-
លោក ត្រាំ អះអាងថា ប្រសិនបើគ្មានកិច្ចព្រមព្រៀងជាមួយសភាទេ ព្រំដែនជាប់ម៉ិកស៊ិកនឹងត្រូវបិទ១០០%

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីម៉េរិកលោក ដូណាល់ ត្រាំ បានបញ្ឈប់ការគំរាមកំហែងរបស់លោក ក្នុងការបិទព្រំដែនភាគខាងត្បូងជាមួយម៉ិកស៊ិក ស្របពេលដែលក្រុមមន្រ្តីនៅក្នុងរដ្ឋបាលរបស់លោក បានមើលឃើញវិធានការពាក់កណ្តាល ដែលអាចធ្វើលោក ត្រាំ ពេញចិត្តការឆ្លើយតបនឹងការជំរុញរបស់លោក ឲ្យចាត់វិធានការដោះស្រាយបញ្ហាជនអន្តោប្រវេសខុសច្បាប់។ ប្រធានាធិបតីអាម៉េរិករូបនេះ កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ មិនទាន់ច្រានចោលគំនិតរបស់លោកទាំងស្រុងនោះទេ ដោយលោកបាននិយាយថា លោកពេញចិត្តនឹងវិធានការដែលម៉ិកស៊ិកបានធ្វើរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហើយថា លោកនឹងធ្វើការអំពាវនាវជាថ្មីដល់សភា ដើម្បីធ្វើការផ្លាស់ប្តូរចំពោះអ្វីដែលលោកជំទាស់ ដែលវានឹងអាចដោះស្រាយបញ្ហាទាំងនេះបាន។ ទន្ទឹមគ្នានោះដែរ លោក ដូណាល់ ត្រាំ បាននិយាយពីម៉ិកស៊ិកថា រង់ចាំមើលសិនថាតើពួកគេបន្តធ្វើវាបែបហ្នឹងតទៅទៀតឬអត់ ហើយថា ប្រសិនបើពួកគេមិនធ្វើទេនោះ ឬប្រសិនបើយើងមិនអាចរកបានកិច្ចព្រមព្រៀងជាមួយសភាទេនោះ ព្រំដែនច្បាស់ជាត្រូវបិទ១០០ភាគរយហើយ៕ធ.ដ
-
លោក ដូណាល់ ត្រាំ ហៅលោក ស៊ី ជិនពីង ថា ស្ដេចចិន

សហរដ្ឋអាម៉េរិក៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់សហរដ្ឋអាម៉េរិក បានចុះផ្សាយថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង កាលពីឆ្នាំ២០១៧ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថា លោកធ្លាប់បានហៅ និងចាត់ទុកសមភាគីចិនលោក ស៊ី ជិនពីង ថាជាស្ដេចចិន ។ សូមរំលឹកឡើងវិញថា លោក ដូណាល់ ត្រាំ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ តែប៉ុន្មានខែប៉ុណ្ណោះ មុននឹងសភាប្រជាជនចិនលុបចោលអាណត្តិប្រធានាធិបតីនៅខែមីនា ឆ្នាំ២០១៨ ដើម្បីបើកផ្លូវឱ្យ លោក ស៊ី ជិនពីង អាចកាន់អំណាចអស់មួយជីវិត។ ថ្លែងនៅឯពិធីទទួលទានអាហារពេលល្ងាចមួយក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ប្រធានាធិបតីអាម៉េរិករូបនេះ បានគូសបញ្ជាក់ថា លោក ស៊ី ជិនពីង ពេញចិត្តយ៉ាងខ្លាំងនៅពេលបានឮលោកហៅថា ស្ដេចចិន ហើយថា លោក ស៊ី បានបដិសេធថា គាត់មិនមែនជាស្ដេចនោះទេ តែជាប្រធានាធិបតីមួយរូប ប៉ុន្តែភ្លាមនោះ លោកបានតបទៅវិញថា ទេ! អ្នកគឺជាប្រធានាធិបតីអស់មួយជីវិត ដែលនេះមានន័យស្មើនឹងស្ដេច៕ធ.ដ…
-
សហរដ្ឋអាម៉េរិក និងហ្វីលីពីន ធ្លាប់ពិភាក្សាគ្នាក្នុងការដាក់ពង្រាយប្រព័ន្ធគ្រាប់រ៉ុក្កែត

