Category: ព័ត៌មានអន្តរជាតិ

  • លោក ត្រាំ សម្រេចចុះហត្ថលេខាលើសេចក្តីប្រកាសទទួលស្គាល់តំបន់ Golan Heights ជារបស់អ៊ីស្រាអែល

    លោក ត្រាំ សម្រេចចុះហត្ថលេខាលើសេចក្តីប្រកាសទទួលស្គាល់តំបន់ Golan Heights ជារបស់អ៊ីស្រាអែល

    សហរដ្ឋអាម៉េរិក៖ ទីបំផុតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចចុះហត្ថលេខាលើសេចក្តីប្រកាសមួយ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយទទួលស្គាល់ការកាន់កាប់អធិបតេយ្យភាពរបស់អ៊ីស្រាអែល លើតំបន់ ហ្គោលែន ហេចស៍ ដែលផ្ទុយពីគោលនយោបាយសហរដ្ឋអាម៉េរិក ជាងពាក់កណ្តាលសតវត្សរ៍ស្តីពី តំបន់មជ្ឈិមបូព៌ា។ នាឱកាសនោះដែរ លោក ដូណាល់ ត្រាំ បាននិយាយថា វាដល់ពេលហើយសម្រាប់សហរដ្ឋអាម៉េរិក ដើម្បីចាត់វិធានការក្រោយពីការត្រួតត្រារបស់អ៊ីស្រាអែលលើតំបន់យុទ្ធសាស្ត្រនេះអស់រយៈពេល៥២ឆ្នាំ នៅតាមព្រំដែនជាមួយប្រទេសស៊ីរី។ ចំណាត់ការរបស់លោក ត្រាំ នេះដែរ ក៏ទំនងជាផ្តល់ឱ្យលោក ណឺតាន់យ៉ាហ៊ូ នូវការជំរុញផ្នែកនយោបាយផងដែរ នៅមុនការបោះឆ្នោតអ៊ីស្រាអែលដ៏ប្រកៀកប្រកិតខាងមុខនេះ។ ជាការឆ្លើយតប ស៊ីរី និងប្រទេសជិតខាងលីបង់បានប្រកាសជំទាស់នឹងចំណាត់ការនេះ ចំណែក កាណាដា និងតួកគី ក៏បានអះអាងដែរថា ពួកគេនឹងមិនធ្វើតាមសហរដ្ឋអាម៉េរិកឡើយ៕ធ.ដ

  • រុស្ស៊ីអះអាងជាថ្មីទៀតថា ខ្លួនមិនបានចូលជ្រៀតជ្រែកការបោះឆ្នោតសហរដ្ឋអាម៉េរិក កាលពីឆ្នាំ២០១៦ឡើយ

    រុស្ស៊ីអះអាងជាថ្មីទៀតថា ខ្លួនមិនបានចូលជ្រៀតជ្រែកការបោះឆ្នោតសហរដ្ឋអាម៉េរិក កាលពីឆ្នាំ២០១៦ឡើយ

