Category: ព័ត៌មានអន្តរជាតិ

  • យានអវកាស Beresheet របស់អ៊ីស្រាអែលគ្រោងចុះចតនៅផ្ទៃព្រះចន្ទ នាសប្តាហ៍ក្រោយនេះ

    យានអវកាស Beresheet របស់អ៊ីស្រាអែលគ្រោងចុះចតនៅផ្ទៃព្រះចន្ទ នាសប្តាហ៍ក្រោយនេះ

    អ៊ីស្រាអែល៖ នៅទីបំផុតយានអវកាស ប៊ីរេសស៊ីត (Beresheet) របស់អ៊ីស្រាអែល ត្រូវបានក្រុមការងារនៃបេសកកម្មនេះ បញ្ជាឲ្យទៅដល់ក្នុងគន្លងក្បែរព្រះចន្ទដោយជោគជ័យហើយ ខណៈកំពុងត្រៀមខ្លួនចុះចតនៅទីនោះនាសប្តាហ៍ក្រោយនេះ។ នៅពេលដែលយានអវកាសអ៊ីស្រាអែលនេះ ចុះទៅជាន់ដល់ដីនៃផ្ទៃព្រះច័ន្ទនោះ អ៊ីស្រាអែលនឹងក្លាយជាប្រទេសទី៤ ដែលបានធ្វើបែបនេះ បន្ទាប់ពីសហរដ្ឋអាម៉េរិក ចិន និងរុស្ស៊ី។ ក្រោយពីសម្រេចជោគជ័យហើយ ក្នុងអំឡុងសប្តាហ៍នេះ យាន ប៊ីរេសស៊ីត នឹងធ្វើការក្រឡឹងជុំវិញឋានព្រះចន្ទដោយសសៀរសន្សឹមៗទៅកាន់តែកៀក ដើម្បីត្រៀមលក្ខណៈសម្រាប់ការព្យាយាមចុះចតនៅថ្ងៃទី១១ ខែមេសា សប្តាហ៍ក្រោយនេះ។ ផ្ទុយទៅវិញ ប្រសិនបើការចូលទៅក្នុងគន្លងក្បែរព្រះចន្ទមិនបានទទួលជោគជ័យទេនោះ គឺមានន័យថា បេសកកម្មអវកាសមួយនេះរបស់អ៊ីស្រាអែលបានបរាជ័យតែម្តង ព្រោះថា យាន រេសស៊ីត អាចនឹងត្រូវទំនាញរបស់ព្រះអាទិត្យស្រូបទាញយកទៅ៕ធ.ដ

  • លោក ត្រាំ៖ គ្មានឡើយកន្លែងទំនេរសម្រាប់ជនអន្តោប្រវេសន៍ដែលចង់មកជ្រកកោន នៅសហរដ្ឋអាម៉េរិក

