-
រុស្ស៊ីអះអាងពីការទប់ស្កាត់អំពើភេវរកម្មទាន់ពេលវេលា ដោយសារតែសហរដ្ឋអាមេរិកជួយចែករំលែកព័ត៌មានសម្ងាត់

រុស្ស៊ី៖ ក្នុងអំឡុងពេលធ្វើកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានអរគុណសមភាគីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ការចែករំលែកព័ត៌មានសម្ងាត់ រហូតឈានដល់ការទប់ស្កាត់បានទាន់ពេលវេលា ចំពោះគម្រោងវាយប្រហារភេរវកម្មនៅប្រទេសរុស្ស៊ី ។ ការសន្ទនាគ្នាតាមទូរស័ព្ទរបស់មេដឹកនំាប្រទេសទាំងពីរ បានកើតមានឡើងក្រោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី FSB បានបញ្ជាក់ថា ព័ត៌មានដែលផ្តល់ឲ្យដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក បានជួយនាំទៅរកការចាប់ខ្លួនជនជាតិរុស្ស៊ីពីរនាក់ ដែលសំងំរៀបចំគម្រោងវាយប្រហារភេរវកម្ម នៅតាមទីសាធារណៈមួយចំនួនក្នុងទីក្រុង St. Petersburg កំឡុងឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខ ។ ប៉ុន្តែព្រមជាមួយគ្នា វិមានក្រឹមឡាំងរុស្ស៊ីពុំបានបញ្ជាក់លម្អិតបន្ថែមអំពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ពូទីន និងលោក ត្រាំ នោះទេ ដោយគ្រាន់តែសង្កត់ធ្ងន់ថា បញ្ហាជាច្រើនពាក់ព័ន្ធផលប្រយោជន៍រួមរវាងប្រទេសទាំងពីរ ត្រូវបានលើកមកពិភាក្សា ហើយមេដឹកនាំទាំងពីរបានឯកភាពគ្នារក្សាការធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី នៅក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ៕ធ.ដ
-
រុស្ស៊ី និង ចិនរៀបចំកិច្ចពិភាក្សាថែមទៀតនៅអង្គការសហប្រជាជាតិ ដើម្បីព្យាយាមបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង

បរទេស៖ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំកិច្ចប្រជុំក្រៅផ្លូវការមួយនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយវាគឺជាការចរចាគ្នាជាលើកទី២ហើយ ដែលត្រូវបានស្នើឡើងដោយរុស្ស៊ី និងចិន ក្នុងគោលបំណងដកទណ្ឌកម្មមួយចំនួនចេញពីកូរ៉េខាងជើង ។ ចិន និង រុស្ស៊ីកំពុងខិតខំព្យាយាមធ្វើការចរចា មួយថ្ងៃមុនថ្ងៃកំណត់របស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន សម្រាប់សហរដ្ឋអាមេរិក ដើម្បីបង្ហាញភាពបត់បែននៅក្នុងកិច្ចចរចាដែលជាប់គាំង ក្នុងគោលបំណងធ្វើឱ្យទីក្រុងព្យុងយ៉ាង បោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ។ ហើយកិច្ចប្រជុំខាងលើនេះដែរ ត្រូវបានធ្វើឡើងបន្ទាប់ពីមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានដឹកនំាកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការមជ្ឈិមបក្សនៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ។ ទន្ទឹមគ្នា ទីភ្នាក់ងារសារព័ត៌មាន KCNA បានហៅជំនួបនេះថា ជាសម័យប្រជុំថ្ងៃទី១ និងថា កិច្ចប្រជុំនេះមានបំណងជម្នះបញ្ហាជាច្រើន និងការលំបាក ហើយនឹងជំរុញការអភិវឌ្ឍបដិវត្តន៍ជាមួយនឹងគោលជំហរឯករាជ្យ ប្រឆាំងចក្រពត្តិ និងឆន្ទៈមោះមុត ហើយវាក៏នឹងពិភាក្សាបញ្ហាសំខាន់ៗនៅក្នុងបក្ស និងផ្នែកការពារជាតិ ៕ធ.ដ
-
ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងសន្យាចាត់វិធានការតបតវិញ ដើម្បីការពារដែនអធិបតេយ្យ និងសន្តិសុខប្រទេសខ្លួន

