Category: ព័ត៌មានអន្តរជាតិ

  • លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាម៉េរិកនឹងមិនលក់យន្តហោះចម្បាំង-បំបាំងកាយ F-35 ឲ្យតួកគីជាដាច់ខាត

    លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាម៉េរិកនឹងមិនលក់យន្តហោះចម្បាំង-បំបាំងកាយ F-35 ឲ្យតួកគីជាដាច់ខាត

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក នឹងមិនលក់យន្តហោះចម្បាំង-បំបាំងកាយ F-35 ទៅឲ្យតួកគីជាដាច់ខាត ក្រោយប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី ទើបតែត្រូវបានប្រគល់ទៅដល់ទឹកដីប្រទេសតួកគី។ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅក្នុងថ្ងៃអង្គារសប្តាហ៍នេះ។ ប្រធានាធិបតីអាម៉េរិករូបនេះ បានថ្លែងអះអាងនៅចំពោះមុខអ្នកសារព័ត៌មាននៅឯសេតវិមានថា រដ្ឋបាលលោកនឹងមិនលក់យន្តហោះចម្បាំង-បំបាំងកាយ F-35 ឲ្យទៅទីក្រុងអង់ការ៉ាដាច់ខាត ហើយថា ស្ថានភាពជាមួយប្រទេសតួកគីបច្ចុប្បន្នមានភាពស្មុគស្មាញ និងពិបាក។ ដោយឡែកលោក ម៉ាក អែស្ពើ ដែលទើបត្រូវបានតែងតាំងជារដ្ឋមន្រ្តីការពារជាតិអាម៉េរិកបានបញ្ជាក់ដែរថា តួកគី អាចជ្រើសរើសសព្វាវុធបានតែមួយមុខគត់ គឺយកប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី ឬមួយក៏យន្តហោះចម្បំាង-បំបាំងកាយ F-35 របស់សហរដ្ឋអាម៉េរិក ព្រោះតែមិនអាចក្រសោបយកទាំងពីរឡើយ៕ធ.ដ

  • អ៊ីរ៉ង់អះអាងថា ខ្លួនគ្មានបំណងយកកម្មវិធីមីស៊ីលទៅចរចាជាមួយសហរដ្ឋអាម៉េរិកឡើយ

    អ៊ីរ៉ង់អះអាងថា ខ្លួនគ្មានបំណងយកកម្មវិធីមីស៊ីលទៅចរចាជាមួយសហរដ្ឋអាម៉េរិកឡើយ

    អ៊ីរ៉ង់៖ អ្នកនាំពាក្យប្រទេសអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ បានចេញមុខអះអាងថា អ៊ីរ៉ង់គ្មានគោលបំណងចង់លើកយកកម្មវិធីមីស៊ីលរបស់ខ្លួន មកធ្វើការចរចាជាមួយភាគីសហរដ្ឋអាម៉េរិកឡើយ ដោយសារតែរឿងបែបនេះ គឺមិនអាចកើតមានឡើងនោះទេ។ ការបដិសេធនេះ បានកើតមានឡើងបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក មូហាំម៉ាត់ ហ្សាវ៉ាដ ហ្សារីហ្វ បានលើកឡើងក្នុងបទសម្ភាសន៍មួយថា កម្មវិធីមីស៊ីលរបស់ខ្លួនអាចនឹងចរចាគ្នាបាន ដរាបណាទណ្ឌកម្មត្រូវបានដកចេញ។ ទន្ទឹមគ្នានោះដែរ ប្រមុខការទូតអ៊ីរ៉ង់រូបនេះ បានចោទប្រកាន់សហរដ្ឋអាម៉េរិកដែរថា បានបង្កើនភាពតានតឹងនៅក្នុងភូមិភាគមជ្ឈិមបូព៌ា ដោយបានលក់គ្រឿងសព្វាវុធមានតម្លៃរាប់ពាន់លានដុល្លារទៅឱ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉េតអារ៉ាប់រួម ដែលជាគូប្រជែងរបស់អ៊ីរ៉ង់ក្នុងតំបន់ ដោយគំរាមកំហែងដល់កម្មវិធីកាំជ្រួចមីស៊ីលផ្លោងរបស់ប្រទេសលោកផងដែរ៕ធ.ដ

