-
ស្ពានកោះនរានឹងអនុញ្ញាតបើកដំណើរការរយៈពេល៣ថ្ងៃបុណ្យភ្ជុំបិណ្ឌ (Video Inside)

«ស្ពានកោះនរា» ដែលឆ្លងពីកោះពេជ្រទៅកោះនរា នឹងត្រូវអនុញ្ញាតឱ្យប្រើប្រាស់បណ្តោះអាសន្ន រយៈពេល ៣ថ្ងៃចុងក្រោយ នៃពិធីបុណ្យភ្ជុំបិណ្ឌ។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃចុងក្រោយ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា «ស្ពានកោះនរា» នឹងត្រូវអនុញ្ញាតដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ។ ប៉ុន្តែក្រោយចប់ថ្ងៃភ្ជុំបិណ្ឌរួច, អាជ្ញាធរនឹងផ្អាកចរាចរណ៍ ដើម្បីបន្តសាងសង់បញ្ចប់ទាំងស្រុង។ ស្ពានកោះនរា នឹងគ្រោងបញ្ចប់ការសាងសង់នៅអំឡុងថ្ងៃទី២០ ឬថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។
-
រដ្ឋសភាអនុម័តលើសេចក្តីព្រាងច្បាប់បង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (Video Inside)

រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ការអនុម័តនេះធ្វើឡើងក្នុងសម័យប្រជុំសភានាព្រឹកថ្ងៃទី៩តុលា ក្នុងសម្លេងគាំទ្រទាំងស្រុង១០១សម្លេង ក្រោមអធិបតីភាពកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី។ សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមាន ១១មាត្រា ដែលជំនួសច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលឆ្នាំ១៩៩៦ ក្នុងគោលបំណងលើកកម្ពស់ និងធានាដល់ដំណើរការគ្រប់គ្រង ចាត់ចែង និងអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវត្តប្រទេសជាតិ ដែលកំពុងមានការរីកចម្រើន និងការប្រែប្រួលខាងបច្ចេកវិទ្យាអាកាសចរណ៍ស៊ីវិលកាន់តែទំនើប និងស៊ីជម្រៅ រួមទាំងរចនាសម្ព័ន្ធគ្រប់គ្រងផងដែរ ជាពិសេសដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវបន្ថែម មួយចំនួន ក្នុងនាមជាសមាជិក នៃអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិហៅកាត់ថា ICAO។
-
ឧត្តមក្រុមប្រឹក្សាអង្គចៅក្រមតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូល (Video Inside)

ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម បានសម្រេចតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូល នៅថ្ងៃទី៩ តុលា ឆ្នាំ២០២៣នេះ បន្ទាប់ពីមានកិច្ចប្រជុំកំពូលមួយ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រខ្មែរ។ លោក ជីវ កេង ដែលជាអនុប្រធានតុលាការកំពូល ត្រូវបានតែងតាំងជាប្រធានតុលាការកំពូលនេះ ជំនួសលោក ឌិត មុន្ទីរ អាយុ៧៤ឆ្នាំ ដែលបានលាលែងពីតំណែងដោយសារបញ្ហាសុខភាព។ កិច្ចប្រជុំឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមនៅថ្ងៃទី៩តុលា នៅបានពិនិត្យ និងសម្រេចលើសំណើផ្ទេរ និងតែងតាំងមុខតំណែងប្រធាន, អនុប្រធាន និងចៅក្រមមួយចំនួន, ការតែងតាំងព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារងតាមសំណើរបស់ក្រសួងយុត្តិធម៌ និងសំណើនានាមួយចំនួនថែមទៀត។
-
រដ្ឋសភាកម្ពុជាបង្ហាញក្តីព្រួយបារម្ភដល់សុខទុក្ខនិស្សិត និងពលរដ្ឋខ្មែរក្នុងអ៊ីស្រាអែល (Video Inside)

