-
ក្រុមសង្គ្រោះឥណ្ឌូណេស៊ីកំពុងព្យាយាមស្វែងរកមនុស្សបាត់ខ្លួន ស្របពេលដែលចំនួនអ្នកស្លាប់បន្តកើនឡើងជិត៥០នាក់

ឥណ្ឌូណេស៊ី៖ ក្រុមជួយសង្គ្រោះឥណ្ឌូណេស៊ីបានធ្វើការបែងចែកគ្នា ដើម្បីខិតខំប្រឹងប្រែងស្វែករកមនុស្សបាត់ខ្លួនមួយចំនួន ដោយសារគ្រោះទឹកជំនន់ និងការរអិលបាក់ដី ដែលបង្កឡើងពីភ្លៀងធ្លាក់យ៉ាងសន្ធប់ ។គ្រោះមហន្តរាយធម្មជាតិខាងលើនេះ ក៏បានឆក់យកអាយុជីវិតមនុស្សកើនដល់៤៣នាក់នៅទូទាំងតំបន់នៃទីក្រុង ហ្សាកាតា ផងដែរ ខណៈដែលសង្កាត់ជាច្រើន និងលំនៅដ្ឋានប្រជាជនរាប់ពាន់កន្លែងត្រូវបានទឹកជន់លិចលង់ ។ ដោយសារតែគ្រោះទឹកជំនន់ ការធ្វើដំណើរក្នុងទីក្រុងត្រូវជួបភាពលំបាកខ្លាំង រីឯនៅតំបន់ជាច្រើនត្រូវកាត់ផ្តាច់ចរន្តថាមពលអគ្គិសនី ។ ជាមួយគ្នានោះ ប្រជាជនឥណ្ឌូណេស៊ី សរុបជាង៦ម៉ឺននាក់ដែលរស់នៅក្នុងទីក្រុងហ្សាការតា ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយលំនៅឋានរាប់ពាន់ខ្នងបានរងការខូចខាត ។បើតាមការព្យាករណ៍របស់ទីភ្នាក់ងារឧតុនិយមឥណ្ឌូណេស៊ី ភ្លៀងអាចនឹងបន្តធ្លាក់ខ្លាំងរហូតដល់ថ្ងៃសៅរ៍សប្តាហ៍នេះ ឬរហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ នៅក្នុងទីក្រុងហ្សាការតា ៕
-
ប្រធានទីភ្នាក់ងារឥណ្ឌា ISRO អះអាងថា នឹងបាញ់បង្ហោះយានមួយគ្រឿងទៀតទៅចុះចតលើផ្ទៃព្រះច័ន្ទ

ឥណ្ឌា៖ បេសកកម្ម ចាន់ដ្រាយ៉ាន ៣ និង បេសកម្មបញ្ជូនមនុស្សឡើងទីអវកាស ហ្គាហ្គាន់យាន នឹងស្ថិតក្នុងចំណោមអាទិភាពចម្បងៗគេរបស់ទីភ្នាក់ងារ ISRO នៅក្នុងឆ្នាំ២០២០នេះ នេះបើតាមប្រធានទីភ្នាក់ងារឥណ្ឌា ISRO លោក ខៃឡាសាវ៉ាឌីវូ ស៊ីវ៉ាន់ ។លោក ខៃឡាសាវ៉ាឌីវូ ស៊ីវ៉ាន់ បានបញ្ជាក់ទៀតថា នៅឆ្នាំថ្មីនេះ នឹងក្លាយជាឆ្នាំដែលទីភ្នាក់ងារ ISRO ផ្តោតសំខាន់ទៅលើបេសកកម្មទាំងពីរខាងលើ លោកថា គម្រោងបេសកកម្ម ចាន់ដ្រាយ៉ាន ៣ នឹងត្រូវចំណាយថវិកាខ្ទង់៨៦លានដុល្លារ តិចជាងបេសកកម្ម ចាន់ដ្រាយ៉ាន ២ ដែលត្រូវចំណាយ១៣៦លានដុល្លារ ។ រីឯកាលបរិច្ឆេទសម្រាប់ចេញបេសកកម្មនេះ នៅមិនទាន់មានការបញ្ជាក់ ឬកំណត់ច្បាស់នៅឡើយទេ ។សូមជម្រាបថា បេសកកម្ម ចាន់ដ្រាយ៉ាន ៣ នឹងក្លាយជាបេសកកម្មលើកទីពីររបស់ឥណ្ឌា ក្នុងការប៉ុនប៉ងឆ្ពោះទៅជាន់លើដីព្រះច័ន្ទ ក្រោយទទួលបរាជ័យនៃបេសកកម្ម ចាន់ដ្រាយ៉ាន ២ កាលពីខែកញ្ញា ឆ្នាំ២០១៩ ។ សម្រាប់បេសកកម្ម ចាន់ដ្រាយ៉ាន ៣ នឹងមិនមានផ្កាយរណបឡើយ គឺមានត្រឹមតែយានសម្រាប់ចុះចត (Lander) និងយានសម្រាប់ចល័ត…
-
អូស្ត្រាលីចាប់ផ្តើមបញ្ជូននាវាទៅជម្លៀសមនុស្សរាប់ពាន់នាក់ពីតំបន់ឆ្នេរ ដែលឡោមព័ទ្ធដោយភ្លើងឆេះព្រៃ

