Category: ព័ត៌មានអន្តរជាតិ

  • ភាពតានតឹងផ្ទុះឡើងថែមទៀត ខណៈឥណ្ឌាសម្រេចផ្អាកការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនជាមួយប៉ាគីស្ថាន

    ភាពតានតឹងផ្ទុះឡើងថែមទៀត ខណៈឥណ្ឌាសម្រេចផ្អាកការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនជាមួយប៉ាគីស្ថាន

    ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាបានចេញសេចក្តីប្រកាសឲ្យដឹងនាថ្ងៃព្រហស្បតិ៍នេះ អំពីការរៀបចំផ្អាកការធ្វើពាណិជ្ជកម្មឆ្លងព្រំដែននៅឯតំបន់កាស្មៀរ ដែលមានបញ្ហាវិវាទជាមួយប៉ាគីស្ថាន ។ ការសម្រេចចិត្តបែបនេះរបស់អាជ្ញាធរឥណ្ឌា បានកើតមានឡើងបន្ទាប់ពីក្រុមមួយចំនួនដែលមានមូលដ្ឋាននៅក្នុងទឹកដីប៉ាគីស្ថាន បានប្រើប្រាស់ច្រកធ្វើពាណិ ជ្ជកម្មនៅតំបន់ការស្មៀរ ដើម្បីរត់ពន្ធគ្រឿងញៀន អាវុធ និងលុយកខ្វក់ ។ ហេតុដូចនេះ សកម្មភាពធ្វើពាណិជ្ជកម្មនានាកំពុងត្រូវចាត់ចែងផ្អាក ដើម្បីរង់ចាំការដាក់ចេញនូវប្រព័ន្ធត្រួតពិនិត្យ ដែលតឹងរ៉ឹងជាងមុន ៕ធ.ដ

  • ៥ថ្ងៃក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ឆក់យកជីវិតមនុស្ស៥៩នាក់ និងរបួស២៣៨នាក់

    ៥ថ្ងៃក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ឆក់យកជីវិតមនុស្ស៥៩នាក់ និងរបួស២៣៨នាក់

    ភ្នំពេញ ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៥ថ្ងៃ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេស ចំនួន១៣៤លើក ក្នុងនោះស្លាប់មនុស្ស ចំនួន៥៩នាក់ និងរបួសធ្ងន់ស្រាល ចំនួន២៣៨នាក់។ នេះបើតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ របាយការណ៍ដដែលបានបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៣៤លើកនេះ បានបណ្ដាលឱ្យខូតខាតម៉ូតូ១៥៦គ្រឿង រថយន្តតូច៦៥គ្រឿង និងរថយន្ដធំ៦គ្រឿង និងយានយន្តផ្សេងៗ ១៨គ្រឿង។ មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន ស្រវឹង ជែង មិនគោរពសិទ្ធិ មិនប្រកាន់ស្ដាំ បត់គ្រោះថ្នាក់ ងងុយដេក និងកត្ដាយានយន្ត៕ធ.ដ

  • ធនាគារអភិវឌ្ឍន៍អាស៊ី ADB ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចវៀតណាម នឹងមានស្ថិរភាពសម្រាប់ពីរឆ្នាំខាងមុខ

    ធនាគារអភិវឌ្ឍន៍អាស៊ី ADB ព្យាករណ៍ថា កំណើនសេដ្ឋកិច្ចវៀតណាម នឹងមានស្ថិរភាពសម្រាប់ពីរឆ្នាំខាងមុខ

