-
កូរ៉េខាងត្បូងអះអាងថា នឹងខិតខំជំរុញឱ្យមេដឹកនាំកំពូលកូរ៉េខាងជើង សម្រេចចិត្តមកធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូលក្នុងឆ្នាំ២០១៩នេះ

កូរ៉េខាងត្បូង៖ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង ទទួលបន្ទុកទំនាក់ទំនងអន្តរកូរ៉េ បានលើកឡើងនៅថ្ងៃសុក្រនេះថា ខ្លួននឹងព្យាយាមជំរុញឱ្យប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន មកបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូល នៅក្នុងឆ្នំា២០១៩នេះ។ ក្រសួងបង្រួបបង្រួមបានបញ្ជាក់បែបនេះ នៅក្នុងផែនការការងារឆ្នាំ២០១៩របស់ខ្លួន ដែលបានប្រគល់ជូនរដ្ឋសភា ហើយថា តាមរយៈការធ្វើទស្សនកិច្ចរបស់លោក គីម មកទីក្រុងសេអ៊ូល នោះ កូរ៉េខាងត្បូងនឹងខិតខំប្រឹងប្រែងបង្កើតនូវវដ្តនៃទំនាក់ទំនងល្អប្រសើររវាងប្រទេសបងប្អូនកូរ៉េទំាងពីរ និងរវាងកូរ៉េខាងជើង-សហរដ្ឋអាម៉េរិក ក៏ដូចជាការរំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ គួរបញ្ជាក់ថា បើតាមវិមានខៀវរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនោះ លោក មូន ជែអ៊ីន គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន នៅដើមខែមេសា ខាងមុខនេះ ដើម្បីចូលរួមជំនួបកំពូលជាមួយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ។ ជំនួបរវាងម៉េដឹកនំាទាំងពីរ នឹងកើតមានឡើងក្រោយកិច្ចប្រជុំកំពូលលើកទី២រវាងលោក ត្រាំ និងលោក គីម នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីចុងខែកុម្ភៈកន្លងទៅ បានបិទបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងអ្វីឡើយ៕ធ.ដ
-
អាម៉េរិកធ្វើកិច្ចពិភាក្សាពាណិជ្ជកម្មប្រកបដោយការស្ថាបនាជាមួយចិនជាថ្មីម្តងទៀត នៅទីក្រុងប៉េកាំង

ចិន៖ តាមរយៈបណ្តាញសង្គម ធ្វីតធើ រដ្ឋមន្រ្តីក្រសួងរតនាគារអាម៉េរិកលោក ស្តេវិន ម្ញូឈីន បានសរសេរសារបង្ហោះនៅថ្ងៃសុក្រសប្តាហ៍នេះថា រូបលោកបានធ្វើការចរចាប្រកបដោយការស្ថាបនាជាមួយឧបនាយករដ្ឋមន្រ្តីចិន លោក លីវ ហឺ។ សារតាមបណ្តាញសង្គមធ្វីតធើរបស់លោកមានខ្លឹមសារថា តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក និងលោកបានបញ្ចប់ការចរចាខាងពាណិជ្ជកម្មប្រកបដោយការស្ថាបនានៅក្នុងទីក្រុងប៉េកាំង។ លោករំពឹងនឹងស្វាគមន៍ឧបនាយករដ្ឋមន្រ្តីចិនលោក លីវ ហឺ ដើម្បីបន្តការពិភាក្សាដ៏មានសារៈសំខាន់ទាំងនោះនៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន នាសប្តាហ៍ក្រោយនេះ។ សូមរំលឹកថា សហរដ្ឋអាម៉េរិកបានយកពន្ធគយលើទំនិញនាំចូលរបស់ចិន មានតម្លៃ២៥០ពាន់លានដុល្លារ ខណៈដែលចិនបានយកពន្ធគយលើទំនិញរបស់សហរដ្ឋអាម៉េរិកវិញ មានតម្លៃប្រហែល១១០ពាន់លានដុល្លារ ។ សហរដ្ឋអាម៉េរិកកំពុងទាមទារឲ្យមានការផ្លាស់ប្តូរគោលនយោបាយឧស្សាហកម្មរបស់ចិន រួមមានការបញ្ចប់ការធ្វើអន្តរាគមន៍ក្នុងទ្រង់ទ្រាយធំរបស់រដ្ឋនៅក្នុងទីផ្សារ ការជួយឧបត្ថម្ភប្រាក់របស់រដ្ឋសម្រាប់ឧស្សាហកម្មនានា និងការចោទប្រកាន់ពីការលួចបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិក៕ធ.ដ
-
សហរដ្ឋអាម៉េរិកនឹងផ្អាកការដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកនឹងបញ្ឈប់ការដាក់ទណ្ឌកម្មថី្មប្រឆំាងនឹងប្រទេសកូរ៉េខាងជើង ខណៈបច្ចុប្បន្នមិនមែនជាពេលវេលាសមស្រប ព្រោះប្រជាជនកូរ៉េខាងជើងកំពុងរងការឈឺចាប់។ នេះបើតាមការអះអាងជាថ្មីទៀតរបស់ប្រធា នាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯរម្មណីយដ្ឋាន Mar-a-Lago ក្នុងរដ្ឋ Florida នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) លោក ដូណាល់ ត្រាំ បាននិយាយថា លោកគិតថា ទណ្ឌកម្មបន្ថែមនៅពេលនេះមិនចាំបាច់នោះទេ ប៉ុន្តែនេះមិនមែនមានន័យថា លោកនឹងមិនដាក់ទណ្ឌកម្មលើពួកគេនៅពេលក្រោយឡើយ គ្រាន់តែលោកយល់ថា បច្ចុប្បន្នវាមិនមែនជាពេលវេលាសមស្របតែប៉ុណ្ណោះ។ ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ កើតមានឡើងបន្ទាប់ពីលោកបានសម្រេចចិត្តលុបចោលទណ្ឌកម្ម ដែលក្រសួងរតនាគារជាតិអាម៉េរិកដាក់លើក្រុមហ៊ុនចិនចំនួន២ ដោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការជួយកូរ៉េខាងជើងឱ្យរួចផុតពីទណ្ឌកម្មសេដ្ឋកិច្ចរបស់សហគមន៍អន្តរជាតិ៕ធ.ដ
-
ក្រសួងដឹកជញ្ជូនវៀតណាមគាំទ្រគម្រោងហាមប្រើម៉ូតូរបស់អាជ្ញាធរទីក្រុងហាណូយ ដើម្បីការពារបរិស្ថាន