    លោក ត្រាំ៖ គ្មានឡើយកន្លែងទំនេរសម្រាប់ជនអន្តោប្រវេសន៍ដែលចង់មកជ្រកកោន នៅសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានធ្វើទស្សនកិច្ចទៅកាន់ព្រំដែនអាម៉េរិក និងម៉ិកស៊ិក នៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីផ្ញើសារទៅកាន់ជនអន្តោប្រវេសន៍ខុសច្បាប់ថា សហរដ្ឋអាម៉េរិកគ្មានឡើយកន្លែងទំនេរសម្រាប់ការជ្រកកោនរបស់ពួកគេ។ បច្ចុប្បន្នយុទ្ធនាការរបស់លោក ដូណាល់ ត្រាំ គឺការតស៊ូប្រឆំាងនឹងវិបត្តិជនអន្តោប្រវេសន៍នៅតាមព្រំដែន ដែលយុទ្ធសាស្រ្តដ៏សំខាន់មួយ ដើម្បីស្វែងរកការគំាទ្រសម្រាប់អាណត្តិថ្មីនៅក្នុងការបោះឆ្នោតនាឆ្នំា២០២០ខាងមុខនេះ។ រហូតមកទល់ពេលនេះ ចំនួនជនអន្តោប្រវេសន៍ និងជនភៀសខ្លួនដែលធ្វើចំណាកស្រុកដោយសារតែអំពើហិង្សានៅប្រទេសអាម៉េរិកកណ្តាល បាននឹងកំពុងកើនឡើងគួរឱ្យកត់សម្គាល់ បើទោះបីជាមានការប្រកាសអាសន្នថ្នាក់ជាតិ និងគំរាមបិទព្រំដែនភាគខាងត្បូងជាប់ម៉ិចស៊ិកទាំងស្រុងពីសំណាក់លោក ត្រាំ ក្តី។ សូមបញ្ជាក់ថា ដោយសារភាពក្រីក្រ និងបទល្មើសផ្សេងៗ រួមទាំងអំពើពុករលួយផងនោះ ប្រទេសហ្គាតេម៉ាឡា ហុងដូរ៉ាស់ និងអែលសាល់វ៉ាឌ័រ បានក្លាយជាប្រភពចម្បងនៃជនអន្តោប្រវេសន៍ដែលព្យាយាមភៀសខ្លួនមកកាន់ទឹកដីសហរដ្ឋអាម៉េរិក៕ធ.ដ

  • ប្រធានក្រុមហ៊ុន Boeing នឹងបន្ថយសន្ទុះការផលិតប្រចាំខែរបស់យន្តហោះ 737 MAX

    ប្រធានក្រុមហ៊ុន Boeing នឹងបន្ថយសន្ទុះការផលិតប្រចាំខែរបស់យន្តហោះ 737 MAX

    សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន Boeing គ្រោងនឹងកាត់បន្ថយសន្ទុះការផលិតប្រចាំខែនៃយន្តហោះ 737 MAX ដោយចាប់ផ្តើមពីខែនេះតទៅ ដើម្បីផ្តោតការប្រើប្រាស់ធនធានទៅលើកិច្ចប្រឹងប្រែងធ្វើយ៉ាងណាឲ្យ 737 MAX អាចវិលត្រឡប់ទៅហោះលើផ្ទៃអាកាសវិញ នេះបើតាមការបញ្ជាក់របស់នាយកប្រតិបត្តិក្រុមហ៊ុន Boeing លោក ឌេននីស មៀលលែនបឺគ (Dennis Muilenburg)។ នាយកប្រតិបត្តិក្រុមហ៊ុន Boeing រូបនេះ បាននិយាយថា យើងបានសម្រេចកាត់បន្ថយអត្រានៃការផលិតពី៥២គ្រឿងក្នុងមួយខែ មកត្រឹម៤២គ្រឿងវិញ ដោយចាប់ផ្តើមពីពាក់កណ្តាលខែមេសានេះតទៅ ហើយប្តេជ្ញាថា នឹងខិតខំធ្វើការកែសម្រួលប្រព័ន្ធហោះហើររបស់យន្តហោះ 737 MAX ដើម្បីទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់បែបនេះកើតឡើងជាថ្មីម្តងទៀត។ ការអះអាងបែបនេះរបស់លោក ឌេននីស មៀលលែនបឺគ ធ្វើឡើងក្រោយពេលដែលរូបលោកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចេញមុខសុំទោសពិភពលោក និងបានទទួលស្គាល់ជាលើកដំបូងថា កំហុសឆ្គងលើការវិភាគទិន្នន័យនៃប្រព័ន្ធរបស់យន្តហោះ មានជាប់ពាក់ព័ន្ធក្នុងការធ្វើឲ្យយន្តហោះ 737 MAX 8 សរុបពីរគ្រឿងធ្លាក់ ដោយមួយគ្រឿងនៅឥណ្ឌូណេស៊ីកាលពីខែតុលា ឆ្នាំមុន និងមួយគ្រឿងទៀតនៅអេត្យូពី កាលពីខែមីនាឆ្នំានេះ ខណៈហេតុការណ៍ធ្លាក់យន្តហោះទាំងពីរករណីនោះ បានផ្តាច់ជីវិតមនុស្សសរុប៣៤៦នាក់៕ធ.ដ

