Category: ព័ត៌មានអន្តរជាតិ

  • រដ្ឋមន្ត្រីការពារជាតិអាម៉េរិកថ្មី ស្បថចូលកាន់តំណែងជាផ្លូវការ

    រដ្ឋមន្ត្រីការពារជាតិអាម៉េរិកថ្មី ស្បថចូលកាន់តំណែងជាផ្លូវការ

    លោក Mark Esper អតីតទាហានអាម៉េរិក បានស្បថចូលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិអាម៉េរិកថ្មីជាផ្លូវការហើយ កាលពីម្សិលមិញ ក្រោយត្រូវបានព្រឹទ្ធសភាអាម៉េរិកបោះឆ្នោតទទួលស្គាល់។ លោក Mark Esper បានស្បថចូលកាន់តំណែងនៅឯសេតវិមាន ចំពោះមុខចៅក្រមតុលាការ កំពូលអាម៉េរិក លោក Samuel Alito ក្រោមការចូលរួមផងដែរពីលោកប្រធានាធិបតី ដូណាល់ ត្រាំ និងតំណាងរាស្ត្រមួយចំនួននៃគណបក្សសាធារណរដ្ឋ។ លោក Esper ត្រូវបានព្រឹទ្ធសភា បោះឆ្នោតគាំទ្រក្នុងសំឡេង ៩០ ទល់នឹង៨ ហើយការទទួលស្គាល់នេះបានធ្វើឱ្យលោកក្លាយជា ប្រមុខមន្ទីរបញ្ចកោណជាអចិន្ត្រៃយ៍លើកដំបូងបំផុត ចាប់តាំងពីលោក Jim Mattis លាលែង ចេញពីតំណែងកាលពីខែធ្នូ ឆ្នាំ២០១៨ មក។ គួរបញ្ជាក់ថា លោក Mark Esper មានអាយុ៥៥ឆ្នាំ បានឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិអាម៉េរិកស្ដីទី ជំនួសលោក Patrick Shanahan ដែលបានលាលែងចេញពីតំណែងកាលពីខែមិថុនា កន្លងទៅ៕ម.ន

  • លោក Li Peng អតីតនាយករដ្ឋមន្ត្រីចិន ទទួលមរណភាពក្នុងវ័យ៩១ឆ្នាំ

    លោក Li Peng អតីតនាយករដ្ឋមន្ត្រីចិន ទទួលមរណភាពក្នុងវ័យ៩១ឆ្នាំ

    សារព័ត៌មានចិនហ្ស៊ីនហួរបានចេញផ្សាយ កាលពីម្សិលមិញថា លោក Li Peng អតីតនាយករដ្ឋមន្ត្រីចិនបានទទួលមរណភាពហើយ ក្នុងវ័យ៩១ឆ្នាំ នៅទីក្រុងប៉េកាំង។ ប្រភពថា លោក Li Peng ដែលជាអតីតគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាមានិតចិនផងនោះ បានទទួលមរណភាពដោយរោគគាពាធ ខណៈសេចក្ដីរាយការណ៍ពីមុនៗថាលោកបានព្យាយាមព្យាបាលជំងឺមហារីប្លោកនោម អស់រយៈពេលយ៉ាងយូរ។ សូមបញ្ជាក់ថា លោកបានបម្រើតួនាទីកំពូលៗ ក្នុងប្រទេសចិន អំឡុងទសវត្សរ៍៨០ និង៩០៕ម.ន

  • ប្រធានាធិបតីហ្វីលីពីន ព្រមានដកតំណែងអភិបាលក្រុងណាមិនអាចដោះស្រាយបញ្ហា រំលោភផ្លូវសាធារណៈ

    ប្រធានាធិបតីហ្វីលីពីន ព្រមានដកតំណែងអភិបាលក្រុងណាមិនអាចដោះស្រាយបញ្ហា រំលោភផ្លូវសាធារណៈ