វៀតណាម៖ ក្រសួងដឹកជញ្ជូនវៀតណាមគាំទ្រគម្រោងហាមប្រាមការប្រើប្រាស់ ម៉ូតូរបស់អាជ្ញាធរក្រុងហាណូយ ដោយលើកឡើងថា បញ្ហាផ្សែងពុល និងចរាចរណ៍របស់ទីក្រុងនេះ ទាមទារដំណោះស្រាយបែបនេះ។ អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម លោក Nguyen Ngoc Dong បានថ្លែងថា គម្រោងរបស់រដ្ឋធានីហាណូយ ក្នុងការកំណត់ចំនួនការប្រើប្រាស់ម៉ូតូ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងបញ្ហាចរាចរណ៍ ហើយថា ទីក្រុងហាណូយកំពុងស្រាវជ្រាវ និងវិភាគលើគម្រោងនេះ ក្នុងគោលដៅធានាឲ្យបានថា ប្រជាពលរដ្ឋនឹងមានជម្រើសការដឹកជញ្ជូនសាធារណៈដ៏សមរម្យ ក្រោយពីការហាមប្រាមត្រូវអនុវត្ត។ សូមបញ្ជាក់ថា ទីក្រុងហាណូយ កាលពីថ្មីៗនេះ បានពិនិត្យឡើងវិញគម្រោងមួយ ដែលខ្លួនបានអនុម័តកាលពីឆ្នាំ២០១៧កន្លងទៅ ដោយគម្រោងនោះ គឺហាមប្រាមម៉ូតូក្នុងសង្កាត់ចំនួន៥ ជាទីដែលកកស្ទះខ្លាំងបំផុត ត្រឹមឆ្នាំ២០៣០ និងរឹតត្បឹតលើចំនួនប្រើប្រាស់យានជំនិះទាំងអស់ក្នុងតំបន់មួយចំនួន ដែលមានបម្រើសេវាកម្មដឹកជញ្ជូនសាធារណៈល្អ។ បើតាមតួលេខពីសមត្ថកិច្ចនោះ រដ្ឋធានីហាណូយ ជាមួយប្រជាជនសរុបប្រមាណ៧,៥លាននាក់ មានម៉ូតូប្រមាណ៥,៦លានគ្រឿង និងរថយន្តប្រមាណ៥៥ម៉ឺនគ្រឿង៕ធ.ដ
-
សភាអង់គ្លេសច្រានចោលកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប ឬ Brexit ជាលើកទីបី

