-
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញឫសគល់ និងស្ថានភាពពិតនៃជម្លោះព្រំដែន ការព្យាយាមអត់ធ្មត់ និងការប្រកាន់គោលជំហររបស់កម្ពុជា

ភ្នំពេញ៖ នៅចំពោះមុខភាពគឃ្លើននៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានបង្ហាញឫសគល់ និងស្ថានភាពពិតនៃជម្លោះព្រំដែន ការព្យាយាមអត់ធ្មត់ និងការប្រកាន់គោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ និងបានស្នើឱ្យភាគីមិត្ត ជួយអន្តរាគមន៍ទប់ស្កាត់ការពង្រីកជម្លោះ និងគោរពនិងអនុវត្តនូវបទឈប់បាញ់ដែលបានឯកភាពព្រមព្រៀងគ្នា ដើម្បីអាចវិលទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការបើកសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី១៦ ខែតុលាឆ្នាំ២០២៥។ ក្នុងឱកាសនេះផងដែរ ព្រឹទ្ធសភាបានសម្តែងនូវការដឹងគុណជូនវីរៈកងទ័ពជួរមុខដ៏អង់អាច ក្លាហានទាំងអស់ ដែលបានខិតខំតស៊ូការពារបូរណភាពទឹកដីជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ និងសូមថ្លែងនូវការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវីរភាពដឹកនាំប្រកបដោយភាពវៀងវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ គ្រប់គ្រងសភាពការណ៍ របស់ប្រទេសជាតិ និងតែងតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ ដោយឡែកក្នុងមុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សកម្មភាពការទូតសភាត្រូវបានបន្តពង្រីកកាន់តែសកម្មឡើង ដើម្បីរួមចំណែកដល់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំពង្រឹងការងារការទូត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែងរបស់កម្ពុជា តំបន់ និងពិភពលោក ក្នុងពេលដែលសភាពការណ៍តំបន់ និងពិភពលោកកំពុងមានភាពច្របូកច្របល់ខ្លាំង និងហានិភ័យខ្ពស់ ដែលកើតចេញពីការបន្តប្រកួតប្រជែងយុទ្ធសាស្រ្ត–ភូមិសាស្រ្តរបស់ប្រទេសមហាអំណាច ភាពតានតឹងនៃជម្លោះ ការរីកសាយនៃសង្គ្រាម ក្នុងតំបន់មួយចំនួននៅលើពិភពលោក និងជម្លោះព្រំដែនកម្ពុជា–ថៃ ដែលបង្កដោយភាគីថៃ៕ ដោយ៖ពលជ័យ
-
អ្នកនាំពាក្យ៖ សម្ដេចតេជោ ហ៊ុន សែន មិនបានបន្ទន់ជំហរទៅអង្វរថៃឱ្យបើកព្រំដែនជាមួយថៃនៅថ្ងៃទី២០ តុលា ដូចការចុះផ្សាយឡើយ

អ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធ បានច្រានចោលការលើកឡើងរបស់លោក Surasan Kongsiri អ្នកនាំពាក្យក្រសួងការពារជាតិថៃ ដែលបានថ្លែងនៅថ្ងៃនេះថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដាក់សម្ពាធឱ្យប្រទេសថៃបើកច្រកព្រំដែននៅថ្ងៃទី២០ តុលា ខាងមុខនេះ។ សូមបញ្ជាក់ ផងដែរថា កន្លងទៅ សម្ដេចតេជោ ធ្លាប់បានបញ្ជាក់ពីជំហររបស់សម្ដេច ជាបន្តបន្ទាប់ និងបានផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច កាលពីថ្ងៃទី២៣ កញ្ញា ២០២៥ កន្លងទៅថ្មីៗនេះទៀតថា “ ចាប់តាំងពីយោធាថៃបិទព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានសុំភាគីថៃបើកច្រកវិញទេ គ្រាន់តែប្រាប់ទៅភាគីថៃថា (ថៃជាអ្នកបិទ ថៃគឺជាអ្នកបើក មិនបាច់ចរចាជាមួយកម្ពុជាទេ ហើយកម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង ) “ ។ ជំហរកម្ពុជានេះ នឹងមិនផ្លាស់ប្តូរទេ ហើយកម្ពុជាក៏មិនធ្វើថោកទៅសុំឱ្យបើកច្រកព្រំដែននោះដែរ។ ថៃអាចបន្តបិទសូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ ដែរ “ ៕