    វៀតណាម៖ ប្រទេសវៀតណាមនឹងមានកំណើនសេដ្ឋកិច្ច៦,៨ភាគរយនៅឆ្នាំ២០១៩ និង៦,៧ភាគរយនៅឆ្នាំ២០២០ខាងមុខ នេះបើតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។នាយកប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ីនៅវៀតណាម លោក អេរិក ស៊ីដវីក បាននិយាយនៅពេលចេញផ្សាយរបាយការណ៍ស្តីពីទស្សនវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ២០១៩ របស់ធនាគារអភិវឌ្ឍន៍អាស៊ីថា កំណើនសេដ្ឋកិច្ចវៀតណាមទំនងជានឹងមានសន្ទុះល្អនាពេលអនាគតដ៏ខ្លីខាងមុខ ដែលទ្រទ្រង់ដោយរោងចក្រផលិត ដែលផ្តោតលើការនាំចេញការវិនិយោគផ្ទាល់ពីបរទេស និងតម្រូវការក្នុងស្រុករឹងមាំ។ របាយការណ៍នេះបានបញ្ជាក់ទៀតថា កំណើនសេដ្ឋកិច្ចវៀតណាម នឹងបន្តរីកចម្រើនផ្អែកលើមូលដ្ឋានទូលំទូលាយ ដែលត្រូវបានគាំទ្រដោយការប្រើប្រាស់របស់ឯកជនដ៏រឹងមាំ ការពង្រីកការផលិត សេវាកម្ម និងកសិកម្ម និងការចូលទីផ្សារកាន់តែច្រើនឡើងសម្រាប់ការនាំចេញរបស់វៀតណាម តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន រួមទាំងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងអភិវឌ្ឍន៍អន្តរប៉ាស៊ីហ្វិក (CPTPP) ដែលទើបផ្តល់ការអនុម័តថ្មីៗនេះ។ អតិផរណាត្រូវគេរំពឹងថា នឹងមានកម្រិតជាមធ្យម៣,៥ភាគរយក្នុងឆ្នាំ២០១៩ និង៣,៨ភាគរយក្នុងឆ្នាំ២០២០ខាងមុខ។ យ៉ាងណាមិញ ហានិភ័យនៅតែមាន ខណៈដែលបណ្តាប្រទេសសេដ្ឋកិច្ចធំៗរបស់ពិភពលោកដែលជាដៃគូពាណិជ្ជកម្មសំខាន់របស់វៀតណាម កំពុងធ្លាក់ចុះសន្ទុះកំណើន។ របាយការណ៍នេះ បានឱ្យដឹងទៀតថា ភាពយឺតយ៉ាវក្នុងការធ្វើកំណែទម្រង់សហគ្រាសរដ្ឋនៅក្នុងស្រុក ក៏អាចជាកត្តាទាញទម្លាក់កំណើនសេដ្ឋកិច្ចរបស់វៀតណាមផងដែរ៕ធ.ដ

  • នៅខែមីនាដើមឆ្នាំនេះ អតិរេកពាណិជ្ជកម្មប្រចាំខែរបស់ជប៉ុនជាមួយសហរដ្ឋអាម៉េរិក កើនឡើងជិត១០%

    នៅខែមីនាដើមឆ្នាំនេះ អតិរេកពាណិជ្ជកម្មប្រចាំខែរបស់ជប៉ុនជាមួយសហរដ្ឋអាម៉េរិក កើនឡើងជិត១០%

