-
គណបក្សគាំទ្រយោធាថៃអះអាងថា ខ្លួនមានសិទ្ធិគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ

ថៃ៖ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Uttama Savanayana មេដឹកនាំគណបក្ស Palang Pracharat បានអះអាងនៅថ្ងៃពុធនេះថា ខ្លួនមានសិទ្ធិគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ ដោយផ្អែកលើសំឡេងឆ្នោត popular vote ។ គណបក្សគាំទ្រយោធារបស់លោក ប្រាយុទ្ធ ចាន់អូចា Palang Pracharath ទទួលបានសំឡេងឆ្នោត Popular vote ចំនួន៧,៦លានសំឡេង រីឯគណបក្សភឿថៃបានតែ៧,២លានសំឡេង។ លោក Uttama Savanayana បាននិយាយថា គណបក្សរបស់លោកនឹងស្វះស្វែងបង្កើតរដ្ឋាភិបាលចាប់ពីពេលនេះរហូតដល់លទ្ធផលបោះឆ្នោតត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី០៩ ខែឧសភា ហើយថា ខ្លួនបានចាប់ផ្ដើមចរចាជាមួយគណបក្សដទៃ ប៉ុន្តែនៅត្រូវការពេលវេលាបន្ថែម ហើយយើងនឹងព្យាយាមតាមដែលអាចធ្វើទៅបាន ជាមួយនឹងទំនុកចិត្តក្នុងការបង្កើតរដ្ឋាភិបាល។ សូមបញ្ជាក់ផងដែរថា មេដឹកនាំគណបក្សភឿថៃ លោកស្រី ស៊ូដារ៉ាត់ ឃីយួរ៉ាផាន់ នៅថ្ងៃពុធនេះក៏បានប្រកាសដែរថា ក្រុមចម្រុះប្រឆាំងរបបយោធាប្រមូលបានសំឡេងគាំទ្រយ៉ាងហោចណាស់ ២៥៥អាសនៈពីគណបក្សចំនួន៧ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ ប៉ុន្តែបើទោះជាគណបក្សទាំង៧នេះ រួមបញ្ចូលគ្នាជាក្រុមចម្រុះទទួលបានសំឡេងសរុប២៥៥អាសនៈ ដែលគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលក៏ដោយ ប៉ុន្តែវានៅឆ្ងាយពីសំឡេង៣៦៧ ដែលតម្រូវក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី៕ធ.ដ
-
សហរដ្ឋអាម៉េរិកអំពាវនាវឱ្យ NASA បញ្ជូនអវកាសយានិកទៅកាន់ឋានព្រះចន្ទឲ្យខានតែបានក្នុងពេល៥ឆ្នាំទៀត

សហរដ្ឋអាម៉េរិក៖ អវកាសយានិកអាម៉េរិកនឹងត្រូវត្រឡប់ទៅជាន់ដីព្រះចន្ទសាជាថ្មីក្នុងរយៈពេល៥ឆ្នាំទៀត ហើយព្រមានថា បើសិន NASA ពុំមានសមត្ថភាពសម្រេចផែនការនេះទេ ដូច្នេះទីភ្នាក់ងារអវកាសនេះ នឹងត្រូវធ្វើការកែទម្រង់ នេះបើតាមការបញ្ជាក់របស់អនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ផែន ក្នុងថ្ងៃអង្គារសប្តាហ៍នេះ។ កាលវិភាគដែលត្រូវបានប្រកាសដោយលោក ម៉ៃ ផែន ខាងលើនេះ គឺមានរយៈពេល៤ឆ្នាំលឿនជាងគម្រោងនាពេលបច្ចុប្បន្នរបស់អង្គការ NASA ដែលបានកំណត់ថា នឹងបញ្ជូនអវកាសយានិកទៅកាន់ផ្ទៃព្រះចន្ទ នៅឆ្នាំ២០២៨ខាងមុខ។ ថ្លែងក្នុងកិច្ចប្រជុំមួយនៃក្រុមប្រឹក្សាជាតិស្តីពី វិស័យអវកាសរបស់សហរដ្ឋអាម៉េរិក លោក ផែន បានអះអាងថា គោលដៅបញ្ជូនអវកាសយានិកឡើងទៅកាន់ផ្ទៃព្រះចន្ទ ដូចទីក្រុងវ៉ាស៊ីនតោនធ្លាប់បានធ្វើកាលពីប៉ុន្មានទសវត្សរ៍មុន ក្នុងអំឡុងពេលចំនួន៥ឆ្នាំខាងមុខ គឺជាគោលនយោបាយចម្បងសម្រាប់វិស័យអវកាសនៃរដ្ឋបាលអាម៉េរិកបច្ចុប្បន្ន៕ធ.ដ