-
បណ្ឌិត យង់ ពៅ៖ កុំរុញបញ្ហាឱ្យទៅជាការតានតឹងភូមិសាស្ត្រនយោបាយ

ភ្នំពេញ៖ បណ្ឌិត យង់ ពៅ បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ ថា ខ្ញុំសូមជូនជាទស្សនៈផ្ទាល់ខ្លួន ការបណ្ដោយឱ្យមានករណីឃាតកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង គឺជារឿងគួរឱ្យសោកស្ដាយមួយដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា ពោលគឺខេត្តកំពត។ នេះជារឿងដែលមិនអាចទទួលយកបានទេ ដែលរឿងនេះជាករណីឆរបោកជាសាកល ខណៈក្រុមឧក្រិដ្ឋជនបានយកប្រទេសកម្ពុជា ធ្វើជាទីតាំងប្រព្រឹត្តឧក្រិដ្ឋកម្ម ធ្វើឱ្យកម្ពុជាក្លាយទៅជារូបភាពនយោបាយនៃប្រទេសរងគ្រោះ ហើយត្រូវបានប្រទេសជាមិត្តរបស់កម្ពុជាមួយចំនួន បែរជាចង្អុលមុខមកកម្ពុជា ដែលហាក់ដូចជារឿងនេះកើតឡើងតែនៅប្រទេសកម្ពុជាតែមួយ។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវការទទួលខុសត្រូវចំពោះបញ្ហានេះ ហើយបានចាត់វិធានការជាហូរហែរ ដែលតាមខ្ញុំបានឃើញ គឺរាជរដ្ឋាភិបាលមានចំណាត់ការយ៉ាងសកម្ម ទៅលើបញ្ហានេះ ដើម្បីឆ្លើយតបយ៉ាងសមស្របចំពោះមុខ និងនៅក្នុងទំនួលខុសត្រូវក្នុងនាមជារដ្ឋាភិបាល។ បណ្ឌិត យង់ ពៅ បានបន្តថា ចំពោះករណីនេះ អ្នកវិភាគមួយចំនួន ក៏ដូចជាអ្នកបញ្ចេញមតិទស្សនៈសង្គមផ្សេងៗ មិនគួរប្រញាប់ប្រញាល់ពេកក្នុងការទាញភ្ជាប់កម្ពុជានឹងបណ្ដាញនេះ ឬបណ្ដាញនោះ នៃប្រទេសណាមួយនោះទេ។ គេមិនគួរទាញភ្ជាប់នាំឱ្យមានហេតុផល ដែលឈានទៅដល់ការតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសឬមហាអំណាចណាមួយនោះឡើយ ខណៈភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោកកំពុងតែមានភាពតានតឹងស្រាប់។ ម្យ៉ាងទៀត ខណៈដែលការស៊ើបអង្កេតនៅតែបន្ត ដើម្បីទទួលបានលទ្ធផលកាន់តែច្បាស់លាស់ជាងនេះ គេគួរតែទុកឱ្យអាជ្ញាធរ និងក្រសួងស្ថាប័នមានសមត្ថកិច្ច រាជរដ្ឋាភិបាល និងប្រទេសពាក់ព័ន្ធ (ក្នុងករណីមាន) ជាអ្នកបកស្រាយឱ្យបានច្បាស់លាស់តាមគោលការណ៍ច្បាប់ ការទូត និងគោលការណ៍អន្តរជាតិ។ មិនគួរមានការបកស្រាយដោយផ្អែកលើទស្សនៈបុគ្គល ដែលនាំទៅដល់ការភ័ន្តច្រឡំ…
-
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនជម្រាបជូនប្រធានរដ្ឋសភាជប៉ុននូវជំហររដ្ឋាភិបាលកម្ពុជាក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព និងចង់បានព្រំដែនមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយប្រទេសជិតខាង

ភ្នំពេញ៖ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានជម្រាបជូនឯកឧត្តម NUKAGA Fukushiro ប្រធានរដ្ឋសភាជប៉ុន នូវជំហររដ្ឋាភិបាលកម្ពុជាក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព និងចង់បានព្រំដែនមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយប្រទេសជិតខាង សារៈសំខាន់នៃការធានាការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធិភាពលើលក្ខខ័ណ្ឌបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ និងបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ រួមទាំងប្រទេសជប៉ុន បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរក្សាសន្តិភាព បង្កើនស្ថិរភាពតំបន់ និងគោរពតាមគោលការណ៍នៃសហប្រតិបត្តិការអន្តរជាតិ។ ការជម្រាបជូនអំពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នៅក្នុងឱកាសឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលជួបសម្តែងការគួរសម និងជម្រាបលា ឯកឧត្តម NUKAGA Fukushiro ប្រធានរដ្ឋសភាជប៉ុន នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តមឯកអគ្គរាជទូត បានលើកឡើងនូវចំណុចសំខាន់ៗ ដូចជា ១) បានសម្តែងការអបអរសាទរយ៉ាងក្លៀវក្លាដល់រដ្ឋាភិបាលជប៉ុនចំពោះជោគជ័យដ៏ធំធេង ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកឆ្នាំ២០២៥ នៅទីក្រុងអូសាកា ២)បានសម្តែងការអបអរសាទរខួបលើកទី៦០ នៃការបញ្ជូនអ្នកស្ម័គ្រចិត្តជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការក្រៅប្រទេស ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ សាមគ្គីភាពអន្តរជាតិ និងការចូលរួមចំណែកដ៏មានអត្តន័យចំពោះការអភិវឌ្ឍប្រកបដោយចិរភាពនៅទូទាំងពិភពលោក ៣)បានរំលឹកឡើងវិញនូវទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ដែលត្រូវបានដំឡើងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ២០២៣ ដែលជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់ប្រទេសទាំំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរលង់…
-
កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ត្រូវបានលើកទៅពេលក្រោយ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ៖ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា–ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានលើកទៅពេលក្រោយ តាមការស្នើសុំរបស់ភាគីថៃ និងជំនួសវិញដោយជំនួបជាមួយក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា–ថៃ (RBC) វិញ នៅថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៥។ យោធភូមិភាគទី៤កម្ពុជា នឹងបន្តសម្របសម្រួលជាមួយភាគីថៃក្នុងការរៀបចំកិច្ចប្រជុំខាងលើឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការបន្តអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕ ដោយ៖ពលជ័យ
-
លោក Sunai Phasuk ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំ ប្រទេសថៃ ទទួលស្គាល់ថា ការប្រើប្រាស់សំឡេងរំខានដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលទង្វើទាំងនេះជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានអោយដឹងថា ក្រោយពី គ.ស.ម.ក. បានដាក់ញ្ញត្តិបន្ទាន់ទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លើករណីការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ លោក Sunai Phasuk ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសថៃ គឺជាបុគ្គលទី៣ បន្ទាប់ពីលោកជំទាវ Angkhana Neelapaijit សមាជិកព្រឹទ្ធសភាប្រទេសថៃ និងឧត្តមមន្ត្រីនៃការិយាល័យមហាអយ្យការ ដែលបានទទួលស្គាល់ថា ទង្វើទាំងនេះជាការរំលោភសិទ្ធិ មនុស្សយ៉ាងធ្ងន់ធ្ងរ ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែល ឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT)។ ការណ៍នេះ បានធ្វើឱ្យប្រទេសថៃរងភាពអាម៉ាសលើ ឆាកអន្តរជាតិ ចំពោះសកម្មភាពរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ គ.ស.ម.ក. សូមដកស្រង់ខ្លឹមសារ ដូចខាងក្រោមនេះ៖ លោក Sunai Phasuk បានលើកឡើងថា “ការប្រើប្រាស់ធុងបាស់ ក្នុងការបន្លឺសំឡេងកណ្ដឹង និង យន្តហោះ ដោយបុគ្គលឈ្មោះ កាន់ ចម ផាលាំង (Kan Jom Phalang) គឺជាប្រតិបត្តិការខាងផ្លូវចិត្ត ដែលពាក់ព័ន្ធនឹងសំឡេង ក្នុងការធ្វើទារុណកម្មរំលោភសិទ្ធិមនុស្ស ច្បាប់អន្តរជាតិ (ជាពិសេសអនុសញ្ញា ប្រឆាំងទារុណកម្ម) និងច្បាប់របស់ប្រទេសថៃ។ គោលបំណងចម្បង គឺការបង្កើនសំឡេងឆ្លងកាត់បន្លាលួស ឆ្ពោះទៅសហគមន៍ប្រជាជនកម្ពុជា ក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ដែលជាការរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយញុះញ៉ង់ គំរាម កំហែង និងការបង្កើតភាពភ័យខ្លាចដល់ប្រជាជនកម្ពុជា។ ការយករថយន្តដែលបំពាក់ដោយគ្រឿងបំពងសំឡេងទៅចតនៅក្នុងតំបន់ច្បាប់អាជ្ញាសឹក ជាកន្លែង ដែលគ្មានអ្នកណាចូលបានតាមអំពើចិត្ត ជាពិសេសនៅពេលយប់ ទោះបីជាអ្នកប្រព្រឹត្តមិនមែនជាអ្នកមានតួនាទីក៏ដោយ ហេតុអ្វីបានជាកងទ័ពមិនរារាំង នៅធ្វើមិនដឹងមិនឮបែបនេះ? ដោយ៖ពលជ័យ
-
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ មហោស្រពភាពយន្តខ្នាតខ្លីចតុមុខបានរួមចំណែកអភិវឌ្ឍវិស័យសិល្បៈភាពយន្ត និងលើកកម្ពស់សេរីភាពបញ្ចេញមតិនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានចាត់ទុកមហោស្រពភាពយន្តខ្នាតខ្លីចតុមុខ បានរួមចំណែកអភិវឌ្ឍវិស័យភាពយន្ត ព្រមទាំងចូលរួមលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិ និងការផ្សព្វផ្សាយនៅកម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីមហោស្រពភាពយន្តខ្នាតខ្លីចតុមុខ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅរោងភាពយន្ត Fable ឯកឧត្តម ទេព អស្នារិទ្ធ តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា មហោស្រពភាពយន្តខ្នាតខ្លីអនុញ្ញាត និងបង្កឱកាសដល់ដៃគូ ភាគីពាក់ព័ន្ធ ពិសេសអ្នកមានចំណូលចិត្តស្រលាញ់ផ្នែកផលិតកម្មភាពយន្តមកជួបគ្នា ហើយប្រើប្រាស់ទម្រង់សិល្បៈភាពយន្តខ្នាតខ្លីនេះជាមធ្យោបាយសម្រាប់ការបញ្ចេញមតិយ៉ាងទូលំទូលាយ ដើម្បីឆ្លុះបញ្ចាំងទិដ្ឋភាពនានាក្នុងសង្គម តាមរយៈការលើកយកប្រធានបទតថភាពពិតក្នុងសង្គម ហើយផលិតជាខ្សែសាច់រឿងខ្លីៗ សម្រាប់ការប្រកួតប្រជែង និងការចូលរួមបង្ហាញដល់សាធារណជនជាតិ និងអន្តរជាតិ។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ បានផ្តល់ឱកាសដល់យុវជនក្នុងការបញ្ចេញគំនិត ទស្សនៈ ទេពកោសល្យ និងការប្រើប្រាស់បច្ចេកទេសចម្រុះ រួមចំណែកលើកកម្ពស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការផ្សព្វផ្សាយ ស្របតាមសេចក្តីត្រូវការក្នុងយុគសម័យឌីជីថល និងការវិវត្តសង្គម។ ក្នុងឱកាសនោះដែរ ឯកឧត្តមបានថ្លែងកោតសរសើរដល់ការរៀបចំឱ្យមានមហោស្រពនេះឡើង ជាមួយនឹងសមិទ្ធផលជាច្រើនអស់រយៈពេល១៣ឆ្នាំកន្លងទៅ ដែលបានប្រមូលស្នាដៃប្រមាណជិត១ពាន់ចំណងជើង ក្នុងនោះមានមកពីកម្ពុជាផ្ទាល់ និងប្រទេសនានាលើពិភពលោក ហើយការវិវត្តចូលឆ្នាំទី១៤របស់មហោស្រពមួយនេះ បាននិងកំពុងទាក់ទាញការចូលរួមពីសំណាក់ផលិតករកម្ពុជា ពិសេសក្នុងចំណោមយុវវ័យ…
-
