-
រដ្ឋមន្ត្រីការពារជាតិកម្ពុជា៖ កិច្ចព្រមព្រៀងសន្តិភាពជាកិច្ចព្រមព្រៀងជាផ្លូវការ និងទូលំទូលាយជាងកិច្ចព្រមព្រៀងឈប់បាញ់ មានគោលបំណងដើម្បីបញ្ចប់ជាផ្លូវការនៃសង្គ្រាមឬជម្លោះ

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ បានចុះហត្ថលេខាដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាស្ថាពរ ដែលបានផ្តើមចេញពីកិច្ចប្រជុំពិសេសរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រថៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ និងសហការរៀបចំដោយសហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងពូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី បទឈប់បាញ់មួយក៏បានចូលជាធរមាន ការពិភាក្សានិងការរៀបចំផែនការអនុវត្តជាច្រើនត្រូវបានរៀបចំឡើងជាបន្តបន្ទាប់។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងសន្តិភាព ជាកិច្ចព្រមព្រៀងជាផ្លូវការ និងទូលំទូលាយជាងកិច្ចព្រមព្រៀងឈប់បាញ់ មានគោលបំណងដើម្បីបញ្ចប់ជាផ្លូវការនៃសង្គ្រាម ឬជម្លោះ រួមមាន ការពិភាក្សាអំពី៖ ការដាក់អាវុធចុះ និងស្ដារទំនាក់ទំនងសង្គម សិទ្ធិមនុស្ស ឆ្ពោះទៅរកសុខដុមនិងទំនាក់ទំនងល្អឡើងវិញ។ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា និងការជួយសម្របសម្រួលដោយបណ្តារប្រទេសជាមិត្ត បានពូនជ្រំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃនេះ។ នេះហើយជាតម្លៃសន្តិភាព នេះហើយអ្វីដែលកម្ពុជាតែងតែឱ្យតម្លៃជាទីបំផុត៕ដោយ៖ពលជ័យ
-
ជំនួបត្រីភាគីរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា-ម៉ាឡេស៊ី-ថៃ៖ ឯកភាពគ្នាក្នុងការបន្តខិតខំថែរក្សាសន្ទុះនៃការស្វែងរកសន្តិភាពឡើងវិញ

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កាលពីព្រឹកមិញនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជំនួបត្រីភាគីរវាង ឯកឧត្តម Mohamed Khaled Bin Nordin រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី និងឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥នេះ។ ភាគីទាំងបីបានឯកភាពគ្នាក្នុងការបន្តខិតខំថែរក្សាសន្ទុះនៃការស្វែងរកសន្តិភាពឡើងវិញរវាងប្រទេសកម្ពុជា និងថៃ តាមរយៈយន្តការសំខាន់ៗដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលព្រឹកមិញនេះ។ ភាគីកម្ពុជាក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងមានប្រសិទ្ធភាពរបស់ម៉ាឡេស៊ីក្នុងការជួយសម្របសម្រួលដល់ការចរចារវាងកម្ពុជា និងថៃកន្លងមក៕ដោយ៖ពលជ័យរូបភាព៖ក្រសួងការពារជាតិ
-
សម្ដេចធិបតី៖ គ្មានការលួចឯកភាពនៅក្នុងការកាត់ទឹកដីដែលស្ថិតនៅក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាណាមួយទៅឱ្យប្រទេសណាមួយ ដើម្បីដោះដូរជាមួយនឹងការចរចាបទឈប់បាញ់ ឬការចរចាសន្តិភាពនោះទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា គ្មានការលួចឯកភាពនៅក្នុងការកាត់ទឹកដីដែលស្ថិតនៅក្នុងដែនអធិបតេយ្យ ស្របច្បាប់របស់កម្ពុជាណាមួយទៅឱ្យប្រទេសណាមួយ ដើម្បីដោះដូរជាមួយនឹងការចរចាបទឈប់បាញ់ឬការចរចាសន្តិភាពនោះទេ។ កម្ពុជាមិនរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ។ នេះបើយោងតាមបណ្តាញសង្គមរបស់សម្តេចធិបតីនថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជម្រាបជូនបងប្អូនខ្លះៗអំពីការខិតខំដោះស្រាយបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយសារស្ថានការបានបោះមួយជំហ៊ានទៅមុខ ប្រកបដោយភាពច្បាស់លាស់ជាងពេលមុន ដោយភាគីទាំងពីរអាចយកគោលការណ៍ច្បាប់មកជជែកគ្នាដើម្បីរកដំណោះស្រាយមួយដោយសន្តិវិធី។ សម្តេចធិបតីបានបន្តថា បញ្ហាដែលកើតមានឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលចាប់ផ្ដើមឡើងពីការប្រើប្រាស់លួសបន្លា និងកង់ឡានរបស់យោធាថៃ ធ្វើការហ៊ុមព័ទ្ធផ្ទះ និងដីអាស្រ័យផលមួយចំនួនរបស់ប្រជាពលរដ្ឋនៅទីនោះ ក្នុងរយៈពេលជាង២ខែកន្លងមកនេះ បានបង្កនូវការលំបាកដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត ដែលកំពុងរស់នៅក្នុងភូមិទាំងពីរ។ បញ្ហានេះក៏បានបង្កនូវភាពតានតឹងក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរយើងទាំងក្នុង និងក្រៅប្រទេសដែលតាមដានបញ្ហានេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តទៀតថា គោលដៅរបស់រាជរដ្ឋាភិបាលតាំងពីដំបូង គឺធ្វើយ៉ាងណាដើម្បីទប់សភាពការណ៍ដែលកើតមានកុំឱ្យរីករាលដាល ដែលនាំឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើន និងកាន់តែមានកម្រិតធ្ងន់ធំធ្ងរ ក៏ដូចជារកគ្រប់វិធីដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែងឱ្យបានឆាប់ជាទីបំផុត។ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលបានប្រកាន់យកនូវអភិក្រម ក្នុងការខិតខំការដោះស្រាយដោយភាពអត់ធ្មត់ និងការប្រើប្រាស់មធ្យោបាយសន្តិវិធី ក្នុងការស្វែងរកដំណោះស្រាយ ព្រោះការប្រើប្រាស់មធ្យោបាយហិង្សាណាមួយ មិនត្រឹមតែមិនអាចរកដំណោះស្រាយបាននោះទេ ប៉ុន្តែអាចនាំដល់ការពង្រីកភូមិសាស្ត្រនៃជម្លោះ និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរ ក៏ដូចជាបង្កការលំបាកនៅក្នុងការស្វែងរកដំណោះស្រាយ…
-
អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា៖ សន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែមានភាពផុយស្រួយ ខណៈទាហានកម្ពុជា១៨នាក់ នៅតែបន្តឃុំខ្លួនដោយខុសច្បាប់ ដែលជាការរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវ

(ហ្សឺណែវ-ស្វីស)៖ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីក្តីព្រួយបារម្ភ ចំពោះសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតែមានភាពផុយស្រួយ។ ប្រជាពលរដ្ឋកម្ពុជានៅតែប្រឈមមុខនឹងការជម្លៀសចេញពីទីលំនៅ ការហ៊ុមព័ទ្ធ និងការគំរាមកំហែងបណ្តេញចេញ ខណៈដែលទាហានកម្ពុជា១៨នាក់ នៅតែបន្តឃុំខ្លួនដោយខុសច្បាប់ ដែលជាការរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទី៣។ ការលើកឡើងបែបនេះរបស់ឯកឧត្តម អ៊ុច បូររិទ្ធ បានធ្វើឡើងនៅឱកាសអញ្ជើញថ្លែងក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតលើកទី១៥១ នៃសហភាពអន្តរសភា(IPU) ទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមប្រធានបទដ៏មានសារៈសំខាន់ស្ដីពី «ការលើកកម្ពស់បទដ្ឋានមនុស្សធម៌ និងការគាំទ្រសកម្មភាពមនុស្សធម៌ក្នុងពេលមានវិបត្តិ»។ ឯកឧត្តម អ៊ុច បូររិទ្ធ បានបង្ហាញក្តីព្រួយបារម្ភយ៉ាងដូច្នេះថា «ទោះបីជាសម្រេចបាននូវសមិទ្ធផលដ៏សំខាន់នេះ សន្តិភាពនៅតាមបណ្តោយព្រំដែនរួមរបស់យើងនៅតែមានភាពផុយស្រួយ។ ប្រជាពលរដ្ឋកម្ពុជានៅតែប្រឈមមុខនឹងការជម្លៀសចេញពីទីលំនៅ ការហ៊ុមព័ទ្ធ និងការគំរាមកំហែងបណ្តេញចេញ ខណៈដែលទាហានកម្ពុជា ១៨នាក់ នៅតែបន្តឃុំខ្លួនដោយខុសច្បាប់ ដែលជាការរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវទី៣។ អ្វីដែលគួរឱ្យព្រួយបារម្ភដែរនោះគឺ របាយការណ៍ស្តីពីការបំភិតបំភ័យផ្លូវចិត្ត ដូចជាការចាក់បន្លឺសំឡេងខ្មោច និងសំឡេងស្រែកត្រហូរយំនៅពេលយប់ គឺជាការធ្វើទារុណកម្មដល់សហគមន៍ដែលកំពុងរស់នៅក្នុងភាពភ័យខ្លាចរួចទៅហើយ»។ ឯកឧត្តមអនុប្រធានទី១ បានគូសបញ្ជាក់ថា កម្ពុជាជាប្រជាជាតិដែល “បានរងទុក្ខវេទនាយ៉ាងខ្លាំងកាលពីអតីតកាល” ហើយ “ស្រឡាញ់និងការពារសុខសន្តិភាព” ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិ ។…
