-
អ៊ីរ៉ង់ចាប់ផ្តើមការធ្វើតេស្តវ៉ាក់សាំង Covid-19 ផលិតក្នុងស្រុកទៅលើមនុស្សជាលើកដំបូង

អ៊ីរ៉ង់៖ ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ចុះផ្សាយថា ការសិក្សាដំណាក់កាលដំបូងនៃសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង Covid-19 ដែលផលិតនៅក្នុងស្រុករបស់ប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមដំណើរការហើយនៅថ្ងៃអង្គារ៍នេះ (ម៉ោងក្នុងតំបន់) នេះបើតាមសារព័ត៌មាន AP នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។ វ៉ាក់សាំង Covid-19 ដែលត្រូវបានយកមកធ្វើតេស្តលើមនុសជាលើកដំបូងនេះ គឺផលិតឡើងដោយក្រុមហ៊ុនឱសថ ហ្ស៊ីហ្វា ហ្វាម ជាផ្នែកមួយនៃសហគ្រាសផលិតឱសថរបស់រដ្ឋ ដែលត្រូវបានគេស្គាល់ថា បារីខាត់ (Barekat) ។ ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ នៅថ្ងៃអង្គារនេះ បានចាក់ផ្សាយរូបភាពនៅឯពិធីធ្វើតេស្តវ៉ាក់សាំង ដោយបង្ហាញបុរសពីរនាក់ និងស្ត្រីម្នាក់ទទួលការចាក់ថ្នាំបង្ការ នៅចំពោះមុខវត្តមានរដ្ឋមន្ត្រីសុខាភិបាល និងអនុប្រធានាធិបតីអ៊ីរ៉ង់ដែលទទួលបន្ទុកផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ។ សូមជម្រាបថា វ៉ាក់សាំងនេះនឹងចាក់ទៅអ្នកស្ម័គ្រចិត្ត៥៦នាក់ចំនួន២ដូសម្នាក់ ក្នុងអំឡុងរយៈពេល០២សប្តាហ៍ដាច់ដោយឡែកពីគ្នា នេះយោងតាមគេហទំព័រ អាយរីបញ៊ូ (Iribnews) របស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ដែលដកស្រង់សម្តីមន្ត្រីទទួលបន្ទុកផលិតវ៉ាក់សាំង ។ ហើយលទ្ធផលនឹងប្រកាសនៅ២៨ថ្ងៃបន្ទាប់ពីការចាក់វ៉ាក់សាំងដូសទីពីរ ៕
-
ថៃប្រកាសរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២៥០ករណីទៀត ក្នុងនោះ២៤១នាក់ជាករណីឆ្លងក្នុងសហគមន៍

ថៃ៖ រដ្ឋាភិបាលថៃ នៅថ្ងៃពុធនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២៥០ករណីបន្ថែមទៀត ក្នុងនោះមាន២៤១ករណីជាការឆ្លងក្នុងសហគមន៍, ០៨ករណីជាការនាំចូល និងមួយករណីទៀតជាជនចំណាកស្រុកមីយ៉ាន់ម៉ាខុសច្បាប់ ដែលធ្វើអោយចំនួនអ្នកឆ្លងសរុបកើនដល់៦ពាន់៦៩០ករណី នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។ អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ លោកវេជ្ជបណ្ឌិត តាវីសិប វីសានុយោធិន បញ្ជាក់ថា ០៩ករណីគឺជាប់ទាក់ទងទៅនឹងខេត្ត សាមុត សាខន ។ ក្នុងចំណោមអ្នកទាំង០៩នាក់នេះ មាន០៤នាក់នៅខេត្តសាមុត សាខន, ០២នាក់នៅទីក្រុងបាងកក និងម្នាក់ទៀតនៅ អយុធ្យា, រ៉ានុង និង នុនថាបូរី ។ សូមជម្រាបផងដែរថា គិតត្រឹមថ្ងៃទី៣០ ខែធ្នូនេះ នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺ Covid-19 សរុបចំនួន៦ពាន់៦៩០ករណី និងមានអ្នកស្លាប់៦១នាក់ ខណៈមនុស្ស៤ពាន់២១២នាក់ជាសះស្បើយឡើងវិញ ៕
-
សិង្ហបុរីផ្តើមចាក់វ៉ាក់សាំងលើពលរដ្ឋខ្លួនហើយ ជាវ៉ាក់សាំងអាមេរិកនិងអាល្លឺម៉ង់

