-
យានអវកាសរបស់អ៊ីស្រាអែលបរាជ័យ ក្នុងការព្យាយាមចុះចតនៅឋានព្រះច័ន្ទលើកដំបូង

អ៊ីស្រាអែល៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា យានអវកាសមួយគ្រឿងរបស់អ៊ីស្រាអែល បានទទួលបរាជ័យក្នុងពេលព្យាយាមចុះចត ដោយវាបានធ្លាក់ទៅបុកនឹងផ្ទៃព្រះច័ន្ទ ដោយសារបញ្ហាម៉ាស៊ីនរបស់វា ។ ប្រភពបន្តថា បើសិនជាបេសកកម្មនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ របស់យានអវ កាស Beresheet ទទួលបានជោគជ័យវិញនោះ អ៊ីស្រាអែលនឹងជាប់ឈ្មោះជាប្រទេសទី៤ ដែលបញ្ជូនយានអវកាសទៅដល់ផ្ទៃព្រះច័ន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក រុស្ស៊ី និងចិន ។ យ៉ាងណាមិញ ប្រធានាធិបតីអ៊ីស្រាអែល លោក រើវែន រីវលីន បាននិយាយថា ប្រជាជាតិអ៊ីស្រាអែលទាំងមូលមានការខកចិត្តជាខ្លាំង ប៉ុន្តែលោកដឹងច្បាស់ណាស់ថា ការនាំយកយានអវកាសឲ្យចុះទៅដល់ឋានព្រះច័ន្ទ គឺត្រូវការធនធានច្រើន ។ ដោយឡែកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានអះអាងដែរថា ប្រទេសរបស់លោកនឹងព្យាយាមម្តងទៀត ហើយអាចនឹងទទួលជោគជ័យជាក់ជាមិនខាន ក្នុងពេលពីរទៅបីឆ្នាំខាងមុខទៀតនេះ ៕៊ធ.ដ
-
នគរបាលថៃព្រមានចាប់ខ្លួនអ្នកបង្ហោះរូបភាពសិចស៊ីខ្លាំង អំឡុងបុណ្យសង្ក្រាន្ត

សារព័ត៌មានបាងកកប៉ុស្តិ៍បានចេញផ្សាយកាលពីថ្ងៃទី១១ មេសា ម្សិលមិញ ដោយដកស្រង់ការព្រមានរបស់នគរបាលដែលថា អ្នកដែលបង្ហោះឬ Share រូបភាព និងវីដេអូនារី ឬ ភេទទី៣ ស្លៀកពាក់សិចស៊ីខ្លាំងពេក មិនសមរម្យ ក្នុងពិធីបុណ្យសង្ក្រាន្តនាពេលខាងមុខនោះ នឹងត្រូវរងការផាកពិន័យជាប្រាក់ ឬក៏អាចជាប់ពន្ធនាគារទៀតផង។ លោក Siriwat Dipho អនុប្រធាននាយកដ្ឋានទប់ស្កាត់បទល្មើសបច្ចេកវិទ្យារបស់ថៃបានព្រមានបែបនេះ គឺចំពេលដែលអាជ្ញាធរថៃ កំពុងរៀបចំពង្រឹងច្បាប់ ដើម្បីការពារសុវត្ថិភាព និងសណ្ដាប់ធ្នាប់ អំឡុងពិធីបុណ្យចូលឆ្នាំថៃ ដែលចាប់ផ្ដើមនាថ្ងៃចុងសប្ដាហ៍នេះ។លោក Siriwat បានបន្ថែមទៀតថា នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នឹងអាចកំណត់ទីតាំងអ្នកប្រព្រឹត្តិល្មើសបាន មិនថាពួកគេនៅទីណានោះទេ។ មាត្រា ១៤ នៃក្រមព្រហ្មទណ្ឌបច្ចេកវិទ្យាថៃ បានចែងថាអ្នកដែលបង្ហោះ និងចែករំលែករូបភាពមិនសមរម្យ នឹងប្រឈមជាប់ពន្ធនាគារ ៥ឆ្នាំ ឬ ពិន័យជាប្រាក់ ៣១០០ដុល្លារអាម៉េរិក៕ធ.ដ
-
ការលក់រថយន្តតំឡើងក្នុងស្រុកនៅវៀតណាមធ្លាក់ចុះ ខណៈរថយន្តនាំចូលកើនឡើងខ្លាំង នៅត្រីមាសទី១ ឆ្នាំ២០១៩

