Category: ព័ត៌មានអន្តរជាតិ

  • ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើង និងសហរដ្ឋអាម៉េរិក មានការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចចរចាគ្នាថែមទៀត

    ប្រធានាធិបតីកូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើង និងសហរដ្ឋអាម៉េរិក មានការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចចរចាគ្នាថែមទៀត

    កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នៅថ្ងៃច័ន្ទនេះ បានបញ្ជាក់ថា កូរ៉េខាងជើង និងសហរដ្ឋអាម៉េរិក បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការបន្តធ្វើកិច្ចចរចាស្វែងរកសន្តិភាព ក៏ដូចជាការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។ ថ្លែងក្នុងកិច្ចប្រជុំមួយជាមួយជំនួយការជាន់ខ្ពស់របស់ខ្លួន លោក មូន ជែអ៊ីន បានអះអាងថា ទាំងកូរ៉េខាងត្បូង សហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង សុទ្ធតែមិនចង់វិលទៅរកស្ថានការណ៍កាលពីអតីតកាលវិញឡើយ បើទោះបីជាស្ថានភាពបច្ចុប្បន្នកំពុងប្រឈមនឹងការលំបាកខ្លាំង នៅក្នុងដំណើរការស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ ដោយសារតែការបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ក្នុងអំឡុងជំនួបកំពូលជាលើកទី២ រវាងកូរ៉េខាងជើង និងសហរដ្ឋអាម៉េរិក នៅវៀតណាម។ ការកត់សម្គាល់បែបនេះរបស់លោក មូន ជែអ៊ីន ធ្វើឡើងស្របពេលដែលរូបលោកមានគម្រោងធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១១ ខែមេសា ខាងមុខនេះ (ម៉ោងក្នុងតំបន់) ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយសមភាគីអាម៉េរិកលោក ដូណាល់ ត្រាំ៕ម.ន

  • ចិនប្រារព្ធពិធីស្វាគមន៍ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ថ្មី

    ចិនប្រារព្ធពិធីស្វាគមន៍ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ថ្មី

    ចិន៖ នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង បានប្រារព្ធពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរមកដល់របស់សមភាគីនូវែលហ្សេឡង់ថ្មី លោកស្រី ចាស៊ីនដា អាឌើន ក្នុងរដ្ឋធានីប៉េកំាង នៅក្នុងថ្ងៃ ច័ន្ទ ដើមសប្តាហ៍នេះ។ បើតាមការគ្រោងទុកនោះ នាយករដ្ឋមន្រ្តីនូវែលហ្សេឡង់ថ្មីរូបនេះ នឹងបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០១ ខែមេសា (ម៉ោងក្នុងតំបន់) តបតាមការអញ្ជើញរបស់សមភាគីចិនរបស់លោកស្រី។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងហើយរបស់លោកស្រី អាឌើន មកកាន់ទឹកដីចិន ចាប់តាំងពីលោកស្រីចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មី នៃប្រទេសនូវែលហ្សេឡង់។ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះដែរ មេដឹកនាំប្រទេសទាំងពីរ ចិន និងនូវែលហ្សេឡង់ នឹងធ្វើការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ស្ថិតក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ក៏ដូចជាពិភាក្សាទៅលើបញ្ហាព្រួយបារម្ភនានា៕ម.ន

