-
យន្ដហោះចម្បាំងបំបាំងកាយជប៉ុន ធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិក ពេលហ្វឹកហាត់

កាលពីយប់ថ្ងៃអង្គារម្សិលមិញ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Takeshi Iwaya បានឱ្យដឹងថា យន្ដហោះចម្បាំងបំបាំងកាយជប៉ុន F-35A ដែលបានបាត់ចេញពីប្រព័ន្ធរ៉ាដា បានធ្លាក់ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក អំឡុងពេលហ្វឹកហាត់ហោះហើរជាមួយយន្ដហោះចម្បាំង F-35 ៣គ្រឿងផ្សេងទៀត។ លោក Takeshi Iwaya ថា យន្ដហោះចម្បាំងខាងលើបានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅម៉ោង៧និង៣០នាទីយប់ (ម៉ោងនៅក្នុងតំបន់) ខណៈកំពុងហោះហើរនៅចម្ងាយ១៥៣គីឡូម៉ែត្រពីភាគខាងកើតទីក្រុង Misawa ស្ថិតនៅភាគឦសានប្រទេសជប៉ុន។ រីឯបំណែកយន្ដហោះត្រូវបានគេរកឃើញនៅ ព្រឹកថ្ងៃពុធនេះ ប៉ុន្តែពុំទាន់រកឃើញពីឡុតបញ្ជាយន្ដហោះចម្បាំងនេះនៅឡើយទេ រីឯការស៊ើបអង្កេតកំពុងធ្វើឡើង។ សូមបញ្ជាក់ថា យន្ដហោះចម្បាំងជប៉ុន F-35 ដ៏ទំនើបទិញពីសហរដ្ឋអាម៉េរិកមានតម្លៃចាប់ពី៨៩លានដុល្លារ ឡើងទៅ ហើយការធ្លាក់យន្ដហោះចម្បាំង F-35A នេះទៀតសោត កើតមាននៅចំពេលជប៉ុនប្រកាសពីគម្រោងទិញយន្ដហោះចម្បាំង F-35A ១០៥គ្រឿង និងF-35B ៤២គ្រឿង៕ម.ន
-
អង្គការ NASA ទទួលជោគជ័យក្នុងការតេស្តឧទ្ធម្ភាគចក្រខ្នាតតូចដែលត្រៀមយក ទៅភពព្រះអង្គារ

សហរដ្ឋអាម៉េរិក៖ ឧទ្ធម្ភាគចក្រដែលទីភ្នាក់ងារអវកាសអាម៉េរិក NASA គ្រោង យកទៅកាន់ភពអង្គារនោះ បានបញ្ចប់ការសាកល្បងដោយជោគជ័យនូវប្រព័ន្ធដំណើរការស្វ័យប្រវត្តិ និងការហោះហើរជាក់ស្តែង ក្នុងលក្ខខណ្ឌដែលត្រូវបានបង្កើតឡើងឲ្យស្រដៀងទៅនឹងភពព្រះអង្គារ។ ឧទ្ធម្ភាគចក្រកូនកាត់ខ្នាតតូចខាងលើនេះ មានឈ្មោះកាត់ថា MH (Mars Helicopter) នឹងក្លាយជាជោគជ័យធំមួយទៀតរបស់អង្គការ NASA នៅថ្ងៃអនាគត ដើម្បីធ្វើការសិក្សាក្នុងវិធីថ្មីប្លែកមិនធ្លាប់មាន នោះគឺការហោះក្នុងបរិយាកាសមិនខុសពីឧទ្ធម្ភាគចក្រ ឬដ្រូនហោះនៅក្នុងបរិយាកាសផែនដីនោះឡើយ ព្រោះវានឹងអាចចល័តក្នុងខ្យល់ទៅកាន់តំបន់ផ្សេងៗ ដែលមានស្ថានភូមិសាស្ត្រលំបាកៗ ដែលយានរុករកលើដីមិនអាចចល័តទៅដល់។ គួរបញ្ជាក់ថា ការរៀបចំដំណើរការតេស្តរបស់វា ត្រូវបានចាប់ផ្តើមឡើងកាលពីចុងខែមករា ដើមឆ្នាំ២០១៩នេះ ពោលគឺ៨ខែបន្ទាប់ពីការប្រកាសគម្រោងនៃការបញ្ជូនឧទ្ធម្ភាគចក្រខ្នាតតូចនេះទៅកាន់ភពព្រះអង្គារ ដែលនឹងបាញ់បញ្ជូនចេញពីផែនដីនៅអំឡុងឆ្នាំ២០២០ ឬឆ្នាំ២០២១ខាងមុខ ខណៈដែលវាត្រូវបានគេកំណត់មិនឲ្យមានទម្ងន់លើស១,៨គីឡូក្រាមនោះឡើយ៕ធ.ដ
-
នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបច្ចុប្បន្នស្វះស្វែងរកការគាំទ្រ ខណៈការបោះឆ្នោតសកល ចាប់ផ្តើមជាផ្លូវការហើយ

