-
ចាប់ជនសង្ស័យជាតិតៃវ៉ាន់បីនាក់ និងគ្រឿងញៀនជាង ១៦គីឡូក្នុងរាជធានី (Video Inside)

ជនសង្ស័យជាតិតៃវ៉ាន់ចំនួន៣នាក់ រួមនិងគ្រឿងញៀនជាង ១៦គីឡូក្រាម និងសារធាតុគីមីផ្សំជាង ៥គីឡូក្រាម ត្រូវបានសមត្ថកិច្ចបង្ក្រាបនៅភូមិសាស្ត្ររាជធានីភ្នំពេញ។ មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានថ្លែងនៅថ្ងៃទី២៥ ខែកុម្ភៈថា ការបង្ក្រាបបានធ្វើនៅចំណុចគោលដៅចំនួន២ក្នុងរាជធានី។ គោលដៅទី១៖ នៅខាងមុខហាងស៊ូស៊ែងយាន ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងគោលដៅទី២៖ នៅក្នុងខុនដូ PALM HOUSE ជាន់ទី១ បន្ទប់លេខ១០២ ផ្លូវលេខ៦៣ សង្កាត់បឹងកេងកង១ ក្នុងខណ្ឌបឹងកេងកង។ ជនសង្ស័យចិនតៃវ៉ាន់ទាំងបី ត្រូវបានគេបញ្ចេញអត្តសញ្ញាណរួមមាន១ឈ្មោះ អ៊ូ ចុងវ័យ អាយុ២៤ឆ្នាំ, ២៖ ឈ្មោះ លីន អ៊ីងគ័ង អាយុ៣១ឆ្នាំ, និង៣៖ ឈ្មោះ ង សឹកខៃ អាយុ២១ឆ្នាំ។ វត្ថុតាងដែលចាប់បានរួមមានសារធាតុញៀនអ៊ិចស្តាស៊ី MDMA ១៦គីឡូ និង១៣៦.១២ក្រាម, សារធាតុញៀនកេតាមីន ៣៦០ក្រាម និងសារធាតុញៀនអ៊ិនីមេតាហ្សេប៉ាម ១.៩៨ក្រាម។ ដោយឡែកសមត្ថកិច្ចនៅបានរឹបអូសសារធាតុមិនទាន់បញ្ជាក់ច្បាស់លាស់ចំនួន ៥គីឡូ និង៦២២ក្រាមថែមទៀត។
-
គណបក្សនយោបាយនានាអបអរសាទរគណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈច្រើនលើសលប់លើការបោះឆ្នោតព្រឹទ្ធសភា (Video Inside)

បណ្តាគណបក្សនយោបាយនានា បានគាំទ្រដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងអបអរសាទរគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះ លើការបោះឆ្នោត យោងតាមលទ្ធផលប្រកាសបឋមរបស់គជប។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥កុម្ភៈ មានគណបក្សនយោបាយចូលរួមចំនួន៤ គឺគណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ។ យោងតាមការប្រកាសលទ្ធផលបឋម, គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ក្នុងមណ្ឌលភូមិភាគទាំង៨ នូវសំឡេងឆ្នោតសរុបចំនួន ១ម៉ឺន ៥២សំឡេង ដែលនឹងរំពឹងទទួលបានអាសនៈចំនួន ៥៥អាសនៈ។ គណបក្សដែលទទួលបានអសនៈក្នុងការបោះឆ្នោតនោះដែរ គឺគណបក្សឆន្ទៈខ្មែរ មានសំឡេងឆ្នោតគាំទ្រ ១ពាន់ ៣៩៤សំឡេង និងរំពឹងថា ទទួលបានចំនួន ៣អាសនៈ។ ចំណែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ដែលចូលរួមក្នុងការប្រកួតប្រជែង មិនទទួលបានអាសនៈឡើយ។ ក្រោយការប្រកាសលទ្ធផលបឋមនេះ, បណ្តាគណបក្សនយោបាយនានា ដួចជាគណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សបំណងពលរដ្ឋ, គណបក្សយុវជនកម្ពុជា, គណបក្សម៉ូលីណាកា, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, គណបក្សមហាសាមគ្គីជាតិ និងគណបក្សធម្មាធិបតេយ្យ បានធ្វើសេចក្តីថ្លែងការណ៍ អបអរសាទរគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះ ពីការបោះឆ្នោតព្រឹទ្ធសភានេះ។
-
សម្តេចធិបតី គ្រោងជួបព្រះមហាក្សត្រម៉ាឡេស៊ីក្នុងថ្ងៃទស្សនកិច្ច (Video Inside)

