-
មេទ័ពកំពូលអ៊ីរ៉ង់ប្រចំានៅអ៊ីរ៉ាក់ត្រូវបានសម្លាប់ ដោយសារការផ្លោងគ្រាប់រ៉ុក្កែតបីគ្រាប់ធ្លាក់ចំអាកាសយានដ្ឋានអន្តរជាតិរបស់អ៊ីរ៉ាក់

អ៊ីរ៉ាក់៖ ប្រមុខកងអង្គភាពពិសេស (Quds Force) នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង លោកឧត្ដមសេនីយ៍ កាស្សេម សូឡៃមេនី រួមជាមួយមនុស្ស០៦នាក់ផ្សេងទៀតបានបាត់បង់ជីវិត ក្នុងការវាយប្រហារតាមផ្លូវអាកាសដឹកនាំដោយសហរដ្ឋអាមេរិក លើអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងបាកដាដ របស់ប្រទេសអ៊ីរ៉ាក់ ។ អ្នកនាំពាក្យកងជីវពលនៃកងកម្លាំងចលនាប្រជាជនគាំទ្រដោយអ៊ីរ៉ង់ គឺជាអ្នកទទួលស្គាល់ព័ត៌មានខាងលើ ជាមួយការបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលគឺជាអ្នកទទួលខុសត្រូវ ចំពោះការស្លាប់របស់លោកប្រមុខកងអង្គភាពពិសេសអ៊ីរ៉ង់ និងលោក អាប៊ូ ម៉ាហ៍ឌី អាល់មូហានឌីស ដែលជាមេបញ្ជាការរបស់អ៊ីរ៉ង់ ។ស្របពេលជាមួយគ្នានេះដែរ ក្រុមមន្ត្រី និងទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ាក់ក៏បានធ្វើសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងការស្លាប់របស់មេបញ្ជាការកងទ័ពជាន់ខ្ពស់របស់អ៊ីរ៉ង់ទំាងពីររូបនេះផងដែរ ប៉ុន្តែខាងភាគីអ៊ីរ៉ង់នៅពុំទាន់ទទួលស្គាល់សេចក្ដីរាយការណ៍នេះនៅឡើយទេ ខណៈប្រភពផ្លូវការបន្តទៀត គឺត្រូវរង់ចាំការបញ្ជាក់ពីរដ្ឋាភិបាលអ៊ីរ៉ាក់ ៕
-
គ្រោះមហន្តរាយទឹកជំនន់នៅឥណ្ឌូណេស៊ី ឆក់យកអាយុជីវិតមនុស្សកើនដល់៣០នាក់

ឥណ្ឌូណេស៊ី៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់នៅទីក្រុងហ្សាការតា បានបន្តកើនឡើងដល់៣០នាក់ហើយ នេះបើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី ។ ទន្ទឹមគ្នា បើតាមការព្យាករណ៍របស់ទីភ្នាក់ងារឧតុនិយមឥណ្ឌូណេស៊ី ភ្លៀងអាចនឹងបន្តធ្លាក់ខ្លាំងរហូតដល់ថ្ងៃសៅរ៍សប្តាហ៍នេះ ឬរហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ នៅក្នុងទីក្រុងហ្សាការតា ។គួរបញ្ជាក់ថា ដោយសារតែគ្រោះទឹកជំនន់ដ៏អាក្រក់ខាងលើ បានធ្វើឱ្យការធ្វើដំណើរក្នុងទីក្រុងមួយនេះត្រូវជួបភាពលំបាកខ្លាំង រីឯនៅតំបន់ជាច្រើនត្រូវកាត់ផ្តាច់ចរន្តថាមពលអគ្គិសនី ។ ជាមួយគ្នានោះ ប្រជាជនឥណ្ឌូណេស៊ីសរុបជាង៦ម៉ឺននាក់ដែលរស់នៅក្នុងទីក្រុងហ្សាការតា ក៏ត្រូវបង្ខំចិត្តចាកចេញពីលំនៅដ្ឋានរបស់ពួកគេផងដែរ ក្នុងគ្រាដែលផ្ទះសម្បែងរាប់ពាន់ខ្នងបានរងការខូចខាត ៕
-
មេទ័ពកំពូលតៃវ៉ាន់ធ្លាក់ឧទ្ធម្ភាគចក្រស្លាប់ មុនការបោះឆ្នោតប៉ុន្មានថ្ងៃទៀត