អង់គ្លេស៖ សមាជិកសភាអង់គ្លេសនៅថ្ងៃសុក្រសប្តាហ៍នេះ បានច្រានចោលកិច្ចព្រមព្រៀងដកខ្លួនចេញពីសហភាពអឺរ៉ុបរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ថេរ៉េសា មេ ជាលើកទីបី ដោយបើកផ្លូវសម្រាប់ការពន្យារពេលដ៏យូរ ចំពោះកិច្ចព្រមព្រៀង Brexit ដោយគ្មានកិច្ចព្រមព្រៀងដ៏ចលាចលក្នុងរយៈពេលពីរសប្តាហ៍ទៀតនេះ។ ស្របពេលជាមួយគ្នានេះដែរ លុយផោនបានធ្លាក់ថ្លៃ ខណៈដែលសមាជិកសភាបានប្រឆាំងនឹងការអង្វរករបស់លោកស្រី មេ ដើម្បីបញ្ចប់ភាពជាប់គាំងដែលបានទាញទម្លាក់ចក្រភពអង់គ្លេសទៅក្នុងវិបត្តិនយោបាយដ៏ជ្រាលជ្រៅ ដោយផ្តួលកិច្ចព្រមព្រៀងស្តីពីការចាកចេញពីសហភាពអឺរ៉ុបរបស់លោកស្រី ក្នុងសំឡេងប្រឆាំង៣៤៤ ទល់នឹងសំឡេងគាំទ្រ ២៨៦។ គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានកំណត់ថ្ងៃផុតកំណត់នៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបនៅថ្ងៃទី១២ ខែមេសាខាងមុខ សម្រាប់ការសម្រេចចិត្តមួយ ជាមួយជម្រើសពីរយ៉ាងគឺ អង់គ្លេសចាកចេញដោយគ្មានកិច្ចព្រមព្រៀងទាល់តែសោះ ឬយល់ព្រមពន្យារពេលកាន់តែយូរ ដើម្បីអនុញ្ញាតឱ្យមានពេលវេលាគ្រប់គ្រាន់សម្រាប់រកវិធីសាស្ត្រថ្មី៕ធ.ដ
-
ប្រមុខដឹកនំាអង្គការសហប្រជាជាតិជំរុញឲ្យអន្តរជាតិចាត់វិធានការប្រយុទ្ធប្រឆំាងនឹងការកើនឡើងកំដៅផែនដី

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូដទើរ៉េស បានធ្វើការអំពាវនាវយ៉ាងទទូចរដ្ឋាភិបាលប្រទេសនានា ចាត់វិធានការបន្ថែមទៀត ដើម្បីធ្វើការកាត់បន្ថយការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ ។ ការអះអាងបែបនេះរបស់លោក ធ្វើឡើងនៅឯវេទិកាសន្និសិទអន្តរជាតិមួយ ដែលត្រូវបានអញ្ជើញចូលរួមពីសំណាក់ក្រុមរដ្ឋមន្រ្តី មកពីប្រទេសសមាជិកអង្គការសហប្រជាជាតិ។ នាឱកាស នោះដែរ លោក ហ្គូដទើរ៉េស បានថ្លែងថា គ្រោះមហន្តរាយធម្មជាតិដែលទាក់ទងទៅនឹងការកើនឡើងផែនដី បាននឹងកំពុងកើតឡើងនៅលើពិភពលោកជារៀងរាល់សប្តាហ៍ ហើយលោក ថែមទំាងអះអាងថា គ្រប់ប្រទេសទំាងអស់មានទំនួលខុសត្រូវក្នុងការចាត់វិធានការ។ ប្រមុខដឹកនំាអង្គការសហប្រជាជាតិរូបនេះ បានជំរុញឱ្យប្រទេសទំាងអស់ធ្វើការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឲ្យបាន៤៥ភាគរយ បើប្រៀបធៀបទៅនឹងឆ្នំា២០១០ ហើយនឹងឈានទៅ សម្រេចឲ្យបាននូវបញ្ចេញចោលឲ្យបានសូន្យនៅទូទំាងសកលលោកនៅត្រឹមឆ្នំា២០៥០ខាងមុខ៕ធ.ដ
-
ការធ្វើដំណើរទៅកាន់ឋានព្រះចន្ទ គឺជារឿងដ៏គ្រោះថ្នាក់ និងចំណាយប្រាក់ដ៏ច្រើន ប៉ុន្តែក៏មានប្រទេសច្រើនអាចសម្រេចគោលដៅនេះបានដែរ

