-
អតីតនាយករដ្ឋមន្ត្រីប្រទេសប៉ាគីស្ថាន ត្រូវបានចាប់ខ្លួនរឿងពុករលួយ

អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Shahid Khaqan Abbasi កាលពីថ្ងៃព្រហស្បតិ៍តម្សិលមិញ ត្រូវបានចាប់ឃាត់ខ្លួន ដោយក្រុមប្រឹក្សាភិបាលគណនេយ្យភាពជាតិប៉ាគីស្ថាន។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមប្រឹក្សានេះ មិនទាន់បានផ្តល់ព័ត៌មានលំអិតអំពីស្ថានភាពនៃការចាប់ខ្លួននេះនៅឡើយទេ នេះបើយោងតាមអ្នកនាំពាក្យរបស់ការិយាល័យប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ប្រភពថា អតីតនាយករដ្ឋមន្ត្រីកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រគល់គម្រោងដេញថ្លៃដែលមានតម្លៃរាប់ពាន់លានរ៉ូពី ទៅឲ្យក្រុមហ៊ុនមួយដែលមានភាគហ៊ុនរបស់លោក។ គួរបញ្ជាក់ថា លោក Shahid Khaqan Abbasi ជាអ្នកនយោបាយល្បីឈ្មោះមួយរូបមកពីគណបក្សសម្ព័ន្ធម៉ូស្លីមប៉ាគីស្ថាន។ លោកបានបម្រើការជានាយករដ្ឋមន្ត្រីលើកទី២១ របស់ប៉ាគីស្ថាន ចាប់ពីខែសីហា ឆ្នាំ ២០១៧ ដល់ខែឧសភា ឆ្នាំ២០១៨៕ធ.ដ
-
ប្រទេសអ៊ីស្លង់ ផ្អាកការនេសាទត្រីបាឡែនលើកដំបូងក្នុងរយៈពេលជិត២០ឆ្នាំ

សារព័ត៌មាន Dailymail បានចេញផ្សាយ កាលពីម្សិលមិញថា ក្រុមអ្នកនេសាទក្នុងប្រទេសអ៊ីស្លង់ នឹងមិនធ្វើការនេសាទត្រីបាឡែនទេនារដូវក្ដៅឆ្នាំនេះ ដែលជាលើកដំបូងបង្អស់មិនធ្លាប់មានក្នុងរយៈពេល១៧ឆ្នាំ។ ប្រភពថា ក្រុមហ៊ុននេសាទដែលទទួលបានសិទ្ធិក្នុងប្រទេសអ៊ីស្លង់ ឲ្យដឹងថាខ្លួននឹងមិនចេញនេសាទត្រីបាឡែនទេនៅឆ្នាំនេះ ដោយសារតម្រូវការធ្លាក់ចុះខ្លាំងជាពិសេសក្នុងប្រទេសជប៉ុន។ ដោយឡែកពួកគេ នឹងធ្វើការនាំចូលសាច់ត្រីនេះក្នុងបរិមាណតិចតួចប៉ុណ្ណោះពីប្រទេសន័រវេស ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ នាយកគ្រប់គ្រងក្រុមហ៊ុននេសាទបានបញ្ជាក់ថា ដោយសារតម្រូវការធ្លាក់ចុះក្នុងទីផ្សារប្រទេសជប៉ុន ធ្វើឲ្យពិបាកលក់ត្រីបាឡែន ដូច្នេះមិនចាំបាច់ចេញទៅនេសាទពួកវាទេ ហើយយើងនឹងងាកទៅរកនេសាទកាំប្រម៉ាសមុទ្រជំនួសវិញ។ គួរឲ្យដឹងថា ការធ្លាក់ចុះតម្រូវការពីប្រទេសជប៉ុននេះ គឺដោយសារតែពួកគេចាប់ផ្ដើមនេសាទត្រីបាឡែនដោយខ្លួនឯងឡើងវិញ ក្រោយផ្អាកដំណើរការអស់រយៈពេលជាង៣១ឆ្នាំ៕ធ.ដ
-
កងនាវាសហរដ្ឋអាមេ៉រិកបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើកអ៊ីរ៉ង់ នៅឯច្រក សមុទ្រ Hormuz ខណៈប្រទេសទំាងពីរកំពុងប្រឈមនឹងភាពតានតឹងខ្លំាង