ការលក់រថយន្តតំឡើងក្នុងស្រុកនៅប្រទេសវៀតណាម ក្នុងត្រីមាសដំបូងនៃឆ្នាំ២០១៩ កន្លងមកនេះបានធ្លាក់ចុះ៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨ ក្នុងនោះធ្លាក់ចុះចំនួន៤៦២៥០គ្រឿង។ ប៉ុន្តែអំឡុងពេលនេះដែរ ការលក់រថយន្តនាំចូលពីខាងក្រៅប្រទេសវិញកើនឡើងខ្លាំង ដល់ទៅជិត៣២០០០គ្រឿង នេះបើតាមរបាយការណ៍ចុងក្រោយ ចេញផ្សាយដោយសមាគមផលិតរថយន្តវៀតណាម កាលពីថ្ងៃទី១១ មេសា ២០១៩។របាយការណ៍បង្ហាញថា សមាជិករបស់សមាគមលក់បានរថយន្តសរុប៧៨២៥០គ្រឿង ក្នុងពេលបីខែមកនេះ កើនឡើង៣១ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៨ ក្នុងនោះ រថយន្តដឹកអ្នកដំណើរកើនឡើង៤៨ភាគរយ រថយន្តពាណិជ្ជកម្ម១ភាគរយ ខណៈដែលរថយន្តក្នុងគោលដៅពិសេសវិញធ្លាក់ចុះ៣២ភាគរយ។ ប្រភពបានឲ្យដឹងដែរថា Toyota គឺជាម៉ាករថយន្តដែលលក់ដាច់ច្រើនជាងគេ ពោលគឺជិត១៨៩៧០គ្រឿង បន្ទាប់មកទៀត មានម៉ាក Hyundai, Mazda, Honda និង Kia ៕ធ.ដ
-
ស្ថាបនិកគេហទំព័រ WikiLeaks ត្រូវអាជ្ញាធរអង់គ្លេសចាប់ខ្លួនហើយ

អង់គ្លេស៖ នៅថ្ងៃព្រហស្បត្តិ៍នេះ ស្ថាបនិកគេហទំព័រទម្លាយរឿងសម្ងាត់អន្តរជាតិ WikiLeaks លោក ជូលៀន អាស្សាង ត្រូវបានចាប់ខ្លួនហើយ នៅទីក្រុងឡុងដ៍ បន្ទាប់ពីរដ្ឋាភិបាលអេក្វាឌ័របានសម្រេចដកសិទ្ធិជ្រកកោណរបស់លោក នៅក្នុងស្ថានទូតប្រចាំទីក្រុងឡុងដ៍ ប៉ុន្តែភ្លាមៗនេះមិនទាន់មានព័ត៌មានលំអិតបន្ថែម ជុំវិញការចាប់ខ្លួននៅឡើយទេ ។ ស្ថាបនិកគេហទំព័រទម្លាយរឿងសម្ងាត់អន្តរជាតិរូបនេះ បានរស់នៅជ្រកកោនក្នុងស្ថានទូតអេក្វាឌ័រ ប្រចាំទីក្រុងឡុងដ៍អស់រយៈពេលជាង០៧ឆ្នាំមកហើយ ។ ហើយការចាប់ខ្លួននេះ ត្រូវបានគេមើលឃើញថា ជាការបើកផ្លូវមួយក្នុងការធ្វើបត្យាប័នរូបលោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន ជាទីដែលលោកអាចនឹងត្រូវប្រឈមមុខនឹងការកាត់ទោស ពាក់ព័ន្ធនឹងការទម្លាយឯកសារសំងាត់ជាច្រើនរបស់សហរដ្ឋអាម៉េរិក ។ សូមរំលឹកថា ការទម្លាយរឿងសម្ងាត់របស់រដ្ឋាបាលអាម៉េរិកកាលពីឆ្នាំ២០១០ បានធ្វើឲ្យទីក្រុងវ៉ាស៊ីនតោន កៀរគរសម្ព័ន្ធមិត្តដេញតាមចាប់រូបលោកពីប្រទេសមួយទៅប្រទេសមួយ រហូតដល់ខែសីហា ឆ្នាំ២០១២ ទើបលោក អាស្សាង អាចគេចផុតការយាយី និងទទួលបានសិទ្ធិជ្រកកោណនៅក្នុងស្ថានទូតអេក្វាឌ័រ ប្រចាំនៅទីក្រុងឡុងដ៍ ប៉ុន្តែសហរដ្ឋអាម៉េរិកនៅតែព្យាយាមរិះរកគ្រប់វិធីថែមទៀត ដើម្បីស្នើសុំបត្យាប័ន បញ្ជូនលោកទៅកាត់ទោសនៅសហរដ្ឋអាម៉េរិក ៕ធ.ដ
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកស្នើឲ្យស៊ើបអង្កេតលើរដ្ឋអាជ្ញាពិសេសវិញ

