-
World Bank: ការបង្កើននវានុវត្តន៍រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញស្តារសេដ្ឋកិច្ច នៅអាស៊ីបូព៌ា
ការបង្កើននវានុវត្តន៍មានសារសំខាន់ក្នុងការរួមចំណែកសម្រាប់កំណើនផលិតភាព និងវឌ្ឍនភាពសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ក្នុងការអភិវឌ្ឍប្រទេស តំបន់អាស៊ីបូព៌ា រួមមាន ប្រទេសកម្ពុជា ចិន ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម ដែលជាប្រទេសមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងពិភពលោក ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក World Bank ។ ប្រទេសបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ាទាំងនេះ មានកំណត់ត្រាគួរឱ្យកត់សម្គាល់នៃកំណើនប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ។ ប៉ុន្តែកំណើនផលិតភាពថយចុះ ភាពមិនប្រាកដប្រជានៅក្នុងពាណិជ្ជកម្មពិភពលោក និងភាពជឿនលឿនផ្នែកបច្ចេកវិទ្យាកំពុងបង្កើនតម្រូវការក្នុងការផ្លាស់ប្តូរទៅរកផលិតកម្មថ្មី និងប្រសើរជាងមុនដើម្បីទ្រទ្រង់ដល់ដំណើរការសេដ្ឋកិច្ចរក្សាបានសម្ទុះទៅមុខ។ នៅក្នុងគោលដៅជួយដល់អ្នកតាក់តែងគោលនយោបាយ ឆ្លើយតបទៅនឹងភាពប្រឈមខាងលើនេះ របាយការណ៍ឈ្មោះថា “ភាពចាំបាច់នៃនវានុវត្តន៍សម្រាប់តំបន់អាស៊ីបូព៌ាកំពុងអភវិឌ្ឍ” (The Imperative for Developing East Asia) បានពិនិត្យមើលស្ថានភាពនវានុវត្តន៍នៅក្នុងតំបន់ វិភាគឧបសគ្គធំៗដែលបណ្តាក្រុមហ៊ុនកំពុងជួបប្រទះនៅក្នុងកិច្ចខិតខំធ្វើនវានុវត្តន៍ និងលើកឡើងនូវរបៀបវារៈសម្រាប់ផែនការមួយឈានទៅជំរុញកំណើនដែលយកនវានុវត្តន៍ជាមូលដ្ឋាន។ លោកស្រី វិចតូរីយ៉ា ក្វាក្វា Victoria Kwakwa អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក បានមានប្រសាសន៍ថា៖«ការរាតត្បាតជំងឺកូវីដ-19 ការប្រែប្រួលអាកាសធាតុ អមដោយបរិយាកាសសកលលោក ដែលប្រែប្រួលឥតឈប់ឈរ បានញ៉ាំងឱ្យមានភាពបន្ទាន់សម្រាប់រដ្ឋាភិបាលនៅក្នុងតំបន់ ធ្វើការខិតខំបង្កើននវានុវត្តន៍…
-
Facebook គ្រោងចាយលុយ 1 ពាន់លានដុល្លារដើម្បីវិនិយោគលើវិស័យសារព័ត៌មាន
បរទេស៖ក្រោយជម្លោះគ្នាមួយរយៈជាមួយនឹងរដ្ឋាភិបាលអូស្ត្រាលីលើបញ្ហាបង់លុយសម្រាប់មាតិកាព័ត៌មានរួចមកនោះកាលពីថ្ងៃពុធម្សិលមិញនេះក្រុមហ៊ុន Facebook បានធ្វើការប្រកាសជាផ្លូវការថានឹងចាយលុយប្រមាណជា 1ពាន់លានដុល្លារនៅក្នុងកិច្ចការងារគាំទ្រទៅដល់វិស័យសារព័ត៌មាន។ លោក Nick Clegg ប្រធានផ្នែកកិច្ចការងារសកលរបស់ក្រុមហ៊ុនបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្រុមហ៊ុនមានបំណងធំដើម្បីអាចគាំទ្រដល់វិស័យសារព័ត៌មាន