-
អុីរ៉ង់អះអាងថា ខ្លួនជាអ្នកបាញ់ទម្លាក់យន្តហោះអ៊ុយក្រែន ព្រោះកំហុសបង្កឡើងដោយកត្តាមនុស្ស

អុីរ៉ង់៖ រដ្ឋាភិបាលអ៉ីរ៉ង់ នៅថ្ងៃទី១១ ខែមករានេះ បានចេញមុខទទួលស្គាល់ថា ខ្លួនពិតជាបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍ អ៊ុយក្រែនដោយអចេតនា ព្រោះតែកំហុសបង្កឡើងដោយកត្តាមនុស្ស ។គួរបញ្ជាក់ថា យន្តហោះ Boeing 737 នៃក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន ដែលមានគោលដៅហោះហើរពីទីក្រុងតេហេរ៉ង់ ទៅកាន់ទីក្រុងកៀវប្រទេសអ៊ុយក្រែន បានធ្លាក់នៅវេលាព្រឹកព្រហាមថ្ងៃពុធ ហើយវាមានផ្ទុកពលរដ្ឋអ៉ីរ៉ង់ ៨២នាក់, កាណាដា ៦៣នាក់, អ៊ុយក្រែន ១១នាក់, ស៊ុយអែត ១០នាក់, អាហ្វហ្គានីស្ថាន ០៤នាក់, អាល្លឺម៉ង់ ០៣នាក់, និងអង់គ្លេស ០៣នាក់។ គ្រោះថ្នាក់នេះបានកើតឡើងតែប៉ុន្មាន ម៉ោងប៉ុណ្ណោះ ក្រោយអ៉ីរ៉ង់បាញ់មីស៊ីល ១៥គ្រាប់ លើមូលដ្ឋានទ័ពអាមេរិកចំនួនពីរកន្លែង នៅក្នុងប្រទេសអ៉ីរ៉ាក់ ជាការសងសឹកឱ្យលោកមេទ័ព សូឡៃមេនី (Soleimani) ដែលត្រូវបានអាមេរិក សម្លាប់នៅទីក្រុងបាកដាដប្រទេសអ៉ីរ៉ាក់៕ …
-
រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរថែមទៀតលើអ៊ីរ៉ង់ ក្រោយអ៊ីរ៉ង់វាយប្រហារមីស៊ីលស្រោចលើមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់

សហរដ្ឋអាមេរិក៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មកាន់តែខ្លាំងថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី១០ខែមករានេះ ដើម្បី ការឆ្លើយតបនឹងការបាញ់ស្រោចមីស៊ីលជាច្រើនគ្រាប់របស់អ៊ីរ៉ង់ ទៅលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ។ថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាន រដ្ឋមន្រ្តីរតនាគារអាមេរិក លោក Steven Mnuchin បាននិយាយថា ការដាក់ទណ្ឌកម្មថ្មីនេះ គឺសំដៅលើឧស្សាហកម្មសាងសង់ផលិតកម្ម ការធ្វើអាជីវកម្មរ៉ែ និងវាយនភណ្ឌរបស់អ៊ីរ៉ង់ ។ លោកបន្ថែមថា ការដាក់ទណ្ឌកម្មនោះ ក៏សំដៅលើក្រុមមន្រ្តីអ៊ីរ៉ង់ដែលអាមេរិកនិយាយថា មានការទាក់ទិននឹងការវាយប្រហារមីស៊ីលកាលពីថ្ងៃទី៨ ខែមករានេះ លើមូលដ្ឋានទ័ពអាមេរិកនៅអ៊ីរ៉ាក់ ។ ទន្ទឹមគ្នា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានបញ្ជាក់ដែរថា លេខាធិការរបស់ក្រុមប្រឹក្សាកំពូលសន្តិសុខជាតិអ៊ីរ៉ង់ និងនាយករដ្ឋអគ្គសេនាធិការអ៊ីរ៉ង់ ក៏ស្ថិតនៅក្នុងចំណោមក្រុមមន្រ្តីជាន់ខ្ពស់ដែលត្រូវបានដាក់នៅក្នុងទណ្ឌកម្មថ្មីនេះផងដែរ ។គួរបញ្ជាក់ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជឿជាក់ថា ការដាក់ទណ្ឌកម្មខាងលើនេះ នឹងបង្ខំឲ្យរដ្ឋាភិបាលទីក្រុងតេរ៉ង់ធ្វើការចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែថ្មី ដើម្បីកាត់បន្ថយកម្មវិធីអភិវឌ្ឍមីស៊ីលរបស់អ៊ីរ៉ង់ ហើយនឹងបញ្ចប់ការគាំទ្រពួកកងជីវពលនៅក្នុងតំបន់មជ្ឈិមបូព៌ា ៕
-
សហរដ្ឋអាមេរិកអះអាងថា នឹងមិនដកទ័ពរបស់ខ្លួនចេញពីទឹកដីអ៊ីរ៉ាក់ឡើយ បើទោះជាមានការអំពាវនាវពីរដ្ឋាភិបាលអ៊ីរ៉ាក់