-
វៀតណាមកំពុងប្រឈមនឹងកំដៅព្រះអាទិត្យ ដែលអាចបង្កជំងឺមហារីកស្បែក

វៀតណាម៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា សន្ទស្សន៍កម្មរស្មីអ៊ុលត្រាវីយូឡេ (UV) ពីព្រះអាទិត្យនៅទីក្រុង ហូជីមិញ បានឡើងដល់កម្រិតព្រមាននៅក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ ជាហេតុនាំឲ្យក្រុមអ្នកជំនាញព្រមានអំពីការកើតជំងឺមហារីកស្បែក។ បើតាមការវាស់ស្ទង់អន្តរជាតិនោះ កម្រិតអ៊ុលត្រាវីយូឡេពី ០-៣ ត្រូវគេចាត់ទុកថាទាប និងលើ១១ ត្រូវចាត់ទុកថាខ្លាំង និងវាអាចធ្វើឲ្យរលាកស្បែក ក៏ដូចជាខូចភ្នែក បើមានកម្រិត២០ទៅ៣០។ ដោយឡែកទិន្នន័យមកពីក្រុមហ៊ុន វេដឌើ អនឡាញ (Weather Online) ជាសេវាឧតុនិយមដែលមានមូលដ្ឋាននៅអង់គ្លេស បានបង្ហាញថា សន្ទស្សន៍ UVនេះបានឡើងដល់កម្រិតគ្រោះថ្នាក់ត្រឹម១១ នៅរសៀលថ្ងៃអង្គារ៍ និងនៅថ្ងៃពុធនេះ ហើយរំពឹងថា អាចនឹងឡើងដល់កម្រិត១២។ នេះជាកម្រិតដែលមនុស្ស ជាពិសេសកុមារ និងទារកអាចខូចភ្នែក ក្តៅហួស និងខ្សោះជាតិទឹក ក្រោយស្ថិតក្រោមកំដៅថ្ងៃខ្លាំងពេក។ គួរបញ្ជាក់ថា ការសិក្សាមួយចេញផ្សាយនៅក្នុងសារព័ត៌មាន ក្លាយម៉ាទិច ឆែង (Climatic Change) កាលពីខែកញ្ញាមុន បានបញ្ជាក់ថា បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដូចជាហ្វីលីពីន និងវៀតណាម នឹងជួបការស្លាប់ពាក់ព័ន្ធនឹងកំដៅច្រើនបំផុត ដូចបណ្តាប្រទេសនៅអឺរ៉ុបខាងត្បូង និងអាម៉េរិកខាងត្បូងដែរ៕ធ.ដ
-
យន្ដហោះ Boeing 737 MAX 8 មួយគ្រឿងទៀតហើយ បង្ខំចិត្តចុះចតក្រោយមានបញ្ហាម៉ាស៊ីន

សហរដ្ឋអាម៉េរិក៖ សារព័ត៌មានក្នុងស្រុករបស់សហរដ្ឋអាម៉េរិកបានរាយការណ៍ថា យន្ដហោះ ប៊ូអ៊ីង ៧៣៧ មិច ៨ (Boeing 737 MAX 8) មួយគ្រឿងបានបង្ខំចិត្តចុះចតជាបន្ទាន់ក្នុងរដ្ឋ ផ្លរីដា នៅក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះ បន្ទាប់ពីមានបញ្ហាម៉ាស៊ីនដោយព្រួយបារម្ភពីសុវត្ថិភាព។ ជើងហោះហើរលេខ 8701 របស់ក្រុមហ៊ុនអាកាសចរណ៍ ស៊ោវវ៉េស (Southwest) បានជួបបញ្ហាមុខងារម៉ាស៊ីនភ្លាមៗ ក្រោយហោះចេញពីព្រលានមុនម៉ោង៣រសៀលថ្ងៃអង្គារ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។ ប៉ុន្តែនៅលើយន្ដហោះនេះ មិនមានអ្នកដំណើរនោះទេ ដោយមានតែអ្នកបើកបរពីរនាក់ធ្វើដំណើរពីអាកាសយានដ្ឋានអន្ដរជាតិ អរលែនដូ (Orlando) ទៅ វ៉ីគទ័រវីល (Victorville) រដ្ឋ កាលីហ្វរញ៉ាសម្រាប់ការដឹកជញ្ជូនរយៈចម្ងាយខ្លី។ ចំណែកឯខាងក្រុមហ៊ុនបានឲ្យដឹងថា យន្ដហោះនេះនឹងត្រូវបញ្ជូនទៅត្រួតពិនិត្យពីបញ្ហាបច្ចេកទេស ស្របពេលដែលក្រុមការងារកំពុងស៊ើបអង្កេតពីមូលហេតុដែលបង្កឲ្យមានបញ្ហាយ៉ាងដូច្នេះ។ សូមរំលឹកផងដែរថា ការចុះចតបន្ទាន់របស់យន្ដហោះនៃក្រុមហ៊ុនអាកាសចរណ៍ ស៊ោវវេស (Soutwest) នេះ បានកើតមានឡើង ក្រោយពេលដែលមានឧបទ្ទវហេតុធ្លាក់យន្ដហោះប្រភេទ ប៊ូអ៊ីង ៧៣៧ មិច ៨ (Boeing 737 MAX 8)…
-
ឥណ្ឌាទទួលជោគជ័យ ក្នុងការធ្វើតេស្តបច្ចេកវិទ្យាមីស៊ីលបាញ់កម្ទេចផ្កាយរណប

ឥណ្ឌា៖ ឥណ្ឌាបានធ្វើតេស្តបាញ់ទម្លាក់ផ្កាយរណបមួយរបស់ខ្លួន ដែលស្ថិតនៅគន្លងកម្រិតទាបរបស់ផែនដី ដែលវាគឺជាជោគជ័យ និងជាសមិទ្ធផលដ៏ធំមួយជាប្រវត្តិសាស្ត្រនៃការសាកល្បងបច្ចេកវិទ្យាគ្រាប់មីស៊ីល ប្រឆាំងនឹងផ្កាយរណបឈ្មោះថា អេ សេត (A-SAT) ។ ក្នុងឱកាសថ្លែងសារទៅកាន់ប្រជាជាតិនាថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានប្រកាសថា ឥណ្ឌាបានក្លាយជាមហាអំណាចអវកាសទី៤ នៅលើពិភពលោក បន្ទាប់ពីការធ្វើតេស្តបច្ចេកវិទ្យាមីស៊ីលបាញ់កម្ទេចផ្កាយរណបដោយជោគជ័យខាងលើ ព្រោះថា កន្លងមកមានតែសហរដ្ឋអាម៉េរិក រុស្ស៊ី និងចិនប៉ុណ្ណោះ ដែលសម្រេចបានជោគជ័យដ៏ធំធេងនេះ។ ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្រ្តីឥណ្ឌារូបនេះ ថែមទាំងបានអះអាងទៀតថា បច្ចេកវិទ្យាដែលប្រទេសរបស់លោកទើបសម្រេចបាននាពេលនេះ នឹងមិនត្រូវយកទៅប្រើប្រាស់ ដើម្បីប្រឆាំងនឹងប្រជាជាតិដទៃណាមួយឡើយ គឺប្រើប្រាស់សម្រាប់តែសន្តិសុខរបស់ប្រទេសឥណ្ឌាផ្ទាល់តែប៉ុណ្ណោះ៕ធ.ដ
-
គណបក្សចំនួន៧ព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះ ដើម្បីទប់ទល់នឹងរបបយោធាក្នុងប្រទេសថៃ

ថៃ៖ ក្រុមចម្រុះប្រឆាំងរបបយោធាថៃប្រមូលបានសំឡេងគាំទ្រយ៉ាងហោចណាស់ ២៥៥អាសនៈពីគណបក្សចំនួន៧ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ នេះបើតាមការប្រកាសរបស់មេដឹកនាំគណបក្សភឿថៃលោកស្រី ស៊ូដារ៉ាត់ ឃីយួរ៉ាផាន់ នៅព្រឹកថ្ងៃពុធនេះ។ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាននៅឯសណ្ឋាគារ ឡានខេស្ទើ ក្នុងទីក្រុងបាងកក នៅព្រឹកថ្ងៃពុធនេះ ក្រោយជួបប្រជុំគ្នាជាមេដឹកនាំសំខាន់ៗនៃគណបក្សទំាងនេះ មេដឹកនាំគណបក្សភឿថៃរូបនេះ បានអះអាងថា ការប្រមូលផ្ដុំកម្លាំងគ្នានេះ មានគោលបំណងរារាំងមិនឱ្យរបបដឹកនាំយោធាបន្តកាន់អំណាច ស្របពេលដែលកិច្ចចរចានៅតែបន្តធ្វើឡើង សំដៅស្វែងរកការគាំទ្រពីគណបក្សដទៃទៀត។យ៉ាងណាមិញ គណបក្ស ផាឡាង ប្រាឆារ៉ាត ដែលគាំទ្ររបបយោធារបស់លោក ប្រាយុទ្ធ ចាន់អូចា នៅតែបញ្ជាក់ជំហរដដែល ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ ដោយផ្អែកលើសំឡេងបោះឆ្នោត (Popular vote) ដែលខ្លួនទទួលបានចំនួន៧,៦លានសំឡេង រីឯគណបក្សភឿថៃបានតែ៧,២លានសំឡេង។ មួយវិញទៀត គណបក្សប្រជាធិបតេយ្យដែលមានអាសនៈ ៥៥ បានជំទាស់ចូលរួមនឹងគណបក្សភឿថៃ ហើយបើទោះជាគណបក្សទាំង៧ ដឹកនាំដោយគណបក្សភឿថៃរួមបញ្ចូលគ្នាជាក្រុមចម្រុះទទួលបានសំឡេងសរុប២៥៥អាសនៈ ដែលគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលក៏ដោយ ប៉ុន្តែវានៅឆ្ងាយពីសំឡេង៣៦៧ដែលតម្រូវក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រី៕ធ.ដ
-
ចំនួនអ្នកស្លាប់កើនដល់២១នាក់ ក្នុងហេតុការណ៍គ្រោះទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មានវាយប្រហារប្រទេសអ៊ីរ៉ង់

អ៊ីរ៉ង់៖ គ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់ហូរឆ្លងកាត់ប្រទេសអ៊ីរ៉ង់ បានបន្តឆក់យកអាយុជីវិតមនុស្សកើនដល់២១នាក់ហើយ និង១១០នាក់ផ្សេងទៀតទទួលរងរបួស នេះបើតាមការបញ្ជាក់របស់មន្រ្តីសង្គ្រោះបន្ទាន់នៅក្នុងថ្ងៃ អង្គារ៍ សប្តាហ៍នេះ។ ប្រភពដដែលបន្តថា មនុស្ស១៩នាក់បានបាត់បង់ជីវិត និង៩៨នាក់ផ្សេងទៀតទទួលរងរបួស នៅឯភាគខាងត្បូងនៃទីក្រុង Shiraz ខណៈមនុស្សម្នាក់ទៀតបានស្លាប់ ស្ថិតនៅភាគខាងលិចនៃខេត្ត Kermanshah និងមនុស្សផ្សេងទៀតនៅខេត្ត Lorestan ព្រមទាំងនៅភាគខាងលិចផងដែរ។ សូមបញ្ជាក់ថា ខេត្តចំនួន២៥ ក្នុងចំណោម៣១ខេត្ត របស់ប្រទេសអ៊ីរ៉ង់ ធ្លាប់ទទួលរងគ្រោះយ៉ាងធ្ងន់ដោយសារតែគ្រោះទឹកជំនន់ ឬក៏ប្រឈមមុខនឹងការគំរាមគំហែងពីគ្រោះធម្មជាតិ ដែលអាចនឹងកើតឡើង។ ជុំវិញបញ្ហាខាងលើនេះ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៊ូហានី បានចេញសេចក្តីថ្លែងការណ៍ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរងគ្រោះ និងអរគុណដល់ក្រុមមន្រ្តីសង្គ្រោះបន្ទាន់ និងមន្រ្តីយោធា ក្នុងការឆ្លើយតបទាន់ពេលវេលាចំពោះគ្រោះមហន្តរាយដ៏អាក្រក់នេះ៕ធ.ដ
-