ដំណើររុករកលំហអាកាស ជាកិច្ចការមួយប្រកបដោយគ្រោះថ្នាក់ និងចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ហើយមានតែសហរដ្ឋអាម៉េរិកទេ ដែលបានបញ្ជូនមនុស្សទៅជាន់ឋានព្រះចន្ទ ប៉ុន្តែក៏មានប្រទេសជាច្រើនទៀតបានបង្ហោះផ្កាយរណបសិប្បនិមិត្តរបស់ខ្លួនទៅកាន់ឋានព្រះចន្ទដែរ។ ប្រទេសទាំងនោះមានដូចជា៖ ១)សហរដ្ឋអាម៉េរិក៖ មានបេសកកម្មជាច្រើនក្នុងការនាំមនុស្សទៅកាន់ឋានព្រះចន្ទ ក្នុងអំឡុងចុងទសវត្សឆ្នាំ១៩៦០ និងដើមទសវត្សឆ្នាំ១៩៧០ ដោយក្នុងនោះបេសកកម្មដែលជោគជ័យដំបូងគេ គឺអាប៉ូឡូទី១១ នៅឆ្នាំ១៩៦៩ ដែលលោក Neil Armstrong បានជាន់លើឋានព្រះចន្ទ។ បន្ទាប់មកបេសកកម្មទាំងនោះ ត្រូវបានរំសាយ រហូតដល់ឆ្នាំ២០១៣ ទើបមានការបាញ់បង្ហោះយានអវកាសទៅឋានព្រះចន្ទម្ដងទៀត។ ២)សហភាពសូវៀត៖ សូវៀតមិនត្រឹមជាអ្នកបាញ់បង្ហោះយានអវកាសទៅក្នុងលំហដំបូងគេទេ ហើយថែមទាំងមានយានអវកាសចុះចតលើភពគ្រៅមួយមុនគេបង្អស់ផងដែរ ដោយបេសកកម្មទាំងនោះ ធ្វើឡើងក្នុងអំឡុងពេលឆ្នាំ១៩៥៨ និងឆ្នាំ១៩៧៦។ ៣)ជប៉ុន៖ ជប៉ុនបានអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យាយ៉ាងខ្លាំង រហូតដល់អាចបង្ហោះផ្កាយរណបទៅឋានព្រះចន្ទចំនួន២ដង គឺ ផ្កាយរណប The Hiten នៅឆ្នាំ១៩៩០ និង Selene នៅឆ្នាំ២០០៧ តែត្រូវបានបុកទង្គិចនឹងផ្ទៃព្រះចន្ទទាំងពីរដង។ ៤)ចិន៖ ចិនបានបង្ហោះផ្កាយរណបទៅព្រះចន្ទដំបូងគេនៅឆ្នាំ២០០៧ និងបន្តបេសកកម្មនេះ រហូតមកដល់ខែមករា ឆ្នាំ២០១៩ ក៏បានបង្ហោះផ្កាយរណបមួយទៅព្រះចន្ទដែរ។ ៥)ឥណ្ឌា៖ ក៏ធ្លាប់បានបង្ហោះផ្កាយរណបទៅឋានព្រះចន្ទម្ដងដែរ កាលពីឆ្នាំ២០០៨។ …
-
ចំនួនអ្នកស្លាប់កើនជិត២០នាក់ ក្នុងហេតុការណ៍ឆេះអគារពាណិជ្ជកម្មកម្ពស់១៩ជាន់ នៅបង់ក្លាដែស