អ៊ីរ៉ាក់៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃទី១០ ខែមករានេះថា ប្រទេសរបស់លោកនឹងមិនដកកងទ័ពរបស់ខ្លួនចេញពីទឹកដីអ៊ីរ៉ាក់ទៅតាមការអំពាវនាវរបស់សមាជិកសភារបស់ប្រទេសនេះនោះទេ ។ទន្ទឹមគ្នា លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមិនត្រឹមតែមិនដកកងទ័ពរបស់ខ្លួនចេញពីអ៊ីរ៉ាក់ទេ គឺថែមទាំងមានគម្រោងពង្រឹងសមត្ថភាពយោធារបស់អង្គការ NATO នៅតំបន់មជ្ឈិមបូព៌ាបន្ថែមទៀតនៅពេលខាងមុខ រួមទាំងពង្រឹងនៅក្នុងប្រទេសអ៊ីរ៉ាក់ផងដែរ ។ ការអត្ថាប្បាយបែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងស្របពេលដែលនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Adel Abdel Mahdi បានសម្រេចស្នើទៅកាន់សហរដ្ឋអាមេរិក ដើម្បីឲ្យបញ្ជូនគណៈប្រតិភូមកកាន់ប្រទេសអ៊ីរ៉ាក់ សម្រាប់ការចាប់ផ្តើមត្រៀមរៀបចំខ្លួនដកកងទ័ពអាមេរិកចេញពីប្រទេសរបស់លោក ។ សូមរំលឹកផងដែរថា សភាអ៊ីរ៉ាក់បានបោះឆ្នោតគាំទ្រឲ្យបណ្តេញកងទ័ពបរទេសទាំងអស់ចេញពីប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីយោធាអាមេរិកបានប្រើយន្តហោះដ្រូនវាយប្រហារផ្តាច់ជីវិតមេទ័ពកំពូលអ៊ីរ៉ង់ លោក កាស្សេម សូឡៃមេនី នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ របស់អ៊ីរ៉ាក់ ហើយការវាយប្រហារនោះក៏បានសម្លាប់លោក អាប៊ូម៉ាឌី អាល់ម៊ូហានឌីស ដែលជាមេកងជីវពលអ៊ីរ៉ាក់ផងដែរ៕
-
បេក្ខជនប្រធានាធិបតីអាមេរិកលោក Joe Biden រិះគន់លោក ដូណាល់ ត្រាំ ថា ជាមេដឹកនាំអសមត្ថភាព ក្រោយចេញបញ្ជាសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់

