-
អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់អំពីស្ថានការណ៍បច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់អំពីស្ថានការណ៍បច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា–ថៃ បន្ទាប់ពីការចូលជាធរមាននូវបទឈប់បាញ់រវាង កម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២៥ គិតមកដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ៖ អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ បទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ (GBC) កាលពីថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត។ ជាមួយគ្នានេះកម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទីនិងអាណត្តិរបស់AOT ដើម្បី ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ អ្នកនាំពាក្យក្រសួងការពារជាតិបានបន្តទៀតថា ផ្អែកតាមស្មារតីខាងលើ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍ នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅទីតាំងចំនួនពីរ ក្នុងខេត្តពោធិ៍សាត់ ដែលសុទ្ធតែជាទីតាំងស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ ដូចខាងក្រោម៖ – នៅវេលាម៉ោង១៤:០៥នាទីរសៀល ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយបទឈប់បាញ់ចូលជាធរមាន។ – នៅវេលាម៉ោង១៥:១៦នាទីរសៀល ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ខេត្តពោធិ៍សាត់។ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា សូមបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាពស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយព្រំដែនប្រទេសទាំងពីរ៕ ដោយ៖ពលជ័យ
-
សម្តេចធិបតី៖ ក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើងបានទទួលរងនូវសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដី, ខ្ញុំពិតជាបានឃើញច្បាស់នូវស្មារតីសាមគ្គីភាព និងឯកភាពជាតិរឹងមាំរវាងខ្មែរនិងខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរាត្រីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ បានផ្ញើសារជូនចំពោះបងប្អូនជនរួមជាតិជាទីស្រឡាញ់ ដោយក្នុងនោះ សម្តេចធិបតីបានបញ្ជាក់ថា ក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើងបានទទួលរងនូវសង្រ្គាមឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដី, ខ្ញុំពិតជាបានឃើញច្បាស់នូវស្មារតីសាមគ្គីភាព និងឯកភាពជាតិរឹងមាំរវាងខ្មែរនិងខ្មែរ ក៏ដូចជាបានឃើញច្បាស់នូវការឈឺចាប់របស់ជាតិយើង និងរបស់ប្រជាជនយើង ហើយជាការឈឺចាប់មួយ ដែលបានបំផុសនូវទឹកចិត្តស្នេហាជាតិដ៏ស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ប្រជាជននៅគ្រប់ទិសទីក្នុងការកសាងប្រទេសជាតិយើងឱ្យបានរឹងមាំ។ សម្តេចធិបតី បានបន្តថា ជាការពិត, ការលំបាករបស់ជាតិនាពេលនេះ គឺជាការលំបាករបស់ខ្មែរគ្រប់រូប ប៉ុន្តែគន្លឹះសំខាន់របស់ជាតិយើងនាពេលនេះ គឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូបនាពេលនេះ ឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ ពោលគឺការួមសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់របស់យើង និងធ្វើឱ្យជាតិខ្មែរយើងបានរឹងមាំ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូប។ ជាមួយគ្នានេះ និងចំពោះមុខនេះ យើងមានភាពចាំបាច់ ក្នុងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយនឹងការប្តេជ្ញាចិត្តរួមរបស់ជាតិ ដើម្បីពង្រឹងសក្តានុពលជាតិលើគ្រប់វិស័យ និងលុបបំបាត់ភាពអសកម្មភាពទាំងឡាយក្នុងសង្គមជាតិដែលធ្វើឱ្យជាតិចុះខ្សោយ។ សម្តេចធិបតីបានបញ្ជាក់ថា សន្តិសុខនិងសណ្ដាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម គឺជាអាទិភាពមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីធានាការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ ហើយការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាចំណុចដ៏សំខាន់នាពេលនេះ បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងលើកិច្ចការអាទិភាពសំខាន់ៗរបស់ជាតិផ្សេងទៀត។ ដោយមើលឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសង្គមជាតិ ដែលបង្កឡើងដោយឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មសម័យទំនើបមួយនេះ ដែលមានបណ្តាញប្រទាក់ក្រឡាគ្នាពីប្រទេសមួយទៅប្រទេសមួយ, រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា រហូតដល់ដើមនីតិកាលទី៧…
-
រាជរដ្ឋាភិបាលនិងមន្ត្រីការទូតកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដី ក៏ដូចជាផលប្រយោជន៍ជាតិកម្ពុជាតាមផ្លូវការទូតដោយផ្អែកលើមូលដ្ឋានច្បាប់

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ ជុំវិញការបន្តកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមន្ត្រីការទូតកម្ពុជា ឥតឈប់ឈរដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដី ក៏ដូចជាផលប្រយោជន៍ជាតិកម្ពុជា តាមផ្លូវការទូត។ ឯកឧត្តមបានថ្លែងថា៖«ក្រោយការចូលជាធរមាននៃបទឈប់បាញ់ នៅថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិ នៅតែបន្តកិច្ចប្រឹងប្រែងឥតឈប់ឈរដើម្បីរក្សាការពារអធិបតេយ្យ និងបូរណភាពដែនដី ក៏ដូចជាផលប្រយោជន៍ជាតិកម្ពុជា តាមផ្លូវការទូត ដោយផ្អែកលើមូលដ្ឋានធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ពិសេសគោលការណ៍មិនប្រើកម្លាំង ឬគំរាមប្រើកម្លាំងដើម្បីដោះស្រាយជម្លោះ និងកំណត់ព្រំដែន ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិ ដោយសង្កត់ធ្ងន់លើសិទ្ធរស់នៅរបស់ប្រជាជនស៊ីវិល»។ ឯកឧត្តម ចាន់ រតនា បានគូសបញ្ជាក់ថា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានបេសកកម្មការទូតកម្ពុជានៅទូទាំងពិភពលោក បន្តខិតខំជំរុញសហគមន៍អន្តរជាតិឱ្យផ្តល់ការគាំទ្រ និងជួយអន្តរាគមន៍ ដើម្បីឱ្យប្រជាជនភៀសសឹកកម្ពុជាទាំងអស់ បានវិលត្រឡប់ទៅលំនៅដ្ឋាន និងបន្តជីវភាពរស់នៅប្រចាំថ្ងៃរបស់គេឡើងវិញដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការរារាំង។ ទន្ទឹមនេះយើងក៏បន្តជំរុញឱ្យភាគីថៃបញ្ឈប់សកម្មភាពកងទ័ពថៃ ដូចជា ការរុះរើបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រារាំងប្រជាជនខ្មែរមិនចូលលំនៅដ្ឋាន ក៏ដូចជាការអនុវត្តវិធានការនានា ដើម្បីពង្រឹងការឈរជើងដោយខុសច្បាប់នៅក្នុងភូមិស្រុករបស់កម្ពុជា ដែលគេបានប្រើកម្លាំងដណ្តើមកាន់កាប់ ហើយបែរមកសហការពន្លឿនការងាររបស់គណកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនកម្ពុជា-ថៃ ក្នុងការកំណត់ខ្សែព្រំដែនរវាងប្រទេសទាំងពីរ ផ្អែកលើមូលដ្ឋានច្បាប់ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។ ឯកឧត្តម…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់អំពីការជួយជ្រោមជ្រែងកម្ពុជាពីសំណាក់បណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ក្នុងគ្រាដ៏លំបាក

