-
វៀតណាមប្រាប់គ្រប់ភាគីឲ្យការពារសុវត្ថិភាពពលរដ្ឋខ្លួននៅមជ្ឈិមបូព៌ា ខណៈអាម៉េរិក និងអ៊ីរ៉ង់តានតឹង

វៀតណាម៖ ខណៈដែលមានភាពតានតឹងថ្មីៗនេះ ក្នុងតំបន់មជ្ឈិមបូព៌ា បណ្តាទីភ្នាក់ងារវៀតណាមក្នុងតំបន់ និងផ្នែកពាក់ព័ន្ធគឺត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចាត់វិធានការការពារពលរដ្ឋវៀតណាម នៅពេលមានករណីចាំបាច់ នេះបើតាមអ្នកស្រី អ្នកស្រី Lê Thị Thu Hằng នាំពាក្យក្រសួងការបរទេសវៀតណាម ចេញផ្សាយដោយសារព័ត៌មាន Vietnamnews កាលពីថ្ងៃទី៩ មករា ២០២០ ម្សិលមិញ។ ក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញ នៅពេលឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់នោះ អ្នកនាំពាក្យរូបនេះបានលើកឡើងថា «វៀតណាមមានក្តីកង្វល់អំពីភាពតានតឹងថ្មីៗនេះ នៅមជ្ឈិមបូព៌ា។ យើងបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំអស់អត់ធ្មត់ ដើម្បីចៀសវាងភាពតានតឹងកាន់តែខ្លាំង មិនមែនប្រើកម្លាំងទេ គឺការពារពលរដ្ឋ និងដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈវិធានការសន្តិវិធីនិងសន្ទនា ផ្អែកលើមូលដ្ឋានគោរពច្បាប់អន្តរជាតិដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់និងពិភពលោក» លោកស្រីបន្ថែមទៀតថា ក្រសួងការបរទេសវៀតណាម ថ្មីៗនេះ ក៏បានណែនាំដល់ជនជាតិវៀតណាមទាំងអស់កុំធ្វើដំណើរទៅបណ្តាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ព្រោះអាចប៉ះពាល់ដោយសារតែជម្លោះផ្សេងៗ។ ក្រសួងក៏បានណែនាំដល់ពលរដ្ឋក្នុងបណ្តាប្រទេសទាំងនោះកុំធ្វើដំណើរទៅតំបន់គ្រោះថ្នាក់ ហើយស្តាប់តាមការណែនាំគ្រប់ពេលរបស់អាជ្ញាធរ ដើម្បីធានាសុវត្ថិភាព។លោកស្រីបន្តទៀតថា ក្រសួងការបរទេសក៏បានប្រាប់តាមរយៈ Hotlines ដល់អង្គភាពវៀតណាមទាំងអស់ក្នុងតំបន់នោះផងដែរ ក្នុងការដែលឲ្យពលរដ្ឋវៀតណាមនៅទីនោះទាក់ទងមកគ្រប់ពេល ហើយត្រៀមវិធានការការពារពលរដ្ឋវៀតណាមគ្រប់ពេល៕ធ.ដ
-
អ៊ីរ៉ង់ច្រានចោលរឿងជាប់ពាក់ព័ន្ធនឹងការធ្លាក់យន្តហោះអ៊ុយក្រែន ហើយថែមទាំងអញ្ជើញក្រុមជំនាញអាម៉េរិកឲ្យស៊ើបអង្កេត

អ៊ីរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់បានធ្វើការទាត់ចោលការចោទប្រកាន់ និងអញ្ជើញជាផ្លូវការនូវក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិក (NTSB) ដើម្បីចូលរួមជាផ្នែកមួយនៅក្នុងការស៊ើបអង្កេតរបស់ខ្លួន ទាក់ទិននឹងករណីធ្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែន