-
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ជាប់ឆ្នោតជាប្រធានគណៈកម្មាការអឺរ៉ុប ជាស្ត្រីដំបូងគេ

អឺរ៉ុប៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Ursula von der Leyen បានជាប់ឆ្នោតជាប្រធានគណៈកម្មាការអឺរ៉ុបជាស្ត្រី និងជាជនជាតិអាល្លឺម៉ង់ដំបូងគេបំផុត ដែលនឹងកាន់តំណែងកំពូលនេះ ក្នុងរយៈពេលច្រើនជាង៥០ឆ្នាំមកនេះ។ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់រូបនេះ នឹងត្រូវឡើងកាន់តំណែងជាប្រធានគណៈកម្មការអឺរ៉ុបជំនួសលោក Jean-Claude Juncker នៅថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខនេះ។ សូមជម្រាបផងដែរថា នៅក្នុងការបោះឆ្នោតជាសម្ងាត់មួយនៅល្ងាចថ្ងៃអង្គារ សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) សមាជិកសភាអឺរ៉ុប បានបោះឆ្នោតគាំទ្រលោកស្រី von der Leyen ក្នុងសំឡេងគាំទ្រ៣៨៣ ទល់នឹង៣២៧សំឡេង នៃសមាជិកសភាអឺរ៉ុបសរុប៧៤៧នាក់ ខណៈសមាជិកសភាអឺរ៉ុប៤នាក់ផ្សេងទៀតអវត្តមាននៅក្នុងការបោះឆ្នោតនេះ៕ធ.ដ
-
យន្តហោះខ្នាតធំ១២គ្រឿងហើយ ដែលបានដឹកប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីមកកាន់តួកគី

តួកគី៖ ចាប់តាំងពីសប្តាហ៍មុនមកដល់ថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) យន្តហោះយោធាខ្នាតធំរុស្ស៊ីសរុបចំនួន១២គ្រឿងហើយ ដែលបានដឹកជញ្ជូនបរិក្ខាររបស់ប្រព័ន្ធមីស៊ីល S-400 បានមកចុះចតនៅប្រទេសតួកគី ហើយទីក្រុងអង់ការ៉ា ក៏កំពុងចាប់ផ្តើមដំណើរការដំឡើងបណ្តើរៗផងដែរ ដោយវាអាចនឹងហើយជាស្ថាពរទាំងស្រុងនៅខែមេសា ឆ្នាំ២០២០ខាងមុខ។ ប្រជាជនតួកគី ដែលអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងច្រើនកុះករ បាននាំគ្នាបង្ហាញការគាំទ្រ ក៏ដូចជាសាទរចំពោះមេដឹកនាំពួកគេ ដែលបានប្រកាន់ជំហរយ៉ាងរឹងមាំ ជុំវិញការសម្រេចទិញសព្វាវុធនេះពីទីក្រុងម៉ូស្គូ នៅចំពោះមុខការគំរាមគំហែងរបស់សហរដ្ឋអាម៉េរិក។ សូមបញ្ជាក់ថា ការមកដល់របស់យន្តហោះខ្នាតធំ១២គ្រឿងខាងលើនេះ បានកើតមានឡើងក្រោយប្រធានាធិបតីអាម់េរិកលោក ដូណាល់ ត្រាំ ទើបតែបានប្រកាសថា រដ្ឋបាលលោកនឹងមិនលក់យន្តហោះចម្បាំង F-35 ដែលតួកគី ចង់ទិញទៀតឡើយ ខណៈតួកគីបានចំណាយលុយខ្ទង់ពាន់លានដុល្លារ ដើម្បីចូលរួមក្នុងកិច្ចប្រឹងប្រែងស្រាវជ្រាវ និងអភិវឌ្ឍន៍ F-35 ជាមួយបណ្តាប្រទេសមួយចំនួនទៀត ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាម៉េរិក៕ធ.ដ
-
របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា ប្រជាជនកូរ៉េខាងជើងជិតពាក់កណ្តាល ប្រឈមនឹងការខ្វះស្បៀងអាហារខ្លាំង

