Category: ព័ត៌មានអន្តរជាតិ

  • អឺរ៉ុប និងអង់គ្លេសព្រមព្រៀងគ្នាលើការពន្យារពេល Brexit ក្នុងរយៈពេលខ្លី

    អឺរ៉ុប និងអង់គ្លេសព្រមព្រៀងគ្នាលើការពន្យារពេល Brexit ក្នុងរយៈពេលខ្លី

    បែលហ្ស៊ិក៖ នីតិវិធីនៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប (Brexit) ត្រូវសម្រេចពន្យារពេលដែលមានរយៈពេលខ្លី បន្ទាប់ពីមានការព្រមព្រៀងគ្នារវាងបណ្តាថ្នាក់ដឹកនាំអឺរ៉ុប និង នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May។ បើតាមការគ្រោងទុកនោះ នៅថ្ងៃទី២៩ ខែមីនានេះ អង់គ្លេសនឹងត្រូវដកខ្លួនចេញពីអឺរ៉ុប ប៉ុន្តែបន្ទាប់ពីកិច្ចព្រមព្រៀង Brexit នៅតែមិនអាចទទួលបានសច្ចាប័នពីសភាអង់គ្លេងនោះ លោកស្រី May ក៏បានសម្រេចស្នើមកកាន់សហភាពអឺរ៉ុប ដើម្បីសុំពន្យារពេលរយៈពេលខ្លី។ ឆ្លើយតបទៅនឹងសំណើនេះ ថ្នាក់ដឹកនាំអឺរ៉ុប បានផ្តល់ជម្រើសពីរ គឺទីមួយ គឺការចែកផ្លូវគ្នាអាចពន្យារពេលរហូតដល់ថ្ងៃទី២២ ខែឧសភា ប្រសិនបើសភារបស់អង់គ្លេស យល់ព្រមទទួលយកកិច្ចព្រមព្រៀង Brexit របស់លោកស្រី May នៅសប្តាហ៍ក្រោយ។ ផ្ទុយទៅវិញ បើសភាអង់គ្លេសនៅតែទាត់កិច្ចព្រមព្រៀងចោលដូចខ្លួនបានធ្វើពីរលើករួចមកហើយទៀតនោះ ថ្ងៃកំណត់ Brexit នឹងពន្យារទៅត្រឹមថ្ងៃទី១២ ខែមេសាវិញ លុះត្រាតែ ក្នុងចន្លោះពេលនោះ គឺមុនដល់ថ្ងៃកំណត់ទី១២ ខែមេសា អង់គ្លេសសម្រេចចូលរួមរៀបចំការបោះឆ្នោតសភាអឺរ៉ុបនៅឆ្នាំនេះ ប៉ុន្តែលោកស្រី May បានទទូចថា វាហាក់ពុំមែនជារឿងត្រឹមត្រូវឡើយ៕ធ.ដ

  • វៀតណាមខឹងសម្បារជាខ្លាំង ជុំវិញការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់តៃវ៉ាន់ នៅសមុទ្រចិនខាងត្បូង

    វៀតណាមខឹងសម្បារជាខ្លាំង ជុំវិញការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់តៃវ៉ាន់ នៅសមុទ្រចិនខាងត្បូង

    វៀតណាម៖ រដ្ឋាភិបាលវៀតណាមបានរិះគន់យ៉ាងខ្លាំង ប្រឆាំងនឹងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់តៃវ៉ាន់ នៅជិតកោះ អ៊ីទូ អាបា (Itu Aba) នៅប្រជុំកោះ ស្ព្រេតលី (Spratly) ឬ ហៅថា ប្រជុំកោះ ទ្រុង សា (Truong Sa) ដោយអះអាងថា វាជាការរំលោភយ៉ាងធ្ងន់លើអធិបតេយ្យភាពរបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកឡើងថា ការពិតនោះគឺថា ទោះបីជាមានការតវ៉ាពីវៀតណាមក៏ដោយ ក៏តៃវ៉ាន់នៅតែធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅសមុទ្រនេះ នៅជុំវិញកោះ បា ប៊ិន (Ba Binh) ឬ កោះ អ៊ីទូ អាបា (Itu Aba) នៅប្រជុំកោះ ទ្រុង សា (Truong Sa) របស់វៀតណាម ដែលនេះជាការរំលោភបំពានយ៉ាងធ្ងន់លើអធិបតេយ្យភាពរបស់ខ្លួន លើប្រជុំកោះនេះ។ កងឆ្មាំសមុទ្រតៃវ៉ាន់បានប្រកាសកាលពីថ្ងៃទី១២ ខែមីនាកន្លងទៅ…

