-
នាយករដ្ឋមន្ត្រីថៃប្រកាសប្រើពេល៧ថ្ងៃ បញ្ចប់បញ្ហាផ្សែងពុលនៅភាគខាងជើង

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានចេញផ្សាយសារច្បាស់លាស់ថា បញ្ហាផ្សែងពុលនៅតំបន់ភាគខាងជើងនឹងត្រូវដោះស្រាយ ក្នុងរយៈពេល៧ថ្ងៃ។ លោកបានថ្លែងបែបនេះ ក្នុងបំពេញបេសកកម្មការងារ នៅឈៀងម៉ៃ ដែលកំពុងរងការវាយប្រហារដោយផ្សែងពុល កាលពីម្សិលមិញនេះ។ លោក ប្រាយុទ្ធថា «ខ្ញុំរំពឹងថា ស្ថានភាពនឹងត្រូវល្អប្រសើរវិញ ក្នុងរយៈពេល៧ថ្ងៃ»។ ជាមួយគ្នានេះ លោកបានណែនាំដល់អភិបាលខេត្តពាក់ព័ន្ធត្រួតពិនិត្យការងារប្រធានអាជ្ញាធរភូមិឃុំ លើកិច្ចការនេះហើយ ក្នុងករណីដែលពួកគេបរាជ័យទប់ស្កាត់បញ្ហានេះ ត្រូវដាក់ពិន័យ ហើយអាចត្រូវដកចេញពីតំណែង។ លោកប្រាយុទ្ធ ក៏បានទាមទារឲ្យមានរបាយការណ៍ពីស្ថានភាពផ្សែងអាប់នេះប្រចាំថ្ងៃ ដោយត្រូវភ្ជាប់ទំនាក់ទំនងជានិច្ច។ លោក ប្រាយុទ្ធ បានចុះទៅពិនិត្យស្ថានភាពផ្សែងពុលនៅភាគខាងជើង ក្រោយពេលផ្ទុះការរិះគន់អំពីបញ្ហាផ្សែងនេះប៉ះពាល់ដល់បណ្តាខេត្តនៅភាគខាងជើង និងគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋរាប់ខែរួចមកហើយនោះ។ បញ្ហាបំពុលខ្យល់កម្រិត PM2.5 នេះបើតាមវេជ្ជបណ្ឌិតថា អាចបង្កបញ្ហាប៉ះពាល់ដល់សុខភាព។ គ្រោះអគ្គិភ័យនៅខាងក្រៅ ជាពិសេស ភ្លើងឆេះដំណាំកសិកម្ម ត្រូវបានគិតថា ជាមូលហេតុចម្បងនៃការបំពុលខ្យល់នៅភាគខាងជើង៕ធ.ដ
-
លោក ត្រាំ បញ្ជាក់ថា ខ្លួនបានជួយពង្រឹងអង្គការ NATO តាមរយៈការទទូចឱ្យក្រុមសម្ព័ន្ធមិត្តជួយបង្កើនការចំណាយខាងយោធា

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ៍នេះ បានបញ្ជាក់ថា លោកបានជួយពង្រឹងអង្គការ NATO តាមរយៈការអំពាវនាវឱ្យបង្កើនការចំណាយខាងយោធាពីសំណាក់ក្រុមសម្ព័ន្ធមិត្ត ដែលលោកនិយាយថា ធ្លាប់តែកេងចំណេញពីការផ្តល់ជំនួយរបស់សហរដ្ឋអាម៉េរិក។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯកិច្ចប្រជុំនាសេតវិមាន ជាមួយអគ្គលេខាធិការអង្គការ NATO លោក ជែន ស្តូលធិនបឺក នៅមុនការប្រារព្ធខួបលើកទី៧០ នៃសម្ព័ន្ធភាពនៅទីក្រុងវ៉ាស៊ីនតោនថា ការរីកចម្រើនគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងហើយអង្គការណាតូមានភាពរឹងមាំជាងមុន។ ជាមួយគ្នានេះ លោក ស្តូលធិនបឺក និង អតីតនាយករដ្ឋមន្ត្រីន័រវែសបានគាំទ្រលោក ត្រាំលើគោលដៅចំណាយនេះ និងបានគាំទ្រវិធីសាស្ត្រដ៏ស្រួចស្រាវរបស់លោក ត្រាំ តាមរយៈការជួយជំរុញដល់សមាជិកដទៃទៀតឱ្យជួយចំណាយខាងយោធា។ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់នៅថ្ងៃអង្គារ៍នេះដែរថា នៅចន្លោះឆ្នាំ២០១៦ និងចុងឆ្នាំក្រោយ សមាជិកណាតូចំនួន២៨ ក្រៅពីសហរដ្ឋអាម៉េរិក នឹងបង្កើនការចំណាយផ្នែកយោធាបន្ថែមទៀតចំនួន១០០ពាន់លានដុល្លារនៅឆ្នាំ២០២០ ឬច្រើនជាងនេះបន្តិចនៅឆ្នាំ២០២០ខាងមុខ៕ធ.ដ
-
សហរដ្ឋអាម៉េរិកកំពុងពិចារណាលើផលប៉ះពាល់ ក្រោយសម្រេចចិត្តបិទព្រំដែនជាមួយម៉ិកស៊ិក

សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ា សាន់ឌើ បានលើកឡើងថា ក្រុមមន្រ្តីសហរដ្ឋអាម៉េរិកកំពុងស្វែងរកគ្រប់ជម្រើសទាំងអស់ ថាតើបិទច្រកចេញចូលពីប្រទេសម៉ិកស៊ិក ហើយអ្វីនឹងមានផលប៉ះពាល់។ ជាមួយគ្នានេះ ក្រុមប្រឹក្សាទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមានក៏កំពុងសិក្សាពីផលប៉ះពាល់នៃការបិទច្រកចេញចូលកំពង់ផែផ្សេងៗផងដែរ។ សេតវិមានទំនងចង់បន្ធូរបន្ថយការគំរាមកំហែងរបស់ខ្លួន ក្នុងការបិទព្រំដែនខាងត្បូងរបស់សហរដ្ឋអាម៉េរិកជាមួយម៉ិកស៊ិក ដើម្បីបញ្ឈប់ការកើនឡើងនូវជនចំណាកស្រុកដែលគ្មានក្រដាសស្នាម ដែលព្យាយាមស្វះស្វែងសុំសិទ្ធិជ្រកកោននៅក្នុងសហរដ្ឋអាម៉េរិក។ សូមរំលឹកថា សភាពាណិជ្ជកម្មអាម៉េរិកបាននិយាយនៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ទំនិញ និងសេវាកម្មដែលមានតម្លៃជិត១ពាន់៧រយលានដុល្លារហូរឆ្លងកាត់ព្រំដែនរវាងសហរដ្ឋអាម៉េរិក និងម៉ិកស៊ិកជារៀងរាល់ថ្ងៃ ហើយកម្មករស្របច្បាប់ និស្សិត អ្នកទិញទំនិញ និងទេសចរជិត៥សែននាក់បានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរដែរ៕ធ.ដ
-
ប្រធានាធិបតីហ្វីលីពីនបញ្ជាឱ្យត្រួតពិនិត្យឡើងវិញ រាល់កិច្ចសន្យាជាមួយក្រុមហ៊ុននានា

ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីននឹងបើកដំណើរការត្រួតពិនិត្យឡើងវិញ រាល់កិច្ចសន្យានៃរដ្ឋាភិបាលរបស់លោកជាមួយនឹងបណ្ដាក្រុមហ៊ុន និងប្រទេសដទៃ ដើម្បីធានាថាពួកគេមានភាពស្មោះត្រង់ចំពោះប្រជាជនហ្វីលីពីន ក្រោយមានការបញ្ជាពីប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅថ្ងៃអង្គារ៍ម្សិលមិញ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន គឺលោក Salvador Panelo បាននិយាយថា ការត្រួតពិនិត្យនឹងត្រូវធ្វើឡើង ដើម្បីកំណត់ថា តើរាល់កិច្ចសន្យាមុនៗ និងបច្ចុប្បន្នរវាងរដ្ឋាភិបាលហ្វីលីពីន ជាមួយបណ្ដាក្រុមហ៊ុន ឬប្រទេសដទៃបានធ្វើឱ្យប្រជាជនហ្វីលីពីនខាតបង់ប្រយោជន៍ ព្រមទាំងរំលោភលើរដ្ឋធម្មនុញ្ញដែរឬទេ ។ យ៉ាងណាមិញ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីនរូបនេះ មិនបានប្រាប់លម្អិតថាមានកិច្ចសន្យា ឬកិច្ចព្រមព្រៀងចំនួនប៉ុន្មាននោះទេ ដែលត្រូវត្រួតពិនិត្យឡើងវិញ ខណៈការស៊ើបអង្កេតមួយនឹងត្រូវធ្វើឡើងដោយក្រសួងយុត្តិធម៌ហ្វីលីពីន៕ធ.ដ
-
នាយករដ្ឋមន្រ្តីថៃជំរុញឲ្យអាជ្ញាធរដោះស្រាយបញ្ហាផ្សែងពុល នៅខេត្តឈៀងម៉ៃ