កូរ៉េខាងជើង៖ កូរ៉េខាងជើងនឹងចាត់វិធានការវាយបក ដើម្បីការពារដែនអធិប តេយ្យភាព និងសន្តិសុខរបស់ខ្លួន ខណៈកូរ៉េខាងជើងអាចនឹងលុបចោលកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ហើយចាប់ផ្តើមធ្វើតេស្តមីស៊ីលឡើងវិញ នេះបើតាមការព្រមានរបស់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន កំឡុងពេលដឹកនាំកិច្ចប្រជុំពេញអង្គ នៃគណបក្សពលករកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសប្តាហ៍មុន ។ សូមរំលឹកឡើងវិញថា ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានដាក់ឱសានវាទនៅត្រឹមចុងឆ្នាំ២០១៩នេះ ដើម្បីឱ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ផ្ដល់សម្បទានបន្ថែម ក្នុងនោះរួមមានទាំងការដកទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនធំ សំដៅបើកកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ។ បើពុំដូច្នោះទេ ប្រទេសកូរ៉េខាងជើងនឹងរើសផ្លូវដើរថ្មីមួយដោយខ្លួនឯង ខណៈ លោក ដូណាល់ ត្រាំ ក៏បានព្រមានទុកជាមុនដែរថា ទីក្រុងព្យុងយ៉ាងអាចនឹងបាត់ បង់អ្វីៗគ្រប់យ៉ាងទាំងអស់ បើសិនជាហ៊ានសាកល្បងអាវុធនុយក្លេអ៊ែរឡើងវិញ៕ធ.ដ
-
កាត់ទោសអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានវៀតណាម ជាប់ពន្ធនាគារអស់មួយជីវិត

តុលាការបានកាត់ទោសអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានប្រទេសវៀតណាមម្នាក់ កាលពីចុងសប្តាហ៍កន្លងទៅ ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ទាក់ទងនឹងការទទួលសំណូក៣លានដុល្លារអាមេរិក។ លោក ង្វៀន បាក់សឺន ត្រូវបានតុលារការវៀតណាមរកឃើញថា មានកំហុសពីបទទទួលប្រាក់៣ លានដុល្លារ ទាក់ទងនឹងកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសមួយនៅឯក្រុមហ៊ុនទូរគមនាគមន៍រដ្ឋ MobiFone ។ ក្រសួងសន្តិសុខសាធារណៈអះអាងថាលោក ង្វៀន បាក់សឺន បានទទួលប្រាក់សំណូកដើម្បីសម្របសម្រួលកិច្ចព្រមព្រៀងមួយ ដែលនៅក្នុងកិច្ចព្រមព្រៀងនោះក្រុមហ៊ុនMobiFone បានបង់ប្រាក់ចំនួន៩៥ ភាគរយនៃភាគហ៊ុននៅក្នុងក្រុមហ៊ុនផ្តល់សេវាកម្មទូរទស្សន៍បង់ប្រាក់សំរាប់ទស្សនា។ តុលាការក៏បានផ្តន្ទាទោសអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានម្នាក់ទៀតគឺ លោកទ្រឿង មីញទួនឱ្យជាប់គុក១៤ឆ្នាំ៕ធ.ដ
-
ក្រុងស៊ីដនីរបស់ប្រទេសអូស្រ្តាលីនៅតែបាញ់កាំជ្រួច បើទោះជាមានការព្រួយបារម្ភអំពីផ្សែងបង្កបញ្ហាសុខភាព