មេបញ្ជាការយោធាកំពូលរបស់តៃវ៉ាន់បានស្លាប់ ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅថ្ងៃទី២ មករា ២០២០នេះ នេះបើតាមការក្រសួងការពារជាតិតៃវ៉ាន់ ចេញផ្សាយដោយសារព័ត៌មាន AFP ជាការស្លាប់មុនពេលប៉ុន្មានថ្ងៃដែលកោះតៃវ៉ាន់រៀបនឹងបោះឆ្នោតជ្រើសតាំងប្រធានាធិបតីថ្មី។ លោក Shen Yin Min ស្ថិតក្នុងចំណោមមនុស្ស៨នាក់ដែលបានស្លាប់ អំឡុងជិះលើឧទ្ធម្ភាគចក្រមួយគ្រឿងធ្វើដំណើរទៅបុកភ្នំ នៅតៃប៉ិ ។ មេបញ្ជាការយោធាកំពូល វ័យ៦២ឆ្នាំរូបនេះបានជិះលើឧទ្ធម្ភាគចក្រម៉ាក Black Hawk បានចាកចេញពីបន្ទាយទ័ពអាកាស Songshan ក្នុងដំណើរទៅកាន់តំបន់ Yilan ដែលលោក Shen ត្រូវចុះសួរសុខទុក្ខទាហាននាឱកាសបុណ្យចូលឆ្នាំប្រពៃណី៕ធ.ដ
-
លោក ដូណាល់ ត្រាំ ថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ រវាងសហរដ្ឋអាម៉េរិក-ចិននឹងចុះហត្ថលេខានាពាក់កណ្តាលខែមករានេះ

សហរដ្ឋអាមេ៉រិក៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយផ្នែករវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង គ្រោងចុះហត្ថលេខានាពាក់កណ្តាលខែមករា ដើមឆ្នាំ២០២០នេះ នេះបើតាមប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។ លោក ដូណាល់ ត្រាំ បានបញ្ជាក់នៅលើបណ្តាញសង្គមធ្វីតធើយ៉ាងដូច្នេះថា លោកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ដ៏ធំ និង គ្រប់ជ្រុងជ្រោយរបស់យើងជាមួយចិននៅថ្ងៃទី១៥ ខែមករាដើមឆ្នាំនេះ លោកថា ពិធីនេះនឹងប្រព្រឹត្តទៅនៅសេតវិមាន ខណៈតំណាងជាន់ខ្ពស់មកពីប្រទេសចិនក៏នឹងមានវត្តមានដែរ ។ លោក ត្រាំ បានបន្ថែមទៀតថា នៅថ្ងៃបន្ទាប់ រូបលោកនឹងធ្វើដំណើរទៅកាន់រដ្ឋធានីប៉េកាំង របស់ប្រទេសចិន ជាទីដែលលោកនឹងធ្វើកិច្ចពិភាក្សាស្តីពីការចាប់ផ្តើមការចុះកិច្ចព្រមព្រៀងដំណាក់កាលទីពីរ ។ បើតាមមន្ត្រីអាមេ៉រិក និង ចិន នោះ កិច្ចព្រមព្រៀងនេះ រួមមានការការពារកម្មសិទ្ធិបញ្ញា ម្ហូបអាហារ និងទំនិញកសិកម្ម សេវាកម្មហិរញ្ញវត្ថុ និងអត្រាប្តូរប្រាក់បរទេសព្រមទាំងវិធានការរកដំណោះស្រាយសម្រាប់ជម្លោះ ៕ធ.ដ
-
សហរដ្ឋអាម៉េរិកដាក់ពង្រាយកងទ័ពប្រមាណ៧៥០នាក់នៅតំបន់មជ្ឈិមបូព៌ា ក្រោយស្ថានទូតខ្លួនប្រចាំប្រទេសអ៊ីរ៉ាក់រងការវាយប្រហារដោយបាតុកម្ម