ទីភ្នាក់ងារ JICA និងកម្ពុជា ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមបណ្ឌិត Tanaka Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមបណ្ឌិត Tanaka Akihiko បានកត់សម្គាល់ការរីកចម្រើនយ៉ាងច្រើនរបស់កម្ពុជា ព្រោះឯកឧត្តមបណ្ឌិតធ្លាប់បានបំពេញទស្សនកិច្ចការងារនៅកម្ពុជា កាលពី១០ឆ្នាំមុន ។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់អំពីការបន្តគាំទ្ររបស់ទីភ្នាក់ងារ JICA ចំពោះកិច្ចសហប្រតិបត្តិការជាច្រើន មានជាអាទិ៍៖ ការបោសសម្អាតមីន, និងការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ឯកឧត្តមបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះអង្គភាព CMAC របស់កម្ពុជា ដែលបានផ្តល់វគ្គបណ្តុះបណ្តាលបោសសម្អាតមីនមនុស្សធម៌ ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នរបស់ប្រទេសអ៊ុយក្រែន។ ឯកឧត្តមបណ្ឌិតបានថ្លែងបន្ថែមអំពីការផ្តល់ឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ និងគម្រោងពង្រីកប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនីក្នុងរាជធានីភ្នំពេញ (ដំណាក់កាលទី៣) ដោយគម្រោងទាំងនេះនឹងត្រូវចុះហត្ថលេខានារសៀលថ្ងៃនេះ។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងបានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ជប៉ុន ក្នុងការកសាងសុខសន្តិភាពនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រហូតមកដល់សព្វថ្ងៃនេះ។ សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និងជប៉ុន បានឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជឿជាក់ថា…
-
UN Women កោតសរសើរ និងវាយតម្លៃខ្ពស់ការសម្រេចបានលទ្ធផលជាទីមោទនៈ ក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា

នៅក្នុងឱកាសចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោក ក្នុងទីក្រុងប៉េកំាង ប្រទេសចិន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកស្រី គ្រីស្ទីន អារ៉ាប់ (Christine Arab) ប្រធានប្រចាំតំបន់ របស់អង្គការសហប្រជាជាតិសម្រាប់ស្រ្តី (UN Women) សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិកនៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ UN Women នៅកម្ពុជា ក៏ដូចជាក្នុងតំបន់ ដែលបានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មជំរុញ និងលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រីនិងកុមារី ហើយសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ សម្តេចក៏បានអរគុណចំពោះការគាំទ្រ និងភាពជាដៃគូសហការដ៏ល្អជាមួយកម្ពុជាតាំងពីដើមរៀងមក និងសង្ឃឹមថា UN Women នឹងបន្តចូលរួមជួយគាំទ្រដល់កម្ពុជាបន្ថែមទៀត ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តី នៅកម្ពុជា។ ក្នុងរយៈពេល៣០ឆ្នាំមកនេះ កម្ពុជាបានទទួលជោគជ័យយ៉ាងច្រើនក្នុងការអនុវត្តសេចក្តីប្រកាស និងផែនការសកម្មភាពទីក្រុងប៉េកាំង ដែលបានអនុម័តនៅទីក្រុងប៉េកាំងកាលពីឆ្នាំ១៩៩៥ លើកិច្ចការងារជំរុញ និងធានាសមភាពយេនឌ័រ ជាពិសេសក្នុងវិស័យអប់រំ សង្គម សេដ្ឋកិច្ច សុខាភិបាលជាដើម។ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនលោកស្រី គ្រីស្ទីន អារ៉ាប់ ថានៅកម្ពុជាស្ត្រីជាប្រភពធនធានដ៏សំខាន់នៃផលិតភាព…
-
ការអត់ធ្មត់ក្នុងយុទ្ធសាស្ត្រមិនមែនជាការខ្លាចចុះចាញ់សត្រូវទេ តែដើម្បីកសាងប្រៀបឈ្នះនៅពេលដែលពេលវេលាមកដល់!