  • ហ្វីលីពីនបង្ហើបពីគម្រោងទិញកាំភ្លើងបាញ់រះដោយស្វ័យប្រវត្តិជាង៧ពាន់ដើម ពីអាម៉េរិក

    ហ្វីលីពីនបង្ហើបពីគម្រោងទិញកាំភ្លើងបាញ់រះដោយស្វ័យប្រវត្តិជាង៧ពាន់ដើម ពីអាម៉េរិក

    រដ្ឋមន្រ្តីការបរទេសហ្វីលីពីន កាលពីម្សិលមិញ បានឲ្យដឹងថា ប្រទេសលោកចង់ទិញកាំភ្លើងបាញ់រះដោយស្វ័យប្រវត្តិធុន M-16 ចំនួន ៧៤០០០ដើមពីសហរដ្ឋអាម៉េរិក ដើម្បីបង្កើនសមត្ថភាពការពារសន្តិសុខជាតិ។ លោករដ្ឋមន្ត្រី Teodoro Locsin បានបង្ហើបឲ្យដឹងពីគម្រោងនេះ នៅក្រោយជំនួបពិភាក្សាជាមួយមន្រ្តីជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការតំបន់ប៉ាស៊ីហ្វិក និងអាស៊ីខាងកើតនៃក្រសួងការបរទេសអាម៉េរិក គឺលោក David Stilwell ដែលកំពុងបំពេញដំណើរទស្សនកិច្ចនៅទីក្រុងម៉ានីល ដើម្បីចូលរួមវេទិកាកិច្ចសន្ទនាយុទ្ធសាស្រ្តទ្វេភាគី រវាងអាម៉េរិក-ហ្វីលីពីន លើកទី៨។ កាលពីឆ្នាំ២០១៦ លោកប្រធានាធិបតីហ្វីលីពីន រ៉ូទ្រីហ្គោ ឌូតឺតេ ធ្លាប់បានបង្គាប់ឲ្យកម្លាំងប៉ូលិសជាតិហ្វីលីពីន លុបចោលការទិញកាំភ្លើងបាញ់រះចំនួន២៦០០០ដើមពីអាម៉េរិក ក្រោយលោកបានឮព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោន បានគំរាមឈប់លក់អាវុធទាំងនោះ ដោយសារតែ បញ្ហាសិទ្ធិមនុស្សនៅប្រទេសហ្វីលីពីន ពោលគឺព្រោះអំពើហិង្សារបស់ប៉ូលិសហ្វីលីពីន ក្នុងយុទ្ធនាការបង្រ្កាបឧក្រិដ្ឋកម្មគ្រឿងញៀនរបស់រដ្ឋបាលលោក ឌូតឺទេ៕ធ.ដ

  • រដ្ឋសភាសហរដ្ឋអាម៉េរិក នឹងបោះឆ្នោតលើសេចក្ដីសម្រេចថ្កោលទោសទស្សនៈ បែបប្រកាន់ពូជសាសន៍របស់លោក ដូណាល់ ត្រាំ

    រដ្ឋសភាសហរដ្ឋអាម៉េរិក នឹងបោះឆ្នោតលើសេចក្ដីសម្រេចថ្កោលទោសទស្សនៈ បែបប្រកាន់ពូជសាសន៍របស់លោក ដូណាល់ ត្រាំ