  • រដ្ឋាភិបាលជប៉ុនបានប្រកាសឈ្មោះសករាជថ្មី សម្រាប់ប្រើសម្គាល់រជ្ជកាលរបស់អធិរាជថ្មី

    រដ្ឋាភិបាលជប៉ុនបានប្រកាសឈ្មោះសករាជថ្មី សម្រាប់ប្រើសម្គាល់រជ្ជកាលរបស់អធិរាជថ្មី

    ជប៉ុន៖ រដ្ឋាភិបាលជប៉ុននៅថ្ងៃច័ន្ទនេះ បានប្រកាសពីសករាជថ្មីមានឈ្មោះថា «រ៉េវ៉ា» ដែល រ៉េ មានន័យថា សណ្ដាប់ធ្នាប់ ឬក៏នក្ខត្តឫក្ស រីឯ វ៉ា អាចបកប្រែទៅជាសន្តិភាព ឬសុខដុម។ លេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា ជាអ្នកប្រកាសឈ្មោះសករាជថ្មីនេះ បន្ទាប់ពីអ្នកជំនាញជ្រើសរើសរួចមក។ ការប្រកាសឈ្មោះសករាជថ្មីជាមុននេះ មានគោលដៅទុកឱកាសឲ្យស្ថាប័នរដ្ឋ និងឯកជនទាំងអស់ មានពេលគ្រប់គ្រាន់ដើម្បីការផ្លាស់ប្ដូរនេះ ពិសេសការរៀបចំប្រក្រតីទិនថ្មីផងដែរ ខណៈព្រះចៅអធិរាជ អាគី ហ៊ីតុ នឹងដាក់រាជ្យជាផ្លូវការនៅថ្ងៃទី៣០ ខែមេសាខាងមុខ ហើយមួយថ្ងៃបន្ទាប់ គឺថ្ងៃទី០១ ខែឧសភា រជ្ជទាយាទណារ៉ូ ហ៊ីតុ នឹងឡើងគ្រងរាជ្យជាអធិរាជជប៉ុនជាផ្លូវការ។ សូមបញ្ជាក់ថា ការប្រកាសឈ្មោះសករាជថ្មីនេះ ជារឿងដែលប្រជាជនជប៉ុនរង់ចាំយ៉ាងខ្លាំង ដោយសារសករាជថ្មីត្រូវជំនួសសករាជចាស់ ហេសេ (Heisei) របស់ព្រះចៅអធិរាជ អាគី ហ៊ីតុ ដែលមានន័យថា សន្តិភាពគ្រប់ទីកន្លែង។ ម្យ៉ាងទៀត ទោះជាប្រក្រតីទិនបែបលោកខាងលិចត្រូវបានប្រើប្រាស់យ៉ាងទូលាយក្ដី នៅជប៉ុនគេនៅតែឃើញមានការប្រើប្រាស់ប្រក្រតីទិនបែបចិនដដែល មិនថានៅលើឯកសាររបស់រដ្ឋ ក្រុមហ៊ុនឯកជន ឬកំណត់ត្រាកុំព្យូទ័រឡើយ៕ម.ន

  • ចិនទទួលជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបបញ្ជូនទិន្នន័យជំនាន់ថ្មី ឡើងទៅកាន់ទីអវកាស

    ចិនទទួលជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបបញ្ជូនទិន្នន័យជំនាន់ថ្មី ឡើងទៅកាន់ទីអវកាស

    ចិន៖ ប្រទេសចិនបានទទួលជោគជ័យ សម្រាប់ការបាញ់បង្ហោះផ្កាយរណបបញ្ជូនទិន្នន័យថ្មីចុងក្រោយគេ ឡើងទៅកាន់ទីអវកាស ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ស៊ីឆាង (Xichang) នៅខេត្ត ស៊ីឆ័ន (Sichuan) ភាគនិរតីប្រទេស។ ការបាញ់បង្ហោះផ្កាយរណបបញ្ជូនទិន្នន័យថ្មីចុងក្រោយ កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ គឺជាបេសកម្មលើកទី១២៩ហើយ សម្រាប់មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ស៊ីឆាង និងជាបេសកកម្មលើកទី៣០១ សម្រាប់ស៊េរីគ្រាប់រ៉ុក្កែតដឹកជញ្ជូន ឡុង ម៉ាច ។ ផ្កាយរណបនេះ មានឈ្មោះថា ធានលាន ធូ-០១ (Tianlian II-01) ត្រូវបានបាញ់បញ្ជូនឡើងទៅទីអវកាស នៅម៉ោងជិត១១និង៥១នាទីយប់ថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) តាមរយៈគ្រាប់រ៉ុក្កែត ឡុង ម៉ាច ៣ប៊ី (Long March-3B) ហើយបានទៅដល់ចំណុចទីតាំងដែលគ្រោងទុកដោយជោគជ័យ។ ផ្កាយរណបនេះទៀតសោត គឺជាផ្កាយរណបដំបូងគេ ក្នុងចំណោមក្រុមផ្កាយរណបតាមដាន និងបញ្ជូនទិន្នន័យជំនាន់ទីពីររបស់ចិន ដែលនឹងផ្តល់សេវាកម្មផ្សេងៗ រួមមានការបញ្ជូនទិន្នន័យ ការវាស់ស្ទង់ ការគ្រប់គ្រង និងការទាក់ទង សម្រាប់យានអវកាស និងផ្កាយរណប ក៏ដូចជាគ្រាប់រ៉ុក្កែត៕ម.ន