    ជប៉ុន៖ យោងតាមទិន្នន័យជាផ្លូវការបានឱ្យដឹងថា អតិរេកពាណិជ្ជកម្មប្រចាំខែរបស់ជប៉ុន ជាមួយសហរដ្ឋអាម៉េរិក បានកើនឡើងជិត១០% នៅក្នុងខែមីនាកន្លងទៅ នេះបើតាមការចេញផ្សាយរបស់គេហទំព័រ ជប៉ុន ធូដេ។ ទិន្នន័យពីក្រសួងហិរញ្ញវត្ថុជប៉ុន បានបង្ហាញថា អតិរេកពាណិជ្ជកម្មបានកើនឡើង៩,៨% ពីមួយឆ្នាំទៅមួយឆ្នាំ រហូតដល់ទឹកប្រាក់៦៨៣,៦ពាន់លានយ៉េន ឬស្មើនឹង៦,១៦ពាន់លានដុល្លារកាលពីខែមុន ខណៈការកើនឡើងនេះ មានការធ្លាក់ចុះ១,៥%ក្នុងខែកុម្ភៈ និងកើនឡើង៥,៥%ក្នុងខែមករា ដើមឆ្នាំនេះ។ ក្រសួងពាណិជ្ជកម្មជប៉ុនបានឲ្យដឹងថា អតិរេកពាណិជ្ជកម្មបានកើនឡើង ដោយសារកំណើននាំចេញយានយន្ត ម៉ាស៊ីន សំណង់ និងរ៉ែ ព្រមទាំងសម្ភារធ្វើឧបករណ៍អេឡិចត្រូនិក។ ក្រសួងដដែលនេះ បានឲ្យដឹងទៀតថា ការនាំចូលពីសហរដ្ឋអាម៉េរិក ក្នុងនោះមានឧស្ម័ន ម៉ាស៊ីន និងយន្តហោះ ប្រេងបានធ្លាក់ចុះ ក្នុងគ្រាដែលអតិរេកពាណិជ្ជកម្មសរុបរបស់ជប៉ុនបានធ្លាក់ចុះ ៣២,៦%កាលពីខែមុនដល់ទឹកប្រាក់៥២៨,៥ពាន់លានយ៉េន បើធៀបនឹងការរំពឹងទុករបស់ទីផ្សារចំនួន៣៦៣,៣ពាន់លានយ៉េន។ ដោយឡែកឱនភាពពាណិជ្ជកម្មជប៉ុនជាមួយចិន ដែលជាឱនភាពប្រចាំខែជាប់គ្នាទី១២ជាប់គ្នាមានទឹកប្រាក់ចំនួន១៩២,៧ពាន់លានយ៉េន ដោយសហភាពអឺរ៉ុបអតិរេកពាណិជ្ជកម្មជប៉ុនមានទឹកប្រាក់ចំនួន៤៤,៣ពាន់លានយ៉េន៕ធ.ដ

  • ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងទំនងជាធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី នាសប្តាហ៍ក្រោយនេះ

    ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងទំនងជាធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី នាសប្តាហ៍ក្រោយនេះ

    រុស្ស៊ី៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសរុស្ស៊ីនាសប្តាហ៍ក្រោយនេះ ដើម្បីជួបពិភាក្សាលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ដែលនេះអាចជាការបំពេញទស្សកិច្ចលើកដំបូងរបស់លោកមកកាន់ទីក្រុងម៉ូស្គូ។ ការលេចឮព័ត៌មាននេះ បានកើតមានឡើងបន្ទាប់ពីមន្ត្រីការទូត និងការិយាល័យប្រធានាធិបតីរុស្ស៊ីបានប្រាប់សារព័ត៌មាន NHK របស់ជប៉ុនថា មន្រ្តីមកពីការិយាល័យ និងមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងបានមកបំពេញទស្សនកិច្ចនៅទីក្រុង វ៉្លាឌីវ៉ូស្តុក ប្រទេសរុស្ស៊ីកាលពីដើមខែនេះ។ ក្រុមអ្នកសង្កេតការណ៍បានបញ្ជាក់ថា លោក គីម ចង់ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាមួយលោក ពូទីន ជាអ្នកដែលអះអាងថា បណ្តាប្រទេសទាំងអស់គួរពិចារណាលើការបន្ធួរបន្ថយការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ហើយបើតាមក្រុមសង្កេតការណ៍ដដែលនេះ លោក ពូទីន ចង់ឱ្យប្រទេសរបស់លោកដើរតួយ៉ាងសំខាន់ សម្រាប់កិច្ចចរចាស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕ធ.ដ

  • ការរាប់សន្លឹកឆ្នោតភ្លាមៗបង្ហាញថា ប្រធានាធិបតីឥណ្ឌូណេស៊ីបច្ចុប្បន្នអាចនឹងជាប់ទៀត នៅអាណត្តិទី២

