-
ប្រមុខការទូតអង់គ្លេសព្រមានអ៊ីរ៉ង់ថា នឹងជួបផលវិបាកយ៉ាងធ្ងន់ធ្ងរ បើមិនព្រមដោះលែងនាវាដឹកប្រេងរបស់អង់គ្លេស

អង់គ្លេស៖ អ៊ីរ៉ង់នឹងត្រូវរងផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើបញ្ហាឃាត់ទុកកប៉ាល់ដឹកប្រេងអង់គ្លេសដោយអ៊ីរ៉ង់ មិនត្រូវបានដោះស្រាយឲ្យឆាប់ៗទេនោះ នេះបើតាមការព្រមានរបស់រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក ជែរែមី ហាន់ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ អ៊ីរ៉ង់បានរឹបអូសកប៉ាល់ដឹកប្រេងរបស់អង់ គ្លេសនេះ គឺដោយសារតែកប៉ាល់ដឹកប្រេងនោះ ល្មើសនឹងច្បាប់គ្រប់គ្រងដែនសមុទ្រអន្តរជាតិ នៅពេលឆ្លងកាត់ច្រកសមុទ្រ ហ័រមូស ។ ការរឹបអូសកប៉ាល់ដឹកប្រេងរបស់អង់គ្លេសខាងលើ បានកើតមានក្រោយកងម៉ារីនអង់គ្លេស នៅក្នុងខែកក្កដានេះ ក៏បានរឹបអូសកប៉ាល់ដឹកប្រេងមួយគ្រឿងរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រ ជីប្រាល់តា ដែលអង់គ្លេសអះអាងថា មានគោលដៅដឹកប្រេងឆ្ពោះទៅស៊ីរី ដោយល្មើសនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប ៕ធ.ដ
-
លោក ដូណាល់ ត្រាំ អះអាងជាថ្មីថា សហរដ្ឋអាមេ៉រិកពិតជាបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់

សហរដ្ឋអាម៉រិក៖ យន្តហោះគ្មានមនុស្សបើកអ៊ីរ៉ង់មួយគ្រឿង ពិតជាត្រូវបាននាវាយោធាអាមេ៉រិកបាញ់ទម្លាក់ប្រាកដមែន នេះបើតាមការអះអាងជាថ្មីទៀតរបស់ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ។ ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងស្របពេលដែលអ៊ីរ៉ង់ក៏បានបញ្ចេញឃ្លីបវីដេអូមួយ ដែលចុះផ្សាយដោយស្ថានីយទូរទស្សន៍ក្នុងស្រុកអ៊ីរ៉ង់បង្ហាញឲ្យឃើញថា យន្តហោះដ្រូនអ៊ីរ៉ង់បានបញ្ចប់ប្រតិបត្តិការរបស់ខ្លួន នៅក្នុងតំបន់នោះ ហើយត្រឡប់មកបន្ទាយវិញដោយសុវត្ថិភាព មុនការបង្ហាញវត្តមានរបស់នាវាយោធាអាមេ៉រិកទៅទៀត ។ យ៉ាងណាមិញ ប្រធានាធិបតីអាមេ៉រិករូបនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯការិយាល័យសេតវិមានថា គ្មានមន្ទិលសង្ស័យចំពោះរឿងនេះឡើយ គឺយើងបានបាញ់ទម្លាក់វាប្រាកដណាស់ ។ ជាមួយគ្នានេះ ទីប្រឹក្សាសន្តិសុខជាតិរបស់លោក គឺលោក ចន បូលតុន ដែលមានវត្តមាននៅទីនោះដែរក៏បានអះអាងថា មិនបាច់ឆ្ងល់ទេ វាគឺជាយន្តហោះដ្រូនរបស់អ៊ីរ៉ង់ ហើយនាវាអាមេ៉រិក USS Boxer បានបាញ់កម្ទេចវាចោល ៕ធ.ដ