ហ្វីលីពីន៖ សហរដ្ឋអាម៉េរិក និងហ្វីលីពីន ធ្លាប់បានពិភាក្សាគ្នាពីការដាក់ពង្រាយប្រព័ន្ធគ្រាប់រ៉ុក្កែតអាម៉េរិក ដើម្បីទប់ទល់នឹងការធ្វើសកម្មភាពយោធារបស់ចិននៅឯដែនកោះជម្លោះនៃតំបន់សមុទ្រចិនខាងត្បូង នេះបើតាមការបញ្ជាក់របស់ក្រុមអ្នកជំនាញសន្តិសុខនៅក្នុងតំបន់។ ក្រុមអ្នកជំនាញសន្តិសុខក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដដែលនេះ បានអះអាងទៀតថា ទាំងសហរដ្ឋអាម៉េរិក និងហ្វីលីពីន មិនអាចឈានដល់ការឯកភាពលើកិច្ចព្រមព្រៀងណាមួយនោះទេ ដោយសារតែប្រព័ន្ធគ្រាប់រ៉ុក្កែតអាម៉េរិក HIMARS មានតម្លៃថ្លៃពេកសម្រាប់ហ្វីលីពីន ដែលពិបាកក្នុងការបង្កើនកញ្ចប់ថវិកាយោធា។ យ៉ាងណាមិញ បើសិនជាប្រព័ន្ធគ្រាប់រ៉ុក្កែតអាម៉េរិកត្រូវបានដាក់ពង្រាយនៅហ្វីលីពីនមែននោះ ប្រព័ន្ធនេះនឹងអាចជួយយោធាទីក្រុងម៉ានីល ឱ្យមានសមត្ថភាពវាយប្រហារទៅលើដែនកោះដែលចិនកំពុងគ្រប់គ្រង ដូចជាទីប្រជុំកោះ Spratly ជាដើម នៅក្នុងករណីមានជម្លោះប្រដាប់អាវុធជាយថាហេតុណាមួយកើតឡើង៕ធ.ដ
-
នាវាកូរ៉េខាងត្បូងមួយគ្រឿងត្រូវឃាត់ទុក ព្រោះសង្ស័យថាផ្តល់ប្រេងទៅឱ្យកូរ៉េខាងជើង

កូរ៉េខាងត្បូង៖ នាវាកូរ៉េខាងត្បូងមួយកំពុងត្រូវបានចាប់ឃាត់ទុកនៅកំពង់ផែ ក្នុងស្រុកមួយកន្លែង ដោយមានការសង្ស័យថា នាវានេះបានផ្តល់ប្រេងខុសច្បាប់ទៅឱ្យកូរ៉េខាងជើង នេះបើតាមការបញ្ជាក់របស់ក្រុមមន្ត្រីកូរ៉េខាងត្បូង។ មន្ត្រីម្នាក់មកពីក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា នេះជាលើកទីមួយហើយ ដែលនាវាកូរ៉េខាងត្បូងត្រូវបានចាប់ឃាត់ តបតាមការចោទប្រកាន់ថា បានបំពានការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង។ បច្ចុប្បន្នអាជ្ញាធរកូរ៉េខាងត្បូងកំពុងចាប់ឃាត់ទុកនាវាបរទេសចំនួន៣គ្រឿង ពីបទផ្តល់ប្រេងខុសច្បាប់ទៅឱ្យកូរ៉េខាងជើង ឬដឹកធ្យូងថ្មដែលផលិតនៅកូរ៉េខាងជើង។ ការចាប់ឃាត់ខាងលើនេះ បានកើតឡើងចំពេលមានការព្រួយបារម្ភខ្លាំងឡើងអំពីការព្យាយាមរបស់កូរ៉េខាងជើង ដើម្បីគេចពីការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហជាតិ លើកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន៕ធ.ដ
-
ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកកំពុងបង្កការខ្វះខាតថ្នាំពេទ្យ និងបរិក្ខារវេជ្ជសាស្ត្រ របស់វេណេស៊ុយអេឡា