រដ្ឋសភានៃប្រទេសកម្ពុជា បានបង្ហាញក្តីព្រួយបារម្ភជុំវិញសុខទុក្ខរបស់ពលរដ្ឋ និងនិស្សិតខ្មែរ ចំនួន ៤៥០នាក់ ដែលកំពុងរស់នៅ និងសិក្សាក្នុងប្រទេសអ៊ីស្រាអែល។ ការបង្ហាញក្តីព្រួយបារម្ភនេះ បានធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃចន្ទទី៩តុលា បន្ទាប់ពីព្រឹត្តិការណ៍វាយប្រហារគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បានធ្វើឱ្យមនុស្សស្លាប់ជាង ១ពាន់នាក់ ក្នុងរយៈពេលតែ ២ថ្ងៃ និងមានមនុស្សច្រើនពាន់នាក់រងរបួស។ ក្នុងចំណោមអ្នកស្លាប់ ក៏រួមមានជនជាតិខ្មែរម្នាក់គឺនិស្សិត ចាន់ ឧត្តម អាយុ២៤ឆ្នាំ។ សេចក្តីថ្លែងការណ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នូវការគាំទ្រយ៉ាងពេញទំហឹង របស់ចំណាត់ការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជុំវិញវិធានការបន្ទាន់ ដើម្បីជួយពលរដ្ឋខ្មែរ និងនិស្សិតកម្ពុជា ដែលស្ថិតនៅទីនោះ។ គួរបញ្ជាក់ថាសម្តេចធិបតី ហ៊ុន ម៉ាណែត ចាប់តាំងពីថ្ងៃសៅរ៍ ដែលមានសភាពការណ៍បង្ហូរឈាមផ្ទុះឡើង ក្នុងតំបន់ដែលមានពលរដ្ឋខ្មែរ រស់នៅលើទឹកដីអ៊ីស្រាអែលនោះមក, សម្តេចបានថ្លែងតាមបណ្តាញសង្គមជាបន្តបន្ទាប់ទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សម្តេចធិបតីបានថ្លែងបង្ហាញក្តីសោកស្តាយចូលរួមសម្តែងមរណទុក្ខជាមួយក្រុមគ្រួសារនិស្សិត ចាន់ ឧត្តម និងបានបញ្ជាក់ថារាជរដ្ឋាភិបាលនឹងព្យាយាមគ្រប់លទ្ធភាព ក្នុងការជួយសម្របសម្រួល ដើម្បីការធ្វើមាតុភូមិនិវត្តន៍សាកសពលោក ចាន់ ឧត្តម ដើម្បីការវិលត្រឡប់មកមាតុប្រទេសវិញ។ ការបង្ហាញក្តីព្រួយបារម្ភជុំវិញសុខទុក្ខរបស់ពលរដ្ឋ និងនិស្សិតខ្មែរ នៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានយកចិត្តទុកដាក់ផងដែរ ពីសំណាក់សម្តេចតេជោ…
-
ក្រសួងការបរទេសកម្ពុជាអំពាវនាវការដោះស្រាយទំនាស់រវាងប៉ាឡេស្ទី និងអ៊ីស្រាអែល តាមមធ្យោបាយសន្តិភាព (Video Inside)

ក្រសួងការបរទេសកម្ពុជាបានអំពាវនាវការស្វែងរកដំណោះស្រាយដោយសន្តិវិធីពាក់ព័ន្ធនឹង ស្ថានការណ៍បង្ហូរឈាមកើតឡើងក្នុងទឹកដីអ៊ីស្រាអែល ក្រោយសេចក្តីរាយការណ៍ជុំវិញមនុស្សស្លាប់ជាង ១ពាន់នាក់ ដោយសារអំពើប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ និស្សិតខ្មែរម្នាក់ឈ្មោះ ចាន់ ឧត្តម អាយុ២៤ឆ្នាំ ដែលកំពុងសិក្សា និងស្នាក់នៅក្នុងប្រទេសអ៊ីស្រាអែល បានបាត់បង់ជីវិត ក្នុងអំពើវាយប្រហារដោយក្រុមហាម៉ាស ដែលបាញ់គ្រាប់រ៉ុក្កែត ច្រើនពាន់គ្រាប់ និងធ្វើសកម្មភាពវាយលុកផ្លេកបន្ទោរចូលបំពានក្នុងទឹកដីអ៊ីស្រាអែល ក្នុងព្រឹត្តិការណ៍វាយប្រហារដ៏ភ្ញាក់ផ្អើលមួយ កាលពីទាបភ្លឺថ្ងៃសៅរ៍ទី៧ តុលា ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃអាទិត្យ ទី៨ តុលា ឆ្នាំ២០២៣, ការវាយប្រហាររបស់ក្រុមហាម៉ាស បានសម្លាប់មនុស្សប្រមាណ៧០០នាក់ ក្នុងប្រទេសអ៊ីស្រាអែល និងមានមនុស្សច្រើនពាន់នាក់បានរងរបួស…ចំណែកការវាយប្រហារសងសឹករបស់អ៊ីស្រាអែលដាក់មកលើតំបន់ហ្គាហ្សាស្ទ្រីបវិញ បានធ្វើឱ្យមានមនុស្សស្លាប់ជាង៤០០នាក់ និងច្រើនពាន់នាក់បានរងរបួស។ រដ្ឋាភិបាលអ៊ីស្រាអែល បានប្រកាសការធ្វើសង្គ្រាមដាក់លើតំបន់ហ្គាហ្សា នៃទឹកដីប៉ាឡេស្ទីន ទំហំ៣៦៥គីឡូម៉ែត្រក្រឡា ដែលមានពលរដ្ឋរស់នៅជាង២លាននាក់។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាថ្ងៃទី៨តុលា បានសម្តែងក្តីសោកស្តាយចំពោះហេតុការណ៍វាយប្រហារគ្នានោះ និងកម្ពុជា «សូមអំពាវនាវឱ្យភាគីគ្រប់ទាំងអស់ អនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងស្វែងរកមធ្យោបាយនានា ដើម្បីកាត់បន្ថយអំពើហិង្សា និងឆ្ពោះទៅរកបទឈប់បាញ់ ដោយផ្តោតលើអាទិភាពការពារអាយុជីវិតជនស៊ីវិល និងការគោរពខ្ជាប់ខ្ជួននូវច្បាប់មនុស្សធម៌អន្តរជាតិ»។ សេចក្តីថ្លែងការណ៍កម្ពុជាដដែល បាន «ទទួចឱ្យសហគមន៍អន្តរជាតិបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដង ដើម្បីសម្របសម្រួលកិច្ចសន្ទនា និងកិច្ចចរចាប្រកបដោយអត្ថន័យឆ្ពោះទៅរកសន្តិភាព ស្ថិរភាព ប្រកបដោយយុត្តិធម៌»។
-
ព្រះមហាក្សត្រធ្វើព្រះរាជសារថ្វាយរំលែកទុក្ខក្រុមគ្រួសារដែលមានកូនប្រុសបាត់បង់ជីវិត នៅអ៊ីស្រាអែល (Video Inside)

ព្រះមហាក្សត្រខ្មែរបានមានព្រះរាជបន្ទូលសម្តែងក្តីសោកស្តាយការបាត់ជីវិតនិស្សិតខ្មែរ លោក ចាន់ ឧត្តម ក្នុងហេតុការណ៍ដែលមានការវាយប្រហារគ្នានៅប្រទេសអ៊ីស្រាអែល។ ព្រះរាជសារថ្ងៃទី៩ តុលា ឆ្នាំ២០២៣ ដែលបញ្ជាក់នូវព្រះរាជបន្ទូលសោកស្តាយ បានធ្វើទៅកាន់ក្រុមគ្រួសាររបស់លោក ចាន់ ឧត្តម ដើម្បីការចូលរួមរំលែកមរណទុក្ខ។ ព្រះអង្គបានមានព្រះរាជបន្ទូលបញ្ជាក់ក្នុងសារលិខិតថា «ខ្ញុំមានសេចក្តីសោកស្តាយជាពន់ពេក ដោយទទួលបានដំណឹងដ៏ក្រៀមក្រំថា លោក ចាន់ ឧត្តម ដែលត្រូវជាកូនប្រុសបង្កើត របស់លោក លោកស្រី និងជានិស្សិតនៅសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បានទទួលមរណភាព ក្នុងអាយុ២៤ឆ្នាំ ដោយសារហេតុការណ៍ប្រយុទ្ធរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស នៅថ្ងៃសៅរ៍ ទី៧ តុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលលោកស្នាក់នៅ និងបន្តការសិក្សា នៅប្រទេសអ៊ីស្រាអែល»។ ព្រះអង្គបានមានបន្ទូលបន្តក្នុងព្រះរាជសារទៀតថា «ខ្ញុំសូមសម្តែងក្តីសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោក លោកស្រី និងក្រុមគ្រួសារ នៃសព ចំពោះការបាត់បង់លោក ចាន់ ឧត្តម ដែលជាការបាត់បង់នូវធនធាននិស្សិតផ្នែកកសិកម្មមួយរូប ដើម្បីនាំយកនូវចំណេះដឹងមកចូលរួមបំរើជាតិមាតុភូមិ»។ ព្រះរាជសារបានបញ្ជាក់ចុងក្រោយថា «សូមវិញ្ញាណក្ខ័ន្ធលោក ចាន់ ឧត្តម អញ្ជើញទៅកាន់សុគតិភពកុំបីខាន»។
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២ពាន់ ២២២ករណី (Video Inside)

ការឆ្លងជំងឺកូវីដ១៩ នៅអាស៊ានក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានចំនួន ២ពាន់ ២២២ករណី ដែលបានកើនឡើងច្រើនដល់ ២ពាន់ ១៩៤ករណី ប្រើប្រៀបធៀបនឹងម្សិលមិញ។ ការឆ្លងនៅថ្ងៃនេះបានកើតលើប្រទេសចំនួន ៤នៅអាស៊ាន ប៉ុន្តែគ្រាន់តែប្រទេសសឹង្ហបុរីមួយ មានការឆ្លងច្រើនរហូតដល់ ២ពាន់ ១៨៧ករណី។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសទាំង៤នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសវៀតណាម, មីយ៉ាន់ម៉ា, ឡាវ និងប្រទេសសឹង្ហបុរី។ ប្រទេសឡាវ មានការឆ្លង ៣ករណី តិចជាងក្នុងចំណោមប្រទេសទាំង ៤។ ប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៤០ម៉ឺន ៨ពាន់ ៩៣៥ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨៣២នាក់ ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៦លានករណី, និងការស្លាប់មានជាង ៦លាន ៩១ម៉ឺននាក់៕
-
ភ្លៀងបន្តធ្លាក់ក្នុងសប្តាហ៍នេះ (Video Inside)

បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នឹងកើតមានឡើងក្នុងសប្ដាហ៍នេះ ខណៈកម្ពុជាបានទទួលរងនូវទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធ សម្ពាធទាប (ITCZ) អូសបន្លាយលើ ប៉ែកខាងក្រោមនៃអាងមេគង្គ ថៃ ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់មធ្យម។ ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ “Koinu” បាននិងកំពុងបន្ត ដំណើរឆ្ពោះមកទិសខាងលិច ហើយនឹងទៅដល់កោះហុងកុងនៅថ្ងៃទី៨ ខែតុលា មុននឹងរលាយអស់ឥទ្ធិពល។ ព្យុះនេះត្រូវគេរាយការណ៍ថា ពុំមានឥទ្ធិពលមកដល់កម្ពុជាទេ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម រវាងពីនៅថ្ងៃទី៦ រហូតដល់ថ្ងៃទី៨ ខែតុលា នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់ លើផ្ទៃដីពី ៤០-៦០ភាគរយផងដែរ។
-
ខេត្តមណ្ឌលគិរីរៀបចំតុបតែងបង្កើនសោភ័ណភាព (Video Inside)

ខេត្តមណ្ឌលគិរីបានរៀបចំតុបតែងបង្កើនសោភ័ណភាពទីក្រុងសែនមនោរម្យរបស់ខ្លួន ខណៈខេត្តនៃភាគឥសាន្តនេះ កំពុងក្លាយជាចំណុចចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការតុបតែងបង្កើនសោភ័ណភាពក្នុងទីរួមខេត្តមណ្ឌលគិរីនេះផងទៀត បានធ្វើឡើងក្នុងរង្វង់ពេលដែលកម្ពុជានឹងត្រូវមានព្រឹត្តិការណ៍បុណ្យប្រពៃណីជាតិធំៗមួយចំនួន ដែលនឹងមកដល់ជាបន្តបន្ទាប់។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ទេសចរណ៍ជាតិកូរ៉េខាងត្បូង សម្រុកមកទស្សនាខេត្តសៀមរាប (Video Inside)

ក្រុមភ្ញៀវទេសចរណ៍កូរ៉េខាងត្បូងចំនួន ៤០៣នាក់ បានធ្វើដំណើរមកដល់ខេត្តសៀមរាប និងជាដំណើរក្រុមដ៏ធំលើកដំបូងមួយតាមជើងហោះហើរសាកល្បងចុះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានធ្វើតេស្តសាកល្បងជាលើកដំបូង នូវជើងហោះហើរចំនួន៣ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។ ទេសចរណ៍កូរ៉េខាងត្បូងទាំងនេះ បានធ្វើដំណើរតាមរយៈក្រុមហ៊ុនទេសចរណ៍ Tour Fresh។ ក្រុមហ៊ុនទេសចរណ៍ Tour Fresh បញ្ជាក់ថា សម្រាប់ជំហានដំបូងនេះភ្ញៀវទេសចរណ៍ ជនជាតិកូរ៉េនឹងមកទស្សនានូវភាពស្រស់ស្អាត នៃធម្មជាតិ ក្នុងខេត្តសៀមរាប ជាពិសេសប្រាសាទបុរាណរបស់កម្ពុជា។ ក្រុមហ៊ុន Tour Fresh បាននិយាយថាចំនួនភ្ញៀវទេសចរណ៍ ពីកូរ៉េខាងត្បូង នឹងមានចំនួនប្រមាណ ១ពាន់ ២០០នាក់ ប៉ុន្តែដោយសារការរៀបចំនៅពុំទាន់មានភាពរលូន ទើបធ្វើការរៀបចំជាជំហានៗ ទើបបានជាង ៤០០នាក់។ របាយការណ៍របស់អាកាសយានដ្ឋានអន្តរជាតិសៀមរាប សម្រាប់រយៈពេល ៧ថ្ងៃចុងក្រោយ គឺចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលានេះ ចំនួនអ្នកដំណើរមកពីបរទេស ចូលមកកាន់ខេត្តសៀមរាប ក្នុងមួយថ្ងៃមានជាង ១ពាន់ ១០០នាក់ និងមានជើងហោះហើរមកពីបរទេសជាមធ្យម ១៣ជើង ក្នុងមួយថ្ងៃ។