-
ចំនួនអ្នកស្លាប់កើនជិត៦០នាក់ និងច្រើនជាង២០០នាក់របួស ដោយសារហេតុការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យសពមេទ័ពកំពូលអ៊ីរ៉ង់

អ៊ីរ៉ង់៖ សារព័ត៌មានចិន CGTN បានរាយការណ៍ថា ចំនួនអ្នកស្លាប់បានបន្តកើនឡើងដល់៥៦នាក់ និង២១០នាក់ទៀតរងរបួស ក្នុងហេតុការណ៍រត់ជាន់លើគ្នានៅ ក្នុងពិធីបុណ្យសពមេទ័ពកំពូលនៃកងកម្លាំងការពារជាតិអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី ។ ពិធីបុណ្យសពមេទ័ពអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី ក្នុងរដ្ឋធានីតេហេរ៉ង់ ត្រូវបានចូលរួមដោយប្រជាជនអ៊ីរ៉ង់យ៉ាងច្រើនកកុញ ជាហេតុធ្វើឲ្យពិធីទាំងមូល ពិបាកក្នុងការរក្សារបៀបរៀបរយ ។ ដោយសារតែបញ្ហានេះហើយ ទើបឈានទៅដល់ការកើតមានហេតុការណ៍រត់ជាន់លើគ្នា នៅពេលមឈូសលោកមេទ័ពអ៊ីរ៉ង់ត្រូវដង្ហែទៅរកកន្លែងបញ្ចុះ ។ ពាក់ព័ន្ធនឹងហេតុការណ៍នេះដែរ ពិធីបញ្ចុះសពលោក សូឡៃមេនី ត្រូវបានពន្យារពេលសិន ហើយការកំណត់ថ្មីនឹងត្រូវប្រកាសនាពេលក្រោយទៀត ៕ធ.ដ
-
ផ្កាយរណប Starlink ចំនួន៦០គ្រឿងថែមទៀតត្រូវបានក្រុមហ៊ុន SpaceX បាញ់បង្ហោះឡើងទៅកាន់ទីអវកាស

សហរដ្ឋអាម៉េរិក៖ ផ្កាយរណប Starlink ចំនួន៦០គ្រឿងបន្ថែមទៀតត្រូវបានក្រុមហ៊ុន SpaceX បាញ់បង្ហោះឡើងទៅកាន់ទីអវកាស ក្រោមគម្រោងបង្កើតបណ្តាញផ្កាយរណបសរុបរាប់ម៉ឺនគ្រឿង ដើម្បីផ្គត់ផ្គង់សេវាអ៊ីនធើណេតដល់អ្នកប្រើប្រាស់នៅលើពិភពលោក ។ ក្រុមផ្កាយរណបខាងលើត្រូវបាននាំយកឡើងទៅទីអវកាស តាមរយៈការប្រើប្រាស់រ៉ុក្កែត Falcon 9 ដែលត្រូវបានបាញ់ចេញពីរដ្ឋ ផ្លូរីដា ។ បើតាមការគ្រោងទុកនោះ ផ្កាយរណបទាំងនេះនឹងត្រូវចាប់ផ្តើមដាក់ពង្រាយនៅរយៈកម្ពស់២៩០គីឡូម៉ែត្រ ហើយក្រោយមក ពួកវានឹងត្រូវផ្លាស់ទីឡើងឲ្យដល់គន្លងគោលចរកម្ពស់៥៥០គីឡូម៉ែត្រពីផ្ទៃផែនដី ។ សូមជម្រាបផងដែរថា ក្រុមហ៊ុនអវកាសឯកជន SpaceX របស់អាម៉េរិករំពឹងថា នឹងនាំយកផ្កាយរណបប្រមាណ១ម៉ឺន២ពាន់គ្រឿងឡើង ទៅដល់ទីអវកាសនៅត្រឹមឆ្នាំ២០២៤ ហើយបន្ទាប់ពីនោះ SpaceX ក៏មានគម្រោងបញ្ជូន៣ម៉ឺនគ្រឿងបន្ថែមទៀត ដើម្បីធ្វើឲ្យចំនួនផ្កាយរណបសរុបឡើងដល់៤ម៉ឺន២ពាន់គ្រឿង ៕ធ.ដ
-
មនុស្សស្លាប់៣៥នាក់ និង៤៨នាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យសពមេទ័ពកំពូលអុីរ៉ង់

