-
អនុប្រធានាធិបតីជាប់ឆ្នោតអាមេរិកទទួលការចាក់វ៉ាក់សាំង Covid-19 ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ និង ជំរុញសាធារណៈជនអោយជឿជាក់លើដំណើរការចាក់ថ្នាំបង្ការ

អាមេរិក៖ អនុប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោកស្រី កាម៉ាឡា ហារីស បានទទួលការវ៉ាក់សាំង Covid-19 ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃអង្គារនេះ និង ជំរុញអោយសាធារណជនមានការជឿទុកចិត្តលើដំណើរការនេះ ខណៈលោកស្រីបានបង្ហាញពីស្ថានភាពធ្ងន់ធ្ងររបស់សហគមន៍អាមេរិក-អាហ្វ្រិក ដែលរងគ្រោះខ្លាំងជាងគេនៅតាមមន្ទីរពេទ្យអាមេរិក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។ លោកស្រី ហារីស បានទទួលថ្នាំបង្ការដូសទីមួយ ក្នុងចំណោមដូសចំនួនពីរនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រអាមេរិក ដែលស្ថិតនៅក្នុងតំបន់មួយនៃរដ្ឋធានីវ៉ាស៊ីនតោន ដែលមានប្រជាជនអាមេរិកអាហ្វ្រិកច្រើនរស់នៅ ។ ហើយជាមួយគ្នានេះ ស្វាមីរបស់លោកស្រី គឺលោក ដូក អេមហូហ្វ ក៏ទទួលថ្នាំបង្ការផងដែរ ។ ក្រោយទទួលការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថ ម៉ូឌែណា រួចមក លោកស្រីបញ្ជាក់ថា ខ្ញុំចង់រំលឹកដល់ប្រជាជនថា សិទ្ធិក្នុងសហគមន៍របស់អ្នក គឺជាកន្លែងដែលអ្នកអាចចាក់វ៉ាក់សាំងបាន និង ជាកន្លែងដែលអ្នកនឹងទទួលវ៉ាក់សាំងពីមនុស្សដែលអ្នកធ្លាប់ស្គាល់ ។ ដូច្នេះខ្ញុំចង់រំលឹកប្រជាជនថា សូមពួកគេជឿជាក់លើប្រភពជំនួយ ហើយនោះជាកន្លែងដែលពួកគេនឹងអាចទៅចាក់វ៉ាក់សាំងបាន ៕
-
សិង្ហបុរីផ្តើមចាក់វ៉ាក់សាំងលើពលរដ្ឋខ្លួនហើយ ជាវ៉ាក់សាំងអាមេរិកនិងអាល្លឺម៉ង់

បុគ្គលិកសុខាភិបាលជាន់ខ្ពស់ លោកស្រី Sarah Lim បានក្លាយជាមនុស្សដំបូងក្នុងប្រទេសសិង្ហបុរីដែលត្រូវបានចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ នាថ្ងៃពុធ ទី៣០ ធ្នូ ២០២០នេះ ជាមួយនឹងបុគ្គលិកសុខាភិបាលមើលថែលអ្នកជំងឺជាង៣០នាក់ទៀតដែរ ហើយពួកគេទទួលវ៉ាក់សាំងអាមេរិក Pfizer និង ក្រុមហ៊ុនអាល្លឺម៉ង់ BioNTech នេះ នៅមជ្ឈមណ្ឌលជាតិបង្ការជំងឺឆ្លង។ វ៉ាក់សាំងនេះត្រូវឲ្យចាក់ចំនួន២ដូស ឬ ២ដង ក្នុងពេល២១ថ្ងៃ ដោយក្នុងនោះ បន្ទាប់ពីចាក់នៅថ្ងៃនេះ គឺនឹងត្រូវចាក់ម្តងទៀត នាថ្ងៃទី២០ មករា ឆ្នាំ២០២១។ វ៉ាក់សាំង Pfizer-BioNTech មិនតម្រូវឲ្យចាក់លើស្ត្រីមានផ្ទៃពោះទេ បច្ចុប្បន្ននេះ ហើយកុមារអាយុក្រោម១៦ឆ្នាំក៏មិនទាន់ឲ្យចាក់ដែរ។ វ៉ាក់សាំងទាំងនេះបានមកដល់សិង្ហបុរី កាលពីថ្ងៃទី២១ ធ្នូ ធ្វើឲ្យសង្ហបុរីបានក្លាយជាប្រទេសនៅអាស៊ីដំបូងគេ ទទួលវ៉ាក់សាំងអាមេរិកនិងអាល្លឺម៉ង់នេះ៕
-
វីរុស COVID-19 ទម្រង់ថ្មីឆ្លងរាលដាលដល់រដ្ឋ ខូឡូរ៉ាដូ របស់សហរដ្ឋអាមេរិកហើយ

