-
ក្រសួងសុខាភិបាលប្រកាសចាក់វ៉ាក់សាំងមហារីកមាត់ស្បូនដោយឥតគិតថ្លៃ (Video Inside)

ក្រសួងសុខាភិបាល បានប្រកាសការចាក់វ៉ាក់សាំងមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចាប់ផ្តើមពីកុមារីអាយុ ៩ឆ្នាំឡើងទៅ។ ជំងឺមហារីកមាត់ស្បូន ជាជំងឺមួយដែលគេអាចការពារបានតាមរយៈការចាក់ថ្នាំបង្ការ។ ជម្ងឺមហារីកមាត់ស្បូននេះ ក៏ជាជម្ងឺអាចធ្វើឱ្យស្ត្រីបាត់បង់ជីវិតផងដែរ បើសិនជាគ្មានការចាក់បង្ការការពារ។ នៅកម្ពុជា ជំងឺមហារីកមាត់ស្បូន គឺជាជម្ងឺមួយដែលធ្លាប់បានកើតទៅលើស្រ្តីគ្រប់វ័យ។ យោងតាមរបាយការណ៍ របស់អង្គការសុខភាពពិភពលោកឆ្នាំ២០២០, ជំងឺមហារីកមាត់ស្បូនធ្លាប់បានសម្លាប់ស្ត្រីចំនួន៦៤៣នាក់។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យ ឈាង រ៉ា ក្នុងពិធីប្រកាសផ្សព្វផ្សាយ ស្តីពីការដាក់បញ្ចូលថ្នាំបង្ការជម្ងឺមហារីកមាត់ស្បូននាថ្ងៃទី៥តុលា បានបញ្ជាក់យ៉ាងនេះ។ វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន គឺជាវ៉ាក់សាំងមួយដែលមានតម្លៃខ្ពស់ដែលស្ត្រីម្នាក់ៗ ធ្លាប់បានចាក់កន្លងត្រូវចំណាយមួយម្ជុលពីរវាង ៩០ដល់ ៣០០ដុល្លារ។ ប៉ុន្តែគោលនយោបាយ របស់រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត, ការចាក់វ៉ាក់សាំង បង្ការលើកុមារីអាយុ ៩ឆ្នាំឡើងទៅ គឺជាការចាក់ដែលមិនយកប្រាក់កម្រៃឡើយ។ យោងតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការពង្រឹងវិស័យសុខាភិបាល គឹជាអាទិភាពទី៣ បន្ទាប់ពីការពង្រឹងវិស័យសាធារណៈ និងវិស័យអប់រំ។
-
សម្តេចធិបតីពង្រឹងការបណ្តុះបណ្តាលមូលដ្ឋានថ្នាក់មតេយ្យដល់ថ្នាក់ទី១២ (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញការពង្រឹងបណ្តុះបណ្តាលមូលដ្ឋាន ពីថ្នាក់មតេយ្យរហូតដល់ថ្នាក់ទី១២ ជាមួយការចាត់ទុកថាជា «ចំណុចគន្លឹះនៃវិស័យអប់រំ»។ វិស័យអប់រំ គឺជាវិធានការគន្លឹះទី២ នៃយុទ្ធសាស្ត្របញ្ចកោណទាំង៥ ដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ចាប់តាំងពីបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី តាំងពីថ្ងៃទី ២២ សីហា ឆ្នាំ២០២៣។ អប្សរាណិតរាយការណ៍
-
ព្រះមហាក្សត្រយាងចូលរួមទិវារំលឹកខួប៣០ឆ្នាំការប្រកាសរដ្ឋធម្មនុញ្ញ (Video Inside)

ទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ គ្រោងនឹងប្រព្រឹត្តទៅវេលាថ្ងៃទី៦តុលានេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាក្សត្រខ្មែរ។ ទិវារដ្ឋធម្មនុញ្ញរបស់កម្ពុជា តែងប្រារព្ធធ្វើជាប្រចាំឆ្នាំនៅថ្ងៃទី២៤កញ្ញា ខណៈប្រមាណ៣០ឆ្នាំ មុននេះគឺនៅថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមរតនកោដ្ឋ បានឡាយព្រះហស្ថលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់កំពូល របស់ជាតិនេះជាជាផ្លូវការ បន្ទាប់ពីការបោះឆ្នោតសកលលើកដំបូង បានប្រព្រឹត្តទៅក្រោមការរៀបចំរបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែក្នុងឆ្នាំ២០២៣នេះ, ក្រុមប្រឹក្សាធម្មនុញ្ញដែលបានរៀបចំពិធី បានបញ្ជាក់ថា អាស្រ័យ «ដោយមានសំណូមពរជាក់ស្តែង, ព្រះរាជពិធីនេះត្រូវបានពន្យារពេលមកប្រារព្ធធ្វើនៅថ្ងៃទី៦ តុលា ឆ្នាំ២០២៣ នាសាលសន្និសីទកោះពេជ្រ»។ រដ្ឋធម្មនុញ្ញអាយុ៣០ឆ្នាំរបស់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺជារដ្ឋធម្មនុញ្ញ ដែលមានអាយុវែងជាងគេបង្អស់ ក្នុងចំណោមរដ្ឋធម្មនុញ្ញទាំង៦ ដែលកម្ពុជាធ្លាប់បានអនុវត្ត។
-
២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២៩ករណី (Video Inside)