ស៊ីរី៖ នាវាយោធា HMAS Choules និង Sycamore របស់កងទ័ពជើងទឹកអូស្រ្តាលីបានចាប់ផ្តើមការជម្លៀសខ្លួនមនុស្សជិត១.០០០នាក់ ដែលកំពុងជាប់នៅលើឆ្នេរសមុទ្រមួយកន្លែងក្នុងទីក្រុងម៉ាលឡាខូអូតា នៅចុងភាគខាងកើតរដ្ឋ វ៉ីកទ័ររៀ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ តំបន់ឆ្នេរនោះត្រូវបានឡោមព័ទ្ធដោយភ្លើងឆេះព្រៃ ដែលបានកាត់ផ្តាច់ផ្លូវទាំងអស់ ដូច្នេះហើយមានតែការជម្លៀសតាមផ្លូវទឹក ឬសណ្តោងតាមឧទ្ធម្ភាគចក្រប៉ុណ្ណោះ ដែលអាចប្រព្រឹត្តទៅបាន ។គ្រោះមហន្តរាយភ្លើងឆេះជាច្រើនខែមកនេះនៅភាគខាងកើតអូស្រ្តាលី បានដុតបំផ្លាញផ្ទៃដីជាង៤លានហិកតា និងលំនៅឋានសរុបច្រើនជាង១,០០០ខ្នង ។ ហើយរហូតមកទល់ពេលនេះ មនុស្សសរុប២០នាក់ហើយបានបាត់បង់ជីវិត ដោយសារតែភ្លើងឆេះព្រៃដ៏អាក្រក់នៅក្នុងប្រទេសអូស្រ្តាលី ៕
-
ការវាយប្រហារតាមផ្លូវអាកាសសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់នៅអ៊ីរ៉ាក់ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ដូណាល់ ត្រាំ

សហរដ្ឋអាមេរិក៖ ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា តបតាមបញ្ជាដោយផ្ទាល់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ យោធាអាមេរិកបានដឹកនាំសកម្មភាពការពារកងទ័ពអាមេរិកនៅបរទេស ដោយបានសម្លាប់មេបញ្ជាការអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី ។បើតាមសេចក្តីថ្លែងការណ៍ដដែល ការវាយប្រហារនេះមានគោលបំណងបង្រ្កាបផែនការវាយប្រហារនានារបស់អ៊ីរ៉ង់មកលើកងទ័ពអាមេរិក ហើយថា សហរដ្ឋអាមេរិកនឹងបន្តចាត់រាល់វិធានការចាំបាច់ ដើម្បីការពារប្រជាជនរបស់ខ្លួន និងផលប្រយោជន៍អាមេរិក មិនថានៅទីណានោះទេនៅលើពីភពលោក ។ ទាក់ទិននឹង ព័ត៌មានមរណភាពរបស់លោក សូឡៃមេនី ខាងលើនេះ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានទទួលស្គាល់ថា ដំណឹងនេះគឺជាការពិតមែន និងបានព្រមានចាត់វិធានការសងសឹកសហរដ្ឋអាមេរិកវិញ ។ សូមរំលឹកផងដែរថា ការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ដូណាល់ ត្រាំ ចោទប្រកាន់ថា អ៊ីរ៉ង់គឺជាអ្នកនៅពីក្រោយការវាយប្រហារ និងបាតុកម្មបំផ្លាញស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ៕
-
មេទ័ពកំពូលតៃវ៉ាន់ធ្លាក់ឧទ្ធម្ភាគចក្រស្លាប់ មុនការបោះឆ្នោតប៉ុន្មានថ្ងៃទៀត