អ៊ីស្រាអែល៖ ការបោះឆ្នោតសកលនៅអ៊ីស្រាអែល នៅថ្ងៃអង្គារ៍នេះ បានចាប់ផ្ដើមជាផ្លូវការហើយ ស្របពេលនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ កំពុងស្វះស្វែងរកសំឡេងគាំទ្រ ដើម្បីបន្តកាន់តំណែងមួយអាណត្តិទៀត។ ប្រជាជនអ៊ីស្រាអែល៦,៣លាននាក់ បានចុះឈ្មោះបោះឆ្នោត និងមានគណបក្ស៤៧បានចូលរួមដើម្បីដណ្ដើមយកកៅអីសភាចំនួន១២០ ចំណែកឯលទ្ធផលត្រូវបានគេរំពឹងថា នឹងចេញផ្សាយជាបន្តបន្ទាប់នៅម៉ោង២២៖០០នាទីយប់ថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់)។ គួរបញ្ជាក់ថា លោក ណឺតាន់យ៉ាហ៊ូ ដែលជាមេដឹកនាំគណបក្សស្ដាំនិយម លីគូដ កំពុងប្រឈមមុខនឹងគូប្រជែងដ៏ខ្លាំង គឺឧត្ដមសេនីយចូលនិវត្តន៍ ប៊ែននី ហ្គេនស៍ ដែលបានសន្យាដោះស្រាយបញ្ហាសន្តិសុខ និងសម្អាតនយោបាយផ្ទៃក្នុង ខណៈលោក ណឺតាន់យ៉ាហ៊ូ កំពុងប្រឈមនឹងការចោទប្រកាន់ពីបទពុករលួយ៕ធ.ដ
-
គោលនយោបាយរបស់លោក ត្រាំ ដែលចង់បញ្ជូនក្រុមជនស្វែងរកសិទ្ធិជ្រកកោន ត្រឡប់ទៅម៉ិកស៊ិក ត្រូវចៅក្រមសហព័ន្ធច្រានចោល

សហរដ្ឋអាម៉េរិក៖ គោលនយោបាយរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលតម្រូវឲ្យជនស្វែងរកសិទ្ធិជ្រកកោនវិលត្រឡប់ទៅកាន់ប្រទេសម៉ិកស៊ិកវិញ ដើម្បីរង់ចាំលទ្ធផលនោះ នៅថ្ងៃអង្គារ៍នេះ ត្រូវបានចៅក្រមសហព័ន្ធម្នាក់ បានសម្រេចច្រានចោល។ ការសម្រេចរបស់ចៅក្រមសហព័ន្ធអាម៉េរិក លោក រីឆាដ ស៊ីបក នៅឯទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ គឺជាសញ្ញាមួយប្រឆាំងនឹងកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការបញ្ឈប់លំហូរជនភៀសខ្លួន ដែលចង់ស្វែងរកសិទ្ធិជ្រកកោន តាមច្រកព្រំដែនអាម៉េរិក-ម៉ិកស៊ិក ហើយវានឹងចាប់មានសុពលភាពពីថ្ងៃសុក្រសប្តាហ៍នេះតទៅ។ ជុំវិញការសម្រេចរបស់ចៅក្រមសហព័ន្ធអាម៉េរិករូបនេះ ត្រូវបានក្រុមអ្នកការពារសិទ្ធិមនុស្សអាម៉េរិកបង្ហាញសំឡេងស្វាគមន៍ជាខ្លាំង ដោយសារតែគោលនយោបាយដែលហៅកាត់ថា MPP គឺពុំបានផ្តល់ការការពារគ្រប់គ្រាន់សម្រាប់ជនស្វែងរកសិទ្ធិជ្រកកោនទាំងនោះឡើយ៕ធ.ដ
-
ប្រមុខការទូតសហរដ្ឋអាម៉េរិក គ្រោងធ្វើទស្សនកិច្ចទៅកាន់បណ្តាប្រទេសអាម៉េរិកឡាទីន

សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោកស្រី ម័រហ្គេន អូតាហ្គឹស បានលើកឡើងថា លោក ម៉ៃ ប៉ុមប៉េអូ នឹងចេញទៅបំពេញទស្សនកិច្ចនៅតំបន់អាម៉េរិកឡាទីន ស្ថិតក្នុងគោលបំណងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាពាក់ព័ន្ធនឹងវេណេស៊ុយអេឡា។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិករូបនេះ បើតាមការគ្រោងទុកនោះ ប្រមុខការទូតអាម៉េរិក នឹងត្រូវចំណាយរយៈពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ទី១៥ ខែមេសាខាងមុខនេះ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសឈីលី ប៉ារ៉ាហ្គាយ ប៉េរូ និង កូឡុំប៊ី។ លោកស្រី ម័រហ្គេន អូតាហ្គឹស បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោក ម៉ៃ ប៉ុមប៉េអូ បានផ្តោតសំខាន់លើការធ្វើឲ្យភាពជាដៃគូរបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់កាន់តែមានភាពស៊ីជម្រៅ និងសំដៅប្រមូលផ្តុំការគាំទ្រដើម្បីលទ្ធិប្រជាធិបតេយ្យនៅប្រទេសវេណេស៊ុយអេឡា៕ធ.ដ
-
កងទ័ពឥណ្ឌាបញ្ចេញកាំភ្លើងធំផលិតក្នុងស្រុក នៅចំពោះមុខភាពតានតឹងខ្លាំង ជាមួយប៉ាគីស្ថាន

ឥណ្ឌា៖ ខណៈដែលឥណ្ឌា និងប៉ាគីស្ថាន នៅតែបន្តប៉ះទង្គិចគ្នានៅតំបន់វិវាទកាស្មៀនោះ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ កងទ័ពជើងគោកឥណ្ឌាទើបទទួលតែបានកាំភ្លើងធំចម្ងាយឆ្ងាយមានឈ្មោះថា ដាណូស ចំនួន០៦គ្រឿងដំបូង។ កាំភ្លើងធំខាងលើបានមកពីការរួមសហការផលិតរវាងកងទ័ពជើងគោក និងក្រុមហ៊ុនផលិតសព្វាវុធរបស់ក្រសួងការពារជាតិឥណ្ឌា ហៅកាត់ថា OFB។ គួរបញ្ជាក់ថា ការបញ្ចេញកាំភ្លើងធំខាងលើនេះ ត្រូវបានធ្វើឡើងក្រោយពេលមានការផ្លោងគ្រាប់កាំភ្លើងធំឆ្លងព្រំដែនដាក់គ្នារវាងឥណ្ឌា និងប៉ាគីស្ថាន បានបន្តកើតមានចាប់តាំងតែពីការផ្ទុះករណីវាយប្រហារអត្តឃាតនៅថ្ងៃទី១៤ ខែកុម្ភៈ ដែលបានផ្តាច់ជីវិតកងទ័ពឥណ្ឌាជាង៤០នាក់នៅទីក្រុង ភូវ៉ាម៉ា ។ ទន្ទឹមគ្នានោះដែរ ក្រុមភេរវករ ចេស អ៊ី ម៉ូហាម៉េដ បានចេញមុខអះអាងថា ពួកគេជាអ្នកនៅពីក្រោយការវាយប្រហារនេះ ហើយកងទ័ពអាកាសឥណ្ឌាក៏បានធ្វើការសងសឹក តាមរយៈការកម្ទេចជំរំក្រុមភេរវករនេះនៅទីក្រុង បាឡាគុត ប្រទេសប៉ាគីស្ថាន៕ធ.ដ
-
ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយរបស់សហរដ្ឋអាម៉េរិក ប្រកាសបន្តផ្អាកជើងហោះហើរ យន្តហោះ Boeing 737 MAX 8

