-
គ្រូបង្រៀននៅប្រទេសកេនយ៉ាម្នាក់ឈ្នះរង្វាន់១លានដុល្លារអាម៉េរិក ព្រោះតែលះបង់ខ្ពស់សម្រាប់សិស្សក្រីក្រ

គ្រូបង្រៀនគណិតវិទ្យា និងរូបវិទ្យាម្នាក់មកពីសាលារៀនក្នុងភូមិដាច់ស្រយាលនៃប្រទេសកេនយ៉ា បានឈ្នះរង្វាន់១លានដុល្លារអាម៉េរិក ពីកម្មវិធីពានរង្វាន់គ្រូបង្រៀនពិភពលោក (Global Teacher Prize) សម្រាប់ឆ្នាំ២០១៩ នេះបើតាមការរៀបចំកម្មវិធីចេញផ្សាយដោយសារព័ត៌មាន Channelnewsasia។ លោក Peter Tabichi ដែលត្រូវអ្នករៀបចំកម្មវិធីអះអាងថា លោកតែងតែផ្តល់ប្រាក់ខែ៨០ភាគរយទៅដល់អ្នកក្រីក្រនោះ ទីបំផុតទៅ បានទទួលរង្វាន់១លានដុល្លាអាម៉េរិកនេះ ដោយពិធីប្រគល់ និងទទួលធ្វើឡើង នៅក្រុងឌូបៃ កាលពីថ្ងៃសៅរ៍ ទី២៣ មីនា រៀបចំឡើងដោយតារាភាពយន្តហូលីវូត Hugh Jackman។ លោកគ្រូ Tabichi បាននិយាយថា «រាល់ថ្ងៃនៅអាហ៊្វ្រិក ពួកយើងត្រលប់មករកទំព័រថ្មី និងសករាជថ្មី ពានរង្វាន់នេះមិនមែនទទួលស្គាល់ខ្លួនខ្ញុំថាអស្ចារ្យទេ វាគឺជាការទទួលស្គាល់ស្រទាប់ យុវជនដ៏អស្ចារ្យ។ ខ្ញុំមកទីនេះគឺដោយសារតែសិស្សៗរបស់ខ្ញុំសម្រេចជោគជ័យរបស់ពួកគាត់» លោកបន្ថែមទៀតថា «ប្រាក់រង្វាន់នេះវាផ្តល់ឲ្យពួកគេនូវឱកាសបង្ហាញពិភពលោកថា ពួកគេអាចធ្វើអ្វីៗបាន»។ ប្រធានាធិបតីប្រទេសកេនយ៉ា Uhuru Kenyatta បានសម្តែងនូវការអបអរសាទរចំពោះលោកគ្រូ Tabichi តាមរយៈវីដេអូមួយដោយបញ្ជាក់ថា «រឿងរ៉ាវរបស់អ្នកគឺ ជារឿងរ៉ាវរបស់អាហ៊្វ្រិក ជាទ្វីបថ្មីមួយដែលសម្បូរដោយទេព្យកោសល្យ» ។ …
-
ម៉ាឡេស៊ីខ្វះខាតទឹកប្រើប្រាស់ ជិតពាក់កណ្តាលប្រទេស

ដោយសារតែអាកាសធាតុក្តៅខ្លាំងពេក ខេត្តចំនួន៦ក្នុងចំណោមខេត្តសរុបទាំង១៣ ក្នុងប្រទេសម៉ាឡេស៊ី ត្រូវគេរំពឹងថា កំពុងតែខ្វះខាតទឹកប្រើប្រាស់។ រដ្ឋមន្ត្រីក្រសួងធនធានទឹកដែនដី និងធនធានធម្មជាតិ Xavier Jayakumar បាននិយាយកាលពីចុងសប្តាហ៍ថា ទំនប់វារីអគ្គិសនីចំនួន៣ ដែល១ក្នុងខេត្ត Kedah និង២ទៀតនៅ Johor បច្ចុប្បន្នកំពុងខ្វះខាតទឹកប្រមាណ៥០%។ ស្ទើរតែទូទាំងប្រទេសម៉ាឡេស៊ី អាកាសធាតុបានឡើងកម្តៅរហូតដល់៤០ អង្សាសេ ហើយត្រូវរង់ចាំយ៉ាងហោចណាស់ពី៣១ ទៅ ៥៦ថ្ងៃ ទម្រាំមានភ្លៀងធ្លាក់ទើបអាចកាត់បន្ថយការឡើងកម្តៅ ក្នុងប្រទេស និងមានទឹកគ្រប់គ្រាន់មកវិញដើម្បីប្រើប្រាស់។ ខេត្តចំនួន៦ដែលរងគ្រោះរួមមាន Johor, Negeri Sembilan, Perak , Kedah, Pahang និងKelantan។ ដោយសារអាកាស ធាតុក្តៅ និងស្ងួតបានបណ្តាលឱ្យមានភ្លើងឆេះព្រៃជាង ២៩៧ ហិកតា កាលពីចុងសប្តាហ៍៕ធ.ដ
-
លោក ដូណាល់ ត្រាំ រួចផុតពីការចោទប្រកាន់រឿងឃុបឃិតជាមួយរុស្ស៊ី