  • នាយករដ្ឋមន្រ្តីអង់គ្លេសស្នើសុំពន្យារពេលធ្វើ Brexit ម្តងទៀត ទៅកាន់សហភាពអឺរ៉ុប

    នាយករដ្ឋមន្រ្តីអង់គ្លេសស្នើសុំពន្យារពេលធ្វើ Brexit ម្តងទៀត ទៅកាន់សហភាពអឺរ៉ុប

    អង់គ្លេស៖ ការពន្យាពេលធ្វើ Brexit ឬការចាកចេញពីសហភាពអឺរ៉ុបនឹងត្រូវអូសបន្លាយពេលវេលាបន្ថែមទៀតរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ថេរ៉េសា មេ បានបញ្ជូនសំបុត្រមួយទៅកាន់សហភាពអឺរ៉ុប ដើម្បីស្នើសុំពន្យារពេលជាថ្មីម្ដងទៀត។ នៅក្នុងសំបុត្រផ្ញើជូនប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ដូណាល់ ថាស់ លោកស្រី មេ បានបញ្ជាក់ថា បើសភាសម្រេចអនុម័តលើកិច្ចព្រមព្រៀងរបស់លោកស្រីក្នុងពេលនេះ នោះអង់គ្លេសអាចនឹងចាកចេញពីសហភាពអឺរ៉ុប នៅមុនការបោះឆ្នោតសភាអឺរ៉ុបនៅថ្ងៃទី២៣ ខែឧសភា ពោលគឺមិនចាំបាច់រង់ចាំដល់ថ្ងៃទី៣០ ខែមិថុនានោះទេ។ គួរបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងត្រូវចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី១២ ខែមេសានេះ ខណៈកិច្ចព្រមព្រៀង Brexit របស់លោកស្រី មេ ត្រូវបានសភាទាត់ចោល៣ដងរួចមកហើយ បើទោះជាលោកស្រីផ្ទាល់ធ្លាប់សន្យាថា នឹងចុះចេញពីតំណែងឱ្យតែកិច្ចព្រមព្រៀងនេះត្រូវបានសភាអនុម័តក៏ដោយ៕ធ.ដ

  • វិមានក្រឹមឡំាងបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន កំពុងស្ថិតក្រោមការរៀបចំ

    វិមានក្រឹមឡំាងបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន កំពុងស្ថិតក្រោមការរៀបចំ

    រុស្ស៊ី៖ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ជំនួយការវិមានក្រឹមលោក យូរី អូហ្សេកកូវ បានបញ្ជាក់ថា ទីក្រុងម៉ូស្គូបាននឹងកំពុងត្រៀមខ្លួនរៀបចំសម្រាប់ការបំពេញទស្សនកិច្ចរបស់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន មកកាន់ប្រទេសរុស្ស៊ី។ ជាមួយគ្នានេះ សារព័ត៌មាន TASS របស់រុស្ស៊ី បានចុះផ្សាយថា ក្រុមមន្រ្តីរបស់ប្រទេសទាំងពីរក៏បាននឹងកំពុងធ្វើកិច្ចពិភាក្សាគ្នាបន្ថែមទៀតផងដែរ ស្តីពីកាលបរិច្ឆេទ និងការធ្វើដំណើរ ហើយតាមលោក យូហ្សេកកូវ នោះ រុស្ស៊ីក៏កំពុងទន្ទឹងរង់ចំាការឆ្លើយតបពីសំណាក់ភាគីកូរ៉េខាងជើង ដោយសារការអញ្ជើញនេះ ត្រូវបានប្រគល់ជាផ្លូវការ។ សូមរំលឹកថា ក្នុងអំឡុងដំណើរទស្សកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីខែឧសភាកន្លងទៅ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ បានអញ្ជើញប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី។ នាឱកាសនោះ ប្រមុខការទូតរុស្ស៊ីរូបនេះ បាននិយាយយ៉ាងដូច្នេះថា មកកាន់រុស្ស៊ី ពួកយើងនឹងរីករាយយ៉ាងខ្លាំងដែលជួបអ្នក (លោក គីម ជុងអ៊ុន) នេះបើតាមការលើកឡើងរបស់លោក ឡាវរូវ ទៅកាន់មេដឹកនាំកំពូលកូរ៉េខាងជើង ដែលត្រូវបានចេញផ្សាយដោយក្រសួងការបរទេសរុស្ស៊ី៕ធ.ដ

