-
រដ្ឋចំនួន១៧ក្នុងចំណោម២៣របស់ប្រទេសវេណេស៊ុយអេឡា ជួបបញ្ហាដាច់ភ្លើងជាថ្មីទៀត

វេណេស៊ុយអេឡា៖ ប្រទេសវេណេស៊ុយអេឡា នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានទទួលរងការដាច់ភ្លើងទ្រង់ទ្រាយធំជាថ្មីម្តងទៀត ដោយបញ្ហាដាច់ចរន្តអគ្គិសនីចុងក្រោយនេះ បានប៉ះពាល់ដល់រដ្ឋប្រមាណ១៧ ក្នុងចំណោមរដ្ឋទាំង២៣ រួមមានទាំងរដ្ឋធានី ការ៉ាកាស់។ រដ្ឋមន្រ្តីក្រសួងព័ត៌មានវេណេស៊ុយអេឡា លោក ចច រ៉ូឌ្រីហ្គេស បានថ្លែងថា ការដាច់ភ្លើងនេះគឺដោយសារតែការវាយប្រហារ តាមរយៈរលកអាឡិចត្រូម៉ាញេទិច ហើយអាជ្ញាធរកំពុងតែព្យាយាមស្តាថាមពលឡើងវិញ។ ពាក់ព័ន្ធនឹងបញ្ហានេះ បានបង្កឲ្យស្ថានីយរថភ្លើង ត្រូវរាំងស្ទះ ព្រោះតែការដាច់ភ្លើង ក៏ដូចជាធ្វើឲ្យដាច់សេវាទូរសព្ទ ភ្លើងសញ្ញាចរាចរណ៍ និងសេវាកម្មទូទៅផ្សេងៗទៀត៕ធ.ដ
-
ឥណ្ឌាអះអាងថាទទួលជោគជ័យ ក្នុងការបាញ់បង្ហោះយានអវកាស Chandrayaan-2 ចេញពីផែនដីសំដៅទៅព្រះចន្ទ

ឥណ្ឌា៖ សារព័ត៌មានចិនស៊ីនហួរ បានចុះផ្សាយថា យានអវកាសឥណ្ឌា ចាន់ដ្រាយ៉ាន-ធូ (Chandrayaan-2) ត្រូវបានបានបង្ហោះចេញពីផែនដីប្រកបដោយជោគជ័យ បន្ទាប់ពីពន្យារពេលអស់ជិតមួយសប្តាហ៍ ដោយសារការលេចធ្លាយប្រេង។ បេសកកម្ម ចាន់ដ្រាយ៉ាន-ធូ មានទំហំអភិវឌ្ឍន៍ចំនួនជិត១៥០លានដុល្លាររបស់ឥណ្ឌានេះ បានក្លាយជាបេសកកម្មទី៣ ដែលមានគោលដៅឆ្ពោះទៅកាន់ឋានព្រះចន្ទក្នុងឆ្នាំ២០១៩នេះ គឺបន្ទាប់ពីបេសកកម្ម ឆាងអឺ-ហ្វ័រ របស់ចិន កាលពីខែមករាដើមឆ្នាំនេះ និងបេសកកម្ម ប៊ឺរ៉េសស៊ីត របស់អ៊ីស្រាអែល កាលពីខែមេសា។ មកទល់ពេលនេះ មានប្រទេស០៣ធំៗប៉ុណ្ណោះនៅលើពិភពលោក ដែលមានយានចុះទៅដល់លើផ្ទៃព្រះចន្ទដោយជោគជ័យ ក្នុងនោះគឺអតីតសហភាពសូវៀត (រុស្ស៊ី) សហរដ្ឋអាម៉េរិក និងចិន ខណៈឥណ្ឌាពេលនេះ កំពុងប្រឹងប្រែងឲ្យក្លាយជាប្រទេសទី៤។ គួរបញ្ជាក់ថា គោលដៅចម្បងរបស់យាន ចាន់ដ្រាយ៉ាន-ធូ គឺដើម្បីបង្ហាញពីសមត្ថភាពនៃការចុះចតយ៉ាងរលូននៅលើផ្ទៃព្រះចន្ទ និងការធ្វើប្រតិបត្តិការយានរ៉ូបូត នៅលើផ្ទៃរបស់ព្រះចន្ទ។ សម្រាប់គោលដៅវិទ្យាសាស្ត្រវិញ រួមមានការសិក្សាអំពីសារធាតុដីលើព្រះចន្ទ សារធាតុរ៉ែផ្សេងៗ ទឹកក្រោមផ្ទៃព្រះចន្ទ និងដានទឹកកកនៅប៉ូលខាងត្បូងរបស់ព្រះចន្ទ៕ធ.ដ
-
សិង្ហបុរី រឹបអូសភ្លុកដំរី និងស្រកាពង្រូលតម្លៃជិត៥០លានដុល្លារអាម៉េរិក ដែលប៉ងដឹកទៅវៀតណាម