អុីរ៉ង់៖ ហេតុការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យសពមេទ័ពកំពូលមួយរូបនៃកងកម្លាំងការពារជាតិអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី បានបណ្តាលអោយស្លាប់មនុស្ស៣៥នាក់ និង៤៨នាក់ទៀតរងរបួស ។ ដោយសារតែពិធីបុណ្យសពនៅក្នុងរដ្ឋធានីតេហេរ៉ង់ មានសភាពណែនណាន់តាន់តាប់ខ្លាំងពេកនោះ ទើបការធ្វើដំណើរមានការលំបាក ហើយឈានទៅដល់ការកើតមាន ហេតុការណ៍រត់ប្រជាន់លើគ្នា នៅពេលមឈូសលោកមេទ័ព ត្រូវដង្ហែទៅរកកន្លែងបញ្ចុះនោះ ។ជុំវិញគ្រោះថ្នាក់នេះដែរ ក៏បានធ្វើអោយពិធីបញ្ចុះសពលោក សូឡៃមេនី ត្រូវបានពន្យារពេលសិន ហើយការកំណត់ថ្មីនឹងត្រូវប្រកាសនាពេលក្រោយទៀត។ សូមជម្រាបថា ពិធីបុណ្យសពលោកមេទ័ពអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី ក្នុងរដ្ឋធានីតេហេរ៉ង់ ត្រូវបានចូលរួមដោយប្រជាជនអ៊ីរ៉ង់យ៉ាងច្រើនកកុញ ជាហេតុធ្វើឲ្យពិធីទាំងមូល ពិបាកក្នុងការ រក្សារបៀបរៀបរយ ៕
-
ប្រមុខដឹកនាំអង្គការសហប្រជាជាតិជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធរក្សាភាពអត់ធ្មត់ខ្ពស់ ដើម្បីបញ្ឈប់ភាពតានតឹងរបស់ពិភពលោក

សហរដ្ឋអាម៉េរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស បានធ្វើការអំពាវនាវយ៉ាងទទូចដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យព្យាយាមរក្សា ភាពអត់ធ្មត់ខ្ពស់បំផុតតាមដែលអាចធ្វើទៅបាន ដើម្បីបញ្ឈប់ភាពតានតឹងនៃសកលលោក ។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នៅក្នុងទីក្រុងញូយ៉ក លោក ហ្គូដទែរ៉េស បាននិយាយយ៉ាងដូច្នេះថា ភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ គឺកំពុងស្ថិតនៅកម្រិតខ្ពស់បំផុតនៅក្នុងទសវត្សរ៍នេះ ។ លោកសង្កត់ធ្ងន់ថា បច្ចុប្បន្នរូបលោកកំពុងធ្វើទំនាក់ទំនងជាមួយមន្រ្តីថ្នាក់ដឹកនាំនៅជុំវិញពិភពលោក ហើយលោកសូមផ្ញើសារសាមញ្ញ និងច្បាស់ៗថា សូមបញ្ឈប់ភាពតានតឹង គ្រប់ភាគីពាក់ព័ន្ធត្រូវរក្សាការអត់ធ្មត់ខ្ពស់បំផុត ចាប់ផ្តើមកិច្ចចរចាគ្នាឡើងវិញ និង បង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិឡើងវិញ ។ កត់សម្គាល់បែបនេះរបស់ប្រមុខដឹកនាំអង្គការសហប្រជាជាតិ បានកើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចេញបញ្ជាដោយផ្ទាល់ក្នុងការធ្វើឃាតមេទ័ពកំពូលអ៊ីរ៉ង់ លោក កាស្សេម សូឡៃមេនី នៅក្នុងទឹកដីអ៊ីរ៉ាក់ ព្រោះការធ្វើបែបនេះ នឹងរុញច្រានឲ្យសហរដ្ឋអាម៉េរិកធ្លាក់ជ្រៅទៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ៕ធ.ដ