    រុស្ស៊ី៖ វិមានក្រឹមឡាំង នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានធ្វើការបដិសេធសាជាថ្មីទៀត ពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការចូលជ្រៀតជ្រែករបស់រុស្ស៊ី ទៅក្នុងការបោះឆ្នោតប្រធានាធិបតីអាម៉េរិកកាលពីឆ្នាំ២០១៦ បើទោះបីជារដ្ឋអាជ្ញាពិសេសអាម៉េរិក លោក Robert Mueller បានសន្និដ្ឋានថា ទីក្រុងម៉ូស្គូបានចូលជ្រៀតជ្រែកក៏ដោយ។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់ក្រុមអ្នកសារព័ត៌ មានអំពីគោលជំហររបស់ប្រទេសរុស្ស៊ីចំពោះបញ្ហានេះថា ប្រទេសរបស់លោកមិនបានចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយនោះទេ រួមទាំងសហរដ្ឋអាម៉េរិកផងដែរ។ លោកបានសង្កត់ធ្ងន់ថា ដូចយើងធ្លាប់បាននិយាយពីមុនមកហើយថា នេះជាការចោទប្រកាន់គ្មានមូលដ្ឋាន ហើយថា វាមិនខុសពីការស្វែករកសត្វឆ្មាខ្មៅនៅក្នុងបន្ទប់ ដែលងងឹតនោះទេ គឺវាពិបាកណាស់ ហើយអ្វីដែលពិសេសនោះ គឺថាគ្មានសត្វឆ្មានៅក្នុងបន្ទប់នោះទេ។ គួរបញ្ជាក់ផងដែរថា ការស៊ើបអង្កេតរយៈពេល២២ខែរបស់រដ្ឋអាជ្ញាពិសេសអាម៉េរិក បានសន្និដ្ឋានថា រុស្ស៊ីបានចូលក្លែងបន្លំព័ត៌មាននៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងបានចូលលួច E-mails របស់លោកស្រី Hillary Clinton គូប្រជែងខាងគណបក្សប្រជាធិបតេយ្យ ប៉ុន្តែការស៊ើបអង្កេតមិនបានរកឃើញថា លោក Trump និងក្រុមយុទ្ធនាការរបស់លោកបានឃុបឃិតជាមួយនឹងទីក្រុងមូស្គូទេ៕ធ.ដ

  • អ្នកដំណើររាប់ពាន់ត្រូវអាជ្ញាធរជម្លៀសចេញពីនាវាកម្សាន្តមួយនៅឯនាយសមុទ្រន័រវែស ក្រោយជួបបញ្ហាម៉ាស៊ីន

    អ្នកដំណើររាប់ពាន់ត្រូវអាជ្ញាធរជម្លៀសចេញពីនាវាកម្សាន្តមួយនៅឯនាយសមុទ្រន័រវែស ក្រោយជួបបញ្ហាម៉ាស៊ីន

    ន័រវែស៖ នាវាកម្សាន្ត Viking Sky ដ៏ធំមួយគ្រឿងបានជួបប្រទះនូវបញ្ហាម៉ាស៊ីន បន្ទាប់ពីវាបានប្រឈមនឹងខ្យល់ព្យុះកាលពីថ្ងៃសៅរ៍ សប្តាហ៍មុនេះ ហើយបើ តាមសេចក្តីរាយាការណ៍ពីដំបូង មនុស្សសរុបចំនួន៣៧១នាក់ក្នុងចំណោមអ្នកដំណើរជាង១,៣០០នាក់ ត្រូវបានសង្គ្រោះចេញពីនាវានោះ។ សារព័ត៌មាន CGTN បានឱ្យដឹងថា ដោយសារតែមានខ្យល់ព្យុះនោះ ក្រុមអ្នកដំណើរមិនត្រូវបានសង្គ្រោះទៅកាន់នាវាផ្សេងទៀតនោះទេ ហើយពួកគេត្រូវបានសង្គ្រោះតាមមឧទ្ធម្ភាគចក្រជាច្រើនគ្រឿងវិញ។ ប្រភពបន្តថា នាវាកម្សាន្តដែលអាចដំណើរការម៉ាស៊ីន៣ក្នុងចំណោមម៉ាស៊ីន៤របស់វាឡើងវិញនេះ បានធ្វើដំណើរទៅកាន់ទីក្រុង Molde ប្រទេសន័រវែសដោយសុវត្ថិភាព។ យ៉ាងណាមិញ បើទោះបីជាអាកាសធាតុនៅតំបន់នោះមានភាពល្អប្រសើរឡើងក្តី ក៏ការសជម្លៀសត្រូវបានផ្អាកជាបណ្តោះអាសន្ន ស្របពេលដែលនាវាកម្សាន្តនេះ ត្រូវបានអូសទាញទៅកាន់ឆេ្នរសមុទ្រដោយនាវា២គ្រឿង។ បើតាមប្រភពនោះ មានមនុស្ស១៧នាក់ បានរងរបួសក្នុងហេតុការណ៍នេះ ដោយមនុស្ស៣នាក់ បានរងរបួសធ្ងន់៕ធ.ដ