ថៃ៖ អាជ្ញាធរថៃមានរយៈពេល៧ថ្ងៃ ឬមួយសប្តាហ៍ ដើម្បីដោះស្រាយបញ្ហាផ្សែងពុលនៅក្នុងខេត្តឈៀងម៉ៃ ដែលស្ថិតនៅភាគខាងជើងប្រទេស នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារម្សិលមិញ។ បច្ចុប្បន្នតំបន់ភាគខាងជើងប្រទេសថៃ កំពុងរងគ្រោះដោយសារផ្សែងពុលជាមួយកម្រិតភាគល្អិត PM2.5 ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាជនយ៉ាងខ្លាំង ខណៈសាលារៀនមួយចំនួនត្រូវបង្ខំចិត្តបិទទ្វារជាបណ្ដោះអាសន្ន។ នាឱកាសបំពេញទស្សនកិច្ចទៅកាន់ខេត្តឈៀងម៉ៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា លោកសូមបញ្ជាក់ឡើងវិញថា បញ្ហាដុតដំណាំនៅក្នុងតំបន់ត្រូវតែបញ្ឈប់ ឬត្រូវដោះស្រាយក្នុងរយៈពេល៧ថ្ងៃ ពោលគឺនិយាយជារួមគ្មាននរណាម្នាក់អាចដុតភ្លើងនៅក្នុងព្រៃនោះទេ។ ជាមួយគ្នានោះ នាយករដ្ឋមន្រ្តីថៃរូបនេះ ក៏បានធ្វើការអំពាវនាវឱ្យប្រជាជនក្នុងតំបន់បញ្ឈប់ការដុតដំណាំផងដែរ៕ធ.ដ
-
ប្រធានអង្គការ NASA រិះគន់ទង្វើឥណ្ឌា ដែលប្រើមីស៊ីលបាញ់កម្ទេចផ្កាយរណប

សហរដ្ឋអាម៉េរិក៖ ប្រធានអង្គការ NASA លោក ជីម ប្រៃដិនស្តាញ បានហៅការធ្វើតេស្តបាញ់ផ្កាយរណបរបស់ឥណ្ឌាថា គឺជារឿងអាក្រក់មួយ ដោយសារវាបានបង្កើតកម្ទេចកម្ទីប្រមាណជាង៤០០បំណែកក្នុងលំហអវកាស ដែលអាចបង្កជាហានិភ័យសម្រាប់ក្រុមអវកាសយានិក ដែលនៅលើស្ថានីយអវកាសអន្តរជាតិ ISS។ ប្រធានអង្គការ NASA រូបនេះ បានសង្កត់ធ្ងន់ថា លទ្ធផលនៃការធ្វើតេស្តរបស់ឥណ្ឌាបានធ្វើឲ្យមានហានិភ័យនៃការប៉ះទង្គិចរបស់ស្ថានីយអវកាស ISS កើនឡើងបន្ថែម៤៤ភាគរយ សម្រាប់រយៈពេល១០ថ្ងៃ ប៉ុន្តែហានិភ័យនេះ នឹងរសាយទៅវិញ ខណៈដែលកម្ទេចកម្ទីភាគច្រើននឹងឆេះ នៅពេលវាធ្លាក់មកក្នុងបរិយាកាសផែនដី។ លោក ជីម ប្រៃដិនស្តាញ បានលើកឡើងបែបនេះ ក្រោយរយៈពេល០៥ថ្ងៃ ដែលឥណ្ឌាបានប្រើគ្រាប់មីស៊ីលបាញ់កម្ទេចផ្កាយរណបមួយគ្រឿងរបស់ខ្លួន នៅក្នុងគន្លងគោចរកម្រិតទាបរបស់ផែនដី ក្នុងការធ្វើតេស្តសាកល្បងមួយ ដើម្បីបញ្ជាក់ឲ្យពិភពលោកបានឃើញថា ឥណ្ឌាក៏ស្ថិតនៅក្នុងចំណោមប្រទេសជាមហាអំណាចអវកាសផងដែរ និងស្ថិតនៅលេខរៀងទី៤ បន្ទាប់ពីអាម៉េរិក រុស្ស៊ី និងចិន៕ធ.ដ
-
ឥណ្ឌាបាញ់បង្ហោះផ្កាយរណបថ្មីមួយ ក្រោយទើបជោគជ័យ ក្នុងការធ្វើតេស្តបាញ់កម្ទេចផ្កាយរណបកាលពីសប្តាហ៍មុន