-
អគ្គលេខាធិការអង្គការ NATO អំពាវនាវឱ្យអ៊ីរ៉ង់រក្សាការអត់ធ្មត់ ក្រោយសហរដ្ឋអាម៉េរិកសម្លាប់មេទ័ពកំពូលរបស់ខ្លួន

ប៊ែលហ្ស៊ិក៖ អ៊ីរ៉ង់ត្រូវតែរក្សាការអត់ធ្មត់ខ្ពស់ ដើម្បីជៀសវាងពីអំពើហិង្សា និងការបង្កហេតុនានា នេះបើតាមការអំពាវនាវរបស់អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg ក្រោយកិច្ចប្រជុំមួយរបស់ក្រុមអគ្គរដ្ឋទូតមកពីប្រទេសសម្ព័ន្ធមិត្តយោធា ដែលធ្វើឡើងនៅទីស្នាក់ការរបស់ខ្លួនក្នុងទីក្រុងប្រ៊ុចហ្សែល ប្រទេសប៊ែលហ្ស៊ិក ។ ការអំពាវនាវរបស់លោក Jens Stoltenberg ត្រូវបានធ្វើឡើងស្របពេលដែលមេដឹកនាំកំពូលៗរបស់អ៊ីរ៉ង់បានព្រមានសងសឹកលើសហរដ្ឋអាម៉េរិកវិញ ក្រោយយោធាអាម៉េរិកសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃម៉ានី នៅលើទឹកដីអ៊ីរ៉ាក់ ។ ការវាយប្រហារនោះ ក៏បានធ្វើឱ្យមេបញ្ជាការមួយរូប នៃកងកម្លាំងប៉ារ៉ាអ៊ីរ៉ាក់ លោក ហាស់ សាអាប៊ី ក៏បានបាត់បង់ជីវិតជាមួយគ្នាផងដែរ ។ លោក Stoltenberg បានលើកឡើងថា នេះគឺជាការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិកផ្ទាល់ មិនមែនជាការសម្រេចចិត្តដែលត្រូវបានធ្វើឡើងដោយកងកម្លាំងចម្រុះសកលលោក ឬក៏អង្គការ NATO នោះទេ ។ ប្រមុខដឹកនាំអង្គការ NATO រូបនេះក៏បានអះអាងដែរថា ខណៈដែលបេសកកម្មរបស់ NATO បច្ចុប្បន្ននេះត្រូវសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្នក៏ពិតមែន ក៏ប៉ុន្តែរូបលោកមានគម្រោងរៀបចំឱ្យមានការហាត់ហ្វឹកហ្វឺនឡើងវិញ នៅពេលដែលប្រាកដថា ទីតាំងដែលនឹងត្រូវធ្វើនោះមានសុវត្ថិភាពពេញលេញ ៕ធ.ដ
-
ប្រមុខការពារជាតិអាម៉េរិកអះអាងថា សហរដ្ឋអាម៉េរិកនឹងមិនដាក់គោលដៅវាយប្រហារលើទីតាំងបេតិកភណ្ឌជាតិរបស់អ៊ីរ៉ង់ឡើយ

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកនឹងមិនដាក់គោលដៅវាយប្រហារលើទីតាំងបេតិកភណ្ឌជាតិរបស់អ៊ីរ៉ង់ឡើយ បើទោះជាប្រទេសទាំងពីរកំពុងជួបភាពតានតឹងខ្លាំង ក្រោយអាម៉េរិកសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃម៉ានី នេះបើតាមរដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក Mark Esper ។ ការកត់សម្គាល់បែបនេះរបស់លោក