-
ប្រទេសអ៊ីរ៉ង់រងគ្រោះរញ្ជូយដី ៤,៩រិចទ័រ ដីវាយប្រហារទីតាំងក្បែររោងចក្រនុយក្លេអ៊ែរ

ក្រោយពីបើកការវាយប្រហារលើមូលដ្ឋានទ័ពអាម៉េរិកនៅអ៊ីរ៉ាក់មក ពេលនេះប្រទេសអ៊ីរ៉ង់រងគ្រោះ២ផ្ទួនៗគ្នាតែម្ដង។ ករណីទីមួយ គឺយន្ដហោះដឹកអ្នកដំណើរ១៨០នាក់ ហោះចេញពីព្រលានអ៊ីរ៉ង់មិនបានប៉ុន្មានផងក៏ធ្លាក់ ដោយសារបច្ចេកទេស និងករណីមួយទៀតគឺគ្រោះរញ្ជូយដី ៤,៩រិចទ័រ បានវាយប្រហារប្រទេសនេះទៀត កាលពីម្សិលមិញ។ ការរញ្ជូយដីនេះកម្រិតនេះ កើតមានម្ដងមកហើយកាលពីចុងឆ្នាំ២០១៩កន្លងទៅ នៅក្បែរកន្លែងរោងចក្រនុយក្លែអែររបស់អ៊ីរ៉ង់។ពុំទាន់មានព័ត៌មានបញ្ជាក់ពីចំនួនមនុស្សស្លាប់ឬរបួសនៅឡើយទេ ប៉ុន្តែក្រុមសង្គ្រោះកំពុងធ្វើការនៅទីតាំងនោះ។ រញ្ជួយដីនេះបានកើតឡើងនៅចម្ងាយមិនឆ្ងាយប៉ុន្មានទេ ពីរោងចក្រនុយក្លេអ៊ែរ Bushehr ដែលសាងសង់ដោយរុស្ស៊ី។ រោងចក្រដែលស្ថិតក្រោមការឃ្លាំមើលរបស់ទីភ្នាក់ងារអាតូមិកអន្តរជាតិមួយនេះបានក្លាយជាក្តីកង្វល់យូរយាណាស់មកហើយពីសំណាក់បណ្តាប្រទេសលោកខាងលិច៕ធ.ដ
-
អ៊ីរ៉ង់បានអះអាងថា ខ្លួននឹងមិនប្រគល់ប្រអប់ខ្មៅលើយន្ដហោះដែលធ្លាក់ ទៅឲ្យខាងអាម៉េរិកឬក្រុមហ៊ុន Boeing នោះទេ

អ៊ីរ៉ង់៖ រដ្ឋាភិបាលប្រទេសអ៊ីរ៉ង់ បានអះអាងថា ខ្លួននឹងមិនប្រគល់ប្រអប់ខ្មៅលើយន្ដហោះអ៊ុយក្រែនដែលបានធ្លាក់ ស្លាប់មនុស្ស១៧៦នាក់ កាលពីថ្ងៃពុធទី៨ មករា ២០២០ ម្សិលមិញ ទៅឲ្យខាងអាម៉េរិកឬក្រុមហ៊ុន Boeing នោះទេ។ យន្ដហោះអ៊ុយក្រែនប្រភេទ Boeing 737-800 បានធ្លាក់ចុះក្រោយពេលដែលចាកចេញពីប្រលានយន្ដហោះ Tehran ប៉ុន្មាននាទីប៉ុណ្ណោះកាលពីព្រឹកថ្ងៃពុធដែលបណ្ដាលឲ្យអ្នកធ្វើដំណើរ និងបុគ្គលិកទាំងអស់បាត់បង់ជីវិត។ ជាធម្មតា ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិរបស់សហរដ្ឋអាម៉េរិក មានតួនាទីក្នុងការស៊ើបអង្កេតអន្ដរជាតិណាមួយដែលពាក់ព័ន្ធនឹងយន្ដហោះ Boeing ដែលផលិតនៅអាម៉េរិក។ នៅក្នុងសេចក្តីអត្ថាធិប្បាយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Mehr ប្រធានអង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ (CAO) លោក Ali Abedzadeh បានមានប្រសាសន៍ថា“ យើងនឹងមិនផ្តល់ប្រអប់ខ្មៅដល់ក្រុមហ៊ុនផលិត និងសហអាម៉េរិកទេ” គ្រោះថ្នាក់នេះនឹងត្រូវស៊ើបអង្កេតដោយអង្គការអាកាសចរណ៍របស់អ៊ីរ៉ង់ប៉ុន្តែប្រជាជនអ៊ុយក្រែនក៏អាចមានវត្តមានផងដែរ។ លោក Abedzadeh បន្ថែមថាគេមិនទាន់ដឹងច្បាស់ថាប្រទេសណា ដែលនឹងធ្វើការវិភាគប្រអប់ខ្មៅដែលមានម៉ាស៊ីនថតសំលេងកាប៊ីនយន្ដហោះ និងម៉ាស៊ីនថតទិន្នន័យហោះហើរ។គួរបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងស្របពេលដែលស្ថានភាពតានតឹងខ្លាំងរវាងអ៊ីរ៉ង់ និងអាម៉េរិក និងប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីរ៉ង់បានធ្វើការវាយប្រហារមីស៊ីលទៅលើមូលដ្ឋានអាកាសចំនួន ២ ដែលជាទីតាំងរបស់កងកម្លាំងអាម៉េរិកនៅអ៊ីរ៉ាក់៕ធ.ដ
-
លោក ដូណាល់ ត្រាំ អះអាងថា នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ប៉ុន្តែមិនបានព្រមានពីការសឹងសងនោះទេ