សហរដ្ឋអាម៉េរិក៖ ការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller មិនបានរកឃើញភស្តុតាងណាមួយដែលបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងក្រុមយុទ្ធនាការរបស់លោក ក៏ដូចជាអ្នកពាក់ព័ន្ធនឹងរូបលោក បានសមគំនិត ឬសហការជាមួយរុស្ស៊ី ដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាម៉េរិកឆ្នាំ២០១៦នោះឡើយ ។ នៅក្នុងរបាយការណ៍របស់ខ្លួនដែលបានប្រគល់ជូនសភា លោក Robert Mueller បានគូសបញ្ជាក់ថា ខណៈដែលរបាយការណ៍នេះ មិនបានសន្និដ្ឋានថា លោកប្រធានាធិបតីបានប្រព្រឹត្តឧក្រិដ្ឋកម្មណាមួយនោះ ក៏ប៉ុន្តែវាក៏មិនបានធ្វើឱ្យលោក ត្រាំ រួចផុតពីការចោទប្រកាន់ដែរ ។ សូមរំលឹកថា រដ្ឋអាជ្ញាពិសេសអាម៉េរិកលោក Robert Mueller បានចំណាយពេលអស់២២ខែ ដើម្បីស៊ើបអង្កេតទៅលើការជ្រៀតជ្រែករបស់ប្រទេសរុស្ស៊ី ក្នុងការបោះឆ្នោតប្រធានាធិបតីអាម៉េរិកកាលពីឆ្នាំ២០១៦ និងពិនិត្យមើលថាតើលោក ដូណាល់ ត្រាំ បានព្យាយាមរារាំងការស៊ើបអង្កេតនេះដែរឬអត់ ក្រោយពីបានឡើងកាន់អំណាចហើយនោះ ៕ធ.ដ
-
លោក ស៊ី ជីនពីង ធ្វើដំណើរទៅដល់ប្រទេសបារាំងហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានធ្វើដំណើរទៅដល់ប្រទេបារំាងហើយ ដោយនាឱកាសនោះ លោក ស៊ី និងសមភាគីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បានជួបជុំគ្នាសម្រាប់អាហារពេលល្ងាចនៅភាគខាងត្បូងប្រទេសបារាំង កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ នៅមុនកិច្ចពិភាក្សាផ្លូវការ ស្របពេលដែលលោក ម៉ាក្រុង កំពុងស្វះស្វែងបង្កើតខ្សែត្រៀមជួរមុខអឺរ៉ុបរួបរួមតែមួយ ដើម្បីទៅមុខរួមគ្នាជាមួយការចូលមករបស់ចិន ។ តាមរយៈបណ្តាញសង្គមធ្វីតធើ ប្រធានាធិបតីបារំាំងលោក អែមម៉ានុយអែល ម៉ាក្រុង សរសេរសារបង្ហោះថា រីករាយណាស់ដែលបានស្វាគមន៍លោកប្រធានា ធិបតី ស៊ី ជីនពីង និងភរិយារបស់គាត់មកកាន់ប្រទេសបារាំង ។ លោកបន្តថា ដំណើរទស្សនកិច្ចនេះ នឹងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់យើង និងបញ្ជាក់ពីតួនាទីរបស់បារាំង អឺរ៉ុប និងចិនឆ្ពោះទៅរកភាពរឹងមាំនៃពហុភាគីនិយម ។ គួរបញ្ជាក់ផងដែរថា មុនពេលជួបជាមួយលោក ម៉ាក្រុង លោក ស៊ី បានធ្វើដំណើរទៅកាន់ទីក្រុងម៉ូណាកូ កន្លែងដែលលោកត្រូវបានទទួលដោយព្រះអង្គម្ចាស់អាល់ប៊ឺតទី២ និងជាកន្លែងដែលអ្នកនាំពាក្យរដ្ឋាភិបាលនិយាយថា ការពិភាក្សានឹងដោះស្រាយបញ្ហាសេដ្ឋកិច្ច និងបរិស្ថាន ៕ធ.ដ
-
លទ្ធផលបឋមនៃការបោះឆ្នោតសកលនៅថៃបង្ហាញថា គណបក្សភឿថៃរបស់លោក ថាក់ស៊ីន កំពុងនាំមុខលំដាប់ទី១