សហរដ្ឋអាម៉េរិក៖ ស្របពេលដែលអាជ្ញាធរអាកាសចរណ៍អាម៉េរិក នៅតែមិនទាន់ផ្តល់ការអនុញ្ញាតឲ្យធ្វើប្រតិបត្តិការដូចដើមវិញនោះ ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានប្រកាសឲ្យដឹងពីការសម្រេចបន្តផ្អាកជើងហោះហើររបស់ Boeing 737 MAX 8 រហូតដល់ដើមខែមិថុនាខាងមុខ។ សូមរំលឹកថា កាលពីពាក់កណ្តាលខែមីនាកន្លងទៅ អាជ្ញាធរអាកាសចរណ៍អាម៉េរិក FAA បានបង្គាប់ឲ្យបញ្ឈរជើងយន្តហោះ Boeing 737 MAX ទាំងអស់ ក្រោយពី 737 MAX 8 សរុបពីរគ្រឿងបានធ្លាក់ មួយគ្រឿងនៅឥណ្ឌូណេស៊ី និងមួយគ្រឿងទៀតនៅអេត្យូពី ក្នុងចន្លោះពេលមិនដល់កន្លះឆ្នាំពីគ្នាឡើយ ហើយបានផ្តាច់ជីវិតមនុស្សសរុបជាង៣០០នាក់។ បើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍អាម៉េរិកខាងលើនេះ ជាកិច្ចខិតខំមួយដើម្បីធានាឲ្យបាននូវភាពជាក់លាក់បន្ថែម ហើយជៀសវាងការខកជើងហោះហើរនៅពេលជិតចេញដំណើរ ក្រុមហ៊ុនបានសម្រេចបន្តការផ្អាកជើងហោះហើររបស់ 737 MAX 8 រហូតដល់ថ្ងៃទី០៥ ខែមិថុនា ខណៈក្រុមហ៊ុននេះ មានយន្តហោះ Boeing 737 MAX 8 ចំនួន២៤គ្រឿង៕ធ.ដ
-
នាយករដ្ឋមន្រ្តីចិនធ្វើដំណើរកាន់បែលហ្ស៊ិក ដើម្បីចូលរួមកិច្ចប្រជុំមេដឹកនាំចិន-សហភាពអឹរ៉ុប លើកទី២១

ចិន៖ នាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង បានទៅដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកហើយ ដើម្បីចូលរួមក្នុងកិច្ចប្រជុំមេដឹកនាំចិន-សហភាពអឺរ៉ុប លើកទី២១ ក្រោយពីបានចាកចេញពីទីក្រុងប៉េកាំង កាលពីព្រឹកថ្ងៃចន្ទនេះ និងចំណាយពេលធ្វើដំណើរជាច្រើនម៉ោង។ លោក លី ខឺឈាង នឹងអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលនេះ ជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ដូណាល់ ថាស់ រួមជាមួយប្រធានគណៈកម្មការអឺរ៉ុប លោក ជីន ក្លោដ ចំាងឃើ ខណៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ក៏ត្រូវបានគេរំពឹងថា នឹងកើតមានឡើងផងដែរ។ បន្ទាប់ពីប្រទេសបែលហ្សិក នាយករដ្ឋមន្រ្តីចិនរូបនេះ នឹងបន្តធ្វើដំណើរបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសក្រូអាស៊ី ហើយចូលរួមកិច្ចប្រជុំកំពូលលើកទីពី០៨ រវាងចិនជាមួយបណ្តាប្រទេសអឺរ៉ុបកណ្តាល និងខាងកើតថែមទៀតផង៕ធ.ដ
-
អ៊ីរ៉ង់ព្រមានឆ្លើយតបនឹងសហរដ្ឋអាម៉េរិក ក្រោយចោទប្រកាន់ថា កងកម្លាំងឆ្មាំបដិវត្តន៍ខ្លួនជាក្រុមភេរវករ