-
ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីតឯកភាពលើការដាក់ពង្រាយកងទ័ពអាមេ៉រិកក្នុងប្រទេសខ្លួន ដើម្បីលើកកម្ពស់សន្តិសុខក្នុងតំបន់

សហរដ្ឋអាមេ៉រិក៖ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត សាល់ម៉ាន់ បានព្រមព្រៀងឱ្យមានការដាក់ពង្រាយកងកម្លំាងអាមេ៉រិកនៅក្នុងប្រទេសរបស់ខ្លួន ស្ថិតក្នុងគោលបំណងលើកកម្ពស់សន្តិសុខ និងស្ថេរភាពក្នុងតំបន់ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត SPA នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ។ ស្របពេលជាមួយគ្នានោះដែរ មន្ទីរបញ្ចកោណក៏បានអនុញ្ញាតផងដែរ ឱ្យមានការបញ្ជូនកងកម្លាំងយោធា និងគ្រឿងបរិក្ខានានាទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីជួយទប់ស្កាត់ការគំរាមកំហែងដែលអាចនឹងកើតមានឡើង ។ ដោយឡែកទីបញ្ជាការដ្ឋានកណ្តាលអាមេ៉រិក (CENTCOM) នៅបន្តវាយតម្លៃកម្លាំងដែលមាននៅក្នុងតំបន់ ដោយពុំទាន់បានកំណត់ចំនួនយោធា និងប្រភេទធនធានជាក់លាក់ ដែលត្រូវបញ្ជូនទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅឡើយទេ ។ បើតាមការស្រង់សម្តីពីមន្ត្រីការពារជាតិអាមេ៉រិកពីររូប ទាហានអាមេ៉រិកចំនួន៥០០នាក់ត្រូវបានគេរំពឹងថា នឹងត្រូវដាក់ពង្រាយទៅកាន់មូលដ្ឋានទ័ពអាកាស ស៊ុលតង់ ដែលស្ថិតនៅតំបន់វាលខ្សាច់ភាគខាងកើតនៃរដ្ឋធានី រីយ៉ាត របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ៕ធ.ដ
-
រដ្ឋមន្រ្តីការបរទេសជប៉ុនរិះគន់កូរ៉េខាងត្បូង ចំពោះការបរាជ័យបង្កើតគណៈកម្មការអាជ្ញាកណ្តាល ដើម្បីដោះស្រាយជម្លោះរវាងប្រទេសទំាងពីរ

ជប៉ុន៖ រដ្ឋមន្រ្តីការបរទេសជប៉ុនលោក តារ៉ូ កូណូ បានសម្តែងការសោកស្តាយជាខ្លំាង ចំពោះការបរាជ័យរបស់កូរ៉េខាងត្បូង ក្នុងការចាត់វិធានការឆ្ពោះទៅកាន់ការបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីដោះស្រាយវិវាទការងារកាលពីអតីកល ។ លោក តារ៉ូ កូណូ បានចេញសេចក្តីថ្លែងការណ៍នេះ នៅក្នុងថ្ងៃសុក្រម្សិលមិញ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូងបានខកខានមិនអាចបង្កើត គណៈកម្មការចម្រុះមួយដែលមាន០៣ប្រទេសចូលរួមតាមកាលកំណត់ ដើម្បីដោះស្រាយបញ្ហាវិវាទជុំវិញរឿងការបង្ខិតបង្ខំកម្លាំងពលកម្មការងារពីសំណាក់ជប៉ុនមកលើប្រជាជនកូរ៉េខាងត្បូងកាលពីសម័យសង្រ្គាម ។ ជម្លោះនេះហើយ ដែលជាមូលហេតុជប៉ុនបានដាក់កំហិតលើការនាំចេញវត្ថុធាតុដើមមួយចំនួនទៅកាន់កូរ៉េខាងត្បូង ដែលពួកវាពិតជាមានសារៈសំខាន់ជាខ្លាំង សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់កូរ៉េខាងត្បូង ។ ទន្ទឹមគ្នានោះដែរ សារព័ត៌ មានរដ្ឋកូរ៉េខាងជើងបានចុះផ្សាយរិះគន់ជប៉ុន ពាក់ព័ន្ធនឹងការរឹតបន្តឹងផ្នែកពាណិជ្ជកម្មប្រឆំាងនឹងកូរ៉េខាងត្បូង ហើយថែមទំាងចោទប្រកាន់ថា ទីក្រុងតូក្យូកំពុងបំផ្លាញសន្តិភាពនៅលើតំបន់ឧបទ្វីបកូរ៉េ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយចិន CGTN ៕ធ.ដ
-
SpaceX អះអាងថា ការជ្រាបចូលនៃសារធាតុដែលអាចបង្កចំហេះទៅក្នុងប្រព័ន្ធម៉ាស៊ីន គឺជាមូលហេតុបង្កឲ្យយាន Crew Dragon ផ្ទុះឆេះពេលធ្វើតេស្ត

សហរដ្ឋអាម៉េរិក៖ ការជ្រាបចូលនៃសារធាតុដែលអាចបង្កចំហេះ ទៅក្នុងប្រព័ន្ធម៉ាស៊ីនរបស់យានអវកាស Crew Dragon កំឡុងការធ្វើតេស្តគ្រឿងម៉ាស៊ីនកាលពីខែមេសាកន្លងទៅ ទំនងជាមូលហេតុនៅពីក្រោយការផ្ទុះឆេះរបស់វា នេះបើតាមក្រុមហ៊ុន SpaceX ។ ក្រោយការស៊ើបអង្កេតអស់ប៉ុន្មានខែកន្លងមក ឥឡូវនេះក្រុមហ៊ុនអវកាសឯកជនអាមេ៉រិក SpaceX បានបង្ហើបឲ្យដឹងថា មូលហេតុអាចមកពីសន្ទះក្បាលវ៉ាល់ដែលទំនងជាបានខូច ហើយធ្វើឲ្យមានការជ្រាបនៃសារធាតុបង្កចំហេះពីខាងក្រៅចូលទៅក្នុងប្រព័ន្ធរបស់យាន Crew Dragon ពេលកំឡុងធ្វើតេស្តនោះ ។ សូមជម្រាបថា បន្ទាប់ពីមានបញ្ហាបែបនេះ វាបានធ្វើឲ្យប៉ះពាល់ដល់គម្រោងធ្វើតេស្តមួយចំនួនទៀត រួមមានការធ្វើតេស្តប្រភេទ in-flight abort ដែលជាការផ្តាច់យានពីគ្រាប់រ៉ុក្កែត នៅពេលបេសកម្មមិនអាចឡើងដល់ទីអវកាសដូចគោលដៅ និងគម្រោងបេសកកម្មសាកល្បង Demo-2 ដែលជាការបញ្ជូនអវកាសយានិកពីរនាក់ឲ្យជិះយាន Crew Dragon ឡើងទៅកាន់ស្ថានីយអវកាស និងចុះមកវិញ ។ គម្រោងធ្វើតេស្តទាំងនេះ បច្ចុប្បន្នមិនទាន់ត្រូវបាន SpaceX បញ្ជាក់ថា នឹងត្រូវ លើកទៅធ្វើឡើងនៅពេលណាវិញឡើយ ៕ធ.ដ
-
អ៊ីរ៉ង់ អះអាងថា អាម៉េរិកប្រហែលជាច្រឡំបាញ់ទម្លាក់ដ្រូនខ្លួនឯង ព្រោះគ្រប់ដ្រូនអ៊ីរ៉ង់ ស្ថិតនៅក្នុងបន្ទាយទាំងអស់

អ៊ីរ៉ង់៖ សហរដ្ឋអាម៉េរិកទំនងជាបានច្រឡំបាញ់ទម្លាក់យន្ដហោះដ្រូនរបស់ខ្លួនឯង ខណៈយន្ដហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ទាំងអស់ ស្ថិតនៅក្នុងបន្ទាយយ៉ាងមានសុវត្ថិភាព និងគ្មានត្រូវនរណាបាញ់ធ្លាក់នោះឡើយ នេះបើតាមអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក អាប់បាស់ អារ៉ាកជី។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ បានបង្ហោះសារនៅក្នុងបណ្តាញសង្គមធ្វីតធើនៅថ្ងៃសុក្រនេះថា យើងមិនបានបាត់បង់យន្ដហោះដ្រូនណាមួយនៅច្រកសមុទ្រហ័រមូស ឬទីកន្លែងផ្សេងណាមួយនោះទេប៉ុន្តែលោកបារម្ភថា ខ្លាចនាវាចម្បាំងអាម៉េរិក USS Boxer ច្រឡំបាញ់ទម្លាក់យន្ដហោះដ្រូនរបស់ខ្លួនឯង។ ការអះអាងរបស់លោក អាប់បាស់ អារ៉ាកជី ត្រូវបានធ្វើឡើងក្រោយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងថា នាវាចម្បាំងអាម៉េរិក USS Boxer បានចាត់វិធានការការពារខ្លួន ដោយបាញ់ទម្លាក់យន្ដហោះដ្រូនអ៊ីរ៉ង់មួយគ្រឿង កាលពីថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ បន្ទាប់ពីយន្ដហោះនោះ ហោះមកក្បែរៗស្ថិតនៅចម្ងាយ៩១៤ម៉ែត្រពីនាវាចម្បាំងអាម៉េរិក៕ធ.ដ
-
មន្រ្តីជាន់ខ្ពស់តួកគី និងសហរដ្ឋអាម៉េរិក ធ្វើកិច្ចពិភាក្សាគ្នាស្តីពីការដកតួកគីចេញពីកម្មវិធី អភិវឌ្ឍន៍យន្តហោះចម្បាំងបំបាំងកាយ F-35

សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យប្រធានាធិបតីតួកគី លោក អ៊ីប្រាហ៊ីម ខាលីន បានជជែកគ្នាជាមួយនឹងទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកលោក ចន បូលតុន តាមទូរសព្ទនៅក្នុងថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ ដោយផ្តោតសំខាន់លើការដកតួកគី ចេញពីកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បំាងបំបាំងកាយ F-35។ ក្នុងអំឡុងការសន្ទនាតាមទូរសព្ទជាមួយទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកខាងលើនេះ លោក ខាលីន បានសម្តែងការខកចិត្តជាខ្លាំងរបស់តួកគី ជុំវិញការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិក នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីតួកគី។ កាលពីថ្ងៃពុធសប្តាហ៍នេះ សេតវិមានអាម៉េរិកប្រកាសថា ខ្លួនបានសម្រេចចិត្តដកតួកគីចេញពីកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បំាង F-35 ដើម្បីជាការឆ្លើយតបនឹងការបញ្ជាទិញរបស់ទីក្រុងអង់ការ៉ា នូវប្រព័ន្ធ S-400 របស់រុស្ស៊ី។ បើទោះបីជាមានជម្លោះនាពេលថ្មីៗនេះក្តី ក៏មន្រ្តីជាន់ខ្ពស់ប្រទេសទាំងពីរ នៅបានពិភាក្សាគ្នាអំពីកាលបរិច្ឆេទដែលអាចទៅរួច ជុំវិញគម្រោងធ្វើទស្សនកិច្ចរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសតួកគីផងដែរ៕ធ.ដ