  • ការលក់រថយន្តនៅទីផ្សារសហរដ្ឋអាម៉េរិក ធ្លាក់ចុះក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ

    ការលក់រថយន្តនៅទីផ្សារសហរដ្ឋអាម៉េរិក ធ្លាក់ចុះក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ

    ក្រុមហ៊ុនផលិតរថយន្តធំៗនៅសហរដ្ឋអាម៉េរិក បានរាយការណ៍ពីការធ្លាក់ចុះការលក់រថយន្តនៅលើទីផ្សារប្រទេសរបស់ខ្លួនក្នុងត្រីមាសទី១ ឆ្នាំ២០១៩នេះ ប៉ុន្តែបានបង្ហាញទំនុកចិត្តលើទីផ្សារ ទោះក្រុមអ្នកឃ្លាំមើលឧស្សាហកម្មនេះមួយចំនួនបានព្យាករមិនល្អសម្រាប់ឆ្នាំនេះ។ អ្នកវិភាគបានឲ្យដឹងថា ការលក់រថយន្តនៅត្រីមាសទី១ បានរងប៉ះពាល់ដោយសារឥទ្ធិពលនៃការបិទរដ្ឋាភិបាលអាម៉េរិក និងការធ្លាក់ចុះទីផ្សារភាគហ៊ុនអាម៉េរិកនៅចុងឆ្នាំ២០១៨ ប៉ុន្តែអ្នកវិភាគទាំងនេះក៏ព្រមានផងដែរអំពីទីផ្សាររថយន្តដែលកំពុងធ្លាក់ចុះ។ ក្រុមហ៊ុន GM បានរាយការណ៍ពីការធ្លាក់ចុះការលក់រថយន្តម៉ូដែលជាច្រើន រួមទាំងរថយន្តប្រភេទ SUV និងភីកអាប់ដែលឈានមុខគេរបស់ខ្លួនផងដែរ ប៉ុន្តែបានបន្ទោសមួយផ្នែកលើការផ្គត់ផ្គង់ដែលមានកម្រិត សម្រាប់រថយន្តភីកអាប់ថ្មី ដែលបានចាប់ផ្តើមផលិតក្នុងអំឡុងត្រីមាសទី១នេះ។ ចំណែកឯក្រុមហ៊ុនផលិតរថយន្ត Fiat Chrysler (FCA,) បានរាយការណ៍ពីការធ្លាក់ចុះការលក់៣ភាគរយក្នុងពេលដូចគ្នានេះមកត្រឹមចំនួន៤៩៨.៤២៥គ្រឿង។ សម្រាប់ខែមីនាឆ្នំានេះ ក្រុមហ៊ុន FCA លក់រថយន្តធ្លាក់ចុះ៧ភាគរយមកនៅត្រឹមចំនួន២០០.៣០៧គ្រឿង។ រីឯក្រុមហ៊ុន Toyota ក៏រាយការណ៍ពីការធ្លាក់ចុះការលក់៥ភាគរយមកនៅត្រឹមចំនួន៥៤៣.៧១៦គ្រឿងនៅត្រីមាសទី១ និងធ្លាក់៣,៥ភាគរយនៅខែមីនាមកត្រឹមចំនួន២១៤.៩៤៧ គ្រឿង និងក្រុមហ៊ុន General Motors ដែលជាក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់អាម៉េរិក លក់រថយន្តបានចំនួន៦៦៥.៨៤០គ្រឿងក្នុងរយៈពេល៣ខែដំបូងក្នុងឆ្នាំនេះ ធ្លាក់ចុះ៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។គួរបញ្ជាក់ថា ការធ្លាក់ចុះទាំងនេះមានភាពស្របគ្នាទៅនឹងការព្យាករណ៍របស់ភាគីនានា ដែលបានព្រមានពីការថមថយកំណើនសេដ្ឋកិច្ច ការដំឡើងអត្រាការប្រាក់ និងការកើនឡើងតម្លៃលក់រាយ៕ធ.ដ