សហរដ្ឋអាម៉េរិក៖ នៅក្នុងសុន្ទរកថាចំពោះមុខអ្នកសារព័ត៌មានធំៗនៅសេតវិមាន នៅថ្ងៃទី០៨ ខែមករានេះ (ម៉ោងក្នុងតំបន់) ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងថា អ៊ីរ៉ង់ហាក់ដូចជាកំពុងដកថយហើយ ក្រោយបាញ់មីស៊ីលជាច្រើនគ្រាប់ ដោយមិនបានបង្កគ្រោះថ្នាក់ដល់ទាហានអាម៉េរិក ដែលមានមូលដ្ឋាននៅលើទឹកដីអ៊ីរ៉ាក់ ។ ប្រធានាធិបតីអាម៉េរិករូបនេះបាននិយាយយ៉ាងដូច្នេះថា គ្មានជនជាតិអាម៉េរិកណាម្នាក់បានរងគ្រោះ ដោយសារការវាយប្រហារមីស៊ីលពីសំណាក់ប្រទេសអ៊ីរ៉ង់ឡើយ និងថា អ៊ីរ៉ង់ហាក់ដូចជាដកថយហើយ ដែលនេះគឺជាអ្វីមួយដែលល្អសម្រាប់គ្រប់ភាគី និងល្អខ្លាំងសម្រាប់ពិភពលោកទាំងមូល ។ ទន្ទឹមគ្នា ក្រៅពីការសន្យាថា នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចភ្លាមៗទៅលើប្រទេសអ៊ីរ៉ង់នោះ លោក ដូណាល់ ត្រាំ ក៏បានបង្ហាញសញ្ញាស្វាគមន៍ផងដែរ ចំពោះអ្វីដែលលោកផ្ទាល់លើកឡើងថា ជាការដកថយរបស់អ៊ីរ៉ង់ចេញពីការប្រឈមមុខដាក់គ្នា ៕ធ.ដ
-
មេដឹកនាំកំពូលអ៊ីរ៉ង់អះអាងថា ការវាយប្រហារដោយមីស៊ីលលើមូលដ្ឋានទ័ពអាម៉េរិកនៅអ៊ីរ៉ាក់ គឺជាការទះកំផ្លៀងអាម៉េរិក