ជនភៀសខ្លួនអាហ្វហ្កានីស្ថានប្រមាណ៩២,៦០០នាក់ វិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ នៅឆ្នាំ២០១៩នេះ

អាហ្វហ្កានីស្ថាន៖ ជនភៀសខ្លួនប្រមាណ៩២,៦០០នាក់ បានសម្រេចចិត្តវិលត្រឡប់មកពីប្រទេសជិតខាងប៉ាគីស្ថាន និងអ៊ីរ៉ង់វិញហើយ ចាប់តំាងពីខែមករា ដើមឆ្នំា២០១៩ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារអង្គការអន្តរជាតិទទួលបន្ទុកជនអន្តោប្រវេសន៍របស់អង្គការសហប្រជាជាតិ ហៅកាត់ថា IOM នៅថ្ងៃអង្គារ៍សប្តាហ៍នេះ។ បើតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារអង្គការ IOM បានឱ្យដឹងថា ជនភៀសខ្លួនប្រហែល៩២,៦៩៨នាក់ បានសម្រេចចិត្តវិលត្រឡប់មកពីប្រទេសអ៊ីរ៉ង់ និងប៉ាគីស្ថានវិញ ចាប់តាំងពីថ្ងៃទី០១ ខែមករា ដើមឆ្នំា២០១៩ ខណៈដែលជនភៀសខ្លួនប្រមាណ៤,១៨២នាក់ បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេ ដោយធ្វើដំណើរមកពីប្រទេសប៉ាគីស្ថាន នាអំឡុងពេលនោះ។ សរុបជនភៀសខ្លួនអាហ្វហ្កានីស្ថានប្រមាណ៨៨,៥១៦នាក់ ត្រូវបានគេរាយការណ៍ថា បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញ ដោយធ្វើដំណើរមកពីប្រទេសអ៊ីរ៉ង់ ខណៈដែលតម្លៃរូបិយប័ណ្ណក្នុងស្រុកបានធ្លាក់ចុះ ហើយឱកាសការងារក៏ធ្លាក់ចុះទាបផងដែរ។ បើតាមតួលេខពីក្រសួងជនភៀសខ្លួន និងការធ្វើមាតុភូមិនិវត្តន៍របស់អាហ្វហ្កានីស្ថាន ជនភៀសខ្លួនអាហ្វហ្កានីស្ថានច្រើនជាង៨៤៩,០០០នាក់ បានវិលត្រឡប់ ឬក៏និរទេសទៅកាន់ប្រទេសកំណើតវិញកាលពីឆ្នំា២០១៨ ដោយធ្វើដំណើរមកពីបណ្តាប្រទេសជិតសំខាន់ៗរបស់អាហ្វហ្កានីស្ថាន៕ធ.ដ
-
អតីតប្រមុខដឹកនាំអង្គការសហប្រជាជាតិថ្លែងថា កូរ៉េខាងត្បូងមិនគួរចាត់វិធានការឯកតោភាគីជាមួយកូរ៉េខាងជើងឡើយ

កូរ៉េខាងត្បូង៖ អតីតលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានជំរុញឲ្យកូរ៉េខាងត្បូងធ្វើកិច្ចសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីពង្រឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង នេះបើតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន NHK។ លោក បាន គីមូន ដែលធ្លាប់កាន់មុខតំណែងជាប្រមុខដឹកនាំអង្គការសហប្រជាជាតិអស់រយៈពេល១០ឆ្នំា បើគិតមកទល់ឆ្នាំ២០១៦ បានថ្លែងយ៉ាងដូច្នេះនៅក្នុងទីក្រុងសេអ៊ូល នៅថ្ងៃអង្គារ៍សប្តាហ៍នេះ។ ការកត់សម្គាល់របស់លោក បាន ខាងលើនេះដែរ ធ្វើឡើងបន្ទាប់ពីជំនួបកំពូលលើកទី២ រវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅវៀតណាម បិទបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួមគ្នា។ នាឱកាសនោះដែរ លោក បាន គីមូន ក៏បានលើកឡើងអំពីសារសំខាន់នៃសម្ព័ន្ធភាពរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក ក៏ដូចជាអំពាវនាវដល់រដ្ឋបាលរបស់លោកប្រធានាធិបតី មូន ជែអ៊ីន មិនគួរចាត់វិធានការជាលក្ខណៈឯកតោភាគី ក្នុងការពង្រឹងគម្រោងអន្តរកូរ៉េ ហើយថា សម្រាប់ពេលបច្ចុប្បន្នកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពេញទំហឹងជាមួយកូរ៉េខាងជើង នឹងមិនអាចទៅរួចនោះឡើយ៕ធ.ដ
-
អាម៉េរិកជំរុញឲ្យថៃស៊ើបអង្កេតភាពមិនប្រក្រតី ជុំវិញការបោះឆ្នោតថ្ងៃទី២៤ មីនា

ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានលើកឡើងកាលពីថ្ងៃទី២៦ មីនា ម្សិលមិញថា សហរដ្ឋអាម៉េរិកទទឹងរង់ចាំធ្វើការជាមួយរាជរដ្ឋាភិបាលជាប់ឆ្នោតថ្មីរបស់ប្រទេសថៃ ហើយបានជំរុញឲ្យរដ្ឋបាលក្រុងបាងកកបង្ហាញលទ្ធផលនៃការបោះឆ្នោត កាលពីចុងសប្តាហ៍ ឲ្យបានឆាប់ ជាមួយនឹងការស៊ើបអង្កេតស្រាយបំភ្លឺករណីមិនប្រក្រតីនានាកន្លងមក។ លោក Robert Palladino អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបានប្រាប់អ្នកសារព័ត៌មានថា «ពួកយើងមានជំហរជាមួយប្រជាជនថៃក្នុងការជំរុញឲ្យមានការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ ហើយត្រូវស៊ើបអង្កេតឲ្យមានតម្លាភាព និងយុត្តិធម៌ លើបញ្ហាមិនប្រក្រតីដែលត្រូវបានលើកឡើងកន្លងមក ពាក់ព័ន្ធនឹងការបោះឆ្នោតនេះ»។ លោកបន្ថែមទៀតថា «សហរដ្ឋអាម៉េរិកទទឹងរង់ចាំធ្វើការជាមួយរដ្ឋាភិបាលជាប់ឆ្នោតថ្មី ដើម្បីជំរុញប្រទេសទាំងពីរកាន់តែមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរួមគ្នា ឈរលើគោលការណ៍លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងភាពរុងរឿង សម្រាប់ពលរដ្ឋទាំងអស់»។ ជុំវិញការបោះឆ្នោតសកលនៅប្រទេសថៃ កាលពីថ្ងៃអាទិត្យទី២៤ មីនា ២០១៩ កន្លងទៅ មានការចោទប្រកាន់ពីភាពមិនប្រក្រតីខ្លះៗ ក្នុងនោះ មានដូចជាចោទថា មានការទិញសន្លឹកឆ្នោត ប៉ុន្មានយប់មុនថ្ងៃបោះឆ្នោតពីសំណាក់អង្គការឃ្លាំមើល P-Net ព្រមទាំងមានការចោទប្រកាន់ពីលោកថាក់ស៊ីន អតីនាយករដ្ឋមន្ត្រីថៃ ថា បក្សផ្លាង ប្រារ៉ាឆាត របស់លោកប្រាយុទ្ធ ចាន់អូចា ទទួលបានសំឡេងច្រើនលើសលុប មិនគួរឲ្យជឿ ខណៈដែលបក្សនេះទើបត្រូវបានបង្កើតថ្មីនោះ។ រីឯលទ្ធផលបោះឆ្នោតផ្លូវការ ត្រូវបានពន្យារពេលតាំងពីយប់ថ្ងៃទី២៤ មីនា រហូតដល់ពេលនេះ មិនទាន់ប្រកាសទេ៕ធ.ដ …