    ការរាប់សន្លឹកឆ្នោតភ្លាមៗបង្ហាញថា ប្រធានាធិបតីឥណ្ឌូណេស៊ីបច្ចុប្បន្នអាចនឹងជាប់ទៀត នៅអាណត្តិទី២

    ឥណ្ឌូណេស៊ី៖ ការរាប់សន្លឹកឆ្នោតភ្លាមៗបានបង្ហាញថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នឹងបន្តជាប់ទៀតនៅអាណត្តិទី២ ខណៈដែលគូប្រជែងរបស់លោក គឺលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ ក៏បានប្រកាសដែរថា ខ្លួនគឺជាអ្នកដែលទទួលបានជ័យជម្នះ។ ក្រុមអ្នករាប់សន្លឹកឆ្នោតឯករាជ្យមួយចំនួនបានបង្ហាញថា លោក វីដូដូ គឺជាអ្នកឈ្នះក្នុងសំឡេងប្រមាណ៥៤ភាគរយ ជាមួយការនាំមុខលោក ស៊ូប៊ីយ៉ានតូ ចន្លោះពី ៧.១% ទៅ ១១.៦%។ ប៉ុន្តែលោក ស៊ូប៊ីយ៉ានតូ បាននិយាយថា តាមការរាប់សន្លឹកឆ្នោតភ្លាមៗរបស់លោកបានបង្ហាញថា លោកឈ្នះសំឡេងឆ្នោតយ៉ាងតិចពី៥៥-៦២% ដូច្នេះលោកគឺជាអ្នកទទួលជ័យជម្នះពិតប្រាកដ។ សូមបញ្ជាក់បន្ថែមថា គណៈកម្មការបោះឆ្នោតឥណ្ឌូណេស៊ីនឹងត្រូវប្រកាសលទ្ធផលផ្លូវការនៅខែក្រោយនេះ ប៉ុន្តែអាចនឹងមានការពន្យារពេលរហូតទាល់តែតុលា ដោយសារការដោះស្រាយបញ្ហាវិវាទនានា ដែលទាក់ទងនឹងការបោះឆ្នោតហើយរួចរាល់៕ធ.ដ

  • មេដឹកនំាអ៊ីរ៉ង់៖ កងកម្លាំងប្រទេសខ្លួនមិនមែនជាការគំរាមកំហែងក្នុងតំបន់ឡើយ ហើយអំពាវនាវឱ្យបង្រួមបង្រួមគ្នាប្រឆាំងនឹងសហរដ្ឋអាម៉េរិក

    មេដឹកនំាអ៊ីរ៉ង់៖ កងកម្លាំងប្រទេសខ្លួនមិនមែនជាការគំរាមកំហែងក្នុងតំបន់ឡើយ ហើយអំពាវនាវឱ្យបង្រួមបង្រួមគ្នាប្រឆាំងនឹងសហរដ្ឋអាម៉េរិក

    អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៊ូហានី បាននៅថ្ងៃព្រហស្បត្តិ៍នេះថា កងកម្លាំងប្រដាប់វុធអ៊ីរ៉ង់មិនមែនបង្កើតឡើង ដើម្បីបង្កការគំរាមកំហែងប្រទេសណាមួយក្នុងតំបន់នោះឡើយ។ ការអះអាងបែបនេះ ត្រូវបានធ្វើឡើងក្នុងពេលថ្លែងសុន្ទរកថាមួយក្នុងពិធីដង្ហែក្បួនព្យុះហយាត្រាយោធាដ៏ធំមួយ ដើម្បីបង្ហាញគ្រឿងសព្វាវុធយោធាដ៏ទំនើបចុងក្រោយរបស់ខ្លួន ស្របពេលមានភាពតានតឹងខ្លាំងជាមួយទីក្រុងវ៉ាស៊ីនតោន។ ជាមួយគ្នានោះ លោក រ៊ូហានី បាននិយាយថា ខ្ញុំចង់ប្រាប់បណ្តាប្រទេសក្នុងតំបន់ថា កងកម្លាំងរបស់ប្រទេសអ៊ីរ៉ង់មិនមែនជាការគំរាមកំហែងអ្នក និងផលប្រយោជន៍ជាតិរបស់អ្នកឡើយ ពួកគេគ្រាន់តែឈរប្រឆាំងនឹងពួកឈ្លានពាន ហើយថា ឬសគល់នៃបញ្ហារបស់យើង គឺរបបសឹកនិយម និងចក្រពត្តិនិយមរបស់សហរដ្ឋអាម៉េរិក។ សូមរំលឹកថា សហរដ្ឋអាម៉េរិកបានប្រកាសជាផ្លូវការនូវការចាត់បញ្ចូលកងកម្លំាងងឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់ ជាអង្គការភេវរកម្មបរទេសមួយកាលពីថ្ងៃចន្ទកន្លងទៅ ដែលទង្វើមិនធ្លាប់មានពីមុនមកនេះ ត្រូវបានថ្កោលទោសដោយអ៊ីរ៉ង់ និងបានបង្កការព្រួយបារម្ភអំពីការវាយប្រហារលើកងកម្លាំងអាម៉េរិក៕ធ.ដ

  • ព្រះមហាក្សត្រថៃ នឹងឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការ នៅដើមខែឧសភា ឆ្នាំ២០១៩

    ព្រះមហាក្សត្រថៃ នឹងឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការ នៅដើមខែឧសភា ឆ្នាំ២០១៩

    ថៃ៖ កងទ័ពថៃ នៅថ្ងៃពុធសប្តាហ៍នេះ បានធ្វើការហាត់សមបាញ់កាំភ្លើងធំ ដើម្បីត្រៀមសម្រាប់ព្រះរាជពិធីផ្លូវការនៃការយាងឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន នៅដើមខែក្រោយនេះ។ ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ដែលមាននាមជាព្រះចៅរាមាទី១០ នៃព្រះរាជាណាចក្រថៃ បានឡើងស្នងរាជ្យជាព្រះមហាក្សត្រ ក្រោយការសោយទិវង្គតរបស់ព្រះបិតាទ្រង់ គឺជាព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ដែលបានគ្រងរាជ្យអស់រយៈពេលដល់ទៅ៧០ឆ្នាំ យូរជាងគេនៅលើសកលលោក។ សូមរំលឹកថា កាលពី០២សប្តាហ៍មុន ប្រទេសថៃក៏បានចាប់ផ្តើមការរៀបចំជាបណ្តើរៗផងដែរ សម្រាប់ការឡើងសោយរាជ្យសម្បត្តិជាផ្លូវរបស់ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន ដែលនឹងប្រព្រឹត្តទៅក្នុងព្រះរាជពិធីដ៏ឱឡារិកចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែឧសភា ខាងមុខនេះ៕ធ.ដ

  • អ្នកជំនាញវិស័យអវកាសចិនអះអាងថា នឹងបញ្ជូនយានទៅស្រាវជ្រាវភពព្រហស្បត្តិ៍ និងភពព្រះអង្គារ

    អ្នកជំនាញវិស័យអវកាសចិនអះអាងថា នឹងបញ្ជូនយានទៅស្រាវជ្រាវភពព្រហស្បត្តិ៍ និងភពព្រះអង្គារ