វេណេស៊ុយអេឡា៖ ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកកំពុងតែធ្វើឲ្យវេណេស៊ុយអេឡា ជួបបញ្ហាខ្វះខាតផ្នែកវេជ្ជសាស្រ្ត ជាពិសេសគឺថ្នាំពេទ្យ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីសុខាភិបាលវេណេស៊ុយអេឡា លោក ខាឡូស អាល់វ៉ារ៉ាដូ។ ការទទួលបានបរិក្ខារវេជ្ជសាស្រ្ត និងថ្នាំពេទ្យរបស់ប្រទេសវេណេស៊ុយអេឡា បានជួបនូវការដាក់កំហិតចាប់តាំងតែពីឆ្នាំ២០១៤មក នៅពេលអតីតប្រធានាធិបតីអាម៉េរិកលោក បារ៉ាក់ អូបាម៉ា បានចេញបញ្ជាប្រតិបត្តិមួយ ដែលចាត់ទុកវេណេស៊ុយអេឡាជាការគំរាមកំហែងមិនធម្មតា ចំពោះសន្តិសុខជាតិសហរដ្ឋអាម៉េរិក។ រដ្ឋមន្រ្តីសុខាភិបាលវេណេស៊ុយអេឡាបានសង្កត់ធ្ងន់ថា ទណ្ឌកម្មគាបសង្កត់លក្ខណៈឯកតោភាគីរបស់សហរដ្ឋអាម៉េរិក បានរារាំងមិនឲ្យរដ្ឋាភិបាលក្រុងការ៉ាកាស់ទទួលបានបរិក្ខារវេជ្ជសាស្ត្រ និងថ្នាំពេទ្យចាំបាច់សំខាន់ៗ បើទោះបីជាវេណេស៊ុយអេឡា បានព្រមព្រៀងទិញពួកវារួចហើយក៏ដោយក្តី ព្រោះថា មិនអាចបង់លុយសម្រាប់របស់ទាំងនោះបាន ដោយក្នុងនោះរួមមានទាំងថ្នាំពេទ្យ និងវ៉ាក់សាំងគិតតម្លៃសរុបដល់ទៅ២០លានដុល្លារ៕ធ.ដ
-
NASA បង្ហាញរូបភាពអាចម៍ផ្កាយមួយ ដែលធ្លាក់លើផែនដីកាលពីចុងឆ្នាំមុន ប៉ុន្តែសំណាងល្អមិនធ្លាក់ចំកន្លែងមានមនុស្សរស់នៅ

សហរដ្ឋអាម៉េរិក៖ ទីភ្នាក់ងារអវកាសអាម៉េរិក NASA បានបញ្ចេញរូបភាពពីផ្កាយរណបនៃបន្ទុះអាចម៍ផ្កាយមួយនៅលើផ្ទៃសមុទ្រ ប៊ឺរីង ចន្លោះភាគខាងកើតរុស្ស៊ី និងរដ្ឋអាឡាស់ស្កា របស់សហរដ្ឋអាម៉េរិក កាលពីខែធ្នូ ឆ្នាំ២០១៨ ដែលពុំមាននរណាដឹងឡើយរហូតទាល់តែមកដល់ពេលនេះ។ បន្ទុះអាចម៍ផ្កាយនោះ បានបញ្ចេញថាមពលប្រមាណ១៧៣គីឡូតោន ដែលខ្លាំងជាងគ្រាប់បែកបរមាណូ ទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា របស់ប្រទេសជប៉ុន កាលពីសម័យសង្រ្គាមលោកលើកទីពីរដល់ទៅជាង១០ដងឯណោះ។ ព្រឹត្តិការណ៍នេះ ត្រូវបានថតយកបានដោយឧបករណ៍ចំនួនពីរ នៅលើផ្កាយរណបឈ្មោះថា ធើរ៉ា របស់អង្គការ ណាសា ហើយក្នុងរូបភាពទាំងនោះ បានបង្ហាញឲ្យឃើញពីដានសម្រោលរបស់អាចម៍ផ្កាយនៅលើផ្ទៃពពក ព្រមទាំងដុំភ្លើង។ យ៉ាងណាមិញ ទំហំរបស់អាចម៍ផ្កាយខាងលើនេះ គឺមិនទាន់ត្រូវបានបញ្ជាក់នោះឡើយ ប៉ុន្តែវាជារឿងដែលមហាសំណាងបំផុត ដោយសារវាមិនបានធ្លាក់ទៅចំកន្លែងដែលមានមនុស្សរស់នៅ ឬបង្កទៅជារលកយក្សស៊ូណាមិ ដែលគំរាមកំហែងដល់ជីវិតមនុស្ស៕ធ.ដ
-
ថៃត្រៀមចែកម៉ាស់មុខដល់ប្រតិភូអាស៊ានដែលមកចូលរួមកិច្ចប្រជុំ ដោយសារតែបញ្ហាផ្សែងពុល