ឥណ្ឌា៖ ផ្កាយរណបស៊ើបការណ៍មួយគ្រឿងហៅថា អ៊ីមីសេត (EMISAT) ត្រូវបានទីភ្នាក់ងារអវកាសឥណ្ឌា ISRO បាញ់បង្ហោះចេញពីភាគខាងត្បូងប្រទេស ដើម្បីតាមដានសកម្មភាពគូសត្រូវពីទីអវកាស។ ក្រៅពីផ្កាយរណបយោធាខាងលើ នៅថ្ងៃចន្ទនេះ ផ្កាយរណបខ្នាតតូចចំនួន២៨គ្រឿងទៀតរបស់បរទេសក៏ត្រូវបានគ្រាប់រ៉ុក្កែត PSLV C-45 របស់ឥណ្ឌានាំយកឡើងទៅទីអវកាសផងដែរ។ ផ្កាយរណបយោធានេះទៀតសោត ត្រូវបានឥណ្ឌាចាត់ទុកថា គឺប្រៀបដូចជាកែវភ្នែករបស់ខ្លួននៅក្នុងទីអវកាស ហើយវាក៏ជាសញ្ញាមួយផងដែរថា ឥណ្ឌាមានគោលបំណងពង្រឹងការប្រុងជើងការនៃកងកម្លាំងយោធារបស់ខ្លួន និងតាមឃ្លាំមើលសកម្មភាពផ្សេងៗរបស់គូសត្រូវឲ្យបានគ្រប់ជ្រុងជ្រោយជាងមុន៕ធ.ដ
-
លោក ស៊ី ជីនពីង ថ្លែងថា ទំនាក់ទំនងចិនជាមួយនូវែលហ្សេឡង់ គឺជាស្នូលនៃបណ្តាប្រទេសលោកខាងលិច

ចិន៖ នូវែលហ្សេឡង់ បានក្លាយជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសជឿនលឿនរបស់លោកខាងលិច ដែលមានទំទាក់ទំទងជាមួយចិន ហើយចិនតែងតែងចាត់ទុកនូវែលហ្សេឡង់ជាមិត្តដ៏ស្មោះត្រង់ និងជាដៃគូ។ ការកត់សម្គាល់បែបនេះ របស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ធ្វើឡើងនៅក្នុងថ្ងៃចន្ទនេះ ស្របពេលជួបពិភាក្សាជាមួយនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី ចាស៊ីនដា អាឌើន ក្នុងរដ្ឋធានីប៉េកំាង។ នាឱកាសនោះ លោក ស៊ី បានធ្វើការអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងថែមទៀត សម្រាប់កិច្ចសហការជាមួយនូវែលហ្សេឡង់ ក្នុងការបង្កើតបរិយាកាសអាជីវកម្មដោយយុត្តិធម៌ មិនរើសអើង និងមានតម្លាភាពសម្រាប់វិនិយោគិនរវាងប្រទេសទាំងពីរស្ថិតក្រោមកាលៈទេសៈថ្មី។ ជាការឆ្លើយតប លោកស្រី អាឌើន បានអះអាងវិញថា ប្រទេសរបស់លោកស្រីត្រៀមខ្លួនរួចរាល់ហើយ ដើម្បីធ្វើកិច្ចសហការជាមួយប្រទេសចិន ក្នុងនោះរួមមានទាំងបម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍបច្ចេកវិទ្យា និងការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាទៅលើវិស័យដទៃផ្សេងទៀតផងដែរ៕ធ.ដ
-
លោក ម៉ៃ ប៉ុមប៉េអូ សង្ឃឹមថា ជំនួបកំពូលជាថ្មីរវាងអាម៉េរិក-កូរ៉េខាងជើង នឹងកើតឡើងនាប៉ុន្មានខែទៀតនេះ