  • អង្គការពាណិជ្ជកម្មពិភពលោក WTO ទម្លាក់ការព្យាករណ៍ពាណិជ្ជកម្មពិភពលោក

    អង្គការពាណិជ្ជកម្មពិភពលោក WTO ទម្លាក់ការព្យាករណ៍ពាណិជ្ជកម្មពិភពលោក

    អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានធ្វើការព្យាករណ៍ថា ពាណិជ្ជកម្មពិភពលោកនៅឆ្នាំ ២០១៩ នេះ រំពឹងថា នឹងកើនឡើងកាន់តែទាប ដោយ WTO បានលើកឡើងពីភាពតានតឹង ដែលរីករាលដាល និងភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច។ បើតាមឯកសារព្យាករបឋមរបស់ខ្លួនកន្លងមក អង្គការពាណិជ្ជកម្មពិភពលោកមួយនេះ បានព្យាករណ៍ថា កំណើនពាណិជ្ជកម្មនឹងកើនឡើង ៣,៧ ភាគរយនៅឆ្នាំ២០១៩នេះ ប៉ុន្តែអង្គការ WTO បានកែតម្រូវការព្យាករនោះទម្លាក់មកនៅត្រឹម ២,៦ ភាគរយ ដែលបង្ហាញពីការធ្លាក់ចុះពីកំណើន៣ភាគរយដែលបានកត់ត្រាកាលពីឆ្នាំ២០១៨។ ក្នុងការព្យាករប្រចាំឆ្នាំដ៏សំខាន់របស់ខ្លួន អង្គការពាណិជ្ជកម្មពិភពលោកដែលមានសមាជិក១៦៤ប្រទេសនេះ បានលើកឡើងជាថ្មីអំពីបារម្ភពីការគំរាមកំហែងជាប្រព័ន្ធ ដែលអាចបន្តរារាំងដល់សេដ្ឋកិច្ចរបស់ពិភពលោក ជាពិសេសពន្ធនាំចូលសងសឹកគ្នារវាងចិន និងសហរដ្ឋអាម៉េរិក។ ទន្ទឹមគ្នានោះ បើតាមក្រុមសេដ្ឋវិទូនៅអង្គការពាណិជ្ជកម្មពិភពលោក ការពិតដែលថា តួលេខចុងក្រោយមានកម្រិតទាបជាងការព្យាករណ៍បឋមចំនួន១,៤ភាគរយនោះ បញ្ជាក់ពីហានិភ័យនៃការធ្លាក់ចុះខ្លាំង ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។ យ៉ាងណាមិញ អង្គការ WTO បានឲ្យដឹងទៀតថា សម្រាប់ឆ្នាំ២០១៩នេះ ហានិភ័យនៃការធ្លាក់ចុះជាថ្មីម្តងទៀតមានទម្ងន់ខ្លាំងជាសក្តានុពលនៃការកើនឡើងទៅទៀត ប៉ុន្តែការបន្ធូរបន្ថយភាពតានតឹង ជាពិសេសការលុបចោលវិធានការពាណិជ្ជរឹតបន្តឹង អាចមើលឃើញថា ពាណិជ្ជកម្មនៅឆ្នាំ ២០១៩ នឹងកើនលើសពីការព្យាករណ៍នេះ៕ធ.ដ …