នៅក្នុងជម្លោះព្រំដែនជាមួយថៃប៉ុន្មានខែមកនេះ ជាពិសេសចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញការអត់ធ្មត់ខ្ពស់បំផុតនៅចំពោះមុខភាពគឃ្លើនក្នុងការរំលោភបំពានបទឈប់បាញ់ពីសំណាក់ភាគីថៃ។ មានមតិមួយចំនួនដែលអន្ទះសារចង់ឃើញរាជរដ្ឋាភិបាលតបតជាមួយ ថៃវិញឱ្យសមនឹងទង្វើរបស់ពួកគេនោះ បានស្តីបន្ទោសរាជរដ្ឋាភិបាលពិសេសប្រមុខដឹកនាំទាំងពីរគឺលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែតថាហេតុអ្វីត្រូវនៅស្ងៀមហើយអនុញ្ញាតឱ្យថៃធ្វើបែបនេះ? ពិតណាស់ ខ្ញុំផ្ទាល់ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅសុទ្ធតែមានអារម្មណ៍អន្ទះសារបែបនេះដូចគ្នាក្នុងនាមជាខ្មែរដែលឈឺចាប់ចំពោះភាពគឃ្លើនរបស់ពួកឈ្លានពានសៀមដែលពោរពេញទៅដោយ ពុតត្បុត ក្រឡិចក្រឡុច និងហួងហែងគ្មានការអៀនខ្មាស។ យើងក៏ជឿជាក់ដែរថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលក៏ពិតជាមានការឈឺចាប់ហើយឈឺចាប់លើសពីពួកយើងទៅទៀត។ ប៉ុន្តែអ្វីដែលយើងត្រូវដឹងគឺ ថ្នាក់ដឹកនាំប្រទេសត្រូវគិតគូរគ្រប់ជ្រុងជ្រោយ និងមើលឃើញវែងឆ្ងាយជាងយើងឆ្ងាយណាស់។ តាមការសិក្សានិងស្រាវជ្រាវរបស់ខ្ញុំខ្លះៗអំពីក្បួនពិជ័យសង្គ្រាម មេទ័ពដែលខ្លាំងនិងឆ្លាតវៃគឺអាស្រ័យ ទៅលើយុទ្ធសាស្ត្រ ហើយស្គាល់ច្បាស់អំពីកម្លាំងខ្លួនឯងនិងកម្លាំងសត្រូវ និងចេះប្រើប្រាស់ពេលវេលាបានត្រឹមត្រូវ ពោលគឺត្រូវដឹងថា តើពេលណាត្រូវធ្វើអ្វីព្រោះ «ពេលវេលាគឺជាអាវុធ យុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុត»។ ពិតណាស់ ចំនួនកងទ័ពច្រើន និងសព្វាវុធទំនើបហើយសម្បូរបែបគឺជាអំណោយផលមួយនៅក្នុងសង្គ្រាម ប៉ុន្តែវាមិនមែនជាកត្តាកំណត់ពីជោគជ័យនោះទេ។ ជួនកាល អ្នកមានគ្នាតិច កងទ័ពខ្សោយ និងសព្វាវុធតិចហើយមិនសូវទំនើប ប៉ុន្តែបើមានមេទ័ពខ្លាំង ឆ្លាត និងក្តាប់បានសភាពការណ៍ច្បាស់លាស់ ជ័យជំនះនៅរង់ចាំអ្នកនោះទៅវិញទេ។ ងាកមកមើលជម្លោះកម្ពុជាថៃវិញ ភាពអត់ធ្មត់របស់កម្ពុជាគឺជារឿងត្រឹមត្រូវ ពីព្រោះក្នុងទ្រឹស្តីសង្គ្រាម អ្នកដែលតាំងខ្លួនថាខ្លាំងតែងតែអួតក្អេងក្អាងដើម្បីបំបាក់ស្មារតីគូបដិបក្ខ ប៉ុន្តែក្នុងស្ថានភាពខ្លះ អំនួតគឺជាប្រភពនៃបរាជ័យខណៈដែលជោគជ័យ នៅទីបំផុតធ្លាក់ទៅលើដៃអ្នកស្ងៀមស្ងាត់ទៅវិញទេ។ នេះគឺជាយុទ្ធសាស្ត្រដែលថ្នាក់ដឹកនាំកម្ពុជាកំពុងប្រកាន់យក។ អ្វីដែលគួរឱ្យកត់សម្គាល់ការអត់ធ្មត់ មាននៅលើផ្នែកយោធា ប៉ុន្តែសមរភូមិការទូតមានភាពពុះកញ្ជ្រោលខ្លាំងនៅខាងភាគីកម្ពុជា។ នេះជាប្រៀបខ្លាំងមួយដែលមិនអាចមើលរំលងបាន ពីព្រោះបើយើងខ្សោយជាងសត្រូវ អាវុធដ៏សំខាន់ដែលយើងត្រូវប្រើ គឺអាវុធការទូត ចំណែកកងទ័ពគឺជាជម្រើសចុងក្រោយបំផុត។ ការអត់ធ្មត់របស់កម្ពុជាក៏បានផ្តល់ផលដ៏ធំធេងជារៀងរាល់ថ្ងៃ តែមិនសូវមានអ្នកណាគិតដល់នោះទេ។ ជាក់ស្តែង បើកម្ពុជាមិនអត់ធ្មត់សង្គ្រាមមុខជាផ្ទុះឡើងសារជាថ្មីយូរមកហើយ។ យើងអាចស្រមៃមើលថា ប្រសិនបើសង្គ្រាមកើតជាថ្មីម្តងទៀត អ្វីដែលជាលទ្ធផលគឺការស្លាប់ និងរបួសរបស់កងទ័ព ជនស៊ីវិល ការខូចខាតផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធនានា និងពិសេសការខូចខាតខាងសេដ្ឋកិច្ចមានទំហំធំធេងណាស់។ល។ ហើយបើសង្គ្រាមលើកទី២ នេះផ្ទុះមែន ប្រហែលជាពិបាករកទីបញ្ចប់ណាស់។ មហន្តរាយដ៏ធំធេងមកលើប្រទេសជាតិនិងប្រជាជនក៏មានរយៈពេលយូរនិងពិបាកស្តារឡើងវិញដែរ។ ដូច្នេះ ការអត់ធ្មត់ពិតជាអាចបញ្ចៀសបាននូវវិនាសកម្មយ៉ាងធំធេងទាំងនោះ ហើយក៏ជាពេលវេលាដ៏មានតម្លៃដែលយើងអាចត្រៀមខ្លួនសម្រាប់ទប់ទល់ជាមួយសត្រូវ។ បងប្អូនមួយចំនួនគិតថា ការដែលថៃបានដាក់បន្លាលួសនិងកង់ឡាននៅលើតំបន់មួយចំនួនថៃនឹងអាចអះអាងភាពជាម្ចាស់កម្មសិទ្ធិរបស់ខ្លួន ដូចអ្វីដែលបានកើតឡើងរួចហើយនៅលើពិភពលោក។ ប៉ុន្តែ តាមពិតវាមិនមែនដូច្នេះទេ ពីព្រោះថៃមិនមែនជាប្រទេសដែលមានអំណាចអាចធ្វើអ្វីបានតាមទំនើងចិត្តនោះឡើយ។ អ្វីដែលថៃបានធ្វើ ហើយបាននិងកំពុងអួតអាងគឺជាអំនួតលើសពីភាពជាក់ស្តែងរបស់ខ្លួនហើយ។ នេះ ជាសញ្ញាគ្រោះថ្នាក់សម្រាប់អនាគតប្រទេសថៃ ពីព្រោះច្បាប់អន្តរជាតិមិនអាចអនុញ្ញាតឱ្យប្រទេស នេះធ្វើអ្វីតាមទំនើងចិត្តឡើយ។ សរុបមកវិញ នយោបាយអត់ធ្មត់របស់កម្ពុជាគឺជារឿងត្រឹមត្រូវទាំងនៅចំពោះមុខនិងទាំងសម្រាប់ ថ្ងៃអនាគត។ ការរក្សាបានសុខសន្តិភាពនៅតែជាកត្តាចម្បងជាងគេបំផុតសម្រាប់កម្ពុជាបច្ចុប្បន្ន។ ការប្រកាន់យកភាពអត់ធ្មត់នេះគឺជាជម្រើសល្អជាងគេហើយពីព្រោះវាផ្តល់លទ្ធផលអាក្រក់តិចជាង ជម្រើសដទៃ។ សូមជនរួមជាតិយើងចងចាំចុះថា ដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា–ថៃមិនអាចដោះស្រាយបានក្នុងរយៈពេលឆាប់នោះទេ ពោលគឺវាត្រូវការរយៈពេលយូរទៅមុខទៀត។ ដូច្នេះ ភាពអត់ធ្មត់គឺជាជម្រើសដែលមិនអាចចៀសវាងបាន និងជាពេលវេលាដែលយើងត្រូវនាំគ្នាពិចារណា ដើម្បីកសាងភាពខ្លាំងរបស់យើង។ ផ្ទុយទៅវិញ ប្រសិនបើយើងអស់ការអត់ធ្មត់ គឺយើងនឹងធ្លាក់ក្នុងអន្ទាក់របស់សត្រូវហើយ។ ដូច្នេះ សូមកុំផ្តល់ឱកាសឱ្យសត្រូវ ហើយសូមខ្មែរទាំងឡាយរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ហើយទុកពេលឱ្យថ្នាក់ដឹកនាំចាត់ចែងទើបជាការល្អ ពីព្រោះមានតែថ្នាក់ដឹកនាំទេដែលយល់ច្បាស់អំពីកិច្ចការនេះ។ យើងឈឺចិត្តជាមួយថៃ។ ប៉ុន្តែយើងកុំឈឺចិត្តជាមួយរដ្ឋាភិបាលយើងដែលកំពុងគិតគូរពីសុខទុក្ខរបស់យើងនិងប្រទេសជាតិរបស់យើង។ ផ្ទុយទៅវិញ យើងគួរគប្បីប្រែក្លាយការឈឺចាប់នោះទៅជាកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំនៅពីក្រោយរាជរដ្ឋាភិបាលហើយត្រូវយល់ថា ការអត់ធ្មត់ក្នុងយុទ្ធសាស្ត្រ មិនមែនជាការខ្លាចចុះចាញ់សត្រូវនោះទេ តែអត់ធ្មត់ដើម្បីប្រៀបឈ្នះនៅពេលដែលពេលវេលាមកដល់៕ ដោយ៖ វង្ស មករា សាស្ត្រាចារ្យនិងអ្នកវិភាគនយោបាយ