-
ទីបំផុតលោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់គំាទ្រក្រុមបាតុករហុងកុង

សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធម្សិលមិញ បានសម្រេចចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ចំនួនពីរ ដែលមានគោលបំណងគាំទ្រសកម្មជនសិទ្ធិមនុស្ស និង គាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង ។ ទន្ទឹមគ្នា ប្រធានាធិបតីអាមេ៉រិករូបនេះបាននិយាយយ៉ាងដូច្នេះថា លោកបានចុះហត្ថលេខាលើពង្រាងច្បាប់ទាំងនេះ ចេញពីការគោរពលោកប្រធានាធិបតីស៊ី ចិន និងប្រជាជនហុងកុង ។ លោកបន្តថា វាត្រូវចុះហត្ថលេខាឱ្យក្លាយជាច្បាប់ជាមួយនឹងក្តីសង្ឃឹមថា ក្រុមមេដឹកនាំ និងតំណាងចិន និងហុងកុង នឹងអាចដោះស្រាយការខ្វែងគំនិតគ្នាដោយមេត្រីភាព ឆ្ពោះទៅកាន់សន្តិភាព និងវិបុលភាពយូរអង្វែងសម្រាប់ទាំងអស់គ្នា ។ គួរបញ្ជាក់ថា ច្បាប់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យហុងកុង មានភារកិច្ចដាក់ទណ្ឌកម្មមន្ត្រីចិន និងហុងកុងណា ដែលរំលោភសិទ្ធិមនុស្ស និងទាមទារឱ្យពិនិត្យសើរើមើលយ៉ាងហោចណាស់មួយឆ្នាំម្តង អំពីឋានៈអនុគ្រោះពាណិជ្ជកម្មដែលសហរដ្ឋអាមេ៉រិកផ្តល់ឲ្យហុងកុង ។ ច្បាប់មួយទៀត ហាមឃាត់ការនាំចេញទៅកាន់ហុងកុងលើគ្រាប់រំសេវមិនបង្កគ្រោះថ្នាក់ដល់ជីវិតមួយចំនួន រួមមានគ្រាប់បែកផ្សែង ឧបករណ៍បាញ់ទឹកធ្វើឱ្យឈឺផ្សារភ្នែក គ្រាប់កាំភ្លើងជ័រ ឧបករណ៍បាញ់ទឹកបង្ក្រាបបាតុកម្ម កាំភ្លើងបាញ់ឱ្យវង្វេង និងកាំភ្លើងឆក់ ។ ពង្រាងច្បាប់ស្តីពីគ្រាប់រំសេវនេះ ក៏ត្រូវបានអនុម័តជាឯកច្ឆនផងដែរ ៕ធ.ដ
-
ចំនួនអ្នកស្លាប់កើនដល់២៦នាក់ និង៦៥០នាក់រងរបួស ក្រោយគ្រោះរញ្ជួយដីក្នុងកម្រិត៦.៤រ៉ិកទ័រវាយប្រហារប្រទេសអាល់បានី

អាល់បានី៖ តួលេខជនរងគ្រោះបាត់បង់ជីវិតកើនដល់២៦នាក់ និងច្រើនជាង៦៥០នាក់ផ្សេងទៀតទទួលរងរបួស ក្រោយគ្រោះរញ្ជួយដីក្នុងកម្រិត៦.