ប៉ុន្តែនៅតែបានបញ្ជាក់អំពីក្តីបារម្ភចំពោះបញ្ហាបង់លុយទៅដល់អង្គភាពសារព័ត៌មានទាំងឡាយដដែលនៅឡើយ។ សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងនៅក្រោយពេលដែល Facebook បានឈានទៅដល់ការភ្ជាប់ទំនាក់ទំនងគ្នាឡើងវិញជាមួយនឹងរដ្ឋាភិបាលអូស្ត្រាលីពាក់ព័ន្ធទៅនឹងមាតិកាព័ត៌មានថ្មីហើយលោក Clegg បានបន្តទៀតថា៖ Facebook គឺពិតមានការប្តេជ្ញាចិត្តខ្លាំងដើម្បីធ្វើការសហការជាមួយនឹងក្រុមហ៊ុនសារព័ត៌មាន និងអ្នកបោះពុម្ពផ្សាយព័ត៌មានថ្មីៗផងដែរ។ Clegg ក៏បាននិយាយដែរថា៖យើងទទួលស្គាល់យ៉ាងច្បាស់នូវវិជ្ជាជីវៈសារព័ត៌មានដែលវាគឺជាបេះដូងនៃរបៀបដែលសង្គមកំពុងមានដំណើរការរាល់ថ្ងៃ។ការផ្តល់ព័ត៌មាន និងផ្តល់អំណាចដល់ពលរដ្ឋដែលជាអ្នកមានអំណាចបំផុតក្នុងការគិតពិចារណា និងសម្រេចចិត្ត។ រំលឹកឡើងវិញដែរថាចុងក្រោយនៃជម្លោះរវាង Facebook និងអូស្ត្រាលីនោះបណ្តាញសង្គមយក្សបានសម្រេចបិទចោលទាំងអស់នូវមាតិកាព័ត៌មានទាំងឡាយរបស់អូស្ត្រាលីទៅកាន់អ្នកប្រើប្រាស់ ឬសូម្បីតែចែករំលែកបន្តមុននឹងបានសម្រេចចិត្តប្តូរចិត្តមកវិញ។ គួរឲ្យដឹងដែរថាFacebook ត្រូវបានគេដឹងដែរថាបានចាយលុយដែលខ្លួនប្រមូលបានពីការផ្សព្វផ្សាយមាតិកាព័ត៌មានប្រមាណជា 407 លានដុល្លារទៅឲ្យក្រុមអ្នកផលិតសារព័ត៌មានទាំងអស់នៅក្នុងប្រទេសកាលពីឆ្នាំទៅ ប៉ុន្តែតែងតែទទួលបានការរិះគន់ចំពោះការចែករំលែកប្រាក់ចំណេញនេះពីសំណាក់រដ្ឋាភិបាលអូស្ត្រាលី៕
-
ធនាគារពិភពលោក ៖ ស្ត្រីកម្ពុជាមានចំណាត់ថ្នាក់ខ្ពស់ជាងមធ្យមភាគក្នុងល័ក្ខខ័ណ្ឌជំនួញ និងច្បាប់
ធនាគារពិភពលោក WorldBank បានបង្ហាញនៅក្នុងរបាយការណ៍ថាស្ត្រីកម្ពុជាមានចំណាត់ថ្នាក់ខ្ពស់ជាងមធ្យមភាគសម្រាប់សេដ្ឋកិច្ច មានប្រាក់ចំណូលទាបមធ្យម នៅពេលនិយាយពីជំនួញ និងច្បាប់។ នៅក្នុងរបាយការណ៍ដែលចេញផ្សាយនៅទីក្រុងវ៉ាស៊ីនតោន WB បាននិយាយថាប្រទេសកម្ពុជាទទួលបាន 75 ពិន្ទុក្នុងចំណោម 100 ពិន្ទុដែលអាចធ្វើទៅបាន ពោលគឺទាបជាងប្រទេសហ្វីលីពីនបន្តិច (78,8 ពិន្ទុ) និងថៃ (78,1 ពិន្ទុ) របាយការណ៍បាននិយាយថាជាមធ្យម សម្រាប់ស្ត្រី មកពីសេដ្ឋកិច្ចដែលមានប្រាក់ចំណូលទាបមធ្យម គឺ 70,8 ពិន្ទុ។ ស្ត្រីកម្ពុជាមានចំណាត់ថ្នាក់ខ្ពស់ជាងស្ត្រីនៅឥណ្ឌូនេស៊ី (64,4 ពិន្ទុ) មីយ៉ាន់ម៉ា (58,8 ពិន្ទុ) ប្រ៊ុយណេ (53,1ពិន្ទុ) និងម៉ាឡេស៊ី (50,0 ពិន្ទុ) ។ប្រទេសអាស៊ានដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេគឺប្រទេសឡាវ (88,1ពិន្ទុ) សិង្ហបុរី (82,5ពិន្ទុ) និងវៀតណាម (81,9 ពិន្ទុ) ។ស្ត្រីកម្ពុជាទទួលបានពិន្ទុ 100 ពេញលេញសម្រាប់សូចនាករចំនួន 4 គឺសេរីភាពក្នុងការដើរហើរច្បាប់ដែលជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់ស្ត្រី ក្នុងការធ្វើការចាប់ផ្តើម និងបើកអាជីវកម្ម និងទ្រព្យសម្បត្តិ និងមរតក។ កម្ពុជាក៏ទទួលបានពិន្ទុល្អផងដែរសម្រាប់ស្ត្រីដែលអាចរៀបការបាន (80 ពិន្ទុ)…