ក្រសួងការបរទេសកម្ពុជាបានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ក្នុងដំណើរទស្សនកិច្ចថ្ងៃទី២៧កុម្ភៈ នៅប្រទេសម៉ាឡេស៊ី នឹងបានអញ្ជើញចូលក្រាបបង្គំគាល់ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅស៊ុលតង់ អ៊ីប្រាហ៊ីម នៅក្នុងព្រះបរមរាជវាំងអ៊ីស្តាណា ណេហ្គេរ៉ា Istana Negara។ សម្តេចធិបតីនាយករដ្ឋមន្ត្រីនឹងអញ្ជើញជួបជាមួយប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ដាទុក មូតាំង តាហ្គាល់ និងជួបប្រធានរដ្ឋសភា តាន់ស៊្រី ដាទុក នាវិមានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី។ សម្តេចធិបតីនឹងអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយនឹងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់ វ៉ា អ៊ីប្រាហ៊ីម ដែលនឹងផ្តោតលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ រួមទាំងកត្តាសន្តិសុខ នយោបាយ, ពាណិជ្ជកម្មនិងការបណ្តាក់ទុន, ទេសចរណ៍, ពលកម្ម, វិស័យអាហារបួស «ហាឡាល់» និងវិស័យបច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពល ដែលជាផលប្រយោជន៍រវាងប្រទេសទាំង២។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ នឹងធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុស្សារណៈ MOU រវាងធនាគារជាតិ នៃប្រទេសទាំង២ ថែមទៀត។ ក្នុងដំណើរទស្សនកិច្ចមួយថ្ងៃទី២៧កុម្ភៈនោះផងដែរ, សម្តេចធិបតីនឹងចួលរួមក្នុងវេទិកាធុរកិច្ច កម្ពុជា ម៉ាឡេស៊ី ដែលសម្តេចនឹងថ្លែងសុន្ទរកថាគន្លឹះមួយ ក្នុងវេទិកានោះ និងអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខា MOU នៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងសភាពាណិជ្ជកម្ម នៃប្រទេសទាំង២។…
-
សម្តេចធិបតី និងលោកជំទាវ ធ្វើទស្សនកិច្ចម៉ាឡេស៊ីនៅថ្ងៃទី២៧កុម្ភៈ (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ គ្រោងនឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ាឡេស៊ី នាថ្ងៃអង្គារ៍ទី២៧ កុម្ភៈ ឆ្នាំ២០២៤ ដែលជាដំណើរទស្សនកិច្ចមួយ ត្រូវគេចាត់ទុកថាជាការពង្រឹងទំនាក់ទំនងមិត្តភាពទ្វេភាគី។ប្រទេសម៉ាឡេស៊ី គឺជាប្រទេសទី៤ហើយក្នុងអាស៊ាន ដែលសម្តេចធិបតីបានធ្វើដំណើរទស្សនកិច្ច បន្ទាប់ពីប្រទេសឥណ្ឌួនេស៊ី, ប្រទេសវៀតណាម និងប្រទេសថៃ។ អប្សរាណិតរាយការណ៍
-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រាប់មន្ត្រីមិនឱ្យបិទបាំងរឿងអ្នកពាក់ព័ន្ធគ្រឿងញៀន (Video Inside)