សហរដ្ឋអាម៉េរិក៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមាន នៅថ្ងៃពុធសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានជំរុញឱ្យអគ្គរដ្ឋអាជ្ញាបើកការស៊ើបអង្កេតមួយ ទៅលើការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសលោក រ៉ូប៊ឺត មូល្លឺ ដែលលោកផ្ទាល់ចាត់ទុកថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារប្រឆាំងនឹងប្រធានាធិបតី។ ជាមួយគ្នានេះ អគ្គរដ្ឋអាជ្ញាអាម៉េរិក លោក វីលៀម បារ ក៏បានបញ្ជាក់ដែរថា អាជ្ញាធរអាម៉េរិកបានស៊ើបការសម្ងាត់លើក្រុមយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ ដែលនេះគឺផ្ទុយទាំងស្រុង នឹងការអះអាងពីមន្ត្រីចារកម្មអាម៉េរិក ដែលថា ពួកគេស៊ើបការតែទៅលើរុស្ស៊ីប៉ុណ្ណោះ។ សូមរំលឹកផងដែរថា របាយការណ៍សង្ខេបរបស់រដ្ឋអាជ្ញាពិសេសលោក រ៉ូប៊ឺត មូល្លឺមិនបានបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ឬក៏មន្ត្រីយុទ្ធនាការបោះឆ្នោតណាម្នាក់របស់លោក មានជាប់ពាក់ព័ន្ធនឹងរុស្ស៊ីនោះទេ៕ធ.ដ
-
អនុប្រធានាធិបតីសហរដ្ឋអាម៉េរិក៖ គ្រប់ជម្រើសទាំងអស់ គឺនៅលើតុអស់ហើយ ជុំវិញវិបត្តិនៅវេណេស៊ុយអេឡា

សហរដ្ឋអាម៉េរិក៖ អនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ផេន នៅថ្ងៃពុធនេះ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា រដ្ឋបាលលោក ដូណាល់ ត្រាំ ប្តេជ្ញាថា នឹងដកលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីអំណាចនៅវ៉េណេស៊ុយអេឡា តាមរយៈការដាក់សម្ពាធផ្នែកការទូត និងសេដ្ឋកិច្ច ប៉ុន្តែគ្រប់ជម្រើសទាំងអស់ គឺមាននៅលើតុអស់ហើយ ហើយរុស្ស៊ី និងប្រទេសដទៃទៀតត្រូវតែថយឱ្យឆ្ងាយ។ ថ្លែងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្តាហ៍នេះ លោក ម៉ៃ ផេន បាននិយាយថា ចាប់តាំងពីឆ្នាំ ២០១៧ លោក ដូណាល់ ត្រាំ បានបញ្ជាក់ច្បាស់ថា លោកប្តេជ្ញាដាច់ខាតដើម្បីឃើញសេរីភាព និងលទ្ធិប្រជាធិបតេយ្យស្តាឡើងវិញនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា និងមើលលោក ម៉ាឌូរ៉ូ ចុះចេញពីតំណែង ហើយប្រជាធិបតេយ្យត្រូវបានស្តាឡើងវិញ ក្រោមការដឹកនាំរបស់លោក ហ្គៃដូ។ ជាការឆ្លើយតបវិញនោះ ឯកអគ្គរដ្ឋទូតវ៉េណេស៊ុយអេឡាលោក សាមូអែល ម៉ុនកាដា បានអះអាងថា ប្រទេសរបស់លោកត្រូវបានគំរាមកំហែងដោយសង្គ្រាមពីសំណាក់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ហើយទឹកដីនេះត្រូវបានដាក់សម្រាប់ការលុកលុយ ហើយឯកអគ្គរដ្ឋទូតវ៉េណេស៊ុយអេឡារូបនេះ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា…
-
ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងអះអាងថា នឹងវាយសំពងយ៉ាងធ្ងន់លើអ្នកដែលដាក់ ទណ្ឌកម្មលើប្រទេសខ្លួន

