-
ដុំបាល់ភ្លើងដ៏ភ្លឺចែងចំាងមានពណ៌ខៀវហោះកាត់ផ្ទៃមេឃ ឆ្លងកាត់បណ្តារដ្ឋចំនួន១២របស់សហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន ស្ព្រួតនីគ បានចុះផ្សាយថា ដុំបាល់ភ្លើងដ៏ភ្លឺចែងចាំងមួយមានពណ៌ខៀវបានហោះកាត់ផ្ទៃមេឃកាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ ហើយត្រូវបានប្រជាជនអាម៉េរិករាប់រយនាក់ នៅតាមបណ្តារដ្ឋយ៉ាងតិចចំនួន១២ បានប្រទះភ្នែកឃើញ ។ អង្គការនៃក្រុមអ្នកសិក្សាស្រាវជ្រាវអាចម៍ផ្កាយ AMS របស់សហរដ្ឋអាម៉េរិក បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសនៅពុធសប្តាហ៍នេះថា ខ្លួនទទួលបានការរាយការណ៍សរុបចំនួន៣៦០ករណីមកពីរដ្ឋចំនួន១២ ដែលបានអះអាងថា ពួកគេបានឃើញសកម្មភាពអាចម៍ផ្កាយ ។ បើតាមអង្គការ AMS របស់សហរដ្ឋអាម៉េរិក ជារៀងរាល់ថ្ងៃអាចម៍ផ្កាយតូចៗរាប់ពាន់តែងតែបានហោះកាត់បរិយាកាសផែនដី ដោយភាគច្រើនគឺនៅលើផ្ទៃមហាសមុទ្រ និងតំបន់គ្មានមនុស្សរស់នៅ ឬក៏កើតមានចំពេលថ្ងៃ ដែលភ្នែកមនុស្សយើងមិនអាចមើលឃើញ ហើយថាការដែលអាចម៍ផ្កាយមានពន្លឺចែងចាំងបែបនេះ គឺជាព្រឹត្តិការណ៍ដ៏កម្រមួយផងដែរ ៕ធ.ដ
-
ពិធីដាក់រាជ្យជាផ្លូវការរបស់ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ នឹងរៀបចំឡើងនៅចុងខែនេះ

ជប៉ុន៖ រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តជាផ្លូវការថា នឹងប្រារព្វពិធីដាក់រាជ្យរបស់ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ នៅថ្ងៃទី៣០ ខែមេសានេះ ហើយសម័យកាលអធិរាជថ្មី ឬសករាជថ្មីរបស់ប្រទេសជប៉ុន នឹងត្រូវផ្លាស់ប្ដូរឈ្មោះទៅជា រៃវ៉ា «Reiwa» វិញ ហើយនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ នឹងពន្យល់ពីអត្ថន័យនៃពាក្យនេះបន្ថែមក្នុងពិធីថ្លែងសារមួយទៅកាន់ប្រជាជាតិជប៉ុន ។ សម័យកាលអធិរាជថ្មីរបស់ជប៉ុន រៃវ៉ា មានន័យថា «ភាពសុខដុម» នឹងត្រូវជំនួសសម័យកាលអធិរាជ ហ៊ៃសី មានន័យថា «សន្តិភាពឈ្នះគ្រប់ទីកន្លែង» នៃប្រចៅអធិរាជបច្ចុប្បន្ន អាគីហ៊ីតុ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ នៅពេលដែលព្រះបុត្រារបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ ណារុហ៊ីតុ ក្លាយជាព្រះចៅអធិរាជថ្មី ។ ព្រះអង្គម្ចាស់ ណារុហ៊ីតុ នឹងចូលរួមព្រះរាជពិធីគ្រងរាជ្យសម្បត្តិតាមបែបប្រពៃ ណីធំមួយក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីព្រះចៅអធិរាជ អាគីហ៊ីតុ ដាក់រាជ្យជាផ្លូវការនៅថ្ងៃទី៣០ ខែមេសានេះ បញ្ចប់សម័យកាលអធិរាជ ហ៊ៃសី ដែលចាប់ផ្ដើមឡើងតាំងតែពីឆ្នាំ១៩៨៩មក ។គួរបញ្ជាក់ថា ព្រះចៅអធិរាជ អាគីហ៊ីតុ នឹងក្លាយអធិរាជជប៉ុនដំបូងគេបំផុត ដែលដាក់រាជ្យសម្បត្តិក្នុងរយៈពេលជាង២០០ឆ្នាំមកនេះ ហើយមូលហេតុចម្បងនៃការដាក់រាជ្យនេះ…
-
សហរដ្ឋអាម៉េរិកបាញ់គ្រាប់រ៉ុក្កែត បញ្ជូនយាននាំស្បៀង ទៅកាន់ស្ថានីយ អវកាសអន្តរជាតិ

វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកបានបាញ់គ្រាប់រ៉ុក្កែតមួយគ្រាប់ ដែលបានរុញច្រាន យានអវកាសនាំស្បៀងចេញពីមជ្ឈមណ្ឌលរបស់អង្គការ NASA នៅតំបន់ឆ្នេរសមុទ្រ ប៉ែកខាងកើតរដ្ឋ វើជីនៀ ជាមួយនឹងយាននាំស្បៀង ដើម្បីផ្គត់ផ្គង់ដល់ស្ថានីយអវកាសអន្តរជាតិ (ISS) ។ គ្រាប់រ៉ុក្កែត អាន់តារ៉េស (Antares) បានផលិតឡើងដោយក្រុមហ៊ុន Northrop Grumman នៅវេលាម៉ោង៤និង៤៦នាទីល្ងាចថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយបាននាំយកយានអវកាស Cygnus ឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ។ ការបាញ់បង្ហោះយានអវកាសនេះបានជោគជ័យទាំងស្រុង ដោយវាបានផ្តាច់ខ្លួនចេញពីគ្រាប់រ៉ុក្កែតនៅក្នុងរយៈពេល៩នាទី បន្ទាប់ពីបាញ់បង្ហោះឡើង ដោយបានហោះនៅតាមគន្លងអវកាស ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់អង្គការ NASA ក៏បានផ្សាយផ្ទាល់អំពីព្រឹត្តិការណ៍បាញ់បង្ហោះនេះផងដែរ ហើយបើតាមការរំពឹងទុកនោះ យានអវកាសនេះ នឹងត្រូវទៅដល់ស្ថានីយអវកាសនៅព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ៕ធ.ដ
-
តួកគីច្រានចោលការព្រមានរបស់សហរដ្ឋអាម៉េរិក ដែលចង់ដកប្រទេសខ្លួនចេញពីកម្មវិធីយន្ដហោះចម្បាំង F-35

តួកគី៖ សូមរំលឹកថា ក្រសួងការបរទេសអាម៉េរិកនៅថ្ងៃទី០១ ខែមេសានេះ បានប្រកាសលុបចោលការប្រគល់បរិក្ខានៃយន្ដហោះចម្បាំង F-35 ឱ្យតួកគី ជាមួយការព្រមានដកទីក្រុងអង់ការ៉ា ចេញពីកម្មវិធីអភិវឌ្ឍន៍យន្ដហោះចម្បាំងនេះទៀតផង បើនៅតែចចេសទិញ S-400 ពីរុស្ស៊ី ។ ជាការឆ្លើយតប អ្នកនាំពាក្យប្រធានាធិបតីតួកគី លោក អ៊ីប្រាហ៊ីម ខាលីន បានលើកឡើងថា តួកគីនឹងមិនត្រូវបានដកចេញពីកម្មវិធីយន្ដហោះចម្បាំង F-35 របស់អាម៉េរិកឡើយ បើទោះជាទីក្រុងវ៉ាស៊ីនតោនព្រមានធ្វើដូច្នេះ ក្នុងករណីដែលទីក្រុងអង់ការ៉ា មិនព្រមបោះបង់ចោលគម្រោងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី ។ អ្នកនាំពាក្យប្រធានាធិបតីតួកគីរូបនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសលោកនឹងបន្តស្ថិតនៅជាដៃគូរបស់យន្ដហោះចម្បាំង F-35 ពីព្រោះយើងមិនមែនត្រឹមតែជាអ្នកទិញ ឬជាអតិថិជន F-35 នោះឡើយ លោកថា ការសម្រេចចិត្តទិញ S-400 ពីរុស្ស៊ីមិនមានគោលដៅលើប្រទេសទី៣ណាមួយនោះទេ ខណៈតួកគីគឺជាសមាជិកអង្គការណាតូ និងជាដៃគូយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិក ៕ធ.ដ
-
ប្រធានាធិបតីអាម៉េរិកនឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសជប៉ុន នាខែក្រោយ

