-
អតីតប្រធានាធិបតីប្រទេសប៉េរូបាញ់សម្លាប់ខ្លួនឯង ចំពោះមុខនគរបាលដែលរៀបនឹងចាប់ខ្លួនរូបលោក

អតីតប្រធានាធិបតីប៉េរូលោក Alan Garcia បានទទួលមរណភាពហើយនៅក្នុងមន្ទីរពេទ្យ កាលពីម្សិលមិញ ក្រោយពីលោកបានទាញកាំភ្លើងបាញ់ខ្លួនឯងត្រង់ក្បាល នៅចំពោះមុខក្រុមសមត្ថកិច្ចប៉េរូ ដែលបានចុះទៅចាប់ខ្លួនលោកដល់លំនៅឋាន ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងពុករលួយ-ស៊ីសំណូក ពេលលោកកាន់អំណាច។ នគរបាលថាលោក Garcia អាយុ ៦៩ឆ្នាំ បានព្យាយាមបាញ់សម្លាប់ ខ្លួននៅចំពោះមុខសមត្ថកិច្ច ហើយក្រោយផ្ទុះករណីនេះរួចលោកត្រូវបានគេបញ្ជូនទៅកាន់ មន្ទីរពេទ្យ Casimiro យ៉ាងទាន់ហន់ ដើម្បីទទួលការវះកាត់ និងសង្គ្រោះបន្ទាន់ ប៉ុន្តែនៅតែមិនអាចទាន់ពេល។ លោក Garcia គឺជាអតីតមេដឹកនាំល្បីឈ្មោះមួយរូបរបស់ប៉េរូ ដែលបានកាន់អំណាចពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩០ ហើយនិងបានឈ្នះឆ្នោតមួយអាណត្តិទៀតរយៈពេល ០៥ឆ្នាំកាលពីឆ្នាំ២០០៦។ រហូតមកដល់ឆ្នាំ២០១៨ លោក Garcia បានទទួលរងការចោទប្រកាន់ពីបទប្រព្រឹត្ត អំពើពុករលួយ និងការស៊ីសំណូកអំឡុងពេលលោកកាន់អំណាច ដែលជាហេតុបានធ្វើឲ្យលោកព្យាយាម សុំសិទ្ធិជ្រកកោននយោបាយនៅអ៊ុយរ៉ាហ្គា ប៉ុន្តែអាជ្ញាធរប៉េរូបានចេញបម្រាមមិនឲ្យលោក ចាកចេញពីប្រទេសនោះឡើយ៕ធ.ដ
-
ឥណ្ឌូនេស៊ីមានកំណើនសេដ្ឋកិច្ច ៥.២ភាគរយនៅឆ្នាំ២០១៩ និង២០២០

អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានចេញរបាយការណ៍ថ្មីបំផុតមួយស្តីពីទស្សនវិស័យអំពីសេដ្ឋកិច្ចពិភពលោកដោយបាន កែសម្រួលការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចនៃប្រទេសឥណ្ឌូណេស៊ីឡើងដល់ ៥.២% នៅឆ្នាំ២០១៩ និងឆ្នាំ២០២០ ។ ប្រភពបានឲ្យដឹងផងដែរថា កាលពីមុន ទិន្នន័យនៃការិយាល័យកណ្ដាលស្ថិតិជាតិឥណ្ឌូណេស៊ីបានបង្ហាញថា កំណើនសេដ្ឋកិច្ចឥណ្ឌូណេស៊ីនៅឆ្នាំ២០១៨ គឺ៥.១៧% អត្រាកំណើនលើសពីការព្យាករណ៍នៃទីផ្សារហើយក៏ខ្ពស់ជាងឆ្នាំ២០១៧ ដែរ ។ អ្នកវិភាគយល់ឃើញថា សេដ្ឋកិច្ចឥណ្ឌូណេស៊ីត្រូវបានរំពឹងថា នឹងរក្សាបាននូវកំណើនយ៉ាងឆាប់រហ័សប៉ុន្មានឆ្នាំខាងមុខ ៕ធ.ដ
-
តុលាការឥណ្ឌាសម្រេចបិទកម្មវិធី Tik Tok ដ៏ល្បីរបស់ចិនជាផ្លូវការ

