Category: ព័ត៌មានអន្តរជាតិ

  • អេហ្ស៊ីប សម្រេចបើកទ្វារប្រាសាទពីរ៉ាមីតអេហ្សីបថ្មីចំនួន០២កន្លែងឲ្យអ្នកទេសចរ ចូលទស្សនាជាសាធារណៈ

    អេហ្ស៊ីប សម្រេចបើកទ្វារប្រាសាទពីរ៉ាមីតអេហ្សីបថ្មីចំនួន០២កន្លែងឲ្យអ្នកទេសចរ ចូលទស្សនាជាសាធារណៈ

    អេហ្សីប៖ ប្រាសាទពីរ៉ាមីតចំនួន០២ បានបើកទ្វារឲ្យសាធារណៈជនចូលទស្សនាបណ្ដាញផ្លូវដើរ និងបន្ទប់បញ្ចុះសពសម័យបុរាណជាលើកដំបូង ចាប់តំាងពីថ្ងៃសោរ៍សប្ដាហ៍មុន ដែលស្ថិតនៅភាគខាងត្បូងទីក្រុងកៃរ៉ូ របស់ប្រទេសអេហ្សីប។ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ អេហ្ស៊ីប កំពុងព្យាយាមលើកកម្ពស់ការស្រាវជ្រាវខាងបុរាណវិទ្យានៅទូទាំងប្រទេស ក្នុងគោលបំណងដើម្បីធ្វើឲ្យវិស័យទេសចរណ៍មានភាពរស់រវើកឡើងវិញ។ ពាក់ព័ន្ធនឹងការបើកប្រាសាទពីរ៉ាមីតចំនួន០២ខាងលើនេះ ក្រុមការងារផ្នែកបុរាណវិទ្យាបានបញ្ជាក់ថា ប្រាសាទពីរ៉ាមីត បេន របស់ស្ដេច ស្នីហ្វឺរូ ដែលជាព្រះចៅហ្វារ៉ាអុងទី១ នៃរាជវង្សទី៤ របស់អេហ្ស៊ីប បានបើកជាលើកដំបូង ក្រោយសម្រេចបិទតាំងពីឆ្នាំ១៩៦៥មក ហើយពីរ៉ាមីតមួយកន្លែងទៀតនៅក្បែរនោះ មានចម្ងាយប្រហែល៤០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុង កៃរ៉ូ។ ផ្នូរបុរាណ ដែលទើបតែរកឃើញថ្មី ក្នុងនោះរួមមានសាកសពម៉ាំមី ដែលនៅមានសភាពល្អៗគួរសម និងប្រាសាទពីរ៉ាមីត បេន របស់ស្ដេច ស្នីហ្វឺរូ៕ធ.ដ

  • កំណើនសេដ្ឋកិច្ចចិនធ្លាក់ចុះដល់អត្រាទាបបំផុត ក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ ដោយសារតែការជះឥទ្ធិពលអវិជ្ជមាននៃសង្គ្រាមពាណិជ្ជកម្ម

    កំណើនសេដ្ឋកិច្ចចិនធ្លាក់ចុះដល់អត្រាទាបបំផុត ក្នុងរយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ ដោយសារតែការជះឥទ្ធិពលអវិជ្ជមាននៃសង្គ្រាមពាណិជ្ជកម្ម