-
សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរតាមច្រកព្រំដែនជួយសម្រួលដល់ការដឹកជញ្ជូនទំនិញពាណិជ្ជកម្មរវាងពលរដ្ឋកម្ពុជា និងប្រទេសជិតខាង
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញបទបញ្ជាបន្ទាន់ដល់បណ្តាអាជ្ញាធរនៅតាមព្រំដែន ត្រូវជួយសម្រួលដល់ប្រជាពលរដ្ឋកម្ពុជាដែលជាអាជីវករ និងពាណិជ្ជករក្នុងការដឹកទំនិញចេញទៅប្រទេសជិតខាងជៀសវាងធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងខាតបង់ប្រយោជន៍ចំពោះសេដ្ឋកិច្ចកម្ពុជាបន្ថែមពីលើបញ្ហាកូវីដ19 ដែលកំពុងកើតមាន។ សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2021នេះបានមានប្រសាសន៍ថា «ខ្ញុំសុំឱ្យក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏ដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដកនូវបទបញ្ជានេះចេញវិញដើម្បីសម្រួលឱ្យប្រជាជននៅតាមព្រំដែនរកស៊ីធម្មតា ហើយមិនត្រឹមតែរកស៊ីធម្មតានោះទេ ខែនេះជាខែប្រមូលផលត្រូវខិតខំឱ្យប្រជាជនអាចនាំចេញទៅបានកាន់តែច្រើនកាន់តែល្អ មិនអាចឱ្យខាងថៃដឹកទំនិញចូលមកក្នុងប្រេសយើងបាន ប៉ុន្តែមិនឱ្យប្រជានខ្មែរយើងដឹកទំនិញចេញទៅប្រទេសថៃ។ ជាមួយវៀតណាមក៏ដូចគ្នាដែរ ខ្ញុំសូមបញ្ជាក់ឡើងវិញ អ្វីដែលជាគោលបំណងរបស់យើង គឺគ្រប់គ្រងប្រជាពលរដ្ឋដើម្បីការធ្វើចត្តាឡីស័ក ក៏ប៉ុន្តែការធ្វើពាណិជ្ជកម្មតាមព្រំដែននៅតែធ្វើធម្មតា។ ខ្ញុំសុំឱ្យបណ្តាខេត្តនៅតាមព្រំដែនទាំងអស់យកចិត្តទុកដាក់ការទទួលខុសត្រូវដើម្បីនឹងចាត់វិធានការធ្វើយ៉ាងណាឱ្យប្រជាជននៅតែអាចបន្តរកស៊ីជាមួយប្រទេសជិតខាងបាន ហើយដែលមានការជួយសម្រួលពីអាជ្ញាធររបស់យើងផង»។ សម្ដេចថា កូវីដវាបានបំផ្លាញយើងហើយ មិនអាចឱ្យមានការបំផ្លាញខាងផ្នែកសេដ្ឋកិច្ចបន្ថែមទៀតទេ ខ្ញុំសុំស្នើឱ្យសម្ដេចក្រឡាហោម បញ្ជាក់ឱ្យខ្ញុំ តើអគ្គនាយកដ្ឋានអន្តោរប្រវេសន៍បានចេញបញ្ជាបែបនេះទៅកាន់កន្លែងណាខ្លះ សូមឱ្យដកថយនូវបទបញ្ជានេះវិញ ព្រោះថាទំនិញវាអត់មានជំងឺកូវីដទេ ទំនិញយើងដឹកចូលទៅប្រទេសថៃ ឬដឹកទៅវៀតណាម ឬវៀតណាមដឹកមកកម្ពុជា ថៃដឹកមកកម្ពុជា វាអត់មានជំងឺកូវីដនៅនឹងទំនិញនោះទេ បញ្ហាសំខាន់របស់យើង គឺយើងខិតខំពង្រឹងគ្រប់គ្រងការធ្វើចត្តាឡីស័កតែប៉ុណ្ណោះ ចឹងទេ សូមឱ្យយកចិត្តទុកដាក់ទៅលើការពង្រឹងនូវការធ្វើចត្តាឡីស័កប្រជាពលរដ្ឋ ប៉ុន្តែត្រូវបង្កលក្ខណៈសម្បត្តិឱ្យប្រជាពលរដ្ឋបានទទួលការរកស៊ីនៅតាមព្រំដែនកាន់តែធំទៅៗ ព្រោះការរកស៊ីរបស់យើងក៏ត្រូវពឹងពាក់ទៅលើទីផ្សារជិតខាង ហើយខាងមិត្តជិតខាងក៏មានការពឹងពាក់នាំមកកាន់យើងក៏ច្រើន ដូច្នេះសូមបន្តលើបញ្ហានេះឱ្យបានច្បាស់លាស់ជៀសវាងភ័ន្តច្រឡំ ហើយការចេញបទបញ្ជាណាមួយទាក់ទងនឹងព្រំដែនសូមមេត្តឱ្យខ្ញុំបានដឹងផង…