៤រ៉ិកទ័រវាយប្រហារប្រទេសអាល់បានី នេះបើតាមប្រភពពីអាជ្ញាធរអាល់បានីនៅថ្ងៃពុធម្សិលមិញ ។ គ្រោះរញ្ជួយដីក្នុងកម្រិតធ្ងន់ខាងលើនេះ បានវាយប្រហារលើរដ្ឋធានី Tirana និងទីក្រុង Durres របស់ប្រទេសអាល់បានី ហើយបើតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេ៉រិក (USGS) គ្រោះធម្មជាតិនេះមានជម្រៅទៅក្នុងដី១០គីឡូម៉ែត្រ ព្រមទាំងមានចំណុចរញ្ជួយស្ថិតនៅចំងាយ៣០គីឡូម៉ែត្រពីរដ្ឋធានី Tirana ។ ហើយគិតមកទល់នឹងពេលនេះ មនុស្សច្រើនជាង៤០នាក់ត្រូវបានគេទាញចេញពីគំនរអគារបាក់បែក រីឯក្រុមអ្នកជួយសង្រ្គោះកំពុងបន្តប្រតិបត្តិការរបស់ពួកគេ ខណៈរដ្ឋាភិបាលប្រកាសកាន់ទុក្ខចំនួនមួយថ្ងៃនៅថ្ងៃពុធសប្តាហ៍នេះ ៕ធ.ដ
-
ឥណ្ឌាទទួលជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបចំនួន១៤គ្រឿងទៅកាន់គន្លងតារាវិថី

ឥណ្ឌា៖ ទីភ្នាក់ងារអវកាសឥណ្ឌា ISRO នៅថ្ងៃពុធម្សិលមិញ បានប្រកាសពីភាពជោគជ័យរបស់ខ្លួន ក្នុងការបាញ់បង្ហោះផ្កាយរណបសរុបចំនួន១៤គ្រឿងឡើងទៅកាន់លំហអវកាស ដែលភាគច្រើនជារបស់សហរដ្ឋអាមេ៉រិក ។ ក្នុងចំណោមផ្កាយរណបទាំង១៤គ្រឿង មានមួយគ្រឿងជារបស់ឥណ្ឌា និង ១៣គ្រឿងដែលជាប្រភេទខ្នាតតូចៗ (Nano Satellite) គឺមកពីសហរដ្ឋអាមេ៉រិក ហើយពួកវាត្រូវបានបញ្ជូនទៅដល់គន្លងគោចររៀងៗខ្លួនដូចតាមការគ្រោងទុក ។ ការបញ្ជូនក្រុមផ្កាយរណបខាងលើ ធ្វើឡើងដោយប្រើប្រាស់គ្រាប់រ៉ុក្កែត PSLV C47 របស់ឥណ្ឌា ចេញពីមជ្ឈមណ្ឌលអវកាស សាទីស ដាវ៉ាន ស្ថិតលើកោះ ស្រីហារិកូតា ក្បែររដ្ឋ អាន់ដ្រាប្រាដែស ភាគខាងត្បូងប្រទេសឥណ្ឌា កាលពីព្រឹកថ្ងៃពុធសប្តាហ៍នេះ ៕ធ.ដ
-
ស្ថានអគ្គកុងស៊ុលអ៊ីរ៉ង់ប្រចំាប្រទេសអ៊ីរ៉ាក់ ត្រូវបានក្រុមបាតុករអ៊ីរ៉ាក់ដុតបំផ្លាញ

អ៊ីរ៉ាក់៖ ក្រុមអ្នកតវ៉ាអ៊ីរ៉ាក់ នៅថ្ងៃពុធម្សិលមិញ បានធ្វើការដុតបំផ្លាញស្ថានអគ្គកុងស៊ុលអ៊ីរ៉ង់ក្នុងទីក្រុង ណាចាហ្វ ស្របពេលមានការកើនឡើងយ៉ាងខ្លាំងនៃបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលធ្វើឱ្យមនុស្សច្រើនជាង៣៥០នាក់ហើយស្លាប់ ។ជាមួយគ្នានោះ ក្រុមបាតុករអ៊ីរ៉ាក់បានស្រែកថា ជោគជ័យអ៊ីរ៉ាក់ និងអ៊ីរ៉ង់ចេញទៅ ដើម្បីសម្តែងការខឹងសម្បារចំពោះប្រទេសនេះ ដែលពួកគេស្តីបន្ទោសចំពោះការបង្កើតរដ្ឋាភិបាលមួយនេះឡើង ដែលពួកគេបានធ្វើបាតុកម្មប្រឆាំងអស់រយៈពេលជិតពីរខែមកហើយ ។ នៅក្នុងទីក្រុង ណាចាហ្វ អង្គភាពជាច្រើនបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដែលបង្កឱ្យរបួសបាតុកររាប់សិបនាក់ ប៉ុន្តែទីបំផុតបានដកថយ នៅពេលមនុស្សរាប់រយនាក់បានហ៊ុមព័ទ្ធស្ថានកុងស៊ុល ហើយដុតកង់ឡាន ភួយ ក្រដាសកាតុង និង វត្ថុដទៃទៀត ។ បាតុករបានសម្រុកចូលស្ថានកុងស៊ុល ដែលមើលទៅទំនងបានជម្លៀសបុគ្គលិកអ៊ីរ៉ង់រួចអស់ទៅហើយ ៕ធ.ដ
-
លោក ដូណាល់ ត្រាំ ត្រូវបានគណៈកម្មាធិការសភាអាមេ៉រិកអញ្ជើញចូលរួមជាលើកដំបូង ក្នុងសវនាការស្តាប់សក្ខីកម្មនាដើមខែធ្នូខាងមុខ

សហរដ្ឋអាមេ៉រិក៖ លោក ដូណាល់ ត្រាំ ត្រូវបានគណៈកម្មាធិការយុត្តិធម៌នៃសភាតំណាងរាស្ត្រ គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ អញ្ជើញចូលរួមជាលើកដំបូងក្នុងសវនាការស្ដាប់សក្ខីកម្ម ជុំវិញនីតិវិធីដកតំណែងប្រធានាធិបតី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែធ្នូ ឆ្នំាំ២០១៩នេះ ។ កន្លងមក លោក ដូណាល់ ត្រាំ មិនត្រូវបានតម្រូវឱ្យចូលរួមក្នុងសវនាការនេះទេ ប៉ុន្តែតាមរយៈការអញ្ជើញរបស់គណៈកម្មាធិការយុត្តិធម៌ អាចអនុញ្ញាតឱ្យលោក និងក្រុមមន្ត្រីច្បាប់របស់លោកចូលរួម ដើម្បីតាមដានអំពីនីតិវិធីដកតំណែងប្រធានាធិបតីរបស់សភាតំណាងរាស្ត្រ ។ សូមជម្រាបថា គណៈកម្មធិការស៊ើបអង្កេតនៃសភាតំណាងរាស្ត្រ ដែលកំពុងដឹក នាំការស៊ើអង្កេត ដើម្បីឈានទៅរកការដំណើរការនីតិវិធីចោទប្រកាន់ ឬដកតំណែងប្រធានាធិបតី ត្រូវបានគេរំពឹងថា នឹងចេញផ្សាយនូវរបាយការណ៍ភស្ដុតាងផ្លូវការមួយ ក្រោយសមាជិកសភាត្រឡប់មកកាន់សភាវិញនៅថ្ងៃទី០៣ ខែធ្នូ បន្ទាប់ពីសម្រាកនាឱកាសពីបុណ្យ Thanksgiving ៕ធ.ដ
-
ប្រមុខការទូតអាមេ៉រិកថ្លែងថា ការធ្វើតេស្តប្រព័ន្ធសព្វាវុធរបស់រុស្ស៊ីពីសំណាក់តួកគី កំពុងបង្កការព្រួយបារម្ភ