បុគ្គលិកសុខាភិបាលជាន់ខ្ពស់ លោកស្រី Sarah Lim បានក្លាយជាមនុស្សដំបូងក្នុងប្រទេសសិង្ហបុរីដែលត្រូវបានចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ នាថ្ងៃពុធ ទី៣០ ធ្នូ ២០២០នេះ ជាមួយនឹងបុគ្គលិកសុខាភិបាលមើលថែលអ្នកជំងឺជាង៣០នាក់ទៀតដែរ ហើយពួកគេទទួលវ៉ាក់សាំងអាមេរិក Pfizer និង ក្រុមហ៊ុនអាល្លឺម៉ង់ BioNTech នេះ នៅមជ្ឈមណ្ឌលជាតិបង្ការជំងឺឆ្លង។ វ៉ាក់សាំងនេះត្រូវឲ្យចាក់ចំនួន២ដូស ឬ ២ដង ក្នុងពេល២១ថ្ងៃ ដោយក្នុងនោះ បន្ទាប់ពីចាក់នៅថ្ងៃនេះ គឺនឹងត្រូវចាក់ម្តងទៀត នាថ្ងៃទី២០ មករា ឆ្នាំ២០២១។ វ៉ាក់សាំង Pfizer-BioNTech មិនតម្រូវឲ្យចាក់លើស្ត្រីមានផ្ទៃពោះទេ បច្ចុប្បន្ននេះ ហើយកុមារអាយុក្រោម១៦ឆ្នាំក៏មិនទាន់ឲ្យចាក់ដែរ។ វ៉ាក់សាំងទាំងនេះបានមកដល់សិង្ហបុរី កាលពីថ្ងៃទី២១ ធ្នូ ធ្វើឲ្យសង្ហបុរីបានក្លាយជាប្រទេសនៅអាស៊ីដំបូងគេ ទទួលវ៉ាក់សាំងអាមេរិកនិងអាល្លឺម៉ង់នេះ៕
-
វីរុស COVID-19 ទម្រង់ថ្មីឆ្លងរាលដាលដល់រដ្ឋ ខូឡូរ៉ាដូ របស់សហរដ្ឋអាមេរិកហើយ

អាមេរិក៖ អភិបាលរដ្ឋខូឡូរ៉ាដូលោក ហ្សារែដ ផូលីស នៅថ្ងៃអង្គារនេះបញ្ជាក់ថា រដ្ឋរបស់លោកបានប្រកាសពីការរកឃើញអ្នកឆ្លងវីរុស COVID-19 ទម្រង់ថ្មីលើកដំបូង ឬគេស្គាល់ថា B117 ដែលត្រូវបានរកឃើញមុនគេនៅអង់គ្លេស នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។ អភិបាលរដ្ឋខូឡូរ៉ាដូ បានបញ្ជាក់ទៀតថា អ្នកឆ្លងវីរុស Covid-19 ទម្រង់ថ្មីនេះ គឺជាបុរសម្នាក់មានអាយុប្រហែល២០ឆ្នាំ ហើយបច្ចុប្បន្នបុរសរូបនេះ កំពុងស្ថិតនៅដាច់ដោយឡែកពីគេក្នុងតំបន់ អ៊ែលប៊ឺត ខោនធី និងមិនមានប្រវត្តិធ្វើដំណើរឡើយ ។ សូមជម្រាបថា ករណីឆ្លងវីរុស COVID-19 ទម្រង់ថ្មីនៅក្នុងរដ្ឋ ខូឡូរ៉ាដូ គឺជាករណីឆ្លងដំបូងបំផុតនៅក្នុងសហរដ្ឋអាមេរិក ហើយអាជ្ញាធរកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកអ្នកដែលធ្លាប់មានទំនាក់ទំនងដោយផ្ទាល់ជាមួយបុរសរូបនេះ ៕
-
កូវីដ១៩៖ កម្ពុជាឆ្លងកាត់វិញ្ញាសាធំបំផុតទី៣ដោយជោគជ័យម្តងទៀត!