នៅជាយរដ្ឋធានីតេហេរ៉ង់ ដែលបានផ្តាច់ជីវិតមនុស្សសរុបនៅលើនោះ១៧៦នាក់ ។ ជាការឆ្លើយតបវិញនោះ ទីភ្នាក់ងារក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិក (NTSB) បានយល់ព្រមចាត់តាំងអ្នកជំនាញស៊ើបអង្កេតមួយរូប នេះបើតាមលោក ហ្វាហាដ ផាវ៉ារ៉េស ដែលជាអ្នកតំណាងអ៊ីរ៉ង់នៅឯអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) បញ្ជាក់ប្រាប់សារព័ត៌មានរ៉យទ័រ ។ សូមបញ្ជាក់ថា នៅក្នុងវីដេអូដែលផ្ញើជូនសារព័ត៌មាន CNN អាមេរិក អង់គ្លេស និងកាណាដាជឿជាក់ថា គឺជាសកម្មភាពគ្រាប់មីស៊ីលហោះចេញ និងបុកជាមួយវត្ថុនៅលើអាកាសស្ថិតនៅជាយរដ្ឋធានី តេហេរ៉ង់ ចំពេលដែលយន្តហោះអ៊ុយក្រែន ទើបហោះចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងតេហេរ៉ង់ ។ ក្រោយពិនិត្យស្ថានភាព និងពេលវេលា ព្រមទាំងទិន្នន័យពីក្រុមស៊ើបការណ៍សម្ងាត់រៀងខ្លួនៗ និងព័ត៌មានផ្កាយរណបស៊ើបការណ៍បន្ថែមទៀតនោះ ប្រទេសទាំងបីជឿជាក់ថា យន្តហោះ Boeing 737-800 ត្រូវបានគ្រាប់មីស៊ីលអ៊ីរ៉ង់បាញ់ទម្លាក់ ៕ធ.ដ
-
សហរដ្ឋអាម៉េរិក អង់គ្លេស និងកាណាដាជឿជាក់ថា គ្រាប់មីស៊ីលអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន

សហររដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក អង់គ្លេស និងកាណាដាជឿជាក់ថា គ្រាប់មីស៊ីលអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះអ៊ុយក្រែន នៅទី០៨ ខែមករានេះ ដែលអាចជាការចាប់សញ្ញាច្រឡំមួយ ។ ការចោទប្រកាន់នេះ ត្រូវបានធ្វើឡើងស្របពេលដែលក្រុមស៊ើបការណ៍សម្ងាត់ជាតិអាម៉េរិក និងកាណាដា បានធ្វើការអង្កេតទៅលើខ្សែវីដេអូមួយ ដែលត្រូវបានគេអះអាងថា បានថតនៅកំឡុងពេលដែលយន្តហោះអ៊ុយក្រែនដឹកមនុស្ស១៧៦នាក់បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីតេហេរ៉ង់ កាលពីម៉ោង ៦និង១២នាទីព្រឹកថ្ងៃទី០៨ ខែមករានេះ (ម៉ោងក្នុងតំបន់) ។ នៅក្នុងវីដេអូនោះ បានបង្ហាញពីសកម្មភាពគ្រាប់មីស៊ីលហោះចេញ និង បុកជាមួយវត្ថុនៅលើអាកាសស្ថិតនៅជាយរដ្ឋធានីតេហេរ៉ង់ ។ គួរបញ្ជាក់ផងដែរថា នៅពេលដែលអាជ្ញាធរអ៊ីរ៉ង់ប្រកែកមិនព្រមប្រគល់ប្រអប់ខ្មៅ នៃយន្តហោះ Boeing 737-800 របស់អ៊ុយក្រែនឲ្យផ្នែកស៊ើបអង្កេតអន្តរជាតិនោះ វាហាក់កាន់តែធ្វើឲ្យការសង្ស័យកើនឡើងថា គ្រាប់មីស៊ីលអ៊ីរ៉ង់ពិតជាបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អាកាសរណ៍អន្តរជាតិអ៊ុយក្រែននោះមែន ៕ធ.ដ
-
សភាសហរដ្ឋអាម៉េរិកអនុម័តវិធានការរឹតត្បិតសកម្មភាពរបស់លោក ដូណាល់ ត្រាំ លើប្រទេសអ៊ីរ៉ង់