  • អតីតនាយករដ្ឋមន្រ្តីថៃបញ្ជាក់ថា ការបោះឆ្នោតសកលប្រព្រឹត្តទៅដោយគ្មានតម្លាភាពឡើយ

    អតីតនាយករដ្ឋមន្រ្តីថៃបញ្ជាក់ថា ការបោះឆ្នោតសកលប្រព្រឹត្តទៅដោយគ្មានតម្លាភាពឡើយ

    ថៃ៖ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នៅថ្ងៃច័ន្ទនេះ បាននិយាយថា លោកបានដឹងមុនច្បាស់ណាស់ថា របបសឹកថៃដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃ គឺចង់តែនៅបន្តក្តោបក្តាប់អំណាច ប៉ុន្តែលោកនឹកស្មានមិនដល់ឡើយថា រដ្ឋាភិបាលយោធាហ៊ានដល់ត្រៀមលក្ខណៈបំផ្លាញប្រព័ន្ធលទ្ធិប្រជាធិបតេយ្យមួយទាំងមូល។ ជុំវិញការពន្យារពេលបញ្ចេញលទ្ធផលឋបមនៃការបោះឆ្នោត តាំងពីយប់ថ្ងៃអាទិត្យរហូតមកដល់ថ្ងៃចន្ទនេះ លោក ថាក់ស៊ីន បានលើកឡើងថា វាពុំធ្លាប់មានការពន្យារពេលរបៀបនេះឡើយ ក្នុងប្រវត្តិសាស្រ្តបោះឆ្នោតនាសម័យទំនើបរបស់ប្រទេសថៃ ហើយប្រការនេះបានបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលយោធាកំពុងតែមានការភ័យខ្លាច។ លោក ថាក់ស៊ីន បានបន្ថែមថា ប្រសិនបើច្បាប់នៃការប្រកួតប្រជែង ឬក៏អាជ្ញាកណ្តាលគ្មានមួយណាមានតម្លាភាពទេនោះ លទ្ធផលនឹងពុំទទួលបានការគោរពឡើយ គឺមិនថាពីសំណាក់ប្រជាជនថៃផ្ទាល់ ឬពីអន្តរជាតិនោះទេ។ លោកបានសង្កត់ធ្ងន់ទៀតថា ប្រទេសថៃសព្វថ្ងៃត្រូវការរដ្ឋាភិបាលមួយ ដែលឆ្លុះបញ្ចាំងពីឆន្ទៈរាស្រ្ត មិនមែនឆន្ទៈរបស់របបយោធាឡើយ ប៉ុន្តែនេះជាពេលវេលាអាក្រក់ និងសោកសៅមួយសម្រាប់ប្រទេសរបស់លោក៕ធ.ដ

  • គណបក្សគំាទ្រយោធា ផាឡាង ប្រាឆាវ៉ាត់ ចង់បង្កើតរដ្ឋាភិបាលចម្រុះ តាមរយៈការចរចាជាមួយបណ្តាគណបក្សដទៃ

    គណបក្សគំាទ្រយោធា ផាឡាង ប្រាឆាវ៉ាត់ ចង់បង្កើតរដ្ឋាភិបាលចម្រុះ តាមរយៈការចរចាជាមួយបណ្តាគណបក្សដទៃ