អាមេរិក៖ អភិបាលរដ្ឋខូឡូរ៉ាដូលោក ហ្សារែដ ផូលីស នៅថ្ងៃអង្គារនេះបញ្ជាក់ថា រដ្ឋរបស់លោកបានប្រកាសពីការរកឃើញអ្នកឆ្លងវីរុស COVID-19 ទម្រង់ថ្មីលើកដំបូង ឬគេស្គាល់ថា B117 ដែលត្រូវបានរកឃើញមុនគេនៅអង់គ្លេស នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។ អភិបាលរដ្ឋខូឡូរ៉ាដូ បានបញ្ជាក់ទៀតថា អ្នកឆ្លងវីរុស Covid-19 ទម្រង់ថ្មីនេះ គឺជាបុរសម្នាក់មានអាយុប្រហែល២០ឆ្នាំ ហើយបច្ចុប្បន្នបុរសរូបនេះ កំពុងស្ថិតនៅដាច់ដោយឡែកពីគេក្នុងតំបន់ អ៊ែលប៊ឺត ខោនធី និងមិនមានប្រវត្តិធ្វើដំណើរឡើយ ។ សូមជម្រាបថា ករណីឆ្លងវីរុស COVID-19 ទម្រង់ថ្មីនៅក្នុងរដ្ឋ ខូឡូរ៉ាដូ គឺជាករណីឆ្លងដំបូងបំផុតនៅក្នុងសហរដ្ឋអាមេរិក ហើយអាជ្ញាធរកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកអ្នកដែលធ្លាប់មានទំនាក់ទំនងដោយផ្ទាល់ជាមួយបុរសរូបនេះ ៕
-
ប្រទេសបេឡារូស និងអាហ្សង់ទីនចាប់ផ្តើមចាក់វ៉ាក់សាំង Sputnik V របស់រុស្ស៊ីក្នុងទ្រង់ទ្រាយធំ

បេឡារូស៖ បេឡារូស និងអាហ្សង់ទីនបានចាក់វ៉ាក់សាំង Covid-19 ទ្រង់ទ្រាយធំជាមួយនឹងវ៉ាក់សាំងផលិតនៅរុស្ស៊ីឈ្មោះ Sputnik V នៅថ្ងៃអង្គារនេះ ដោយក្លាយជាប្រទេសដំបូងគេនៅខាងក្រៅប្រទេសរុស្ស៊ី ដែលបានចាក់វ៉ាក់សាំងនេះ នេះបើតាមសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។ វ៉ាក់សាំង Sputnik V ជុំដំបូងបានទៅដល់អតីតសាធារណរដ្ឋសូវៀត បេឡារូសកាលពីថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំងបានចាប់ផ្តើមភ្លាមៗតែម្តង ។ រដ្ឋមន្ត្រីសុខាភិបាលបេឡារូសលោក ឌីមេទ្រី ភីនេវិច បញ្ជាក់ថា ដំណាក់កាលថ្មីចាប់ផ្តើមនៅបេឡារូសថ្ងៃនេះ ជាមួយនឹងការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំប្រឆាំងនឹង Covid-19 ។ បុគ្គលិកពេទ្យ គ្រូបង្រៀន និងអ្នកដែលទាក់ទងមនុស្សជាច្រើនដោយសារតែការងាររបស់ពួកគេនោះ នឹងក្លាយជាអ្នកដំបូងគេត្រូវចាក់វ៉ាក់សាំង… ការចាក់វ៉ាក់សាំងនឹងធ្វើឡើងដោយស្ម័គ្រចិត្តទាំងស្រុង ៕
-
លោក ប្រាយុទ្ធ ចាន់អូចា ជំរុញអោយពលរដ្ឋខ្លួនស្នាក់នៅផ្ទះនាឱកាសថ្ងៃឈប់សម្រាកដាច់ឆ្នាំ ដើម្បីទប់ស្កាត់ Covid-19