សហរដ្ឋអាមេ៉រិក៖ កងនាវាអាមេ៉រិកបានបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើក មួយគ្រឿងរបស់អ៊ីរ៉ង់នៅឯច្រកសមុទ្រហ័រមូស ស្របពេលភាពតានតឹងរវាងប្រទេសទាំងពីរកំពុងកើនឡើងកម្តៅខ្លំាង នេះបើតាមការអះអាងរបស់ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ ។ ហេតុការណ៍នេះបានកើតមានឡើងបន្ទាប់ពីកាលពីខែមិថុនាកន្លងទៅ អ៊ីរ៉ង់ក៏ធ្លាប់បានបាញ់ទម្លាក់យន្ដហោះដ្រូនអាមេ៉រិកមួយគ្រឿងផងដែរ ហើយឧបទ្ទវហេតុនេះបានធ្វើឱ្យប្រទេសទាំងពីរមានភាពតានតឹងគ្នា រហូតជិតបង្កទៅជាជម្លោះប្រដាប់អាវុធ ។ ជុំវិញករណីបាញ់យន្តហោះដ្រូនរបស់អ៊ីរ៉ង់ខាងលើ ប្រធានាធិបតីអាមេ៉រិករូបនេះ បានគួសបញ្ជាក់ថា នាវាចម្បាំងអាមេ៉រិក USS Boxer បានចាត់វិធានការការពារខ្លួន ដោយបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើកអ៊ីរ៉ង់មួយគ្រឿង នៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បន្ទាប់ពីយន្ដហោះដ្រូននោះ ហោះមកក្បែរនៅចំងាយ៩១៤ម៉ែត្រពីនាវាចម្បាំងអាមេ៉រិក ។ ប៉ុន្តែមកទល់នឹងពេលនេះ ខាងទីក្រុតតេហេរ៉ង់មិនទាន់ទទួលស្គាល់ការអះអាងនេះនៅឡើយទេ ៕ធ.ដ
-
ប្រមុខការទូតសហរដ្ឋអាមេ៉រិកគ្រោងធ្វើទស្សនកិច្ចទៅកាន់តំបន់អាមេ៉រិកឡាទីននាចុងសប្ដាហ៍នេះ

សហរដ្ឋអាមេ៉រិក៖ រដ្ឋមន្ត្រីការបរទេសអាមេ៉រិកលោក ម៉ៃ ប៉ុមប៉េអូ នឹងធ្វើដំណើរទៅកាន់តំបន់អាមេ៉រិកឡាទីន ដើម្បីជួបពិភាក្សាជាមួយនឹងមេដឹកនាំនានានៅទីនោះ ខណៈមានការចរចាតឹងតែងជាមួយម៉ិចស៊ី និងបណ្ដាប្រទេសផ្សេងទៀតនៅទ្វីបអាមេ៉រិកកណ្ដាល ពាក់ព័ន្ធនឹងការស្វែងរកវិធីបញ្ឈប់លំហូររបស់ជនចំណាកស្រុកអាមេ៉រិកឡាទីន ដែលធ្វើដំណើរសំដៅទៅកាន់ព្រំដែនភាគខាងត្បូងសហរដ្ឋអាមេ៉រិក ។ នៅក្នុងសន្និសីទព័ត៌មានប្រចាំថ្ងៃមួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេ៉រិកអ្នកស្រី ម័រហ្គេន អ៊តតាហ្គាស់ បានលើកឡើងថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដានេះ លោករដ្ឋមន្ត្រីនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង ប៊ូណស់ អ៊ែរ៉េស ប្រទេសអាហ្សង់ទីន អេក្វាទ័រ ម៉ិចស៊ីកូ និងអែលសាល់វាឌ័រ ។ ដែលនៅទីនោះ លោក ប៉ុមប៉េអូ នឹងពង្រីកកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខនានា ពង្រឹងការប្ដេជ្ញារបស់អាមេ៉រិកចំពោះសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជាពិសេសគាំទ្រប្រជាពលរដ្ឋគុយបា នីការ៉ាហ្គ័រ និងវេណេហ្ស៊ុយអេឡា ព្រមទំាងគាំទ្រការតស៊ូរបស់ពួកគេ ដើម្បីសេរីភាព ក៏ដូចជាបង្កើនភាពជាដៃគូសេដ្ឋកិច្ច និងពង្រីកឱកាសសេដ្ឋកិច្ចសម្រាប់ពលរដ្ឋអាមេ៉រិកាំងផងដែរ ។ បញ្ហាចំណាកស្រុកទំនងជាបញ្ហាដ៏ធំ សម្រាប់ការពិភាក្សារបស់លោក នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសផ្សេងទៀតផងដែរ ៕ធ.ដ
-
តួកគីអះអាងថា សហរដ្ឋអាមេ៉រិកកំពុងបំផ្លាញទំនាក់ទំនងទ្វេភាគី ក្រោយសម្រេចចិត្តដកទីក្រុងអង់ការ៉ាចេញពីកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បំាង F-35