-
ក្រុមហ៊ុនប្រេងឥន្ធនៈជាតិថៃ PTT វិនិយោគប្រាក់ជាង 50 ពាន់លានដុល្លារទោះបីខាតបង់កាលពីឆ្នាំទៅក្តី
បរទេស ៖យោងតាមការចេញផ្សាយរបស់កាសែតចិនដេលីនៅថ្ងៃពុធនេះបានឲ្យដឹងថាក្រុមហ៊ុនប្រេង និងហ្គាសដ៏ធំបំផុតរបស់ប្រទេសថៃ PTT បានប្រកាសក្នុងការបញ្ចេញប្រាក់ចំណាយដើមទុនរហូតទៅដល់ 27 ពាន់លានដុល្លារទៅដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនសម្រាប់កិច្ចការងារអភិវឌ្ឍអាជីវកម្មស្រាប់ និងថ្មីក្នុងរយៈពេល 5 ឆ្នាំខាងមុខទៀត។ ការបញ្ចេញប្រាក់វិនិយោគថ្មីក្នុងទំហំដ៏ច្រើនបែបនេះត្រូវបានគេមើលឃើញដែរថាបានធ្វើឡើងនៅក្រោយពេលដែល PTT ទើបតែបានប្រកាសថាក្រុមហ៊ុនបានខាតបង់ប្រាក់ចំណូល និងប្រាក់ចំណេញយ៉ាងច្រើនកាលពីឆ្នាំទៅ។ លើសពីនេះ PTT ក៏បានប្រកាសដែរថាគឺបានត្រៀមកញ្ចប់ប្រាក់វិនិយោគបន្ថែមប្រមាណជា 26.8ពាន់លានដុល្លារផងដែរទៅលើគម្រោង និងផែនការផ្សេងទៀតដែលនឹងមិនបានធ្វើទុកជាមុនដើម្បីអាចបង្កើតឱកាសក្នុងការបង្កើនកម្រិតអាជីវកម្មរបស់ខ្លួនពាក់ព័ន្ធទៅនឹងវិស័យបច្ចេកវិទ្យានេះបើយោងតាមការបញ្ជាក់របស់ប្រធានប្រតិបត្តិនិងគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនគឺលោក Auttapol Rekpiboon។ លោកបន្តថាការចំណាយដើមទុនថ្មីនេះត្រូវបានធ្វើឡើងក៏អាស្រ័យផងដែរទៅលើតម្លៃប្រេងសាំងនៅក្នុងឆ្នាំនេះ។ប្រេងរបស់ឌុបៃនឹងរំពឹងទុកថានឹងអាចមានតម្លៃចន្លោះពី 55 ទៅ 60 ដុល្លារក្នុងមួយបារ៉ែលខណៈដែលហ្គាសនិងប្រេងម៉ាស៊ូតអាចនឹងមានតម្លៃពី 62 ទៅ 67 ដុល្លារក្នុងមួយបារ៉ែល។ PTT មានផែនការក្នុងការចំណាយលុយផ្នែកខាងលើនេះទៅលើកិច្ចការងារអភិវឌ្ឍនិងកសាងរោងចក្រចម្រាញ់ហ្គាស និងរោងចក្រទី2របស់ខ្លួនដែលប្រើប្រាស់សម្រាប់ទទួល និងស្តុកហ្គាសផង និងក៏ដូចជាគាំទ្រទៅដល់សកម្មភាព និងផែនការមួយចំនួនដែលអាចជួយសម្រួលដល់កិច្ចការងារធ្វើពាណិជ្ជកម្មផលិតផលហ្គាសរបស់ខ្លួនផង។ សម្រាប់ការងារផ្នែកស្រាវជ្រាវ និងជីកយករ៉ែហ្គាស់វិញ PTT ដោយមានក្រុមហ៊ុនបុត្រសម្ព័ន្ធ PTT Exploration and Production នឹងទទួលខុសត្រូវក្នុងការស្រាវជ្រាវរកទីតាំង និងធនធានហ្គាសថ្មីៗប៉ុន្តែក៏ត្រូវចាំបាច់កាត់បន្ថយអាជីវកម្មដោយផ្អែកទៅលើប្រេងឆៅទាំងស្រុងផងដែរ ពីព្រោះថានិន្នាការបស់ពិភពលោកបច្ចុប្បន្ននឹងមានការប្រែប្រួល ជាពិសេសទៅលើបញ្ហាបម្រែបម្រួលអាកាសធាតុនោះ។ គួរឲ្យដឹងដែរថាតួលេខលក់ប្រេងឆៅរបស់ PTT នឹងត្រូវរំពឹងទុកថាមានការធ្លាក់ចុះពីចន្លោះ 20 ទៅ 37 ភាគរយនៃចំនួនលក់សរុប…