កូរ៉េខាងជើង៖ របាយការណ៍ថ្មីៗរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រជាជនកូរ៉េខាងជើងជិតពាក់កណ្តាលបានរងទុក្ខ ដោយសារតែការបរិភោគមិនគ្រប់គ្រាន់ ខណៈប្រទេសក្រីក្រមួយនេះ បានប្រយុទ្ធប្រឆាំងជាមួយនឹងការខ្វះស្បៀងអាហារកាន់តែអាក្រក់ឡើងនោះ។ យោងតាមអង្គការសន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភនៅក្នុងពិភពលោកឆ្នាំ២០១៩ ដែលបានចេញផ្សាយដោយអង្គការស្បៀងអាហារ និងកសិកម្ម (FAO) បានឲ្យដឹងថា ការរីករាលដាលនៃការបរិភោគមិនគ្រប់គ្រាន់របស់ប្រជាជននៅប្រទេសកូរ៉េខាងជើង បានកើនឡើងរហូតដល់៤៧,៨ភាគរយ ចាប់តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨។ ចំនួននោះ បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ ២០០៤-២០០៦ ដែលជាតួលេខប្រៀបធៀបឈរនៅត្រឹមចំនួន៣៥,៤ភាគរយ និងអាចកើនឡើងរហូតដល់៤៣,៤ភាគរយ ដែលត្រូវបានគេរាយការណ៍នៅឆ្នាំ២០១៥-២០១៧។ នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយកាលពីដើមខែនេះ គឺអង្គការ FAO និងកម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថា ទិន្នផលដំណាំរបស់កូរ៉េខាងជើង បានធ្លាក់ចុះក្នុងកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០០៨ ដោយគេបានប៉ាន់ប្រមាណថា មានប្រជាជន១០លាននាក់ ឬប្រហែល៤០ភាគរយនៃប្រជាជនសរុបនោះត្រូវការស្បៀងអាហារ។ ទន្នឹមគ្នានោះ ស្ថានភាពនៃការបរិភោគមិនគ្រប់នៅកូរ៉េខាងជើងក្មេងៗអាយុក្រោម៥ឆ្នាំ ធ្លាក់ចុះពី ២៧,៩ ភាគរយក្នុងឆ្នាំ២០១២ មកនៅត្រឹម១៩,១ភាគរយក្នុង២០១៨៕ធ.ដ
-
ស្តេចគ្រឿងញៀនម៉ិកស៊ិកដ៏ល្បី ត្រូវបានតុលាការសហរដ្ឋអាម៉េរិកកាត់ទោសជាប់ពន្ធនាគារ អស់មួយជីវិត

ម៉ិកស៊ិក៖ លោក Joaquin Guzman ដែលជាស្ដេចគ្រឿងញៀនម៉ិកស៊ិក ត្រូវបានតុលាការសហរដ្ឋអាម៉េរិក ផ្ដន្ទាទោសដាក់ពន្ធគារអស់មួយជីវិត។ លោក Guzman មានអាយុ៦២ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋធ្ងន់ៗជាច្រើន ក្នុងនោះរួមមានទាំងការរត់ពន្ធគ្រឿងញៀន។ ក្រៅពីជាប់ពន្ធនាគារអស់មួយជីវិត បូកបន្ថែមទោស៣០ឆ្នាំទៀត តុលាការអាម៉េរិកក៏បានបង្គាប់ឱ្យរឹបអូសប្រាក់ពីឧក្រិដ្ឋជនរូបនេះជាង១២,៦ពាន់លានដុល្លារផងដែរ។ សូមរំលឹកឡើងវិញថា ស្ដេចគ្រឿងញៀនម៉ិកស៊ិករូបនេះ ត្រូវបានចាប់ខ្លួនលើកចុងក្រោយ កាលពីឆ្នាំ២០១៧ ដោយអាជ្ញាធរម៉ិកស៊ិក ហើយដោយសារតែខ្លាចលោក Guzman គេចខ្លួន ទើបអាជ្ញាធរម៉ិកស៊ិកបញ្ជូនរូបគេ មកកាត់ទោសនៅសហរដ្ឋអាម៉េរិកក្នុងឆ្នាំដដែលនោះ៕ធ.ដ
-
នាយករដ្ឋមន្ត្រីថៃ ទើបស្បថចូលកាន់តំណែងលើកឡើងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនអាចធ្វើទាំងប្រញាប់ទេ