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបាន បញ្ជាក់អំពីការជួយជ្រោមជ្រែងកម្ពុជាពីសំណាក់បណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ក្នុងគ្រាដ៏លំបាក។ សបញ្ជាក់ឱ្យឃើញថា សហគមន៍អន្តរជាតិឈរនៅជាមួយកម្ពុជា និងជួយជ្រោមជ្រែងកម្ពុជាគ្រប់កាលៈទេសៈទាំងនយោបាយការទូត ទាំងការផ្តល់ជំនួយអភិវឌ្ឍន៍ ជំនួយមនុស្សធម៌ និងជំនួយសម្រាប់សេចក្តីត្រូវការបន្ទាន់នានាក្នុងគ្រាដែលកម្ពុជាជួបការលំបាក។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តថា ប្រទេសជប៉ុន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានផ្តល់ជំនួយឥតសំណងជាទឹកប្រាក់ចំនួន ១១.៣ លានដុល្លារសហរដ្ឋអាម៉េរិក សម្រាប់ការអនុវត្តគម្រោងសមាហរណកម្មបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារគ្រាប់មីន (ដំណាក់កាលទី៣) និងទឹកប្រាក់ ៧.៦លានដុល្លារសហរដ្ឋអាម៉េរិកផ្សេងទៀត សម្រាប់អនុវត្តគម្រោងជំនួយម៉ាស៊ីនស្គែនកុងតឺន័រនៅចំណតកុងតឺន័រថ្មី នៃកំពង់ផែក្រុងព្រះសីហនុ។ កាលពីអំឡុងខែសីហា ឆ្នាំ២០២៥ កន្លងទៅ ជប៉ុនក៏បានផ្តល់ជំនួយមនុស្សធម៌ជាទឹកប្រាក់ប្រមាណជា១.៨ លានដុល្លារសហរដ្ឋអាម៉េរិក តាមរយៈអង្គការ IOM និង UNICEF ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការបន្ទាន់សម្រាប់ជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែរ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តទៀតថា សហរដ្ឋអាម៉េរិកឯណោះវិញ ក្រៅពីបន្តជំរុញការរក្សាបទឈប់បាញ់ និងចង់ឃើញសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃ ក៏បានប្រកាសផ្តល់ជំនួយចំនួន១៥លានដុល្លារ សម្រាប់ការគាំទ្រដល់ជនភៀសសឹកនៅព្រំដែនប្រទេសទាំងពីរ និងទឹកប្រាក់១០លានដុល្លារផ្សេងទៀតសម្រាប់ការដោះមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។ ចំណែកសាធារណរដ្ឋប្រជាមានិតចិន ក្រៅពីផ្តល់ការគាំទ្រដល់អាទិភាពជាបន្ទាន់លើការធានាឱ្យបានរឹងមាំនូវបទឈប់បាញ់ និងធ្វើឱ្យមានសន្តិភាពចីរកាល ចិនក៏បានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដែលមានតម្លៃ២០លានយ័ន សម្រាប់ជនភៀសសឹកក្នុងប្រទេសកម្ពុជា និងបានប្រកាសត្រៀមខ្លួនក្នុងការផ្តល់ជំនួយមនុស្សធម៌សម្រាប់តម្រូវការចិញ្ចឹមជីវិតរបស់ជនភៀសសឹកនៅតាមតំបន់ព្រំដែនដែលរងផលប៉ះពាល់។ ចំណែកសាធារណរដ្ឋស៊ែប៊ី ក៏បានផ្តល់ជំនួយមនុស្សធម៌៥០ម៉ឺនដុល្លារអាម៉េរិកសម្រាប់ជួយប្រជាជនភៀសសឹកកម្ពុជាដែរ។ ឯកឧត្តម…
-
អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ទៀតថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ នេះគឺជាជំហរឥតប្រែប្រួល និងមិនអាចធ្វើសម្បទានបានរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ប៉ែន បូណា បានបន្តថា សូមបងប្អូនជនរួមជាតិចងចាំថា ខណៈដែលដៃម្ខាងប្រឹងស្តារជីវភាពប្រជាពលរដ្ឋ និងស្តារហេដ្ឋារចនាសម្ព័ន្ធដែលរងការបំផ្លិចបំផ្លាញ តែដៃម្ខាងទៀត រាជរដ្ឋាភិបាលខិតខំការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុតដោយមធ្យោបាយសន្តិវិធី តាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិ៕ដោយ៖ពលជ័យ
-
ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក៖ ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វីក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម DeSombre បានជម្រាបជូនសម្តេចបវរធិបតីថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ជាពិសេស ឯកឧត្តមប្រធានាធិបតី Donald Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ហើយឯកឧត្តមក៏បានសម្តែងសេចក្តីរីករាយចំពោះយោធិនកម្ពុជា ១៨ រូប ដែលត្រូវបានដោះលែងមកជួបជុំគ្រួសារវិញ។ ឯកឧត្តម DeSombre បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាម៉េរិកបន្តជំរុញការរក្សាបទឈប់បាញ់ និងចង់ឃើញសន្តិភាពយូរអង្វែងរវាងកម្ពុជានិងថៃ។ ឯកឧត្តម DeSombre បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងផ្តល់ជំនួយចំនួន ១៥លានដុល្លារ សម្រាប់ការគាំទ្រដល់ជនភៀសសឹកនៅព្រំដែនប្រទេសទាំងពីរ, និង ចំនួន ១០លានដុល្លារ សម្រាប់ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅកម្ពុជា។ សម្តេចបវរធិបតី បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald Trump ក៏ដូចរដ្ឋាភិបាលសហរដ្ឋអាម៉េរិក…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញប្រគល់ផ្ទះថ្មី ជូនគ្រួសារវីរកងទ័ព និងវីរនគរបាលជាតិ

នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដីកាលពីពេលកន្លងទៅថ្មីៗនេះ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ថែមទាំងបានយកអំណោយជាច្រើនដូចជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព និងវីរនគរបាលជាតិផងដែរ។ ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បាននាំនូវប្រសាសន៍សួរសុខទុក្ខ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសព៕ដោយ៖ពលជ័យ
-
ឯកឧត្តម ប៉ែន បូណា៖ ការវិលត្រឡប់វិញរបស់ពលរដ្ឋភៀសសឹកជាបន្តបន្ទាប់នាពេលនេះ គឺជាលទ្ធផលមួយក្នុងចំណោមលទ្ធផលសំខាន់ដែលបានកើតពីសេចក្តីប្រកាសរួមថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ការវិលត្រឡប់វិញរបស់ពលរដ្ឋភៀសសឹកជាបន្តបន្ទាប់នាពេលនេះ គឺជាលទ្ធផលមួយក្នុងចំណោមលទ្ធផលសំខាន់ដែលបានកើតពីសេចក្តីប្រកាសរួមថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីការអនុវត្តបទឈប់បាញ់ដែលចូលជាធរមានកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងការដោះលែងយោធិនកម្ពុជា ១៨នាក់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលយើងទន្ទឹងរង់ចាំអស់រយៈពេល ១៥៥ថ្ងៃ។ លទ្ធផលជាវិជ្ជមានទាំងនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសថ្នាក់ដឹកនាំនៃយើងដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈនយោបាយការទូតដ៏សកម្មដើម្បីបង្កើតឱ្យមានបទឈប់បាញ់ ហើយងាកទៅរកការចរចាតាមផ្លូវការទូត និងច្បាប់អន្តរជាតិវិញ ក្រោមការជួយជ្រោមជ្រែងពីភាគីអន្តរជាតិ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ជាថ្មីថា ក្នុងនាមប្រទេសស្រឡាញ់សន្តិភាព កម្ពុជាគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់បំផុតនូវបទឈប់បាញ់ ក៏ដូចស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងដែលបានធ្វើកាលពីពេលកន្លងមក។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ…
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សំឡេងប្រឆាំងសង្គ្រាម និងទាមទាររកសន្តិភាពរបស់ព្រះសង្ឃ មន្ត្រីរាជការ យុវជន និងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានលាន់ឮឡើងពាសពេញពិភពលោក