សេចក្តីរាយការណ៍បង្ហាញការព្រួយបារម្ភបាត់បង់ផលប្រយោជន៍ ជុំវិញការបណ្តេញមន្ត្រីនគរបាល ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងនៅថ្ងៃទី២៦កុម្ភៈថា មិនបាច់ព្រួយបារម្ភអ្វីទាំងអស់។ ក្រសួងមហាផ្ទៃ ត្រូវគេឃើញថា ជាក្រសួងនាំមុខមួយ ដែលបានបណ្តេញមន្ត្រីទាំងឡាយណា ដែលរកឃើញថា ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ យោងតាមក្រសួងមហាផ្ទៃ, ក្នុងរយៈពេល ៦ខែមកនេះ ការបណ្តេញមន្ត្រីនគរបាលជាប់ពាក់ព័ន្ធមានចំនួនយ៉ាងហោច ៥៦នាក់ហើយ។ ជាមួយនឹងការបណ្តេញនេះ ស្រាប់តែមានសេចក្តីរាយការណ៍បារម្ភ ខ្លាចខ្វះមន្ត្រីធ្វើការ នៅក្នុងក្រសួងមហាផ្ទៃ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក្នុងប្រសាសន៍ថ្លែងនាពិធីបិទសន្និបាត និងសម្ពោធសមិទ្ធផលនៅបណ្ឌិតសភានគរបាលកម្ពុជា នៅថ្ងៃចន្ទ ទី២៦ កុម្ភៈបានថ្លែងដាស់តឿន កុំឱ្យថ្នាក់ដឹកនាំស្នងការដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ បិទបាំងករណីរកឃើញមន្ត្រីមានសារធាតុ ឬមន្ត្រីបើប្រាស់គ្រឿងញៀន ដោយសារតែការទទួលបានផលប្រយោជន៍ ឬការយោគយល់ដល់មន្ត្រីអាយុជិតចូលនិវត្តន៍។ លោក ស សុខា បានបញ្ជាក់ថា សូមកុំឱ្យមានការព្រួយបារម្ភខ្លាចបាត់មន្ត្រី…ពីព្រោះក្រសួងនឹងផ្តល់ចំនួនក្របខណ្ឌថ្មី ជំនួសឱ្យអ្នកចាស់ដែលបានបណ្តេញចេញទាំងនោះ។
-
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបំភ្លឺចម្ងល់រឿងកោះអាចម៍សេះ (Video Inside)

សំណេរតាមបណ្តាញសង្គមមួយ ដែលឆ្ងល់ថា ហេតុអ្វីបាន Google សរសេរថាកោះអាចម៍សេះរបស់ខ្មែរ ជារបស់វៀតណាមវិញនោះ បានប្រញាប់ឱ្យអាជ្ញាធរទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជាបានធ្វើលិខិតបំភ្លឺ។ គណនីបណ្តាញសង្គមឈ្មោះ អ៊ុក សីលា បានបង្ហោះនូវចម្ងល់របស់ខ្លួននេះ ជាមួយនឹងការភ្ជាប់រូបថតចេញពី Google Map និងរូបថតប៉ុស្តិ៍កោះអាចម៍សេះនោះផងដែរ។ សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនថ្ងៃទី២៦កុម្ភៈបានបំភ្លឺថាកោះអាចម៍សេះ «គឺជាកោះដែលមានទីតាំងស្ថិតក្នុងសង្កាត់កែប ក្រុងកែប នៃខេត្តកែប របស់កម្ពុជា ដោយមានទីស្នាក់ការព្រំដែនទឹកឈ្មោះថា «ប៉ុស្តិ៍កោះអាចម៍សេះ» ឈរយាមនៅទីនោះ និងមានភ្ញៀវទេសចរចេញចូលកំសាន្តជាប្រចាំ»។ ពាក់ព័ន្ធនឹងចម្ងល់នៃផែនទីដែល Google បានបង្ហោះនោះ, រដ្ឋលេខាធិការខាងកិច្ចការព្រំដែន បានសរសេរថា គេនឹងធ្វើកិច្ចការបន្តជាមួយក្រុមហ៊ុន Google ចំពោះករណីនេះ។ រដ្ឋលេខាធិការខាងកិច្ចការព្រំដែន បានសរសេរបំភ្លឺទៅវិញថា ផែនទីរបស់ Google Map មិនមែនជាផែនទីផ្លូវការ ដែលកំណត់ខ្សែបន្ទាត់ព្រំដែនរវាងរដ្ឋ និងរដ្ឋឡើយ។ អាជ្ញាធរកម្ពុជាថ្លែងថា ផែនទីរបស់ Google នេះ គឺបង្កើតឡើងសម្រាប់តែគោលដៅពាណិជ្ជកម្មរបស់ខ្លួនតែប៉ុណ្ណោះ។
-
សម្តេចធិបតីចាត់ទុកដំណើរឡើងខ្ពស់ នៃវិស័យកីឡា គឺដោយសារតែកត្តាសន្តិភាព (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ ចំពោះវិស័យកីឡាជាតិរបស់ប្រទេសកម្ពុជា ដែលកីឡាករមានសមត្ថភាពអាចដណ្តើមយកមេដាយមាស, មេដាយប្រាក់ និងមេដាយសំរិទ្ធ ដូចបណ្តាកីឡាករ នៃប្រទេសនានារបស់ពិភពលោក។ សម្តេចធិបតីបានចាត់ទុកដំណើរឡើងខ្ពស់ នៃវិស័យកីឡា គឺដោយសារតែកត្តាសន្តិភាព។ វិស័យកីឡារបស់កម្ពុជា