video Inside)

ការរាប់ថយក្រោយរយៈពេល១០០ថ្ងៃ បានកន្លងផុត៦ថ្ងៃមកហើយ។ កម្ពុជានៅសល់រយៈពេល៩៤ថ្ងៃទៀត ដែលនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំលើកដំបូង នៃកីឡាស៊ីហ្គេមលើកទី៣២ ។ គេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី៣១មករានេះ បានសរសេរថា «ថ្ងៃទី៣១ មករា ឆ្នាំ២០២៣នេះ គឺនៅសល់តែ៩៤ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ»។ ស៊ីហ្គេមមានប្រភពដំបូងមកពីកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ South East Asian Peninsular ដែលពេលនោះរួមមានប្រទេស៦រួមទាំងកម្ពុជាផងដែរដែលជាស្ថាបនិក។ ប្រទេសទាំង៦រួម មីយ៉ាន់ម៉ា, កម្ពុជា, ឡាវ, ម៉ាឡេស៊ី, ថៃ និងវៀតណាម បានយល់ព្រមរៀបចំឱ្យមានកីឡាជាអន្តរជាតិ ក្នុងតំបន់នេះកើតឡើង ក្នុងរវាង២ឆ្នាំម្តងដោយចាប់ផ្តើមដំបូងក្នុងខែធ្នូ ឆ្នាំ១៩៥៩។ កម្ពុជាតែងខកខានមិនបានធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមនេះក្នុងអម្លុងពេល៦៤ឆ្នាំ ដោយសារតែស្ថានការណ៍វិវត្តន៍មិនទៀងទាត់កើតឡើងក្នុងប្រទេសកម្ពុជា។ ក្រោយប្រទេសកម្ពុជា ចាប់ផ្តើមមានសន្តិភាពសាឡើងវិញ ក្រោមនយោបាយឈ្នះឈ្នះដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នោះមក, កម្ពុជាក៏នៅមិនទាន់បំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាអន្តរជាតិក្នុងតំបន់នោះផងដែរ ប៉ុន្តែនៅក្នុងខែឧសភា ឆ្នាំ២០២៣ ដែលជិតមកដល់នេះ កម្ពុជាបានត្រៀមរៀបចំខ្លួនរួចរាល់ ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេមជាលើកដំបូង។
-
រយៈពេល២៤ម៉ោង អាស៊ានមានអ្នកឆ្លងជំងឺកូវីដ១៩ ជិត១ពាន់នាក់ (Video Inside)

-
ឆេះក្លឹបកំសាន្តនៅខេត្តព្រះសីហនុ ស្លាប់២, របួស៣ (Video Inside)

ការផ្សារដែកមិនប្រុងប្រយ័ត្នបានបង្កជាអគ្គិភ័យឆេះក្លឹបកំសាន្តមួយកន្លែងក្នុងក្រុងព្រះសីហនុ បណ្តាលឱ្យមានមនុស្ស៥នាក់បានស្លាប់និងរងរបួស។ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងថាហេតុការណ៍បានកើតឡើវេលាយប់ថ្ងៃទី៣០ មករាឆ្នាំ២០២៣ នៅទីតាំងក្លឹបកម្សាន្ដយីហោ JULIE & ANNA ដែលស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ កម្ទេចភ្លើងដែលផ្សារដែក បានធ្លាក់លើអេប៉ុងបិទជញ្ជាំង បណ្តាលឱ្យអគ្គិភ័យបានកើតឡើង។ មនុស្ស២នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស ដែលជាបុគ្គលិកបំរើការក្នុងទីតាំងក្លឹបកំសាន្តនោះ។ អ្នកបាត់បង់ជីវិត ត្រូវបានគេបញ្ជេញអត្តសញ្ញាណ គឺជាស្ត្រីអាយុ១៨ឆ្នាំឈ្មោះ ហន ស្រីវេត និងបុរសអាយុ២៣ឆ្នាំឈ្មោះ ភន មករា។ អ្នករងរបួស៣នាក់ទៀត រួមមានបុរសឈ្មោះ ណន រតនៈ អាយុ២០ឆ្នាំ, ឈ្មោះ ប្រាក់ សារ៉ូ ភេទស្រី អាយុ៣៤ឆ្នាំ និងឈ្មោះ វង្ស សារុំ ភេទស្រី អាយុ២៣ឆ្នាំ។ ក្នុងហេតុការណ៍ដែលឆេះកាលពីយប់ថ្ងៃកើតហេតុនោះ ភ្លើងមិនបានឆេះរាលដាលទៅកាន់កន្លែងដទៃឡើយ ដោយសារតែសមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់ចំនួន២គ្រឿង មកជួយធ្វើអន្តរាគមន៍។
-
មន្ត្រីអាកាសចរស៊ីវិលរំពឹងជើងហោះហើរត្រង់រវាងកម្ពុជា និងចិនកើនមកវិញចាប់ពីខែកុម្ភៈ (Video Inside)