ថៃ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារនេះ បានធ្វើការជំរុញអោយប្រជាជនខ្លួនស្នាក់នៅក្នុងផ្ទះអំឡុងថ្ងៃឈប់សម្រាកដាច់ឆ្នាំ ដើម្បីទប់ស្កាត់ការកើនឡើងយ៉ាងគំហុកនៃករណីឆ្លងវីរុស Covid-19 នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។ លោក ប្រាយុទ្ធ បានបង្ហោះសារនៅលើហ្វេសបុកផ្លូវការរបស់ខ្លួនថា យើងទំនង ជារៀបចំការអបអរសាទរឆ្លងឆ្នាំថ្មីនៅក្នុងផ្ទះសម្រាប់ឆ្នាំនេះ ជាមួយនឹងការកំណត់ចំនួនមនុស្ស ។ ជាមួយនឹងការបន្តកើនឡើងចំនួនអ្នកឆ្លង Covid-19 ថ្មីៗនៅតាមបណ្តាខេត្តជាច្រើន ដែលរួមមានទាំងទីក្រុងបាងកកផងនោះ នាយករដ្ឋមន្រ្តីថៃរូបនេះថែមទាំងបានសង្កត់ធ្ងន់ទៀតថា ប្រជាជនទាំងអស់គួរតែធ្វើដំណើរនៅក្នុងករណីចាំបាច់ប៉ុណ្ណោះ ។ ទន្ទឹមគ្នានេះ ក្រុមមន្ត្រីថៃក៏បានប្រកាសពីការរឹតត្បិតថ្មីនៅក្នុងទីក្រុងបាងកក ផងដែរ ក្នុងនោះរួមមានការបិទទីតាំងកម្សាន្តសប្បាយខ្លះ ក្នុងអំឡុងពេលឈប់សម្រាកដាច់ឆ្នាំ នៅពេលករណីឆ្លងជំងឺកូវីដ១៩បន្តកើនឡើង ក្រោយការផ្ទុះជំងឺនៅខេត្តក្បែរខាងនោះកាលពីជាងមួយសប្តាហ៍មុន ៕
-
អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៨២លាននាក់ ក្នុងនោះស្លាប់ជាង១លាន៧៩ម៉ឺននាក់ និងជាសះស្បើយជាង៥៨លាន៣៣ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៨២លាន៣២ម៉ឺន២ពាន់១៧០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៧៩ម៉ឺន៦ពាន់២៩២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥៨លាន៣៣ម៉ឺន១ពាន់៤៤៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៩លាន៩៧ម៉ឺន៧ពាន់៧០៤នាក់ ស្លាប់ចំនួន៣៤ម៉ឺន៦ពាន់៥៧៩នាក់ និងជាសះស្បើយចំនួន១១លាន៨៤ម៉ឺន៤ពាន់៤៧២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១០លាន២៤ម៉ឺន៥ពាន់៣២៦នាក់ ស្លាប់ចំនួន១៤ម៉ឺន៨ពាន់៤៧៥នាក់ និងជាសះស្បើយ៩លាន៨៣ម៉ឺន៣ពាន់៣៣៩នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៧លាន៥៦ម៉ឺន៤ពាន់១១៧នាក់ ស្លាប់១៩ម៉ឺន២ពាន់៧១៦នាក់ និងជាសះស្បើយ៦លាន៦៤ម៉ឺន៧ពាន់៥៣៨នាក់ ៕
-
វីរុសកូវីដ១៩បំលែងថ្មីឆ្លងចូលដល់ឥណ្ឌាហើយ