សហរដ្ឋអាម៉េរិក៖ សភាអាម៉េរិកគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យនៅថ្ងៃទី០៩ ខែមករានេះ បានអនុម័តសេចក្តីសម្រេចចិត្តមួយ ដោយអះអាងថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ត្រូវតែស្វែងរកការយល់ព្រមពីសភា មុនពេលចូលរួមសកម្មភាពយោធាបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់ ។ សភាលោកស្រី ណាន់ស៊ី ប៉េឡូស៊ី បាននិយាយថា វិធានការនេះនឹងការពារជីវិត និងតម្លៃរបស់សហរដ្ឋអាម៉េរិក ដោយរឹតត្បិតសកម្មភាពយោធារបស់លោក ដូណាល់ ត្រាំ ខណៈរដ្ឋបាលនេះ ត្រូវតែបន្ថយ និងត្រូវទប់ស្កាត់អំពើហិង្សាថែមទៀត ។ ទន្ទឹមគ្នា សេតវិមានបានហៅសេចក្តីសម្រេចចិត្តនេះថា ជារឿងគួរឱ្យអស់សំណើច និង ជាការបំភ័ណ្ឌមតិសាធារណៈទាំងស្រុង ។ សភាបានអនុម័តវិធានការនេះ ក្នុងសំឡេង២២៤ទល់១៩៤ដោយមានសមាជិកគណបក្សសាធារណៈរដ្ឋតែ៣រូបប៉ុណ្ណោះគាំទ្រ និងសមាជិកបក្សប្រជាធិបតេយ្យ៨រូបបានជំទាស់នឹងវិធានការនេះ ។ ក្នុងពេលប្រកាសបោះឆ្នោតលើវិធានការនេះ លោកស្រី ប៉េឡូស៊ី បានហៅការសម្លាប់លោកឧត្តមសេនីយ៍ កាស្សេម សូឡៃមេនី ថា ជាការបង្ករឿង និង មិនសមហេតុផល ៕ធ.ដ
-
ឧបនាយករដ្ឋមន្ត្រីចិននឹងធ្វើដំណើរទៅសហរដ្ឋអាម៉េរិកសប្តាហ៍ក្រោយនេះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១

ចិន៖ ឧបនាយករដ្ឋមន្ត្រីចិនលោក លីវ ហ៊ី នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិកនាសប្តាហ៍ក្រោយនេះ ដើម្បីចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ ជាមួយនឹងរដ្ឋាភិបាលអាម៉េរិក នេះបើតាមរដ្ឋាភិបាលទីក្រុងប៉េកាំងនៅថ្ងៃទី០៩ ខែមករានេះ ។ ប្រភពបានឱ្យដឹងថា ការចុះហត្ថលេខាខាងលើ នឹងក្លាយជាលទ្ធផលផ្លូវការដំបូងបំផុតនៅក្នុងរយៈពេលពីរឆ្នាំមកនេះ ដែលប្រទេសមហាអំណាចសេដ្ឋកិច្ចធំទាំងពីរលើលោកនេះ សម្រេចបានដើម្បីបន្ថយភាពតានតឹងនៅក្នុងសង្គ្រាមដំឡើងពន្ធ រាប់រយពាន់លានដុល្លារ ។ បើតាមមន្ត្រីអាមេរិក និងចិននោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ មានរួមបញ្ចូលនូវកិច្ចការពារកម្មសិទ្ធិបញ្ញា ទំនិញកសិកម្ម និងចំណីអាហារ សេវាកម្មហិរញ្ញវត្ថុ និងការដោះដូររូបិយប័ណ្ណបរទេស ព្រមទាំងវិធានរួមមួយចំនួន សម្រាប់ការដោះស្រាយវិវាទទៅថ្ងៃមុខ ។ ទន្ទឹមគ្នា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ក៏បានយល់ព្រមលុបផែនការដំឡើងពន្ធលើទំនិញចិនមានតម្លៃ១៦០ពាន់លានដុល្លារ ខណៈចិនវិញសន្យាទិញទំនិញកសិកម្មអាម៉េរិកបន្ថែមក្នុងតម្លៃ២០០ពាន់លានដុល្លារផងដែរ ៕ធ.ដ