  • តុលាការម៉ាឡេស៊ីផ្តន្ទាទោសស្រ្តីវៀតណាមដែលជាប់ទាក់ទងនឹង សំណុំរឿងឃាតកម្មលោក គីម ជុងណាំ ដាក់ពន្ធនាគារ៣ឆ្នាំ

    តុលាការម៉ាឡេស៊ីផ្តន្ទាទោសស្រ្តីវៀតណាមដែលជាប់ទាក់ទងនឹង សំណុំរឿងឃាតកម្មលោក គីម ជុងណាំ ដាក់ពន្ធនាគារ៣ឆ្នាំ

    ម៉ាឡេស៊ី៖ ស្រី្តជនជាតិវៀតណាមម្នាក់ នៅក្នុងសំណុំរឿងឃាតកម្មលើបងប្រុសម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ នៅថ្ងៃច័ន្ទនេះ ត្រូវបានតុលាការម៉ាឡេស៊ីសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំ និង៤ខែ បន្ទាប់ពីរូបនាងព្រមសារភាពពីទោសកំហុស។ សូមរំលឹកថា លោក គីម ជុងណាំ ត្រូវបានគេសម្លាប់ដោយអាវុធគីមី VX នៅឯអាកាសយានដ្ឋានគូឡាឡាំពួកាលពីឆ្នាំ២០១៧។ ព្រះរាជអាជ្ញាម៉ាឡេស៊ីលោក អ៊ីសកាន់ដារ អាហ៍ម៉េដ បានបញ្ជាក់ថា លោកទទួលបានការបង្គាប់ពីអគ្គព្រះរាជអាជ្ញាឲ្យផ្តល់ជម្រើសនៃការចោទប្រកាន់ ដែលមានទម្ងន់ទោសស្រាលជាងមុនសម្រាប់នាង ដន ធីហ័ង មានអាយុ២៩ឆ្នាំ ដែលជាជនសង្ស័យ។ ដោយឡែកមេធាវីរបស់នាង ហ័ង ក៏បានបញ្ជាក់ថា ការសារភាពទទួលទោសកំហុសនេះ គឺមានន័យថា កូនក្ដីរបស់ខ្លួនព្រមទទួលខុសត្រូវចំពោះសកម្មភាពដែលបានប្រព្រឹត្ត និងសាកសមទទួលបានការបន្ធូរបន្ថយទោស ដ្បិតជនជាតិកូរ៉េខាងជើង៤នាក់ ដែលកំពុងរត់គេចខ្លួន ទើបជាឃាតករពិតប្រាកដ៕ម.ន

  • លោក តាយយីប អឺដូហ្គាន់ កំពុងប្រឈមមុខនឹងការប្រកួតប្រជែង ក្នុងការបោះឆ្នោតដ៏សំខាន់ក្នុងប្រទេសតួកគី

    លោក តាយយីប អឺដូហ្គាន់ កំពុងប្រឈមមុខនឹងការប្រកួតប្រជែង ក្នុងការបោះឆ្នោតដ៏សំខាន់ក្នុងប្រទេសតួកគី