នាថ្ងៃទី២៩ ធ្នូ ២០២០ឥនេះ ឥណ្ឌាបានរកឃើញវីរុសកូវីដ១៩ បំលែងថ្មី នៅលើមនុស្ស៦នាក់ ដែលទើបវិលត្រឡប់មកពីចក្រភពអង់គ្លេស ក្នុងអំឡុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ក្រសួងសុខាភិបាលឥណ្ឌាថា អ្នកជំងឺទាំង០៦នាក់នោះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ ខណៈអ្នកដែលរួមដំណើរជាមួយពួកគេ កំពុងត្រូវស្ថិតនៅក្រោមការរក រីឯ អ្នកដែលបានធ្វើប្រាស្រ័យទាក់ទងជិតស្និទ្ធជាមួយពួកគេ ក៏ត្រូវបានតម្រូវឲ្យធ្វើចត្តាឡីស័កផងដែរ។ ប្រទេសឥណ្ឌាបានផ្អាករាល់ជើងហោះហើរទាំងអស់ដែលធ្វើដំណើរទៅ និងមកពីចក្រភពអង់គ្លេស រហូតដល់ចុងខែធ្នូនេះ ប៉ុន្តែអ្នកដំណើរប្រហែល ៣៣,០០០នាក់ បានធ្វើដំណើរចូលមកដល់តាំងពីចុងខែវិច្ឆិកាមកម្លេះ មុនពេលការហាមឃាត់ត្រូវបានធ្វើឡើង។ ក្នុងចំណោមការមកដល់នោះ អ្នកដំណើរ ១១៤នាក់ត្រូវបានរកឃើញថា ឆ្លងវីរុស COVID-19 នេះ ហើយសំណាករបស់ពួកគេ ក៏កំពុងត្រូវបានពិនិត្យរកមើលវីរុស COVID-19 ទម្រង់ថ្មី។ គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសឥណ្ឌា បានកត់ត្រាពីករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសជាង ១០.២២លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ១៤ម៉ឺននាក់ និងជាសះស្បើយជាង ៩.៨លាននាក់។
-
កូវីដ១៩៖ ថៃឆ្លងក្នុងសហគមន៍ ១៣៤នាក់ទៀត ថ្ងៃនេះ

ក្រសួងសុខាភិបាលថៃ នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ១៥៥នាក់បន្ថែមទៀត ក្នុងនោះ មាន១៣៤នាក់ ជាករណីឆ្លងក្នុងសហគមន៍, ១១នាក់ជាពលករចំណាកស្រុក និង១០នាក់ ជាករណីនាំចូល។ បន្ថែមពីលើនេះ ក្នុងចំណោមករណីឆ្លងទាំងអស់ទៀតសោត ក៏មានអ្នកឆ្លង១២នាក់ ត្រូវបានគេរាយការណ៍ថាមានជាប់ពាក់ព័ន្ធនឹងផ្សារលក់គ្រឿង សមុទ្រក្នុងខេត្ត Samut Sakhon ផងដែរ។ គួរបញ្ជាក់ថា បច្ចុប្បន្ន ថៃមានអ្នកឆ្លង COVID-19 សរុប ៦,៤៤០នាក់ ក្នុងនោះអ្នកស្លាប់កើនដល់៦១នាក់ ក្រោយអ្នកស្លាប់ថ្មីម្នាក់ត្រូវបានប្រកាសនៅថ្ងៃអង្គារនេះ និងជាសះស្បើយ ឡើងវិញ ៤១៨៤នាក់៕
-
សភាអាមេរិកបោះឆ្នោតបដិសេធសិទ្ធិវេតូរបស់លោក ដូណាល់ ត្រាំ លើសេចក្តីព្រាងច្បាប់ការពារជាតិ