ឥណ្ឌា៖ កម្មវិធីកម្សាន្តដ៏ល្បីរបស់ចិន Tik Tok ត្រូវបានតុលាការឥណ្ឌាសម្រេចឲ្យបិទជាផ្លូវការហើយ នៅថ្ងៃពុធ សប្តាហ៍នេះ ខណៈ Google និង Apple ក៏បាន បិទAppរបស់ Tik Tok មិនឲ្យប្រើប្រាស់បានទៀតនៅក្នុងប្រទេសឥណ្ឌាផងដែរ ។ ការសម្រេចចិត្តរបស់ Google និង Apple ក្នុងការដកកម្មវិធី Tik Tok ចេញពី Store របស់ពួកគេនៅឥណ្ឌា បានកើតមានឡើងបន្ទាប់ពីក្រសួងបច្ចេកវិទ្យាព័ត៌មាន និងអេឡិចត្រូនិកឥណ្ឌា ដាក់សំណើរទៅកាន់ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធើណែតទាំងអស់ ឲ្យហាមឃាត់ដំណើរការរបស់ Tik Tok នៅទូទាំងប្រទេស ។ ពាក់ព័ន្ធនឹងមូលហេតុដែលឈានដល់ការបិទជាផ្លូវការនូវកម្មវិធី Tik Tok ខាងលើនេះ ដោយសារតែបញ្ហាជាច្រើនបានលេចឡើង ក្នុងនោះរួមមានទាំងការរិះគន់ពីមហាជន និងអ្នកនយោបាយមួយចំនួនបានដាក់ពាក្យបណ្តឹងទៅតុលាការ ដោយចោទកម្មវិធីដ៏ល្បីរបស់ចិននេះថា បានបង្កផលអវិជ្ជមានខ្លាំងក្នុងសង្គម និងមានការផ្សព្វសកម្មភាពអាសអាភាសជាដើម ។សូមជម្រាបផងដែរថា យ៉ាងហោចណាស់មានគណនី Tik Tok ប្រមាណ១២០លាន មានសកម្មភាពផុសផុលជាប្រចាំខែនៅទូទាំងប្រទេសឥណ្ឌា ៕ធ.ដ …
-
លោក Joko Widodo ទទួលសំឡេងគំាទ្រច្រើនជាងគេ ក្រោយការបោះឆ្នោតសកលនៅឥណ្ឌូណេស៊ីត្រូវបញ្ចប់

ឥណ្ឌូណេស៊ី៖ ឥណ្ឌូណេស៊ីបានបញ្ចប់ការបោះឆ្នោតសកលជាផ្លូវការហើយ កាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីប្រជាពលរដ្ឋច្រើនជាង១៩០លាននាក់ បានចូលរួមគូសសន្លឹកឆ្នោត ដើម្បីជ្រើសរើសប្រធានាធិបតីអាណត្តិថ្មីដែលពួកគេពេញចិត្ត ។ បេក្ខជនប្រធានាធិបតីពីររូបដែលលេចធ្លោជាងគេ នៅក្នុងការយុទ្ធនាការបោះឆ្នោតកន្លងមកនេះ គឺលោក Joko Widodo និងអតីតមេបញ្ជាការយោធាឥណ្ឌូណេស៊ីលោក Prabowo Subianto ហើយបើតាមការចេញផ្សាយរបស់កាសែត Washington Post លោក Joko Widdo បានទទួលសំឡេងគាំទ្រលើសគូប្រជែងធំបំផុតរបស់លោក ក្រោយការរាប់សន្លឹកឆ្នោតមិនទាន់ផ្លូវការបានប្រមាណ៨០% ។ ក្នុងចំនោមសន្លឹកឆ្នោតទាំងអស់ដែលត្រូវបានរាប់មិនទាន់ផ្លូវការ លោក Widodo ទទួលបានការគាំទ្រសរុបរហូតដល់ ៥៥% ដែលលើសលោក Subianto រហូតដល់ទៅជាង ១០% ខណៈលទ្ធផលជាផ្លូវការនឹងត្រូវប្រកាសនៅអំឡុងដើមខែ ឧសភា ខាងមុខនេះ ។ គួរបញ្ជាក់ថា ប្រជាជនឥណ្ឌូណេស៊ីមានចំនួនសរុបជិត២៧០លាននាក់ ក្នុងនោះ អ្នកមានសិទ្ធិបោះឆ្នោតមានជាង១៩០លាននាក់ ដោយមណ្ឌលបោះឆ្នោតចំនួន៨សែនកន្លែងបានបើកដំណើរការទូទាំងប្រទេស ចាប់តាំងពីម៉ោង៧៖០០នាទីព្រឹក ហើយក្រោយបិទបញ្ចប់ការបោះឆ្នោតនៅល្ងាចថ្ងៃ ពុធ នេះ ហិបផ្ទុកសន្លឹកឆ្នោតទាំងអស់ត្រូវបានគេរៀបចំដឹកតាមទូក ដំរី យន្តហោះ…
-
ប្រមុខដឹកនំាកំពូលកូរ៉េខាងជើងបញ្ជា និងត្រួតពិនិត្យផ្ទាល់ការធ្វើតេស្តប្រព័ន្ធអាវុធយុទ្ធសាស្រ្តថ្មីមួយ