-
អាហ្សង់ទីន សម្រេចដាក់ក្រុម ហេសបូឡា ជាអង្គការភេរវកម្ម ក្រោយក្រុមនេះបំផ្លាញ ទ្រព្យសម្បត្តិជាច្រើនក្នុងរយៈពេល២៥ឆ្នាំមក

អាហ្សង់ទីន៖ រដ្ឋាភិបាលអាហ្សង់ទីន នៅក្នុងថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ បានសម្រេចដាក់ក្រុម ហេសបូឡា ជាអង្គការភេរវកម្ម បន្ទាប់ពីក្រុមនេះបានបំផ្លាញទ្រព្យសម្បត្តិជាច្រើនក្នុងរយៈពេល២៥ឆ្នាំមក ដោយការបំផ្ទុះគ្រាប់បែកក្នុងសហគមន៍ជ្វីហ្វ នៅរដ្ឋធានីនៃប្រទេសអាហ្សង់ទីន ដែលសម្លាប់មនុស្ស៨៥នាក់។ អង្គភាពព័ត៌មានហិរញ្ញវត្ថុអាហ្សង់ទីនបានចាត់វិធានការ មួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលរបស់ប្រធានាធិបតីអាហ្សង់ទីនលោក ម៉ូរីស្យ៉ូ ម៉ាគ្រី បានបង្កើតបញ្ជីឈ្មោះភ្នាក់ងារភេរវករ ដើម្បីជួយសម្របសម្រួលសកម្មភាពជាមួយប្រជាជាតិដទៃទៀតនិង ខណៈដែលប្រទេសអាម៉េរិកឡាទីនមួយនេះ បានប្រារព្ធពិធីរំឭកដល់ជនរងគ្រោះនៃការវាយប្រហារពីសំណាក់ក្រុមហេសបូឡា។ សូមរំលឹកផងដែរថា ក្រុម ហេសបូឡា នេះ ក៏ត្រូវបានសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងបណ្តាប្រទេសជាច្រើនទៀតដាក់នៅក្នុងបញ្ជីភេរវកម្មផងដែរ៕ធ.ដ
-
ឥណ្ឌា កំពុងត្រៀមចេញបេសកកម្មទៅឋានព្រះចន្ទជាថ្មីម្តងទៀត នៅដើមសប្តាហ៍ក្រោយនេះ

ឥណ្ឌា៖ ទីភ្នាក់ងារអវកាសឥណ្ឌាបាននិយាយនៅក្នុងថ្ងៃព្រហស្បត្តិ៍នេះថា ខ្លួននឹងចាប់ផ្តើមបេសកម្មទៅឋានព្រះចន្ទជាថ្មីម្តងទៀតនៅថ្ងៃទី២២ ខែកក្កដានេះ បន្ទាប់ពីជួបបញ្ហាដែលត្រូវបង្ខំឲ្យអាក់ខានកាលពីដើមសប្តាហ៍នេះ។ អង្គការអវកាសស្រាវជ្រាវផ្នែកអវកាសឥណ្ឌា ISRO បានបញ្ជាក់ថា បេសកកម្ម Chandrayaan-2 ដែលជាការបញ្ជូនយានអវកាសជាលើកទីពីរទៅកាន់ព្រះចន្ទ នឹងត្រូវធ្វើឡើងនៅម៉ោង០២និង៤៣នាទីរសៀលថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ (ម៉ោងក្នុងតំបន់)បន្ទាប់ពីគម្រោងនេះត្រូវបានផ្អាកកាលពីថ្ងៃទី១៥ខែកក្កដា ដោយសាររកឃើញការលេចឥន្ធនៈនៅក្នុងគ្រាប់រ៉ុក្កែត ដែលត្រូវបាញ់បង្ហោះឡើងទីអវកាស។ សូមបញ្ជាក់ផងដែរថា បេសកកម្មលើកទីពីរនេះ ខុសពីបេសកកម្មលើកទីមួយ Chandrayaan-1 ត្រង់ថា ឥណ្ឌានឹងបញ្ជូនយានឲ្យទៅចុះចតផ្ទាល់លើផ្ទៃព្រះចន្ទថែមទៀត មិនត្រឹមតែទៅគោចរដូចកាលលើកមុនឡើយ។ បើជោគជ័យតាមការគ្រោងទុកនោះ ឥណ្ឌានឹងក្លាយជាប្រទេសទី៤ ដែលបានសម្រេចគោលដៅនេះ បន្ទាប់ពីសហភាពសូវៀត (រុស្ស៊ី) សហរដ្ឋអាម៉េរិក និងចិន៕ធ.ដ