-
របាយការណ៍បង្ហាញថា សត្វជាង៨០០លានក្បាលងាប់ដោយសារភ្លើងឆេះព្រៃដ៏អាក្រក់នៅក្នុងរដ្ឋ New South Wales របស់អូស្ត្រាលី

អូស្រ្តាលី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា សត្វជាង៨០០លានក្បាលបានងាប់ ដោយសារភ្លើងឆេះព្រៃដ៏សន្ធោសន្ធៅនៅរដ្ឋ New South Wales ហើយចំនួននេះត្រូវបានគេរំពឹងថា នឹងកើនឡើងថែមទៀត ។ ភ្លើងឆេះព្រៃដ៏កំណាចនេះ បានបង្កការបំផ្លិចបំផ្លាញខ្លាំងនៅរដ្ឋ New South Wales ហើយវាក៏បានបណ្តាលឱ្យងាប់សត្វព្រៃជាច្រើនក្បាលនេះ នៅតំបន់ដីព្រៃ៥,២លានហិកតា ដែលត្រូវបានភ្លើងឆេះនៅទូទាំងរដ្ឋនេះ ។ ចំនួនសត្វងាប់នៅរដ្ឋNew South Wales នេះដែរ គឺរួមទាំងសត្វដែលងាប់ដោយអគ្គិភ័យ ការបាត់បង់ចំណីអាហារ និងទីជម្រក ឬពីការខាំសម្លាប់ដោយសត្វព្រៃធំដូចជាសត្វខ្លាជាដើម។ ក្រៅពីរដ្ឋ New South Wales គេមិនទាន់ដឹងថា មានសត្វប៉ុន្មានក្បាលបានងាប់ដោយសារភ្លើងឆេះព្រៃនៅរដ្ឋ Victoria រដ្ឋQueensland រដ្ឋWestern Australia រដ្ឋSouth Australia និងរដ្ឋTasmania ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៨ ខែមករានេះ ចំនួនអ្នកស្លាប់ដោយភ្លើងឆេះព្រៃចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ នៅទូទាំងប្រទេសអូស្រ្តាលី បានកើនឡើងដល់២៦នាក់ និងការខាតបង់សេដ្ឋកិច្ចដោយសារវិបត្តិនេះ…
-
អូស្រ្តាលីចេញសេចក្តីជូនដំណឹងជាថ្មីពីការជម្លៀសប្រជាជននៅទូទាំងភាគអាគ្នេយ៍ប្រទេស ដោយសារព្រួយបារម្ភអំពីភ្លើងឆេះព្រៃ

អូស្រ្តាលី៖ អាជ្ញាធរអូស្រា្តលី នៅថ្ងៃទី០៩ ខែមករានេះ បានចេញសារព្រមានជាថ្មី ពីការជម្លៀសខ្លួននៅទូទាំងភាគអាគ្នេយ៍ប្រទេស ក្នុងគ្រាដែលអាកាសធាតុក្ដៅខ្លាំងកំពុងបង្កឱ្យមានភ្លើងឆេះព្រៃដ៏ធំសម្បើម ។ បច្ចុប្បន្ន ភ្លើងឆេះព្រៃដែលបានឆាបឆេះចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩មក បានបណ្តាលឱ្យមនុស្ស២៦នាក់បាត់បង់ជីវិត បំផ្លាញផ្ទះសម្បែង១,៨៧០ខ្នង រីឯសត្វព្រៃរាប់លានក្បាលបានងាប់ ព្រមទាំងឆាបឆេះផ្ទៃដីច្រើនជាង១០.៣លានហិកតាខណៈទំហំខូចខាតត្រូវបានវាយតម្លៃថា អាចនឹងមានដល់ពាន់លានដុល្លារ ។ ដោយសារតែភ្លើងឆេះព្រៃនៅអូស្រ្តាលីកាន់តែមានសភាពធ្ងន់ធ្ងរខ្លាំងឡើងនោះបណ្តាប្រទេសជាច្រើន ក្នុងនោះរួមមាន សហរដ្ឋអាមេរិក កាណាដា សិង្ហបុរី និងម៉ាឡេស៊ីបានធ្វើការបញ្ជូនភ្នាក់ងារពន្លត់អគ្គិភ័យរបស់ខ្លួន ឱ្យទៅជួយក្រុមពន្លត់អគ្គិភ័យអូស្រ្តាលី ដែលកំពុងតស៊ូប្រយុទ្ធនឹងឥទ្ធិពលភ្លើងឆេះព្រៃដ៏កំណាចនេះ ៕ធ.ដ