    ប្រទេសចិននៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ បានចុះផ្សាយតួលេខប្រចាំត្រីមាសទីពីរបង្ហាញឱ្យដឹងថា សេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ថយចុះមកត្រឹម៦,២ភាគរយ ខណៈអត្រានៃកំណើនសេដ្ឋកិច្ចនេះ បានធ្លាក់ចុះទាបបំផុតក្នុងរយៈពេល២៧ឆ្នាំចុងក្រោយនេះ ស្របពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេ៉រិក បានចាប់ផ្តើមជះឥទ្ធិពលអវិជ្ជមាន ។ បើតាមរបាយការណ៍របស់ការិយាល័យស្ថិតិចិន ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០១៩ សេដ្ឋកិច្ចចិនបានកើនឡើង៦,២ភាគរយ បើធៀបទៅនឹងកំណើនឆ្នាំមុន ដែលតួលេខថ្មីនេះ បានធ្លាក់ថយចុះពីកំណើនសេដ្ឋកិច្ចសម្រាប់ត្រីមាសទី១ នៃឆ្នាំ២០១៩ ដែលស្មើនឹង៦.៤ភាគ រយ ។ ទាក់ទិននឹងតួលេខថ្មីនេះ ការិយាល័យស្ថិតិរបស់ចិនបានលើកឡើងថា សេដ្ឋកិច្ចចិនកំពុងប្រឈមមុខនឹងស្ថានការណ៍ស្មុគស្មាញ ជាមួយកំណើននៃភាពមិនច្បាស់លាស់ពីខាងក្រៅ ហើយថា សេដ្ឋកិច្ចរបស់ចិនក៏កំពុងប្រឈមមុខនឹងសម្ពាធឆ្ពោះទៅចំណុចទាបបំផុតថ្មី ហើយចិននឹងព្យាយាមធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំផងដែរ ។ ដោយឡែកក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ក៏បានឱ្យដឹងផងដែរថា ការនាំចេញរបស់ចិន នាអំឡុងខែមិថុនា ឆ្នាំ២០១៩ បានធ្លាក់ចុះខ្លំាំង ដោយសារការដំឡើងពន្ធរបស់សហរដ្ឋអាមេ៉រិក ហើយការនាំចូលទៅកាន់ប្រទេសចិន ក៏មានការធ្លាក់ចុះផងដែរ ព្រោះថា តម្រូវការក្នុងស្រុកចាប់ផ្តើមថយចុះ ៕ធ.ដ

  • សហរដ្ឋអាម៉េរិកប្រកាសថា ក្រុមហ៊ុន ហូវៃ និងក្រុមហ៊ុនអាមេ៉រិកនានា នឹងអាចរកស៊ីឡើងវិញ នារយៈពេល២ទៅ៤សប្តាហ៍ខាងមុខទៀតនេះ

    សហរដ្ឋអាម៉េរិកប្រកាសថា ក្រុមហ៊ុន ហូវៃ និងក្រុមហ៊ុនអាមេ៉រិកនានា នឹងអាចរកស៊ីឡើងវិញ នារយៈពេល២ទៅ៤សប្តាហ៍ខាងមុខទៀតនេះ

    សហរដ្ឋអាមេ៉រិក៖ មន្រ្តីជាន់ខ្ពស់អាមេ៉រិកម្នាក់បានគូសបញ្ជាក់ថា ប្រទេសរបស់ខ្លួនអាចនឹង ចេញអាជ្ញាបណ្ណឲ្យក្រុមហ៊ុនអាមេ៉រិកនានា ចាប់ផ្តើមលក់សម្ភារៈបច្ចេកវិទ្យាខ្លះៗ ដែលមិនប៉ះ ពាល់ដល់សន្តិសុខជាតិទៅឲ្យក្រុមហ៊ុន ហូវៃ របស់ចិនឡើងវិញ ក្នុងរយៈពេល២ទៅ៤ សប្តាហ៍ទៀតនេះ ។ សូមរំលឹកថា នៅឆ្នាំ២០១៨ ក្នុងចំណោមប្រាក់ប្រមាណ៧០ពាន់លានដុល្លារ ដែលក្រុមហ៊ុន ហូវៃបានចំណាយទិញគ្រឿងបន្លាស់បច្ចេកវិទ្យាផ្សេងៗ មានប្រមាណ១១ពាន់លានដុល្លារ បានចាក់បញ្ចូលទៅក្នុងក្រុមហ៊ុនអាមេ៉រិកធំៗជាច្រើន ហើយបើសិនជាទណ្ឌកម្មក្នុងបញ្ជីខ្មៅ ត្រូវបានអនុវត្តន៍វិញនោះ ក្រុមហ៊ុនអាមេ៉រិកទាំងនោះនឹងរងការខាតបង់ធ្ងន់ធ្ងរ ។ ដោយឡែក ការកត់សម្គាល់យ៉ាងដូច្នេះរបស់មន្រ្តីជាន់ខ្ពស់អាមេ៉រិកខាងលើ បានកើតមាន ឡើងក្រោយប្រធានក្រុមហ៊ុនបច្ចេកវិទ្យាចិន ហូវៃ ទើបតែនិយាយថា ហូវៃ កំពុងរង់ចាំមើល លទ្ធផលនៃពាក្យសន្យារបស់លោក ត្រាំ ក្នុងជំនួបជាមួយលោក ស៊ី នៅជប៉ុន កាលពីខែមុន ដែលថា លោកនឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាមេ៉រិកនានាលក់សម្ភារៈ-បរិក្ខាបច្ចេកវិទ្យាមួយចំនួន ទៅឲ្យហូវៃឡើងវិញ ប្រសិនបើសម្ភារៈទាំងនោះ ពុំប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិរបស់ ទីក្រុងវ៉ាស៊ីនតោន ៕ធ.ដ