-
សហភាពអឺរ៉ុបឯកភាពគ្នាលើវិធានការប្រឆាំងនឹងតួកគី ពាក់ព័ន្ធនឹងការខួងប្រេងខុសច្បាប់នៅប្រទេសស៊ីប

អឺរ៉ុប៖ សហភាពអឺរ៉ុបបានឯកភាពលើការចាត់វិធានការដាក់ពិន័យប្រទេសតួកគី ដោយសារការបន្តប្រតិបត្តិការខួងប្រេងនៅប្រទេសស៊ីប ទោះបីជាមានការព្រមានម្ដងហើយម្ដងទៀតក៏ដោយ ។ សហភាពអឺរ៉ុបនឹងបញ្ឈប់ការសន្ទនាកម្រិតខ្ពស់ជាមួយប្រទេសតួកគី ផ្អាកការចរចាលើកិច្ចព្រមព្រៀងអាកាសចរណ៍ និងកាត់បន្ថយទឹកប្រាក់ចំនួន១៤៥,៨លានអឺរ៉ូ ឬស្មើនឹង១៦៤លានដុល្លារអាមេ៉រិកក្នុងមូលនិធិជំនួយហិរញ្ញវត្ថុ ដែលគ្រោងនឹងផ្តល់ឲ្យសម្រាប់ឆ្នាំ២០២០ខាងមុខ ។ ក្រុមរដ្ឋមន្ដ្រីក្រសួងការបរទេសមកពីប្លុកអឺរ៉ុប ក៏បានប្រាប់គណៈកម្មការអឺរ៉ុបឲ្យបន្តការធ្វើការងារលើលទ្ធភាពដាក់ទណ្ឌកម្មហិរញ្ញវត្ថុ ដោយកំណត់ទិសដៅអ្នកជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការខួងប្រេងនេះផងដែរ ខណៈធនាគារវិនិយោគអឺរ៉ុប (EIB) ត្រូវបានស្នើសុំឲ្យពិនិត្យឡើងវិញនូវលក្ខខណ្ឌនានា ដែលត្រូវបានកំណត់សម្រាប់ការផ្ដល់ការគាំទ្រហិរញ្ញវត្ថុដល់ទីក្រុងអង់ការ៉ា ។ តួកគីបានបញ្ជូននាវា០២គ្រឿង ដើម្បីធ្វើការខួងប្រេងនៅដែនសមុទ្ររបស់ប្រទេសស៊ីប ទោះបីជាមានការព្រមានពីសហភាពអឺរ៉ុបក៏ដោយ ។ សហភាពអឺរ៉ុបកាលពីខែមុនបានព្រមានតួកគីថា ប្រទេសនេះអាចប្រឈមនឹងការដាក់ទណ្ឌកម្ម ប្រសិនបើមិនបញ្ឈប់អ្វីដែលប្លុកនេះហៅថា ការខួងប្រេង «ខុសច្បាប់» ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសស៊ីប ។ សូមបញ្ជាក់ថា ប្រទេសស៊ីបត្រូវបានបែងចែកតំបន់គ្រប់គ្រងជា២ផ្នែក រវាងសាធារណរដ្ឋស៊ីប និងតំបន់ភាគខាងជើងដែលស្ថិតក្រោមការគ្រប់គ្រងរបស់យោធាប្រទេសតួកគី ចាប់តាំងពីឆ្នាំ ១៩៧៤មក នៅពេលប្រទេសតួកគីបានចូលឈ្លានពាន ជាការឆ្លើយតបនឹងការធ្វើរដ្ឋប្រហារមួយដោយក្រុមប្រឹក្សាយោធាក្រិក ។ ខណៈដែលការចរចាដើម្បីបង្រួបបង្រួមកោះនេះមិនត្រូវបានចាប់ផ្ដើមជាថ្មីប្រទេសស៊ីប បានដំណើរការក្នុងការចាប់ផ្ដើមការរុករកឧស្ម័ន និងប្រេងដោយការចេញអាជ្ញាប័ណ្ណ ៕ធ.ដ