-
អង្គការរបស់អាល្លឺម៉ង់បញ្ជាក់ថា ជប៉ុនជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយសារគ្រោះធម្មជាតិកាលពីឆ្នាំ២០១៨

អាល្លឺម៉ង់៖ ជប៉ុនបានជាប់ជាប្រទេសរងការប៉ះពាល់ខ្លាំងជាងគេបំផុត ដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុពិភពលោកអំឡុងឆ្នាំ២០១៨ និង តាមពីក្រោយ ដោយហ្វីលីពីន អាល្លឺម៉ង់ ម៉ាដាហ្គាស្កា និងឥណ្ឌា នេះបើតាមរបាយការណ៍ប្រចំាឆ្នំាំ The Global Climate Risk Index 2020 របស់អង្គការឃ្លាំមើលរបស់អាល្លឺម៉ង់។ បើតាមរបាយការណ៍ខាងលើនេះ កំឡុងថ្ងៃទី៦-៨ ខែកក្កដា ឆ្នាំ២០១៨ ទឹកជំនន់ និងបំណាក់ដីបានផ្តាច់ជីវិតមនុស្សជាង២០០នាក់ និងបំផ្លាញលំនៅឋានជាង ៥,០០០ខ្នង ហើយបង្ខំឲ្យប្រជាជនជប៉ុនដល់ទៅ២.៣លាននាក់ជម្លៀសខ្លួន ។ បន្ទាប់មកចន្លោះពាក់កណ្តាលខែកក្កដា និងខែសីហា ឆ្នាំដដែល បាតុភូតរលកកម្តៅបានបង្កឲ្យមនុស្ស១៣៨នាក់ស្លាប់ និងជាង៧,០០០នាក់ត្រូវទទួលការព្យា បាលនៅមន្ទីរពេទ្យ ។ បន្តមកទៀតនៅខែសីហា ឆ្នាំ២០១៨ ព្យុះទីហ្វុង ជេប៊ី (Jebi) ដែលមានថាមពលដ៏ខ្លាំងក្លា បានបង្កការបំផ្លិចបំផ្លាញដល់សេដ្ឋកិច្ចជប៉ុនទំហំជាង១២ពាន់លានដុល្លារ ។ មនុស្ស១,២៨២នាក់បានបាត់បង់ជិវិត ដោយសារគ្រោះធម្មជាតិនៅជប៉ុនក្នុងឆ្នាំ២០១៨ ។ សូមបញ្ជាក់ថា របាយការណ៍ The Global…
-
មន្ទីរបញ្ចកោណប្រកាសច្រានចោលសេចក្តីរាយការណ៍ថា ខ្លួននឹងបញ្ជូនកងទ័ពប្រមាណ១៤.០០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា

សហរដ្ឋអាមេរិក៖ ក្រសួងការពារជាតិអាមេរិក នៅថ្ងៃពុធម្សិលមិញ បានប្រកាសច្រានចោលសេចក្តីរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនបាននឹងកំពុងពិចារណាក្នុងការបញ្ជូនកងទ័ពបន្ថែមប្រមាណ១៤.០០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ស្របពេលមានភាពតានតឹងខ្លំាងជាមួយអ៊ីរ៉ង់ ។ទន្ទឹមគ្នា អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី អាលីសា ហ្វារ៉ា បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា ការចុះផ្សាយរបស់សារព័ត៌មាន ឌឹ វ៉ល ស្ទីត ជូណល គឺជារឿងមិនពិត លោកស្រីថា សហរដ្ឋអាមេរិកមិនមានគម្រោង ឬកំពុងបញ្ជូនកងទ័ពបន្ថែម១៤.០០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីទប់ទល់ជាមួយអ៊ីរ៉ងនោះទេ ។សូមបញ្ជាក់ថា ប្រតិបត្តិការរបស់ក្រសួងការពារជាតិអាមេរិកខាងលើ បានកើតមានឡើងក្រោយសារព័ត៌មាន វ៉ល ស្ទីត ជូណល កាលពីថ្ងៃពុធកន្លងទៅ ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិកជាច្រើននាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថា សហរដ្ឋអាមេរិកមានគម្រោងបញ្ជូននាវាចម្បាំងរាប់សិបគ្រឿង និងកងទ័ពអាមេរិកបន្ថែម១៤,០០០នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ានៅចុងខែធ្នូនេះ ដើម្បីទប់ទល់នឹងអ៊ីរ៉ង់ ៕
-
បណ្តាប្រទេសអឺរ៉ុបប្រកាសថ្កោលទោសការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង

អឺរ៉ុប៖ អគ្គរដ្ឋទូតអឺរ៉ុបជាច្រើនបានរួមគ្នាប្រកាសថ្កោលទោសប្រទេសកូរ៉េខាងជើង ពាក់ព័ន្ធនឹងការបាញ់សាកល្បងមីស៊ីលផ្លោងជាបន្តបន្ទាប់ចុងក្រោយនេះ ។ ការថ្កោលទោសខាងលើ ត្រូវបានធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយរបស់មន្រ្តីជាន់ខ្ពស់មកពីប្រទេសប៊ែលហ្ស៊ិក អេស្តូនៀ បារំាំង អាល្លឺម៉ង់ អង់គ្លេស និងប៉ូឡូញ ។ បើតាមសេចក្តីថ្លែងការណ៍ដែលអានដោយអគ្គរដ្ឋទូតប៉ូឡូញលោកស្រី ចូអេនណា វ៉ូរុននីកា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងចំនួន១៣ឈុតចាប់តំាងពីខែឧសភាកន្លងមក ហើយបាននិងកំពុងបន្តប្រតិបត្តិការកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួនទៀត ។គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍នេះ បន្ទាប់ពីបញ្ចប់កិច្ចពិគ្រោះយោបល់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលផ្តោតលើការធ្វើតេស្តមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកាកន្លងទៅនេះ ៕
-
កូរ៉េខាងជើងគំរាមចាត់វិធានការឆ្លើយតបវិញ បើសិនអង្គការសហប្រជាជាតិយកបញ្ហាសិទ្ធិមនុស្សរបស់ទីក្រុងព្យុងយ៉ាងទៅជជែកដេញដោល

បរទេស៖ រដ្ឋាភិបាលក្រុងព្យុងយ៉ាងបានព្រមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃពុធម្សិលមិញថា ការជជែកដេញដោលណាមួយអំពីស្ថានការណ៍សិទ្ធិមនុស្សនៅកូរ៉េខាងជើង នឹងត្រូវចាត់ទុកជាការបង្ករឿងធ្ងន់ធ្ងរ ហើយទីក្រុងព្យុងយ៉ាងនឹងឆ្លើយតបទៅវិញ ។ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ លោក គីម សុង បានបញ្ជាក់ថា កិច្ចប្រជុំនោះ នឹងត្រូវចាត់ទុកជាទង្វើកាន់ជើងនយោបាយចូលចិត្តបង្កហេតុរបស់សហរដ្ឋអាមេរិក ដែលនាំទៅរកការបំផ្លាញ ជាជាងការជួយដល់កិច្ចប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ និង ការស្វែងរកដំណោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរ ។សូមជម្រាបថា ការព្រមានរបស់កូរ៉េខាងជើងបានកើតមានឡើងក្រោយខ្លួនទទួលបានដំណឹងថា សមាជិកមួយចំនួនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងស្នើកោះប្រជុំក្នុងខែធ្នូនេះ ស្តីពីបញ្ហារំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង ៕
-
ប្រមុខការទូតចិនថ្លែងថា ការរើងអើងជាឯកតោភាគី គឺជាការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាព និងស្ថេរភាពពិភពលោក

កូរ៉េខាងត្បូង៖ ការគំរាមកំហែងដ៏ធំបំផុតសម្រាប់សន្តិភាព និង ស្ថេរភាពរបស់ពិភពលោក គឺកើតចេញមកពីការរើសអើងជាឯកតោភាគី ដែលបាននិងកំពុងបំផ្លាញច្បាប់អន្តរជាតិនាពេលបច្ចុប្បន្ន និង ជាការបំបែកបំបាក់បទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ នេះបើតាមរដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី នៅថ្ងៃពុធម្សិលមិញ ។ការកត់សម្គាល់បែបនេះរបស់លោក វ៉ាង យី ត្រូវបានធ្វើឡើងស្របពេលជួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងរបស់លោក គឺលោកស្រី កាង ក្យុងវ៉ា នាអំឡុងបំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុងសេអ៊ូល និង គ្រោងជួបប្រធានា ធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃព្រហស្បតិ៍នេះ ។ ទន្ទឹមគ្នា កូរ៉េខាងត្បូងនិងចិនបានព្រមព្រៀងគ្នាថា នឹងបង្កើនការផ្លាស់ប្តូរមន្ត្រីការទូត និងវប្បធម៌ ដើម្បីធ្វើអោយទំនាក់ទំនងរវាងប្រទេសទាំងពីរមានប្រក្រតីភាពទាំងស្រុង បន្ទាប់ពីមានការមិនសប្បាយចិត្តនឹងគ្នា អំពីការដាក់ពង្រាយប្រព័ន្ធប្រឆាំងកាំជ្រួចរបស់អាមេរិកនៅលើទឹកដីកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៧ ៕
-
ប្រធាធិបតីសហរដ្ឋអាម៉េរិកលុបចោលគម្រោងធ្វើសន្និសីទសារព័ត៌មានអង្គការ NATO បន្ទាប់ពីមានការខ្វែងគំនិតគ្នាជាមួយមេដឹកនាំដទៃ