មេបញ្ជាការយោធាកំពូលរបស់តៃវ៉ាន់បានស្លាប់ ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅថ្ងៃទី២ មករា ២០២០នេះ នេះបើតាមការក្រសួងការពារជាតិតៃវ៉ាន់ ចេញផ្សាយដោយសារព័ត៌មាន AFP ជាការស្លាប់មុនពេលប៉ុន្មានថ្ងៃដែលកោះតៃវ៉ាន់រៀបនឹងបោះឆ្នោតជ្រើសតាំងប្រធានាធិបតីថ្មី។លោក Shen Yin Min ស្ថិតក្នុងចំណោមមនុស្ស៨នាក់ដែលបានស្លាប់ អំឡុងជិះលើឧទ្ធម្ភាគចក្រមួយគ្រឿងធ្វើដំណើរទៅបុកភ្នំ នៅតៃប៉ិ ។មេបញ្ជាការយោធាកំពូល វ័យ៦២ឆ្នាំរូបនេះបានជិះលើឧទ្ធម្ភាគចក្រម៉ាក Black Hawk បានចាកចេញពីបន្ទាយទ័ពអាកាស Songshan ក្នុងដំណើរទៅកាន់តំបន់ Yilan ដែលលោក Shen ត្រូវចុះសួរសុខទុក្ខទាហាននាឱកាសបុណ្យចូលឆ្នាំប្រពៃណី៕
-
សេដ្ឋកិច្ចរបស់សិង្ហបុរីកើនឡើង០,៧ភាគរយក្នុងឆ្នាំ២០១៩ ដែលនេះជាកំណើនយឺតបំផុតក្នុងរយៈពេលមួយទសវត្សរ៍

សិង្ហបុរី៖ សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានកើនឡើង០,៧ ភាគរយកាលពីឆ្នាំ២០១៩ ពោលគឺធ្លាក់ចុះពីចំនួន៣,១ភាគរយក្នុងឆ្នាំ២០១៨ និង ជាកំណើនទាបបំផុតក្នុងរយៈពេលមួយទសវត្សរ៍ បើទោះបីជារបាយការណ៍ផ្លូវការបានបង្ហាញថា សេដ្ឋកិច្ចបានចាប់ផ្តើមកើនឡើងតិចតួចវិញនៅក្នុងត្រីមាសទី៤ក៏ដោយ ។បើតាមទិន្នន័យរបស់សារព័ត៌មាន Bloomberg តួលេខខាងលើនេះគឺជាកំណើនពេញមួយឆ្នាំយឺតបំផុតរបស់ប្រទេសសិង្ហបុរីចាប់តាំងពីឆ្នាំ ២០០៩ មក ។ ទន្ទឹមគ្នា ក្រសួងពាណិជ្ជកម្មសង្ហិបុរីបានលើកឡើងថា សម្រាប់រយៈពេល៣ខែចុងឆ្នាំ២០១៩មកនេះ ផលិតផលក្នុងស្រុកសរុប GDP បានកើនឡើង ០,៨ ភាគរយ បើធៀបនឹងអំឡុងរយៈពេលដូចគ្នាកាលពីមួយឆ្នាំមុន ពោលគឺកើនឡើងតិចតួចបំផុតពីកំណើន ០,៧ភាគរយនៅត្រីមាសទី៣ ។ស្របពេលជាមួយគ្នានោះដែរ វិស័យផលិតកម្មនៅតែបន្តធ្លាក់ចុះសម្រាប់៤ត្រីមាសជាប់ៗគ្នា ខណៈដែលវិស័យផលិតកម្ម ដែលរ៉ាប់រងសេដ្ឋកិច្ចរបស់សិង្ហបុរី១ភាគ៥បានធ្លាក់ចុះ ២,១ ភាគរយនៅត្រីមាសទី៤ ក្រោយធ្លាក់ចុះ ០,៩ភាគរយនៅត្រីមាសទី៣ ៕
-
ប្រាក់បាតថៃធ្លាក់ចុះភ្លាមៗ ធ្លាក់ខ្លាំងបំផុតតាំងពីឆ្នាំ២០០៧