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នឹងបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋ មកកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះដើម្បីជួបពិភាក្សា នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០១៩ ដកស្រង់ប្រភពពីសេតវិមាន។ សេតវិមានបានបញ្ជាក់ទៀតថា លោក ត្រាំ និងលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីសូ អាបេ នឹងពិភាក្សាគ្នាពីបញ្ហាជាច្រើនដូចជា សំណុំរឿងកូរ៉េខាងជើង ជាពិសេសគឺកិច្ចខិតខំប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅ លើឧបទ្វីបកូរ៉េជាដើម ខណៈដែលកូរ៉េខាងជើងទើបតែប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ខ្លួនបានបញ្ចប់ការធ្វើតេស្តអាវុធយុទ្ធសាស្ត្រ ដោយមានការត្រួតពិនិត្យផ្ទាល់ពីសំណាក់លោក គីម ជុងអ៊ុន។ បន្ថែមពីលើនេះបើតាមសេតវិមាន មេដឹកនាំទាំងពីរក៏នឹងជជែកគ្នាផងដែរពាក់ព័ន្ធនឹងសេរីភាព និងការបើកចំហរតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងនោះរួមមានទាំងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រួមជាមួយការវិនិយោគរវាងសហរដ្ឋអាម៉េរិក និងជប៉ុន៕ធ.ដ
-
វៀតណាមផ្តើមនាំចេញស្វាយទៅសហរដ្ឋអាម៉េរិកចំនួន៨តោន ជាលើកដំបូង

ក្រុមហ៊ុន Chánh Thu Fruits Import Export Co កាលពីថ្ងៃព្រហស្បតិ៍ទី១៨ មេសាម្សិលមិញបាននាំចេញផ្លែស្វាយ៨តោន ទៅកាន់សហរដ្ឋអាម៉េរិក ធ្វើឲ្យវាក្លាយជាសហគ្រាសវៀតណាមដំបូង ដែលនាំចេញស្វាយទៅទីផ្សារដែលតឹងរឹងមួយនេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Vietnamnews នៅថ្ងៃសុក្រនេះ។ នាយកក្រុមហ៊ុន លោកស្រី Nguyễn Thị Hồng Thu បាននិយាយថា ផ្លែស្វាយនាំចេញទាំងអស់ត្រូវបានប្រមូលផលពីក្នុងខេត្តភាគខាងត្បូង Đồng Tháp ពោលគឺនៅក្នុងស្រុក Cao Lãnh ។ លោកស្រីថា ផ្លែស្វាយទាំងនោះត្រូវបានអនុញ្ញាតឲ្យនាំចេញទៅយ៉ាងប្រុងប្រយ័ត្នហើយត្រូវស្របតាមស្តង់ដា VietGAP។ ខេត្ត Đồng Tháp នេះមានដីដាំផ្លែស្វាយជិត១ម៉ឺនហិចតា ផ្តល់ផលជិត១៣ម៉ឺនតោនរៀងរាល់ឆ្នាំ នាំមុខបណ្តាខេត្តផ្សេងៗទៀត ក្នុងប្រទេសវៀតណាម។ មុនពេលអាចនាំចេញទៅសហរដ្ឋអាម៉េរិកនោះ វៀតណាមក៏បាននាំចេញផ្លែស្វាយទៅកាន់ទីផ្សារសំខាន់ៗផ្សេងៗទៀតដូចជា ចិន កូរ៉េខាងត្បូង ជប៉ុន ញូវ ហ្សេឡែន ជាដើម៕ធ.ដ
-
ក្រុមហ៊ុនអាកាសចរដ៏ធំនៅឥណ្ឌាជាប់បំណុលច្រើនពេក សម្រេចផ្អាកដំណើរការហោះហើរទាំងអស់