  • អង្គការអវកាសរុស្ស៊ីអះអាងថា ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួយអង្គការ NASAរបស់សហរដ្ឋអាម៉េរិក

    អង្គការអវកាសរុស្ស៊ីអះអាងថា ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួយអង្គការ NASAរបស់សហរដ្ឋអាម៉េរិក

    រុស្ស៊ី៖ តាមរយៈបណ្តាញសង្គមធ្វីតធើផ្លូវការរបស់ខ្លួន ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos លោក ឌីមីទ្រី រ៉ូហ្គោហ្ស៊ីន បានបញ្ជាក់ថា ខ្លួនត្រៀមរួចជាស្រេចហើយ ដើម្បីបន្តជួយសហរដ្ឋអាម៉េរិក ប្រសិនបើការធ្វើតេស្តយានថ្មីសម្រាប់ដឹកមនុស្សឡើងទៅកាន់ទីអវកាសរបស់អាមេរិកត្រូវជួបការពន្យារពេល។ លោកបាននិយាយទៀតថា យើងយល់ស្របចំពោះសំណើរបស់ទីភ្នាក់ងារអវកាសអាម៉េរិក NASA ក្នុងការប្រើប្រាស់ទាំងយានអវកាសរបស់រុស្ស៊ី និងរបស់សហរដ្ឋអាម៉េរិកផ្ទាល់នាពេលអនាគត ដើម្បីនាំយកក្រុមអវកាសយានិកចម្រុះឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ។ ថ្មីៗនេះមានសេចក្តីរាយការណ៍ថា ទីភ្នាក់ងារអវកាសអាម៉េរិក NASA កំពុងពិចារណាលើលទ្ធភាពចុះកិច្ចសន្យាជាមួយ Roscosmos ដើម្បីអាចបន្តប្រើប្រាស់យានអវកាស Soyuz របស់រុស្ស៊ី ដឹកអវកាសយានិក០២នាក់ ឡើងទៅកាន់ស្ថានីយ ISS ក្នុងចន្លោះឆ្នាំនេះ និងឆ្នាំ២០២០។ ជម្រើសនេះកំពុងស្ថិតក្រោមពិចារណា ដើម្បីទុកជាផែនការបម្រុងក្នុងករណីមានបញ្ហាណាមួយកើតឡើងក្នុងការធ្វើតេស្តយាន Dragon 2 របស់ SpaceX និងយាន Starliner របស់ Boeing ដែលសុទ្ធតែកំពុងអភិវឌ្ឍន៍យាន ដើម្បីដឹកជញ្ជូនមនុស្សឡើងទីអវកាស នៅក្រោមកិច្ចសន្យាជាមួយអង្គការ NASA។ យានទាំង២គ្រឿងនេះ ត្រូវគេរំពឹងថា នឹងធ្វើការសាកល្បងដឹកមនុស្សនៅក្នុងឆ្នាំ២០១៩នេះ៕ធ.ដ

  • អាម៉េរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន២របសចិន ដោយចោទថា លួចជួយដល់កូរ៉េខាងជើង

    អាម៉េរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួន២របសចិន ដោយចោទថា លួចជួយដល់កូរ៉េខាងជើង

    សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិក បានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនដឹកជញ្ជូនចំនួន២របស់ចិន ដោយចោទប្រកាន់ថា បាននិងកំពុងលួចលាក់ជួយដល់កួរ៉េខាងជើង ទំាងរំលោភបំពានលើទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្រសួងរតនាគារជាតិអាម៉េរិក បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍នេះថា ទណ្ឌកម្មថ្មីនេះ ត្រូវបានអនុវត្តលើក្រុមហ៊ុនចិនចំនួន០២ គឺ Dalian Haibo International Freight Co Ltd និងក្រុមហ៊ុន Liaoning Danxing International Forwarding Co Ltd ។ ផ្អែកលើទណ្ឌកម្មនេះ ពលរដ្ឋ ឬក្រុមហ៊ុនអាម៉េរិកនានា មិនតម្រូវឲ្យរកស៊ី ឬក៏ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយក្រុមហ៊ុនទាំង០២នេះបានទេ ខណៈទ្រព្យសម្បត្តិរបស់ពួកគេមាននៅសហរដ្ឋអាម៉េរិកនឹងត្រូវបង្កក។ បើតាមក្រសួងរតនាគារជាតិអាម៉េរិក ក្រុមហ៊ុនចិនមួយបានដឹកជញ្ជូនទំនិញទៅកាន់ក្រុមហ៊ុនកូរ៉េខាងជើងមួយ ដែលមានមូលដ្ឋាននៅភាគខាងលិចនៃទីក្រុង Nampo  និងមានទំនាក់ទំនងជាមួយភ្នាក់ងារចារកម្មទីក្រុងព្យុងយ៉ាង ចំណែកឯក្រុមហ៊ុនចិនមួយទៀតបានប្រើប្រាស់ការបញ្ឆោត ដើម្បីជួយដល់មន្រ្តីលទ្ធកម្មរបស់កូរ៉េខាងជើងនៅក្នុងសហភាពអឺរ៉ុប ដើម្បីទិញទំនិញសម្រាប់របបដឹកនាំរបស់ប្រទេសពួកគេ៕ម.ន

  • លោក ត្រាំ៖ សហរដ្ឋអាម៉េរិកគួរតែទទួលស្គាល់តំបន់ Golan Heights ដ៏ចម្រូងចម្រាសជារបស់អ៊ីស្រាអែល

    លោក ត្រាំ៖ សហរដ្ឋអាម៉េរិកគួរតែទទួលស្គាល់តំបន់ Golan Heights ដ៏ចម្រូងចម្រាសជារបស់អ៊ីស្រាអែល

    សហរដ្ឋអាម៉េរិក៖ តាមរយៈបណ្តាញសង្គមធ្វីតធើ នៅថ្ងៃព្រហស្បត្តិ៍នេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនគួរតែចេញមុខទទួលស្គាល់តំបន់ ហ្គោលឡេន ហេចស៍ ជារបស់អ៊ីស្រាអែលដោយពេញសិទ្ធិ។ លោកបានបញ្ជាក់បន្ថែមទៀតថា តំបន់ ហ្គោលឡេន ហេចស៍ មានសារៈសំខាន់ជាខ្លាំងខាងផ្នែកយុទ្ធសាស្រ្ត និងសន្តិសុខសម្រាប់ប្រទេសអ៊ីស្រាអែល ក៏ដូចជាសម្រាប់ស្ថិរភាពនៅក្នុងតំបន់ទាំងមូល។ យ៉ាងណាមិញ ការទទួលស្គាល់តំបន់នេះជារបស់អ៊ីស្រាអែលស្របច្បាប់ ពីសំណាក់សហរដ្ឋអាម៉េរិកតែឯងនេះ ទំនងជាបង្កការផ្ទុះកំហឹង និងការថ្កោលទោសពីសំណាក់ប្រទេសដែលពាក់ព័ន្ធ។ សូមរំលឹកថា តំបន់ ហ្គោលឡេន ហេចស៍ គឺជាផ្នែកមួយរបស់ស៊ីរី ប៉ុន្តែបន្ទាប់មកក៏ត្រូវបានអ៊ីស្រាអែលចូលកាន់កាប់នាអំឡុងសង្រ្គាមនៅមជ្ឈិមបូព៌ាឆ្នាំ១៩៦៧ ហើយបច្ចុប្បន្នដែនដីមួយចំណែកធំនៃតំបន់នេះ កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល ប៉ុន្តែពុំទាន់មានការទទួលស្គាល់ពីអន្តរជាតិនៅឡើយទេ៕ម.ន