    សហរដ្ឋអាម៉េរិក៖ រដ្ឋសភាអាម៉េរិក ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ គ្រោងនឹងបោះឆ្នោតនៅថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) លើសេចក្ដីសម្រេចមួយ ដើម្បីថ្កោលទោសទស្សនៈបែបប្រកាន់ពូជសាសន៍របស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលធ្វើឡើងសំដៅលើសមាជិកសភា។ សេចក្ដីសម្រេចនេះ គឺជាការឆ្លើយតបចំពោះសារហូរហែរបស់លោក ត្រាំ នៅលើបណ្តាញសង្គមធ្វីតធើត ដែលវាយប្រហារលើសមាជិកសភា០៤នាក់ ដែលមិនមែនជនជាតិស្បែកស។ សមាជិកសភាដែលលោក ដូណាល់ ត្រាំ វាយប្រហារដោយពាក្យសម្ដីនេះ គឺអ្នកស្រី អ៊ីហាន អូម៉ា អ្នកស្រី អាឡិចសាន់ឌ្រា អូខាស្យូ ខូតេស អ្នកស្រី អាយ៉ាណា ប្រេសស្លី និងអ្នកស្រី រ៉ាស៊ីដា ធ្លេប។ មេដឹកនាំគណបក្សប្រជាធិបតេយ្យនៃរដ្ឋសភា លោក ស្តេនី ហូយើ បានប្រកាសអំពីការបោះឆ្នោតនេះ និងបាននិយាយថា លោកសង្ឃឹមថា សមាជិកសភាខាងគណបក្សសាធារណរដ្ឋនឹងផ្ដល់អាទិភាពលើជាតិមុនគណបក្ស ហើយនឹងបោះឆ្នោតគាំទ្រវិធានការនេះ រួមជាមួយនឹងសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ៕ធ.ដ

  • កូរ៉េខាងជើង៖ សមយុទ្ធយោធារវាងសហរដ្ឋអាម៉េរិក-កូរ៉េខាងត្បូង អាចជះឥទ្ធិពលអវិជ្ជមាន ដល់កិច្ចចរចារឿងនុយក្លេអ៊ែរ

    កូរ៉េខាងជើង៖ សមយុទ្ធយោធារវាងសហរដ្ឋអាម៉េរិក-កូរ៉េខាងត្បូង អាចជះឥទ្ធិពលអវិជ្ជមាន ដល់កិច្ចចរចារឿងនុយក្លេអ៊ែរ

    កូរ៉េខាងជើង៖ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានរិះគន់គម្រោងរបស់សហរដ្ឋអាម៉េរិក ដែលចង់ធ្វើសមយុទ្ធយោធារួមគ្នាជាមួយនឹងកូរ៉េខាងត្បូងនៅខែក្រោយ ដោយអះអាងថា ការធ្វើសមយុទ្ធនេះ អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់កិច្ចចរចាកម្រិតការងាររបស់កូរ៉េខាងជើង អំពីរឿងនុយក្លេអ៊ែរជាមួយនឹងអាម៉េរិក។ ស្របពេលជាមួយគ្នានោះដែរ ក្រសួងការបរទេសកូរ៉េខាងជើងនៅថ្ងៃអង្គារនេះបានបញ្ជាក់ថា សមយុទ្ធនេះ បានរំលោភលើកិច្ចព្រមព្រៀងដែលសម្រេចបានកាលពីឆ្នាំមុន រវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងប្រទេសសិង្ហបុរី។ សូមរំលឹកឡើងវិញថា នៅក្នុងកិច្ចប្រជុំរវាងមេដឹកនាំទាំងពីរនៅក្នុងប្រទេសសិង្ហបុរី កាលពីឆ្នាំមុន លោក ដូណាល់ ត្រាំ បានយល់ព្រមបន្ថយការធ្វើសមយុទ្ធយោធាជាមួយនឹងកូរ៉េខាងត្បូង ប៉ុន្តែកូរ៉េខាងជើង នៅតែមិនពេញចិត្តចំពោះការធ្វើសមយុទ្ធទ្រង់ទ្រាយតូចរវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង៕ធ.ដ  