អ៊ីរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមិនណេ បានហៅការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់លើមូលដ្ឋានទ័ពអាម៉េរិកពីរកន្លែងនៅអ៊ីរ៉ាក់ នៅថ្ងៃទី០៨ ខែមករានេះថា គឺជាការទះមុខអាម៉េរិកមួយកំផ្លៀង និងថា សកម្មភាពយោធាបែបនេះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ ។ ទន្ទឹមគ្នា តាមរយៈបណ្តាញសង្គមធ្វីតធើ មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ បានបង្ហោះសារព្រមានថា អ៊ីរ៉ង់អាចនឹងបើកការវាយប្រហារលើទីតាំងចំនួន១០០ ដែលអាម៉េរិកកំពុងឈរជើង បើសិនជាទីក្រុងវ៉ាស៊ីនតោនហ៊ានចាត់វិធានការសងសឹកនឹងការវាយប្រហាររបស់អ៊ីរ៉ង់ ។ ការកត់សម្គាល់បែបនេះរបស់លោក អាលី ខាមិនណេ ត្រូវបានធ្វើឡើងក្រោយអ៊ីរ៉ង់បើកការវាយប្រហារដោយមីស៊ីលជាច្រើនគ្រាប់លើមូលដ្ឋានទ័ព អាន់ អាល់អាសាដ ស្ថិតនៅភាគខាងលិចខេត្ត អាន់បា និងមូលដ្ឋានទ័ពមួយទៀតនៅទីក្រុង អេប៊ីល នៅក្នុងទឹកដីប្រទេសអ៊ីរ៉ាក់ ៕ធ.ដ
-
អង់គ្លេសប្រកាសថ្កោលទោសការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពអាម៉េរិកនៅប្រទេសអ៊ីរ៉ាក់

អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសបានថ្កោលទោសការវាយប្រហារដោយគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់នៅថ្ងៃទី០៨ ខែមករានេះ ទៅលើមូលដ្ឋានយោធាចំនួនពីរនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងរបស់អាម៉េរិក និង កងកម្លាំងចម្រុះរបស់បស្ចិមប្រទេស ។ ជាមួយគ្នានេះ អង់គ្លេសក៏បានជំរុញមិនឲ្យរដ្ឋាភិបាលទីក្រុង តេហេរ៉ង់ ចាត់វិធានការយ៉ាងដូច្នេះម្ដងទៀតផងដែរ ដោយខ្លួនបានហៅវិធានការនេះថា ជាការវាយប្រហារមិនប្រយ័ត្នប្រយែង និងគ្រោះថ្នាក់ ។ ទន្ទឹមគ្នា ក្រុមសម្ព័ន្ធមិត្តនៅអឺរ៉ុបរបស់អាមេរិកក៏បានជំរុញឲ្យបន្ធូរបន្ថយភាពតាន តឹងពីគ្រប់ភាគីទាំងអស់ ប៉ុន្តែគេនៅមិនទាន់ច្បាស់នៅឡើយទេ ថាតើការវាយប្រហារដោយគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់នេះ គឺជាការបញ្ចប់ការសងសឹករបស់ទីក្រុងតេហេរ៉ង់ទៅលើទីក្រុងវ៉ាស៊ីនតោន ចំពោះការណ៍ដែលសហរដ្ឋអាម៉េរិកសម្លាប់មេដឹកនាំយោធាកំពូលរបស់ខ្លួនគឺលោក កាស្សេម សូឡៃមេនី ឬយ៉ាងណា ៕ធ.ដ
-
មេដឹកនាំអ៊ីស្រាអែលអះអាងថា អ៊ីស្រាអែលនឹងសងសឹកយ៉ាងធ្ងន់ធ្ងរបំផុត បើសិនអ៊ីរ៉ង់ហ៊ានវាយប្រហារលើប្រទេសខ្លួន

អ៊ីស្រាអែល៖ អ៊ីស្រាអែលនឹងចាត់វិធានការសងសឹកយ៉ាងធ្ងន់ធ្ងរបំផុត បើសិនជាអ៊ីរ៉ង់ហ៊ានបើកការវាយប្រហារណាមួយមកលើប្រទេសអ៊ីស្រាអែល ជាការសងសឹកឱ្យមេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី ដែលត្រូវបានអាម៉េរិក សម្លាប់នៅអ៊ីរ៉ាក់ នេះបើតាមការព្រមានរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ។ ការព្រមានរបស់លោក ណឺតាន់យ៉ាហ៊ូ ធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានព្រមានថា នឹងវាយប្រហារលើអ៊ីស្រាអែល អេមីរ៉ាតអារ៉ាប់រួម ឬសម្ព័ន្ធមិត្តអាម៉េរិកដទៃទៀត នៅក្នុងតំបន់ បើសិនសហរដ្ឋអាម៉េរិកបើកវាយប្រហារសងសឹកលើអ៊ីរ៉ង់វិញ ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី០៨ ខែមករានេះថា លោក សូឡៃមេនី គឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ជនស៊ីវិលស្លូតត្រង់រាប់មិនអស់ ព្រមទាំងបង្កអស្ថេរភាពនៅក្នុងតំបន់ ដូច្នេះការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ គឺជារឿងត្រឹមត្រូវ ហើយគួរតែត្រូវបានកោតសរសើរ ៕ធ.ដ
-
លោក ដូណាល់ ត្រាំ និយាយថា អ្វីៗនៅល្អទាំងអស់ ក្រោយអ៊ីរ៉ង់វាយប្រហារលើមូលដ្ឋានទ័ពអាម៉េរិកនៅក្នុងប្រទេសអ៊ីរ៉ាក់