  • វៀតណាមកំពុងទទួលរងការគំរាមកំហែងខ្លំាងដោយសារជំងឺប៉េស្តជូ្រកអាហ៊្វ្រិក

    វៀតណាមកំពុងទទួលរងការគំរាមកំហែងខ្លំាងដោយសារជំងឺប៉េស្តជូ្រកអាហ៊្វ្រិក

    វៀតណាម៖ ជំងឺប៉េស្តជ្រូកអាហ៊្វ្រិក ASF បាននិងកំពុងរីករាលដាលក្នុងទីក្រុង និងខេត្តសរុបចំនួន១៩ហើយនៅវៀតណាម ក្នុងគ្រាដែលសត្វជ្រូកជិត៣៤,៨០០ក្បាលត្រូវបានសម្លាប់ចោល នេះបើតាមការបញ្ជាក់របស់នាយកដ្ឋានសុខភាពសត្វវៀតណាម។ ជំងឺប៉េស្តជ្រូកអាហ៊្វ្រិក គឺជាជំងឺឆ្លងធ្ងន់ធ្ងរមួយ ដែលប៉ះពាល់លើជ្រូកស្រុក និងជ្រូកព្រៃ ដែលអាចរីករាលដាលតាមរយៈសត្វជ្រូកងាប់ ឬរស់ ព្រមទាំងផលិត ផលសាច់ជ្រូក ប៉ុន្តែបើតាមអង្គការសុខភាពសត្វពិភពលោក OIE ជំងឺនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ គឺវាកើតឡើងចំពោះតែសត្វជ្រូកប៉ុណ្ណោះ បើទោះវានៅពុំទាន់មានថ្នាំបង្ការក៏ដោយ។ ឆ្លើយតបនឹងបញ្ហានេះ រដ្ឋាភិបាលវៀតណាមបានបង្កើតគណៈកម្មាធិការជាតិមួយ ដើម្បីទទួលបន្ទុកទប់ស្កាត់ និងព្យាយាមប្រយុទ្ធប្រឆាំងជំងឺប៉េស្តជ្រូកអាហ៊្វ្រិកនេះ ក្រោមការដឹកនាំរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ចំនែកឯរដ្ឋាភិបាលឡាវក៏បានដាក់ចេញនូវវិធានការជាច្រើន សំដៅទប់ស្កាត់និងបង្ការជំងឺប៉េស្តជ្រូកអាហ៊្វ្រិកនេះផងដែរ៕ម.ន  

  • អ្នកវិទ្យាសាស្ត្រអះអាងថា ៣០ឆ្នាំចុងក្រោយនេះ គឺជាអំឡុងពេលដែលមានអាកាសធាតុក្តៅបំផុត

    អ្នកវិទ្យាសាស្ត្រអះអាងថា ៣០ឆ្នាំចុងក្រោយនេះ គឺជាអំឡុងពេលដែលមានអាកាសធាតុក្តៅបំផុត

    ចិន៖ រយៈពេល៣០ឆ្នាំចុងក្រោយនេះ គឺជាពេលដែលអាកាសធាតុក្ដៅបំផុត បើគិតក្នុងអំឡុងពេល២,០០០ឆ្នាំកន្លងមកនេះ ដោយសារឥទ្ធិពលឧស្ម័នផ្ទះកញ្ចក់ ដែលបង្កឡើងពីសកម្មភាពមនុស្សបន្តិចម្តងៗ នេះបើតាមការរកឃើញរបស់ការសិក្សាស្រាវជ្រាវរួមគ្នាមួយរបស់ក្រុមអ្នកវិទ្យាសាស្ត្រចិន និងអាម៉េរិក។ របាយការណ៍នៃការសិក្សាស្រាវជ្រាវខាងលើ ត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដីអន្តរជាតិ Earth and Planetary Science Letters ស្ដីពីបញ្ហាក្នុងខែមីនា ឆ្នាំ២០១៩នេះ។ ការសិក្សាស្រាវជ្រាវនេះដែរ ធ្វើឡើងក្រោមការដឹកនាំដោយមន្ទីរពិសោធន៍បរិស្ថានរបស់រដ្ឋចិន (State Key Laboratory of Lake Science and Environment) ដែលសិ្ថតនៅក្រោមគ្រប់គ្រងរបស់រាជបណ្ឌិតសភាវិទ្យាសាស្ត្រចិន សហការជាមួយអ្នកជំនាញមកពីសាកលវិទ្យាល័យអាមេរិក Columbia University។ បើតាមអ្នកវិទ្យាសាស្រ្តនៃក្រុមស្រាវជ្រាវនេះ តំបន់ខ្ពស់ៗគឺងាយនឹងទទួលរងឥទ្ធិពលពីបម្រែបម្រួលអាកាស ដោយកត្តាធម្មជាតិចម្បងៗគេ ដែលធ្លាប់តែប៉ះពាល់ដល់អាកាសធាតុ គឺវិទ្យុសកម្មរបស់ព្រះអាទិត្យ ហើយនិងសកម្មភាពបន្ទុះភ្នំភ្លើង ក៏ប៉ុន្តែមកដល់ចុងសតវត្សរ៍ទី២០ ឧស្ម័នផ្ទះកញ្ចក់ដែលកើតឡើងចេញពីសកម្ម ភាពមនុស្ស បានក្លាយជាមូលហេតុធំជាងគេបំផុត នៃការកើនឡើងសីតុណ្ហភាពទូទាំងពិភពលោក៕ម.ន  