    ចិន៖ អ្នកជំនាញវិស័យអវកាសរបស់ចិនលោក យ៉េ ផៃជាំង អះអាងថា នៅថ្ងៃអនាគត ចិនមានផែនការបញ្ជូនយានអវកាសទៅកាន់ភពអង្គារ (Mars) និងភពព្រហស្បតិ៍ត (Jupiter) ថែមទៀត បន្ទាប់ពីបេសកកម្មធំៗកំពុងដំណើរការទៅយ៉ាងរលូននៅឋានព្រះចន្ទកន្លងមក។ ការកត់សម្គាល់បែបនេះរបស់លោក យ៉េ ត្រូវបានធ្វើឡើងគ្រាដែលនៅពេលខាងមុខនេះ ចិនមានគម្រោងបាញ់បញ្ជូនយានអវកាស ឆាងអឺទី៥ (Chang’e-5) តាមរយៈគ្រាប់រ៉ុក្កែត ឡុងម៉ាច ៥ (Long March-5) ដែលមានបេសកកម្មទៅនាំយកគំរូស្លាកស្នាមពីឋានព្រះចន្ទមកកាន់ភពផែនដីវិញ។ លោកបានសង្កត់ធ្ងន់ថា ប្រទេសរបស់លោក ក៏កំពុងរៀបចំផែនការ ដើម្បីចេញបេសកកម្មស្រដៀងគ្នានេះឆ្ពោះទៅកាន់ភពអង្គារ និងបញ្ជូនយានអវកាសមួយគ្រឿងទៀតទៅកាន់ភពព្រហស្បតិ៍តផងដែរ។ យ៉ាងណាមិញ បើតាមប្រធានស្ថាបត្យករនៃយានអវកាស ឆាងអឺទី៤ យានឆាងអឺទី៥ នឹងត្រូវបញ្ជូនទៅកាន់ឋានព្រះចន្ទនៅចុងឆ្នាំ២០១៩នេះ លោកថា យានអវកាសដំបូងនៃកម្មវិធីរុករកនៅភពអង្គារ នឹងត្រូវចេញបេសកកម្មនៅឆ្នាំក្រោយ ហើយអាចចុះទៅដល់ភពក្រហមនេះនៅឆ្នាំ២០២១ខាងមុខ៕ធ.ដ

  • គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស៣៤៨នាក់​ នៅប្រទេសថៃ អំឡុងបុណ្យចូលឆ្នាំរយៈពេល៦ថ្ងៃ

    គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស៣៤៨នាក់​ នៅប្រទេសថៃ អំឡុងបុណ្យចូលឆ្នាំរយៈពេល៦ថ្ងៃ

    យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលទុបស្កាត់ និងបន្ថយគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃបានឲ្យដឹងថា ក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ ១៦ មេសា ២០១៩ នាពិធីបុណ្យចូលឆ្នាំថ្មី នៅប្រទេសនេះមានមនុស្ស៣៤៨នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលមានមនុស្ស៣១៧៦នាក់ផ្សេងទៀតរងរបួស ដោយករណីគ្រោះថ្នាក់សរុបមានចំនួន៣០៦៨លើក។ ប្រភពឲ្យដឹងដែរថា ថ្ងៃចុងក្រោយនៃពិធីបុណ្យ មានមនុស្ស៤២នាក់បានស្លាប់ របួស៣៨១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់៣៦៧លើក។ ការបើកបរក្នុងស្ថានភាពស្រវឹង និង បើកលើសល្បឿនកំណត់គឺជាមូលហេតុចំបងនៃគ្រោះថ្នាក់ចរាចរ អំឡុងពិធីបុណ្យចូលឆ្នាំថ្មីនៅបហរទេសថៃ។ មានតែខេត្តចំនួន៥ ក្នុងចំណោម៧៧ខេត្តប៉ុណ្ណោះត្រូវបានរាយការណ៍ថា គ្មានករណីស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះ រួមមានខេត្ត Trang, Phang-nga, Mae Hong Son, Sukhothai និង Ang Thong។ រីឯកខេត្ត Chiang Mai ស្ថិតនៅភាគខាងជើងប្រទេសថៃនោះគឺសម្បូរមនុស្សស្លាប់ច្រើនជាងគេ ពោលគឺមានរហូតដល់១១៩នាក់ ខណៈដែលខេត្តនាភាគខាងជើងឆៀងខាងកើតដូចជា Nakhon Ratchasima និង Udon Thani មានមនុស្សស្លាប់១៥នាក់ ក្នុង១ខេត្តៗ។ …