មានប្រទេសនៅអាស៊ានតែ ៣ប៉ុណ្ណោះ ដែលមានឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ការឆ្លងកូវីដ១៩ នៅអាស៊ាននៅថ្ងៃនេះ មាន២៩ករណី ដែលថយចុះចំនួន ៩៦ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។ ប្រទេសទាំង៣ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសវៀតណាម, ម៉ាឡេស៊ី និងប្រទេសឡាវ។ ប្រទេសវៀតណាម មានការឆ្លងចំនួន ២៣ករណី ច្រើនជាងគេ ខណៈប្រទេសឡាវ មានការឆ្លងចំនួន ១ករណី តិចជាងក្នុងចំណោមប្រទេសទាំង ៣។ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។ គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៣៩ម៉ឺន ៣ពាន់ ៥៧២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៨៣២នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៦លានករណី, និងការស្លាប់មានជាង ៦លាន ៩២ម៉ឺននាក់៕
-
អាជ្ញាធរចាត់វិធានការបញ្ចៀសជំនន់ទឹកភ្លៀង ចូលក្នុងតំបន់ប្រាសាទបុរាណខេត្តសៀមរាប (Video Inside)

អាជ្ញាធរជាតិអប្សរាកំពុងរកមធ្យោបាយបញ្ចៀសទឹក មិនឱ្យជន់លិចតំបន់ប្រាសាទ ខណៈដែលជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២៣នេះ ត្រូវបានគេបារម្ភថានឹងអាចប៉ះពាល់ដល់ប្រាសាទបុរាណខ្មែរ បើសិនជាមិនមានវិធានការណ៍ត្រៀមទប់ទល់ជាមុននោះទេ។ សេចក្តីរាយការណ៍បានបង្ហាញថាដើម្បីបង្ការបញ្ហាជន់លិចតំបន់ប្រាសាទបុរាណខ្មែរនោះ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានណែនាំឱ្យមន្រ្តីក្រោមបង្គាប់ ត្រូវត្រៀមបើកទ្វារទឹក និងត្រៀមបញ្ចៀសឱ្យបានទាន់ពេលវេលា។ យោងតាមប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ លោក ភឿន សុឃីម គិតត្រឹមថ្ងៃទី៤ ខែតុលានេះ ស្ថានភាពទឹកនៅតំបន់រមណីយដ្ឋានអង្គរ កំពុងហក់ឡើងខ្លាំង ប៉ុន្តែទឹកមិនទាន់បានហៀរហូរចូលក្នុងតំបន់ប្រាសាទបុរាណខ្មែរឡើយ។ លោក ភឿន សុឃីម បានថ្លែងថា ទឹកទាំងនោះត្រូវបានបញ្ចៀសទៅតាមទ្វារទឹកសំខាន់ៗ ដូចជានៅ អូរខ្លូត, អូររកា ដោយការទម្លាក់ទឹកទាំងនោះ ទៅស្ទឹងពួក, ស្ទឹងព្រះស្រុក និងទឹកជំនន់ខ្លះទៀត ត្រូវបានបញ្ចូលទៅតាមកសិន្ធុ និងបារាយណ៍ ក្នុងតំបន់រមណីយដ្ឋានអង្គរ។ អាជ្ញាធរជាតិអប្សរាត្រូវគេរាយការណ៍ថាអាចគ្រប់គ្រងស្ថានការណ៍ទឹកទាំងនេះបាន ដោយមិនបារម្ភពីការជន់លិចតំបន់ប្រាសាទ និងក្រុងសៀមរាបឡើយ ដោយសារសមត្ថភាពទ្វារទឹក ដែលបានសាងសង់ថ្មី និងស្ដារប្រព័ន្ធទឹកបុរាណមួយចំនួនធំឡើងវិញ បម្រើដល់ការងារគ្រប់គ្រងទឹកនេះ។ សេចក្តីរាយការណ៍បង្ហាញថាប្រសិនគ្មានភ្លៀងធ្លាក់២ទៅ៣ថ្ងៃខាងមុខនេះទេ ស្ថានភាពទឹកភ្លៀងនៅតំបន់រមណីយដ្ឋានអង្គរនឹងធូរស្រាលទៅវិញ។ មន្ត្រីក្រសួងកសិកម្មបានស្នើរកការយោគយល់ពីប្រជាពលរដ្ឋ ក្នុងកំឡុងពេលបើកទ្វារទឹកនេះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅក្បែរអូរ។
-
អភិបាលខេត្តព្រះសីហនុដាស់តឿនពលរដ្ឋក្នុងខេត្តប្រុងប្រយ័ត្នឥទ្ធិពលព្យុះទី១៤ (Video Inside)