កូរ៉េខាងជើង៖ កូរ៉េខាងជើងត្រូវតែវាយសំពងយ៉ាងធ្ងន់លើអ្នកទាំងឡាយ ដែលដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចប្រទេសដែលពឹងផ្អែកលើខ្លួនឯងនេះ នេះបើតាមការអះអាងរបស់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ KCNA បានដកស្រង់សម្តីរបស់លោក គីម ជុងអ៊ុន ផ្សាយថា យើងត្រូវតែវាយសំពងយ៉ាងធ្ងន់ចំពោះកងកម្លាំងសត្រូវ ដែលព្យាយាមដោយការភ័ន្តច្រឡំ ក្នុងការទាញទម្លាក់យើងដោយការដាក់ទណ្ឌកម្ម។ ប្រភពបន្តថា ការវាយសំពងនេះ គឺតាមរយៈការជំរុញការស្ថាបនាសង្គមនិយមដល់កម្រិតខ្ពស់ដោយពឹងផ្អែកខ្លួនឯង ដែលសមនឹងកាលៈទេសៈ និងរដ្ឋ ដោយផ្អែកលើអំណាចបច្ចេកវិទ្យា និងធនធានរបស់យើង។ គួរបញ្ជាក់ថា កូរ៉េខាងជើងត្រូវបានគេរំពឹងថា នឹងកោះប្រជុំសភាប្រជាជនជាន់ខ្ពស់របស់ខ្លួន នៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ខណៈដែលប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ត្រូវបានរំពឹងថា នឹងធ្វើកិច្ចជំនួបកំពូលជាមួយសមភាគីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃដដែលនោះដែរ៕ធ.ដ
-
សត្វរមាសជិតផុតពូជមកពីអាហ៊្វ្រិក កើតកូនជាលើកទី២ នៅក្នុងសួនសត្វសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ សួនសត្វមួយកន្លែងស្ថិតនៅក្នុងទីក្រុង ឌេស ម័រណេស រដ្ឋ ឡូវ៉ា សហរដ្ឋអាម៉េរិក បានប្រកាសពីការកើតកូនសត្វរមាស ដែលជិតផុតពូជជាលើកទី២។ ពពួកសត្វរមាសអាហ៊្វ្រិកទាំងនេះ ត្រូវបានគេចាត់ទុកថា កំពុងតែស្ថិតនៅក្នុងកម្រិតជិតផុតពូជដ៏គ្រោះថ្នាក់បំផុត ដោយសារតែការប្រមាញ់ខុសច្បាប់។ តំណាងសួនសត្វ ប៊េ្លង ផាក (Blank Park) នេះបានអះអាងថា សត្វរមាសញីខ្មៅអាយុ៩ឆ្នាំមួយក្បាលមកពីភូមិភាគខាងកើតឈ្មោះ អាយ៉ាណា (Ayana) បានកើតកូនញីមួយក្បាលទម្ងន់៥០,៨គីឡូក្រាម។ សត្វរមាសញី អាយ៉ាណា (Ayana) និងអាឈ្មោល គៀណូ (Kiano) បានផ្តល់កំណើតបានកូនដំបូងរបស់ពួកវាកាលពីឆ្នាំ២០១៦ ឈ្មោះ ធូម៉ានី (Tumani)។ លោកវេជ្ជបណ្ឌិត ជូន អូលស៍ (June Olds) ដែលជាមន្រ្តីកម្មវិធីបសុសត្វរបស់សួនសត្វ ប៊េ្លង ផាក (Blank Park) បាននិយាយថា វាមានសុខភាពល្អណាស់ ហើយការកើតវាក៏ដំណើរការទៅយ៉ាងរលួនដែរ លោកថា កូនរមាសញីនេះ អាចក្រោកឈរបានត្រឹមរយៈពេល១ម៉ោងប៉ុណ្ណោះ៕ធ.ដ
-
វៀតណាមមានសេវាកម្មតាក់ស៊ីលើអាកាស ជាលើកដំបូង