    ប្រធានាធិបតីហ្វីលីពីនលោក រ៉ូទ្រីហ្គោ ឌូទែតេ បានបញ្ជាឲ្យក្រសួងមហាផ្ទៃដកតំណែងអភិបាលរូបណាដែលមិនព្រមដកយកផ្លូវសាធារណពីស្ថាប័នឯកជន។ ថ្លែងទៅកាន់សន្និបាតថ្នាក់ជាតិលើកទី៤ ថ្មីៗនេះ លោក រ៉ូទ្រីហ្គោ ឌូទែតេ បានមានប្រសាសន៍ថា មិនថាអភិបាលក្រុងណានោះទេ ឲ្យតែមិនហ៊ានដកយកផ្លូវសាធារណៈ ដែលត្រូវបានប្រើប្រាស់សម្រាប់ប្រយោជន៍ឯកជនមកវិញ ត្រូវតែបញ្ឈប់ពីតួនាទីភ្លាមៗ។ ផ្លូវសាធារណទាំងឡាយណា ដែលត្រូវបានកាន់កាប់ដោយមន្ត្រីដើម្បីបម្រើដល់ស្ថាប័នឯកជន កំពុងបង្កឲ្យមានការកកស្ទះចរាចរណ៍ជារឿយៗ។ លើសពីនេះទៀត ក៏រួមបញ្ចូលទាំងអ្នកលក់ដូរតាមផ្លូវដែលធ្វើឲ្យរាំងស្ទះដល់ការធ្វើដំណើររបស់ប្រជាជន ដោយគ្មានការអនុញ្ញាតឲ្យលក់ដូរពីរដ្ឋាភិបាល។គួរឲ្យដឹងថា តាមរបាយការណ៍របស់ភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិជប៉ុន (JICA) ឲ្យដឹងថាហ្វីលីពីន ខាតបង់ប្រមាណជា៣,៥ពាន់លានប៉េសូ ក្នុងមួយថ្ងៃដោយសារការកកស្ទះចរាចរណ៍។ ការសិក្សាបានឲ្យដឹងដែរថា ហ្វីលីពីនអាចនឹងខាតបង់៥,៤ពាន់លានប៉េសូ ដោយសារតែការកកស្ទះប្រចាំថ្ងៃ នៅត្រឹមឆ្នាំ២០៣៥ ប្រសិនបើគ្មានការដោះស្រាយណាមួយទេ៕ម.ន

  • ប្រធានាធិបតីសហរដ្ឋអាម៉េរិក ស្នើផ្ដល់ការសម្របសម្រួលដល់ជម្លោះរវាងប៉ាគីស្ថាន និងឥណ្ឌា នៅតំបន់កាស្មៀរ

    ប្រធានាធិបតីសហរដ្ឋអាម៉េរិក ស្នើផ្ដល់ការសម្របសម្រួលដល់ជម្លោះរវាងប៉ាគីស្ថាន និងឥណ្ឌា នៅតំបន់កាស្មៀរ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយនៅឯសេតវិមាន នាដើមសប្តាហ៍នេះ នៅពេលលោកជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក អ៊ីមរ៉ាន់ ខាន់ ថា ប្រសិនបើលោកអាចជួយ លោកចង់ធ្វើជាអ្នកសម្របសម្រួលសម្រាប់ជម្លោះនៅតំបន់កាស្មៀរ។ ប្រធានាធិបតីអាម៉េរិករូបនេះ បាននិយាយទៀតថា នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ក៏បានស្នើរូបលោកឲ្យជួយដោះស្រាយជម្លោះនៅតំបន់កាស្មៀរ ផងដែរ ប៉ុន្តែក្រសួងការបរទេសឥណ្ឌាបានបញ្ជាក់ថា លោក ម៉ូឌី មិនបានស្នើដូច្នេះនោះទេ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក រ៉ាវីស គូម៉ា ទីក្រុងញ៊ូដេលី បានប្រកាន់គោលជំហរជាបន្តរហូតមកថា បញ្ហានានាដែលមិនទាន់ដោះស្រាយជាមួយប៉ាគីស្ថាន គឺនឹងត្រូវពិភាក្សាដោយទ្វេភាគីតែប៉ុណ្ណោះ ហើយកិច្ចព្រមព្រៀងណាមួយជាមួយនឹងប៉ាគីស្ថាន អាចតម្រូវឲ្យមានការបញ្ចប់អំពើភេរវកម្មឆ្លងព្រំដែន‍។គួរបញ្ជាក់ថា អស់រយៈពេលជាយូរមកហើយ ប៉ាគីស្ថានបានស្វែងរកការសម្របសម្រួលរបស់សហរដ្ឋអាម៉េរិក សម្រាប់ជម្លោះនៅក្នុងតំបន់កាស្មៀរ ប៉ុន្តែកាលពីលើកមុនៗសហរដ្ឋអាម៉េរិក បានបញ្ជាក់ថា បញ្ហានេះត្រូវតែដោះស្រាយដោយទ្វេភាគីរវាងឥណ្ឌា និងប៉ាគីស្ថាន៕ម.ន

  • ប្រទេសជាភាគីហត្ថលេខី គ្រោងរៀបចំកិច្ចប្រជុំរួមគ្នាមួយនៅប្រទេសអូទ្រីស ក្នុងគោលបំណងជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

    ប្រទេសជាភាគីហត្ថលេខី គ្រោងរៀបចំកិច្ចប្រជុំរួមគ្នាមួយនៅប្រទេសអូទ្រីស ក្នុងគោលបំណងជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

    អឺរ៉ុប៖ អង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី និងចិន គ្រោងរៀបចំប្រជុំរួមគ្នាមួយជាមួយអ៊ីរ៉ង់នៅទីក្រុងវីយែន ប្រទេសអូទ្រីស នៅថ្ងៃទី២៨ ខែកក្កដានេះ ដើម្បីពិភាក្សារកវិធីស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ហៅកាត់ថាJCPOA បន្ទាប់ពីសហរដ្ឋអាម៉េរិក ប្រកាសដកខ្លួនចេញកាលពីឆ្នាំ២០១៨។ កិច្ចប្រជុំនេះ ត្រូវបានត្រៀមរៀបចំឡើង ដោយមានសំណើពីប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស និងអ៊ីរ៉ង់ផ្ទាល់។ ប្រទេសជាភាគីហត្ថលេខីទាំង៥ ក្នុងនោះគ្មានសហរដ្ឋអាម៉េរិក នឹងខិតខំព្យាយាមរិះរកវិធីដើម្បីស្រោចស្រង់កិច្ចព្រមព្រៀង JCPOA ឡើងវិញ តាមរយៈការពិភាក្សាលម្អិតទៅលើបញ្ហាស្នូល និងដំណោះស្រាយដែលអាចធ្វើទៅរួច៕ម.ន

  • ទីបំផុតលោក Boris Johnson ឈ្នះឆ្នោតក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស

    ទីបំផុតលោក Boris Johnson ឈ្នះឆ្នោតក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស

    អង់គ្លេស៖ លោក Boris Johnson នឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស ជំនួសលោកស្រី Theresa May ក្រោយរូបលោកទទួលបានជ័យម្នះក្នុងការបោះឆ្នោតនៃគណបក្សអភិរក្សនិយ។ តាមរយៈជ័យជម្នះនេះ លោក Boris Johnson ក៏នឹងក្លាយមេដឹកនាំគណបក្សអភិរក្សនិយម និងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មី ជំនួសលោកស្រី Theresa May ដែលនឹងត្រូវលាលែងចេញពីតំណែងនៅថ្ងៃពុធសប្តាហ៍នេះ។សូមជម្រាបថា លោក Boris Johnson ដែលជាបេក្ខជនម្នាក់ទទួលបានការគាំទ្រពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ផងនោះ នៅថ្ងៃអង្គារនេះ បានយកឈ្នះគូប្រជែងរបស់លោក គឺលោក Jeremy Hunt ដោយទទួលបានសំឡេងឆ្នោត៩២,១៥៣សន្លឹក ទល់នឹង៤៦,៦៥៦សន្លឹក៕ម.ន