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានមានប្រសាសន៍ថា កម្លាំងមហាសាមគ្គីជាតិ ឯកភាពជាតិខ្មែរ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាពិសេសដើម្បីបុព្វហេតុការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ពិតជាមានទំហំធំធេង និងខ្លាំងក្លាគួរជាទីមោទនយ៉ាងក្រៃលែង។ សំឡេងប្រឆាំងសង្គ្រាម និងទាមទាររកសន្តិភាព របស់ព្រះសង្ឃ មន្ត្រីរាជការ យុវជន និងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បានលាន់ឮឡើងពាសពេញពិភពលោក។ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកឡើងវិញនូវប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃយើង ដើម្បីឧទ្ទិសដល់មហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ និងសារៈសំខាន់ដែលខ្មែរត្រូវរួមគ្នាដើម្បីថែរក្សាការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី៖ ទី១៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងសារអបអរសាទរខួប៤៧ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា បានដាស់ស្មារតីកូនខ្មែរថា៖ នៅលើមាគ៌ាឆ្ពោះទៅមុខបន្តទៀត សូមជនរួមជាតិគ្រប់រូបបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ ប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងពង្រឹងភាពម្ចាស់ការខ្លួនឯង ដើម្បីធានាដល់ការការពារនិងកសាងប្រទេសជាតិយើង។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ផ្អែកលើកម្លាំងមហាសាមគ្គី និងស្មារតីស្នេហាជាតិដ៏មោះមុត យើងពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបាន មិនថាឧបសគ្គនោះធំប៉ុណ្ណាឡើយ។ យើងចងចាំប្រវត្តិសាស្ត្រនេះ ចងចាំឧក្រិដ្ឋកម្មបំផ្លាញមរតកវប្បធម៌ ដែលជាដួងព្រលឹងរបស់ជាតិ ចងចាំការប្រមាថមើលងាយ មកលើជាតិ មាតុភូមិ និងប្រជាជនយើង។ ទី២៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសារទៅកាន់វីរៈកងទ័ព វីរៈកងនគរបាលជាតិនិងជនរួមជាតិកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក៏បានអង្រួនស្មារតីកូនខ្មែរថា៖ ទុក្ខលំបាកនិងពលិកម្មសាច់ស្រស់ ឈាមស្រស់របស់វីរជនយើង នៅឯសមរភូមិ គឺជាការដាស់តឿនមិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា «បែកបាក់គឺស្លាប់ សាមគ្គីរឹងមាំគឺរស់»។ ដូច្នេះ ស្របតាមពាក្យចាស់ពោលថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់» យើងត្រូវយកការលំបាកនៅពេលនេះធ្វើជាឱកាសដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើងឱ្យកាន់តែរឹងមាំ និងកាន់តែប្រសើរឡើងប្រកបដោយភាពធន់ នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើង។ សម្តេចធិបតីបានបង្ហាញក្តីសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋយើងគ្រប់មជ្ឈដ្ឋាននិងគ្រប់ទិសទី នឹងបន្តផ្តល់ជំនឿដ៏មុតមាំលើរាជរដ្ឋាភិបាល និងរួបរួមសាមគ្គីគ្នាក្នុងស្មារតីជាតិខ្មែរតែមួយ ប្រើប្រាស់តម្លៃនៃសន្តិភាព ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាពលរដ្ឋឆ្នើមរបស់កម្ពុជា និងក្លាយជាកម្លាំងដ៏រឹងមាំមិនអាចបំបែកបំបាក់បានក្នុងកិច្ចការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាក្នុងការអភិវឌ្ឍជាតិ មាតុភូមិកម្ពុជា ជាទីស្នេហាបំផុតនៃយើងឱ្យកាន់តែរីកចម្រើនខ្លាំងក្លាឡើងជាលំដាប់ និងក្លាយជាប្រជាជាតិមួយប្រកបដោយមោទនភាព និងកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបន្តទៀតថា ទន្ទឹមនឹងប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃយើងដូចបានលើកឡើងខាងលើ យើងទាំងអស់គ្នាក៏បានសង្កេតឃើញយ៉ាងច្បាស់នឹងភ្នែកគ្រប់ៗគ្នាថា កម្លាំងមហាសាមគ្គីឯកភាពជាតិខ្មែរដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសដើម្បីបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ពិតជាមានទំហំធំធេង និងខ្លាំងក្លាគួរជាទីមោទនៈយ៉ាងក្រៃលែង។ សំឡេងប្រឆាំងសង្គ្រាម និងទាមទាររកសន្តិភាពរបស់ព្រះសង្ឃ មន្ត្រីរាជការ យុវជន និងប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេសបានលាន់លឺពាសពេញពិភពលោក។ សំឡេងរបស់ប្រជាជាតិខ្មែរ និងការងារការទូតដ៏សកម្មក្លៀវក្លាប្រកបដោយភាពចាស់ទុំ និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យសហគមន៍អន្តរជាតិតាមដានយ៉ាងយកចិត្តទុកដាក់ និងកំពុងជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិ៕ ដោយ៖ពលជ័យ
-
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ គិតមកទល់ពេលនេះ មានជនភៀសសឹកជាង៤៦ម៉ឺននាក់ ដែលបានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា គិតមកទល់ពេលនេះ មានជនភៀសសឹកសរុបជាង៤៦ម៉ឺននាក់ ហើយដែលបានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញក្នុងចំណោមជនភៀសសឹកសរុបជាង៦៤ម៉ឺននាក់។ ដូច្នេះ នៅសល់ជនភៀសសឹកសរុបចំនួនជាង១៨ម៉ឺននាក់ទៀត ដែលបន្តរស់នៅក្នុងជំរុំនៅឡើយ។ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័នផ្ដល់សេវាសាធារណៈជាច្រើនបានបើកដំណើរការឡើងវិញជាបណ្តើរៗ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា ការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកបានធ្វើឡើង ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុច៤ដែលចែងថា៖ ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។ ទោះជាយ៉ាងណា មានពលរដ្ឋភៀសសឹកជាច្រើនមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេបាននៅឡើយទេ។ ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា នៅក្នុងបទបង្ហាញជូនប្រធានបេសកកម្មការទូត និងតំណាងអង្គការអន្តរជាតិកាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហានេះ ដោយឯកឧត្តមបានលើកឡើងអំពីការបន្តរក្សាវត្តមានយោធា ព្រមទាំងសកម្មភាពទាំងឡាយដែលបានប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប៉ះពាល់ដល់ការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកចូលទៅកាន់តំបន់ទាំងនោះ។ សូមបញ្ជាក់ជូនថា អាជ្ញាធរដែនដី និងក្រុមការងារពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើជនភៀសសឹក ខណៈដែលសប្បុរសជនពីគ្រប់ទិសទីក៏បានចូលរួមចំណែកយ៉ាងសកម្មដើម្បីជួយជនភៀសសឹកផងដែរ។ឆ្លៀតឱកាសនេះ រាជរដ្ឋាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងឡាយ ដែលបានចំណាយកម្លាំងកាយចិត្ត និងបានបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលការលំបាករបស់ពលរដ្ឋភៀសសឹក។សូមបងប្អូនជនរួមជាតិនិងសប្បុរសជនគ្រប់ទិសទីបន្តសកម្មភាពសប្បុរសធម៌នេះតទៅទៀត ដើម្បីបង្ហាញពីប្រពៃណីសាមគ្គីជួយគ្នាមិនចេះរីងស្ងួតក្នុងសង្គមខ្មែរ ជាពិសេសប្រពៃណីជួយគ្នាក្នុងគ្រាជួបការលំបាក៕ ដោយ៖ពលជ័យ