  • អង្គការសហប្រជាជាតិរិះគន់សារព័ត៌មានធំៗ មិនសូវផ្សាយពីរឿងគ្រោះទុរភិក្ស ឬគ្រោះអត់ឃ្លាន

    អង្គការសហប្រជាជាតិរិះគន់សារព័ត៌មានធំៗ មិនសូវផ្សាយពីរឿងគ្រោះទុរភិក្ស ឬគ្រោះអត់ឃ្លាន

    ប្រជាជនច្រើនជាង៨២១លាននាក់ បានរងផលប៉ះពាល់ពីគ្រោះទុរភិក្ស ឬគ្រោះអត់ឃ្លាន នៅទូទាំងពិភពលោកកាលពីឆ្នាំ២០១៨ ហើយវាក៏ជាឆ្នាំទី៣ ដែលចំនួននេះបន្តកើនឡើងផងដែរ នេះបើតាមអង្គការសហប្រជាជាតិ UN នៅថ្ងៃម្សិលមិញ។ លោក David Beasley នាយកកម្មវិធីស្បៀងអាហារពិភព យល់ឃើញថា ការលុបបំបាត់គ្រោះអត់ឃ្លាន ឱ្យនៅកម្រិតសូន្យនៅឆ្នាំ២០៣០ ទំនងជានឹងមិនអាចសម្រេចបានឡើយ។ គួរបញ្ជាក់ថា បើតាម លោក David Beasley បើគ្មានសន្តិសុខផ្នែកចំណីអាហារ នោះក៏គ្មានសន្តិភាព និងស្ថេរភាពដែរ ហើយលោកពិតជាមានការសោកស្ដាយជាខ្លាំង ដែលប្រព័ន្ធផ្សព្វផ្សាយធំៗ ចុះផ្សាយតែពីរឿងចាកចេញពីសហភាពអឺរ៉ុប ឬ Brexit របស់ចក្រភពអង់គ្លេស និងលោក ដូណាល់ ត្រាំ ជាជាងនិយាយពីកុមារកំពុងប្រឈមមុខនឹងគ្រោះអត់ឃ្លាន។ នៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិបានបញ្ជាក់ទៀតថា បន្ទាប់ពីធ្លាក់ចុះអស់រាប់ទសវត្ស បញ្ហាគ្រោះទុរភិក្ស ព្រមទាំងកង្វះអាហារូបត្ថម្ភ បានចាប់ផ្ដើមកើនឡើងជាថ្មីចាប់តាំងពីឆ្នាំ២០១៥មក។ គ្រោះទុរភិក្ស គឺបង្កឡើងជាពិសេស ដោយសារបម្រែបម្រួលអាកាសធាតុ និងសង្រ្គាម ខណៈអង្គការសហប្រជាជាតិ បានដាក់គោលដៅលុបបំបាត់បញ្ហាទាំងនេះនៅត្រឹមឆ្នាំ២០៣០៕ធ.ដ

  • ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា ជប៉ុននឹងរងគ្រោះជាងកូរ៉េខាងត្បូង បើមិនដកការរឹតត្បិតការនាំចេញរូបធាតុគីមីសំខាន់ៗទេនោះ

    ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា ជប៉ុននឹងរងគ្រោះជាងកូរ៉េខាងត្បូង បើមិនដកការរឹតត្បិតការនាំចេញរូបធាតុគីមីសំខាន់ៗទេនោះ

    កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានព្រមានពីផលវិបាកធ្ងន់ក្នុងសេដ្ឋកិច្ចជប៉ុន បើមិនដកការរឹតត្បិតការនាំចេញរូបធាតុគីមីសំខាន់ៗក្នុងការផលិតបន្ទះឈីប និងទូរសព្ទឆ្លាតវៃទៅឲ្យកូរ៉េខាងត្បូងទេនោះ។ នៅក្នុងកិច្ចប្រជុំជាមួយទីប្រឹក្សានៅវិមានប្រធានាធិបតី ឆឹង វ៉ា ដេ លោក មូន ជែអ៊ីនបានថ្លែងថា ការរឹតត្បិតរបស់តូក្យូ ដែលដាក់គោលដៅលើក្រុមហ៊ុនកូរ៉េខាងត្បូង ជាចំណាត់ការដែលបង្កឥទ្ធិពលមិនល្អឲ្យជប៉ុន ហើយនឹងធ្វើឲ្យជប៉ុនរងគ្រោះវិញដោយសារការរួបរួមរបស់ប្រជាជនកូរ៉េខាងត្បូង ដោយលោក មូន ព្រមានចំៗទុកមុនថា សេដ្ឋកិច្ចជប៉ុននឹងទទួលផលប៉ះពាល់ធ្ងន់នៅចុងក្រោយ។ ប៉ុន្តែលោក មូន រំពឹងថា ជប៉ុន នឹងដកថយ ហើយងាកទៅរកដំណោះស្រាយការទូតវិញ។ គួរបញ្ជាក់ថា ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងកូរ៉េខាងត្បូង និងជប៉ុន បានផ្ទុះឡើងដោយសារការរឹតត្បិតរបស់ទីក្រុងតូក្យូ ក្រោយពីសាលក្រមជាបន្តបន្ទាប់របស់តុលាការទីក្រុងសេអ៊ូល ដែលបញ្ជាឲ្យក្រុមហ៊ុនជប៉ុន ដែលបានប្រើប្រាស់កម្លាំងពលកម្មប្រជាជនកូរ៉េ ដោយបង្ខំក្នុងអំឡុងសម័យសង្គ្រាម បង់ថ្លៃសំណងដល់ជនរងគ្រោះ។ ប៉ុន្តែជប៉ុនអះអាងថា បញ្ហានេះត្រូវបានដោះស្រាយចប់តាំងពីពេលប្រទេសទាំងពីរស្ដាទំនាក់ទំនងឡើងវិញមកម្ល៉េះ៕ធ.ដ

  • ក្រសួងការពារជាតិតួកគី បញ្ជាក់ថា គ្រឿងបរិក្ខារផ្សេងៗនៃប្រព័ន្ធ S-400 របស់រុស្ស៊ី ត្រូវបានយន្តហោះខ្នាតធំ៨គ្រឿងដឹកមកកាន់តួកគីហើយ

    ក្រសួងការពារជាតិតួកគី បញ្ជាក់ថា គ្រឿងបរិក្ខារផ្សេងៗនៃប្រព័ន្ធ S-400 របស់រុស្ស៊ី ត្រូវបានយន្តហោះខ្នាតធំ៨គ្រឿងដឹកមកកាន់តួកគីហើយ