  • លោក ត្រាំ ថ្លែងថា អាម៉េរិក ចិន និងរុស្ស៊ី គួរតែបញ្ឈប់ការប្រកួតប្រជែងសព្វាវុធ ហើយងាកទៅកសាងសន្តិភាពយូរអង្វែងវិញ

    លោក ត្រាំ ថ្លែងថា អាម៉េរិក ចិន និងរុស្ស៊ី គួរតែបញ្ឈប់ការប្រកួតប្រជែងសព្វាវុធ ហើយងាកទៅកសាងសន្តិភាពយូរអង្វែងវិញ

    សហរដ្ឋអាម៉េរិក៖ រុស្ស៊ី ចិន និងសហរដ្ឋអាម៉េរិក គួរតែឈប់ចាយលុយលើសព្វាវុធទៀតទៅ ហើយងាកមកវិនិយោគលើការធ្វើដំណើរឆ្ពោះទៅរកការកសាងសន្តិភាពយូរអង្វែងវិញ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើងបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ ទើបតែបានប្រាប់ឲ្យអង្គការ NATO ត្រៀមលក្ខណៈដើម្បីប្រឈមនឹងបញ្ហាសន្តិសុខសកលថ្មី ដែលអាចបង្កឡើងដោយរុស្ស៊ី និងចិន។ ប្រធានាធិបតីអាម៉េរិករូបនេះ បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានថា លោកយល់ថា សហរដ្ឋអាម៉េរិក រុស្ស៊ី និងចិន អាចស្រុះស្រួលគ្នាបាន ហើយបញ្ឈប់ការចំណាយលុយលើសព្វាវុធ រួចងាកមកចាយលើអ្វីដែលមានប្រយោជន៍សម្រាប់ការកសាងសន្តិភាពយូរអង្វែងវិញ។ ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តីចិន លោក លីវ ហេ ដែលមានវត្តមាននៅសេតវិមានដែរនោះ បាននិយាយថា លោកយល់ស្របជាមួយគំនិតរបស់លោក ដូណាល់ ត្រាំ៕ធ.ដ

  • សហរដ្ឋអាម៉េរិក ប្រកាសលុបចោលទិដ្ឋាការរបស់ចៅក្រមនៃតុលាការព្រហ្មទណ្ឌ អន្តរជាតិ ICC

    សហរដ្ឋអាម៉េរិក ប្រកាសលុបចោលទិដ្ឋាការរបស់ចៅក្រមនៃតុលាការព្រហ្មទណ្ឌ អន្តរជាតិ ICC

    សហរដ្ឋអាម៉េរិក៖ ទីក្រុងវ៉ាស៊ីនតោនបានសម្រេចលុបចោលទិដ្ឋាការចូលមកកាន់សហរដ្ឋអាម៉េរិក សម្រាប់រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) លោកស្រី ហ្វាតូ ប៊ិនសួដា ដោយសារតែការស៊ើបអង្កេតជុំវិញឧក្រិដ្ឋកម្មសង្រ្គាមប្រព្រឹត្តដោយយោធាអាម៉េរិកនៅអាហ្វហ្កានីស្ថាន។ របាយការណ៍មួយរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ដែលចេញផ្សាយកាលពីឆ្នាំ២០១៦បានបញ្ជាក់ថា យោធាអាម៉េរិកបានប្រព្រឹត្តអំពើទារុណកម្មជាសម្ងាត់នៅតាមមន្ទីរឃុំឃំាងជាច្រើន ដែលប្រតិបត្តិដោយ CIA របស់អាម៉េរិកនៅអាហ្វហ្កានីស្ថាន ខណៈរដ្ឋាភិបាលក្រុងកាប៊ុល និងក្រុមតាលីបង់ក៏បានចោទប្រកាន់ផងដែរពីការប្រព្រឹត្តបទឧក្រិដ្ឋសង្រ្គាម ។ គួរបញ្ជាក់ថា ការសម្រេចចិត្តខាងលើរបស់របស់ក្រសួងការបរទេសអាម៉េរិក មានកើតមានឡើងបន្ទាប់ប្រមុខការទូតអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានព្រមានដែរថា ប្រទេសរបស់លោកនឹងលុបចោលរាល់ទិដ្ឋាការចូលក្នុងប្រទេស សម្រាប់បុគ្គលិកទាំងអស់របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បើនៅតែបន្តស៊ើបអង្កេតប្រឆាំងសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន៕ធ.ដ