អាជ្ញាធរប្រទេសិង្ហបុរី បានរឹបអូសភ្លុកដំរី និងស្រកាសត្វពង្រូល មានតម្លៃសរុប៦៦,២លានដុល្លារសិង្ហបុរី ឬ ជិត៥០លានដុល្លារអាម៉េរិក ក្រោយពេលទប់ស្កាត់ទាន់ពេល មិនឲ្យឈ្មួញនាំចូលទៅប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។ មន្ត្រីជំនាញបានរកឃើញស្រកាពង្រូលទម្ងន់ ១១,៩តោន និងភ្លុកដំរី៨,៨តោន ក្នុងកុងទែណឺមកពីប្រទេសកុងហ្គោ ដោយអាជ្ញាធរគយសិង្ហបុរី បានចេញផ្សាយព័ត៌មាន នៅថ្ងៃអង្គារ៍នេះតែម្តង ហើយការរឹបអូស គឺធ្វើឡើងកាលពីថ្ងៃអាទិត្យទី២១កក្កដា។ ប្រភពថា កុងទែណឺនោះ គឺជាផ្នែកមួយនៃការដឹកជញ្ជូនចំនួន៣លើក ដែលត្រូវដឹកឆ្លងកាត់ប្រទេសសិង្ហបុរី ទៅកាន់ប្រទេសវៀតណាម ដោយអះអាងថា ជាឈើហ៊ុប៕ធ.ដ
-
អ្នកជំនាញថា វៀតណាមគួរតែផ្តល់ទិដ្ឋការមិនគិតថ្លៃសម្រាប់ទេសចរបរទេស ឲ្យបានយូរជាងពេលបច្ចុប្បន្ន

វៀតណាម គួរតែពង្រីកគោលនយោបាយលើកលែងវីសា ឬការផ្តល់ទិដ្ឋការមិនគិតថ្លៃសម្រាប់ទេសចរបរទេស ដើម្បីលើកទឹកចិត្តឲ្យទេសចរបរទេសទាំងនោះ មកលេងប្រទេសវៀតណាមជាថ្មីទៀត នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។ លោក Tu Quy Thanh អគ្គនាយកនៃក្រុមហ៊ុន Federal Travel Company បាននិយាយថា បច្ចុប្បន្ននេះ ទេសចរបរទេសដែលទទួលបានវីសាមិនគិតថ្លៃ ឬស្នាក់នៅមិនចាំបាច់បង់ថ្លៃគឺត្រូវបានអនុញ្ញាតឲ្យស្នាក់នៅវៀតណាម ត្រឹម១៥ថ្ងៃ តែវាមានរយៈពេលតិចជាង ពេលស្នាក់នៅរបស់ពួកគេ ជាទូទៅ។ លោកថា គោលនយោបាយនេះ គួរតែផ្តល់ឲ្យបានដល់៣០ថ្ងៃ ដូចបណ្តាប្រទេសផ្សេងៗទៀត ដោយសារតែទេសចរជាច្រើនធ្វើដំណើរពីបណ្តាប្រទេសនៅលោកខាងលិច ហើយ១៥ថ្ងៃគឺមិនយូរគ្រប់គ្រាន់ សម្រាប់ការស្នាក់នៅរបស់ពួកគាត់ទេ។ បើតាមប្រភពពីសារព័ត៌មានវៀតណាមួយនេះ ជាមធ្យម ត្រឹមរយៈពេល៩ថ្ងៃកន្លះ ទេសចរបរទេសទៅលេងវៀតណាម បានចំណាយលុយ៩៦ដុល្លារអាម៉េរិកក្នុងម្នាក់ៗ។ ចំនួនទេសចរបរទេសទៅលេងវៀតណាម ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៩ បានឈានដល់៨លានសែននាក់ កើនឡើង៧,៥ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៨៕ធ.ដ
-
ប៉ាគីស្ថាន៖ សង្គ្រាមនៅអាហ្វហ្កានីស្ថាន មិនត្រូវការដំណោះស្រាយបែបយោធានោះទេ