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានថ្លែងរំពឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងជួបគ្នាសាជាថ្មីម្តងទៀតក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ហើយនឹងអាចធ្វើឱ្យមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃចន្ទ ម្សិលមិញ ប្រមុខការទូតអាម៉េរិករូបនេះ បានកត់សម្គាល់ថា វាគឺជារឿងមួយដែលពិបាក ដើម្បីការបញ្ជាក់ពីពេលវេលាច្បាស់លាស់ សម្រាប់ជំនួបកំពូលជាលើកទី៣ រវាងសហរដ្ឋអាម៉េរិក-កូរ៉េខាងជើង ប៉ុន្តែលោកអះអាងថា វាជាចំណាប់អារម្មណ៍ដ៏ល្អបំផុតរបស់សហរដ្ឋអាម៉េរិក ក្នុងការដោះស្រាយបញ្ហានេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ សូមរំលឹកថា រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីជំនួបកំពូលលើកទី២ រវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីចុងខែកុម្ភៈកន្លងទៅ បានបិទបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង និងសេចក្តីថ្លែងការណ៍អ្វីឡើយ៕ធ.ដ
-
នាយករដ្ឋមន្ត្រីថៃថ្លែងការពារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខណៈផ្ទុះការតវ៉ាបញ្ហាបោះឆ្នោត

នាយករដ្ឋមន្ត្រីថៃ កាលពីម្សិលមិញ បានចេញមុខថ្លែងការពារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខណៈដែលមជ្ឈដ្ឋានមួយចំនួនបានរិះគន់លើការរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២៤ មីនា ២០១៩ ថាខ្វះតម្លាភាព ដល់ថ្នាក់មានការទាមទារឲ្យរំលាយគណៈកម្មាធិការនេះចោលទៀតផង។កាលពីថ្ងៃទី១ខែមេសា ២០១៩ នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចាបាន ចេញមកការពារគណៈកម្មការរៀបចំការបោះឆ្នោត ដោយបញ្ចាក់ថា គណៈកម្មការបោះឆ្នោត បានផ្តល់ការបកស្រាយរួចមកហើយ សូមកុំបង្កភាពស្មុគស្មាញជាងនេះទៀតអី។ សម្រេចចេញមុខការពាររបស់លោក ប្រាយុទ្ធ កើតឡើងក្រោយពេល មានញត្តិជាច្រើនដែលធ្វើឡើងជាសាធារណៈ ក្នុងនោះរួមមានទាំងក្រុមប្រឹក្សានិស្សិត ដែលមានសមាសភាពមកពីសាកលវិទ្យាល័យជាច្រើន បានប្តឹងគណៈកម្មការរៀបចំការបោះឆ្នោតនេះ អំពីភាពមិនប្រក្រតីនៃការបោះឆ្នោត និងការពន្យារពេលចេញផ្សាយលទ្ធផលបោះឆ្នោតបឋមជាដើម។ សូមបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតសកលនៅប្រទេសថៃ ត្រូវបានពន្យាពេលប្រកាសជាបន្តបន្ទាប់ រហូតមកដល់ពេលនេះ មិនទាន់ចេញនៅឡើយទេ ខណៈដែលគណបក្សរបស់លោកប្រាយុទ្ធ និងគណបក្សប្រឆាំងដ៏មានឥទ្ធិលពល ភឿថៃ ប្រកាសថា គេឈ្នះរៀងៗខ្លួននោះ៕ធ.ដ