-
រដ្ឋមន្ត្រីការពារជាតិកម្ពុជា៖ កិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នឹងទទួលបានលទ្ធផលជាផ្លែផ្កា និងចូលរួមចំណែកទៅដល់ការលើកកម្ពស់សន្តិភាព

ឯកឧត្ដម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ភាគីកម្ពុជានិងភាគីថៃនឹងរៀបចំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានបន្តថា កម្ពុជារំពឹងយ៉ាងមុតមាំថា ភាគីទាំងពីរនឹងអាចពិភាក្សាគ្នាក្នុងបរិយាកាសមិត្តភាព ការស្ថាបនា និងប្រកបដោយសុឆន្ទៈខ្ពស់លើបញ្ហាអាទិភាពទាំងឡាយ ដោយគោរពយ៉ាងខ្ជាប់ខ្ជួនតាមស្មារតីនៃកិច្ចព្រមព្រៀងដែលភាគីទាំងពីរសម្រេចកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការកែសម្រួលនូវយុទ្ធោបករណ៍ និងសម្ភារៈយោធាធុនធ្ងន់ ដែលត្រូវអនុវត្តនៅក្រោមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ចំពោះបញ្ហាផ្សេងទៀតដូចជាការដោះមីនមនុស្សធម៌, កិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែនរួមបញ្ចូលទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សង្ឃឹមថា កិច្ចពិភាក្សារវាងភាគីទាំងពីរនឹងទទួលបានលទ្ធផលជាវិជ្ជមាន។ ក្នុងន័យនេះ កម្ពុជាជឿជាក់ថាកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នឹងទទួលបានលទ្ធផលជាផ្លែផ្កា និងចូលរួមចំណែកទៅដល់ការលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕ដោយ៖ពលជ័យ
-
កិច្ចប្រជុំក្រុមលេខាធិការ GBC បន្តពិភាក្សាបន្ថែមទៀតក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានអោយដឹងថា ៖នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ០៩:១០នាទីព្រឹកនេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ នៅថ្ងៃទីពីរនេះ កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀតក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។ សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ ។
-
សម្តេចធិបតី ៖ រាជរដ្ឋាភិបាលមានអភិក្រមច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល មានអភិក្រមច្បាស់លាស់ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដើម្បីធានាសុខសន្តិភាព ប្រក្រតីភាព និងការអភិវឌ្ឍសម្រាប់ប្រជាជាតិទាំងសងខាង។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ សម្តេចធិបតីហ៊ុន ម៉ាណែត បានគូសបញ្ជាក់ រាជរដ្ឋាភិបាលបាននិងកំពុងប្រើប្រាស់អភិក្រមដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃរួមមាន៖ទី១–មិនពង្រីកតំបន់ជម្លោះទៅកាន់តំបន់ផ្សេង ទី២– កន្លែងដែលកើតហេតុ ត្រូវព្យាយាមដោះស្រាយតាមគ្រប់រូបភាពនិងគ្រប់មធ្យោបាយឱ្យអស់លទ្ធភាព និងទី៣–ស្តារស្ថានការណ៍ឡើងវិញដើម្បីធានានូវសន្តិភាពនិងប្រក្រតីភាព។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងដើម្បីភ្ជាប់ទំនាក់ទំនងឡើងវិញ និងការពារអាយុជីវិតប្រជាពលរដ្ឋ ដោយមិនប្រើកំហឹងទល់នឹងកំហល់នោះឡើយ ព្រោះថាសង្រ្គាមនឹងប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋបន្តទៀត៕ ដោយ៖ពលជ័យ