សហរដ្ឋអាម៉េរិក៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan បាននិយាយថា នៅក្នុងជំនួបរបស់លោកជាមួយនឹងប្រធានាធិបតីអាម៉េរិកលោក Donald Trump នៅថ្ងៃចន្ទនេះ លោកនឹងសង្កត់ធ្ងន់អំពីភាពចាំបាច់ ក្នុងការបង្កើតឱ្យមានដំណោះស្រាយនយោបាយ សម្រាប់សង្គ្រាមអូសបន្លាយនៅប្រទេសអាហ្វហ្កានីស្ថាន។ ជាមួយគ្នានោះ នាយករដ្ឋមន្រ្តីប៉ាគីស្ថានរូបនេះ បានថ្លែងថា រូបលោកមានមោទនភាពដែលឥឡូវនេះ ពិភពលោកទាំងមូល មិនគាំទ្រដំណោះស្រាយបែបយោធានៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ ដោយឡែកបើតាមមន្ត្រីជាន់ខ្ពស់អាម៉េរិកមួយរូប លោក Trump នឹងជំរុញលោក Khan ឲ្យជួយនៅក្នុងដំណើរការសន្តិភាពក្នុងប្រទេសអាហ្វហ្កានីស្ថាន និងលើកទឹកចិត្តឲ្យប៉ាគីស្ថានបង្ក្រាបពួកសកម្មប្រយុទ្ធនៅក្នុងប្រទេសរបស់ខ្លួនផងដែរ។ គួរបញ្ជាក់ថា រដ្ឋាភិបាលប៉ាគីស្ថាន បានរៀបចំការចរចាសន្តិភាពដោយផ្ទាល់រវាងអាម៉េរិកជាមួយនឹងពួកបះបោរតាលីបង់ ដែលកំពុងវាយប្រយុទ្ធជាមួយនឹងទាហានអាហ្វហ្កានីស្ថាន និងទាហានអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាម៉េរិក នៅអាហ្វហ្កានីស្ថាន។ ការចរចារវាងអាម៉េរិក និងពួកតាលីបង់អស់រយៈពេលជាច្រើនខែមកនេះ បានធ្វើឲ្យភាគីទាំងពីរឈានកាន់តែជិតទៅដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពមួយ ដើម្បីបើកផ្លូវឲ្យមានការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន៕ធ.ដ
-
សហរដ្ឋអាម៉េរិក ទាត់ចោលការអះអាងរបស់អ៊ីរ៉ង់ ដែលថាចាប់បានទីភ្នាក់ងារសម្ងាត់ CIA អាម៉េរិកជាច្រើននៅក្នុងទឹកដីអ៊ីរ៉ង់

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃច័ន្ទនេះ បានធ្វើការច្រានចោលការអះអាងរបស់ទីក្រុងតេហេរ៉ង់ ដែលថា អ៊ីរ៉ង់ចាប់បានជនសង្ស័យចំនួន១៧នាក់ ដែលធ្វើការងារឲ្យទីភ្នាក់ងារចារកម្ម CIA របស់សហរដ្ឋអាម៉េរិក។ ប្រមុខការទូតអាមេរិករូបនេះ បានគូសបញ្ជាក់ថា របបដឹកនាំអ៊ីរ៉ង់ គឺមានប្រវត្តិនិយាយកុហក បំភ្លៃការពិតជាយូរណាស់មកហើយ ដូច្នេះលោកមិនសូវខ្វល់ និងមិនសូវជឿជាក់ប៉ុន្មាននោះទេ ចំពោះការអះអាងមួយចំនួនធំរបស់ទីក្រុងហេរ៉ង់។ សូមរំលឹកថា តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួន អ៊ីរ៉ង់បានអះអាងថា បណ្តាញគិញសម្ងាត់នោះ ត្រូវបង្រ្កាបបានក្នុងចន្លោះពេល១២ខែ គិតត្រឹមខែមីនា ឆ្នាំ២០១៩នេះ ហើយថា ជនសង្ស័យមួយចំនួនត្រូវបានកាត់ទោសប្រហារជីវិតទៀតផង៕ធ.ដ
-
អង់គ្លេស កំពុងស្វះស្វែងបង្កើតកងកម្លាំងថ្មីដឹកនាំដោយអឺរ៉ុប ដើម្បីការពារនាវាតាមផ្លូវ ដឹកជញ្ជូននៅតំបន់ឈូងសមុទ្រពែក្ស