អភិបាលខេត្តព្រះសីហនុ បានអំពាវនាវពលរដ្ឋក្នុងខេត្ត មិនត្រូវចេញនេសាទក្នុងសមុទ្ទឡើយ ខណៈដែលមានសេចក្តីរាយការណ៍ជុំវិញក្តីបារម្ភព្យុះទី១៤ កយនុយ Koinu ដែលមកពីក្នុងតំបន់ដែនមហាសមុទ្ទប៉ាស៊ីហ្វិក។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម ព្យុះទី១៤នេះ នឹងធ្វើដំណើរកាត់លើភាគខាងត្បូងកោះតៃវ៉ាន់ មុននឹងរលាយអស់ឥទ្ធិពលនៅពេលទៅដល់ភាគខាងកើតហុងកុងនៅថ្ងៃទី៨តុលា។ បើទោះបីជាក្រសួងធនធានទឹកបានព្យាករណ៍ថាព្យុះទី១៤ នោះ នឹងមិនមានឥទ្ធិពលមកដល់កម្ពុជាក៏ដោយ, អភិបាលខេត្តព្រះសីហនុ បានដាស់តឿនដល់ពលរដ្ឋមិនត្រូវចេញនេសាទ ក្នុងសមុទ្ទឡើយ។ លោកគួច ចំរើន បានដាក់បញ្ជាដល់សមត្ថកិច្ចក្រោមបង្គាប់ខេត្តទាំងអស់ ត្រូវត្រៀមលក្ខណៈជួយសង្គ្រោះពលរដ្ឋថែមទៀត បើសិនជាមានហេតុការណ៍គ្រោះថ្នាក់កើតឡើង។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម, កម្ពុជាក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ នៅតែបន្តរងឥទ្ធិពលប្រព័ន្ធសម្ពាធទាប ITCZ ដែលនឹងធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅបង្គួរ។ ការព្យាករណ៍បង្ហាញថា ឥទ្ធិពលប្រព័ន្ធសម្ពាធទាប ITCZ នឹងគ្របដណ្តប់លើជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ យោងតាមការព្យាករណ៍ដដែល រវាងថ្ងៃទី០៤ រហូតដល់ថ្ងៃទី០៦ ខែតុលា បណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដីពី៤០ទៅ៦០ ភាគរយ។
-
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរកីឡាករកម្ពុជា សាលី ហ្វីលីន (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរកីឡាករកម្ពុជា សាលី ហ្វីលីន ដែលបានឈ្នះមេដាយមាស ១ និងប្រាក់ ១ ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹក កម្រិតពិភពលោក នៅសហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតពិភពលោកឆ្នាំ២០២៣ជុំទី៣ ក្នុងរដ្ឋអារីហ្សូណា គឺជាព្រឹត្តិការណ៍មួយ ដែលចូលរួមដោយកីឡាករល្បីពិភពលោក មកពីគ្រប់ទ្វីប ក្នុងនោះរួមមានកម្ពុជាផងដែរ។ ព្រឹត្តិការណ៍ប្រណាំងងម៉ូតូទឹកនេះ មានរយៈពេល ៥ថ្ងៃ គឺនឹងបញ្ចប់នៅថ្ងៃទី៨តុលា។ លោក សាលី អ៊ូមើត បានដឹកនាំកីឡាករវ័យក្មេងកម្ពុជា ៨រូបចូលរួមប្រកួត ក្នុងនោះមាន ៥នាក់ ត្រូវចូលរួមប្រកួតដោយផ្ទាល់ និងកីឡាករថ្នាល៤រូបទៀត គឺចូលរួមរៀនសូត្រ និងដកស្រង់បទពិសោធន៍។ នៅក្នុងការប្រកួតថ្ងៃទី៤តុលា, កីឡាករ សាលី ហ្វីលីន របស់កម្ពុជា បានឈ្នះមេដាយ ២គ្រឿង គឺមេដាយមាស និងមេដាយប្រាក់ ដែលជាការផ្តល់មោទនភាពយ៉ាងខ្លាំង ចំពោះប្រទេសកម្ពុជា។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារអបអរសាទរ នៅលើបណ្ដាញសង្គមសរសេរថា «អបអរសាទរកីឡាករម៉ូតូទឹកកម្ពុជា សាលី ហ្វីលីន ដែលបានឈ្នះមេដាយមាស១ និងមេដាយប្រាក់១…
-
រដ្ឋបាលរាជធានីបញ្ជាក់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្រោមដី (Video Inside)