    តួកគី៖ ការបោះឆ្នោតនៅតួកគីបានបិទបញ្ចប់នៅទូទាំងប្រទេស កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលនេះជាការបោះឆ្នោតមួយរំពឹងថា មានការប្រជែងដ៏ស្វិតស្វាញបំផុតសម្រាប់លោកប្រធានាធិបតី អឺដូហ្គាន់  ហើយនឹងមានហានិភ័យក្នុងការដណ្តើមការគ្រប់គ្រងរដ្ឋធានី អង់ការ៉ា និងទីក្រុងអ៊ីស្តង់ប៊ុល។ បើតាមការស្ទង់មតិនានាបានបង្ហាញថា ការបោះឆ្នោតមានការប្រកៀកប្រកិតគ្នា ស្របពេលដែលគណបក្ស AK របស់លោក អឺដូហ្គាន់ បានគ្រប់គ្រងទីក្រុងអ៊ីសង្ត់ប៊ុលនេះអស់រយៈពេលជាង១៥ឆ្នាំមកហើយ។ ប្រទេសតួកគីបានប្រឈមមុខនឹងបញ្ហាធ្លាក់ចុះសេដ្ឋកិច្ច និងមានកំណើនអតិផរណា ដែលបញ្ហាសេដ្ឋកិច្ចទាំងនេះ គឺជារឿងសំខាន់បំផុត និងជារឿងដំបូង ដែលស្ថិតនៅក្នុងគំនិតរបស់ក្រុមអ្នកបោះឆ្នោត។ បើតាមលោក អឺឌេម ដែលជាវិស្វករម្នាក់បានបញ្ជាក់មុនពេលបោះឆ្នោតនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលថា សេដ្ឋកិច្ចប្រទេសយើងចេះតែអន់ថយទៅ ពីព្រោះការគ្រប់គ្រងដ៏អាក្រក់របស់រដ្ឋាភិបាល ហើយថា មិត្តភក្ត្ររបស់យើងភាគច្រើនកំពុងរកការងារធ្វើ ហើយមិត្តភក្តិខ្លះបាត់បង់ការងារពីព្រោះវិបត្តិសេដ្ឋកិច្ច ៕ធ.ដ

  • ក្រុមមេដឹកនាំសម្ព័ន្ធអារ៉ាប់ ប្រកាសថ្កោលទោសការទទួលស្គាល់របស់សហរដ្ឋអាម៉េរិក លើតំបន់ Golan Heights នៅកិច្ចប្រជុំកំពូលមួយ

    ក្រុមមេដឹកនាំសម្ព័ន្ធអារ៉ាប់ ប្រកាសថ្កោលទោសការទទួលស្គាល់របស់សហរដ្ឋអាម៉េរិក លើតំបន់ Golan Heights នៅកិច្ចប្រជុំកំពូលមួយ

    អារ៉ាប់៖ ក្រុមមេដឹកនាំសម្ព័ន្ធអារ៉ាប់ បានរិះគន់ការសម្រេចចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការទទួលស្គាល់តំបន់ខ្ពង់រាប ហ្គោលែន ជាទឹកដីរបស់អ៊ីស្រាអែល នៅឯកិច្ចប្រជុំកំពូលមួយក្នុងទីក្រុង ទុយនីស កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។ បើតាមសេចក្តីថ្លែងការណ៍ចុងក្រោយមួយ កិច្ចប្រជុំកំពូលនៃសម្ព័ន្ធអារ៉ាប់បានបញ្ជាក់ថា ខ្លួនបានអះអាងថា តំបន់ខ្ពង់រាប ហ្គោលែន គឺជាទឹកដីរបស់ស៊ីរីដែលគេចូលមកកាន់កាប់ យោងទៅតាមច្បាប់អន្តរជាតិ ដែលជាការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ និងក្រុមប្រឹក្សាសន្តិសុខ។ បើតាមសេចក្តីថ្លែងការដាច់ដោយឡែកមួយទៀត ដែលសំដៅលើបញ្ហានេះ បានហៅចំណាត់ការរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា គ្មានសុពលភាព និងខុសច្បាប់។ សូមបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយកាលពីដើមសប្តាហ៍មុន ដែលក្នុងនោះទីក្រុងវ៉ាស៊ីនតោនបានទទួលស្គាល់ការកាត់យករបស់អ៊ីស្រាអែលលើតំបន់ខ្ពង់រាបហ្គោលែនយុទ្ធសាស្ត្រនេះ ដែលបានដណ្តើមយកពីស៊ីរីកាលពីឆ្នាំ១៩៦៧ និងត្រូវបានបញ្ចូលក្នុងទឹកដីអ៊ីស្រាអែលជាផ្លូវការកាលពីឆ្នាំ១៩៨១។ ប៉ុន្តែការទទួលស្គាល់របស់លោក ត្រាំទៅលើតំបន់ហ្គោលែន បានធ្វើឱ្យមានប្រតិកម្មខឹងសម្បារពីរដ្ឋធានីអារ៉ាប់ជាច្រើន រួមទាំងសម្ព័ន្ធមិត្តធំរបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់គឺអារ៉ាប៊ីសាអូឌីត៕ធ.ដ