-
សម្តេចធិបតី៖ កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (ថ្ងៃ ២៨ កក្កដា ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខ), ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ។ រាជរដ្ឋាភិបាលកម្ពុជា ក៏មិនដែលបានភ្លេច ឬបោះបង់កាតព្វកិច្ច និងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាដែរ។ តមរយៈបណ្តាញសង្គមសម្តចធិបតីបានសរសរថា ខ្ញុំបានឃើញនូវការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គម ដែលបានលើកឡើងថាកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ ២៨ កក្កដា ២០២៥ កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ គឺជាថ្នូរនឹងការធ្វើអោយកម្ពុជាបាត់ដី។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយសង្ខេបថា៖ កិច្ចព្រមព្រៀងបទឈប់បាញ់ (២៨ កក្កដា ២០២៥) គឺនិយាយអំពីលក្ខណ្ឌនិងក្រមប្រតិបត្តិនានាដើម្បីបញ្ជៀសកុំអោយមានការបាញ់គ្នាឡើងវិញ។ កិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងធ្វើនៅពេលខាងមុខ) គឺនិយាយអំពីការរៀបចំលក្ខណនិងក្រមប្រតិបត្តិនានាសម្រាប់បង្កើតនិងធានានូវបរិយាកាសអំណោយផល ដើម្បីឈានទៅការបញ្ចប់ជម្លោះនិងស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសប្រទេសនិងប្រទេស។ ទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះមិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដី ឬព្រំដែន ក៏មិនមែនបានន័យថាភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេ។ ការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំព្រំដែនគោក គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណកម្មាធិការព្រំដែនចម្រុះកម្ពុជា–ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃ។ សរុបដោយខ្លី ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិថា: ១.កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (ថ្ងៃ ២៨ កក្កដា ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខ), ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ។ ២.រាជរដ្ឋាភិបាលកម្ពុជា ក៏មិនដែលបានភ្លេច ឬបោះបង់កាតព្វកិច្ចនិងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាដែរ៕ ដោយ៖ពលជ័យ
-
ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ ជួបពិភាក្សាគ្នាលើរបៀបវារៈសំខាន់ៗមួយចំនួន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ប្រធានក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា–ថៃ (RBC) កងទ័ពភូមិភាគទី២ថៃនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ប្រធានក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា–ថៃ(RBC) នៃយោធភូមិភាគទី៤ កម្ពុជា បានជួបពិភាក្សាការងារជាមួយអនុប្រធានក្រុមលេខា នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា–ថៃ (RBC) កងទ័ពភូមិភាគទី២ ថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។ ប្រតិភូកម្ពុជាដឹកនាំដោយឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤ និងជាប្រធានក្រុមលេខានិងប្រតិភូភាគីថៃដឹកនាំដោយវរសេនីយ៍ឯក យុត្ថាសាត សេតថាឆៃ នាយរងសេនាធិការ កងទ័ពភូមិភាគទី២ និងជាអនុប្រធានក្រុមលេខាធិការ។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាគ្នាលើរបៀបវារៈសំខាន់ៗមួយចំនួន នៅក្នុងដែនសមត្ថកិច្ចរបស់ RBC ដើម្បីរៀបចំឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែងប្រកបដោយស្ថាបនា ស្របតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) នៃប្រទេសទាំងពីរកម្ពុជា–ថៃ រួមទាំងខ្លឹមសារដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា–ថៃ (RBC) កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ រវាងយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និងកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ។ ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការបង្កើនការប្រាស្រ័យទាក់ទងជាមួយគ្នាទោះដោយការជួបផ្ទាល់ ឬតាមប្រព័ន្ធទំនាក់ទំនង ក្នុងន័យកសាងទំនុកចិត្តជាមួយគ្នាឱ្យកាន់តែប្រសើរឡើង។ គួររំលឹកផងដែរថា កិច្ចប្រជុំនេះ គឺបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលសម្រេចឱ្យបាននូវបទឈប់បាញ់រវាងកម្ពុជា–ថៃ ដែលភាគីទាំងពីរបញ្ជាក់សាជាថ្មីអំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស៕ ដោយ៖ពលជ័យ រូបភាព៖ក្រសួងការពារជាតិ
-
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញឫសគល់ និងស្ថានភាពពិតនៃជម្លោះព្រំដែន ការព្យាយាមអត់ធ្មត់ និងការប្រកាន់គោលជំហររបស់កម្ពុជា

ភ្នំពេញ៖ នៅចំពោះមុខភាពគឃ្លើននៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានបង្ហាញឫសគល់ និងស្ថានភាពពិតនៃជម្លោះព្រំដែន ការព្យាយាមអត់ធ្មត់ និងការប្រកាន់គោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ និងបានស្នើឱ្យភាគីមិត្ត ជួយអន្តរាគមន៍ទប់ស្កាត់ការពង្រីកជម្លោះ និងគោរពនិងអនុវត្តនូវបទឈប់បាញ់ដែលបានឯកភាពព្រមព្រៀងគ្នា ដើម្បីអាចវិលទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការបើកសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី១៦ ខែតុលាឆ្នាំ២០២៥។ ក្នុងឱកាសនេះផងដែរ ព្រឹទ្ធសភាបានសម្តែងនូវការដឹងគុណជូនវីរៈកងទ័ពជួរមុខដ៏អង់អាច ក្លាហានទាំងអស់ ដែលបានខិតខំតស៊ូការពារបូរណភាពទឹកដីជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ និងសូមថ្លែងនូវការគោរព និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះវីរភាពដឹកនាំប្រកបដោយភាពវៀងវៃ និងមនសិការស្នេហាជាតិដ៏ស្មោះសខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ គ្រប់គ្រងសភាពការណ៍ របស់ប្រទេសជាតិ និងតែងតែស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ ដោយឡែកក្នុងមុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សកម្មភាពការទូតសភាត្រូវបានបន្តពង្រីកកាន់តែសកម្មឡើង ដើម្បីរួមចំណែកដល់រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំពង្រឹងការងារការទូត ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែងរបស់កម្ពុជា តំបន់ និងពិភពលោក ក្នុងពេលដែលសភាពការណ៍តំបន់ និងពិភពលោកកំពុងមានភាពច្របូកច្របល់ខ្លាំង និងហានិភ័យខ្ពស់ ដែលកើតចេញពីការបន្តប្រកួតប្រជែងយុទ្ធសាស្រ្ត–ភូមិសាស្រ្តរបស់ប្រទេសមហាអំណាច ភាពតានតឹងនៃជម្លោះ ការរីកសាយនៃសង្គ្រាម ក្នុងតំបន់មួយចំនួននៅលើពិភពលោក និងជម្លោះព្រំដែនកម្ពុជា–ថៃ ដែលបង្កដោយភាគីថៃ៕ ដោយ៖ពលជ័យ