មន្ត្រីអាកាសចរស៊ីវិល បានថ្លែងថាជើងហោះហើររវាងកម្ពុជា-ចិន នឹងរំពឹងកើនមកវិញ ក្នុងរង្វង់៣០% ទៅ៤០% ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៣។ មន្ត្រីនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងនៅថ្ងៃទី៣១មករាថា «អាជ្ញាធរអាកាសចរស៊ីវិល នៃប្រទេសទាំងពីរ បានឯកភាពដាក់ដំណើការ ជើងហោះហើរជាប្រក្រតីឡើងវិញ ដោយអនុវត្តតាមកិច្ចព្រមព្រៀងទ្វេភាគីឡើងវិញ និងពុំមានការរិតត្បិត ឬកំណត់ចំនួនជើងហោះហើរទៀតឡើយ»។ ដំណើរជើងហោះហើរត្រង់រវាងកម្ពុជានិងចិន ត្រូវបានផ្អាកប្រមាណ២ឆ្នាំកន្លងមកនេះ ដោយសារតែវិបត្តិឆ្លងកូវីដ១៩។ ប្រទេសចិនបានបើកព្រំដែនរបស់ខ្លួនសាឡើងវិញកាលពីថ្ងៃទី៨ មករា ឆ្នាំ២០២៣ …ចំណែកជើងហោះហើរលើកដំបូងរបស់ចិនមកកាន់ប្រទេសកម្ពុជា ទើបបានធ្វើកាលពីសប្តាហ៍មុន។ គួរបញ្ជាក់ថាមុនពេលវិបត្តិជំងឺកូវីដ-១៩ ជើងហោះហើររវាងប្រទេសទាំងពីរ គឺមានសរុបចំនួន ៤១៥ជើងក្នុងមួយសប្តាហ៍។
-
ខេត្តក្រចេះបង្ហាញនូវវិធានការការពារសត្វត្រីផ្សោត ដែលចេះតែងាប់ដោយសារជាប់មង (Video Inside)

ខេត្តក្រចេះ បានលើកឡើងនូវវិធានការការពារសត្វត្រីផ្សោត ដែលពីមួយឆ្នាំទៅមួយឆ្នាំ បានងាប់ដោយសារតែការជាប់មងរបស់អ្នកនេសាទ។ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក ទី្រ សុភក្តិ បានថ្លែងថាចំនួនសត្វត្រីផ្សោតក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលពេល៣ឆ្នាំចុងក្រោយនេះ បានស្លាប់ចំនួន២៧ក្បាល ដែលជាចំនួនដ៏ច្រើន។ ប្រធានមន្ទីរកសិកម្មខេត្តបានថ្លែងថាសត្វត្រីផ្សោតក្នុងទឹកសាប មានរស់នៅក្នុងប្រទេសទន្លេមេគង្គ ជាពិសេសនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលបច្ចុប្បន្នមានសរុប៨៩ក្បាល ក្នុងនោះក្នុងខេត្តក្រចេះមានប្រមាណពី៥០ដល់៥៥ក្បាល។ សត្វត្រីផ្សោតទឹកសាប គឺជាសត្វពូជ កម្ររបស់ពិភពលោក។ សត្វត្រីផ្សោត ក្នុងរយៈពេល២ឆ្នាំទើបមានកូនម្តង។ សត្វនេះមាន អាយុវែងបំផុតប្រមាណ៣០ឆ្នាំតែប៉ុណ្ណោះ។
-
ស.ស.យ.ក ដឹកនាំក្រុមសិល្បករកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍ឈីងហ្គេ (Video Inside)