-
ទំហំពាណិជ្ជកម្មរវាងឥណ្ឌា និងចិននៅតែខ្លាំងទោះបីជាស្ថានភាពទំនាក់ទំនងនៅតែបន្តភាពតានតឹង
បរទេស៖ ទោះបីជាជម្លោះព្រំដែនរវាងប្រទេសចិន និងឥណ្ឌាត្រូវបានគេមើលឃើញថា បាន និងបន្តកើនឡើងកំដៅខ្លាំងយ៉ាងណាក្ដី ប៉ុន្តែបើក្រឡេកទៅមើលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាលពីឆ្នាំកន្លងទៅវិញគឺនៅតែមានចំនួនច្រើនដដែល។ ប្រទេសចិននៅតែជាប់ឈ្មោះជាប្រទេសដៃគូពាណិជ្ជកម្មដែលឈរនៅលំដាប់ទី1សម្រាប់ឥណ្ឌាដដែលទោះបីជាការប៉ះទង្គិចគ្នាយ៉ាងខ្លាំងកាលពីឆ្នាំកន្លងទៅ រហូតមានទាំងស្លាប់ និងរបួស ហើយក្រុមហ៊ុនបច្ចេកវិទ្យាចិនជាង 200 ត្រូវបានរងបំរាមនៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌាចាប់តាំងតែពីពេលនោះមក។ ជាមួយគ្នានេះគេបានមើលឃើញថាវាមិនអាចបញ្ចប់ទៅនៃប្រតិបត្តិការអាជីវកម្មរបស់ចិនបាននោះទេបើប្រៀបធៀបទៅនឹងដៃគូពាណិជ្ជកម្មដទៃទៀត សូម្បីតែអាមេរិកក៏ដោយ។ ពាណិជ្ជកម្មរវាងគ្នាទៅវិញទៅមកនៃប្រទេសសេដ្ឋកិច្ចយក្សទាំងពីរកាលពីឆ្នាំកន្លងទៅមានទំហំរហូតទៅដល់77.7ពាន់លានដុល្លារ។ តួលេខទំហំពាណិជ្ជកម្មក្នុងឆ្នាំ2020មានកម្រិតទាបជាងតួលេខកាលពីឆ្នាំ2019បន្តិច ពោលគឺមានទៅដល់85.5ពាន់លានដុល្លារ ប៉ុន្តែគេអាចមើលឃើញថាចិននៅតែជាប់ឈ្មោះជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ឥណ្ឌា ដោយការនាំចូលសរុបពីប្រទេសចិនមានទំហំរហូតទៅដល់58.7ពាន់លានដុល្លារដែលមានទំហំច្រើនជាងគេការនាំចូលពីអាមេរិក និងសហភាពអ៊ឺរ៉ាប់រួមបញ្ចូលគ្នាផង។ រំលឹកដែរថាកាលពីខែមិថុនាឆ្នាំកន្លងទៅជម្លោះនៃប្រទេសទាំងពីរបានឈានទៅដល់ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាតាមបណ្តោយព្រំដែននៃជួរភ្នំហិមាល័យដែលជាលទ្ធផលគេបានដឹងថាទាហានរបស់ឥណ្ឌាយ៉ាងហោចណាស់20នាក់បានបាត់បង់ជីវិតខណៈដែលយោធាចិនបាត់បង់ជីវិតចំនួន 4 នាក់ផងដែរ។ ជាការឆ្លើយតប ក្រោយការប៉ះទង្គិចគ្នាមួយប្រាវ រដ្ឋាភិបាលឥណ្ឌាបានឈានទៅដល់ការបញ្ចប់ទាំងស្រុងនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិនជាង 200ក្រុមហ៊ុន ដែលរួមមានទាំង TikTok និង WeChat ជាដើមផងដែរ៕
-
ការនាំចេញរបស់ថៃកើនឡើងតិចជាងការរំពឹងទុកសម្រាប់ខែមករាកន្លងទៅនេះ