  • ចំនួនអ្នកស្លាប់កើនជិត៥០នាក់ ក្នុងហេតុការណ៍ផ្ទុះរោងចក្រគីមីនៅចិន

    ចំនួនអ្នកស្លាប់កើនជិត៥០នាក់ ក្នុងហេតុការណ៍ផ្ទុះរោងចក្រគីមីនៅចិន

    ចិន៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារករណីផ្ទុះដ៏ខ្លាំងមួយនៅឯរោងចក្រគីមីមួយកន្លែង ស្ថិតនៅភាគខាងកើតប្រទេសចិន បានបន្តកើនឡើងដល់៤៧នាក់ហើយ និង៦៤០នាក់ផ្សេងទៀតរងរបួស នេះបើតាមការបញ្ជាក់របស់អាជ្ញាធរចិននៅថ្ងៃសុក្រនេះ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ហេតុការណ៍ផ្ទុះដ៏អាក្រក់នេះ បានកើតឡើងនៅម៉ោង១៤និង៥០នាទីរសៀលថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ នៅឯរោងចក្រគីមីមួយកន្លែង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ធានជាយី ស្ថិតក្នុងទីក្រុង យ៉ានឆេង ខេត្ត ជាំងស៊ូ ភាគខាងកើតប្រទេសចិន។ រហូតមកទល់នឹងពេលនេះ អ្នករបួសទំាង៦៤០នាក់នោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យចំនួន១៦នៅក្នុងតំបន់កើតហេតុ ខណៈមិនទាន់មានការបញ្ជាក់ពីមូលហេតុ ដែលបានបង្កការផ្ទុះនេះនៅឡើយទេ ស្របពេលដែលការស៊ើបអង្កេតកំពុងធ្វើឡើងយ៉ាងមមាញឹក៕ធ.ដ

  • ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកកោះហៅថ្នាក់ដឹកនាំក្រុមហ៊ុន Boeing ផ្តល់សក្ខីកម្ម ជុំវិញករណីធ្លាក់យន្តហោះ 737 MAX 8 ទាំងពីរលើក

    ព្រឹទ្ធសភាសហរដ្ឋអាម៉េរិកកោះហៅថ្នាក់ដឹកនាំក្រុមហ៊ុន Boeing ផ្តល់សក្ខីកម្ម ជុំវិញករណីធ្លាក់យន្តហោះ 737 MAX 8 ទាំងពីរលើក