    ថៃ៖ គណបក្សគំាទ្រយោធា ផាឡាង ប្រាឆារ៉ាត់ (Palang Pracharat) របស់លោក ប្រាយុទ្ធ ចាន់អូចា បានអះអាងថាខ្លួននឹងព្យាយាមបង្កើតរដ្ឋាភិបាល តាមរយៈការចរចាជាមួយបណ្ដាគណបក្ស ដទៃ ដែលមានគំនិតនយោបាយ និងគោលជំហរចង់ឱ្យប្រទេសជាតិរីកចម្រើនទៅមុខដូចគ្នា។ បើតាមលទ្ធផលឆ្នោតបឋមរាប់បាន ៩៣ភាគរយ គណបក្សភឿថៃទទួលបានអសនៈសភា ១៣៥ រីឯគណបក្សផាឡាង ប្រាឆារ៉ាត់ ទទួលបាន ១១៩អសនៈ។ លទ្ធផលនេះបានមកពីការបូកបញ្ចូល គ្នា នៃចំនួនអសនៈ ៣៥០ តាមប្រព័ន្ធឯកត្តនាមគិតតាមមណ្ឌល និង១៥០អាសនៈទៀត ឬ (party-list) ដែលត្រូវ បោះឆ្នោតជ្រើសរើសទៅតាមប្រព័ន្ធសមាមាត្រ គិតទៅតាមបញ្ជីបេក្ខជន របស់គណបក្ស នយោបាយនៅក្នុងក្របខ័ណ្ឌជាតិ។ ក៏ប៉ុន្តែចំនួនអាសនៈ ១៥០នេះ អាចនឹងត្រូវពន្យារពេលប្រកាសជាច្រើនថ្ងៃ។ ការប្រកាសខាងលើនេះរបស់គណបក្ស ផាឡាង ប្រាឆារ៉ាត់ ធ្វើឡើងដោយផ្អែកលើសំឡេងឆ្នោត ដែលខ្លួនទទួលបានពីប្រជាជន ឬ popular vote ចំនួន ៧,៩លានសំឡេង ខណៈគណបក្សភឿថៃទទួលបាន ៧,៤លានសំឡេងប៉ុណ្ណោះ ទោះបីជាបក្សគាំទ្រលោក ថាក់ស៊ី នេះបានទទួលអាសនៈច្រើនជាងក៏ដោយ៕ម.ន …

  • យានអវកាស OSIRIS-REX នឹងនាំយកគំរូតាងរបស់អាចម៍ផ្កាយ Bennu មកផែនដីនៅឆ្នាំ២០២៣

    យានអវកាស OSIRIS-REX នឹងនាំយកគំរូតាងរបស់អាចម៍ផ្កាយ Bennu មកផែនដីនៅឆ្នាំ២០២៣

    សហរដ្ឋអាម៉េរិក៖ យាន អូស៊ីរីស រិច បានទៅដល់អាចម៍ផ្កាយ បេននូ ដែលមានមុខកាត់ប្រវែងជាង ៥០០ម៉ែត្រ និងនៅចម្ងាយ៣០ម៉ឺនគីឡូម៉ែត្រពីផែនដីកាលពីចុងឆ្នាំ២០១៨ ហើយយានអវកាសនេះ នឹងនាំយកគំរូតាងរបស់វាត្រឡប់មកដល់ផែនដីនៅខែកញ្ញា ឆ្នាំ២០២៣ខាងមុខ។ អាចម៍ផ្កាយ បេននូ ដែលស្ថិតក្រោមការសិក្សារបស់យានអវកាស NASA កំពុងវិលកាន់តែលឿនទៅៗ ដោយប្រការនេះធ្វើឲ្យអ្នកវិទ្យាសាស្រ្តងឿងឆ្ងល់ជាខ្លាំង។ ឥឡូវនេះ រង្វិលជុំរបស់អាចម៍ផ្កាយ បេននូ គឺមានរយៈពេល៤,៣ម៉ោង ក៏ប៉ុន្តែបើតាមរយៈការវិភាគលើទិន្នន័យប្រមូលបានមុនពេលដែលយាន អូស៊ីរីស រិច (OSIRIS-REX) ទៅដល់អាចម៍ផ្កាយ បេននូ នោះ បានបង្ហាញថា រង្វិលជុំរបស់វាកំពុងតែកើនឡើងល្បឿន គឺប្រហែល០១វីនាទីជារៀងរាល់មួយសតវត្សរ៍។ សូមបញ្ជាក់ផងដែរថា ការស្រាវជ្រាវថ្មីនេះ បានយោងទៅលើទិន្នន័យដែលប្រមូលបានដោយប្រព័ន្ធតេឡេស្កូបចំនួន០២នៅលើផែនដី កាលពីចន្លោះឆ្នាំ១៩៩៩ និងឆ្នាំ២០០៥ និងដោយកែវយឺតអវកាស ហ៊ូបប៊ល (Hubble)។ យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្ត នឹងអាចធ្វើការស្វែងយល់កាន់តែច្បាស់ថែមទៀតអំពីអាចម៍ផ្កាយ បេននូ ស្របដែលពេលយាន អូស៊ីរីស រិច នឹងចំណាយពេលសិក្សាលើវាសម្រាប់រយៈពេលយ៉ាងតិចក៏២ឆ្នាំ៕ធ.ដ