បានចាប់ផ្តើមធ្លាក់ក្រោយកម្ពុជាបានធ្លាក់ចូលក្នុងសង្គ្រាម ក្រោយរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០។ វិស័យកីឡារបស់កម្ពុជា ទើបតែបានរីកចំរើនប្រមាណជាង២០ឆ្នាំចុងក្រោយ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពិតប្រាកដ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នេះទេ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជ័យលាភីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី, ជើងឯកពិភពលោក និងការប្រកួតកីឡាសកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេមលើកទី២០ នាវិមានសន្តិភាព ថ្ងៃទី២៦កុម្ភៈ បានអំពាវនាវប្រជាពលរដ្ឋបន្តថែរក្សាសន្តិភាព ដើម្បីវិស័យកីឡាជាតិកម្ពុជា ដើម្បីឈានដណ្តើមយកមេដាយជូនជាតិកម្ពុជាបន្ថែមទៀត។ វិស័យកីឡា ត្រូវគេឃើញថា នៅបានរួមចំណែកជួយផ្សះផ្សាអរិភាពរវាងខ្មែរ និងខ្មែរថែមទៀត ក្រោយការមើលឃើញស្នាដៃរៀបចំរបស់រាជរដ្ឋាភិបាលលើកដំបូង ដែលធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្នុងខែឧសភា និងមិថុនា ឆ្នាំ២០២៣។ ក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅស្រុក ដែលបានវិលត្រឡប់មកចូលរួមជាមួយរាជរដ្ឋាភិបាលវិញ បានកោតសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដោយបានធ្វើឱ្យកិត្តិយសជាតិលេចត្រដែត លើឆាកអន្តរជាតិ។ សម្តេចធិបតីបានថ្លែងថា វិស័យកីឡាបានជួយពង្រឹងផងដែរ…
-
ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅប្រទេសចិន ដើម្បីត្រួតពិនិត្យព្រះរាជសុខភាព (Video Inside)

ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែកំពុងគង់ប្រថាប់នៅក្នុងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព បន្ទាប់ពីព្រះរាជដំណើរចាកចេញពីកម្ពុជា វេលាព្រឹកថ្ងៃចន្ទទី២៦កុម្ភៈ។ ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ តែងយាងត្រួតពិនិត្យព្រះរាជសុខភាព នៅសាធារណរដ្ឋប្រជាមានិតចិន យ៉ាងហោច ២ដង ក្នុងមួយឆ្នាំ។ ព្រះរាជដំណើរថ្ងៃទី២៦កុម្ភៈ គឺជាព្រះរាជដំណើរពិនិត្យសុខភាពជាលើកទី១ ក្នុងឆ្នាំ២០២៤។ កាលពីឆ្នាំ២០២៣, ព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេបានយាងចាកចេញនៅថ្ងៃទី១២កុម្ភៈ។ អញ្ជើញ និងយាងចូលរួមដង្ហែរព្រះរាជដំណើរ នៅព្រលានយន្តហោះអន្តរជាតិ វេលាថ្ងៃទី២៦កុម្ភៈ រួមមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, មន្ត្រីព្រះបរមរាជវាំង និងព្រះញាតិវង្សជាច្រើនអង្គ។ ក្នុងឱកាស នៃព្រះរាជអវត្តមានរបស់ព្រះអង្គក្នុងប្រទេស, សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា មានភារកិច្ចទទួលជួយព្រះអង្គ ក្នុងការបំពេញតួនាទីជាប្រមុខរដ្ឋស្តីទី របស់ព្រះរាជាណាចក្រកម្ពុជា។
-
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ចូលទីវង្គត (Video Inside)