-
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញលិខិតណែនាំ ៧ចំណុចដល់អភិបាលខេត្តជាប់ព្រំដែន (Video Inside)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតណែនាំ ៧ចំណុចដល់អភិបាលខេត្តជាប់ព្រំដែន ត្រូវយកចិត្តទុកដាក់កត្តាសន្តិសុខ និងសណ្តាប់ធ្នាប់ ជាពិសេសការលុបបំបាត់អំពើអសកម្មនានា នៅតាមបណ្តោយព្រំដែន នៃប្រទេសកម្ពុជា។ កម្ពុជាមានព្រំដែនទឹក និងព្រំដែនគោក ជាប់ជាមួយនឹងប្រទេសបីក្បែរខាង គឺប្រទេសវៀតណាម, ឡាវ និងប្រទេសថៃ។ ព្រំដែនគោករបស់កម្ពុជា ត្រូវគេរាយការណ៍ថាមានប្រវែង ២ពាន់ ៥៧២គីឡូម៉ែត្រ ក្នុងនោះជាប់ជាមួយព្រំដែនគោកវៀតណាមប្រវែង ១ពាន់ ២២៨គីឡូម៉ែត្រ, ជាប់នឹងប្រទេសថៃប្រវែង ៨០៣គីឡូម៉ែត្រ និងជាប់ប្រទេសឡាវប្រវែង ៥៤១គីឡូម៉ែត្រ។ តើលិខិតណែនាំទាំង ៧ចំណុចត្រូវយកចិត្តទុកដាក់លើបញ្ហាតាមបណ្តោយព្រំដែន នៃប្រទេសទាំងបី បានផ្តោតលើអ្វីខ្លះ? អប្សរាណិតរាយការណ៍
-
ក្រសួងមហាផ្ទៃស្នើពិនិត្យលទ្ធភាពទេសចរថៃ ចូលកម្សាន្តកម្ពុជាដោយប្រើ Border Pass (Video Inside)

ក្រសួងមហាផ្ទៃ បានប្រាប់ក្រុមជំនាញធ្វើការសិក្សា ជុំវិញការបើកលទ្ធភាពឱ្យទេសចរថៃ អាចចូលមកកំសាន្តក្នុងទឹកដីកម្ពុជា ដោយមិនចាំបាច់ប្រើលិខិតឆ្លងដែនឡើយ ប៉ុន្តែអាចប្រើប្រាស់បានត្រឹមតែបណ្ណព្រំដែន Border Pass។ បច្ចុប្បន្នការប្រើប្រាស់ប័ណ្ណព្រំដែន ឬ Border Pass ត្រូវបានអនុវត្តហើយ ប៉ុន្តែការធ្វើដំណើរសម្រាប់អ្នកកាន់បណ្ណព្រំដែននោះ អាចមានសិទ្ធិចេញចូលត្រឹមខេត្តដែលជាប់ព្រំដែនតែប៉ុណ្ណោះ។ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៤ ខែតុលា ក្នុងឱកាសអញ្ជើញរួមពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត២ ជំនាន់ទី៤ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ លើកទី២ នៅបណ្ឌិត្យសភានគរបាលកម្ពុជា បានស្នើឱ្យពិនិត្យសិក្សាលើការប្រើប្រាស់ប័ណ្ណព្រំដែន ដោយផ្តល់លទ្ធភាពអាចចូលកំសាន្តនៅក្នុងប្រទេសកម្ពុជាបាន។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍, ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ ចំនួនភ្ញៀវទេសចរថៃមកកម្សាន្តនៅប្រទេសកម្ពុជា មានជាង១លាននាក់។ ចំនួននេះមានការកើនឡើង បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២២។