Mark Esper ត្រូវបានធ្វើឡើងផ្ទុយទៅនឹងការលើកឡើងរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលធ្លាប់បានគំរាមវាយប្រហារទីតាំងបេតិកភណ្ឌដ៏មានតម្លៃ មិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់ហ៊ានធ្វើសកម្មភាពសងសឹកវិញ ។ ការគំរាមរបស់ប្រធានាធិបតីអាម៉េរិករូបនេះ បានបង្កឲ្យមានការរិះគន់ធ្ងន់ៗព្រោះថា វាជាទង្វើប្រឆាំងនឹងច្បាប់អន្តរជាតិ ក្នុងការដាក់គោលដៅវាយប្រហារលើទីតាំងវប្បធម៌ ឬបេតិកភណ្ឌជាតិ-អន្តរជាតិនៃប្រទេសមួយ ជាជាងការវាយប្រហារទៅលើទីតាំងយោធា ។ ទន្ទឹមគ្នា អង្គការ UNESCO របស់អង្គការសហប្រជាជាតិក៏បានជំរុញទាំងអ៊ីរ៉ង់ និង សហរដ្ឋអាម៉េរិក ត្រូវតែគោរពកិច្ចព្រមព្រៀងមួយដែលតំរូវឱ្យរដ្ឋជាសមាជិកអង្គការសហប្រជាជាតិរក្សាការពារទីតាំងវប្បធម៌ ៕ធ.ដ
-
មន្ទីរបញ្ចកោណប្រកាសច្រានចោលព័ត៌មានដែលថា សហរដ្ឋអាម៉េរិកនឹងដកកងទ័ពចេញពីប្រទេសអ៊ីរ៉ាក់ ក្រោយសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកគ្មានផែនការដកកងកម្លាំងរបស់ខ្លួន ចេញពីទឹកដីរបស់ប្រទេសអ៊ីរ៉ាក់នោះទេ នេះបើតាមរដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក Mark Esper ខណៈការអះអាងបែបនេះ ជាការឆ្លើយតបនឹងការចុះផ្សាយដែលថា ទីក្រុងវ៉ាស៊ីនតោននឹងដកកងទ័ពចេញពីអ៊ីរ៉ាក់ ។ លោក Esper បានបញ្ជាក់ថា សារខុសឆ្គងនេះបានចាប់ផ្តើមលេចឡើង នៅពេលសេចក្តីព្រាងលិខិតមួយច្បាប់ពីមេបញ្ជាការងកងម៉ារីន លោកឧត្តមសេនីយ៍ William Seely ចាប់ផ្តើមផ្សព្វផ្សាយនៅលើបណ្តាញសង្គម ។ លិខិតនោះសរសេរថា កងទ័ពអាម៉េរិកនឹងត្រូវរើទីតាំងឈរជើង ដើម្បីត្រៀមខ្លួនចល័តទីឆ្ពោះទៅមុខ ។ លោក Seely បន្ថែមថា យើងគោរពការសម្រេចចិត្តអំពីអធិបតេយ្យភាពរបស់អ្នក ក្នុងការបញ្ជាឱ្យពួកយើងចាកចេញ ។ បទបញ្ជាដែលលោក Seely លើកឡើងខាងលើ គឺចង់សំដៅទៅលើការបោះឆ្នោតរបស់សភាអ៊ីរ៉ាក់កាលពីចុងសប្តាហ៍ ដើម្បីបណ្តេញកងទ័ពអាម៉េរិកចេញ ក្រោយយោធាអាម៉េរិកសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃម៉ានី នៅទីក្រុងបាកដាដ ។ លោក Mark Esper បានព្យាយាមធ្វើការគ្រប់គ្រងលើការខូចខាតនេះ ដោយបញ្ជាក់ថា សហរដ្ឋអាម៉េរិកគ្មានផែនការចាកចេញទេ ហើយនិយាយថា លិខិតនោះគឺព្រាងឡើងដោយប្រើពាក្យខុស ដែលមិនគួរចេញផ្សាយទេ…
-