  • កូរ៉េខាងជើងអំពាវនាវឲ្យមានការស៊ើបអង្កេត ហេតុការណ៍វាយប្រហារលើស្ថានទូតរបស់ខ្លួន នៅប្រទេសអេស្ប៉ាញ

    កូរ៉េខាងជើងអំពាវនាវឲ្យមានការស៊ើបអង្កេត ហេតុការណ៍វាយប្រហារលើស្ថានទូតរបស់ខ្លួន នៅប្រទេសអេស្ប៉ាញ

    កូរ៉េខាងជើង៖ រដ្ឋាភិបាលក្រុងព្យុងយ៉ាងនៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានធ្វើការស្នើឲ្យមានការស៊ើបអង្កេតលើហេតុការណ៍ ដែលជនមួយក្រុមបានសម្រុកចូលវាយប្រហារស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅនេះ។ ក្រសួងការបរទេសកូរ៉េខាងជើង បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយ ដែលបានផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មាន KCNA របស់ខ្លួនថា ការសម្រុកចូល ស្ថានទូតនេះ គឺជាការវាយប្រហារភេរវកម្មដ៏ធ្ងន់មួយ។ បើតាមសេចក្ដីប្រកាសដដែល ហេតុការណ៍នេះគឺជាការឈ្លានពានខុសច្បាប់ និងជាការរំលោភបំពានជាក់ស្ដែងលើច្បាប់អន្តរជាតិ។ សូមរំលឹកថា ហេតុការណ៍លុកលុយនេះ ត្រូវបានគេរាយការណ៍ថា បានធ្វើឡើងដោយជនមួយក្រុម ដែលប្រឆាំងទៅនឹងរបបដឹកនាំរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ កុំព្យូទ័រ និងទិន្នន័យនានាត្រូវបានលួចយកចេញពីស្ថានទូតរបស់កូរ៉េខាងជើង នៅក្នុងហេតុការណ៍ដែលបានកើតឡើងកាលពីខែមុននេះ ខណៈមានការចោទប្រកាន់ថា ទិន្នន័យដែលលួចបានទាំងនោះ ត្រូវបានប្រគល់ឲ្យការិយាល័យសហព័ន្ធស៊ើបអង្កេតរបស់សហរដ្ឋអាម៉េរិក ដែលហៅកាត់ថា FBI៕ធ.ដ

  • ក្រុមបាតុករមួយក្រុមតូចធ្វើបាតុកម្មប្រឆាំងនឹងគណៈកម្មាធិការបោះឆ្នោត នៅក្នុងប្រទេសថៃ

    ក្រុមបាតុករមួយក្រុមតូចធ្វើបាតុកម្មប្រឆាំងនឹងគណៈកម្មាធិការបោះឆ្នោត នៅក្នុងប្រទេសថៃ

