-
នាយករដ្ឋមន្ត្រីថៃជំរុញឲ្យពលរដ្ឋចាយប្រាក់ដុល្លារ

នាយករដ្ឋមន្ត្រីថៃបាននិយាយថ្មីៗនេះថា ពលរដ្ឋថៃទាំងអស់គួរតែចាប់ផ្ដើមគិតគូរចាយប្រាក់ដុល្លារអាម៉េរិក ដើម្បីជួយធ្វើឲ្យលុយបាតធ្លាក់ចុះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ត្រូវបានសារព័ត៌មានបាងកកប៉ុស្តិ៍ផ្សព្វផ្សាយ កាលពីដើមសប្តាហ៍លោកប្រាយុទ្ធ ចាន់អូចា ឲ្យដឹងថា ប្រជាពលរដ្ឋត្រូវតែគិតគូរពីរបៀបចាយលុយដុល្លារ តាមមធ្យោបាយជាច្រើនដើម្បីជួយឲ្យលុយបាតធ្លាក់ចុះ ហើយស្ថាប័នឯកជន ក៏ត្រូវមានចំណែកជួយដំណើរការនេះផងដែរ។ លោកប្រាយុទ្ធបន្ថែមថា ចរន្ដលំហូរចូលមូលធន និងទុនបម្រុងបរទេសខ្ពស់ សុទ្ធតែជាកត្ដាដែលបណ្ដាលឲ្យលុយបាតកើនឡើង។ក្រុមសេដ្ឋវិទូ បាននិយាយថាការថ្លែងការណ៍នៅទីក្រុងបាងកកដូចនេះ អាចជាការបញ្ជាក់ម្តងទៀតនូវការអំពាវនាវរបស់រដ្ឋាភិបាលមុនៗ សម្រាប់ការនាំចូលកាន់តែច្រើន ដែលតម្រូវឱ្យប្តូរប្រាក់បាតដើម្បីចំណាយជាប្រាក់ដុល្លារ។ ប្រភពដដែលបន្ថែមថា លោកនាយករដ្ឋមន្ត្រី ចង់ឲ្យប្រជាជននាំចូល និងវិនិយោគបន្ថែមទៀត៕ធ.ដ
-
លោក ដូណាល់ ត្រាំ ប្រកាសពីទីតាំងថ្មីដែលសហរដ្ឋអាមេ៉រិកជ្រើសរើស សម្រាប់រៀបចំកិច្ចប្រជុំកំពូល G7 នៅឆ្នំា២០២០

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារម្សិលមិញបានថ្លែងថា កិច្ចប្រជុំប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទំាង០៧ ឬ G7 នឹងប្រារព្ធឡើងនៅឯបន្ទាយ ខេម ដេវីដ ជាផ្លូវការវិញ ។ បន្ទាយ ខេម ដេវីដ គឺជាកន្លែងសម្រាកលំហែរបស់ប្រធានាធិបតីអាមេ៉រិក ស្ថិតនៅចម្ងាយប្រមាណជា១០០គីឡូម៉ែត្រភាគពាយ័ព្យរដ្ឋធានីវ៉ាស៊ីនតោន ។ ពួកយើងនឹងប្រារព្ធកិច្ចប្រជុំកំពូល G7 នៅឯតំបន់រម្មណីយដ្ឋាន ខេម ដេវីដ នេះបើតាមលោក ដូណាល់ ត្រាំ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងទីក្រុងឡុង មុនពេលចូលរួមកិច្ចប្រជុំអង្គការ NATO និងអំឡុងពេលបង្ហាញវត្តមាននៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ជាមួយនាយករដ្ឋមន្រ្តីកាណាដាលោក ចាស់ស្ទីន ទ្រូដួ ។ ដំបូងឡើយ លោក ដូណាល់ ត្រាំ មានបំណងជ្រើសរើសយកក្លឹបវាយកូនហ្គោល Trump National Doral ដែលស្ថិតក្នុងទីក្រុង ម៉ៃអាមី រដ្ឋផ្លូរីដា ជាកន្លែងដើម្បីរៀបចំកិច្ចប្រជុំកំពូល G7 ឆ្នាំ២០២០ ។ ប៉ុន្តែគ្រាន់តែមានដំណឹងថា…
-
មហាសន្និបាតអង្គការសហរដ្ឋអាមេ៉រិកសម្រេចអនុម័តទៅលើដំណោះស្រាយចំនួន០៤សំខាន់ៗសំដៅគាំទ្រប៉ាឡេស្ទីន