សារព័ត៌មាន vnexpress បានចេញផ្សាយកាលពីម្សិលមិញថា នៅវៀតណាម ក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូនឈ្មោះថា FastGo បានបន្ថែមមធ្យោបាយថ្មីមួយទៀតដល់អតិថិជន អាចហៅឧទ្ធម្ភាគចក្រជិះ ដូចឡានតាក់ស៊ី និងម៉ូតូកង់បីចឹងដែរ នឹងបើកឲ្យដំណើរការចាប់ពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៩។ នាយកប្រតិបត្តិ FastGo បានប្រាប់ថា សេវា FastSky នឹងចាប់ផ្ដើមបើកដំណើរការឆាប់ៗនេះ។ ឧទ្ធម្ភាគចក្រ នេះអាចដឹកអ្នកដំណើរបាន ១២ នាក់រួមជាមួយនឹងភីឡុតផង ដោយចាប់ផ្តើមឆ្លងកាត់ពីទីក្រុងហាណួយ ទៅភាគខាងជើង កាត់ទន្លេក្រហម និងហាឡុងបេ នៅភាគឦសានប្រទេសវៀតណាម។ ចំពោះតម្លៃតាមផ្នែកនៃសេវាទាំងនោះ លោក Nguyen Huu Tuat ថាត្រូវបែងចែកតូចៗទៀត ដោយតម្លៃចាប់ផ្តើមត្រូវចំណាយ ២,៥ លានដុងប្រមាណជា ១០៧ ដុល្លារ។ លោកក៏បានបន្ថែមទៀតថា យើងនឹងផ្ដល់ជូនកញ្ចប់ប្រភេទកណ្ដាល សម្រាប់អ្នកធ្វើអាជីវកម្មនានា ដែលចង់ផ្ដល់ឱកាសឲ្យគ្រប់គ្នា បានសាកជិះឧទ្ធម្ភាគចក្រលើអាកាសឲ្យបានម្ដងក្នុងជីវិត។ចំណែកឯ FastGo នឹងផ្ដល់ជូនដំណោះស្រាយផ្នែកបច្ចេកវិទ្យាដូចជា កម្មវិធីទូរសព្ទសម្រាប់ទំនាក់ទំនងជាដៃគូ រវាងភីឡុត និងអ្នកចង់ហៅឧទ្ធម្ភាគចក្រហោះក្នុងប្រទេសវៀតណាម៕ធ.ដ…
-
សិង្ហបុរីរឹបអូសស្រកាពង្រូល ១៤តោន តម្លៃជិត ៤០លានដុល្លារ

អាជ្ញាធរសិង្ហបុរីបានធ្វើការរឹបអូសស្រកាពង្រូលចំនួន ១៤តោន ដែលបំរុងដឹកតាមកប៉ាល់ចេញ ទៅកាន់ប្រទេសវៀតណាម។ ស្រកាពង្រូលនោះមានតម្លៃជាទឹកប្រាក់ប្រមាណ ៣៨,៧លានដុល្លាអាម៉េរិច។ នៅក្នុងសេចក្តីប្រកាស មន្ត្រីគយសិង្ហបុរីបានថ្លែងថា ពួកគេបានធ្វើការពិនិត្យមើលកុងតឺនឺមួយ ដែលចូលមកសិង្ហបុរី ពីប្រទេសនីសេរីយ៉ា ហើយបានដាក់ស្លាកថា “សាចគោកក”។ ប៉ុន្តែនៅពេលពិនិត្យមើល ពួកគេបានឃើញស្រកាពង្រូលដ៏ច្រើនដោយច្រកក្នុងបាវចំនួន ២៣០បាវ។ ការឆែកឆេរនោះ ក៏បានរកឃើញភ្លុកដំរីដែលកាត់ និងឆ្លាក់រួចទម្ងន់ជិត ១៨០គីឡូផងដែរ។នេះគឺជាការរឹបអូសបានស្រកាពង្រូលដ៏ច្រើនបំផុត។ ទម្ងន់ ១៤តោន វាអាចស្មើនឹងដំរីអាហ្វ្រិចពី ២ ទៅ ៣ក្បាល។ពង្រូល ស្ថិតក្នុងចំណោមសត្វដែលមានការរត់ពន្ធច្រើនបំផុតក្នុងពិភពលោក ដោយសារមានតម្រូវការយ៉ាងច្រើនៅក្នុងប្រទេសចិន និងវៀតណាម កន្លែងដែលគេប្រើប្រាស់ពង្រូល ធ្វើជាថ្នាំសម្រាប់ព្យាបាលជំងឺហឺត ឬមហារីកជាដើម៕ធ.ដ