  • ការប្រកាសលទ្ធផលបោះឆ្នោតនៅប្រទេសថៃ ត្រូវសម្រេចពន្យារពេលថែមទៀត

    ការប្រកាសលទ្ធផលបោះឆ្នោតនៅប្រទេសថៃ ត្រូវសម្រេចពន្យារពេលថែមទៀត

    ថៃ៖ គណៈកម្មការបោះឆ្នោតជាតិថៃ បានធ្វើការពន្យារពេលជាថ្មីទៀត ដោយការប្រកាសលទ្ធផលបឋម នឹងត្រូវធ្វើឡើងរហូតដល់ថ្ងៃសុក្រសប្តាហ៍នេះ ខណៈគណបក្សភឿថៃ បានប្រកាសថា ខ្លួនជាអ្នកទទួលបានជោគជ័យ ដោយទទួលបានអាសនៈច្រើនជាងគេនៅក្នុងសភា និងត្រៀមរៀបចំបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្សនានា ដែលមានគោលដៅនយោបាយដូចខ្លួន។ ភាពភ្ញាក់ផ្អើល និងការសង្ស័យ បាននិងកំពុងកើតឡើង ក្រោយគណៈកម្មាការរៀបចំការបោះឆ្នោតថៃ បានពន្យារពេលប្រកាសលទ្ធផលបឋមរហូតដល់ម៉ោងប្រមាណ២៖០០នាទីរសៀលថ្ងៃចន្ទនេះវិញ ដែលបើតាមការគ្រោងទុកនោះ ការប្រកាសលទ្ធផលត្រូវធ្វើឡើងនៅម៉ោង១០៖០០នាទីព្រឹកថ្ងៃចន្ទដដែល។ បើទោះជាលទ្ធផលមិនទាន់ចេញផ្លូវការក៏ដោយ ក៏នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ទំនងជានឹងនៅតែបន្តកាន់តំណែងជាមេដឹកនាំប្រទេសថៃដដែល បន្ទាប់ពីចំនួនអាសនៈដែលគណបក្ស ផាឡាង ប្រាឆារ៉ាត (PPRP) ទទួលបានក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ គឺលើសពីការរំពឹងរបស់មនុស្សគ្រប់គ្នា ទោះបីជាគណបក្សភឿថៃបានឈ្នះអសនៈច្រើនជាងគេក៏ដោយ។ សូមបញ្ជាក់ថា ប្រសិនបើក្រុមគណបក្សគាំទ្រប្រជាធិបតេយ្យដូចជា ភឿថៃ និង Future Forward ជាដើម មិនអាចប្រមូលផ្តុំអាសនៈបានយ៉ាងតិច២៥១សំឡេង ឬក៏ពាក់កណ្តាលនៃអាសនៈទាំង៥០០ទេនោះ គណបក្សភឿថៃ នឹងមិនងាយបង្កើតរដ្ឋាភិបាលចេញឡើយ ហើយគណបក្ស PPRP នឹងត្រូវក្លាយជាអ្នកបង្កើតរដ្ឋាភិបាលជំនួសវិញ ដោយសារតែមានអំណាចចរចាខ្លាំងជាងបក្សដទៃទៀត ដែលនេះជាប្រព័ន្ធបោះឆ្នោតរបស់ប្រទេសថៃ៕ធ.ដ