បារាំងព្រមានថា ការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកលើផលិតផលបារាំង នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងប្រទេសទាំងពីរ

បារាំង៖ រាល់ការចាត់វិធានការសងសឹកប្រឆំាងច្បាប់ពន្ធថ្មីលើសេវាឌីជីថល តាមរយៈការដំឡើងពន្ធលើផលិតផលបារាំង អាចនឹងបំផ្លាញយ៉ាងជ្រៅដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរជាលក្ខណៈអចិន្ត្រៃយ៍ នេះបើតាមការព្រមានរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំង លោក ប្រ៊ុយណូ ឡឺ ម៊ែរ ។ រដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំងរូបនេះបាននិយាយយ៉ាងដូច្នេះថា បើសិនជាអាម៉េរិកដាក់ទណ្ឌកម្មប្រឆាំងច្បាប់ពន្ធថ្មីលើសេវាឌីជីថល… នោះយើងនឹងចាត់វិធានការឆ្លើយតបត្រឡប់ទៅវិញ លោកថា បើអាម៉េរិកពិតជាធ្វើបែបនេះមែន វាមានតែបំផ្លាញយ៉ាងជ្រៅដល់ទំនាក់ទំនងរវាងប្រទេសទាំង២ជាលក្ខណៈអចិន្ត្រៃយ៍ ហើយយើងនឹងយកសំណុំរឿងនេះឡើងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។ ការព្រមានរបស់លោក ប្រ៊ុយណូ ឡឺ ម៊ែរ ខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអាមេរិកបានគំរាមថា ខ្លួននឹងយកពន្ធរហូតដល់១០០ភាគរយលើផលិតផលនាំចូលពីបារាំង ក្នុងនោះរួមមានដូចជា ស្រាសំាប៉ាញ កាបូបយ្យួរដៃ និងផលិតផលបារាំងដទៃទៀតគិតជាសរុបមានតម្លៃជាង២.៤ពាន់លានដុល្លារ ក្រោយការស៊ើបអង្កេតរបស់អាម៉េរិករកឃើញថា ច្បាប់ពន្ធថ្មីលើសេវាឌីជីថលនៃរដ្ឋាភិបាលបារាំង បានបង្កការខូចខាតធ្ងន់ធ្ងរដល់កុ្រមហ៊ុនបច្ចេកវិទ្យាអាមេរិក មានទាំងក្រុមហ៊ុន Google និង Facebook ៕ធ.ដ
-
ប្រធានសភាអាម៉េរិកកំពុងស្វែងរកដំណោះស្រាយ ដើម្បីកំណត់អំណាចយោធាលោក ដូណាល់ ត្រាំ ក្រោយសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់

សហរដ្ឋអាម៉េរិក៖ សភាអាម៉េរិកនឹងប្រកាសអំពីដំណោះស្រាយថ្មីមួយ ដើម្បីទទួលការបោះឆ្នោតអនុម័ត ស្ថិតនៅក្នុងគោលដៅកំណត់អំណាចលើផ្នែកយោធា របស់លោក ដូណាល់ ត្រាំ ខណៈសហរដ្ឋអាម៉េរិកកំពុងជួបប្រទះភាពតានតឹង កាន់តែខ្លាំងឡើងៗជាមួយអ៊ីរ៉ង់ ក្រោយការធ្វើឃាតមេទ័ពអ៊ីរ៉ង់ក្នុងទឹកដីអ៊ីរ៉ាក់ នេះបើតាមប្រធានសភាអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី ។ យ៉ាងណាមិញ ដំណោះស្រាយក្នុងន័យទប់ស្កាត់មិនឲ្យសង្គ្រាមរវាងអាម៉េរិក និងអ៊ីរ៉ង់ផ្ទុះឡើងនេះ ត្រូវបានគេមើលឃើញថា នឹងអាចឆ្លងផុតសភាដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យយ៉ាងងាយ ប៉ុន្តែសម្រាប់ព្រឹទ្ធសភាដែលកំពុងគ្រប់គ្រង ដោយបក្សសារធាណរដ្ឋនោះ គឺទំនងជាមិនអាចឆ្លងផុតនោះឡើយ ។ បច្ចុប្បន្ន ទាំងសមាជិកព្រឹទ្ធសភា និងសភាអាម៉េរិក ដែលភាគច្រើនមកពីគណបក្សប្រជាធិបតេយ្យបានរិះគន់យ៉ាងខ្លាំង ចំពោះការចេញបញ្ជាដោយលោក ដូណាល់ ត្រាំ ក្នុងការធ្វើឃាតមេទ័ពកំពូលអ៊ីរ៉ង់ លោក កាស្សេម សូឡៃមេនី នៅក្នុងទឹកដីអ៊ីរ៉ាក់ ព្រោះការធ្វើបែបនេះ នឹងរុញច្រានឲ្យសហរដ្ឋអាមេរិកធ្លាក់ជ្រៅទៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ។ បើទោះបីជាបែបនេះក្តី សមាជិកសភា និងព្រឹទ្ធសភាអាម៉េរិកមកពីបក្សសាធារ ណរដ្ឋបានសម្តែងការគាំទ្រ និងចាត់ទុកថា នេះជាការទប់ស្កាត់កុំឲ្យអ៊ីរ៉ង់បង្កបញ្ហាធំនៅថ្ងៃមុខ ជាពិសេសការវាយប្រហារស្ថានទូត មូលដ្ឋានទ័ព និងពលរដ្ឋអាម៉េរិកនៅក្នុងទឹកដីអ៊ីរ៉ាក់ ៕ធ.ដ
-
សមាជិកសភាអាម៉េរិកជាប់គាំងការចាប់ផ្តើមសវនាការលើការចោទប្រកាន់ដកតំណែងប្រធានាធិបតីពីលោក ដូណាល់ ត្រាំ

សហរដ្ឋអាម៉េរិក៖ ក្រុមសមាជិកសភាអាម៉េរិកបានវិលត្រឡប់មកកាន់រដ្ឋធានី វ៉ាស៊ីនតោន ពីការឈប់សម្រាករបស់ពួកគេវិញហើយ តែក្រុមសមាជិកសភាទាំងនោះ មិនទាន់ខិតជិតដល់ការសម្រេច ថាតើនៅពេលណា និងវិធីយ៉ាងណាដែលលោក ដូណាល់ ត្រាំ នឹងត្រូវកាត់ទោសនៅព្រឹទ្ធសភា ពីបទចោទប្រកាន់ដកហូតមុខតំណែងប្រធានាធិបតី ដែលសភាបានសម្រេចយល់ព្រមកាលពីខែមុនរួចហើយនោះ ។ ក្រុមសមាជិកសភាសំខាន់ៗនៅតែបន្តជាប់គាំង លើបទចោទប្រកាន់ដកហូតមុខតំណែងប្រធានាធិបតី ហើយពេលនេះក៏មានរឿងស្មុគស្មាញកើតឡើងទៀត ទាក់ ទងនឹងការពិភាក្សាដេញដោលរឿងការសម្រេចរបស់លោក ត្រាំ ឲ្យមានការវាយប្រហារដោយយន្តហោះដ្រូន និង បានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ កាហ្សេម សូឡៃម៉ានី ដ៏សំខាន់កាលពីសប្តាហ៍មុន នៅខាងក្រៅអាកាសយានដ្ឋានក្នុងទីក្រុង បាកដាដ ។ ទន្ទឹមគ្នា ប្រធានសភាអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី ដែលជាមេដឹកនាំគ្រប់គ្រងក្រុមអ្នកប្រជាធិបតេយ្យក្នុងសភា បានបដិសេធបញ្ជូនដីកាទាក់ទងនឹងបទចោទប្រកាន់ដកហូតតំណែងប្រធានាធិបតីចំនួន ២ ករណីទៅកាន់ព្រឹទ្ធសភា រហូតទាល់តែលោកស្រីជឿថា ព្រឹទ្ធសភាអាចដំណើរការកាត់ទោសដោយយុត្តិធម៌ ៕ធ.ដ