កូរ៉េខាងជើង៖ មេដឹកនំាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ការបាញ់សាកល្បងប្រព័ន្ធអាវុធយុទ្ធសាស្ត្រថ្មីមួយ ដែលទង្វើនេះត្រូវបានគេចាត់ទុកថា ជាការធ្វើតេស្ដដែលមានសារៈសំខាន់ក្នុងការអភិវឌ្ឍវិស័យយោធារបស់ទីក្រុងព្យុងយ៉ាង ។ ការធ្វើតេស្ដអាវុធថ្មីនេះ បានកើតមានឡើងនៅថ្ងៃពុធសប្តាហ៍នេះ ប៉ុន្តែមិនបានបញ្ជាក់លម្អិតថា វាគឺជាប្រភេទអាវុធអ្វីនោះទេ ដោយគ្រាន់តែឱ្យដឹងថា វាជាប្រភេទអាវុធដែលសាកសមទៅនឹងក្បាលគ្រាប់នុយក្លេអ៊ែរដ៏មានថាមពល នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ។ សូមបញ្ជាក់ថា ការសាកល្បងចុងយក្រោយនេះ ធ្វើឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើងប្រាប់ឱ្យសហរដ្ឋអាម៉េរិកកែប្រែឥរិយាបថបច្ចុប្បន្ន បើសិនជាចង់ឱ្យកិច្ចចរចានៅតែបន្តធ្វើឡើង ក្រោយកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែកុម្ភៈកន្លងទៅ ទទួលបរាជ័យ ៕ធ.ដ
-
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅព័រទុយហ្គាល់ ផ្តាច់ជីវិតអ្នកទេសចរ២៩នាក់

ព័រទុយហ្គាល់៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា រថយន្តក្រុងមួយគ្រឿងដែលដឹកអ្នកទេសចរអាល្លឺម៉ង់ជាច្រើននាក់បានធ្លាក់ចេញពីផ្លូវមួយ ហើយក្រឡាប់នៅកោះ Madeira នៅជិតទីក្រុងCaniço ប្រទេសព័រទុយហ្គាល់ នៅក្នុងថ្ងៃពុធ សប្តាហ៍នេះហើយជាលទ្ធផលនោះ មនុស្ស២៩នាក់បានបាត់បង់ជីវិត និង២៨នាក់ ផ្សេងទៀតទទួលរងរបួស ។ ប្រភពបន្តថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នេះ បានកើតឡើងនៅពេលដែលអ្នកបើករថយន្តក្រុងនេះ បានបាត់បង់ការគ្រប់គ្រងនៅផ្លូវប្រសព្វមួយហើយបានធ្លាក់ចេញពីផ្លូវ ។ អ្នកទេសចរទាំងអស់នៅលើរថយន្តនេះ ត្រូវបានគេរាយការណ៍ថា មានចំនួន៥៥នាក់ ភាគច្រើនជាជនជាតិអាល្លឺម៉ង់ ប៉ុន្តែអ្នកស្រុកមួយចំនួនក្នុងតំបន់នៅលើរថយន្តនោះ ក៏បានស្ថិតនៅក្នុងចំណោមអ្នកស្លាប់ និងរបួសទាំងនោះផងដែរ ។ ហើយរហួតមកទល់ពេលនេះ អាជ្ញាធរក្នុងតំបន់បាននឹងកំពុងមមារញឹកបើកការស៊ើបអង្កេតលើមូលហេតុ ដែលឈានទៅបង្កជាគ្រោះថ្នាក់ដ៏អាក្រក់នេះឡើង ៕ធ.ដ
-
លោក ម៉ាក្រុង សន្យាសាងសង់ព្រះវិហារបុរាណអាយុកាល៨៥០ឆ្នាំឡើងវិញ ក្នុងរយៈពេល៥ឆ្នាំ ក្រោយត្រូវអគ្គិភ័យលេបត្របាក់