តួកគី៖ ការសម្រេចចិត្តរបស់អាមេ៉រិក ក្នុងការចាប់ផ្តើមដកតួកគីចេញពីកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំង-បំបាំងកាយ F-35 របស់អង្គកាណាតូ គឺជាទង្វើឯកតោភាគី ដែលអាចបំផ្លាញទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអង់ការ៉ា នេះបើតាមក្រសួងការបរទេសតួកគឺ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ។ ក្រសួងការបរទេសតួកគី តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនបានបញ្ជាក់ថាវិធានការបែបឯកតោភាគីនេះ ពុំបានផ្អែកលើស្មារតីសម្ព័ន្ធមិត្ត ឬមូលដ្ឋានស្របច្បាប់នោះទេ ហើយថា វាជារឿងអយុត្តិធម៌ណាស់ ក្នុងការដកតួកគីចេញពីកម្មវិធីអភិវឌ្ឍន៍យន្ដហោះចម្បាំងបំបាំងកាយ F-35 នេះ ។ សូមជម្រាបផងដែរថា គ្រឿងបរិក្ខានៃប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ីឈុតដំបូង ត្រូវបានចាប់ផ្តើមបញ្ជូនមកដល់មូលដ្ឋានទ័ព ម៊ូធីត ក្នុងទីក្រុងអង់ការ៉ា ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុន ។ ប្រការនេះ បានធ្វើឲ្យអាមេ៉រិកសម្រេចចិត្តដកតួកគីចេញកម្មវិធីអភិវឌ្ឍន៍យន្ដហោះ F-35 ជាឯកតោភាគី ហើយថែមទាំងប្រកាសថា ខ្លួននឹងមិនលក់យន្តហោះចម្បាំងនេះទៅឲ្យទីក្រុងអង់ការ៉ាឡើយ ៕ធ.ដ
-
មនុស្សស្លាប់ និងរបួសសរុបជិត៧០នាក់ ដោយសារគ្រោះអគ្គិភ័យឆាបឆេះក្រុមហ៊ុនផលិតគំនូរជីវចលនៅជប៉ុន

ជប៉ុន៖ សារព័ត៌មានចិន CGTN បានចុះផ្សាយថា តួលេចជនរងគ្រោះបាត់បង់ជីវិត នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះស្ទូតឌីយ៉ូមួយកន្លែងរបស់ក្រុមហ៊ុនផលិតគំនូរជីវចល ក្នុងទីក្រុងក្យូតូ ភាគខាងលិចប្រទេសជប៉ុន បានបន្តកើនឡើងដល់៣៣នាក់ និង៣៦នាក់ផ្សេងទៀតរងរបួស ។ ប្រភពដដែលបានឱ្យដឹងទៀតថា បុរសជាជនសង្ស័យម្នាក់មានអាយុ៤១ឆ្នាំត្រូវបានអាជ្ញាធរជប៉ុនចាប់ខ្លួន ហើយសាក្សីនៅមានជីវិតមួយចំនួនបានអះអាងថា បុរសរូបនេះបានស្រែកពាក្យថា ស្លាប់ទៅ មុននឹងរូបគេគប់វត្ថុម្យ៉ាងចូលមកក្នុងអគាររបស់ក្រុមហ៊ុនខាងលើ ។ ដោយឡែកបើតាមក្រុមអ្នកពន្លត់អគ្គិភ័យជប៉ុននោះ ភ្លើងបានឆាបឆេះស្ទូតឌីយ៉ូរបស់ក្រុមហ៊ុន ក្យូតូ អេននីមេសិន នៅម៉ោងប្រមាណ១០ និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីមានសំឡេងផ្ទុះបានកើតឡើង ។ ក្រុមពន្លត់អគ្គិភ័យបានបំពេញប្រតិបត្តិការរបស់ពួកគេយ៉ាងសស្រាក់សស្រាំរហូតដល់អាចពន្លត់ អគ្គីភ័យទាំងស្រុងនាវេលារសៀលថ្ងៃដដែលនោះ ។ ពាក់ព័ន្ធនឹងសោកនាដកម្មនេះដែរ នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ក៏បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះនៅក្នុងគ្រោះអគ្គិភ័យដ៏អាក្រក់នេះផងដែរ ៕ធ.ដ
-
សភាតំណាងរាស្រ្តអាម៉េរិក អនុម័តដំណោះស្រាយចំនួន៣ ដើម្បីទប់ស្កាត់លោក ដូណាល់ ត្រាំ លក់អាវុធឲ្យបណ្ដាប្រទេសអារ៉ាប់