សហរដ្ឋអាមេ៉រិក៖ ការដឹកនំាធ្វើតេស្តរបស់តួកគី ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធការពារជាតិរុស្ស៊ី ដែលទីក្រុងអង់ការ៉ាបញ្ជាទិញនោះ បាននឹងកំពុងបង្កការព្រួយបារម្ភ នេះបើតាមរដ្ឋមន្រ្តីការបរទេសអាមេ៉រិកលោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃអង្គារម្សិលមិញ ប៉ុន្តែបានបន្ថែមថា កិច្ចចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអង់ការ៉ាដើម្បីដោះស្រាយបញ្ហានៅតែបន្តដំណើរនៅឡើយ ។ ការកត់សម្គាល់បែបនេះរបស់លោក ម៉ៃ ប៉ុមប៉េអូ បានកើតមានឡើងស្របពេលដែលរដ្ឋមន្ត្រីការបរទេសតួកគីលោក ម៉េវលុត ខាវូសូគ្លូ បានបញ្ជាក់នៅថ្ងៃអង្គារ នេះដែរថា ប្រទេសរបស់លោកមិនដែលបានសន្យាទៅកាន់ប្រទេសណាមួយឡើយថា នឹងមិនដំឡើងប្រព័ន្ធការពារមីស៊ីល ឬក៏មិនប្រើប្រាស់ S-400 ដែលខ្លួនបានទិញពីរុស្ស៊ីនោះឡើយ ។ សូមជម្រាបថា សភាអាមេ៉រិកបានគំរាមដាក់ទណ្ឌកម្មលើតួកគី ពាក់ព័ន្ធនឹងបញ្ជាទិញសព្វាវុធពីប្រទេសរុស្ស៊ី ខណៈរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ វិញក៏បានក្រើនរំលឹកតួកគីជាច្រើនដងផងដែរ គិតចាប់តាំងពីឆ្នាំ២០១៨ ប៉ុន្តែទីក្រុងអង់ការ៉ាកាន់តែបង្ហាញជំហរឥតងាករេ ចំពោះការទិញប្រព័ន្ធ S-400 ពីរុស្ស៊ី បើទោះបីជាខ្លួនត្រូវបានផ្អាកសិទ្ធិក្នុងការចូលកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំង F-35 ៕ធ.ដ
-
ហេតុការណ៍ឧទ្ធម្ភាគចក្របុកគ្នាបណ្តាលឲ្យទាហានបារាំង១៣នាក់ស្លាប់ អំឡុងប្រតិបត្តិការវាយកម្ទេចក្រុមជីហាដនៅប្រទេសម៉ាលី

ម៉ាលី៖ ទាហានបារំាង១៣នាក់ ដែលជាផ្នែកមួយនៃប្រតិបត្តិការប្រយុទ្ធប្រឆំាងនឹងក្រុមសកម្មប្រយុទ្ធ ជីហាដ នៅប្រទេសម៉ាលី បានបាត់បង់ជីវិត ក្នុងហេតុការណ៍ឧទ្ធម្ភាគចក្របុកគ្នាកាលពីល្ងាចថ្ងៃចន្ទដើមសប្តាហ៍ នេះបើតាមសេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតីបារំាងនៅថ្ងៃអង្គារម្សិលមិញ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ទាហានបារាំងចំនួន១៣នាក់បានស្លាប់ នៅពេលឧទ្ធម្ភាគចក្រ២គ្រឿងហោះបុកគ្នា អំឡុងប្រតិបត្តិការប្រឆាំងនឹងក្រុមឧទ្ទាម ជីហាដ នៅតំបន់ភាគខាងជើងប្រទេសម៉ាលី ដែលនេះជាការបាត់បង់ដ៏ធ្ងន់ធ្ងរបំផុតសម្រាប់កងទ័ពបារាំងក្នុងរយៈពេលជិត៤ទសវត្សរ៍ចុងក្រោយនេះ។ ទន្ទឹមគ្នា រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង លោកស្រី ផ្លរ៉ង់ ស្ប៉ាលី