អង្គការសហប្រជាជាតិ៖ មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារម្សិលមិញ បានអនុម័តទៅលើដំណោះស្រាយចំនួន០៤សំខាន់ៗក្នុងនោះរួមមាន៖ ការការពារព្រំដែនឆ្នាំ១៩៦៧ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ក៏ដូចជា កំណត់កាលបរិច្ឆេទថ្មី នៃបន្តការបេសកកម្មរបស់ស្ថាប័នចំនួនពីរ ចំណុះឲ្យអង្គការសហប្រជាជាតិ ដែលកំពុងបម្រើការងារពាក់ព័ន្ធបញ្ហាប៉ាឡេស្ទីន ។ ដំណោះស្រាយដោយសន្តិភាពលើបញ្ហាប៉ាឡេស្ទីន គឺទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេរហូតដល់១៤៧សំឡេង ប្រឆាំង០៧សំឡេង និង១៣សំឡេងទៀតអវត្តមាន បន្ទាប់ពីប្រទេសចំនួន២០បានធ្វើការជជែកដេញដោល អំពីជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ជាពិសេសការរៀបចំផែនការសាងសង់លំនៅឋានថ្មីនៅក្នុងទឹកដីប៉ាឡេស្ទីន ។ ទន្ទឹមគ្នា មហាសន្និបាតអង្គការសហប្រជាជាតិក៏បានសម្តែងការគាំទ្រ និងការពារចំពោះព្រំដែនរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលបានកំណត់នៅដើមឆ្នាំ១៩៦៧ និងបានអំពាវនាវឲ្យសមាជិកទាំងអស់ ចាត់ទុកការគ្រប់គ្រងណាមួយដោយអ៊ីស្រាអែលដែលបំពានលើដែនដីប៉ាឡេស្ទីននោះ គឺជាទង្វើខុសច្បាប់ ៕ធ.ដ
-
សភាជប៉ុនអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេ៉រិក មិនយកពន្ធលើទំនិញឧស្សាហកម្ម និងកសិកម្ម

សភាជប៉ុនកាលពីថ្ងៃពុធម្សិលមិញបានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេ៉រិក ជាការព្រមព្រៀងមិនយកពន្ធឬបន្ធូរបន្ថយពន្ធ លើទំនិញឧស្សាហកម្មនិងកសិកម្ម ហើយត្រូវបានមើលឃើញថា ជាសញ្ញាថ្មីនៃការចាប់ផ្តើមឆ្នាំបន្ទាប់រវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះត្រូវបានឯកភាព ក្នុងជំនួបចរចារវាងមេដឹកនាំអាមេ៉រិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនសូ អាបេ កាលពីខែកញ្ញា។ សេតវិមានធ្លាប់បានអះអាថា ខ្លួនមិនចាំបាច់ពិគ្រោះកម្រិតសភាអាមេ៉រិកទេ មានន័យថា នីតិវិធីក្នុងរដ្ឋាភិបាលប្រទេសទាំងពីរ គឺមានសុពលភាពហើយ។ លោកត្រាំបានជំរុញឲ្យមានកិច្ចព្រមព្រៀងនេះ ជារបៀបនៃការធ្វើឲ្យឪនភាពពាណិជ្ជកម្មជាមួយជប៉ុន មានទំហំតូច ហើយក៏ដើម្បីលើកទឹកចិត្តដល់កសិករអាមេ៉រិកដែលចាញ់ប្រៀបដៃគូប្រកួតប្រជែងអន្តរជាតិ ក្រោយពេលលោកត្រាំសម្រេចចិត្តដកខ្លួនអាមេ៉រិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហាសុទ្រប៉ាស៊ីហ្វិក ហៅកាត់ថា TPP។ តាមរយៈកិច្ចព្រមព្រៀងថ្មីៗនេះ ជប៉ុននឹងកាត់បន្ថយ ឬ មិនយកពន្ធលើទំនិញកសិកម្មអាមេ៉រិក៧.២ពាន់លានដុល្លារអាមេ៉រិក។ រីឯអាមេ៉រិកនឹងមិនយកពន្ធ ឬបន្ធូរបន្ថយពន្ធលើទំនិញឧស្សាហកម្មជប៉ុនវិញដែរ៕ធ.ដ
-
អគ្គិភ័យឆេះបំផ្លាញអគារបេតិកភណ្ឌពិភពលោក របស់ប្រទេសអូទ្រីស