  • អង្គការសហប្រជាជាតិ សម្រេចលើកលែងការដាក់ទណ្ឌកម្មកូរ៉េខាងជើង ដើម្បីត្រួសត្រាយផ្លូវនាំយកជំនួយមនុស្សធម៌ទៅកាន់ទីនោះ

    អង្គការសហប្រជាជាតិ សម្រេចលើកលែងការដាក់ទណ្ឌកម្មកូរ៉េខាងជើង ដើម្បីត្រួសត្រាយផ្លូវនាំយកជំនួយមនុស្សធម៌ទៅកាន់ទីនោះ

    បើតាមប្រព័ន្ធផ្សព្វផ្សាយ KBS របស់កូរ៉េខាងត្បូង គណៈកម្មាធិការគ្រប់គ្រងទណ្ឌកម្មប្រឆាំងនឹងកួរ៉េខាងជើង នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC បានសម្រេចអនុម័តលើសំណើរមួយនៅថ្ងៃអាទិត្យសប្តាហ៍មុននេះ ដើម្បីលើកលែងទណ្ឌកម្មឲ្យគណៈកម្មាធិការមជ្ឈិម Mennonite (MCC) ក្នុងការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់កូរ៉េខាងជើង។ ការលើកលែងទណ្ឌកម្មនេះ នឹងអនុញ្ញាតឱ្យ MCC ដែលជាអង្គការផ្តល់ជំនួយសង្គ្រោះមួយ ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក និងកាណាដា អាចនាំយកគ្រឿងបរិក្ខារជាច្រើន ក្នុងនោះរួមមានសម្ភារអនាម័យ និងឧបករណ៍វះកាត់ចូលទៅក្នុងទឹកដីកូរ៉េខាងជើង ហើយបើតាមសារព័ត៌មានយ៉ុនហាប់ អង្គការនេះនឹងប្រគល់ឧបករណ៍វេជ្ជសាស្រ្តទៅឲ្យកូរ៉េខាងជើង នាអំឡុងដំណើរទស្សនកិច្ចត្រួតពិនិត្យមួយនៅក្នុងខែឧសភាខាងមុខនេះ។ សូមបញ្ជាក់ថា គណៈកម្មាធិការនេះ បានអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញកាលពីថ្ងៃទី១៤ ខែមីនាកន្លងទៅ ហើយការអនុម័តនេះដែរ ក៏បានដាក់បញ្ចូលបន្ថែមទាំងការលើកលែងការផ្តល់ជំនួយមនុស្សធម៌សម្រាប់ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃទី២១ ខែមីនានេះផងដែរ ហើយការលើកលែងទណ្ឌកម្មនេះ មានសុពលភាពរយៈពេល៦ខែ៕ធ.ដ