ថៃ៖ រដ្ឋាភិបាលក្រុងបាងកក នឹងផ្តល់ម៉ាស់មុខដល់ប្រតិភូមកចូលរួមជំនួបរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងធនាគារកណ្តាលនៅក្នុងសប្តាហ៍នេះ ស្របពេលដែលផ្សែងអព្ទនៅផ្នែកមួយចំនួននៃប្រទេសថៃឡើងដល់កម្រិតប្រកាសអាសន្ន។ សន្ទស្សន៍គុណភាពខ្យល់ (AQI) នៅឈៀងម៉ៃ ជាទីដែលអាស៊ាននឹងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងប្រធានធនាគារកណ្តាលនៅសប្តាហ៍នេះ បានឡើងដល់កម្រិត២៤០ទៅ២៥០ ដែលគេចាត់ទុកថា គ្រោះថ្នាក់សម្រាប់សុខភាព។ ក្រុមមន្ត្រីប្រមាណ៣០០នាក់ ត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំនេះ ដោយអ្នកខ្លះបានទៅដល់ហើយ ខណៈមិនមានផែនការផ្លាស់ប្តូរទីកន្លែងនៃកិច្ចប្រជុំនេះទេ ហើយក៏មិនមានការត្រៀមវិធានការពិសេសអីផ្សេងដែរ ដោយសារស្ថានភាពធូរលីនៅក្នុងទីក្រុងនេះបានល្អប្រសើរបន្តិចហើយ។ សូមជម្រាបផងដែរថា នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានចុះទៅពិនិត្យស្ថានភាពបំពុលខ្យល់អាកាសនេះដល់ខេត្តឈៀងម៉ៃផ្ទាល់តែម្តង និងបានបញ្ជាឲ្យបណ្តាទីភ្នាក់ងារចាត់វិធានការសម្រាលស្ថានភាពនេះឲ្យបាន ក្នុងរយៈពេល៧ថ្ងៃ ដោយត្រូវដោះស្រាយចំណុច១,៩០០នៅទូទាំង៩ខេត្ត រួមមានឈៀងម៉ៃ ខណៈរដ្ឋាភិបាលបានចែកម៉ាស់មុខ២លានសម្រាប់ដល់អ្នកស្រុកនៅក្នុងតំបន់នេះរួចជាស្រេចហើយ៕ធ.ដ
-
កិច្ចចរចាបញ្ចប់ជម្លោះពាណិជ្ជកម្មរវាងអាម៉េរិក-ចិន ចាប់ផ្តើមធ្វើឡើងជាថ្មីម្តងទៀត នៅទីក្រុងវ៉ាស៊ីនតោន

សហរដ្ឋអាម៉េរិក៖ កិច្ចចរចាដោះស្រាយបញ្ហាជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ បានចាប់ផ្តើមធ្វើឡើងសាជាថ្មីទៀត នៅក្នុងថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានីវ៉ាស៊ីនតោន។ គួរបញ្ជាក់ថា បើតាមការសិក្សាស្រាវជ្រាវមួយចេញផ្សាយដោយសភាពាណិជ្ជកម្មអាម៉េរិកបានឱ្យដឹងថា ជម្លោះពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក អាចនឹងធ្វើឱ្យសេដ្ឋកិច្ចអាម៉េរិកខាតបង់ជាង១ពាន់ពាន់លានដុល្លារក្នុងរយៈពេល១០ឆ្នាំ ហើយវាក៏នឹងជះឥទ្ធិពលអាក្រក់ ជាពិសេសគឺបំផ្លាញដល់វិស័យព័ត៌មាន និងបច្ចេកវិទ្យាទូរគមនាគមន៍ (ICT) របស់ទីក្រុងវ៉ាស៊ីនតោនផងដែរ។ ការសិក្សានេះ ក៏បានព្យករណ៍ផងដែរថា កំណើនសេដ្ឋកិច្ចសកលនឹងកើនឡើង១៥១,៤ពាន់លានដុល្លារ ឬស្មើនឹង០,២ភាគរយ ពោលគឺទាបជាងការរំពឹងទុកក្នុងឆ្នាំ២០២៥ នៅក្នុងករណីដែលការដំឡើងពន្ធលើផលិតផលចិនក្នុងតម្លៃ២០០ពាន់លានដុល្លារ ត្រូវបង្កើន២៥ភាគរយបន្ថែម ហើយចាត់វិធានការសងសឹកវិញមែននោះ៕ធ.ដ
-
អង្គការឃ្លំាមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិអះអាងថា បើសិនមានកិច្ចព្រមព្រៀងនោះ ខ្លួននឹងបញ្ជូនក្រុមអ្នកអង្កេតការណ៍ទៅកាន់កូរ៉េខាងជើង