សហរដ្ឋអាមេ៉រិក៖ រដ្ឋមន្រ្តីការពារជាតិអាមេ៉រិកលោក ម៉ាក អេស្ពើ បានលើកឡើងថា ប្រទេសរបស់លោកនឹងដាក់ពង្រាយភ្លាមៗនូវកងកម្លាំងប្រមាណ៧៥០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ហើយអាចនឹងបញ្ជូនបន្តទៅកាន់អ៊ីរ៉ាក់ ខណៈវិធានការនេះធ្វើឡើងប៉ុន្មានម៉ោងក្រោយក្រុមបាតុករបើកការវាយប្រហារស្ថានទូតអាមេ៉រិកប្រចំារដ្ឋធានីបាដដាដ ។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បាតុករអ៊ីរ៉ាក់រាប់រយនាក់បានសម្រុកចូលតំបន់ គ្រីន ហ្សូន ក្នុងរដ្ឋធានីបាដដាដ ហើយរុលទៅកាន់ស្ថានទូតអាមេ៉រិក ដោយបានបំផ្លាញសម្ភារជាច្រើននៅបរិវេណខាងក្រៅ ។ ក្រុមបាតុករ ដែលមានទាំងអ្នកគាំទ្រក្រុមជីវពលរបស់អ៊ីរ៉ង់ផងនោះ ខឹងសម្បារនឹងអាមេ៉រិកដែលបានបើកការវាយប្រហារផ្លូវអាកាសក្នុងទឹកដីអ៊ីរ៉ាក់ និងបានសម្លាប់មនុស្ស២៥នាក់កាលពីសប្ដាហ៍មុន ដោយចាត់ទុកជាការបំពានអធិបតេយ្យអ៊ីរ៉ាក់ ។ ការបញ្ជូនទ័ពលើកនេះ គឺជាការបង្កើនកម្លាំងទ័ពមួយលើកទៀតរបស់សហរដ្ឋអាមេ៉រិកនៅតំបន់មជ្ឈិមបូព៌ា ក្រោយការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ប៉ុន្តែអ្វីដែលគេព្រួយបារម្ភនោះ អ៊ីរ៉ាក់ អាចជាទីលានប្រយុទ្ធថ្មីរវាងអាមេរិក និង អ៊ីរ៉ង់ ។ បច្ចុប្បន្ននេះ កងទ័ពជីវពលគាំទ្រដោយអ៊ីរ៉ង់ ធ្វើប្រតិបត្តិការពេញទឹកដីអ៊ីរ៉ាក់ ខណៈនៅផ្នែកនយោបាយវិញ ចលនាមាននិន្នាការរកអ៊ីរ៉ង់ក៏រីកសាយភាយកាន់តែខ្លាំងផងដែរ ៕ធ.ដ
-
ប្រមុខដឹកនាំអង្គការសហប្រជាជាតិសម្តែងការព្រួយបារម្ភ ក្រោយលោក គីម ជុងអ៊ុន ព្រមានពីការឈប់គោរពតាមការផ្អាកសាកល្បងអាវុធប្រល័យលោក

បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស បានបង្ហាញពីការព្រួយបារម្ភជាខ្លាំង ក៏ដូចជាធ្វើការអំពាវនាវយ៉ាងទទួចឱ្យកូរ៉េខាងជើងកុំបន្តការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនឡើងវិញ នេះបើតាមអ្នកនាំពាក្យរបស់លោក ។ អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ គឺលោក ស្ទេហ្វែន ឌូហ្សារីគ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស បានសង្ឃឹមយ៉ាងខ្លាំងថា ការសាកល្បងអាវុធនឹងមិនបន្តឡើងវិញ ដោយស្របតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លោកថា ការមិនរីកសាយអាវុធ នៅតែជាគ្រឹះនៃសន្តិសុខនុយក្លេអ៊ែរពិភពលោក ហើយត្រូវតែការពារ ។ ការកត់សម្គាល់បែបនេះរបស់អ្នកនាំពាក្យប្រមុខដឹកនាំអង្គការសហប្រជាជាតិ ត្រូវបានធ្វើឡើងក្រោយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានព្រមានធ្ងន់ៗថា លោកនឹងលុបចោលការផ្អាកសកម្មភាពតេស្ដអាវុធនុយក្លេអ៊ែរ ដែលទីក្រុងព្យុងយ៉ាងធ្លាប់បានសន្យា និងប្រតិបត្តិការយ៉ាខ្ជាប់ខ្ជួនកន្លងមក ហើយនឹងចាប់ផ្ដើមអភិវឌ្ឍអាវុធយុទ្ធសាស្ត្រថ្មីមួយ ដើម្បីការពារសន្តិសុខជាតិ រហូតទាល់តែសហរដ្ឋអាមេ៉រិក បញ្ឈប់សកម្មភាពអរិភាពប្រឆាំងទីក្រុងព្យុងយ៉ាង ៕ធ.ដ
-
ចំនួនអ្នកស្លាប់កើនជិត២០នាក់ ដោយសារគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅប្រទេសអូស្រ្តាលី