    សហរដ្ឋអាម៉េរិក៖ ព្រឹទ្ធសភាអាម៉េរិក នៅថ្ងៃពុធនេះ បានកោះហៅបណ្តាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ប៊ូអ៊ីង ឲ្យចូលផ្តល់សក្ខីកម្ម ពាក់ព័ន្ធនឹងករណីធ្លាក់យន្ត ហោះ 737 MAX 8 ចំនួនពីរគ្រឿងក្នុងអំឡុងប៉ុន្មានខែចុងក្រោយនេះ។ នេះគឺជាលើកដំបូងហើយ ដែលគណៈកម្មាធិការនៃព្រឹទ្ធសភាអាម៉េរិក បានកោះហៅថ្នាក់ដឹកនាំ Boeing ឲ្យចូលបង្ហាញខ្លួន ដើម្បីសាកសួរនាំអំពីការធ្លាក់យន្តហោះដឹកអ្នកដំណើរ 737 MAX 8 ដែលបានកើតមានមួយលើកកាលពីខែតុលា ឆ្នាំ២០១៨ នៅឥណ្ឌូណេស៊ី និងមួយលើកទៀតកាលពីថ្ងៃទី១០ ខែមីនា នៅអេត្យូពី ប៉ុន្តែមិនមានការបញ្ជាក់ថា ការផ្តល់សក្ខីកម្មនេះ នឹងរៀបចំឡើងនៅថ្ងៃណាឲ្យប្រាកដនៅឡើយទេ។ ដោយឡែក នៅថ្ងៃទី២៧ ខែមីនាខាងមុខ អនុគណៈកម្មធិការពាណិជ្ជកម្មនៃព្រឹទ្ធសភាអាម៉េរិកទទួលបន្ទុកផ្នែកអាកាសចរណ៍ និងអវកាសដដែល ក៏នឹងធ្វើការសួរនាំទៅលើក្រុមមន្រ្តីនៃអាជ្ញាធរអាកាសចរណ៍អាម៉េរិក FAA ផងដែរ ហើយសំណួរអាចពាក់ព័ន្ធថា ហេតុអ្វីបានជាស្ថាប័នត្រួតពិនិត្យផ្នែកអាកាសចរណ៍នេះ បានយល់ព្រមផ្តល់ការអនុញ្ញាតឲ្យយន្តហោះ 737 MAX 8 ហោះហើរ កាលពីខែមីនា ឆ្នាំ២០១៧ ដោយមិនតម្រូវឲ្យមានការបំពាក់បំប៉នសមត្ថភាពគ្រប់ជ្រុងជ្រោយបន្ថែមសម្រាប់អាកាសយានិក៕ធ.ដ

  • លិចសាឡង់ដឹកមនុស្សលើសចំណុះមួយគ្រឿងនៅភាគខាងជើងអ៊ីរ៉ាក់ ស្លាប់៤៥នាក់

    លិចសាឡង់ដឹកមនុស្សលើសចំណុះមួយគ្រឿងនៅភាគខាងជើងអ៊ីរ៉ាក់ ស្លាប់៤៥នាក់

    អ៊ីរ៉ាក់៖ ក្រសួងមហាផ្ទៃអ៊ីរ៉ាក់បានឲ្យដឹងនាថ្ងៃព្រហស្បតិ៍តនេះថា មនុស្សចំនួន៤៥នាក់ បានបាត់បង់ជីវិត នៅពេលសាឡង់ដឹកអ្នកដំណើរលើសចំណុះមួយគ្រឿង បានលិចនៅលើដងទន្លេ Tigris ក្បែរទីក្រុងម៉ូស៊ូលភាគខាងជើងប្រទេស។ បើតាមប្រធានអាជ្ញាធរការពារជនស៊ីវិលនៃទីក្រុងម៉ូស៊ូល លោក Husam Khalil សាឡង់ខាងលើនេះ អាចមានដឹកមនុស្សប្រមាណជា២០០នាក់ ដែលភាគច្រើនជាស្រ្តី និងកុមារ ហើយអ្នកស្លាប់ភាគច្រើនក៏ជាស្រ្តី និងកុមារផងដែរ ដែលពុំចេះហែលទឹក ខណៈដងទន្លេ Tigris ជាទីដែលសាឡង់បានលិចនោះ មានទឹកហូរក្នុងល្បឿនយ៉ាងលឿនថែមទៀតផង។ សូមជម្រាបថា ក្រុមជួយសង្រ្គោះកំពុងប្រឹងប្រែងយ៉ាងសកម្ម ដើម្បីបន្តស្រង់ជនរងគ្រោះចេញពីទឹកទន្លេ ខណៈមនុស្សប្រហែល៣០នាក់ ត្រូវបាននាំយកចេញពីក្នុងផ្ទៃទឹកដោយសុវត្ថិភាព៕ធ.ដ