បរទេស៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃនោថ្ងៃអង្គារម្សិលមិញនេះបានធ្វើការបង្ហាញថាទំហំនៃការនាំចេញរបស់ខ្លួនសម្រាប់ខែមករាកន្លងទៅនេះមានអត្រាកើនឡើងត្រឹមតែ 0.35 ភាគរយប៉ុណ្ណោះធៀបទៅនឹងតួលេខកាលពីឆ្នាំ2020 ប៉ុន្តែនឹងអាចបន្តកើនឡើងខ្លាំងជាងនេះនៅខែបន្ទាប់ខណៈដែលសេដ្ឋកិច្ចសកលកំពុងងើបឡើងវិញ។ ការនាំចេញដែលត្រូវបានគេដឹងថាគឺជាកូនសោរដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងដល់ទៅ 4 ភាគរយសម្រាប់ឆ្នាំនេះនៅក្រោយពេលដែលវាបានធ្លាក់ចុះប្រមាណជា 6.01 ភាគរយរួចទៅហើយកាលពីឆ្នាំ 2020។ យោងតាមមន្ត្រីជំនាញម្នាក់របស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា កត្តាគាំទ្រមួយចំនួនដូចជាការបន្តធ្វើការវាស់វែងទៅលើតំបន់មួយចំនួនព្រមទាំងការចែកចាយវ៉ាក់សាំងផង ជាពិសេសការដឹកជញ្ជូនតាមនាវានឹងអាចជួយឲ្យទំហំនាំចេញរបស់ថៃកើនឡើងវិញនៅក្នុងខែមិថុនាខាងមុខ។ មន្ត្រីរូបនេះបានបញ្ជាក់ទៀតថាការនាំចេញរបស់ថៃនឹងអាចកើនឡើងចន្លោះពី 3 ទៅ 5 ភាគរយនៅក្នុងពាក់កណ្តាលឆមាសទីដំបូងឆ្នាំនេះនិងបន្តពី 3 ទៅ 4ភាគរយសម្រាប់ឆមាសបន្ទាប់។កំណើននៃការនាំចេញនេះផងដែរក៏ត្រូវបានគេមើលឃើញថាមានចំនួនតិចជាងការព្យាករណ៍របស់រ៉យទ័រប្រមាណជា 1.85 ភាគរយ និងយឺតជាងកំណើនកាលពីខែធ្នូដល់ទៅ 4.71 ភាគរយផងដែរ។ កាលពីខែមករានោះផងដែរការនាំចេញរថយន្ត និងគ្រឿងបន្លាស់រថយន្តព្រមទាំងកំព្យូទ័រ និងផលិតផលកៅស៊ូផងគឺសុទ្ធតែមានការកើនឡើងបានបន្តិចដូចគ្នា ប៉ុន្តែសម្រាប់មាសវិញគឺបានធ្លាក់ចុះរហូតទៅដល់ 90.3 ភាគរយដោយសារតែតម្លៃរបស់វា ហើយបើដកផលិតផលមាសចេញការនាំចេញទាំងអស់នឹងគួរតែអាចមានកំណើនសរុបប្រមាណជា 6.27 ភាគរយ។ ក្នុងនោះគេសង្កេតឃើញដែរថា ទីផ្សារនាំចេញសំខាន់របស់ថៃដែលបានកើនឡើងនៅក្នុងខែមករានេះមានដូចជាទៅកាន់អាមេរិកកើនឡើង 12.4 ភាគរយធៀបទៅនឹងឆ្នាំមុនទៅកាន់ទីផ្សារចិនកើនឡើង 9.9 ភាគរយនិងទៅកាន់ទីផ្សារប្រទេសជប៉ុន 7.4 ភាគរយ។ សម្រាប់ការនាំចូលវិញនៅក្នុងខែមករានេះគេក៏បានដឹងដែរថាមានអត្រាធ្លាក់ចុះ 5.24 ភាគរយតិចជាងការរំពឹងទុកថានឹងធ្លាក់ចុះរហូតទៅដល់ 8.3 ភាគរយហើយជាលទ្ធផលវាមានចំនូនខុសគ្នាពីការនាំចូលប្រមាណជា 202 លានដុល្លារកាលពីក្នុងខែមករានេះ៕
-
បង្កើនការប្រុងប្រយ័ត្ន! ទីតាំងពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈកើនដល់47កន្លែងនៅទូទាំងរាជធានីភ្នំពេញ
ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍20កុម្ភៈ ដែលផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ19នៅក្នុងសហគមន៍រយៈពេល៣ថ្ងៃនេះ គិតត្រឹមរសៀលថ្ងៃទី23 ខែកុម្ភៈ ឆ្នាំ2021 មានទីតាំងចំនួន47កន្លែង ដោយក្នុងនោះមានទីតាំងមួយចំនួនត្រូវបានបិទបណ្តោះអាសន្នដើម្បីបញ្ជូនមនុស្សដែលពាក់ព័ន្ធទៅយកសំណាក និងតម្រូវធ្វើចត្តាឡីស័ករយៈពេល14ថ្ងៃ។ នៅរសៀលថ្ងៃដដែលនេះ ក្រសួងសុខាភិបាលបានអំពាវនាវ និងក្រើនរំលឹកសាជាថ្មីម្ដងទៀត