-
នាយករដ្ឋមន្រ្តីកាណាដាសន្យាស្វែករកការពិត ក្រោយជនជាតិខ្លួន៦៣នាក់ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះអ៊ុយក្រែននៅអ៊ីរ៉ង់

កាណាដា៖ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ នៅថ្ងៃទី៨ ខែមករានេះ បានសន្យាថា រដ្ឋាភិបាលរបស់លោកនឹងស្វែងរកចម្លើយឱ្យឃើញ អំពីមូលហេតុដែលយន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់អ៊ុយក្រែនធ្លាក់ និងបានសម្លាប់ជនជាតិកាណាដាចំនួន៦៣នាក់ បន្ទាប់ពីហោះចេញពីរដ្ឋធានីតេហេរ៉ង់តែប៉ុន្មាននាទីប៉ុណ្ណោះ ។ នាយករដ្ឋមន្រ្តីកាណាដារូបនេះបានគូសបញ្ជាក់ទៀតថា នៅលើយន្តហោះអ៊ុយក្រែនខាងលើនេះ ក្នុងនោះរួមមាននិស្សិតអន្តរជាតិជាច្រើន ដែលកំពុងសិក្សានៅសាកលវិទ្យាល័យនានាទូទាំងប្រទេសកាណាដា និងថា រដ្ឋាភិបាលរបស់លោកកំពុងធ្វើកិច្ចការនេះជាមួយដៃគូអន្តរជាតិរបស់ខ្លួន ។ យ៉ាងណាមិញ ការទទួលបានចម្លើយពីអ៊ីរ៉ង់អំពីករណីនេះ អាចនឹងមានការពិបាក ដ្បិតកាណាដាបានបិទស្ថានទូតរបស់ខ្លួននៅអ៊ីរ៉ង់ និង បានផ្អាកទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់តាំងពីឆ្នាំ២០១២ ។ គួរបញ្ជាក់ផងដែរថា អ្នកដំណើរ និង អាកាសយាននិកទាំងអស់សរុប១៧៦នាក់ បានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ ប៊ូអ៊ីង 737 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន នៅក្បែរអាកាសយានដ្ឋានអន្តរជាតិ អ៊ីម៉ាម ខូមៃនី នៅជាយរដ្ឋធានីតេហេរ៉ង់ ក្នុងនោះមានទាំងជនជាតិអ៊ីរ៉ង់ កាណាដា អ៊ុយក្រែន ស៊ុយអែត អាហ្វហ្គានីស្ថាន អាល្លឺម៉ង់ និងអង់គ្លេស ៕ធ.ដ
-
ប្រេសិតពិសេសអាម៉េរិកប្រចាំអង្គការសហប្រជាជាតិបញ្ជាក់ថា សហរដ្ឋអាម៉េរិកត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចូលតុចរចាដោយឥតលក្ខខណ្ឌជាមួយអ៊ីរ៉ង់

បរទេស៖នៅក្នុងសារលិខិតមួយផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី ឃែល្លី ក្រាហ្វ បាននិយាយថា ប្រទេសរបស់លោកស្រីប្រុងប្រៀបខ្លួនរួចរាល់ហើយ ក្នុងការត្រឡប់ទៅអង្គុយនៅតុចរចាដោយគ្មានលក្ខខណ្ឌជាមួយអ៊ីរ៉ង់ ។ លោកស្រី ក្រាហ្វ បានលើកហេតុផលការពារការមេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី តាមរយៈការលើកឡើងអំពីមាត្រា៥១នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ។ នៅក្រោមមាត្រានោះ ប្រទេសនានាដែលជាសមាជិកអង្គការសហប្រជាជាតិត្រូវតម្រូវឲ្យរាយការណ៍ជាបន្ទាន់ភ្លាមៗ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អំពីចំណាត់ការទាំងឡាយ ដែលធ្វើឡើងក្រោមការអនុវត្តនូវសិទ្ធិការពារខ្លួន ។ ដោយឡែកតំណាងជាន់ខ្ពស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ ក៏បានអះអាងដែរថា ប្រទេសរបស់ខ្លួនគោរពអធិបតេយ្យភាពអ៊ីរ៉ាក់ ខណៈប្រភពផ្លូវការបានបញ្ជាក់ហើយថា គ្មានទាហានអាម៉េរិក ឬជនស៊ីវិលអ៊ីរ៉ាក់ណាម្នាក់បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារដោយមីស៊ីលអ៊ីរ៉ង់នោះទេ ។ ការថ្លែងបែបនេះរបស់តំណាងជាន់ខ្ពស់អ៊ីរ៉ង់ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីក្រសួងការបរទេសអ៊ីរ៉ាក់ប្រកាសថា ខ្លួននឹងកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ទៅស្រាយបំភ្លឺ ជុំវិញការបាញ់មីស៊ីលទៅលើមូលដ្ឋានទ័ពអាម៉េរិក នៅថ្ងៃទី០៩ ខែមករានេះ ៕ធ.ដ
-
ប្រមុខការពារជាតិអាម៉េរិកបញ្ជាក់ថា អ៊ីរ៉ង់វាយប្រហារដោយមីស៊ីលផ្លោង១៦គ្រាប់ចេញពីទីតាំងចំនួន៣កន្លែងលើមូលដ្ឋានទ័ពអាម៉េរិកនៅអ៊ីរ៉ាក់

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ម៉ាក អ៊ែលស្ពើ នៅថ្ងៃទី៨ ខែមករានេះ បានគូសបញ្ជាក់ថា អ៊ីរ៉ង់បានវាយប្រហារដោយមីស៊ីលផ្លោងរយៈចម្ងាយជិតប្រមាណ១៦គ្រាប់ចេញពីទីតាំងចំនួន៣កន្លែង ក្នុងនោះ១១គ្រាប់បានធ្លាក់ចំមូលដ្ឋានទ័ពអាកាស អេនអាល់ អាស្សាដ និងមួយគ្រាប់ធ្លាក់នៅមូលដ្ឋានទ័ពក្បែរក្រុង អ៊ឺប្រ៊ីល ហើយមីស៊ីលទាំងនោះបានបង្កការខូតខាតមួយចំនួន ។ ទន្ទឹមគ្នា ប្រមុខការពារជាតិអាម៉េរិករូបនេះបាននិយាយយ៉ាងដូច្នេះថា លោកគិតថា ក្រោយមានការវាយប្រហារលើក្រុមសកម្មប្រយុទ្ធអ៊ីរ៉ាក់ ខេធេប ហេសបូលឡាហ៍ ដែលគាំទ្រដោយអ៊ីរ៉ង់កាលពីចុងខែធ្នូ ឆ្នាំ២០១៩ និងការធ្វើឃាតមេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី លោកជឿជាក់ថា ពួកយើងបានស្តារឡើងវិញនូវសមត្ថភាពកំញើញប្រទេសអ៊ីរ៉ង់ ដើម្បីបង្ការកុំឲ្យអ៊ីរ៉ង់ហ៊ានធ្វើសកម្មភាពបង្កហេតុផ្សេងៗទៀត ។ ការអត្ថាធិប្បាយបែបនេះរបស់លោក ម៉ាក អ៊ែលស្ពើ ត្រូវបានធ្វើឡើងក្រោយអ៊ីរ៉ង់ បានវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានទ័ពចំនួន ២ កន្លែងរបស់អាម៉េរិកនៅអ៊ីរ៉ាក់ ដើម្បីជាការសងសឹកចំពោះការសម្លាប់លោក សូឡៃមេនី ។ ការវាយប្រហារទាំងនោះ មិនបានបណ្តាលឲ្យកងទ័ពអាម៉េរិក ឬកងទ័ពអ៊ីរ៉ាក់ណាម្នាក់បាត់បង់ជីវិតឡើយ ខណៈក្រសួងការពារជាតិអាម៉េរិកបញ្ជាក់ថា ប្រព័ន្ធប្រកាសអាសន្នរបស់ខ្លួន ចាប់សញ្ញាមីស៊ីលទាំងនោះបានទាន់ពេលវេលា ៕ធ.ដ