ថៃ៖ ការបោះឆ្នោតនៅប្រទេសថៃត្រូវបានបញ្ចប់ទៅដោយរលូន កាលពីវេលាម៉ោង៥៖០០នាទីល្ងាចថ្ងៃទី២៤ ខែមីនានេះ ហើយការរាប់សន្លឹកឆ្នោតបណ្តោះអាសន្ន និងមិនទាន់ផ្លូវការ ក៏បានចាប់ផ្តើមឡើងជាបណ្តើរៗផងដែរ ដោយគិតត្រឹមវេលាម៉ោង៩៖០០នាទីព្រឹកថ្ងៃទី២៥ ខែមីនានេះ គណបក្សភឿថៃ (Pheu Thai Party) ទទួលបានអសនៈសរុប១៣០ នាំមុនគណបក្សដទៃៗទៀត ។ ចំនួនអសនៈមិនទាន់ផ្លូវការ ដែលគណបក្សនានាទទួលបានរួមមាន៖* គណបក្សភឿថៃ (Pheu Thai Party) ទទួលបាន ១៣០អសនៈ* គណបក្សគណបក្ស ផាឡាង ប្រាឆារ៉ាត (Palang Pracharath) របស់លោក ប្រាយុទ្ធ ចាន់អូចា ទទួលបាន ១២០អសនៈ * គណបក្សអនាគតទៅមុខ (Future Forward Party) ទទួលបាន ៧៨អសនៈ, * គណបក្សភូមិចៃថៃ (Bhumjaithai) ទទួលបាន ៤៩អសនៈ* គណបក្សប្រជាធិបតេយ្យ (Democrat Party) ទទួលបាន ៤៩អសនៈ, * គណបក្សឆាតថៃផាត់ថាណា (Chartthaipattana…
-
ចំនួនអ្នកស្លាប់កើនជិត៨០០នាក់ ដោយសារខ្យល់ព្យុះវាយប្រហារលើប្រទេសអាហ៊្វ្រិកខាងត្បូងចំនួន៣

អាហ៊្វ្រិកខាងត្បូង៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថាតួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារខ្យល់ព្យុះ Idai បានបន្តកើនឡើងដល់ជាង៧៥០នាក់ហើយ នៅតាមបណ្តាប្រទេសនៅអាហ៊្វ្រិកខាងត្បូងចំនួន៣ ខណៈដែលក្រុមកម្មករជំនាញបាននិងកំពុងស្តាឡើងវិញនូវដំណើរការអគ្គិសនី និងទឹក ក៏ដូចជាព្យាយាមការពារការផ្ទុះជំងឺអាសន្នរោគ។ ក្រសួងបរិស្ថាននៅប្រទេសម៉ូសំប៊ិកបានព្រមានថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើងថែមទៀត ស្របពេលដែលទឹកជំនន់ស្រកចុះ ហើយសាកសពជាច្រើននាក់ត្រូវបានរកឃើញ ហើយនៅពេលនេះមនុស្សជិត១១០.០០០នាក់កំពុងស្ថិតនៅតាមជំរំសង្គ្រោះ។ ប្រភពខាងលើបានឱ្យដឹងដែរថា នៅប្រទេសម៉ូសំប៊ិក ចំនួនអ្នកស្លាប់បានកើនឡើងដល់៤៤៦នាក់ ក្នុងគ្រាដែលមនុស្ស២៥៩នាក់បានស្លាប់នៅប្រទេសស៊ីមបាវ៉េ ហើយយ៉ាងហោចណាស់៥៦នាក់បានស្លាប់នៅប្រទេសម៉ាឡាវី ដែលនាំឱ្យមានអ្នកស្លាប់សរុបនៅប្រទេសទាំង៣នេះគឺចំនួន៧៦១នាក់៕ធ.ដ
-
លោក អាប់ ភីស៊ីត ប្រកាសលាលែងពីតំណែង ក្រោយទទួលបរាជ័យក្នុងការបោះឆ្នោត