  • លោក ប្រាយុទ្ធ ចាន់អូចា និងសមាជិកគណៈរដ្ឋមន្ត្រីថៃ ស្បថចូលកាន់តំណែងជាផ្លូវការ

    លោក ប្រាយុទ្ធ ចាន់អូចា និងសមាជិកគណៈរដ្ឋមន្ត្រីថៃ ស្បថចូលកាន់តំណែងជាផ្លូវការ

    ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា និងសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់លោកបានស្បថចូលកាន់តំណែងជាផ្លូវការហើយ នាល្ងាចថ្ងៃអង្គារនេះ នៅចំពោះព្រះភ័ក្រ្តព្រះមហាក្សត្រថៃ។ ពិធីស្បថចូលកាន់តំណែងនេះ បានធ្វើឡើងនៅសាល អាមផន សាថាន រ៉េស៊ីឌេនស៊ល ហ៊ល ស្ថិតក្នុងវិមាន ឌូសិត ក្នុងរដ្ឋធានីទីក្រុងបាងកក នាវេលាម៉ោង៦ល្ងាចថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់)។ ព្រះមហាក្សត្រថៃ បានផ្តល់ឱវាទឲ្យគណៈរដ្ឋមន្ត្រី ធ្វើការដើម្បីប្រទេសជាតិ និងប្រជាជន ហើយគណៈរដ្ឋមន្ត្រី ត្រូវបំពេញការងារឲ្យបានល្អបំផុត។ លោក ប្រាយុទ្ធ ដែលត្រូវបានតែងតាំងដោយព្រះមហាក្សត្រជានាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី២ នៅថ្ងៃទី១១ ខែកក្កដានោះ បានលើកឡើងថា គណៈរដ្ឋមន្ត្រីពិតជាមានក្តីត្រេកអរជាខ្លាំង ចំពោះការលើកទឹកចិត្ត និងឱវាទណែនាំរបស់ព្រះមហាក្សត្រ។ បន្ទាប់ពីស្បថចូលកាន់តំណែងខាងលើនេះ គណៈរដ្ឋមន្ត្រីថៃថ្មីនឹងចាប់ផ្តើមការងារជាផ្លូវការ នៅថ្ងៃទី១៨ ខែកក្កដាស្អែកនេះ៕ធ.ដ

  • មនុស្សស្លាប់១០នាក់ និងច្រើនជាង៤០នាក់ ជាប់ក្នុងគំនរកម្ទេចកម្ទីអគារដួលរលំ នៅប្រទេសឥណ្ឌា

    មនុស្សស្លាប់១០នាក់ និងច្រើនជាង៤០នាក់ ជាប់ក្នុងគំនរកម្ទេចកម្ទីអគារដួលរលំ នៅប្រទេសឥណ្ឌា

    ឥណ្ឌា៖ មនុស្ស១០នាក់ បានបាត់បង់ជីវិត ក្រោយអគារកម្ពស់៤ជាន់មួយកន្លែងបាក់រលំ នៅក្នុងទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា នៅថ្ងៃអង្គារ៍សប្តាហ៍នេះ។ ដោយឡែកមនុស្សច្រើនជាង៤០នាក់ផ្សេងទៀត ត្រូវបានគេជឿជាក់ថា នៅតែបន្តជាប់ក្នុងគំនរកម្ទេចកម្ទីអគារដួលរលំ ស្របពេលដែលអ្នកស្ម័គ្រមូលដ្ឋាន និងប៉ូលិសកំពុងព្យាយាមជួយសង្គ្រោះ ក៏ដូចជារុករកកំពុងដំណើរការយ៉ាងដុតដៃដុតជើង រហូតទាល់តែរកឃើញអ្នកជាប់ក្រោមគំនរអគារទាំងអស់។ ឆ្លើយតបនឹងបញ្ហានេះដែរ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានសរសេរបង្ហោះសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងបានហៅហេតុការណ៍នេះថា ជាការប៉ះពាល់អារម្មណ៍ខ្លាំងណាស់។ សូមបញ្ជាក់ថា ការបាក់សំណង់នៅទីក្រុង ម៉ុមបៃ ដែលមានប្រជាជន២០លាននាក់រស់នៅ តែងតែកើតមានឡើងជាធម្មតាក្នុងអំឡុងរដូវវស្សា ដោយសារតែគ្រឹះសំណង់មិនរឹងមាំក្រោមទម្ងន់នៃការធ្លាក់ភ្លៀងជាប់ និងការអនុវត្តបទដ្ឋានសុវត្ថិភាពសំណង់មិនត្រឹមត្រូវ៕ធ.ដ