នាយករដ្ឋមន្ត្រីថ្មីថ្មោងរបស់ថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមិនអាចធ្វើទាំងប្រញាប់ប្រញាល់ទេ ដោយសារតែនៅមានតម្រូវការស្របច្បាប់ ហើយបញ្ហាខ្លះត្រូវការការដឹងឮជាសាធារណៈ ដូច្នេះប្រហែលជាអាចមានការធ្វើប្រជាមតិ។ កាលពីម្សិលមិញ លោក ប្រាយុទ្ធ បានលើកឡើងជាថ្មីពីការគាំទ្ររបស់លោក ក្នុងការផ្លាស់ប្តូរមាត្រាខ្លះៗ នៃរដ្ឋធម្មនុញ្ញ ប៉ុន្តែលោកបង្ហាញថា ដំណើរការស្របច្បាប់ ពាក់ព័ន្ធនឹងវិសោធនកម្មច្បាប់អាចត្រូវការពេលវេលាច្រើនទៀត។ គម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ក៏ត្រូវបានទាមទារឲ្យកើតមានដែរ ពីសំណាក់ក្រុមគណបក្សប្រឆាំង ដោយពួកគេជឿជាក់ថា រដ្ឋធម្មនុញ្ញបច្ចុប្បន្ន គឺជាច្បាប់ការពាររបបយោធា។ ប៉ុន្តែរបបសឹក ឬរបបយោធានៅប្រទេសថៃ ត្រូវបានប្រកាសបញ្ចប់ហើយ ក្នុងពេលរដ្ឋាភិបាលថ្មីរបស់លោក ប្រាយុទ្ធ ដែលជារដ្ឋាភិបាលមានការចូលរួមពីបណ្តាគណបក្សនានាផងដែរនោះ បានស្បថចូលកាន់តំណែង ជាផ្លូវការថ្មីៗនេះ។ រដ្ឋាភិបាលថ្មីដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូចា គ្រោងនឹងធ្វើសេចក្តីថ្លែងការស្តីពីគោលនយោបាយរបស់ខ្លួន នៅចំពោះមុខសភា នាសប្តាហ៍ក្រោយ ហើយសមាជិកសភា និងព្រឹទ្ធសភា នឹងចូលរួម ក្នុងវេទិការដេញដោលមួយទៀត ដែលគ្រោងធ្វើឡើង នាចុងខែកក្កដានេះ។ សេចក្តីថ្លែងការណ៍នេះ គឺជាបណ្តុះនៃគោលនយោបាយគន្លះ របស់បណ្តាគណបក្សសម្ព័ន្ធ ផ្អែកតាមការសន្យាដែលពួកគេធ្លាប់បានប្រកាស កាលពីមុនការបោះឆ្នោត នាថ្ងៃទី២៤ ខែមីនា…
-
ហ្វីលីពីន ប្រកាសអាសន្នបញ្ហាគ្រុនឈាមដែលសម្លាប់មនុស្សជិត៥០០នាក់ហើយ តាំងពីដើមឆ្នាំ២០១៩មក

សារព័ត៌មាន CNN បានចេញផ្សាយថ្មីៗនេះថា អាជ្ញាធរសុខាភិបាលហ្វីលីពីន បានប្រកាសអាសន្នឲ្យមានការប្រុងប្រយ័ត្នខ្ពស់ពីជំងឺគ្រុនឈាម ក្រោយពេលដែលជំងឺនេះផ្ទុះឡើង បណ្ដាលឲ្យមនុស្ស៤៥៦នាក់ស្លាប់ ចាប់តាំងពីខែមករាមក។ ក្រសួងបង្ហាញថា ប្រមាណជា១០ម៉ឺន ករណីនៃជំងឺគ្រុនឈាមត្រូវបានរាយការណ៍ទូទាំងប្រទេសហ្វីលីពីនក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ ដែលជាការកើនឡើងខ្ពស់ដល់៨៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ករណីច្រើនបំផុតនៃជំងឺនេះ ត្រូវបានប្រកាសនៅតំបន់ចំនួន៤ដូចជា Mimaropa, Western Visayas, Central Visayas និង Northern Mindanao ដែលមានប្រជាជនច្រើនជាង ២០លាននាក់ ឬស្មើនឹង ២០%នៃប្រជាជនហ្វីលីពីន។ យ៉ាងណាមិញ មន្ត្រីក្រសួងសុខាភិបាល កំពុងធ្វើការយកចិត្តទុកដាក់ខ្ពស់តាមដានស្ថានភាពនៅតំបន់ចំនួន៩ផ្សេងទៀតរួមទាំងទីក្រុង Davao ដែលជាកន្លែងកំណើតរបស់ប្រធានាធិបតី រ៉ូទ្រីហ្គោ ឌូតឺតេផងដែរ៕ធ.ដ
-
ការនាំចេញេកៅស៊ូរបស់វៀតណាមកើនឡើងខ្លាំង តម្លៃក៏កើនឡើង