  • មេដឹកនាំបារាំង និងចិន បន្តចាត់ទុកគ្នាទៅវិញទៅមកជាអាទិភាពការទូត

    មេដឹកនាំបារាំង និងចិន បន្តចាត់ទុកគ្នាទៅវិញទៅមកជាអាទិភាពការទូត

    បារាំង៖ ប្រទេសចិនបានចាត់ទុកថា ចំណងទាក់ទងជាមួយប្រទេសបារាំង គឺជាអ្វីមួយដែលមានសារសំខាន់ខ្លាំងណាស់ ហើយរឿងនេះមិនមានការផ្លាស់ប្តូរអ្វីនោះឡើយ។ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានថ្លែងបែបនេះ នាថ្ងៃអាទិត្យម្សិលមិញ នៅពេលជួបជាមួយសមភាគីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង នៅក្នុងទីក្រុងនិច ដែលជាក្រុងដ៏ធំមួយក្នុងចំណោមក្រុងធំៗទៀតរបស់ប្រទេសបារាំង។ នាឱកាសនោះដែរ លោក ស៊ី ជីនពីង បានបញ្ជាក់ថា ចិនបានចាត់ទុកបារាំងជាអាទិភាពការទូតរបស់ខ្លួន ហើយលោក ស៊ី ថែមទាំងបានសន្យារក្សាទំនាក់ទំនងនេះ ឲ្យស្ថិតស្ថេរយូរអង្វែងរវាងប្រជាជាតិប្រទេសទាំងពីរ។ គួរបញ្ជាក់ថា បារាំង គឺជាប្រទេសលោកខាងលិចដ៏សំខាន់ដំបូងគេ ដែលបានប្រកាសបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយប្រទេសចិន។ ទំនាក់ទំនងដ៏ឋិតឋេររវាងចិន និងបារាំង ពិតជាមានន័យខ្លំាងបំផុត មិនមែនត្រឹមតែសម្រាប់ប្រទេសទំាងពីរនោះទេ ប៉ុន្តែក៏ដើម្បីពិភពលោកទាំងមូលផងដែរ។ ជាមួយគ្នានេះ ចិនសង្ឃឹមថា បារាំងនឹងដើរតួនាទីយ៉ាងសកម្មថែមទៀត ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងចិន និងអឺរ៉ុបទំាងមូល៕ធ.ដ

  • ប្រធានាធិបតីតួកគីថ្លែងថា នឹងលើកយកបញ្ហាតំបន់ Golan Heights ទៅកាន់អង្គការសហប្រជាជាតិ

    ប្រធានាធិបតីតួកគីថ្លែងថា នឹងលើកយកបញ្ហាតំបន់ Golan Heights ទៅកាន់អង្គការសហប្រជាជាតិ

    តួកគី៖ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ បានថ្លែងនៅថ្ងៃអាទិត្យសប្តាហ៍មុននេះថា ប្រទេសរបស់លោកនឹងលើកយកបញ្ហានៃការទទួលស្គាល់របស់សហរដ្ឋអាម៉េរិកនូវអធិបតេយ្យភាពរបស់អ៊ីស្រាអែល ទៅលើតំបន់ ហ្គោឡេន ហេចស៍ ទៅកាន់អង្គការសហប្រជាជាតិ។ ការអះអាងរបស់មេដឹកនាំតួកគីរូបនេះ ធ្វើឡើងបន្ទាប់ពីបានព្រមានប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ថា ការទទួលស្គាល់តំបន់ ហ្គោឡេន ហេចស៍ ជារបស់អ៊ីស្រាអែលផ្ដាច់មុខ នឹងនាំតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ចូលក្នុងវិបត្តិថ្មីមួយ។  ចំណែកឯក្រសួងការបរទេសស៊ីរី ក៏បានថ្កោលទោសការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ ផងដែរថា ជាការគ្មានទទួលខុសត្រូវ។ យ៉ាងណាមិញកាលពីថ្ងៃអាទិត្យម្សិលមិញនេះដែរ រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល លោក ខាត់ ធ្វីត បានគូសបញ្ជាក់ថា លោក ត្រាំ នឹងចុះហត្ថលេខាលើឯកសារផ្លូវការមួយ ដើម្បីទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ីស្រាអែលលើតំបន់ ហ្គោឡេន ហេចស៍ នៅពេលដែលលោកជួបជាមួយលោក ណឺតាន់យ៉ាហ៊ូ នៅក្នុងទីក្រុងវ៉ាស៊ីនតោន នាថ្ងៃច័ន្ទដើមសប្តាហ៍នេះ៕ម.ន