ប្រាក់បាតរបស់ថៃបានធ្លាក់ថ្លៃ ១,៨ ភាគរយ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ ដែលជាការធ្លាក់ថ្លៃខ្លាំងបំផុតចាប់ពីឆ្នាំ ២០០៧ ពោលគឺមកនៅត្រឹម ៣០,២២៦ បាត ស្មើនឹងប្រាក់១ដុល្លារ ក្នុងការជួញដូរនៅអាស៊ីដំបូង។ វាស្ទើរតែបានលុបចោលនូវរាល់ការកើនឡើងប្រាក់បាតទាំងអស់ នៅក្នុងពេល៣ដំណាក់កាលចុងក្រោយ កន្លងមក។ លោកមីងហ្សូ អ៊ូ ពាណិជ្ជករប្តូរប្រាក់បរទេសនៅក្រុមហ៊ុនINTL FCStone នៅប្រទេសសិង្ហបុរីបាននិយាយថា វាទំនងជាអន្តរាគមន៍របស់ធនាគារកណ្តាលដែលធនាគារកណ្តាលធ្លាប់បានលើកឡើងថា ពួកគេនឹងប្រយុទ្ធប្រឆាំងនឹងភាពរឹងមាំនៃប្រាក់បាត។ លោកថា វាក៏អាចបណ្តាលមកពីពាណិជ្ជករភ្នាល់ប្រាក់បាតនឹងពង្រឹងការពង្រីកតួនាទីរបស់ពួកគេ។ នាយករដ្ឋមន្ត្រីថៃក៏ធ្លាប់លើកឡើងពីការចង់ឲ្យធ្លាក់ថ្លៃប្រាក់បាតដែរ ដើម្បីជំរុញការចាយប្រាកើដុល្លារអាមេរិក។ សូមរម្លឹកថា តម្លៃរូបិយប័ណ្ណប្រាក់បាតកើនដល់ជិត ៩ ភាគរយនៅឆ្នាំ ២០១៩ ដែលជារូបិយប័ណ្ណដ៏ល្អបំផុតនៅអាស៊ី ស្របពេលដែលវាបានទាក់ទាញវិនិយោគិនច្រើន អំឡុងសង្គ្រាមពាណិជ្ជកម្មអាមេរិក – ចិនកាន់តែខ្លាំងឡើង៕
-
វៀតណាមមើលឃើញកំណើនការងារជាវិជ្ជមាន នៅឆ្នាំ២០១៩

ការិយាល័យស្ថិតិទូទៅបានរាយការណ៍ថា កំណើនការងារនៅប្រទេសវៀតណាមបានឈានដល់ ៥៥,៨ លាននាក់កាលពីឆ្នាំ២០១៩ និងកើនឡើង ៤១៧.១០០ នាក់បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnamnews។ ប្រភពបន្តថា ក្នុងចំណោម ៥៥,៨លាននាក់ មាន១៩ លាននាក់កំពុងធ្វើការក្នុងវិស័យកសិកម្ម – នេសាទដែលស្មើនឹង ៣៤,៧ ភាគរយ។ ១៦,១ លាននាក់នៅក្នុងវិស័យឧស្សាហកម្មនិងសំណង់ (២៩,៤ ភាគរយ) និង ១៩,៦ លាននាក់នៅក្នុងវិស័យសេវាកម្ម (៣៥,៩ ភាគរយ) ។ អគ្គនាយក ការិយាល័យស្ថិតិទូទៅ (GSO) លោកង្វៀនប៊ិចឡឹមបានមានប្រសាសន៍ថា ប្រទេសនេះបានឃើញនូវការវិវឌ្ឍន៍វិជ្ជមានកាលពីឆ្នាំមុន ទាក់ទងនឹងកម្លាំងពលកម្មដោយវិស័យសេវាកម្មបានកើនឡើងលើស វិស័យកសិ – រុក្ខា នេសាទ ធ្វើឲ្យវិស័យសេវាកម្មផ្តល់ការងារច្រើនជាងគេ។ ជាមួយនឹងកំណើនការងារនេះ ប្រាក់ឈ្នួលក៏បានកើនឡើង ២,២៣ ភាគរយ ជាមធ្យមផងដែរ កាលពីឆ្នាំមុន៕ …
-
ក្រសួងការពារជាតិកូរ៉េខាងត្បូងអះអាងថា ការធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក នឹងមិនមានការប្រែប្រួលអ្វីឡើយ