សហរដ្ឋអាម៉េរិក៖ សភាតំណាងរាស្ត្រអាម៉េរិក គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ នៅថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បានអនុម័តលើដំណោះស្រាយចំនួន៣ ដើម្បីរារាំងរដ្ឋបាលលោក ដូណាល់ ត្រាំ លក់អាវុធឱ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ដោយគ្មានការត្រួតពិនិត្យ ឬការយល់ព្រមពីសភា។ សូមរំលឹកដែរថា ព្រឹទ្ធសភាគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ កាលពីខែមិថុនាកន្លងមកនេះ ក៏បានអនុម័តផងដែរលើដំណោះស្រាយបិទខ្ទប់ការលក់អាវុធរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ប៉ុន្តែខាងសេតវិមានបានបញ្ជាក់ថា លោក ត្រាំ នឹងប្រើសិទ្ធិវេតូជំទាស់នឹងការសម្រេចចិត្តនេះ។ ដោយឡែកពាក់ព័ន្ធនឹងដំណោះស្រាយចំនួន៣ខាងលើនេះ ក្នុងនោះមានដំណោះស្រាយចំនួន២ ត្រូវបានអនុម័តក្នុងសំឡេងគាំទ្រ២៣៨ទល់នឹង១៩០សំឡេង ខណៈដំណោះស្រាយទី៣ក្នុងសំឡេង២៣៧ទល់នឹង១៩០សំឡេង៕ធ.ដ
-
ជប៉ុន នឹងយកបញ្ហាជម្លោះជាមួយកូរ៉េខាងត្បូងទៅដោះស្រាយនៅតុលាការអន្តរជាតិ បើសិនមិនអាចស្វែងរកអាជ្ញាកណ្តាលដោះស្រាយបាន

ជប៉ុន៖ សារព័ត៌មានជប៉ុន NHK បានចុះផ្សាយថា ជប៉ុនកំពុងពិចារណាយកសំណុំរឿង ដែលតុលាការកូរ៉េខាងត្បូង បង្គាប់ឱ្យខ្លួនបង់សំណងរាប់លានដុល្លារ ទៅដល់ប្រជាជនកូរ៉េខាងត្បូង ឡើងតុលាការយុត្តិធម៌អន្តរជាតិ។ ប្រភពដដែលបានឱ្យដឹងទៀតថា ទីក្រុងតូក្យូ នឹងបន្តជំរុញឱ្យទីក្រុងសេអ៊ូល បញ្ចប់ជម្លោះនេះ ប៉ុន្តែបើនៅតែគ្មានដំណោះស្រាយនោះ ជប៉ុនអាចនឹងចាត់វិធានការតបត ក្នុងនោះមានរួមទាំងការដាក់ពាក្យប្ដឹងឡើងតុលាការយុត្តិធម៌អន្តរជាតិ ខណៈកាលបរិច្ឆេទក្នុងការស្វែងរកអាជ្ញាកណ្ដាល នឹងត្រូវផុតកំណត់នៅថ្ងៃព្រហស្បតិ៍តនេះ។ សូមរំលឹកថា ភាពតានតឹងរវាងប្រទេសទាំងពីរ បានផ្ទុះឡើង ក្រោយតុលាការកំពូលកូរ៉េខាងត្បូងកាលពីឆ្នាំ២០១៨ បានបង្គាប់ឱ្យក្រុមហ៊ុនជប៉ុនចំនួន០២ ធ្វើការបង់ប្រាក់សំណងដល់ប្រជាជនកូរ៉េខាងត្បូង ដែលត្រូវបានបង្ខំឱ្យធ្វើការដោយគ្មានប្រាក់ខែនៅតាមរោងចក្ររបស់ក្រុមហ៊ុនទាំងពីរនេះ ក្នុងសម័យសង្រ្គាមលោកលើកទី២។ ប៉ុន្តែទីក្រុងតូក្យូ បានចាត់ទុកការសេចក្ដីសម្រេចនេះ គឺជាទង្វើរំលោភលើច្បាប់អន្តរជាតិ ពីព្រោះបញ្ហាផ្ដល់សំណងនេះ ត្រូវបានភាគីទាំងពីរ ផ្សះផ្សាគ្នាចាប់តាំងតែពីឆ្នាំ១៩៦៥ ៕ធ.ដ
-
សហរដ្ឋអាម៉េរិក កំពុងត្រៀមដកតួកគី ចេញពីកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បំាង-បំបាំងកាយ F-35 ដោយសារការទិញប្រព័ន្ធ S-400 របស់រុស្ស៊ី

សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងចាប់ផ្ដើមដំណើរការនីតិវិធី ដកប្រទេសតួកគី ចេញពីកម្មវិធីអភិវឌ្ឍន៍យន្ដហោះចម្បាំង-បំបាំងកាយ F-35 បន្ទាប់ពីទីក្រុងអង់ការ៉ា ទទួលបានប្រព័ន្ធមីស៊ីល S-400 ពីប្រទេសរុស្ស៊ី។ បើតាមលោកស្រី អែលឡេន ឡត ដែលជាមន្ត្រីជាន់ខ្ពស់របស់ក្រសួងការពារជាតិអាម៉េរិក ប្រទេសលោកស្រី និងដៃគូក្នុងកម្មវិធីអភិវឌ្ឍន៍យន្តហោះ F-35 ដទៃទៀត បានសម្រេចចិត្តបញ្ឈរជើងតួកគី ដើម្បីចាប់ផ្ដើមដំណើរការនីតិវិធី ដកទីក្រុងអង់ការ៉ា ចេញពីកម្មវិធីអភិវឌ្ឍន៍នេះជាផ្លូវការ។ ជាការឆ្លើយតបវិញនោះ ខាងក្រសួងការបរទេសតួកគី បានចាត់ទុកថា ការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិកនេះ គឺជារឿងអយុត្តិធម៌ ដែលនឹងអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទំាងពីរ៕ធ.ដ
-
ប៉ាគីស្ថានប្រកាសបើកដែនអាកាសឡើងវិញ ដើម្បីបញ្ចប់ការរឹតបន្តឹងជើងហោះហើរអស់រយៈពេលជាច្រើនខែ

ប៉ាគីស្ថាន៖ ប៉ាគីស្ថានបានបើកឲ្យដំណើរការឡើងវិញ នូវដែនអាកាសរបស់ខ្លួន សម្រាប់ការធ្វើចរាចរស៊ីវិលទាំងអស់ ដើម្បីបញ្ចប់ការរឹតបន្តឹងអស់រយៈពេលជាច្រើនខែកន្លងមកនេះ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ដែនអាកាសអន្តរជាតិសំខាន់ៗជាច្រើន ដែលរួមទាំងការហោះហើរចេញពីប្រទេសឥណ្ឌា ។ ក្រុមអាជ្ញាធរអាកាសចរណ៍ស៊ីវិលគ្រប់គ្រងដោយរដ្ឋ ហៅកាត់ថា (CAA) បានលើកឡើងថា ដោយសារមានផលប៉ះពាល់បន្ទាន់ ដែនអាកាសរបស់ប៉ាគីស្ថានបានបើកឡើងវិញហើយ ជូនដល់ការធ្វើចរាចរស៊ីវិលគ្រប់ប្រភេទទាំងអស់។ បើតាមអ្នកនាំពាក្យរបស់ក្រុមអាជ្ញាធរអាកាសចរណ៍ស៊ីវិល CAA បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានក្នុងស្រុកថា ដែនអាកាស នៅភាគខាងកើតតាមបណ្តោយព្រំដែនជាមួយប្រទេសឥណ្ឌា បានបើកឡើងវិញហើយ។ គួរជម្រាបថា ប្រទេសប៉ាគីស្ថាន បានបិទដែនអាកាសរបស់ខ្លួនទាំងស្រុង ក្រោយការប៉ះទង្គិច គ្នារវាងប៉ាគីស្ថាន និងឥណ្ឌា កាលពីខែកុម្ភៈកន្លងទៅ ជាហេតុធ្វើឲ្យភាពតានតឹងឡើងកម្តៅ ខ្លាំងបំផុតរវាងប្រទេសទំាងពីរ។ ប៉ាគីស្ថាន និងឥណ្ឌា បានដកចេញនូវបម្រាមដ៏តឹងរ៉ឹងមួយ ចំនួនមកវិញ នៅរយៈពេល១ខែក្រោយមក ប៉ុន្តែនៅរក្សាការដាក់កំហិតដដែល សម្រាប់ដែន អាកាសភាគខាងកើតជាប់ព្រំដែនជាមួយប្រទេសឥណ្ឌា៕ធ.ដ