    តួកគី៖ គិតមកទល់ពេលនេះ យន្តហោះសរុប០៨គ្រឿងហើយ ត្រូវបានប្រើប្រាស់ ដើម្បីដឹកជញ្ជូនបរិក្ខារផ្សេងៗនៃប្រព័ន្ធមីស៊ីលការពារអាកាស S-400 របស់រុស្ស៊ី បានមកចុះចតនៅមូលដ្ឋានទ័ពអាកាស មើធេដ របស់ប្រទេសតួកគី។ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ក្រសួងការពារជាតិតួកគីបានបញ្ជាក់នៅក្នុងថ្ងៃចន្ទនេះថា ការប្រគល់ប្រព័ន្ធ S-400 ពីរុស្ស៊ីមកកាន់តួកគី បានចាប់ផ្តើមកាលពីថ្ងៃទី១២ ខែកក្កដាកន្លងមកនេះ ដោយនៅថ្ងៃនោះយន្តហោះដឹកជញ្ជូន០៣គ្រឿង បានមកដល់បន្ទាយយោធា មើធេដ។ យ៉ាងណាមិញ ដោយសារការរឹងទទឹងនៅតែទិញប្រព័ន្ធ S-400 ពីរុស្ស៊ីនោះ តួកគី កំពុងប្រឈមនឹងការអាចដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ប៉ុន្តែប្រធានាធិបតីតួកគីលោក អឺដូហ្គាន់ បានលើកឡើងថា លោក ដូណាល់ ត្រាំ មានសិទ្ធិអំណាចលើកលែងការធ្វើបែបនេះបាន៕ធ.ដ

  • ថៃ បិទបញ្ចប់របបដឹកនាំដោយយោធាជាផ្លូវការ

    ថៃ បិទបញ្ចប់របបដឹកនាំដោយយោធាជាផ្លូវការ

    ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានសម្រេចចិត្តលាលែងចេញពីតំណែងជាប្រមុខរដ្ឋាភិបាលយោធាជាផ្លូវការហើយ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ជាមួយការបញ្ជាក់ថា ប្រទេសថៃនឹងត្រូវដឹកនាំដោយរដ្ឋាភិបាលស៊ីវិលមួយតាមបែបប្រជាធិបតេយ្យ។ សូមបញ្ជាក់ថា រដ្ឋាភិបាលស៊ីវិលថៃថ្មីរបស់លោក ប្រាយុទ្ធ ចាន់អូចា នឹងត្រូវឡើងកាន់អំណាចជាផ្លូវការ បន្ទាប់ពីពិធីសច្ចាប្រណិធាននៅក្នុងថ្ងៃអង្គារនេះ ព្រមទាំងត្រូវបង្ហាញពីគោលនយោបាយរបស់ខ្លួនទៅកាន់សភានាសប្ដាហ៍ក្រោយ។ ជុំវិញការសម្រេចចិត្តខាងលើ នាយករដ្ឋមន្ត្រីថៃរូបនេះ បានថ្លែងអះអាងតាមរយៈកញ្ចក់ទូរទស្សន៍ក្នុងស្រុកថា បច្ចុប្បន្នថៃ គឺជាប្រទេសកាន់របបប្រជាធិបតេយ្យយ៉ាងពេញលេញ អាស្រ័យលើរដ្ឋធម្មនុញ្ញរាជានិយម ដោយមានសមាជិកសភាដែលត្រូវបានប្រជាជនថៃបោះឆ្នោតជូន។ ដូច្នេះចាប់ពីពេលនេះតទៅ បញ្ហាទាំងឡាយនឹងត្រូវបានដោះស្រាយឈរលើប្រព័ន្ធប្រជាធិបតេយ្យ ដោយមិនមានការប្រើប្រាស់កម្លាំងពិសេសអ្វីនោះទេ៕ធ.ដ

  • គ្រោះទឹកជំនន់ដ៏ធ្ងន់នៅបង់ក្លាដេស ផ្តាច់ជីវិតមនុស្ស២០នាក់ និងប្រមាណ៥០ម៉ឺននាក់ រងផលប៉ះពាល់

    គ្រោះទឹកជំនន់ដ៏ធ្ងន់នៅបង់ក្លាដេស ផ្តាច់ជីវិតមនុស្ស២០នាក់ និងប្រមាណ៥០ម៉ឺននាក់ រងផលប៉ះពាល់

    បង់ក្លាដេស៖ មនុស្ស២០នាក់បាត់បង់ជីវិត និងប្រមាណ៥០ម៉ឺននាក់ កំពុងទទួលរងផលប៉ះពាល់ ហើយប្រជាជនបង់ក្លាដេសរាប់ពាន់គ្រួសារទៀតបង្ខំចិត្តផ្លាស់ទីលំនៅ ដោយសារតែភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ដ៏ធ្ងន់ ដែលកំពុងជន់លិចលើស្រុកចំនួន១៨។ ឆ្លើយតបនឹគ្រោះធម្មជាតិខាងលើនេះ នាយករដ្ឋមន្ត្រីបង់ក្លាដេសអ្នកស្រី Sheikh Hasina បានអំពាវនាវឲ្យក្រុមអាជ្ញាធរនៅតែរក្សាការប្រកាសអាសន្ន ដើម្បីដោះស្រាយបញ្ហាគ្រោះទឹកជំនន់ ដោយអ្នកស្រីបានបញ្ជាក់ថា ផ្នែកជាច្រើននៃប្រទេស បានរងគ្រោះទឹកជំនន់ ហើយទឹកជំនន់នឹងស្រកចុះបន្តិចម្តងៗទៅកាន់តំបន់កណ្តាលនៃប្រទេស នៅចុងខែសីហាខាងមុខ។ ដោយឡែក បើតាមមន្ត្រីក្រសួងគ្រប់គ្រងគ្រោះធម្មជាតិបង់ក្លាដេស ស្រុកដែលរងការប៉ះពាល់ គឺស្ថិតនៅភាគខាងត្បូងឆៀងខាងកើតនៃប្រទេស ហើយគិតមកទល់ពេលនេះ ក្រុមអាជ្ញាធរក្នុងតំបន់កំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះ ដើម្បីឆ្លើយតបទៅនឹងគ្រោះធម្មជាតិនេះ ស្របពេលដែលគ្រោះទឹកជំនន់ក៏បានបង្កការបំផ្លិចបំផ្លាញដល់ដំណាំកសិកម្ម លំនៅដ្ឋាន និងផ្លូវផងដែរ៕ធ.ដ

  • តំបន់កណ្តាលក្រុងហូជីមីញនៃប្រទេសវៀតណាម ក្តៅខ្លាំងពុំធ្លាប់កើតមាន

    តំបន់កណ្តាលក្រុងហូជីមីញនៃប្រទេសវៀតណាម ក្តៅខ្លាំងពុំធ្លាប់កើតមាន

    តំបន់សំខាន់ៗនៃទីក្រុង ហូជីមីញ និងបណ្តាទីក្រុងធំៗផ្សេងទៀត ក្នុងប្រទេសវៀតណាមកំពុងទទួលរងគ្រោះពីរលកកម្តៅដ៏ខ្លាំង ពុំធ្លាប់មានកន្លងមក ក្នុងប្រទេស ជាហេតុនាំឲ្យប៉ះពាល់ដល់សុខភាពសាធារណៈ។ មជ្ឈមណ្ឌលដើម្បីការសិក្សាក្នុងក្រុង និងប្រចាំតំបន់បានអះអាងថា នៅឆ្នាំ២០១៩នេះ ត្រូវបានព្យាករណ៍ថា មានសីតុណ្ហភាពក្តៅបំផុតមិនដែលកើតមាន ចាប់តាំងពីសីតុណ្ហភាពស្រដៀងគ្នានេះកើតមាន កាលពីទសវត្សរ៍ឆ្នាំ១៨៨០។ ទីក្រុងធំៗបំផុត ក្នុងក្រុងហូជីមីញ និង ហាណូយ សីតុណ្ហភាពបានឈានដល់កម្រិតពី៤០ទៅ៥០អង្សាសេ កាលពីខែមីនា និងខែមេសា។ លោកស្រីវេជ្ជបណ្ឌិត ធី ថុយ ង៉ា ប្រធាននាយកដ្ឋានសិក្សាពីបរិស្ថាននៅសកលវិទ្យាល័យវិទ្យាសាស្ត្រទីក្រុងហូជីមីញ បាននិយាយថា សីតុណ្ហភាពក្នុងតំបន់ភាគកណ្តាលខ្លះ ក្នុងក្រុងហូជីមីញ គឺមានកម្តៅខ្លាំងជាតំបន់ជនបទ និងជាយក្រុង។ លោកស្រីថា តំបន់ក្នុងក្រុងអគារខ្ពស់ៗបានរាំងខ្ទប់ខ្យល់អាកាស បន្ថយការបម្លែងកម្តៅ។ ចំនួនប្រជាជន និងយានជំនិះកាន់តែច្រើន សម្បូរជាតិពុលនាំឲ្យកម្តៅនៅកណ្តាលទីក្រុងកាន់តែខ្លាំងឡើង៕ធ.ដ