អ៊ីរ៉ង់៖ ក្រុមមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់បានព្រមានប្រឆាំងនឹងសហរដ្ឋអាម៉េរិក ដោយជំរុញឲ្យមានការផ្លាស់ប្តូរពាក្យចោទប្រកាន់ដែលកំណត់ថា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ជាក្រុមភេរវករ ហើយថា ពួកគេនឹងធ្វើការឆ្លើយតបវិញផងដែរ។ ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក ចាហ្វាដ ហ្ស៊ារីស បាននិយាយថា អ៊ីស្រាអែលកំពុងព្យាយាមអូសទាញសហរដ្ឋអាម៉េរិក ចូលទៅក្នុងសង្គ្រាមលោកហើយ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនត្រូវបានគេរាយការណ៍ថា នឹងធ្វើការសម្រេចចិត្តមួយនៅថ្ងៃចន្ទនេះ។ យ៉ាងណាមិញប្រមុខការទូតអ៊ីរ៉ង់មិនបានបញ្ជាក់លម្អិតថាតើការសម្រេចចិត្តនោះជាអ្វីនៅឡើយទេ។ សូមរំលឹកថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថា វិធានការមិនធ្លាប់មានកាលពីពេលមុន ដែលដឹកនាំដោយក្រសួងការបរទេស ទទួលស្គាល់ការពិតថា អ៊ីរ៉ង់មិនត្រឹមតែជារដ្ឋគាំទ្រភេរវកម្មប៉ុណ្ណោះទេ ក៏ប៉ុន្តែកងកម្លាំងការពារបដិវត្តន៍របស់អ៊ីរ៉ង់ ឬ IRGC បានចូលរួមយ៉ាងសកម្មក្នុងផ្នែកហិរញ្ញវត្ថុ និងផ្សព្វផ្សាយភេរវកម្មដែលជាឧបករណ៍ និងល្បិចកលខាងនយោបាយ៕ធ.ដ
-
រដ្ឋមន្ត្រីសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក សម្រេចចិត្តលាលែងចេញពីតំណែង

សហរដ្ឋអាម៉េរិក៖ លោកស្រី ឃើស្ចេន នីលសិន (Kirstjen Nielsen) ដែលជារដ្ឋមន្ត្រីសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) បានសម្រេចចិត្តលាលែងចេញពីតំណែងហើយ។ លោកស្រី នីលសិន បានចូលរួមជាមួយរដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅខែមករា ឆ្នាំ២០១៧ និងបានឡើងកាន់តំណែងជារដ្ឋមន្ត្រីសន្តិសុខមាតុភូមិ ជំនួសលោក ចន ខែលី (John Kelly) នៅចុងឆ្នាំ២០១៧។ យ៉ាងណាមិញ នៅក្នុងលិខិតលាលែងពីតំណែងរបស់ខ្លួន លោកស្រីមិនបានប្រាប់ពីហេតុផលនៃការសម្រេចចិត្តបែបនេះនោះទេ ដោយគ្រាន់តែបញ្ជាក់ថា វាដល់ពេលដែលត្រូវចាកចេញ។ ស្របពេលជាមួយគ្នានោះដែរ លោក ដូណាល់ ត្រាំ ក៏បានបង្ហោះសារមួយនៅលើបណ្តាញសង្គមធ្វីតធើ ដោយប្រកាសតែងតាំងស្នងការគយ និងការពារព្រំដែន លោក ខេវិន ម៉ាកអាលីណាន់ (Kevin McAleenan) ឱ្យកាន់តំណែងជំនួសលោកស្រី នីលសិន ជាបណ្ដោះអាសន្ន៕ធ.ដ