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅតែនិយាយថាអ្វីៗទាំងអស់នៅល្អ បន្ទាប់ពីអ៊ីរ៉ង់បាញ់កាំជ្រួចរាប់សិបគ្រាប់ដាក់មូលដ្ឋានទ័ពអាម៉េរិកចំនួន២កន្លែងនៅក្នុងទឹកដីរបស់អ៊ីរ៉ាក់ ។ លោក ត្រាំ បាននិយាយទៀតថា ការវាយតំលៃកំពុងត្រូវធ្វើឡើង អំពីការស្លាប់ រងរបួស និងការខូចខាត តែការពិនិត្យដំបូងៗបង្ហាញថា នៅល្អទេ បើទោះជាសារព័ត៌មានក្នុងប្រទេសអ៊ីរ៉ាក់ខ្លះចុះផ្សាយថា ទាហានអាម៉េរិកដល់ទៅ៨០នាក់បានស្លាប់ ក្នុងការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ។ ទន្ទឹមគ្នា ប្រធានាធិបតីអាម៉េរិករូបនេះ ក៏បានសន្យាដែរថា នឹងធ្វើសេចក្តីថ្លែងការណ៍មួយនៅក្នុងថ្ងៃពុធនេះ(ម៉ោងក្នុងតំបន់) អំពីស្ថានភាពកាន់តែតានតឹងឡើងជាមួយអ៊ីរ៉ង់ តែមិនបានព្រលយប្រាប់មុនថាតើអាម៉េរិកនឹងសងសឹកដែរឬយ៉ាងណាទេ ។ គួរបញ្ជាក់ថា ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានស្រង់សម្តីមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ម្នាក់ដែលបានអះអាងថា ការវាយប្រហារដោយកាំជ្រួចលើគោលដៅអាម៉េរិកនៅអ៊ីរ៉ាក់ គ្រាន់តែជាជំហានដំបូង និងថា រដ្ឋាភិបាលទីក្រុងតេអេរ៉ង់នឹងមិនប្រណីលើពលទាហានអាម៉េរិកឡើយ ៕ធ.ដ
-
សត្វអូដ្ឋជាង១០.០០០ក្បាលនឹងត្រូវបាញ់ ដើម្បីការពារពួកវាពីការផឹកទឹកច្រើនពេក ខណៈភាគខាងត្បូងអូស្រ្តាលីជួបគ្រោះរាំងស្ងួត

អូស្រ្តាលី៖ សត្វអូដ្ឋច្រើនជាង១០.០០០ក្បាលនឹងត្រូវបានបាញ់ដោយក្រុមអ្នកជំនាញបាញ់កាំភ្លើងពីលើឧទ្ធម្ភាគចក្រ ដើម្បីការពារពួកវាពីការផឹកទឹកច្រើនពេកនៅភាគខាងត្បូងប្រទេសអូស្រ្តាលី ដែលរងគ្រោះដោយគ្រោះរាំងស្ងួត ។ ក្រុមអ្នកជំនាញបាញ់កាំភ្លើងនឹងចាប់ផ្តើមបេសកម្មនេះនៅក្នុងថ្ងៃ ពុធ នេះតែម្តង បន្ទាប់ពីមានបញ្ជាពីថ្នាក់ដឹកនាំជនជាតិដើមនៅតំបន់ Anangu Pitjantjatjara Yankunytjatjara ដែលហៅកាត់ថា APY ។ចំណាត់ការនេះត្រូវបានធ្វើឡើងស្របពេលដែលប្រជាជនក្នុងតំបន់បានត្អូញត្អែរថា សត្វពាហណៈជាច្រើនបានលុកលុយចូលក្នុងតំបន់សហគមន៍ និងបង្កការបំផ្លិចបំផ្លាញ នៅពេលពួកវាព្យាយាមស្វែងរកប្រភពទឹកដែលអាចរកបាន ។ អាជ្ញាធរក្នុងតំបន់ APY បាននិយាយថា ពួកយើងបានរងការរំខានដោយសារអាកាសធាតុក្តៅ និងលក្ខខណ្ឌមិនមានផាសុខភាព ក៏ដូចជាមានអារម្មណ៍មិនស្រួលនោះទេ ពីព្រោះសត្វអូដ្ឋបានចូលមក និងគោះរបងចូលទៅក្នុងផ្ទះ ព្រមទាំងព្យាយាមស្វែងរកប្រភពទឹក តាមរយៈម៉ាស៊ីនត្រជាក់ ៕ធ.ដ
-
មនុស្ស១៨០នាក់ បាត់បង់ជីវិតទាំងអស់ ក្រោយហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងរបស់អ៊ុយក្រែននៅប្រទេសអ៊ីរ៉ង់