-
ប្រទេសបេឡារូស និងអាហ្សង់ទីនចាប់ផ្តើមចាក់វ៉ាក់សាំង Sputnik V របស់រុស្ស៊ីក្នុងទ្រង់ទ្រាយធំ

បេឡារូស៖ បេឡារូស និងអាហ្សង់ទីនបានចាក់វ៉ាក់សាំង Covid-19 ទ្រង់ទ្រាយធំជាមួយនឹងវ៉ាក់សាំងផលិតនៅរុស្ស៊ីឈ្មោះ Sputnik V នៅថ្ងៃអង្គារនេះ ដោយក្លាយជាប្រទេសដំបូងគេនៅខាងក្រៅប្រទេសរុស្ស៊ី ដែលបានចាក់វ៉ាក់សាំងនេះ នេះបើតាមសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។ វ៉ាក់សាំង Sputnik V ជុំដំបូងបានទៅដល់អតីតសាធារណរដ្ឋសូវៀត បេឡារូសកាលពីថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងបានចាប់ផ្តើមភ្លាមៗតែម្តង ។ រដ្ឋមន្ត្រីសុខាភិបាលបេឡារូសលោក ឌីមេទ្រី ភីនេវិច បញ្ជាក់ថា ដំណាក់កាលថ្មីចាប់ផ្តើមនៅបេឡារូសថ្ងៃនេះ ជាមួយនឹងការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំប្រឆាំងនឹង Covid-19 ។ បុគ្គលិកពេទ្យ គ្រូបង្រៀន និងអ្នកដែលទាក់ទងមនុស្សជាច្រើនដោយសារតែការងាររបស់ពួកគេនោះ នឹងក្លាយជាអ្នកដំបូងគេត្រូវចាក់វ៉ាក់សាំង… ការចាក់វ៉ាក់សាំងនឹងធ្វើឡើងដោយស្ម័គ្រចិត្តទាំងស្រុង ៕
-
លោក ប្រាយុទ្ធ ចាន់អូចា ជំរុញអោយពលរដ្ឋខ្លួនស្នាក់នៅផ្ទះនាឱកាសថ្ងៃឈប់សម្រាកដាច់ឆ្នាំ ដើម្បីទប់ស្កាត់ Covid-19

ថៃ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារនេះ បានធ្វើការជំរុញអោយប្រជាជនខ្លួនស្នាក់នៅក្នុងផ្ទះអំឡុងថ្ងៃឈប់សម្រាកដាច់ឆ្នាំ ដើម្បីទប់ស្កាត់ការកើនឡើងយ៉ាងគំហុកនៃករណីឆ្លងវីរុស Covid-19 នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។ លោក ប្រាយុទ្ធ បានបង្ហោះសារនៅលើហ្វេសបុកផ្លូវការរបស់ខ្លួនថា យើងទំនង ជារៀបចំការអបអរសាទរឆ្លងឆ្នាំថ្មីនៅក្នុងផ្ទះសម្រាប់ឆ្នាំនេះ ជាមួយនឹងការកំណត់ចំនួនមនុស្ស ។ ជាមួយនឹងការបន្តកើនឡើងចំនួនអ្នកឆ្លង Covid-19 ថ្មីៗនៅតាមបណ្តាខេត្តជាច្រើន ដែលរួមមានទាំងទីក្រុងបាងកកផងនោះ នាយករដ្ឋមន្រ្តីថៃរូបនេះថែមទាំងបានសង្កត់ធ្ងន់ទៀតថា ប្រជាជនទាំងអស់គួរតែធ្វើដំណើរនៅក្នុងករណីចាំបាច់ប៉ុណ្ណោះ ។ ទន្ទឹមគ្នានេះ ក្រុមមន្ត្រីថៃក៏បានប្រកាសពីការរឹតត្បិតថ្មីនៅក្នុងទីក្រុងបាងកក ផងដែរ ក្នុងនោះរួមមានការបិទទីតាំងកម្សាន្តសប្បាយខ្លះ ក្នុងអំឡុងពេលឈប់សម្រាកដាច់ឆ្នាំ នៅពេលករណីឆ្លងជំងឺកូវីដ១៩បន្តកើនឡើង ក្រោយការផ្ទុះជំងឺនៅខេត្តក្បែរខាងនោះកាលពីជាងមួយសប្តាហ៍មុន ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៨២លាននាក់ ក្នុងនោះស្លាប់ជាង១លាន៧៩ម៉ឺននាក់ និងជាសះស្បើយជាង៥៨លាន៣៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៨២លាន៣២ម៉ឺន២ពាន់១៧០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៧៩ម៉ឺន៦ពាន់២៩២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥៨លាន៣៣ម៉ឺន១ពាន់៤៤៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៩លាន៩៧ម៉ឺន៧ពាន់៧០៤នាក់ ស្លាប់ចំនួន៣៤ម៉ឺន៦ពាន់៥៧៩នាក់ និងជាសះស្បើយចំនួន១១លាន៨៤ម៉ឺន៤ពាន់៤៧២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន២៤ម៉ឺន៥ពាន់៣២៦នាក់ ស្លាប់ចំនួន១៤ម៉ឺន៨ពាន់៤៧៥នាក់ និងជាសះស្បើយ៩លាន៨៣ម៉ឺន៣ពាន់៣៣៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៧លាន៥៦ម៉ឺន៤ពាន់១១៧នាក់ ស្លាប់១៩ម៉ឺន២ពាន់៧១៦នាក់ និងជាសះស្បើយ៦លាន៦៤ម៉ឺន៧ពាន់៥៣៨នាក់ ៕
-
ក្រសួងទេសចរណ៍អនុញ្ញាឲ្យមានការដើរកម្សាន្តក្នុងឱកាសឆ្លងឆ្នាំសកល តែត្រូវអនុវត្តន៍តាមវិធានសុវត្ថិភាពជាដាច់ខាត់ ពិសេសគម្លាតសុវត្ថិភាព

ខណៈឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ នឹងចូលមកដល់នៅថ្ងៃស្អែក លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ពីការអនុញ្ញាតបើកឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងអាចធ្វើដំណើរកម្សាន្តវិញបាន។ ប៉ុន្តែលោករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ភ្ញៀវទេសចរ ក៏ដូចជាម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសគឺត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នាជាចាំបាច់។ បើតាមលោករដ្ឋមន្ត្រី ថោង ខុន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងអាចចេញធ្វើដំណើរកម្សាន្តនៅតាមគ្រប់គោលដៅទេសចរណ៍នៅទូទាំងប្រទេស ទាំងទីក្រុង ទីប្រជុំជន និងគោលដៅទេសចរណ៍បេតិកភណ្ឌ សហគមន៍ទេសចរណ៍ តំបន់អេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋានជាដើម។ ចំពោះការអនុវត្តការការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងចំពោះការឆ្លងរីករាលដាលជំងឺកូវីដ-១៩ គ្រប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ម្ចាស់មូលដ្ឋានអាជីវកម្ម និងប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវធ្វើឱ្យបានល្អប្រសើរជាងការអនុវត្តកាលពីមុនព្រឹត្តិការណ៍ ៣ វិច្ឆិកា និងព្រឹត្តិការណ៍សង្គម ២៨ វិច្ឆិកា។ តាមការព្យាករណ៍បឋមរបស់ក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២០នេះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុង ទេសចរជាតិ និងភ្ញៀវបរទេសផ្ទៃក្នុងអាចមានចំនួនប្រមាណ ៩ លាននាក់ ដែលថយចុះប្រមាណ ២០% បើធៀបនឹងឆ្នាំ២០១៩៕
-
ប្រជាពលរដ្ឋខ្មែរ១០១នាក់ វិលចូលប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ខេត្តបន្ទាយមានជ័យ

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង ៣រសៀលថ្ងៃ២៩ធ្នូឆ្នាំ២០២០ ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង កូវីដ-១៩។ ក្នុងការបិទច្រកនោះ ភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ ហើយពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ អាចវិលត្រឡប់ចូលប្រទេសរៀងៗខ្លួនបាន។ ចំណែកឯពលរដ្ឋខ្មែរ ដែល វិលពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ មានចំនួន ១០១នាក់ ស្រី ៣៩នាក់។ ពួកគេ ត្រូវបានអជ្ញាធរដឹកជញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅតាមទីតាំងដែលអាជ្ញារចាត់ចែង៕កឹម ទៀង