បារាំង៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បានធ្វើការសន្យាសាងសង់ព្រះវិហារកាតូលិកបុរាណ Notre-Dame ដ៏ល្បីល្បាញនៃទីក្រុងប៉ារីស ដែលមានអាយុកាល៨៥០ឆ្នាំឡើងវិញក្នុងរយៈពេល៥ឆ្នាំ បន្ទាប់ពីសំណង់ជាប្រវត្តិសាស្រ្តរបស់បារាំងនេះ ត្រូវបានអគ្គិភ័យលេបត្របាក់ស្ទើរទាំងស្រុងកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍មួយ នៅថ្ងៃអង្គារនេះ លោក ម៉ាក្រុង បាននិយាយថា វាអាស្រ័យលើប្រជាជនបារំាង ក្នុងការបង្វែរគ្រោះមហន្តរាយនេះ ឲ្យទៅជាឱកាសដើម្បីប្រមូលផ្តុំគ្នា ហើយបើតាមមន្រ្តីបារាំងនោះ ថវិកាដ៏ច្រើនសម្បើមគ្រោងនឹងត្រូវចំណាយសម្រាប់ការសាងសង់នេះ ខណៈមហាសេដ្ឋី និងអាជ្ញាធរក្នុងតំបន់បានសន្យាដែរថា នឹងចូលរួមផ្តល់អំណោយសប្បុរសធម៌។ សូមជម្រាបថា ហេតុការណ៍ឆេះព្រះវិហារកាតូលិកបុរាណ Notre-Dame ដ៏ល្បីល្បាញនេះ បានបង្កការភ្ញាក់ផ្អើល និងសោកស្តាយជាពន់ពេកពីសំណាក់ប្រជាជនបារាំងគ្រប់រូប ដោយក្រុមពន្លត់អគ្គិភ័យបានចំណាយពេលរហូតដល់ទៅ៩ម៉ោងទើបអាចពន្លត់ភ្លើងបានទាំងស្រុង។ មូលហេតុដែលបង្កជាគ្រោះអគ្គិភ័យខាងលើនេះ គឺមិនទាន់មានការបញ្ជាក់ឲ្យច្បាស់លាស់នោះឡើយ ប៉ុន្តែបើតាមអាជ្ញាធរទីក្រុងប៉ារីស អគារព្រះវិហារបុរាណនេះ កំពុងស្ថិតនៅក្នុងការជួសជុលដោយក្រុមជំនាញនៅឡើយ៕ម.ន
-
ក្រុមប្រទេស Lima ប្រកាសច្រានចោលការអន្តរាគមន៍យោធា នៅវេណេស៊ុយអេឡា

ឈីលី៖ ក្រុមប្រទេស Lima នៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) បានប្រកាសទាត់ចោលការអន្តរាគមន៍យោធានៅប្រទេសវេណេស៊ុយអេឡា ហើយថា ខ្លួនគាំទ្រការបន្តស្វែងរកដំណោះស្រាយ ដែលកើតចេញពីកិច្ចចរចាគ្នាពាក់ព័ន្ធនឹងវិបត្តិរបស់ប្រទេសអាម៉េរិកឡាទីនមួយនេះ។ បន្ថែមលើនេះ ក្រុមប្រទេស Lima ក៏បានប្រកាសបដិសេធការគំរាមកំហែងណាមួយ ឬសកម្មភាពនៃការធ្វើអន្តរាគមន៍យោធានៅវេណេស៊ុយអេឡាផងដែរ នេះបើតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដែលត្រូវបានចេញផ្សាយដោយក្រុមរដ្ឋមន្រ្តីការបរទេសនៃប្លុកប្រទេសទាំងនោះ បន្ទាប់ពីការជួបជុំគ្នាមួយនៅទីក្រុង Santiago ប្រទេស Chile។ ការលើកឡើងបែបនេះ របស់ក្រុមប្រទេស Lima ត្រូវបានធ្វើឡើងបន្ទាប់ពីអនុប្រធានាធិបតីវេណេស៊ុយអេឡា លោកស្រី ឌែលស៊ី រ៉ូឌ្រីហ្គេស បានចោទប្រកាន់សហរដ្ឋអាម៉េរិក ប្រេស៊ីល និងកូឡុំប៊ីថា កំពុងត្រៀមខ្លួនធ្វើការឈ្លានពានដោយយោធាចូលក្នុងប្រទេសលោកស្រី។ ជាមួយគ្នានោះ អនុប្រធានាធិបតីវេណេស៊ុយអេឡារូបនេះបានសង្កត់ធ្ងន់ថា បើពួកគេបន្តជំរុញផែនការរបស់ពួកគេនោះ បណ្តាប្រទេសទាំងនេះ នឹងទទួលទោសពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ហើយនឹងទទួលខុសត្រូវនៅលើឆាកអន្តរជាតិ៕ម.ន
-
គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៅថៃ ផ្តាច់ជីវិតមនុស្សជិត៣០០នាក់ និងរាប់ពាន់រងរបួស

ថៃ៖ ក្នុងរយៈពេល០៥ថ្ងៃនៃការប្រារព្ធបុណ្យចូលឆ្នាំថ្មីនៅទូទាំងប្រទេសថៃ គ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើងសរុប២,៧០២ករណី ក្នុងនោះបង្កឲ្យមនុស្ស២៩៧នាក់បាត់បង់ជីវិត និង២,៨០៧នាក់ទៀតទទួលរងរបួសធ្ងន់ស្រាល នេះបើតាមការឱ្យដឹងពីអាជ្ញាធរថៃ នៅថ្ងៃអង្គារសប្តាហ៍នេះ។ សង្ក្រាន្តនៅថៃប្រារព្ធឡើងចាប់ពីថ្ងៃព្រហស្បតិ៍តសប្តាហ៍មុន មកដល់ថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយមានរយៈពេល០៥ថ្ងៃ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍បានកើតមានឡើងនៅទូទាំងប្រទេស ប៉ុន្តែសម្រាប់ខេត្តឈាងម៉ៃ ភាគឦសានប្រទេសថៃវិញ ត្រូវបានគេរាយការណ៍ថា មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាងគេ បើធៀបនឹងខេត្ត ឬក្រុងផ្សេងទៀត រួមទាំងទីក្រុងបាងកកផងដែរ។ កត្តាដែលបង្កគ្រោះថ្នាក់ច្រើនជាងគេនោះ គឺការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងមានរហូតដល់ទៅ៤០,៦៨ភាគរយ ខណៈការបើកបរលើសល្បឿនកំណត់នាំឲ្យកើតមានគ្រោះថ្នាក់វិញ គឺមានចំនួន២៧,៥៤ភាគរយ។ សូមរំលឹកថា តួលេខនៃមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងពិធីបុណ្យសង្ក្រាន្តស្រុកថៃ គឺមានការថយចុះខ្លាំង បើធៀបនឹងឆ្នំាមុន ព្រោះកាលពីឆ្នាំ២០១៨ មនុស្សសរុប៣៧៨នាក់បានស្លាប់ក្នុងអំឡុងពេល៥ថ្ងៃ ខណៈមនុស្សជាង៣,៥៧០នាក់ទៀតរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍រហូតដល់៣,៤១៨ករណី ដែលភាគច្រើនបំផុតបង្កឡើងដោយអ្នកជិះម៉ូតូ៕ម.ន
-
មនុស្សច្រើនជាង១០០នាក់ ត្រូវចាប់ខ្លួននៅអង់គ្លេស ដោយសារការតវ៉ាប្រឆាំង នឹងបម្រែបម្រួលអាកាសធាតុ

អង់គ្លេស៖ មនុស្សច្រើនជាង១០០នាក់ ត្រូវបានឃាត់ខ្លួន ស្របពេលដែលពួកគេបានព្យាយាមបិទផ្លូវជាច្រើន ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស នៅថ្ងៃអង្គារសប្តាហ៍នេះ។ បើតាមមន្រ្តីប៉ូលីសអង់គ្លេស ការតវ៉ានេះ បានធ្វើឲ្យផ្លូវរថយន្តក្រុងចំនួន៥៥ខ្សែត្រូវបានបិទ និងប្រជាជនប្រមាណ៥០ម៉ឺននាក់ ត្រូវទទួលរងផលប៉ះពាល់ដោយសារតែលទ្ធផលកើតចេញពីការតវ៉ានោះ ហើយថា សរុបមនុស្ស១២២នាក់ ត្រូវបានចាប់ខ្លួននៅម៉ោង១២និង៣០នាទីថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ហើយភាគច្រើននៃពួកគេ ត្រូវឃាត់ខ្លួនពីបទរំលោភលើបទបញ្ជាមិនឱ្យក្រុមអ្នកតវ៉ាបោះតង់ស្នាក់នៅលើថ្មម៉ាប និងតាមទីសាធារណៈ។ គួរបញ្ជាក់ថា បាតុកម្មដែលរៀបចំឡើងដោយការបះបោររបស់ក្រុមអាកាសធាតុអង់គ្លេស បានចាប់ផ្តើមកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅទូទាំងទីក្រុងឡុងដ៍ ដោយក្រុមបាតុកររាប់ពាន់នាក់ បានបិទផ្លូវនៅទីតំាងសំខាន់ៗជាច្រើននៃទីក្រុង ដូចជា ស្ពាន Waterloo និងទីលានសភា ព្រមទំាងកន្លែងធំៗផ្សេងទៀតផងដែរ៕ម.ន