  • បារាំង ទទួលរងអាកាសធាតុក្តៅខ្លាំងបំផុត លើស៤០អង្សាសេដែលមិនធ្លាប់មាន ពីមុនមក

    បារាំង ទទួលរងអាកាសធាតុក្តៅខ្លាំងបំផុត លើស៤០អង្សាសេដែលមិនធ្លាប់មាន ពីមុនមក

    បារាំង៖ ប្រជាជននៅទីក្រុងប៉ារីស នៅក្នុងសប្តាហ៍នេះ បានទទួលរងអាកាសធាតុក្តៅខ្លាំងបំផុត គឺជាង៤០អង្សាសេ ដែលមិនធ្លាប់មានក្នុងរយៈពេល៧ទសវត្សរ៍ចុងក្រោយនេះ ស្របពេលដែលរលកកំដៅថ្មីបានគ្របដណ្តប់លើអឺរ៉ុបខាងជើង ដែលទទួលរងអាកាសធាតុក្តៅខ្លាំងនៅប្រទេសជាច្រើននៃទ្វីបនេះ។បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ សីតុណ្ហភាពបានកើនកំដៅដល់ទៅជាង៣០អង្សាសេ នៅដើមសប្តាហ៍នេះ ក្នុងទីក្រុងប៉ារីស ប៉ុន្តែសីតុណ្ហភាពនេះ អាចកើនឡើងជាង៤០អង្សាសេនៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ និងក្តៅខ្លាំងជាងកំណត់ត្រាអាកាសធាតុក្តៅខ្លាំងបំផុតកាលពីឆ្នាំ១៩៤៧។បើតាមក្រុមអ្នកព្យាករណ៍បាននិយាយថា កំដៅខ្លាំងនេះ នឹងមានរយៈពេលតែពីរបីថ្ងៃប៉ុណ្ណោះ ប៉ុន្តែវានឹងមានកម្រិតក្តៅខ្លាំង ហើយគេរំពឹងថា វានឹងមានផលប៉ះពាល់ដល់ផ្នែកខ្លះនៃប្រទេសបែលហ្ស៊ិក លុចសំបួ និងហូឡង់។ ការកើតឡើងនៃខ្យល់អាកាសក្តៅជាថ្មីនេះ គឺកើតឡើងមិនដល់មួយខែផង បន្ទាប់ពីរលកកំដៅបានគ្របដណ្តប់អឺរ៉ុបកាលពីចុងខែមិថុនាកន្លងទៅ ដែលជំរុញឱ្យមានការយកចិត្តទុកដាក់ជាថ្មីលើបញ្ហាការប្រែប្រួលអាកាសធាតុ៕ម.ន

  • លោក ត្រាំ៖ សហរដ្ឋអាម៉េរិក មានការឆ្លើយឆ្លងគ្នាជាវិជ្ជមានជាមួយកូរ៉េខាងជើង

    លោក ត្រាំ៖ សហរដ្ឋអាម៉េរិក មានការឆ្លើយឆ្លងគ្នាជាវិជ្ជមានជាមួយកូរ៉េខាងជើង

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បាននិយាយថា ប្រទេសលោកមានការឆ្លើយឆ្លងគ្នាជាវិជ្ជមានជាមួយកូរ៉េខាងជើងនាពេលបច្ចុប្បន្ននេះ។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាន មុនពេលជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក អ៊ីមរ៉ាន់ ខាន់ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា មានការទំនាក់ទំនងគ្នាបន្តិចបន្តួចប៉ុណ្ណោះនាពេលថ្មីៗនេះ ប៉ុន្តែការឆ្លើយឆ្លងនោះ ពិតជាប្រកបដោយភាពវិជ្ជមានគួរឱ្យកត់សម្គាល់ជាមួយកូរ៉េខាងជើង។ ទន្ទឹមគ្នានោះដែរ ប្រធានាធិបតីអាម៉េរិករូបនេះ ពុំបានបញ្ជាក់លម្អិតថាតើនៅពេលណាភាគីទាំងពីរ នឹងបន្តធ្វើកិច្ចចរចាស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េនោះឡើយ ដោយគ្រាន់តែនិយាយថា វានឹងកើតឡើងនៅពេលពួកគេបានត្រៀមខ្លួនរួចរាល់។ យ៉ាងណាមិញ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ ក៏បានថ្លែងប្រាប់អ្នកសារព័ត៌មានផងដែរថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅតែរក្សាការទំនាក់ទំនងគ្នាជាមួយនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាងដដែល៕ធ.ដ

  • ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង ជំរុញឱ្យបង្កើនការអភិវឌ្ឍកងកម្លាំងជើងទឹកបន្ថែមទៀត

    ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង ជំរុញឱ្យបង្កើនការអភិវឌ្ឍកងកម្លាំងជើងទឹកបន្ថែមទៀត