អគារដ៏ទាក់ទាញជាសម្បត្តិបេតិកភណ្ឌពិភពលោក Hallstatt នៃប្រទេសអូទ្រីស ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញគ្មានសល់។អាជ្ញាធរថា អគ្គិភ័យចាប់ផ្ដើមឡើងផ្ទះខ្ទមឈើមួយនៃមាត់បឹង ហើយបន្ដរាលដាលទៅផ្ទះខ្ទមផ្សេងទៀត និងអគារពីរខ្នងដែលនៅឆ្លងផ្លូវ Seestraße ។ ក្រុមពន្លត់អគ្គិភ័យ ៨ក្រុម មានមនុស្ស ១០៩នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីពន្លត់ភ្លើង និងទប់ស្កាត់ការរាលដាលបន្ថែមទៀត។ មូលហេតុពិតដែលបណ្ដាលឲ្យមានភ្លើងឆាបឆេះ កាលពីចុងសប្តាហ៍នោះ នៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។សូមបញ្ជាក់ថា Hallstatt គឺជាតំបន់គោលដៅទេសចរដ៏ល្បីល្បាញមួយរបស់ប្រទេសអូទ្រីស ដែលមានភ្ញៀវទេសចរជាង ១លាននាក់ទៅទស្សនាជារៀងរាល់ឆ្នាំ។ ទីក្រុងនេះត្រូវបានដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ ១៩៩៧៕ធ.ដ
-
ព្យុះបានសម្លាប់មនុស្ស៤នាក់ហើយ នៅហ្វីលីពីន ម្ចាស់ផ្ទះស៊ីហ្គេម ២០១៩

ព្យុះសង្ឃរាកាមូរិ ដែលមានឥទ្ធិពលខ្លាំងក្លាបានបណ្ដាលឲ្យមនុស្ស ៤នាក់ស្លាប់នៅក្នុងប្រទេសហ្វីលីពីន ហើយបង្ខំឲ្យអាជ្ញាធរបិទទ្វារព្រលានយន្ដហោះធំជាងគេក្នុងប្រទេស។ ព្យុះទីហ្វុង Kammuri បានចាប់ផ្ដើមវាយប្រហារមកភាគអាគ្នេយ៍នៃកោះ Luzon ដែលមានប្រជាជនរស់នៅច្រើនបំផុត កាលពីយប់ថ្ងៃចន្ទកន្លងទៅ។ ព្យុះនេះ ត្រូវបានចាត់ចូលក្នុងព្យុះកម្រិតទី៤ ដែលមានល្បឿនខ្យល់រហូតដល់ ២១៥គីឡូម៉ែត្រក្នុងមួយម៉ោង។ យោងតាមរបាយការណ៍ឲ្យដឹងថា ជនរងគ្រោះពីរនាក់ បានស្លាប់ដោយសារដើមឈើរលំសង្កត់ និងពីរនាក់ផ្សេងទៀតស្លាប់ដោយសារបាក់ដំបូលសង្កត់។ ការស្លាប់នេះ ត្រូវបានរាយការណ៍ដោយអាជ្ញាធរមកពីខេត្តបីផ្សេងគ្នារួមមាន Oriental Mindoro, Camarines Sur និង Zambales នៅភាគខាងជើង។ ជាមួយគ្នាដែរ ជើងហោះហើរជាង ១០០ ត្រូវបានអាជ្ញាធរក្រុងម៉ានីឡា ប្រកាសលុបចោល និងបិទទ្វារអាកាសយានដ្ឋានអន្ដរជាតិ Ninoy រយៈពេល ១២ម៉ោងកាលពីថ្ងៃអង្គារចាប់ពីម៉ោង ១១ព្រឹក រហូតដល់ ១១យប់។រីឯការប្រកួតស៊ីហ្គេម ៨ប្រភេទកីឡា ក៏ត្រូវបានប្តូរម៉ោងប្រកួតដែរ ដោយសារតែឥទ្ធិពលនៃព្យុះមួយនេះ៕ធ.ដ
-
លោក ដូណាល់ ត្រាំ ថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិននឹងត្រូវអូសបន្លាយរហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេ៉រិកឆ្នាំ២០២០