អង្គការឃ្លាំមើលថាមពលអាតូម៉ិចរបស់អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារ៍នេះ បានលើកឡើងថា ប្រសិនបើមានកិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើង ក្នុងការរំសាយអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងនោះ ខ្លួនបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីបញ្ជូនក្រុមអង្កេតការណ៍ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បើសិនជាមានការស្នើសុំឱ្យផ្ទៀងផ្ទាត់ និងត្រួតពិនិត្យ។ អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA លោក យូគីយ៉ា អាម៉ាណូ បានថ្លែងអះអាងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ទីភ្នាក់ងារ IAEA គឺជាអង្គការអន្តរជាតិតែមួយគត់ ដែលត្រូវបានបង្កើតឡើងដើម្បីបំពេញការងារដោយមិនលម្អៀង ឯករាជ្យ និងតម្លាភាព។ ប្រសិនបើមានសំណើនោះ យើងនឹងឆ្លើយតបវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្នុងការបញ្ជូនក្រុមអ្នកអង្កេតការណ៍ត្រឡប់ទៅកាន់កូរ៉េខាងជើងវិញ នេះបើតាមការអះអាងរបស់អគ្គនាយក IAEA ទៅកាន់សមាជិកក្រុមប្រឹក្សាសន្តិសុខទំាង១៥ ក្នុងអំឡុងកិច្ចប្រជុំមួយស្តីពីសន្ធិសញ្ញាមិនរីករាយភាយអាវុធនុយក្លេអ៊ែរ ហៅកាត់ថា NPT៕ធ.ដ
-
សហគ្រាសនៅវៀតណាមបង្ខំចិត្តឡើងថ្លៃផលិតផល តាំងពីឡើងថ្លៃអគ្គិសនីកាលពីចុងខែមីនា

បណ្តារោងចក្រសហគ្រាសនៅប្រទេសវៀតណាម ត្រូវបង្ខំចិត្តបង្កើនតម្លៃលក់ផលិតផលរបស់ខ្លួន ក្រោយពេលតម្លៃអគ្គិសនីឡើងថ្លៃ៨,៣៦ភាគរយ តាំងពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩មក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃទី៣មេសានេះ។ ក្រុមហ៊ុនស៊ីម៉ង់ត៍ឈ្មោះថា VICEM Bút Sơn បានប្រកាសថា ខ្លួននឹងបង្កើតម្លៃស៊ីម៉ង់ត៍ ៣ម៉ឺនដុង ឬ១,២៩ដុល្លារ ក្នុងមួយតោន ភ្លាមៗក្រោយពេលតម្លៃអគ្គិសនីកើនឡើង។ អគ្គនាយកក្រុមហ៊ុម គឺលោក Do Tien Trinh បាននិយាយថា ជាមួយនឹងការឡើងថ្លៃ៨,៣៦នៃតម្លៃអគ្គីសនីនោះ តម្លៃធ្យូងលក់ទៅក្រុមផលិតស៊ីម៉ង់ត៍ក៏កើនឡើង ២,៣ទៅ៥,៨ភាគរយ អាស្រ័យលើប្រភេទធ្យូង។ អ្នកផលិតដែកក៏បញ្ជាក់ថា នឹងដំឡើងតម្លៃលក់ផលិតផលរបស់ពួកគេដែរ ក្នុងនោះ ក្រុមហ៊ុន SSE Steel Company ថា ខ្លួនបានដំឡើងថ្លៃលក់ដែកទ្វេដងទៅ២០ម៉ឺនដុង ក្នុងមួយតោន ខណៈដែលក្រុមហ៊ុនដែកមួយទៀតឈ្មោះធា Tisco ក៏បង្កើនតម្លៃលក់ចេញ១៥ម៉ឺនដុង ទៅ២០ម៉ឺនដុង ក្នុង១តោនផងដែរ៕ធ.ដ