    កូរ៉េខាងត្បូង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ៍នេះ បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានចុះធ្វើអធិការកិច្ច និងត្រួតពិនិត្យនាវាមុជទឹកដ៏ថ្មីសន្លាងមួយគ្រឿង ហើយថែមទាំងជំរុញឱ្យបង្កើនការអភិវឌ្ឍកងកម្លំាងជើងទឹកបន្ថែមទៀត ស្ថិតក្នុងគោលបំណងលើកកម្ពស់សមត្ថភាពយោធាការពារជាតិ។ ការធ្វើអធិការកិច្ចរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ បានកើតមានឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង អះអាងថា សមយុទ្ធយោធារវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង នៅខែសីហាខាងមុខនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចការងារស្វែងរកកិច្ចចរចានុយក្លេអ៊ែរជាថ្មី ដែលលោក ត្រាំ និងលោក គីម បានព្រមព្រៀងគ្នាកាលពីថ្ងៃ៣០ ខែមិថុនាកន្លងទៅ នៅឯតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំងពីរ ។ ដោយឡែក បើតាមមន្រ្តីជាន់ខ្ពស់របស់គណបក្សពលករកូរ៉េ និងផ្នែកវិទ្យាសាស្រ្តការពារជាតិ ក្នុងលក្ខខណ្ឌមិនបញ្ជាក់អត្តសញ្ញាណបាននិយាយថា លោក គីម ជុងអ៊ុន បាននឹងកំពុងជំរុញបង្កើនសមត្ថភាពកងទ័ពជើងទឹកថ្មីរបស់កូរ៉េខាងជើង និងបានសម្តែងការពេញចិត្តជាខ្លាំងចំពោះផែនការនេះ ។ យ៉ាងណាមិញ បើតាមសារព័ត៌មាន KCNA នាវាមុជទឹកខាងលើ នឹងត្រូវដាក់ពង្រាយទៅកាន់តំបន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន ប៉ុន្តែមិនបានបញ្ជាក់លម្អិតពីសមត្ថភាពរបស់នាវាមុជទឹកថ្មីនេះ ឬក៏តាំងដែលលោក គីម ចុះធ្វើអធិការកិច្ចនោះទេ៕ធ.ដ

  • រដ្ឋបាលលោក ដូណាល់ ត្រាំ គ្រោងដាក់ចេញគោលនយោបាយបណ្តេញ ជនអន្តោប្រវេសន៍ចេញពីទឹកដីសហរដ្ឋអាម៉េរិកនៅក្នុងសប្តាហ៍នេះ

    រដ្ឋបាលលោក ដូណាល់ ត្រាំ គ្រោងដាក់ចេញគោលនយោបាយបណ្តេញ ជនអន្តោប្រវេសន៍ចេញពីទឹកដីសហរដ្ឋអាម៉េរិកនៅក្នុងសប្តាហ៍នេះ

    សហរដ្ឋអាម៉េរិក៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងដាក់ឱ្យដំណើរការនូវបទបញ្ជាថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យអាជ្ញាធរអាចបណ្ដេញជនអន្តោប្រវេសន៍ចេញពីទឹកដីសហរដ្ឋអាម៉េរិក ដោយមិនចាំបាច់ឆ្លងកាត់ប្រព័ន្ធតុលាការ។ ដោយសារតែគោលនយោបាយដ៏ចម្រូងចម្រាសនេះ បច្ចុប្បន្នរដ្ឋបាលលោក ត្រាំ កំពុងទទួលរងការរិះគន់យ៉ាងខ្លាំង ជាពិសេសគឺពាក់ព័ន្ធនឹងលក្ខខណ្ឌឃុំខ្លួនជនអន្តោប្រវេសន៍នៅតំបន់ព្រំដែនភាគខាងត្បូងជាប់ជាមួយម៉ិកស៊ិក ដែលត្រូវបានសកម្មជនការពារសិទ្ធិមនុស្សចោទប្រកាន់ថា ជាទង្វើរំលោភបំពានសិទ្ធិជនភៀសខ្លួនយ៉ាងធ្ងន់។ យ៉ាងណាមិញ ទាក់ទិននឹងបទបញ្ជាថ្មីនេះ ត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់ចេញនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ហើយនឹងត្រូវអនុវត្តន៍ភ្លាមៗនៅទូទាំងសហរដ្ឋអាម៉េរិក ខណៈក្រុមអង្គការសិទ្ធិមនុស្សអះអាងថា ពួកគេនឹងក្រោកឈរឡើងតវ៉ា ចំពោះគោលនយោបាយនេះដល់តុលាការ៕ធ.ដ