អង់គ្លេស៖ ប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ បានសម្រេចលុបចោលគម្រោងធ្វើសន្និសីទសារព័ត៌មាននៃកិច្ចប្រជុំកំពូលអង្គការ NATO ក្រោយផ្លាស់ប្ដូរយោបល់ប្រកបដោយភាពតានតឹង និងតឹងសសៃកជាមួយមេដឹកនាំដទៃ ។ ទន្ទឹមគ្នា តាមរយៈបណ្តាញសង្គមធ្វីតធើ លោក ដូណាល់ ត្រាំ បានសរសេរសារបង្ហោះនៅថ្ងៃពុធនេះថា នៅពេលដែលកិច្ចប្រជុំបញ្ចប់ លោកនឹងធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញភ្លាម យើងមិនអាចធ្វើសន្និសីទសារព័ត៌មាន បិទកិច្ចប្រជុំអង្គការ NATO បានទេ ពីព្រោះយើងបានធ្វើវាជាច្រើនពេកហើយ ក្នុងរយៈពេល២ថ្ងៃមកនេះ ។ ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ខាងលើនេះដែរ បានកើតមានឡើងក្រោយលោក ត្រាំ និងប្រធានាធិបតីបារំាងលោក អែមម៉ានុយអែល ម៉ាក្រុង បានប៉ះទង្គិចគ្នាខាងពាក្យសម្តីអំពីបញ្ហាមួយចំនួន ក្នុងនោះរួមមានទំាងការបែងចែកការទទួលបន្ទុកនៅខាងក្នុងអង្គការ NATO, អំពើភេរវកម្ម, ការលុកលុយរបស់តួកគីនៅក្នុងផ្នែកខាងជើងប្រទេសស៊ីរី និងការដកខ្លួនរបស់អាមេ៉រិកចេញពីសន្ធិសញ្ញាអាវុធមួយជាមួយរុស្សី ៕ធ.ដ
-
កូរ៉េខាងជើងព្រមានប្រើកម្លំាងយោធាក្រោយលោក ដូណាល់ ត្រាំ ហៅលោក គីម ជុងអ៊ុន ជាបុរសគ្រាប់រ៉ុក្តែតសារជាថ្មី

កូរ៉េខាងជើង៖ កូរ៉េខាងជើងពិតជាមានការសោកស្ដាយ ហើយលោក គីម ជុងអ៊ុន អន់ចិត្តជាខ្លាំង ចំពោះប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលលើកឡើងពីគំនិតប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងទីក្រុងព្យុងយ៉ាង នេះបើតាមប្រធានអគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េ លោក Pak Jong Chon ។ ប្រតិកម្មរបស់កូរ៉េខាងជើងខាងលើនេះ បានកើតមានឡើងក្រោយលោក ដូណាល់ ត្រាំ បានហៅលោក គីម ជុងអ៊ុន ថា បុរសគ្រាប់រ៉ុក្កែតសាជាថ្មី ហើយថែមទំាង បានអះអាងដែរថា សហរដ្ឋអាម៉េរិកនឹងប្រើប្រាស់កម្លាំងយោធាប្រឆាំងកូរ៉េខាងជើង បើសិនវាជារឿងចាំបាច់ ។ ជាការឆ្លើយតប ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនកូរ៉េ បានសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិកនឹងជួបរឿងដ៏អាក្រក់ បើសិនជាទីក្រុងវ៉ាស៊ីនតោនហ៊ានការបើកការវាយប្រហារណាមួយប្រឆាំងនឹងកូរ៉េខាងជើង ហើយទីក្រុងព្យុងយ៉ាងនឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់គ្រប់កមិ្រតទាំងអស់ ៕ធ.ដ
-
ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង និងភរិយាជិះសេះកម្សាន្តលើភ្នំ Paektu ជាលើកទី២

កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់លោក គីម ជុងអ៊ុន និងក្រុមមន្ត្រីជាន់ខ្ពស់របស់លោក រួមទាំងភរិយា ជិះសេះកម្សាន្តនៅឯតំបន់ភ្នំ Paektu ។ នេះគឺជាលើកទី២ហើយ ដែលប្រមុខដឹកនំាកំពូលកូរ៉េខាងជើងរូបនេះ ជិះសេះសនៅលើភ្នំ Paektu ប៉ុន្តែអ្វីដែលគួរកត់សម្គាល់នោះ ជាទម្លាប់ឱ្យតែមេដឹកនាំកូរ៉េខាងជើងជិះសេះ ឬធ្វើដំណើរកម្សាន្តនៅលើភ្នំពិសិដ្ឋនេះ នឹងមានការសម្រេចចិត្តដ៏ធំមួយតែងត្រូវបានធ្វើឡើង ក្នុងនោះរួមមានទាំងការបាញ់សាកល្បងមីស៊ីលអន្តរទ្វីប ។ក្នុងដំណើរកម្សាន្តនេះ លោក គីម ក៏បានប្រកាស ថា នឹងកោះប្រជុំបក្សពលករកូរ៉េខាងជើងនាពេលឆាប់ៗខាងមុខផងដែរ ។ សូមបញ្ជាក់ថា លោក គីម ជុងអ៊ុន បានទុកពេលឱ្យលោក ដូណាល់ ត្រាំ រហូតដល់ចុងឆ្នាំ២០១៩នេះ ដើម្បីផ្ដល់សម្បទានបន្ថែម ឬបើកកិច្ចចរចានុយក្លេអ៊ែរដែលកំពុងជាប់គាំងឡើងវិញ បើពុំដូច្នោះទេ កូរ៉េខាងជើងនឹងចាត់វិធានការថ្មីមួយជាការឆ្លើយតប ៕ធ.ដ
-
ហេតុការណ៍ផ្ទុះឧស្ម័នក្នុងរោងចក្រនៅស៊ូដង់ បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសប្រមាណជាង១៥០នាក់

ស៊ូដង់៖ មនុស្ស២២នាក់បានបាត់បង់ជីវិត និង១៣០នាក់ទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះធុងហ្គាសក្នុងរោងចក្រសេរ៉ាមិចមួយកន្លែងនៅរដ្ឋធានី ខាទុំ កាលពីថ្ងៃពុធម្សិលមិញ នេះបើតាមប្រភពពីរដ្ឋាភិបាលស៊ូដង់ ។ ទន្ទឹមគ្នា ក្រុមគ្រួពេទ្យក្នុងតំបន់បានបញ្ជាក់ថា អ្នកស្លាប់ និងរបួស រួមមាននិយោជិកដែលមានសញ្ជាតិខុសៗគ្នា ក្នុងនោះមានខ្លះមកពីអាស៊ី ខណៈអ្នករងរបួសបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរដ្ឋធានី ហើយបើតាមមន្រ្តីប៉ូលីសក្នុងតំបន់ អ្នកខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។ ជុំវិញបញ្ហានេះដែរ រដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍មួយថា រោងចក្រខាងលើត្រូវបានអគ្គិភ័យឆេះបំផ្លាញទំាងស្រុង ហើយនឹងបានធ្វើការអំពាវនាវឱ្យពល រដ្ឋបរិច្ចាគឈាម ដើម្បីព្យាបាលអ្នករងរបួសផងដែរ ៕ធ.ដ
-
មេរោគអេដស៍នៅតែជាក្តីកង្វល់ខ្លាំង នៅប្រទេសវៀតណាម

ជំងឺអេដស៍នៅតែជាបញ្ហាសុខភាពសាធារណដ៏ខ្លាំង នៅប្រទេសវៀតណាម ស្របពេលដែលមានការរកឃើញករណីឆ្លងថ្មីជិត១ម៉ឺននាក់ ហើយមនុស្ស២០០០នាក់បានស្លាប់ដោយសារជំងឺអេដសន៍ ជារៀងរាល់ឆ្នាំ នេះគឺជាអ្វីដែលត្រូវបានលើកឡើង ក្នុងសន្និសីទមួយស្តីពីការព្យាបាលជំងឺអេដសន៍២០ឆ្នាំនៅប្រទេសវៀតណាម នាទីក្រុងហាណូយ កាលពីថ្ងៃពុធម្សិលម្សិលមិញ។ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម Trương Quốc Cường បាននិយាយ នាឱកាសនោះថា នេះគឺជាគ្រោះថ្នាក់ដែលមិនអាចវាស់វែងបានដែលមិនត្រឹមតែជះឥទ្ធិពលដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាស្ថេរភាពនៃសង្គមផងដែរ។ លោកបន្ថែមទៀតថា វៀតណាមនៅតែប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនក្នុងការបញ្ចប់ការរីករាលដាលនៃជំងឺអេដស៍នៅឆ្នាំ ២០៣០ ដោយសារតែការយល់ដឹងរបស់ប្រជាជនអំពីអត្ថប្រយោជន៍ និងប្រសិទ្ធភាពនៃការព្យាបាល ARV នៅមានកម្រិតហើយការមាក់ងាយនៅតែជាឧបសគ្គចំបងក្នុងការទទួលបានការព្យាបាលទាន់ពេលវេលា៕ធ.ដ