អង់គ្លេស៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេ៉រិក-ចិន ទំនងជាត្រូវរង់ចាំ រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេ៉រិកនៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ នេះបើតាមការអះអាងរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារម្សិលមិញ ។ ក្នុងអំឡុងចូលរួមកិច្ចប្រជុំជាមួយមេដឹកនំាអង្គការ NATO នៅអង់គ្លេស ប្រធានា ធិបតីអាមេ៉រិករូបនេះបានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា លោកមិនបានកំណត់ពីកាលបរិច្ឆេទផុតកំណត់ឡើយ លោកពេញចិត្តនឹងគំនិតរង់ចាំរហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតីអាមេ៉រិកឆ្នាំ២០២០ ទើបចុះកិច្ចព្រមព្រៀងជាមួយចិន ។ ប៉ុន្តែចិនចង់បានកិច្ចព្រមព្រៀងឥលូវនេះ ដូច្នេះយើងនឹងបានឃើញថា កិច្ចព្រមព្រៀងនឹងកើតមានឬក៏យ៉ាងណា ។ សូមរំលឹកផងដែរថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក៏បានទទួលស្គាល់ផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន គឺជារឿងពិបាកនឹងកើតឡើង បន្ទាប់ពីលោកចុះហត្ថលេខាលើច្បាប់គាំទ្របាតុករក្រុងហុងកុង ប៉ុន្តែលោកនៅតែជឿថា ចិននៅតែចង់បានកិច្ចព្រមព្រៀងជាមួយអាមេ៉រិកដដែល ៕ធ.ដ
-
មេដឹកនំាសហរដ្ឋអាមេ៉រិក និងបារំាងបង្ហាញការខ្វែងគំនិតគ្នានៅក្នុងសន្និសីទកំពូលនៃអង្គការ NATO

អង់គ្លេស៖ ការខ្វែងគំនិតគ្នារវាងប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ និងសមភាគីបារំាំងលោក អែមម៉ានុយអែល ម៉ាក្រុង បានកើតមានឡើងនៅពេលក្រុមមេដឹកនាំអង្គការ NATO បានជួបជុំគ្នាសម្រាប់ការប្រជុំសន្និសីទកំពូលនៅក្នុងក្រុងឡុង ចក្រភពអង់គ្លេស ។ នៅពេលមេដឹកនាំទាំងពីរនាក់នេះអង្គុយដើម្បីធ្វើការចរចាគ្នា លោក ត្រាំ បានព្រមានក្រុមប្រទេសជាសមាជិកអង្គការ NATO ដែលមិនបានបំពេញតាមគោលការណ៍ណែនាំរបស់អង្គការអន្តរជាតិនេះ នៃការចំណាយ២ភាគរយ នៃផលិតផលសរុបក្នុងស្រុកលើកិច្ចការពាររួមគ្នា អាចជួបប្រទះបញ្ហាពាណិជ្ជកម្ម ដោយនិយាយយោងដល់ការហូតពន្ធលើផលិតផលនានា ដែលមានរួមបញ្ចូលទាំងស្រាទំពាំងបាយជូរបារាំងផងដែរ ។ គួរបញ្ជាក់ថា នៅក្នុងរយៈពេលជិត៤០នាទីជាមួយក្រុមអ្នកកាសែត មេដឹកនាំទាំងពីរនាក់នេះ បានប៉ះទង្គិចគ្នាខាងពាក្យសម្តីអំពីបញ្ហាមួយចំនួន ក្នុងនោះរួមមានទំាងការបែងចែកការទទួលបន្ទុកនៅខាងក្នុងអង្គការ NATO , អំពើភេរវកម្ម, ការលុកលុយរបស់តួកគីនៅក្នុងផ្នែកខាងជើងប្រទេសស៊ីរី និង ការដកខ្លួនរបស់អាមេ៉រិកចេញពីសន្ធិសញ្ញាអាវុធមួយជាមួយរុស្សី ៕ធ.ដ
-
ប្រធានាធិបតីសហរដ្ឋអាមេ៉រិកហៅលោក គីម ជុងអ៊ុន ថា បុរសគ្រាប់រ៉ុក្កែតសារជាថ្មី ក្រោយកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ទៀត