  • សហរដ្ឋអាម៉េរិកប្រាប់ឲ្យពលរដ្ឋខ្លួនចាកចេញពីវេណេស៊ុយអេឡា នៅមុនបាតុកម្មធំនាចុងសប្តាហ៍នេះ

    សហរដ្ឋអាម៉េរិកប្រាប់ឲ្យពលរដ្ឋខ្លួនចាកចេញពីវេណេស៊ុយអេឡា នៅមុនបាតុកម្មធំនាចុងសប្តាហ៍នេះ

    សហរដ្ឋអាម៉េរិក៖ ពលរដ្ឋអាម៉េរិក និងវេណេស៊ុយអេឡា ត្រូវបានអំពាវនាវឲ្យចាកចេញពីប្រទេសអាម៉េរិកឡាទីនមួយនេះ នៅមុនបាតុកម្មគាំទ្រ និងប្រឆាំងរដ្ឋាភិបាលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍សប្តាហ៍នេះ ស្របពេលមានការដាច់ចរន្តអគ្គិសនីរាប់សប្តាហ៍មកហើយ នេះបើតាមសេចក្តីណែនាំរបស់ស្ថានទូតអាម៉េរិកនៅទីក្រុងការ៉ាកាស់។ បាតុកម្មជាន់គ្នារវាងអ្នកគាំទ្រលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ និងមេដឹកនាំបក្សប្រឆាំងលោក ចូអាន់ ហ្គៃដូ បានក្លាយជាសាមញ្ញនៅប៉ុន្មានសប្តាហ៍មកនេះ តែបាតុកម្មនៅថ្ងៃសៅរ៍សប្តាហ៍នេះ ត្រូវបានគេរំពឹងថា នឹងធ្វើឡើងជាលក្ខណៈទ្រង់ទ្រាយធំ បន្ទាប់ពីអាជ្ញាធរវេណេស៊ុយអេឡាចាប់ផ្តើមចាត់វិធានការលើមេដឹកនាំបក្សប្រឆាំង ហើយសហរដ្ឋអាម៉េរិកក៏បានព្រមានជាចំហផងដែរ។ គួរបញ្ជាក់ថា វិបត្តិនយោបាយនៅវេណេស៊ុយអេឡា បានផ្ទុះឡើងកាលពីខែមករា ដើមឆ្នាំនេះ នៅពេលមេដឹកនាំបក្សប្រឆាំងដែលគាំទ្រដោយសហរដ្ឋអាម៉េរិក គឺលោក ហ្គៃដូ បានប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្តោះអាសន្ន ក្រោយបដិសេធការជាឆ្នោតជាថ្មីរបស់លោក ម៉ាឌូរ៉ូ កាលពីខែឧសភា ។ ប៉ុន្តែរុស្ស៊ី ចិន គុយបា បូលីវី តួកគី និងប្រទេសមួយចំនួនទៀតប្រកាសមិនទទួលស្គាល់លោក ហ្គៃដូ ឡើយ ហើយបន្តគាំទ្រលោក ម៉ាឌូរ៉ូ ជាមេដឹកនាំស្របច្បាប់របស់វេណេស៊ុយអេឡា៕ធ.ដ