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ព្រះជន្ម៩៣ព្រះវស្សា បានចូលព្រះទីវង្គត នាល្ងាចថ្ងៃចន្ទទី២៦កុម្ភៈ។ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ដែលប្រសូតថ្ងៃទី១២ មករា ឆ្នាំ១៩៣២ ក្នុងក្រុងសៀមរាប គឺជាស្តេចសង្ឃថ្នាក់កំពូលបំផុត របស់ព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គបានបម្រើវិស័យពុទ្ធចក្រស្ទើរពេញមួយជីវិតរបស់ព្រះអង្គ ដោយព្រះអង្គបានទៅរៀនសូត្រនៅវត្តអារាម តាំងពីវ័យកុមារ ហើយបានបួសជាសង្ឃក្នុងឆ្នាំ១៩៥២ ក្នុងព្រះជន្ម២០វស្សា។ រហូតដល់ឆ្នាំ១៩៧៥ ព្រះអង្គបានទទួលសណស័ក្កជាព្រះគ្រូធម្មាចារ្យ។ នៅឆ្នាំ១៩៧៥ ដដែលនោះ, ព្រះគ្រូធម្មាចារ្យ ទេព វង្ស ត្រូវបានរបបខ្មែរក្រហមចាប់ផ្សឹក និងធ្វើទារុណកម្ម យ៉ាងព្រៃផ្សៃជាមួយប្រជាជនទូទាំងប្រទេស។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ លោកគ្រូធម្មាចារ្យបានចូលបួសវិញនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៧៩ ហើយបានទទួលសណស័ក្ក និងព្រះគោរម្យងារជាបន្តបន្ទាប់ដូចជាព្រះឧបជ្ឈាយ៍, ប្រធានសង្ឃទូទាំងប្រទេស, ជាព្រះមហាសុមេធាធិបតី, ជាព្រះសង្ឃនាយក នៃរដ្ឋកម្ពុជា, ជាអនុប្រធានរណសិរ្សសាមគ្គី កសាងការពារ មាតុភូមិកម្ពុជា, ជាអនុប្រធានរដ្ឋសភា ជាសម្តេចសង្ឃរាជគណមហានិកាយ នៃកម្ពុជា, ជាគណៈអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា, ជាឯកអគ្គរដ្ឋទូតសន្តិភាពរបស់សហព័ន្ធអន្តរជាតិ, ជាសហប្រធានក្រុមប្រឹក្សាសាសនាពិភពលោក ដើម្បីសន្តិភាព នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក…
-
សៀមរាបរៀបចំបុណ្យទន្លេលើកទី៨ រវាងពីថ្ងៃទី១៦ ដល់១៧មីនា (Video Inside)

កម្ពុជាត្រៀមរៀបចំបុណ្យទន្លេលើកទី៨ ដែលគ្រោងនឹងធ្វើនៅក្នុងខេត្តសៀមរាប។ យោងតាមក្រសួងទេសចរណ៍បុណ្យទន្លេលើកទី៨ ក្នុងខេត្តសៀមរាប នឹងប្រារព្ធធ្វើឡើងរវាងពីថ្ងៃទី១៦ ដល់១៧ មីនា ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងទេសចរណ៍ថ្ងៃទី២១កុម្ភៈបានសរសេរថា «គោលបំណង នៃការព្រឹត្តិការណ៍បុណ្យទន្លេនេះ គឺដើម្បីចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្ដភាព និងភាពកក់ក្ដៅ»។ ពិធីបុណ្យទន្លេក្នុងខេត្តសៀមរាប នឹងធ្វើនៅលើទីតាំងសួនច្បារកន្លែងហាត់ប្រាណ ជិតព្រះរាជដំណាក់ និងនៅតាមដងស្ទឹងសៀមរាប។ ព្រឹត្តិការណ៍នេះ នឹងមានការរៀបចំទស្សនីយភាពសិល្បៈ, ការតាំងពិព័រណ៍ និងសកម្មភាពកម្សាន្តផ្សេងៗ ដូចជាការប្រណាំងកង់, ការរត់កម្សាន្ត, ការប្រណាំងទូក និងការប្រកួតវាយកូនគោលជាដើម។ បុណ្យទន្លេបានចាប់ផ្តើមធ្វើលើកដំបូងក្នុងឆ្នាំ២០១៥ នៅក្នុងខេត្តក្រចេះ, ក្រោយមកនៅកំពង់ចាម និងត្បូងឃ្មុំ ឆ្នាំ២០១៦, នៅខេត្តស្ទឹងត្រែង ឆ្នាំ២០១៧, នៅក្រុងតាខ្មៅខេត្តកណ្តាល ឆ្នាំ២០១៨, នៅកំពង់ឆ្នាំង ឆ្នាំ២០១៩, នៅបាត់ដំបង ឆ្នាំ២០២០, នៅកំពង់ធំ ឆ្នាំ២០២៣ និងនៅឆ្នាំ២០២៤នេះ ក្នុងខេត្តសៀមរាប។