សហរដ្ឋអាមេរិក៖ លោក Joe Biden ដែលជាគូប្រជែងបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យអាមេរិក បានពណ៌នាលោក ដូណាល់ ត្រាំ ថា ជាមេដឹកនាំអសមត្ថភាពប្រកបដោយគ្រោះថ្នាក់ ក្រោយសម្រេចចិត្តចេញបញ្ជាបើកការវាយប្រហារសម្លាប់មេបញ្ជាការយោធាអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី ។លោក Joe Biden បាននិយាយយ៉ាងដូច្នេះថា ចំពោះខ្ញុំ លោកប្រធានាធិបតី ត្រាំ មិនមានយុទ្ធសាស្រ្តទាល់តែសោះចំពោះការវាយប្រហារនេះ… លោកមិនមានច្រកចេញ ហើយនេះជាការពិតដែលពិបាកទទួលបំផុត ។ កំហុសជាប្រចាំ និងការសម្រេចមិនល្អរបស់លោក បានបន្សល់ឲ្យយើង (សហរដ្ឋអាមេរិក) មានជម្រើសដ៏មានកម្រិតបំផុតសម្រាប់ធ្វើឲ្យជឿនលឿនទៅមុខ ។ជាមួយគ្នានេះ លោក Biden ក៏បានជំរុញឲ្យលោក ត្រាំ ស្វែងរកការយល់ព្រមពីសភាស្តីពីការប្រើកម្លាំង និង ត្រូវធ្វើការជាមួយសភា ។ លោកសង្កត់ធ្ងន់ថា លោកប្រធានាធិបតីត្រូវគោរពសេចក្តីសម្រេចអំពីអំណាចនៃសង្គ្រាម ហើយប្រធានាធិបតីមិនអាចធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ដោយមិនមានការយល់ព្រម និងការអនុញ្ញាតពីសភាទេ ៕
-
របាយការណ៍មួយបញ្ជាក់ថា ក្រៅពីការធ្វើឃាតលោក សូឡៃមេនី សហរដ្ឋអាមេរិកក៏មានផែនការសម្លាប់មេទ័ពអ៊ីរ៉ង់មួយរូបទៀតផងដែរ

សហរដ្ឋអាមេរិក៖ យោធាអាមេរិកបានព្យាយាម និង បរាជ័យ ក្នុងការធ្វើឃាតមេ ទ័ពយោធាកំពូលរបស់អ៊ីរ៉ង់មួយទៀត នៅថ្ងៃតែមួយកាលពីសប្តាហ៍មុន ស្របពេលបើកការវាយប្រហារដោយយន្តហោះដ្រូន ផ្តាច់ជីវិតមេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ។ ផ្អែកតាមប្រភពពីមន្រ្តីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអោយដឹងថា យោធាអាមេរិកត្រូវបានគេរាយការណ៍ថា បានប៉ន់ប៉ងធ្វើឃាតលោក Abdul Reza Shahlai ដែលជាមេបញ្ជាការជាន់ខ្ពស់មួយរូប នៃកងកម្លាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ នៅក្នុងការវាយប្រហារដាច់ដោយឡែកមួយ នៅថ្ងៃតែមួយក្នុងគ្រាសម្លាប់លោក សូឡៃមេនី ប៉ុន្តែត្រូវបរាជ័យ ។ យ៉ាងណាមិញ ព័ត៌មានលំអិតពាក់ព័ន្ធនឹងប្រតិបត្តិការប៉ន់ប៉ង់ផ្តាច់ជីវិតមេបញ្ជាការជាន់ខ្ពស់របស់អ៊ីរ៉ង់រូបនេះ នៅពុំទាន់បញ្ជាក់នៅឡើយទេ ។សូមរំលឹកថា យោធាអាមេរិកបានប្រើយន្តហោះដ្រូនវាយប្រហារផ្តាច់ជីវិតមេទ័ពកំពូលអ៊ីរ៉ង់ លោក កាស្សេម សូឡៃមេនី នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ របស់អ៊ីរ៉ាក់ ហើយការវាយប្រហារនោះក៏បានសម្លាប់លោក អាប៊ូម៉ាឌី អាល់ម៊ូហានឌីស ដែលជាមេកងជីវពលអ៊ីរ៉ាក់ផងដែរ ៕
-
ប្រជាជនតៃវ៉ាន់ចាប់ផ្តើមធ្វើដំណើរទៅកាន់មណ្ឌលបោះឆ្នោតនៅទូទាំងកោះ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី

តៃវ៉ាន់៖ ពលរដ្ឋតៃវ៉ាន់ចាប់ផ្តើមធ្វើដំណើរទៅកាន់មណ្ឌលបោះឆ្នោតនៅទូទាំងកោះនេះ ស្របពេលដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី បានប្រព្រឹត្តទៅចាប់ពីម៉ោង៨នាទីព្រឹកថ្ងៃទី១១ ខែមករានេះ រហូតដល់ពេលល្ងាចថ្ងៃដដែល ។ លោកស្រី ត្សៃ អ៊ីងវិន ដែលបានជាប់ឆ្នោតជាប្រធានាធិបតី និងដឹកនាំកោះតៃវ៉ាន់ ចាប់តាំងពីឆ្នាំ២០១៦កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបន្តឈ្នះឆ្នោតនាអាណត្តិទីពីរទៀត ខណៈលោកស្រីត្រូវបានគេមើលឃើញថា ជាមេដឹកនាំដែលចង់បានឯករាជ្យ សម្រាប់កោះតៃវ៉ាន់ខ្លាំងបំផុត ។បើតាមក្រុមអ្នកវិភាគកន្លងមកនេះ ការបោះឆ្នោតនាដើមឆ្នាំ២០២០ គឺពិតជាមានសារៈសំខាន់សម្រាប់ប្រជាជនលើកោះតៃវ៉ាន់ ពីព្រោះពួកគេនឹងត្រូវសម្រេចថា តើត្រូវបន្តភាពតានតឹងជាមួយចិន ឬក៏ចង់បានរដ្ឋាភិបាលថ្មីមួយ ដែលអាចធ្វើឲ្យទំនាក់ទំនងរវាងកោះតៃវ៉ាន់ និងប្រទេសចិនបានធូរស្រាលឡើងវិញនោះ ៕
-
លោក ដូណាល់ ត្រាំ យករឿងធ្វើឃាតមេទ័ពកំពូលអ៊ីរ៉ង់ ធ្វើជាប្រធានបទនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន

សហរដ្ឋអាម៉េរិក៖ នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់នៅទីក្រុង ថូឡេដូ រដ្ឋអូហៃយ៉ូ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី០៩ ខែមករានេះ បានលើកយកការសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី មកធ្វើជាប្រធានបទ នៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ។ លោក ដូណាល់ ត្រាំ បាននិយាយការពារការចេញបញ្ជារបស់លោកឲ្យធ្វើឃាតលោក សូឡៃមេនី ហើយច្រានចោទការរិះគន់ពីបក្សប្រជាធិបតេយ្យដែលថា លោកបានធ្វើលើសពីអំណាចខ្លួន តាមរយៈការបង្គាប់ឲ្យយោធាអាមេរិកប្រើយន្តហោះដ្រូនវាយប្រហារសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់រូបនេះ និងថានៅក្បែរអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ។ នាឱកាសនោះដែរ ប្រធានាធិបតីអាមេរិករូបនេះក៏បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់លោក ក្នុងការបង្គាប់ឲ្យយោធាអាមេរិកប្រើយន្តហោះដ្រូនវាយប្រហារសម្លាប់មេទ័ពដឹកនាំកងអង្គភាពពិសេស Quds របស់យោធាអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី បានជួយសង្រ្គោះជីវិតពលរដ្ឋអាមេរិក ហើយវាគឺជារឿងយុត្តិធម៌បំផុត ៕ធ.ដ
-
សហរដ្ឋអាម៉េរិកសម្រេចជាផ្លូវការហើយ ក្នុងការលក់យន្តហោះចម្បាំង-បំបាំងកាយ F-35 ឲ្យសង្ហិបុរី