កូរ៉េខាងត្បូង៖ មិនមានការប្រែប្រួលអ្វីឡើយ ចំពោះគោលជំហររបស់កូរ៉េខាងត្បូង និងអាមេរិក ដោយភាគីទាំងពីរនឹងបន្តធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ នេះបើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង ។បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោកស្រី ឆយ យុនសូ ការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរវាងប្រទេសទាំងពីរ នឹងត្រូវធ្វើឡើងក្រោមលក្ខ ខណ្ឌ នៃការកែសម្រួលទៅតាមស្ថានភាពជាក់ស្ដែង និងក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសម្ព័ន្ធមិត្តទាំងពីរ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ។ការលើកឡើងបែបនេះរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង ត្រូវបានធ្វើឡើងក្រោយមេដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានព្រមានថា ប្រទេសរបស់លោកនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ ក៏ដូចជានឹងអភិវឌ្ឍអាវុធយុទ្ធសាស្ត្រថ្មីៗ ដើម្បីការពារជាតិសន្ដិសុខជាតិរហូតដល់សហរដ្ឋអាមេរិក បោះបង់ចោលគោលនយោបាយអរិភាពប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ៕
-
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលស្នើសុំអភ័យឯកសិទ្ធិពីសភា ដើម្បីរួចផុតការកាត់ទោសជុំវិញសំណុំរឿងពុករលួយ

អ៊ីស្រាអែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានសម្រេចចិត្តស្នើសុំអភ័យឯកសិទ្ធិពីសភា ដើម្បីរួចផុតការកាត់ទោសជុំវិញសំណុំរឿងពុករលួយ ។ ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះបាននិយាយថា ការស្នើសុំអភ័យឯកសិទ្ធិនេះ នឹងធ្វើឡើងដោយស្របតាមច្បាប់ ព្រមទាំងគោលដៅនៃការបន្តបម្រើអ្នក (ពលរដ្ឋអ៊ីស្រាអែល) និងសម្រាប់អនាគតអ៊ីស្រាអែល ។ ទាក់ទិននឹងការប្រកាសនេះ គូប្រជែងនយោបាយដ៏សំខាន់របស់លោក ណឺតាន់យ៉ាហ៊ូ គឺលោក បែននី ហ្គាន់ បានបញ្ចេញប្រតិកម្មទាំងកំហឹង ហើយបានប្តេជ្ញាថា គណបក្សរបស់លោកនឹងធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ការផ្តល់អភ័យឯកសិទ្ធិនេះ ។សូមបញ្ជាក់ផងដែរថា មេដឹកនាំដែលកាន់តំណែងយូរជាងគេរបស់អ៊ីស្រាអែលរូបនេះ ត្រូវបានអគ្គរដ្ឋអាជ្ញាចោទប្រកាន់ក្នុងខែវិច្ឆិកា លើបទល្មើសដាច់ដោយឡែកពីគ្នា ដូចជាការទទួលសំណូក កេងបន្លំ និងរំលោភទំនុកចិត្ត ។ យ៉ាងណាមិញ លោក ណឺតាន់យ៉ាហ៊ូ ដែលរងការចោទប្រកាន់ខាងលើនេះ បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងរូបលោក ៕