អូស្រា្តលី៖ ទីក្រុងស៊ីដនី បានចំណាយប្រាក់៦,៥លានដុល្លារអូស្រ្តាលី ឬស្មើនឹង៤,៥លានដុល្លារអាម៉េរិកលើការបាញ់កាំជ្រួចអបអរឆ្នាំថ្មីនៅឆ្នាំនេះ ជាប្រាក់ដែលអង្គការមួយនិយាយថា សមតែយកទៅគាំទ្រអ្នកស្ម័គ្រចិត្តពន្លត់ភ្លើងព្រៃ និង ជួយកសិករដែលរងគ្រោះពីភាពរាំងស្ងួតដ៏អាក្រក់ ។ ជាមួយគ្នានេះ អ្នកនាំពាក្យសាលាក្រុងបាននិយាយថា អាជ្ញាក្រុងបានវាយតម្លៃអំពីការព្រួយបារម្ភរបស់ក្រុមមនុស្សដែលជំទាស់នឹងការបាញ់កាំជ្រួច ក្នុងពេលមានភ្លើងព្រៃនេះ តែបើលុបចោលព្រឹត្តិការណ៍នេះ វាក៏មិនជួយឱ្យបាត់ផ្សែងអ័ព្ទ និង មិនមានប្រយោជន៍ច្រើនដល់សហគមន៍ដែលរងផលប៉ះពាល់ស្រាប់នោះទេ ។ បើតាមអ្នកនាំពាក្សដដែលនេះ ការលុបចោល វានឹងប៉ះពាល់ធុរកិច្ចក្រុងស៊ីដនីជាខ្លាំង ហើយថា វាក៏នឹងបំផ្លាញផែនការរបស់មនុស្សរាប់ម៉ឺននាក់នៅអូស្រ្តាលី ក៏ដូចជាមកពីបរទេស ដោយសារពួកគេបានកក់សំបុត្រយន្តហោះ កក់សណ្ឋាគារ និងភោជនីយដ្ឋានរួចហើយ សម្រាប់ថ្ងៃចូលឆ្នាំថ្មី ។ សូមជម្រាបថា ផ្សែងអ័ព្ទបង្កបញ្ហាសុខភាពមកពីភ្លើងព្រៃរាប់ម៉ឺនហិចតានៅទូទាំងអូស្រ្តាលី បានគ្របដណ្តប់ទីក្រុងស៊ីដនី និងទីក្រុងនានាអស់ពេលរាប់សប្តាហ៍មកហើយ ។ ការបាញ់កាំជ្រួចអបអរឆ្នាំថ្មីនៅទីក្រុងស៊ីដនី ទាក់ទាញអ្នកទស្សនាប្រមាណ១ពាន់លាននាក់ក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក តែការបាញ់នៅឆ្នាំនេះ បានបង្កជាជំទាស់ ដោយសារតែអូស្រ្តាលីស្ថិតក្នុងផ្សែងអ័ព្ទបង្កពីភ្លើងព្រៃជាង១០០កន្លែង ៕ធ.ដ
-
សហរដ្ឋអាម៉េរិកបើកការវាយប្រហារតាមផ្លូវអាកាស ផ្តាច់ជីវិតអ្នកប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ប្រមាណ១៩នាក់នៅអ៊ីរ៉ាក់ និងស៊ីរី

សហរដ្ឋអាមេរិក៖ កងទ័ពអាម៉េរិកបានបើកវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសសអ៊ីរ៉ាក់ នៅថ្ងៃអាទិត្យម្សិលមិញ ដោយបានផ្តាច់ជីវិតអ្នកប្រយុទ្ធ១៩នាក់ ពោលគឺពីរថ្ងៃបន្ទាប់ពីការវាយប្រហារដោយគ្រាប់រ៉ុក្កែតបានសម្លាប់អ្នកម៉ៅការស៊ីវិលអាម៉េរិកម្នាក់ ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឆ្លើយតបទៅនឹងការវាយប្រហារម្តងហើយម្តងទៀតពីក្រុមកាតាអ៊ីបហ៊ីសប៊ូឡា KH ទៅលើមូលដ្ឋានអ៊ីរ៉ាក់ ដែលជាទីតាំងឈរជើងរបស់កម្លាំងចម្រុះនោះ កងកម្លាំងអាម៉េរិកបានធ្វើការវាយលុកការពារខ្លួនទៅលើទីតាំងរបស់ក្រុម KH ចំនួន០៥នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ។ បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ ការវាយប្រហារទៅលើទីតាំងចំនួន០៣នៅអ៊ីរ៉ាក់ និង០២កន្លែងទៀតនៅស៊ីរីខាងលើ នឹងធ្វើឱ្យថយចុះសមត្ថភាពរបស់ក្រុម KH ក្នុងការវាយប្រហារនាពេលអនាគតប្រឆាំងនឹងកងកម្លាំងចម្រុះ ។មន្ទីរបញ្ចកោណបានបញ្ជាក់ទៀតថា ក្រុមកាតាអ៊ីបហ៊ីសប៊ូឡា KH មានទំនាក់ទំនងយ៉ាងរឹងមាំជាមួយកងកម្លាំងឃូដ(Quds)របស់អ៊ីរ៉ង់ ហើយបានទទួលជំនួយដ៏អាក្រក់ និង ការគាំទ្រពីអ៊ីរ៉ង់ម្តងហើយម្តងទៀត ដែលក្រុមនេះប្រើដើម្បីវាយប្រហារលើកងកម្លាំងចម្រុះ ៕ធ.ដ
-
អ៊ុយក្រែន និងក្រុមបំបែកខ្លួនគាំទ្ររុស្ស៊ីព្រមព្រៀងគ្នាដោះដូរអ្នកទោសទៅវិញទៅមក