ក្រុមសិល្បករ និងសិល្បការីនីរបស់កម្ពុជា បានប្តេជ្ញានឹងបង្ហាញឈុតឆាកសិល្បៈខ្មែរ ក្នុងព្រឹត្តិការណ៍ឈីងហ្គេ ក្នុងប្រទេសសឹង្ហបុរី ដើម្បីការបង្ហាញនូវអត្តសញ្ញាណរបស់ជាតិ និងមោទនភាពជាតិខ្មែរ។ ព្រឹត្តិការណ៍ឈឺងហ្គេ គឺជាក្បួនព្យុហយាត្រាសិល្បៈសម្តែងដ៏ធំមួយនៅអាស៊ី ដែលតែងរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយសមាគមប្រជាជននៃសាធារណរដ្ឋសឹង្ហបុរី។ ក្រុមសិល្បករ និងសិល្បការីនីរបស់កម្ពុជា ក្នុងគណៈប្រតិភូដឹកនាំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដែលចាកចេញនៅថ្ងៃទី៣១មករានេះ បានថ្លែងប្តេជ្ញាលើការលើកស្ទួយកេរ្តិ៍ឈ្មោះ កម្ពុជា ឱ្យកាន់តែត្រដែតលើឆាកអន្តរជាតិ។ ព្រឹត្តិការណ៍ឈីងហ្គេរវាងពីថ្ងៃទី៣ដល់៤កុម្ភៈខាងមុខនេះ គឺជាគំនិតផ្តួចផ្តើមរបស់អតីត នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក លី ក្វាន់យូ ក្នុងគោលបំណងបង្ហាញពីភាពអស្ចារ្យ ភាពស្រស់បំព្រង និងភាពសម្បូរបែបនៃវប្បធម៌ចម្រុះ។ កម្ពុជាកន្លងមកធ្លាប់បាននាំយករបាំអប្សរា… ក្បាច់គុនល្បុក្កតោរបស់ខ្មែរ…ល្ខោនស្រមោលស្បែកធំ, របាំម្ករ, ឈុតព្រះថោងនាងនាគ, ឈុតកូរសមុទ្រទឹកដោះ, របាំក្រមា និងក្បាច់ក្រមាជាដើម ចូលរួមសម្តែងក្នុងក្បួនព្យុះហយាត្រា នៃក្នុងព្រឹត្តិការណ៍ «ឈីងហ្គេ» នោះ។ កម្ពុជាធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍ឈីងហ្គេនេះ ចំនួន២ដងរួចមកហើយ គឺនៅក្នុងឆ្នាំ២០១៧ ដឹកនាំប្រធាន ស.ស.យ.ក លោក ហ៊ុន ម៉ានី ក្រោមប្រធានបទ «សុខដុមក្នុងភាពចម្រុះ នៃវប្បធម៌, និងនៅក្នុងឆ្នាំ២០១៩ ក្រោមប្រធានបទ៖ «ភាពសុខដុម» ចំណែកឆ្នាំ២០២៣នេះ នឹងស្ថិតក្រោមប្រធានបទ «ក្តីសង្ឃឹមរបស់យើង»។
-
ហោរាសាស្រ្តប្រចាំថ្ងៃពុធ ១១កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តណែនាំមិនឲ្យលោកអ្នកចុះចាញ់នឹង ពាក្យសំដីផ្អែមល្អែម។ ក្នុងនោះ ប្រហែលជាទំនាក់ទំនងផ្ទាល់ខ្លួនក្នុងការិយាល័យនឹងនាំមក នូវអារម្មណ៍ល្អប្រសើរ ប៉ុន្តែទំនងជាវានឹងធ្វើឲ្យរារាំងជំហានដ៏រីកចម្រើនរបស់ការងារទៅវិញ ដូច្នេះ សូមរក្សា និងកំណត់ទំនាក់ទំនងមិនឲ្យលាយឡំនឹងការទទួលខុសត្រូវក្នុងការងារ។ ក្នុងនោះដែរ យកល្អសូមកំណត់ទំហំនៃទំនាក់ទំនងតូចធំឲ្យស្ថិតក្នុងស្ថានភាពដែលអាច គ្រប់គ្រងបាន ឬគួរកុំធ្វើទំនាក់ទំនងច្រើនក៏រឹតតែល្អ។ ក្រៅពីនេះ សូមលោកអ្នករក្សាចិត្ត គំនិត ខិតខំបំពេញការងាររបស់ខ្លួនជានិច្ច គឺគ្រប់គ្រាន់សម្រាប់ថ្ងៃនេះ។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកក្នុងពេលនេះមានលទ្ធភាពពេញលេញ ដើម្បីទទួលបានភាពចម្រើនលូតលាស់ និងជោគជ័យដែលអ្នករំពឹងទុក។ ប៉ុន្តែអំណោយនេះ នឹងទាក់ទងជាពិសេសទៅលើការតស៊ូ និងខិតខំប្រឹងប្រែងរបស់អ្នក។ អ្នកមិនអាចពឹងពាក់ អាស្រ័យគេ ឬផ្តល់ការងាររបស់អ្នកទៅអ្នកដទៃដើម្បីធ្វើជំនួសនោះទេ គឺមិនអាចធ្វើដូច្នេះ បានជាដាច់ខាត បើមិនដូច្នេះអ្នកអាចនឹងមានការបាត់បង់ធ្ងន់ធ្ងរ។ ពត៌មានខ្លះអាចនឹង បំភ័ន្តអ្នកបាន ដូចនេះសូមគិតពិចារណាអោយបានល្អិតល្អន់។ ក្រៅពីនេះ សូមប្រយ័ត្នសំដី កុំចំាបាច់និយាយច្រើន បើមិនចាំបាច់បំផុតនោះទេ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។…