សូមបងប្អូនប្រជាពលរដ្ឋទាំង អស់នៅទូទាំងប្រទេស និងជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវប្រកាន់យកនូវការប្រុង ប្រយ័ត្នខ្លួនជាប់ជានិច្ច គ្រប់គ្រងក្រុមគ្រួសារឲ្យបានល្អ និងចូលរួមអនុវត្តវិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្លួនគ្រប់ៗគ្នា។ ក្រសួងសុខាភិបាលបន្តថា តាមការរុករកស្រាវជ្រាវបានបង្ហាញថា ស្ថានភាពនៃការចម្លងក្នុងសហគមន៍នាពេលនេះ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ 28វិច្ឆិកា ហើយវិធានការ និងអន្តរាគមន៍នានា បានដាក់ចេញជាបណ្ដើរៗ គឺអាស្រ័យទៅតាមស្ថានភាពនៃការរកឃើញវត្តមានវីរុសកូវីដ-19 នៅតាមទីតាំងនីមួយៗ (Localized interventions) ដើម្បីទប់ស្កាត់ការចម្លងបន្តនូវវីរុសកូវីដ-19 នៅក្នុងសហគមន៍ទ្រង់ទ្រាយធំធេង។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សហការសាមគ្គីភាពគ្នា ជួយគ្នាទៅវិញទៅមក ចូលរួមអនុវត្តន៍ដោយម៉ឺងម៉ាត់នូវការដាក់ ចេញនូវវិធានការសុខាភិបាល។ សម្រាប់ទីតាំងដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍20កុម្ភៈ ទាំង47កន្លែងសូមពិនិត្យមើលនៅក្នុងតារាងដូចខាងក្រោម ៖
-
ប្រតិបត្តិករវិស័យអចលនទ្រព្យ បង្ហាញពីទីផ្សារអចលនវត្ថុ2ប្រភេទដែលលេចធ្លោជាងគេ
មិនថានៅក្នុងឆ្នាំចាស់ ឬឆ្នាំថ្មី 2021 នេះនោះទេ សកម្មភាពនៃការអភិវឌ្ឍន៍ក្នុងវិស័យសំណង់ និងអចលនទ្រព្យក្នុងប្រទេសកម្ពុជានៅតែបន្តមាន ជាពិសេសការអភិវឌ្ឍន៍ជាលំនៅដ្ឋាន2ប្រភេទផ្សេងគ្នា ដើម្បីដាក់បញ្ចូលក្នុងទីផ្សាររួម ខណៈដែលតម្រូវការជាក់ស្ដែងនៅតែមានអត្រាខ្ពស់នៅឡើយ។ លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបានមានប្រសាសន៍ប្រាប់ AMS ថា៖«នៅក្នុងឆមាសទី2ឆ្នាំនេះ វិស័យអចលនទ្រព្យ នឹងមានភាពប្រសើរឡើង វិញ។ បានន័យថា ពីមុនវាឈរនៅចំណុច100 អ៊ីចឹងវាធ្លាក់ដល់ត្រឹម20ភាគរយ (ក្នុងអំឡុងកូវីដ)ពេលវាងើបឡើងវិញដល់35ភាគរយ ឬ 50ភាគរយដែលត្រូវការចាយពេលជិត2ឆ្នាំទម្រាំមកដល់សភាពដើមរបស់វាវិញ»។ លោកប្រធានក្រុមប្រឹក្សាភិបាល បានបន្តថា តែកាលណាវាចាប់ផ្តើមល្អ មានប្រតិបត្តិការ ការសាងសង់ និងមានសកម្មភាពផ្សេងទៀត ដែលជំរុញឱ្យវិស័យសំណង់ និងងចលនទ្រព្យបានកើនខ្ពស់មុនកូវីដបញ្ចប់ នោះវិស័យដទៃទៀត ក៏កើនឡើងទៅតាមនោះដែរ។ តែក្នុង1ខែកន្លងមកនេះអ្វីដែលខ្ញុំបានសង្កតទៅលើសកម្មភាពក្នុងវិស័យអចលនទ្រព្យមាន 2ប្រភេទដែលលេចធ្លោជាងគេគឺ៖ ទី1- គឺសំណង់ផ្ទះធំៗក្នុងតំបន់ពាណិជ្ជកម្ម ៖ តាំងពីដើមមក វាតែងតែលេចធ្លោ វាជាប្រភេទអចលនទ្រព្យដែលមានប្រជាប្រិយភាព និងតម្រូវការខ្ពស់ ដែលអាចនិយាយបានថាជា«ផ្ការីកគ្រប់រដូវ»គឺមិនថាសេដ្ឋកិច្ចល្អ ឬសេដ្ឋកិច្ចមិនល្អទេ។ នោះគឺផ្ទះធំៗ លើផ្លូវធំៗ ផ្លូវជាយក្រុង ផ្លូវឯកឧត្តមជា សុផារ៉ា ផ្លូវ 271 ជាដើម ដែលគេអាចទិញមករស់នៅ…