បានថ្លែងថា ប្រតិបតិ្តការកាលពីថ្ងៃចន្ទនោះ គឺប្រឈមនឹងគ្រោះថ្នាក់ ដោយសារវាបានកើតឡើងនៅពេលយប់ងងឹត ប៉ុន្តែមូលហេតុពិតប្រាកដនៃឧទ្ធម្ភាគចក្របុកគ្នានេះ មិនទាន់ដឹងនៅឡើយទេ ។ គួរបញ្ជាក់ថា គ្រោះថ្នាក់ខាងលើនេះបាននាំឱ្យមានចំនួនទាហានបារាំងដែលបានស្លាប់នៅតំបន់ សាហ៊េល កើនឡើងដល់ចំនួន៤១នាក់ចាប់តាំងពីរដ្ឋាភិបាលក្រុងប៉ារីស បានធ្វើអន្តរាគមន៍ប្រឆាំងនឹងក្រុម ជីហាដ ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា នៅប្រទេសម៉ាលី កាលពីឆ្នាំ ២០១៣ ៕ធ.ដ
-
សពជនជាតិវៀតណាមរកឃើញក្នុងកុងតឺន័រនៅអង់គ្លេសបញ្ជូនមកដល់ប្រទេសវិញហើយ

សាកសពមនុស្ស១៦ដំបូងនៃជនរងគ្រោះវៀតណាមទាំង៣៩នាក់ ដែលត្រូវគេរកឃើញក្នុងទូរកុងតឺន័រនៅចក្រភពអង់គ្លេស កាលពីខែតុលាកន្លងទៅ ឥឡូវត្រូវបានដឹកមកដល់ប្រទេសកំណើតវិញហើយ។ សាកសពជងរងគ្រោះសរុបចំនួន១៦នាក់ ត្រូវបានបញ្ជូនមកដល់វៀតណាម តាមជើងហោះហើររបស់អាកាសចរណ៍វៀតណាម Vietnam Airlines មានគោលដៅពីទីក្រុងឡុងដ៍ ឆ្ពោះមកកាន់ទីក្រុងហាណូយ។ ជនរងគ្រោះទាំង ១៦នាក់នោះ មានដើមកំណើតមកពីខេត្តចំនួន ០៣ផ្សេងគ្នា នៅភាគកណ្តាលប្រទេសវៀតណាម រួមមានខេត្ត Nghe An , Ha Tinh និងQuang Binh។ សាកសពទាំងអស់ខាងលើនេះ នឹងត្រូវប្រគល់ឲ្យគ្រួសាររបស់ពួកគេក្នុងថ្ងៃពុធនេះតែម្តង ដើម្បីរៀបចំបុណ្យសពតាមប្រពៃណី បន្ទាប់ពីដឹកមកដល់កាលពីប៉ុន្មានម៉ោងមុន។ ចំណែកសាកសពជនរងគ្រោះដែលនៅសេសសល់ត្រូវគេរំពឹងថា ក៏នឹងមកដល់ប្រទេសកំណើតវិញជាបន្តបន្ទាប់ផងដែរ ប៉ុន្តែពុំមានការបញ្ជាក់ពីកាលបរិច្ឆេទឲ្យដឹងជាសាធារណៈឡើយ។គួរជម្រាបថា កាលពីថ្ងៃទី២៣ ខែតុលា កន្លងទៅនេះ សាកសពមនុស្សប្រុសចំនួន ៣១នាក់ និងស្រ្តី ០៨នាក់ ត្រូវបានអាជ្ញាធរអង់គ្លេសប្រទះឃើញនៅក្នុងទូរកុងតឺន័រក្លាសេ នៃរថយន្តមួយគ្រឿង ដែលចតចោលនៅតំបន់អ៊ីសសិក (Essex) ក្បែរទីក្រុងឡុងដ៍។ ជុំវិញករណីនេះមនុស្សយ៉ាងតិច ១០នាក់ ត្រូវបានចាប់ខ្លួននៅវៀតណាម ខណៈមួយចំនួនទៀតត្រូវបានចាប់ខ្លួននៅចក្រភពអង់គ្លេស៕ធ.ដ
-
ចិន-អាមេ៉រិកឯកភាពបន្តទាក់ទងគ្នា ដើម្បីកិច្ចព្រមព្រៀងដំណាក់កាលទី១ ពាក់ព័ន្ធនឹងសង្គ្រាមពាណិជ្ជកម្ម