Jet Airways ជាក្រុមហ៊ុនអាកាសចរដ៏ធំមួយរបស់ឥណ្ឌាបានធ្វើការផ្អាកការហោះហើរទាំងអស់របស់ខ្លួននៅ ក្រោយពេលដែលមិនអាចទទួលជំនួយសង្គ្រោះបន្ទាន់ពីម្ចាស់បំណុល ដល់ទៅជាង១ពាន់លានដុល្លារអាម៉េរិក នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Dailymail ។ សេចក្ដីថ្លែងការណ៍របស់ Jet Airways ថ្មីៗនេះបានបញ្ជាក់ថា គេបានធ្វើការស្នើសុំខ្ចីលុយបន្ថែមចំនួន ៤ពាន់លានរូពី (៥៧,៥លានដុល្លារ) ពីធនាគារជាតិឥណ្ឌា ប៉ុន្តែបានទទួលការបរាជ័យ។ ដូច្នេះក្រុមហ៊ុនត្រូវបង្ខំចិត្តផ្អាកការហោះហើរទាំងអស់ ក្រោយពេលដែលការចរចារជាមួយម្ចាស់បំណុលអស់រយៈពេលជាច្រើនសប្ដាហ៍មិនទទួលបានផល។ ក្រុមហ៊ុន Jet Airways មានបំណុលរហូតដល់ ១,២ពាន់លានដុល្លារហើយខណៈពេលដែលបុគ្គលិកជាង ២៣០០០ នាក់របស់ខ្លួនមិនទទួលបានប្រាក់ខែអស់រយៈពេលជាច្រើនខែ។ ការដួលរលំរបស់ក្រុមហ៊ុននេះ បានធ្វើឲ្យបាត់បង់ការងារច្រើនជាង២ម៉ឺនកន្លែង ដែលត្រូវបានមើលឃើញថា ប៉ះពាល់ប្រជាប្រិយភាពរបស់នាយករដ្ឋមន្ត្រី Narendra Modi ដែលកំពុងស្វែងរកការគាំទ្រសម្រាប់អាណត្តិទី២របស់លោក អំឡុងការបោះឆ្នោតនាពេលខាងមុខនេះ៕ធ.ដ
-
រុស្ស៊ីអះអាងថា លោក គីម នឹងមកជួបលោក ពូទីន ជាលើកដំបូងក្នុងខែមេសានេះ

រុស្ស៊ី៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងធ្វើដំណើរមកបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ហើយជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ក្នុងខែមេសានេះតែម្តង នេះបើតាមការប្រកាសជាផ្លូវការរបស់វិមានក្រឹមឡាំងរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ។ ការប្រកាសពីដំណឹងទស្សនកិច្ចនេះ ធ្វើឡើងក្រោយទីក្រុងព្យុងយ៉ាងបានឲ្យដឹងថា ខ្លួនទើបតែបានសម្រេចការធ្វើតេស្តអាវុធយុទ្ធសាស្រ្តថ្មីមួយ ជាមួយក្បាលគ្រាប់ដ៏មានឥទ្ធិពល ខណៈដែលកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាម៉េរិកហាក់ដូចជាបានជាប់គាំង ។ បើតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង លោក គីម ជុងអ៊ុន នឹងមកទស្សនកិច្ចនៅអំឡុង១៥ថ្ងៃចុងក្រោយនៃខែមេសា ពោលគឺអាចចុងសប្តាហ៍នេះ ឬសប្តាហ៍ក្រោយ ឬមួយក៏សប្តាហ៍ក្រោយមួយទៀតក៏ថាបាន ដោយពុំបានបញ្ជាក់លម្អិតពីកាលបរិច្ឆេទ ឬទីកន្លែងជាក់លាក់ឡើយ ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី ជប៉ុន និងកូរ៉េខាងត្បូងវិញ ជំនួបរវាងលោក គីម និងលោក ពូទីន អាចនឹងប្រព្រឹត្តទៅនៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ី ៕ធ.ដ
-
អឺរ៉ុបព្រមានតបតនឹងសហរដ្ឋអាម៉េរិក បើសិនដាក់ទណ្ឌកម្មលើគុយបា