អ៊ីរ៉ង់៖ មនុស្សសរុប១៨០នាក់បានបាត់បង់ជីវិតទាំងអស់ បន្ទាប់ពីយន្តហោះប្រទេសអ៊ុយក្រែនមួយគ្រឿងបានធ្លាក់ភ្លាមៗ ក្រោយពេលចេញដំណើរបានបន្តិច ពីចំណតអាកាសយានដ្ឋាន Imam Khomeini ស្ថិតក្នុងទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ នៅព្រឹកថ្ងៃទី០៨ ខែមករា នេះបើតាមការចេញផ្សាយតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ។ យន្តហោះប្រភេទ Boeing 737 ដែលផ្ទុកមនុស្សទាំង១៨០នាក់ដែលមានទាំងអ្នកដំណើរ និងបុគ្គលិកលើយន្តហោះនោះ គឺជាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរអ៊ុយក្រែន ហើយមូលហេតុការធ្លាក់គឺបណ្តាមកពីបញ្ហាបច្ចេកទេស នេះបើតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ ISNA ។ យ៉ាងណាមិញ ព័ត៌មានលម្អិតនៃហេតុការណ៍ធ្លាក់យន្តហោះនេះ មិនទាន់ត្រូវបានបង្ហាញឲ្យដឹងនៅឡើយទេ ៕ធ.ដ
-
ហ្វីលីពីនប្រាប់ពលរដ្ឋខ្លួនចេញពីអ៊ីរ៉ាក់បន្ទាន់ ក្រោយអ៊ីរ៉ង់វាយប្រហារទ័ពអាម៉េរិក

រដ្ឋាភិបាលហ្វីលីពីនបានបញ្ជាឲ្យពលរដ្ឋខ្លួនចាកចេញពីប្រទេសអ៊ីរ៉ាក់ នេះបើតាមក្រសួងការបរទេសហ្វីលីពីន នៅថ្ងៃពុធទី៨ មករា ២០២០នេះ ពោលគឺបន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារកងកម្លាំងយោធាអាម៉េរិកនៅអ៊ីរ៉ាក់ ជាការសងសឹកនឹងអាម៉េរិកសម្លាប់មេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់ កាលពីសប្តាហ៍មុន។ អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីន Eduardo Menez បានឲ្យដឹងថា «កម្រិតឲ្យប្រុងប្រយ័ត្ននៅទូទាំងប្រទេសអ៊ីរ៉ាក់គឺកើនដល់កម្រិត៤ហើយ ទើបនាំឲ្យមានការអំពាវនាវជម្លៀសពលរដ្ឋហ្វីលីពីនចេញពីអ៊ីរ៉ាក់»អ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទីករាប់សិបគ្រឿងពីព្រំដែនអ៊ីរ៉ង់ ទៅមូលដ្ឋានទ័ព យ៉ាងតិច២កន្លែងនៅអ៊ីរ៉ាក់ ជាមូលដ្ឋានយោធាសម្ពន្ធមិត្ត ដឹកនាំដោយអាម៉េរិក នៅវេលាម៉ោងប្រមាណ១៖៣០នាទី នេះបើតាមយោធាអាម៉េរិក៕ធ.ដ