បង់ក្លាដេស៖ គ្រោះអគ្គិភ័យដ៏សន្ធោសន្ធៅមួយ បានឆាបឆេះនៅក្នុងអគារពាណិជ្ជកម្មមួយកន្លែង ក្នុងសង្កាត់ Banani រដ្ឋធានីដាកា ប្រទេសបង់ក្លាដែស នាថ្ងៃព្រហស្បតិ៍តនេះ បណ្តាលឲ្យចំនួនអ្នកស្លាប់កើនដល់១៩នាក់ និងជាច្រើននាក់ទៀតរបួស នេះបើតាមមន្រ្តីនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់។ បើតាមក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបង់ក្លាដែស អណ្តាតភ្លើងរីករាលដាលចេញពីជាន់ទី០៧នៃអគារខាងលើ ហើយរថយន្តពន្លត់អគ្គីភ័យ និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ត្រូវបានប្រើប្រាស់ដើម្បីបង្រ្កាបគ្រោះអគ្គិភ័យនេះ។ ជាមួយគ្នានេះ ពុំមានការបញ្ជាក់ជាផ្លូវការនោះទេ អំពីមូលហេតុនៃការកើតជាភ្លើងឆេះអគារពាណិជ្ជកម្មកម្ពស់១៩ជាន់នេះ។ ដោយឡែកបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់បង់ក្លាដែស ពេលហេតុការណ៍ខាងលើនេះ មនុស្សម្នាជាច្រើនបាននាំគ្នាស្រែកតាមបង្អួចសុំឲ្យគេជួយ ហើយខ្លះបានសម្រេចចិត្តលោតចេញពីជាន់ផ្សេងៗនៃអគារដែលរងការឆាបឆេះ។ នៅក្នុងចំណោមអ្នកដែលបាត់បង់ជីវិត មាន០៣នាក់ស្លាប់ ក្រោយលោតចេញពីលើអគារ ដើម្បីប៉ុនប៉ងធ្វើយ៉ាងណាឲ្យរួចផុតពីគ្រោះអគ្គិភ័យ។ ក្រៅពីនេះក៏មានអ្នករងរបួសជាច្រើននាក់ផ្សេងទៀតផងដែរ ប៉ុន្តែមិនដឹងចំនួនជាក់លាក់ឡើយ៕ធ.ដ
-
មេដឹកនាំអាម៉េរិក-កូរ៉េខាងត្បូង គ្រោងជួបគ្នានៅខែមេសាខាងមុខ

សហរដ្ឋអាម៉េរិក៖ សេតវិមានបានលើកឡើងថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងជួបជាមួយសមភាគីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃទី១១ ខែមេសាខាងមុខនេះ ដើម្បីពិភាក្សាគ្នាពីស្ថានភាពវិវត្តន៍ចុងក្រោយរបស់កូរ៉េខាងជើង ក៏ដូចជាទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ការប្រកាសរបស់សេតវិមាននាពេលនេះ ត្រូវបានធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) និងបន្ទាប់ពីកិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីចុងខែកុម្ភៈកន្លងទៅទទួលបរាជ័យ។ បន្ទាប់ពីជំនួបកំពូលលើកទី២ រវាងមេដឹកនាំប្រទេសទាំងពីរបរាជ័យនោះ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើនរូបបានព្រមានថា ប្រទេសរបស់ពួកគេអាចនឹងពិចារណាអនុវត្តគោលនយោបាយនុយក្លេអ៊ែរ និងមីស៊ីលឡើងវិញ បើសិនជាសហរដ្ឋអាម៉េរិកមិនព្រមដក ឬបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចទេនោះ៕ធ.ដ
-
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ការធ្វើកំណែទម្រង់សេដ្ឋកិច្ច មិនមែនមកពីហានិភ័យនៃ EBA និង GSP នោះទេ

ភ្នំពេញ៖ ថ្លែងបើកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៩ ខែ មីនា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយអគ្គមហាសេនាបតីព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថាការកែទម្រង់សេដ្ឋកិច្ចមិនមែនមកពីហានិភ័យនៃប្រព័ន្ធគ្រោះ EBA និង GSP នោះទេ គឺដើម្បីធានាដល់ការធ្វើពាណិជ្ជកម្ម ក៏ដូចជាធានាដល់ការប្រកួតប្រជែងទំនិញនៅលើទីផ្សារអន្តរជាតិ ជាពិសេស ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរឹងមាំបន្ថែមទៀត។ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨នេះដែរ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសបន្ថែមថា កម្ពុជា មិនអាចយកអធិបតេយ្យភាពរបស់ ប្រទេសទៅដោះដូរជាប្រព័ន្ធអនុគ្រោះនោះទេ ព្រោះប្រព័ន្ធអនុគ្រោះ នឹងបាត់បង់នៅពេលដែលសេដ្ឋកិច្ចកម្ពុជារឹងមាំ ហើយទោះបីជាមាន EBA ឬគ្មាន ក៏កម្ពុជានៅតែបន្តធ្វើដំណើរទៅមុខជានិច្ចតាមបំណងប្រាថ្នារបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រសិនបើកម្ពុជាបន្តទទួលបានផល EBA ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ក៏វាជាឧកាសល្អប្រសើរ ប៉ុន្តែដូចខ្ញុំបញ្ជាក់រឿយៗហើយថា កម្ពុជា មិនយកឯករាជ្យ ឬអធិបតេយ្យរបស់ខ្លួន ទៅដូរជំនួយបរទេសទេ។ សម្តេចថា ការអនុគ្រោះ EBA មិនមានជាអចិន្ត្រៃយ៍នោះឡើយ ពោល វានឹងបាត់បង់នៅពេលកម្ពុជាចាកចេញពីប្រទេសក្រីក្រ…