សហរដ្ឋអាមេរិក៖ រដ្ឋាភិបាលអាមេរិកនៅថ្ងៃទី០៩ ខែមករានេះ បានសម្រេចជាផ្លូវការហើយ ក្នុងការលក់យន្តហោះចម្បាំង-បំបាំងកាយ F-35 ទៅឲ្យសិង្ហបុរី ហើយវាក៏ជាការត្រួសត្រាយផ្លូវ សម្រាប់ការបញ្ជាទិញបន្ថែមទៀតនៅពេលអនាគតផងដែរ ។ ស្របពេលជាមួយគ្នានេះដែរ ក្រសួងការបរទេសអាមេរិកបានលើកឡើងថា នឹងអនុញ្ញាតឲ្យសិង្ហបុរីទិញយន្តហោះទាំងអស់នេះ តាមចិត្តចង់បាន ជាមួយនឹងតម្លៃសរុបប្រមាណ២.៧៥ពាន់លានដុល្លារ ខណៈសិង្ហបុរីក៏មានបំណងទិញសព្វាវុធ និងគ្រឿងបរិក្ខាយោធាទំនើបៗបន្ថែមទៀតពីសហរដ្ឋអាមេរិក ដើម្បីបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួន ។ សូមរំលឹកថា រដ្ឋមន្ត្រីការពារជាតិសិង្ហបុរីលោក ង៉រ អេង ហេន កាលពីឆ្នាំ២០១៩បានប្រកាសថា ប្រទេសរបស់លោកនឹងដាក់សំណើមួយទៅកាន់សហរដ្ឋអាមេរិក ដើម្បីបញ្ជាទិញយន្តហោះចម្បាំង F-35B ចំនួន០៤គ្រឿងក្នុងតំណាក់កាលទី១ និងថា សិង្ហបុរីមានបំណងចង់ទិញយន្តហោះ F-35B នេះ រហូតដល់ទៅ១២គ្រឿង ៕ធ.ដ
-
លោក ដូណាល់ ត្រាំ និយាយថា កិច្ចព្រមព្រៀងជាមួយចិនតំណាក់កាលទីពីរ នឹងចាប់ផ្តើមក្រោយការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី០៩ ខែមករានេះបានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី២ រវាងចិន និងសហរដ្ឋអាមេរិកអាចចាប់ផ្តើមចរចាបាន នៅក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងមុនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ ត្រូវគេរំពឹងថា អាមេរិក-ចិននឹងចុះហត្ថលេខានៅសប្ដាហ៍ក្រោយនេះ ។ ទាក់ទិនទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីពីរនេះ លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា អាមេរិកនឹងចាប់ផ្តើមកិច្ចព្រមព្រៀងជាមួយចិន តែមិនមែនពេលនេះទេ ហើយភាគីទាំងពីរនឹងប្រើប្រាស់ពេលវេលាចរចាឲ្យកាន់តែតិចបំផុត និងល្អបំផុត ។ បើតាមមន្ត្រីអាមេរិក និងចិននោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ មានរួមបញ្ចូលនូវកិច្ចការពារកម្មសិទ្ធិបញ្ញា ទំនិញកសិកម្ម និងចំណីអាហារ សេវាកម្មហិរញ្ញវត្ថុ និងការដោះដូររូបិយប័ណ្ណបរទេស ព្រមទាំងវិធានរួមមួយចំនួន សម្រាប់ការដោះស្រាយវិវាទទៅថ្ងៃមុខ ។ ទន្ទឹមគ្នា លោក ដូណាល់ ត្រាំ ក៏បានយល់ព្រមលុបផែនការដំឡើងពន្ធលើទំនិញចិនមានតម្លៃ១៦០ពាន់លានដុល្លារ ខណៈចិនវិញ សន្យាទិញទំនិញកសិកម្មអាមេរិកបន្ថែមក្នុងតម្លៃ២០០ពាន់លានដុល្លារផងដែរ ៕ធ.ដ
-
វៀតណាមនាំចេញស៊ីម៉ង់៣៤លានតោន តម្លៃ១.៤ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩

វៀតណាម៖ ឧស្សាហកម្មស៊ីម៉ង់របស់ប្រទេសវៀតណាមក្នុងឆ្នាំ២០១៩កន្លងមក បានបន្តកើនឡើងរាប់ពាន់លានដុល្លារអាមេរិក សម្រាប់ទំហំនៃការនាំចេញ នេះបើតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ចេញផ្សាយកាលពីម្សិលមិញ។ នាយកដ្ឋាននាំចេញ នាំចូលនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានឲ្យដឹងថា កាលពីឆ្នាំមុន ឧស្សាហកម្មនេះបាននាំចេញស៊ីម៉ង់៣៤លានតោន តម្លៃ១.៤ពាន់លានដុល្លារអាមេរិក កើនឡើងច្រើនជាង១៤៨លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំ២០១៨។ ទំហំនៃការនាំចេញបានកើនឡើង ចន្លោះពី១០០ ទៅ១៥០លានដុល្លារអាមេរិក ពីការព្យាករណ៍ទុករបស់ក្រសួង៕ធ.ដ