-
ក្រុមហ៊ុនហិរញវត្ថុរបស់អឺរ៉ុបរាប់រយស្ថាប័នត្រៀមដំណើរការការិយាល័យរបស់ខ្លួននៅអង់គ្លេស
បរទេស ៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC នៅថ្ងៃអង្គារនេះបានឲ្យដឹងថាក្រុមហ៊ុនជំនាញហិរញ្ញវត្ថុរបស់អ៊ឺរ៉ុបប្រមាណជាង 1,000 គ្រឹះស្ថានត្រូវបានគេដឹងថា កំពុងត្រៀមខ្លួនរួចរាល់ក្នុងការបើកដំណើរការការិយាល័យរបស់ខ្លួននៅក្នុងប្រទេសអង់គ្លេសជាលើកដំបូង។ ប្រភពដដែលបានសរសេរទៀតថាក្រុមហ៊ុនជំនាញខាងគ្រប់គ្រងហិរញ្ញវត្ថុនិងពាក់ព័ន្ធសរុបដល់ទៅ 1,500 គឺបានដាក់ពាក្យស្នើសុំអង់គ្លេសក្នុងការបន្តដំណើរការប្រតិកម្មអាជីវកម្មរបស់ខ្លួននៅអង់គ្លេសដដែលនៅក្រោយពេលដែលប្រទេសមួយនេះត្រូវបានចាកចេញពីប្លុកអ៊ឺរ៉ុបជាផ្លូវការ។ ទោះបីជាយ៉ាងណាក្តីគេក៏បានដឹងដែរក្រុមហ៊ុនដែលធ្លាប់ដំណើរការនៅក្នុងប្រទេសអង់គ្លេសប្រមាណជា 2 ភាគ3 គឺមិនមានផែនការក្នុងការបន្តប្រតិបត្តិការរបស់ខ្លួនទៀតនោះទេនៅទីនេះ ប៉ុន្តែយោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Freedom of Information (FOI) បានរកឃើញថាទីក្រុងឡុងរបស់អង់គ្លេសគឺនៅស្ថិតជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់មួយដដែលសម្រាប់សកលលោក។ លោក Mike Johnson ប្រធាននៃក្រុមហ៊ុនផ្តល់ប្រឹក្សា Bovill បាននិយាយថា៖ក្រុមហ៊ុនអឺរ៉ុបភាគច្រើននឹងបើកការិយាល័យជាលើកដំបូងនៅអង់គ្លេសដែលនេះអាចមើលឃើញថាជាដំណឹងដ៏ល្អសម្រាប់ក្រុមហ៊ុនប្រឹក្សាជំនាញអង់គ្លេសនៅទូទាំងឧស្សាហកម្មទាំងមូលដោយក្នុងនោះមានរួមមានទាំងសេវាកម្មមេធាវី គណនេយ្យករ អ្នកពិគ្រោះយោបល់ និងអ្នជ្រើសរើសបុគ្គលិកជាដើមផងដែរ។ កន្លងមកក៏ធ្លាប់មានកើតឡើងនៃសេចក្តីព្រួយបារម្ភផងដែរថា តើវិស័យហិរញ្ញវត្ថុរបស់អង់គ្លេសនឹងអាចទទួលរងផលប៉ះពាល់យ៉ាងខ្លាំងក្រោយពេលការចាកចេញពីប្លុកអ៊ឺរ៉ុប ហើយជាលទ្ធផលកាលពីខែមុនទីក្រុងឡុងត្រូវបានដកចេញដោយទីក្រុងអាំស្តឺដាមរបស់ហូឡង់ពីមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំបំផុតរបស់អឺរ៉ុបដោយលើកឡើងថាអង់គ្លេសបានផ្លាស់ប្តូរគោលការណ៍ហិរញ្ញវត្ថុមួយចំនួនដែលមានលក្ខណៈខុសគ្នាពីអ្វីដែលខ្លួនកំពុងអនុវត្ត។ ក្នុងនោះផងដែរលោក Johnson បានបង្ហាញដែរថា ប្រទេសអៀរឡង់គឺស្ថិតនៅក្នុងកំពូលតារាងដែលនឹងមានចំនួនក្រុមហ៊ុនហិរញ្ញវត្ថុដែលនឹងត្រៀមបោះទីតាំងនៅក្នុងប្រទេសអង់គ្លេសច្រើនជាងគេឬប្រមាណជា 230 ខណៈដែលបារាំងមានប្រមាណជា 186 ក្រុមហ៊ុន និងប្រមាណជា 168 ក្រុមហ៊ុនទៀតពីប្រទេសអាល្លឺម៉ង់៕