កាលពីថ្ងៃទី២៦ ខែវិច្ឆិកា លោក LiuHe សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនិស្តចិន និងជាឧបនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនទទួលបន្ទុកដឹកនាំប្រតិភូចិនសម្រាប់កិច្ចសន្ទនាសេដ្ឋកិច្ច និងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយរវាងចិន និងអាមេ៉រិកបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Lighthizer តំណាងពាណិជ្ជកម្មអាមេ៉រិកនិងលោក Mnuchin រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេ៉រិក ។ ភាគីទាំងពីរបានពិគ្រោះពិភាក្សាអំពីការដោះស្រាយបញ្ហាស្នូលដែលបានយកចិត្តទុកដាក់ដូចគ្នា និងឈានដល់មតិឯកភាពគ្នាលើការដោះស្រាយបញ្ហាពាក់ព័ន្ធ ព្រមនឹងឯកភាពគ្នាលើការរក្សាការប្រាស្រ័យទាក់ទងគ្នា ដើម្បីដោះស្រាយកិច្ចការសេសសល់នៃកិច្ចពិគ្រោះពិភាក្សាស្តីពីកិច្ចព្រមព្រៀងដំណាក់កាលទី១៕ធ.ដ
-
ចំនួនមនុស្សស្លាប់ និងរបួសកើនជិត៦០0នាក់ ក្រោយគ្រោះរញ្ជួយដីក្នុងកម្រិត៦.៤រ៉ិកទ័រវាយប្រហារប្រទេសអាល់បានី

អាល់បានី៖ តួលេខជនរងគ្រោះបាត់បង់ជីវិតបន្តកើនឡើងដល់១៣នាក់ និងច្រើនជាង៦០០នាក់ផ្សេងទៀតរងរបួស ខណៈអគារពីរខ្នងបាក់រលំ ក្រោយគ្រោះរញ្ជួយដីក្នុងកម្រិតធ្ងន់មួយវាយប្រហារលើរដ្ឋធានី Tirana និងទីក្រុង Durres ប្រទេសអាល់បានី នៅព្រឹកថ្ងៃអង្គារម្សិលមិញ ។ បើតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេ៉រិក (USGS) គ្រោះមហន្តរាយធម្មជាតិខាងលើនេះ មានកម្រិត៦.៤រ៉ិចទ័រ និងមានជម្រៅទៅក្នុងដី១០គីឡូម៉ែត្រ ព្រមទាំងមានចំណុចរញ្ជួយស្ថិតនៅចំងាយ៣០គីឡូម៉ែត្រពីរដ្ឋធានី Tirana ។ គិតមកទល់ពេលនេះ ក្រុមអ្នកជួយសង្រ្គោះកំពុងបន្តការងាររបស់ពួកគេនៅឡើយ ។ សូមជម្រាបថា គ្រោះរញ្ជួយដីកម្រិតធ្ងន់នេះ បានកើតឡើងជាលើកទី២នៅក្នុងប្រទេសអាល់បានី នារយៈពេល២ខែមកនេះ ដោយកាលពីថ្ងៃទី២១ ខែកញ្ញា គ្រោះរញ្ជួយដីក្នុងកម្រិត៥.៦រ៉ិចទ័រក៏ធ្លាប់បានវាយប្រហារលើប្រទេសក្នុងតំបន់ បាល់កង់នេះផងដែរ ជាមួយការបំផ្លាញ និងធ្វើឱ្យខូចខាតផ្ទះជាង៥០០ខ្នង ៕ធ.ដ