ការនាំចេញកៅស៊ូរបស់ប្រទេសវៀតណាម កាលពីខែមិថុនា ២០១៩ មានកំណើនខ្លាំង ពោលគឺមានដល់ទៅ១២២,៧៦០តោន កើនឡើង៥៨,៤ភាគរយ បើប្រៀបធៀបនឹងខែឧសភា ឆ្នាំ២០១៩ រីឯតម្លៃវិញក៏កើនឡើង៥៦,១ភាគរយផងដែរ។ នេះបើតាមអគ្គនាយកដ្ឋានគយវៀតណាម ចេញផ្សាយដោយសារព័ត៌មាន Vietnamnews កាលពីថ្ងៃទី១៧ កក្កដាម្សិលមិញ។ តួលេខទាំងនេះ បើប្រៀបធៀបនឹងខែមិថុនា ឆ្នាំ២០១៨វិញ មានកំណើន០,៥ភាគរយ លើទំហំ ហើយតម្លៃវិញកើនឡើង០,៧ភាគរយ។ យ៉ាងណាក៏ដោយ តម្លៃនាំចេញជ័រកៅស៊ូជាមធ្យមក្នុងខែមិថុនា គឺ១៤២១ដុល្លារអាម៉េរិក ក្នុង១តោន ធ្លាក់ចុះ១,៥ភាគរយ បើប្រៀបធៀបនឹងខែឧសភា ប៉ុន្តែកើនឡើង០,២ភាគរយ បើធៀបនឹងខែមិថុនា ឆ្នាំ២០១៨វិញ។ ប្រភពថា ការនាំចេញកៅស៊ូទៅទីផ្សារចិនកាលពីខែមិថុនា បានធ្លាក់ចុះខ្លាំង បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ខណៈដែលការនាំចេញទៅឥណ្ឌា និងម៉ាឡេស៊ីបានកើនឡើងខ្លាំង។ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៩ ការនាំចេញកៅស៊ូមានទំហំ៦១៤,៣៩០តោន តម្លៃ៨៤១,៨៣លានដុល្លារអាម៉េរិក កើនឡើង៨,៩ភាគរយ លើទំហំ និងកើនឡើង២,៦ភាគរយលើតម្លៃ បើធៀបនឹង៦ខែដូចគ្នា កាលពីឆ្នាំ២០១៨៕ធ.ដ
-
អាជ្ញាធរអ៊ីតាលី រឹបអូសឃ្លាំងអាវុធមួយកន្លែងដែលពោរពេញដោយអាវុធ និងមីស៊ីសជាច្រើន ព្រមទាំងឃាត់ខ្លួនមនុស្ស៣នាក់

អ៊ីតាលី៖ ប៉ូលិសអ៊ីតាលី បានរឹបអូសឃ្លាំងអាវុធយោធាដ៏ធំមួយកន្លែង ដែលមានអាវុធជាច្រើនប្រភេទ ក្នុងនោះរួមទាំងមីស៊ីលអាកាស១ដើម និងគ្រាប់រ៉ុក្តែត ក៏ដូចជាឃាត់ខ្លួនបុរស៣នាក់។ ជនសង្ស័យដែលត្រូវបានប៉ូលិសអ៊ីតាលីឃាត់ខ្លួនទាំង៣នាក់នោះ រួមមាន លោក ម៉ុនទី អាយុ៤២ឆ្នាំ និងលោក ប៊ឺណាឌី អាយុ៥១ឆ្នាំ ពីបទកាន់កាប់ និងព្យាយាមលក់មីស៊ីលប្រភេទ ម៉ាត្រា អ៊ែរ ធូ អ៊ែរ ដែលផលិតដោយប្រទេសបារាំងមួយនេះ ខណៈដែលលោក ប៊ឺជីអូឡូ អាយុ៦០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទធ្វើជាអ្នកសម្របសម្រួលលក់អាវុធ។ បើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរអ៊ីតាលីនោះ ជនសង្ស័យទំាង៣នាក់ខាងលើនេះ ត្រូវបានគេជឿជាក់ថា បាននឹងកំពុងព្យាយាមលួចលាក់លក់អាវុធទំាងអស់តាមប្រព័ន្ធអ៊ីនធើណិត៕ធ.ដ
-
សារព័ត៌មានឥណ្ឌាបញ្ជាក់ថា ការលេចឥន្ធនៈនៅក្នុងម៉ាស៊ីនគ្រាប់រ៉ុក្តែត គឺជាមូលហេតុ ដែលឥណ្ឌាសម្រេចចិត្តផ្អាកការបាញ់យានទៅព្រះចន្ទ