អ៊ុយក្រែន៖ ក្រុមបំបែកខ្លួនដែលគាំទ្ររុស្ស៊ី និងអ៊ុយក្រែន នៅថ្ងៃអាទិត្យម្សិលមិញ បានធ្វើការដោះដូរអ្នកទោស២០០នាក់ ដោយការព្រមព្រៀងគ្នានេះបានកើតមានឡើងបន្ទាប់ពីក្រុមអាជ្ញាធររុស្ស៊ី និង អ៊ុយក្រែនបានយល់ព្រមលើការដោះដូរអ្នកទោស នៅក្នុងកិច្ចចរចាគ្នាមួយកាលពីខែធ្នូនេះ ។ បើតាមការិយាល័យប្រធានាធិបតីអ៊ុយក្រែន រដ្ឋាភិបាលអ៊ុយក្រែនទទួលបានអ្នកជាប់ឃុំឃាំងរបស់ខ្លួនចំនួន៧៦នាក់ ហើយក្រុមបំបែកខ្លួនដែលគាំទ្ររុស្ស៊ី បានទទួលយកអ្នកជាប់ឃុំឃាំងរបស់ខ្លួនចំនួន១២៤នាក់ ដែលនេះជាការដោះដូរអ្នកទោសលើកទី២ ដែលទាក់ទាងនឹងរុស្ស៊ី និង អ៊ុយក្រែន ។ សូមរំលឹកថា កាលពីខែកញ្ញាកន្លងមកនេះ អ្នកដើរកប៉ាល់២៤នាក់ដែលត្រូវបានចាប់ខ្លួនដោយរុស្ស៊ីនៅច្រកសមុទ្រ ឃើច (Kerch) នៃតំបន់គ្រីមៀ កាលពីខែវិច្ឆិកាឆ្នាំ២០១៨ ត្រូវបានដោះលែង និង មនុស្សម្នាក់ដែលត្រូវបានចោទប្រកាន់ថា បានបាញ់ទម្លាក់យន្តហោះនៃជើងហោះហើរ MH17 ដែលបានសម្លាប់មនុស្ស២៩៨ នាក់ត្រូវបានប្រគល់ទៅឱ្យរុស្ស៊ី ៕ធ.ដ
-
លោក គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីពិភាក្សាអំពីវិធីជម្នះ«បញ្ហា និងការលំបាក»

កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េKCNAបានរាយការណ៍ថា មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានដឹកនំាកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការមជ្ឈិមបក្សនៅទីក្រុងព្យុងយ៉ាង កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ។ ទន្ទឹមគ្នា ទីភ្នាក់ងារសារព័ត៌មាន KCNA បានហៅជំនួបនេះថា ជាសម័យប្រជុំថ្ងៃទី១ និងថា កិច្ចប្រជុំនេះមានបំណងជម្នះបញ្ហាជាច្រើន និងការលំបាក ហើយនឹងជំរុញការអភិវឌ្ឍបដិវត្តន៍ជាមួយនឹងគោលជំហរឯករាជ្យ ប្រឆាំងចក្រពត្តិ និងឆន្ទៈមោះមុត ហើយវាក៏នឹងពិភាក្សាបញ្ហាសំខាន់ៗនៅក្នុងបក្ស និងផ្នែកការពារជាតិ ។ យ៉ាងណាមិញ អ្វីដែលគួរឱ្យកត់សម្គាល់នោះ កិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការមជ្ឈិមបក្សត្រូវបានធ្វើឡើង ខណៈដែលសល់ពេលតែ២ថ្ងៃមុនកាលកំណត់ចុងឆ្នាំសំរាប់អោយសហរដ្ឋអាម៉េរិកធ្វើសម្បទាន ជាថ្នូរនឹងការបន្តកិច្ចពិភាក្សានុយគ្លេអ៊ែរនោះចូលមកដល់ ៕ធ.ដ
-
អូស្ត្រាលីជម្លៀសភ្ញៀវទេសចរ៣ម៉ឺននាក់ជាបន្ទាន់ ដោយសារភ្លើងឆេះព្រៃ

សារព័ត៌មានរយធឺបានចេញផ្សាយ នៅថ្ងៃទី៣០ ធ្នូ ២០១៩នេះថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចររាប់ពាន់នាក់រួចមកហើយដែលត្រូវបានជម្លៀសចេញពីទីក្រុង Victoria ក្រោយពេលដែលសីតុណ្ហភាពឡើងខ្លាំងដោយសារខ្យល់បក់ពីភ្លើងឆេះព្រៃក្នុងប្រទេសដែលអូរបន្លាយអស់រយៈពេលជាច្រើនខែ។ ខណៈពេលដែលសីតុណ្ហភាពកើនឡើងរហូតដល់ ៤០អង្សាសេក្នុងទីក្រុង Melbourne អាជ្ញាធរបានព្រមានពីការដែលត្រូវជម្លៀសភ្ញៀវទេសចរជាង ៣ម៉ឺននាក់ជម្លៀសខ្លួនចេញជាបន្ទាន់ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ គ្រោះថ្នាក់ពីភ្លើងឆេះ ត្រូវបានព្យាករណ៍ថានឹងកាន់តែអាក្រក់ឡើងថែមទៀតនៅក្នុងសង្កាត់ចំនួន ៧នៅទូទាំងរដ្ឋក៏ដូចជាគំរាមកំហែងដល់ផ្លូវ Princes Highway ផងដែរ។ មកទល់ពេលនេះភ្លើងឆេះព្រៃ បានបំផ្លាញផ្ទៃដីជាង ៤លានហិចតាហើយនៅទូទាំងប្រទេសអូស្ត្រាលី ហើយមនុស្ស ៨នាក់ ត្រូវបានរាយការណ៍ថាស្លាប់បណ្ដាលមកពីមូលហេតុនៃភ្លើងឆេះព្រៃ៕ធ.ដ
-
វៀតណាមនាំចេញឈើតម្លៃ១១.៥ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ២០១៩ ច្រើនលើសផែនការ ៣០ ធ្នូ២០១៩

ការនាំចេញឈើរបស់ប្រទេសវៀតណាមនៅឆ្នាំ២០១៩ត្រូវបានជឿជាក់ថា នឹងមានតម្លៃ១១.៥ពាន់លានដុល្លារអាមេ៉រិក ហួសពីគោលដៅដែលបានកំណត់ត្រឹមតែ១០.៥ពាន់លានដុល្លារអាមេ៉រិកប៉ុណ្ណោះ ហើយចំនួននេះគឺឡើង២០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨ នេះបើយោងតាមសមាគមផលិតផលព្រៃឈើនិងឈើហុបវៀតណាមហៅកាត់ថា VTFPA ចេញផ្សាយដោយសារសារព័ត៌មាន Vietnamnews នៅថ្ងៃទី៣០ ធ្នូ ២០១៩។ ការនាំចេញផលិតផលឈើវៀតណាមទៅកាន់សហរដ្ឋអាមេ៉រិកកើនឡើងខ្លាំង ក្នុងឆ្នាំ២០១៩នេះ។ ក្រៅពីនេះ ក៏មានកំណើននៅទីផ្សារជប៉ុន អង់គ្លេស កាណាដា អាឡឺម៉ង់ ហូឡង់ នេះបើតាមនាយកដ្ឋាននាំចូល នាំចេញឈើនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។ ស្របពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាមចូលជាធរមាននៅឆ្នាំ២០២០នោះ បណ្តាក្រុមហ៊ុនវៀតណាមអាចចំណេញច្រើនពីការបន្ធូរបន្ថយពន្ធពីអឺរ៉ុប ខណៈដែលអឺរ៉ុបគឺជាទីផ្សារនាំចេញឈើដ៏ធំបំផុតមួយរបស់វៀតណាម។វៀតណាមបានដាក់គោលដៅថា នឹងនាំចេញឈើ១២ពាន់លានដុល្លារអាមេ៉រិក នៅឆ្នាំ២០២០ ដោយជឿជាក់ថា អាមេ៉រិក និងអឺរ៉ុបនឹងទិញច្រើនជាងមុន៕ធ.ដ