អង់គ្លេស៖ អង់គ្លេស នឹងស្វះស្វែងរកការដាក់បញ្ចូលគ្នា នូវបេសកកម្មតាមសមុទ្រដឹកនាំដោយអឺរ៉ុប ដើម្បីការពារនាវាដែលបើកឆ្លងកាត់ច្រកសមុទ្រ ហ័រមូស នៅឈូងសមុទ្រពែក្ស បន្ទាប់ពីអ៊ីរ៉ង់បានរឹបអូសយកកប៉ាល់ដឹកប្រេងដោតទង់ជាតិអង់គ្លេសមួយគ្រឿង។ បន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការគ្រាអាសន្នរបស់រដ្ឋាភិបាលអង់គ្លេស រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ជេរ៉េមី ហាន់ បាននិយាយនៅថ្ងៃចន្ទនេះថា ការពិភាក្សាប្រកបដោយការស្ថាបនា បានធ្វើឡើងជាមួយបណ្តាប្រទេសជាច្រើនក្នុងរយៈពេល៤៨ម៉ោងមុននេះ។ ប្រមុខការទូតអង់គ្លេសរូបនេះ បានសង្កត់ធ្ងន់ថា បេសកកម្មអឺរ៉ុបថ្មីដែលបានស្នើនេះនឹងផ្តោតលើការធ្វើនាវាចរណ៍ដោយសេរី តាមរយៈផ្លូវទឹកដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលដឹកប្រេង១ភាគ៥របស់ពិភពលោក និង១ភាគ៤នៃលំហូរឧស្ម័នធម្មជាតិរបស់អង់គ្លេស។ ទោះបីយ៉ាងណាក៏ដោយ អង់គ្លេសនឹងស្វែងរកការបំពេញបន្ថែមសំណើររបស់សហរដ្ឋអាម៉េរិក ដើម្បីការពារការដឹកជញ្ជូននៅក្នុងតំបន់ ប៉ុន្តែអង់គ្លេសនឹងមិនមែនជាផ្នែកមួយ នៃគោលនយោបាយដាក់សម្ពាធអតិបរិមារបស់សហរដ្ឋអាម៉េរិកលើរដ្ឋាភិបាលក្រុងតេហេរ៉ង់នោះទេ ព្រោះទីក្រុងឡុងដ៍នៅតែបន្តគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលសហរដ្ឋអាម៉េរិកបដិសេធ៕ធ.ដ
-
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាម៉េរិក ធ្វើទស្សនកិច្ចទៅជប៉ុន និងកូរ៉េខាងត្បូង ខណៈប្រទេសទាំងពីរកំពុងប្រឈមនឹងជម្លោះពាណិជ្ជកម្ម

សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ចន បូលតុន បានចាកចេញពីមាតុប្រទេសហើយ ចាប់តំាងពីចុងសប្តាហ៍មុននេះ ដើម្បីធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ស្របពេលមានជម្លោះពាណិជ្ជកម្មរវាងប្រទេសជាសម្ព័ន្ធមិត្តទាំងពីរនេះ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បានបង្ហោះសារនៅក្នុងបណ្តាញសង្គមធ្វីតធើតថា លោក ចន បូលតុន មានគម្រោងបន្តការសន្ទនាជាមួយក្រុមប្រទេសសម្ព័ន្ធមិត្ត និងជាមិត្តភក្តិដ៏សំខាន់នេះ។ បើតាមគ្រោងទុកនោះ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិករូបនេះ នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងចាប់ពីថ្ងៃទី២៣ ដល់ទី២៤ ខែកក្កដានេះ ហើយលោក បូលតុន នឹងជួបទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក ជុង អឺយ៉ុង នៅថ្ងៃពុធសប្តាហ៍នេះដើម្បីពិភាក្សាបញ្ហាសន្តិសុខនៅឧបទ្វីបកូរ៉េ និងពង្រឹងសម្ព័ន្ធភាពរវាងរដ្ឋាភិបាលក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន៕ធ.ដ
-
នាយករដ្ឋមន្រ្តីអង់គ្លេស នឹងបើកកិច្ចប្រជុំជាមួយគណៈកម្មាធិការដោះស្រាយគ្រាអាសន្ន ដើម្បីព្យាយាមរំដោះកប៉ាល់ដឹកប្រេងអង់គ្លេសពីអ៊ីរ៉ង់

អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស ថេរ៉េសា ម៉េ នឹងរៀបចំកិច្ចប្រជុំមួយជាមួយគណៈកម្មាធិការដោះស្រាយគ្រាអាសន្ន នៅក្នុងថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) សំដៅពិភាក្សាអំពីចំណាត់ការឆ្លើយតបទៅនឹងករណីរឹបអូសកប៉ាល់ដឹកប្រេង ដែលមានដោតទង់ជាតិអង់គ្លេស ពីសំណាក់កងកម្លាំងឆ្មាំសមុទ្រអ៊ីរ៉ង់។ សូមរំលឹកថា កងកម្លាំងអ៊ីរ៉ង់កាលពីថ្ងៃសុក្រសប្តាហ៍មុន បានឃាត់ទុកកប៉ាល់ពីរគ្រឿង ដែលជាកម្មសិទ្ធិរបស់ប្រទេសលីប៊េរីយ៉ា និងអង់គ្លេសនៅឯច្រក ហ័រមូស ដោយចោទប្រកាន់ថា កប៉ាល់ទាំងពីរគ្រឿងនេះបានរំលោភលើច្បាប់សមុទ្រអន្តរជាតិ។ ប៉ុន្តែក្រោយមកកប៉ាល់លីប៊េរីយ៉ាត្រូវបានដោះលែងវិញ ដោយឡែកកប៉ាល់ដឹកប្រេងអង់គ្លេសឈ្មោះ ស្ទេណា អ៊ីភែរ៉ូ វិញ គឺនៅបន្តស្ថិតក្រោមការឃាត់ទុករបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដដែល។ ជុំវិញបញ្ហាខាងលើនេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ជែរ៉េមី ហាន់ បានលើកឡើងថា ប្រទេសលោកអាចនឹងប្រកាសដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ រួមទាំងការបង្កកទ្រព្យសម្បត្តិរបស់ទីក្រុងតេហេរ៉ង់ផងដែរ នាពេលឆាប់ៗខាងមុខនេះ ដើម្បីជាការឆ្លើយតបទៅនឹងការរឹបអូសកប៉ាល់ដឹកប្រេងរបស់អង់គ្លេស បើសិន ភាគីអ៊ីរ៉ង់នៅតែមិនព្រមដោះលែងវាទេនោះ៕ធ.ដ
-
ប្រមុខការទូតសហរដ្ឋអាម៉េរិក និងតួកគី ជជែកគ្នាតាមទូរសព្ទស្តីពីការទិញប្រព័ន្ធ S-400 របស់រុស្ស៊ី និងវិបត្តិនៅស៊ីរី

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ និងសមភាគីតួកគី លោក ម៉េវលូត ខាវ៊ូសូគ្លូ បានធ្វើការពិភាក្សាគ្នាមួយដោយផ្តោតសំខាន់លើការបញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 របស់រុស្ស៊ីពីសំណាក់ទីក្រុងអង់ការ៉ា និងបញ្ហាសន្តិសុខនៅតាមព្រំដែនតួកគី-ស៊ីរី ក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមប្រព័ន្ធទូរសព្ទកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់)។ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោកស្រី ម័រហ្គេន អ៊តតាហ្គាស់ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាឱកាសជជែកគ្នាតាមទូរសព្ទនេះ លោក ប៉ុមប៉េអូ បានធ្វើការអះអាងជាថ្មីទៅកាន់លោក ខាវ៊ូសូគ្លូ អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ទាក់ទិននឹងការព្រួយបារម្ភអំពីសន្តិសុខកងកម្លាំងតួកគី នៅតាមព្រំដែនរវាងតួកគី និងស៊ីរី។ លោក ប៉ុមប៉េអូ ក៏បានរំលឹកឡើងវិញផងដែរនូវកាតព្វកិច្ចរបស់អាម៉េរិក ក្នុងការធានាការពារដៃគូក្នុងតំបន់ ដែលធ្វើការជាមួយអាម៉េរិកនៅក្នុងយុទ្ធនាការប្រឆាំងនឹងក្រុមភេវរកររដ្ឋអ៊ីស្លាម ពោលគឺចង់សំដៅលើការការពារកងកម្លាំងឃឺដ។ កិច្ចពិភាក្សារបស់ប្រមុខការទូតទាំងពីរខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលទីប្រឹក្សារបស់ប្រធានាធិបតីអាម៉េរិកមួយរូបបានលើកឡើងថា ការសម្រេចចិត្តទិញប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ពីសំណាក់តួកគី គឺជារឿងមិនអាចទទួលយកបាន ហើយវានឹងបំផ្លាញដល់ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងតួកគី ជាពិសេសគំរាមកហែងដល់ស្ថេរភាពអង្គការ NATO៕ធ.ដ