ឥណ្ឌា៖ ការលេចឥន្ធនៈនៅក្នុងម៉ាស៊ីនគ្រាប់រ៉ុក្កែត គឺជាមូលហេតុចម្បង ដែលឥណ្ឌាសម្រេចចិត្តផ្អាកការចេញដំណើរបេសកកម្មទៅកាន់ឋានព្រះចន្ទ តែជិតមួយម៉ោងមុនពេលវាត្រូវបាញ់បង្ហោះ នេះបើតាមសារព័ត៌មានក្នុងស្រុកឥណ្ឌា។ ប្រភពដដែលបានឱ្យដឹងថា ឥណ្ឌាបានប៉ុនប៉ងចេញបេសកកម្មជាលើកទីពីរ ឆ្ពោះទៅកាន់ឋានព្រះចន្ទ ក្រោយពីបានធ្វើដូច្នោះម្តងរួចមកហើយកាលពីឆ្នាំ២០០៨។ បេសកកម្ម ចាន់ដ្រាយ៉ាន វ័ន កាលពីឆ្នាំ២០០៨ ឥណ្ឌាគ្រាន់តែបញ្ជូនយាន ប្រភេទផ្កាយរណបឲ្យទៅសិក្សាព្រះចន្ទ នៅជុំវិញគន្លងគោចរប៉ុណ្ណោះ។ ដោយឡែកបេសកកម្ម ចាន់ដ្រាយ៉ាន ធូ ដែលឥណ្ឌាផ្អាកខាងលើនេះ មានទំហំអភិវឌ្ឍន៍ចំនួនជិត ១៥០លានដុល្លារ ក្នុងនោះមានយានសរុប០៣គ្រឿង។ មួយគ្រឿងជាយានប្រភេទផ្កាយរណប Orbiter និងមួយជាយានប្រភេទសម្រាប់ចុះចតនៅមួយកន្លែង (Lander) ឈ្មោះ Vikram ហើយយាន Lander នេះក៏មានផ្ទុកយានតូចមួយទៀតប្រភេទ Rover ដែលអាចចល័តបានលើផ្ទៃព្រះចន្ទផងដែរ មានឈ្មោះថា Pragyan៕ធ.ដ
-
ជប៉ុនរិះគន់ការលើកឡើងរបស់មេដឹកនាំកូរ៉េខាងត្បូង ស្របពេលភាពតានតឹងផ្នែក ពាណិជ្ជកម្មភាគីទាំងពីរកំពុងឡើងកម្ដៅ

ជប៉ុន៖ រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនលោក ហ៊ីរ៉ូស៊ីក សេកុ បានរិះគន់ការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន ពាក់ព័ន្ធនឹងភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោក ហ៊ីរ៉ូស៊ីក សេកុ បានគូសបញ្ជាក់ថា វាជារឿងមិនត្រូវទាល់តែសោះ ដែលលោក មូន បានចោទប្រកាន់ជប៉ុនថា បានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងវិស័យពាណិជ្ជកម្ម ដើម្បីដាក់ទណ្ឌកម្មលើកូរ៉េខាងត្បូង ជុំវិញករណីជម្លោះនៅសម័យសង្គ្រាម។ លោក សេកុ បានសង្កត់ធ្ងន់ថា ការរឹតបន្តឹងលើការនាំចេញសម្ភារបច្ចេកវិទ្យាទៅកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ គឺមិនមែនជាវិធានការសងសឹកទេ ប៉ុន្តែក្នុងគោលបំណងរក្សាសន្តិសុខជាតិ។ គួរបញ្ជាក់ថា ការកត់សម្គាល់យ៉ាងដូច្នេះរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុនរូបនេះ ត្រូវបានធ្វើឡើងក្រោយលោក មូន ជេអ៊ីន នៅថ្ងៃចន្ទសប្តាហ៍នេះ បានថ្លែងថា ការរឹតត្បិតរបស់ជប៉ុន ដែលដាក់គោលដៅលើក្រុមហ៊ុនកូរ៉េខាងត្បូង ជាចំណាត់ការដែលបង្កឥទ្ធិពលមិនល្អឲ្យជប៉ុន ហើយនឹងធ្វើឲ្យជប៉ុនរងគ្រោះវិញដោយសារការរួបរួមរបស់ប្រជាជនកូរ៉េខាងត្បូង ដោយលោក មូន ព្រមានចំៗទុកមុនថា សេដ្ឋកិច្ចជប៉ុននឹងទទួលផលប៉ះពាល់ធ្ងន់នៅចុងក្រោយ។ ប៉ុន្តែលោក មូន រំពឹងថា ជប៉ុននឹងដកថយ ហើយងាកទៅរកដំណោះស្រាយការទូតវិញ៕ធ.ដ