អូស្រ្តាលី៖ តួលេខជនរងគ្រោះបាត់បង់ជីវិតក្នុងសប្តាហ៍នេះ ដោយសារគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅប្រទេសអូស្រ្តាលី បានបន្តកើនឡើងដល់១៥នាក់ និងមួយចំនួនកំពុងបន្តបាត់ខ្លួន ខណៈរាប់រយនាក់ផ្សេងទៀតត្រូវបាត់បង់ផ្ទះសម្បែង និងរាប់ពាន់នាក់ត្រូវជម្លៀសខ្លូន ។ គិតមកទល់ថ្ងៃពុធម្សិលមិញ សាកសពមនុស្សពីរនាក់ត្រូវបានគេរកឃើញនៅក្នុងយានជំនិះពីរគ្រឿងផ្សេងគ្នា ដែលត្រូវភ្លើងឆេះ និងសពបុរសម្នាក់ទៀតត្រូវបានរកឃើញនៅក្បែរលំនៅឋានមួយក្នុងរដ្ឋ ញ៊ូ ស៊ោ វែល ដដែល ។ នៅរដ្ឋ វ៉ីកទ័ររៀ វិញ អាជ្ញាធរអូស្រ្តាលីបានបញ្ជាក់ថា ពួកគេរកឃើញសាកសពបុរសម្នាក់នៅតំបន់ អ៊ីស ហ្គីព ឡេន ជាទីដែលមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសខ្លួន ។ បើតាមទីភ្នាក់ងារពន្លត់អគ្គិភ័យរដ្ឋ ញ៊ូ ស៊ោ វែល ផ្ទះសម្បែងសរុប៣៨២ខ្នងត្រូវបានបំផ្លិចបំផ្លាញក្នុងសប្តាហ៍នេះ ។សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ភ្លើងឆេះព្រៃប្រមាណ១១០កន្លែងកំពុងបន្តកើតឡើងនៅក្នុងរដ្ឋ ញ៊ូ ស៊ោ វែល និង៣៨កន្លែងទៀតនៅរដ្ឋ វ៉ីកទ័ររៀ ហើយគ្មានសញ្ញាបញ្ជាក់ថា វានឹងអាចធូរស្រាល ឬរលត់នៅពេលណានោះឡើយ ៕ធ.ដ
-
សម្តេច ប៉ាប សុំទោសសម្រាប់ការទះដៃស្ត្រីម្នាក់ចេញ ពេលសុំចាប់ដៃ