  • អាម៉េរិកសម្រេចដាក់ទណ្ឌកម្មលើមន្ត្រីយោធាកំពូលៗរបស់ប្រទេសមីយ៉ាន់ម៉ា

    អាម៉េរិកសម្រេចដាក់ទណ្ឌកម្មលើមន្ត្រីយោធាកំពូលៗរបស់ប្រទេសមីយ៉ាន់ម៉ា

    សហរដ្ឋអាម៉េរិក កាលពីថ្ងៃអង្គារ៍ ទី១៦ ខែកក្កដាម្សិលមិញ បានប្រកាសពីការដាក់ទណ្ឌកម្មលើមេបញ្ជាការកំពូលប្រទេសមីយ៉ាន់ម៉ា Min Aung Hlaing និងបណ្តាថ្នាក់ដឹកនាំយោធាផ្សេងៗទៀត ពាក់ព័ន្ធនឹងការសម្លាប់ក្រៅប្រព័ន្ធទៅលើជនជាតិអ៊ិស្លាមរ៉ូហ៊ីងយ៉ា ដោយហាមពួកឃាត់មន្ត្រីយោធាទាំងនោះ មិនឲ្យចូលទៅទឹកដីសហរដ្ឋអាម៉េរិក។ សារព័ត៌មាន Channelnewsasia បានចេញផ្សាយនៅថ្ងៃទី១៧ កក្កដានេះថា ជំហានថ្មី ដែលក៏ត្រូវដាក់ទណ្ឌកម្មលើជំនួយការផ្ទាល់របស់លោក Min Aung Hlaing  ឈ្មោះថា Soe Win និងមេបញ្ជាការជាន់ខ្ពស់យោធា២រូបទៀត និងក្រុមគ្រួសាររបស់ពួកគាត់ផងដែរនោះ ត្រូវបានចាត់ទុកថា ជាវិធានការខ្លាំងក្លាបំផុតរបស់សហរដ្ឋអាម៉េរិក ចំពោះការឆ្លើយតបនឹងការសម្លាប់រង្គាលលើក្រុមជនជាតិភាគតិច រ៉ូហ៊ីងយ៉ា នៅប្រទេសមីយ៉ាន់ម៉ា។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក Mike Pompeo បានអះអាងតាមរយៈសេចក្តីថ្លែងការណ៍ថា «ពួកយើងនៅតែបារម្ភថា រដ្ឋាភិបាលមីយ៉ាន់ម៉ាមិនបានចាត់វិធានការអ្វី ដោះស្រាយលើបញ្ហារំលោភបំពានសិទ្ធិមនុស្ស និងអំពើហិង្សាទេ ស្របពេលដែលចេះតែមានរបាយការណ៍បន្តបន្ទាប់ពីការដែលយោធាមីយ៉ាន់ម៉ាប្រើកម្លាំងរំលោភបំពានសិទ្ធិមនុស្ស ទូទាំងប្រទេស។» សូមរម្លឹកថា ការបង្ក្រាបដោយកម្លាំងយោធានៅប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៧ បានបង្ខំចិត្តដល់ក្រុមអ៊ិស្លាមរ៉ូហ៊ីងយ៉ាច្រើនជាង៧៣ម៉ឺននាក់ រត់ភៀសខ្លួនទៅប្រទេសបង់ក្លាដេស ជាប្រទេសជិតខាង។ ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានអះអាងថា…

  • មេដឹកនាំតួកគី៖ ប្រព័ន្ធ S-400 របស់រុស្ស៊ីនឹងត្រូវដំឡើងពេញលក្ខណៈទាំងស្រុង នៅឆ្នាំ២០២០

    មេដឹកនាំតួកគី៖ ប្រព័ន្ធ S-400 របស់រុស្ស៊ីនឹងត្រូវដំឡើងពេញលក្ខណៈទាំងស្រុង នៅឆ្នាំ២០២០