  • រដ្ឋធានីហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ី ជាប់កំណត់ត្រាជាទីក្រុងមានគុណភាពខ្យល់ អាក្រក់បំផុតក្នុងលោក

    រដ្ឋធានីហ្សាកាតានៃប្រទេសឥណ្ឌូនេស៊ី ជាប់កំណត់ត្រាជាទីក្រុងមានគុណភាពខ្យល់ អាក្រក់បំផុតក្នុងលោក

    តាមការការស្រាវជ្រាវ នៅពេលថ្មីៗនេះ ដោយផ្អែកលើគុណភាពសន្ទស្សន៍អាកាសរបស់សហរដ្ឋអាម៉េរិកបានឲ្យដឹងថា គុណភាពខ្យល់នៅទីក្រុងហ្សាកាតា បានធ្លាក់ទៅក្នុងកម្រិតអាក្រក់លេខមួយ ក្នុងសកលលោក នារយៈពេលប៉ុន្មានខែចុងក្រោយនេះ។ គុណភាពខ្យល់នៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌូនេស៊ីមួយនេះ បានស្ថិតក្នុងកម្រិតបង្ហាញថា ខ្យល់នៅទីក្រុងហ្សាកាតា មិនអំណោយផលដល់សុខភាពប្រជាជននៅទីក្រុងនោះឡើយ។ ភាគល្អិតតូចៗប្រភេទ PM2.5 អាចចូលទៅដល់សួតរបស់មនុស្សតាមរយៈការដកដង្ហើម ដូច្នេះអាចបង្កឱ្យមានជំងឺហឺត និងរលាកសួត។ ធ្ងន់ជាងនេះ គឺឧស្មន័នីដ្រូសែនពុលដែលចេញពីយានយន្តអាចបង្កឱ្យមានជំងឺបេះដូង ហើយឧស្មន័ពុលដែលមនុស្សស្រូបចូលនោះ អាចសាយភាយទៅក្នុងចរន្តឈាម ដែលអាចបង្កជាជំងឺអាក្រក់ជាច្រើនទៀត។ ភ្នាក់ងារបរិស្ថាននៃទីក្រុងហ្សាកាតា បានលើកឡើងថា ដើម្បីកាត់បន្ថយការបំពុលអាកាសធាតុ រដ្ឋាភិបាលក្នុងតំបន់គួរតែបន្តលើកទឹកចិត្តសាធារណជន កាត់បន្ថយការប្រើប្រាស់យានយន្តឯកជន ដោយងាកមកប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈវិញ។ នៅពេលនេះ ភ្នាក់ងារមួយនេះកំពុងតែយកចិត្តទុកដាក់លើការអប់រំប្រជាជនអំពីការស្រលាញ់បរិស្ថាន។ ភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូមិសាស្ត្រប្រទេសឥណ្ឌូនេស៊ីអះអាងថា រដូវប្រាំង គឺជាផ្នែកមួយដែលធ្វើឱ្យគុណភាពខ្យល់មិនល្អ ដូច្នេះ ពេលដែលរដូវប្រាំងចូលមកក្នុងប្រទេសឥណ្ឌូនេស៊ី ធ្វើឱ្យទឹកភ្លៀងថយចុះ៕ធ.ដ