បាងកក៖ សេចក្តីរាយការណ៍ពីប្រទេសថៃ កាសែត Bangkok Post ចេញឲ្យដឹងថា ប្រធានគណបក្សប្រជាធិបតេយ្យ លោក អាប់ ភីស៊ីត បានប្រកាសលាលែងពីតំណែង ក្រោយពីទទួលបរាជ័យក្នុងការបោះឆ្នោតនេះ ប៉ុន្តែលោកបានប្រកាសថា នឹងចូលរួមរដ្ឋាភិបាលចម្រុះផងដែរ។ លទ្ធផលបោះឆ្នោតប្រមាណ៩០ភាគយបានបង្ហាញថា គណបក្សភឿថៃ របស់លោក ថាក់ស៊ីន កំពុងមុខលំដាប់ទី១ ខណៈគណបក្ស Palang Pracharath របស់ប្រាយុទ្ធ ស្ថិតនៅលំដាប់ទី២។ ភ្នាក់ងារព័ត៌មានបានរាយការណ៍ពីទីក្រុងបាងកកបានឲ្យដឹងថា ការរាប់សន្លឹកឆ្នោតត្រូវបានផ្អាកភ្លាមៗដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ថៃ ដោយមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ខណៈការរាប់សន្លឹកឆ្នោតបានត្រឹមតែ៩០ភាគរយ។ ការរាប់សន្លឹកឆ្នោតនៅបន្តនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩៕
-
ការបោះឆ្នោតសកលជាលើកដំបូង នៅប្រទេសថៃចាប់ផ្ដើមជាផ្លូវការហើយ

ថៃ÷ ការបោះឆ្នោតសកលនៅក្នុងប្រទេសថៃចាប់ផ្ដើមជាផ្លូវការហើយ ដោយការិយាល័យបោះឆ្នោតនៅទូទាំងប្រទេស បានបើកទ្វារនៅម៉ោង៨៖០០នាទីព្រឹក ថ្ងៃអាទិត្យនេះ។ប្រជាពលរដ្ឋថៃ មានសិទ្ធិ បោះឆ្នោតប្រមាណ៥២លាននាក់ ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងការបោះឆ្នោតជាលើកដំបូងនេះ គិតចាប់តាំងពីរដ្ឋប្រហារកាលពីឆ្នាំ២០១៤មក។ បើគិតពីការ ធ្វើរដ្ឋប្រហារ យោធា ទម្លាក់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ចេញពី តំណែង នាយករដ្ឋមន្ត្រី ថៃ កាលពីខែឧសភា ឆ្នាំ២០១៤ នោះគឺវាមានរយៈ០៥ឆ្នាំ ហើយ ក្នុង យុទ្ធនាការឃោសនារកសំឡេងឆ្លោត របស់បក្សនយោបាយ នានា មួយរយៈមកនេះ ប្រជាជនថៃភាគ ច្រើនត្រូវបានគេមើល ឃើញថា មានក្តីសង្ឃឹមក្នុងការស្តារលទ្ធិ ប្រជាធិបតេយ្យ របស់ខ្លួនឡើងវិញ ដោយពួកគេបានចាត់ទុកថា វាបានបាត់បង់ទៅ តាំងតែពីរដ្ឋប្រហារកាលពី០៥ឆ្នាំមុនម្ល៉េះ ប៉ុន្តែមួយចំនួនទៀតក៏នៅតែបង្ហាញការ ព្រួយបារម្ភផងដែរ។សូមជម្រាបថា នៅថ្ងៃអាទិត្យនេះ មណ្ឌលបោះឆ្នោត ចំនួន ៩៣,២០០កន្លែង បានបើកទ្វារ នៅទូទាំងខេត្ត ចំនួន ៧៧របស់ប្រទេស ថៃ ដែលអនុញ្ញាតឲ្យពលរដ្ឋ ចូលទៅ បោះឆ្នោតបាន ចាប់ពី វេលាម៉ោង ៨៖០០នាទីព្រឹក…
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកបញ្ជាឲ្យដកទណ្ឌកម្មពីកូរ៉េខាងជើងវិញ