សម្ដេច ប៉ាប បានចេញមុខសុំទោសសម្រាប់ការទះដៃស្ត្រីម្នាក់ដើម្បីរំដោះខ្លួនពីការចាប់របស់ស្ត្រីនោះ ខណៈពេលដែលលោកកំពុងធ្វើគារវកិច្ចជាមួយក្មេងៗ និងអ្នកកាន់សាសនានៅឯ St. Peter’s Square នៃសហរដ្ឋអាមេ៉រិក កាលពីថ្ងៃឆ្លងឆ្នាំកន្លងទៅ។ មុនពេលកើតហេតុ សម្ដេច ប៉ាប បាននឹងកំពុងធ្វើការស្វាគមន៍អ្នកកាន់សាសនា ក្រោយមកស្រាប់តែមានស្ត្រីម្នាក់ ព្យាយាមចាប់ទាញដៃរបស់លោកមិនលែងសោះ។ ជាមួយទឹកមុខធុញទ្រាន់ និងខឹងសម្បារ សម្ដេចប៉ាបបានវាយដៃស្ត្រីនោះ ដើម្បីរំដោះខ្លួនពីក្រញាំរបស់ស្ត្រីនោះ។ សម្តេចបានសុំទោស សម្ដេច ប៉ាប ឲ្យដឹងថា ការស្រឡាញ់ធ្វើឲ្យយើងមានភាពអត់ធ្មត់។ ជាច្រើនលើកច្រើនសារ យើងបាត់បង់ភាពអត់ធ្មត់ សូម្បីតែសម្តេចប៉ាបផ្ទាល់ក៏ដោយ ហើយសម្តេចប៉ាបសុំទោសសម្រាប់ឧទាហរណ៍ដ៏អាក្រក់ នាថ្ងៃនោះ ដែលសំដៅលើថ្ងៃទី៣១ ធ្នូ ២០១៩៕ធ.ដ
-
ឆ្លងឆ្នាំនៅថៃ ៥ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស២៥៦នាក់

ចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ អំឡុងបុណ្យឆ្លងឆ្នាំថ្មីនៅប្រទេសថៃបានកើនដល់ចំនួន២៥៦នាក់ ក្នុងរយៈពេល៥ថ្ងៃមកនេះ គិតត្រឹមថ្ងៃទី១ មករា ២០២០ម្សិលមិញ ស្របពេលដែលប្រជាពលរដ្ឋថៃចំណាយពេល៧ថ្ងៃសម្រាប់ធ្វើដំណើរ ក្នុងពេលឆ្លងឆ្នាំ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី២ មករា ២០២០នេះ។ ប្រភពថា ទីក្រុងបាងកកមានចំនួនអ្នកស្លាប់ច្រើនជាងគេ ហើយក្រៅពីអ្នកស្លាប់ទាំង២៥៦នាក់ ក៏មាន២៥៨៨នាក់ផ្សេងទៀតរងរបួសដែរ ក្នុងហេតុការណ៍គ្រោះថ្នាក់២៥២៩លើក នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៧ ធ្នូ ដល់ ៣១ ធ្នូ ២០១៩។ ផ្អែកតាមប្រភពដែលដកស្រង់ពីមន្ត្រីជំនាញនោះបានបញ្ជាក់ដែរថា ក្នុងថ្ងៃទី៣១ ធ្នូ តែមួយថ្ងៃមានមនុស្សស្លាប់ដល់ទៅ៤២នាក់ហើយ របួស៥៦៧នាក់ ក្នុងគ្រោះថ្នាក់៥៤២លើក នៅតាមដងផ្លូវ។ជាមធ្យម គេដឹងថា គ្រោះថ្នាក់ចរាចរផ្លូវគោកនៅប្រទេសថៃ មានមនុស្សស្លាប់៤៥នាក់ និងរបួស២៥២៣នាក់ រៀងរាល់ថ្ងៃ ចាប់ពីខែមករា ដល់ តុលា ២០១៩ ដូច្នេះ បើប្រៀបធៀបនឹងការស្លាប់ក្នុងថ្ងៃឆ្លងឆ្នាំនេះ ហាក់មានតិចជាងការស្លាប់រាល់ថ្ងៃបន្តិចបន្តួច៕ធ.ដ
-
ក្រុងហាណូយទទួលទេសចរបរទេស ជាង៧លាននាក់ ក្នុងឆ្នាំ២០១៩

ចំនួនភ្ញៀវទេសចរទៅលេងកម្សាន្ត នៅទីក្រុងហាណូយ ប្រទេសវៀតណាមមានចំនួន២៩លាននាក់ ក្នុងឆ្នាំ២០១៩ កើនឡើង១០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨ នេះបើតា មការចេញផ្សាយរបស់សារព័ត៌មាន Vietnam news Agency នៅថ្ងៃទី១ មករា ២០២០។ ប្រភពឲ្យដងដែរថា ក្នុងចំណោម៣៩លាននាក់នេះ មានទេសចរបរទេសជាង៧លាននាក់ កើនឡើង១៧ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១៨៕ធ.ដ