អង់គ្លេស៖ ប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ បានថ្លែងថា រូបលោកនៅតែមានទំនុកចិត្តលើប្រមុខដឹកនំាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដដែល ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ លោក ត្រាំ បានហៅលោក គីម សាជាថ្មីថាបុរសគ្រាប់រ៉ុក្កែត ។ នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរនៅឯទីក្រុងឡុង នាថ្ងៃអង្គារម្សិលមិញអំពីបញ្ហាកូរ៉េខាងជើង ប្រធានាធិបតីអាមេ៉រិករូបនេះបាននិយាយយ៉ាងដូច្នេះថា លោក គីម ពិតជាចូលចិត្តបាញ់បង្ហោះគ្រាប់រ៉ុក្កែតខ្លាំងណាស់ ដូច្នេះហើយទើបលោកហៅគាត់ថា បុរសគ្រាប់រ៉ុក្កែត។ ប៉ុន្តែទោះជាយ៉ាងណា លោកនៅតែមានទំនុកចិត្តចំពោះគាត់ ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងស្របពេលដែលកូរ៉េខាងជើងបានលើកឡើងកាលពីថ្ងៃអង្គារម្សិលមិញថា វាអាស្រ័យទៅលើសហរដ្ឋអាមេ៉រិក ថាតើចឹងចង់បានកាដូអ្វីសម្រាប់បុណ្យគ្រីស្មាស់ (Christmas) បន្ទាប់ពីខ្លួនបានបាញ់សាកល្បងមីស៊ីលពីរគ្រាប់ក្នុងថ្ងៃបុណ្យ Thanksgiving កាលពីសប្ដាហ៍មុន ៕ធ.ដ
-
នាយករដ្ឋមន្រ្តីថៃបញ្ជាឱ្យអាជ្ញាធរជួយសង្គ្រោះប្រជាជន ខណៈគ្រោះទឹកជំនន់កំពុងគំរាមកំហែងធ្ងន់ធ្ងរលើខេត្តភាគខាងត្បូងប្រទេស

ថៃ៖ នៅថ្ងៃអង្គារម្សិលមិញ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានចេញបញ្ជាឲ្យទីភ្នាក់ងារ និង ស្ថាប័នរដ្ឋទាំងឡាយដែលពាក់ព័ន្ធ ធ្វើការផ្តល់ជំនួយជាបន្ទាន់ដល់ជនរងគ្រោះទឹកជំនន់នៅឯខេត្តណារ៉ាត់ធីវ៉ាត់ ភាគខាងត្បូងប្រទេស ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី ណារូម៉ុន ភីនយ៉ូស៊ីនវ៉ាត់ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកនាយករដ្ឋមន្រ្តីបានទទួលដំណឹងពីស្ថានភាពគ្រោះទឹកជំនន់នៅស្រុកចំនួន១៣ ខេត្តណារ៉ាត់ធីវ៉ាត់ ជាទីដែលប្រជាជនថៃ៤ម៉ឺន១ពាន់៣៦៩នាក់រងការប៉ះពាល់ ។ ប៉ុន្តែជាមួយគ្នានោះ អ្នកនាំពាក្យរដ្ឋាភិបាលថៃរូបនេះ បានសង្កត់ធ្ងន់ថា ទឹកជំនន់ទំនងជាកំពុងចាប់ផ្តើមថយចុះបន្តិចវិញ ហើយប្រសិន បើភ្លៀងលែងសូវធ្លាក់នោះ ស្ថានភាពអាចត្រឡប់ទៅដូចដើមវិញក្នុងរយៈពេល ៧ទៅ១០ថ្ងៃ ។ សូមបញ្ជាក់ថា សាលារៀន និងស្ថានីយប៉ូលិសដែលមានទីតាំងនៅទីទួលកំពុងត្រូវប្រើប្រាស់ជាជម្រកស្នាក់នៅបណ្តោះអាសន្ន សម្រាប់ជនរងគ្រោះដោយទឹកជំនន់ ស្របពេលដែលអាជ្ញាធរ និងអង្គការសប្បុរសធម៌ថៃកំពុងជួយជម្លៀសជនរងគ្រោះទៅកាន់កន្លែងសុវត្ថិភាព ហើយផ្តល់ឲ្យពួកគេនូវស្បៀងអាហារ ទឹកស្អាត និង សម្ភារៈចាំបាច់ដទៃទៀត ៕ធ.ដ