សហរដ្ឋអាម៉េរិក៖ តាមរយៈបណ្តាញសង្គមធ្វីតធើផ្លូវការរបស់ខ្លួន ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្តាហ៍នេះ បានចេញបញ្ជាឲ្យលុបចោលកញ្ចប់ទណ្ឌកម្មថ្មី ដែលក្រសួងរតនាគារជាតិអាម៉េរិកទើបប្រកាសដាក់បន្ថែមទៅលើកូរ៉េខាងជើង។ ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ាហ៍ សេនដឺស៍ បានលើកឡើងថា លោក ត្រាំ ចូលចិត្តលោក គីម ហើយលោកគិតថា ការដាក់ទណ្ឌកម្មបន្ថែមបែបនេះ គឺជារឿងមិនចាំបាច់នោះឡើយ ប៉ុន្តែលោកស្រីពុំបានបញ្ជាក់ច្បាស់ថា លោក ត្រាំ ចង់និយាយពីកញ្ចប់ទណ្ឌកម្មណាមួយឲ្យប្រាកដឡើយ។ សូមរំលឹកថា ក្រសួងរតនាគារជាតិអាម៉េរិក នៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មចុងក្រោយមួយទៀត ដែលជាសញ្ញាថ្មីលើកដំបូងគិតចាប់តាំងតែពីកិច្ចប្រជុំរវាងលោក ត្រាំ និង លោក គីម នៅវៀតណាម បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង ហើយនៅក្នុងកញ្ចប់ទណ្ឌកម្មថ្មីនោះបានចោទក្រុមហ៊ុនចិនចំនួនពីរថា បានលួចដឹកនាំប្រេងជាង៦០កប៉ាល់ឲ្យទៅកូរ៉េខាងជើង និងដោះដូរមកវិញនូវធ្យូងថ្ម៕ធ.ដ
-
សហរដ្ឋអាម៉េរិកសម្រេចដាក់ទណ្ឌកម្មថ្មីទៀតប្រឆំាងនឹងអ៊ីរ៉ង់

សហរដ្ឋអាម៉េរិក៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្តាហ៍នេះ បានសម្រេចបញ្ចេញកញ្ចប់ទណ្ឌកម្មថ្មីទៀតប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ខណៈចំណាត់ការនេះ ធ្វើឡើងស្របពេលដែលរដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក លោកម៉ៃ ប៉ុមប៉េអូ បានថ្កោលទោសឥទ្ធិពលកើនឡើងខ្លាំងរបស់អ៊ីរ៉ង់ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសលីបង់។ បើតាមក្រសួងរតនាគារអាម៉េរិក ការដាក់ទណ្ឌកម្មនេះ ផ្តោតទៅលើអ្នកវិទ្យាសាស្ត្រ អ្នកបច្ចេកទេស និងក្រុមហ៊ុនអ៊ីរ៉ង់ចំនួន៣១ ដែលជាប់ទាក់ទងជាមួយអង្គភាពអភិវឌ្ឍន៍ និងការពារជាតិអ៊ីរ៉ង់ ដែលបានឈានមុខគេនៅក្នុងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីស្លាមមួយនេះ។ ដោយឡែកមនុស្ស១៤នាក់ផ្សេងទៀតរួមទាំងប្រធានអង្គការ និងសាខាប្រតិបត្ដិការចំនួន១៧ ក៏ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មថ្មីនេះដែរ។ ការដាក់ទណ្ឌកម្មថ្មីនេះដែរ នឹងបង្កករាល់ទ្រព្យសម្បត្តិ ដែលគោលដៅទាំងអស់នោះ អាចមាននៅក្នុងដែនសមត្ថកិច្ចរបស់សហរដ្ឋអាម៉េរិក និងរារាំងជនជាតិអាម៉េរិកពីការធ្វើប្រតិបត្តិការណាមួយជាមួយពួកគេ៕ធ.ដ