    តួកគី៖ ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 របស់រុស្ស៊ីដែលទើបបញ្ជូនមកដល់ទឹកដីតួកគី នឹងត្រូវដំឡើងពេញលក្ខណៈទាំងស្រុងនៅខែមេសា ឆ្នាំ២០២០។ នេះបើតាមប្រធានាធិបតីតួកគី លោក តាយយីព អឺដូហ្គាន់ នាថ្ងៃចន្ទនេះ។ គ្រឿងបរិក្ខារផ្សេងៗនៃប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ដែលតួកគី បានចុះកិច្ចព្រមព្រៀងទិញក្នុងតម្លៃរាប់ពាន់លានដុល្លារកាលពីប៉ុន្មានឆ្នាំមុននោះ ត្រូវបានប្រគល់ដល់ដៃតួកគី ខណៈយន្តហោះខ្នាតធំចំនួន០៨គ្រឿងត្រូវបានប្រើប្រាស់ ដើម្បីដឹកជញ្ជូនសម្ភារទាំងអស់នោះ។ គួរបញ្ជាក់ថា ការបញ្ជាទិញប្រព័ន្ធ S-400 របស់រុស្ស៊ីពីសំណាក់តួកគី បានបង្កឲ្យមានភាពតានតឹងជាខ្លាំងជាមួយសហរដ្ឋអាម៉េរិក ដោយសារតែតួកគី ក៏មានកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង-បំបាំងកាយ F-35 ពីអាម៉េរិកដែរ ប៉ុន្តែលោក អឺដូហ្គាន់ ទើបតែបានលើកឡើងថា លោក ដូណាល់ ត្រាំ ប្រហែលជាអាចស្វែងរកមធ្យោបាយ ដើម្បីដោះស្រាយភាពតានតឹងនេះបាន៕ធ.ដ

  • ប្រមុខការទូតសហរដ្ឋអាម៉េរិកសង្ឃឹមថា សហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង អាចនឹងត្រូវ ស្វែងរកការច្នៃប្រឌិតបន្ថែមទៀតសម្រាប់កិច្ចចរចានុយក្លេអ៊ែរ

    ប្រមុខការទូតសហរដ្ឋអាម៉េរិកសង្ឃឹមថា សហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង អាចនឹងត្រូវ ស្វែងរកការច្នៃប្រឌិតបន្ថែមទៀតសម្រាប់កិច្ចចរចានុយក្លេអ៊ែរ

    សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ នៅក្នុងថ្ងៃចន្ទនេះ បានលើកឡើងថា រូបលោកផ្ទាល់ជឿជាក់ថា កូរ៉េខាងជើង-សហរដ្ឋអាម៉េរិក អាចនឹងត្រូវស្វែងរការច្នៃប្រឌិតបន្តិចបន្ថែមទៀត នៅពេលភាគីទាំងពីរចាប់ផ្តើមកិច្ចចរចាគ្នាឡើងវិញ ក្នុងគោលបំណងរំសាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយស្ថានីយ៍វិទ្យុក្នុងស្រុក លោក ប៉ុមប៉េអូ មិនបានបញ្ជាក់លំអិត ថាតើពេលណាដែលសាកសមនឹងរៀបចំកិច្ចចរចាគ្នាសាជាថ្មីទៀតនោះទេ។ ប៉ុន្តែកាលពីចុងខែមិថុនា ប្រមុខការទូតអាម៉េរិករូបនេះ ធ្លាប់បាននិយាយថា កិច្ចចរចាស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែររវាងកូរ៉េខាងជើង និងសហរដ្ឋអាម៉េរិកទំនងជាកើតឡើងនៅពេលវេលាស័ក្តិសមណាមួយ នៅក្នុងខែកក្កដានេះ ដែលប្រហែលជាសប្តាហ៍ទី២ ឬក៏សប្តាហ៍ទី៣។ សូមរំលឹកថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានជួបជាមួយមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅតំបន់គ្មានយោធាអន្តរកូរ៉េកាលពីខែមុន ដោយក្នុងអំឡុងជំនួបឥតព្រាងទុកនោះ លោក ត្រាំ បានក្លាយជាប្រធានាធិបតីអាម៉េរិកកំពុងកាន់អំណាចដំបូង ដែលយកជើងជាន់ទឹកដីកូរ៉េខាងជើង ហើយថែមទាំងនិយាយថា ពួកលោកបានព្រមព្រៀងគ្នា ដើម្បីចាប់ផ្តើមកិច្ចចរចាកម្រិតការងារឡើងវិញ៕ធ.ដ