    ថៃ៖ ក្រុមបាតុករមួយក្រុមតូច បានប្រមូលផ្តុំគ្នាតវ៉ាក្នុងទីក្រុងបាងកក នៅថ្ងៃអាទិត្យម្សិលមិញនេះ ដោយចោទប្រកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពាក់ព័ន្ធនឹងការពន្យារពេល និងការលួចបន្លំលទ្ធផលនៃការបោះឆ្នោតកាលពីសប្តាហ៍មុន។ ក្រុមសកម្មជនគណបក្សជំទាស់ជិត១០០នាក់ បានធ្វើបាតុកម្មនៅក្បែរវិមានឯករាជ្យក្នុងទីក្រុងបាងកក កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដោយចោទប្រកាន់គណៈកម្មាធិការបោះឆ្នោតពីបទលួចបន្លំ ហើយបានស្រែកប្រឆាំង និងកាន់បដាផងដែរ។ នៅក្នុងការបោះឆ្នោតលើកដំបូងរបស់ប្រទេសថៃ ចាប់តាំងពីមានរដ្ឋប្រហារកាលពីឆ្នាំ២០១៤មក គណបក្ស ផាឡំាង ប្រាឆារ៉ាត់ ដែលគាំទ្រដោយយោធាបានឈ្នះសំឡេងឆ្នោត ហើយបានប្រកាសពីជ័យជម្នះ។ តែគណបក្ស ភឿថៃ ដែលមានទំនាក់ទំនងជាមួយលោក ថាក់ស៊ីន ក៏បានប្រកាសពីជ័យជម្នះដែរ ដោយបង្កើតរដ្ឋាភិបាលចម្រុះជាមួយនឹងគណបក្សដទៃទៀត ខណៈគណបក្សទំាងពីរនេះ  មានសំឡេងភាគច្រើនក្នុងសភា។ លទ្ធផលពិតប្រាកដចេញពីការបោះឆ្នោតខាងលើ អាចនឹងត្រូវគេប្រកាសឲ្យដឹងច្បាស់លាស់ នៅមុនថ្ងៃ០៩ ខែឧសភាខាងមុខ ស្របពេលដែលគណៈកម្មាធិការបោះឆ្នោតនិយាយថា ខ្លួននឹងបញ្ចេញលទ្ធផលបោះឆ្នោតជាផ្លូវការនាពេលឆាប់ៗនេះ៕ធ.ដ

  • លោក ថាក់ស៊ីន ត្រូវព្រះមហាក្សត្រថៃដកហូតគ្រឿងឥស្សរិយយស

    លោក ថាក់ស៊ីន ត្រូវព្រះមហាក្សត្រថៃដកហូតគ្រឿងឥស្សរិយយស

    ថៃ៖ យោងតាមឯកសារមួយរបស់ព្រះបរមរាជវាំង បានអោយដឹងថា ព្រះមហាក្សត្រ ក្សថៃ Maha Vajiralongkorn បានសម្រេចព្រះទ័យដកហូតគ្រឿងឥស្សរិយយសដែលធ្លាប់ផ្ដល់ ឱ្យអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីនមកវិញហើយ  ។ ការដកហូតគ្រឿង ឥស្សរិយយសនេះ កើតមានឡើងតែជាងសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីរូបនេះរិះគន់ការបោះឆ្នោតនៅក្នុងប្រទេសថៃថា បានដំណើរការទៅដោយគ្មានភាពយុត្តិធម៌ និងតម្លាភាព ក្រោមការរៀបចំរបស់របបយោធា ។ ប៉ុន្តែបើតាមឯកសារខាងលើនេះ ការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រ Maha Vajiralongkorn ធ្វើឡើង ដោយសារតែលោក ថាក់ស៊ីន ធា្លប់ត្រូវបានកាត់ទោសពីបទពុកលួយកាលពីឆ្នាំ២០០៨ និងរត់ភៀសខ្លួនទៅក្រៅប្រទេស ដែលនេះត្រូវបានចាត់ទុកថា ជាអាកប្បកិរិយាមិនសមរម្យ ៕ធ.ដ