បារំាំង៖ សហភាពអឺរ៉ុបនឹងចាត់វិធានការឆ្លើយតបប្រឆាំងនឹងរាល់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ទៅលើការវិនិយោគទាំងឡាយនៅក្នុងប្រទេសគុយបា ហើយថា នេះគឺជាទង្វើរំលោភលើច្បាប់អន្តរជាតិ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំងលោក ប្រ៊ូណូ ឡឺ មែរ ។ សូមរំលឹកថា ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន នៅថ្ងៃពុធសប្ដាហ៍នេះ បានព្រមានប្រទេសគុយបា វេណេស៊ុយអេឡា និងនីការ៉ាហ្គ័រ ពីការផ្លាស់ប្ដូររបបដឹកនាំនៅក្នុងប្រទេសរបស់ពួកគេ ហើយថែមទាំងប្រកាសពីការដាក់ទណ្ឌ កម្មលើប្រទេសទាំងបីនេះផងដែរ ។ ដោយឡែកចាប់តាំងពីការប្រកាសដកទណ្ឌកម្មពីគុយបា ដោយអតីតប្រធានា ធិបតីអាម៉េរិកលោក បារ៉ាក់ អូបាម៉ា កាលពីឆ្នាំ២០១៥ ក្រុមហ៊ុនបរទេសជាច្រើនជាពិសេសសហភាពអឺរ៉ុបបានធ្វើការរកស៊ីយ៉ាងច្រើនជាមួយគុយបា ៕ធ.ដ
-
ប្រមុខការពារជាតិសហរដ្ឋអាម៉េរិកស្តីទីបញ្ជាក់ថា ការធ្វើតេស្តអាវុធរបស់កូរ៉េខាងជើង គឺមិនមែនជាអាវុធមីស៊ីលឆ្លងទ្វីបទេ

សហរដ្ឋអាម៉េរិក៖ ការធ្វើតេស្តអាវុធមួយដែលកូរ៉េខាងជើងបានប្រកាសនោះ គឺមិនមែនជាអាវុធមីស៊ីលឆ្លងទ្វីបនោះទេ ហើយថា កងទ័ពអាម៉េរិកក៏មិនបានផ្លាស់ប្តូរជំហររបស់ពួកគេក្នុងការឆ្លើយតបនោះដែរ នេះបើតាមការបញ្ជាក់របស់អនុរដ្ឋមន្រ្តីការពារជាតិអាម៉េរិកលោក ផាតទ្រីគ សាណាហាន់ នៅថ្ងៃព្រហស្បតិ៍នេះ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានប្រកាសថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជា និងចុះត្រួតពិនិត្យដោយផ្ទាល់នូវការបាញ់សាកល្បងអាវុធថ្មីមួយជាមួយក្បាលគ្រាប់បញ្ជានាំផ្លូវដ៏ខ្លាំង ដោយហៅអាវុធថ្មីនោះថា ជាការចូលរួមចំណែកដ៏សំខាន់ខ្លាំងចំពោះសព្វាវុធរបស់ខ្លួន ។ ទន្ទឹមគ្នានេះ ក្រុមអ្នកវិភាគបានសន្និដ្ឋានថា ការសាកល្បងនេះ អាចពាក់ព័ន្ធនឹងមីស៊ីលប្រឆាំងរថក្រោះ និងកាំភ្លើងធំដូចធម្មតាកាលពីពេលមុនៗ ខណៈដែលមន្ត្រីកូរ៉េខាងត្បូងម្នាក់និយាយថា អាជ្ញាធរកូរ៉េខាងត្បូងមិនបានឃើញសញ្ញានៃការសាល្បងអាវុធមីស៊ីលឆ្លងទ្វីបទេ ៕ធ.ដ