អាមេរិក៖ សភាតំណាងរាស្ត្រអាមេរិក នៅថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) បានបោះឆ្នោតរារាំងសិទ្ធិវេតូរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លើច្បាប់ការ ពារជាតិ ដែលត្រូវបានគេស្គាល់ថា ច្បាប់ផ្តល់សិទ្ធិការពារជាតិ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ។ ដំបូងឡើយ សេចក្តីព្រាងច្បាប់ការពារជាតិខាងលើនេះ បានឆ្លងកាត់ទាំងរដ្ឋសភានិងព្រឹទ្ធសភាជាមួយសំឡេងភាគច្រើន ប៉ុន្តែចំពេលមានការប្រឆាំងជាបន្តពីសំណាក់លោក ដូណាល់ ត្រាំ ។ ដូច្នេះគេមិនច្បាស់ទេថាតើការប៉ុនប៉ងបដិសេធនឹងទទួលបានជោគជ័យ ឬ ថាតើការប្រើសិទ្ធវេតូអាចបានសម្រេចដែរឬក៏អត់ ។ សូមជម្រាបថា ច្បាប់ថវិការបស់រដ្ឋាភិបាលអាមេរិក បានចំណាយទឹកប្រាក់ជាង ៧៤០ពាន់លានដុល្លារសម្រាប់ចំណាយលើវិស័យការពារជាតិ គឺរួមបញ្ចូលទាំងការដំឡើងប្រាក់ខែដល់ទាហានអាមេរិក ការធ្វើទំនើបកម្មគ្រឿងបរិក្ខារ និងបទប្បញ្ញត្តិនានា ដើម្បីទាមទារឲ្យមានការត្រួតពិនិត្យបន្ថែមទៀត មុនពេលកងទ័ពត្រូវបានដកចេញពីប្រទេសអាល្លឺម៉ង់ ឬអាហ្វហ្គានីស្ថាន ប៉ុន្តែកញ្ចប់ថវិកានេះត្រូវជាប់គាំង ក្រោយលោក ត្រាំ គំរាមប្រឆាំងនឹងវា ៕
-
លោក ចូ បៃដិន បញ្ជាក់ថា សហរដ្ឋអាមេរិកត្រូវការជាចាំបាចនូវកម្លាំងចម្រុះដ៏ខ្លាំងក្លាមួយ ដើម្បីប្រឈមមុខជាមួយចិន

អាមេរិក៖ នៅក្រោយកិច្ចប្រជុំជាមួយក្រុមមន្ត្រីគោលនយោបាយការបរទេសរបស់ខ្លួន នៅថ្ងៃចន្ទនេះ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន បញ្ជាក់ថា ប្រទេសរបស់លោកត្រូវការកម្លាំងចម្រុះដ៏ខ្លាំងក្លាមួយជាចាំបាច់ ដើម្បីទប់ទល់នឹងចិន ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច នេះបើតាមសារព័ត៌មានរុស្ស៊ី ស្ព្រូតនីគ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ។ ប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា ខណៈយើងកំពុងប្រកួតប្រជែងជាមួយចិន និង អោយចិនទទួលខុសត្រូវចំពោះការរំលោភបំពានលើការធ្វើពាណិជ្ជកម្ម បច្ចេកវិទ្យា សិទ្ធិមនុស្ស និងបញ្ហាដទៃជាច្រើនទៀតនោះ សហរដ្ឋអាមេរិកត្រូវការជាចាំបាច់នូវកម្លាំងចម្រុះដ៏ខ្លាំងក្លាមួយ ពីសំណាក់ប្រទេសជាដៃគូ និងសម្ព័ន្ធមិត្ត ដើម្បីទប់ទល់ជាមួយចិន ក្នុងបុព្វហេតុការពារផលប្រយោជន៍រួម និង តម្លៃរួមរបស់យើង ។ ការកត់សម្គាល់បែបនេះរបស់លោក ចូ បៃដិន បានកើតមានឡើងក្រោយក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចមានមូលដ្ឋាននៅអង់គ្លេសបានព្យាករណ៍ថា ចិននឹងវ៉ាដាច់សហរដ្ឋអាមេរិកក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក នៅត្រឹមឆ្នាំ២០២៨ ៕