-
រដ្ឋធានីរបស់ប្រទេសហ្វីលីពីនខ្វះទឹកប្រើប្រាស់យ៉ាងធ្ងន់ មិនធ្លាប់ជួបជិត១០ឆ្នាំមកនេះ

សារព័ត៌មាន Bloomberg បានចេញផ្សាយថា រដ្ឋធានីម៉ានីឡា នៃប្រទេសហ្វីលីពីន ដែលមានប្រជាជនប្រមាណជា២លាននាក់ បានជួបប្រទះបញ្ហាកង្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ដែលមិនធ្លាប់មានក្នុងរយៈពេលជិត១ទសវត្ស។ ប្រភពថា ការផ្គត់ផ្គង់ទឹកចាប់ផ្ដើមមានបញ្ហាអាក់រអួលនៅតាមភូមិតូចៗជាច្រើនចាប់តាំងពីដើមខែមីនាមក ហើយក៏បានប៉ះពាល់ដល់ទីក្រុងទាំងមូលកាលពីសប្ដាហ៍មុន។ សង្កាត់ខ្លះ ត្រូវបានផ្ដាច់ទឹករយៈពេលជាច្រើនថ្ងៃ ដោយសារទឹកក្នុងទីក្រុងម៉ានីឡាមានកង្វះខាតរហូតដល់ជាង១៤០លានលីត្រក្នុងមួយថ្ងៃ។ អាជ្ញាធរឲ្យដឹងថា បញ្ហានេះកើតឡើងដោយសារកម្ពស់ទឹកធ្លាក់ចុះក្រោម៦៩ម៉ែត្រនៅទំនប់ទឹក La Mesa ដែលជាប្រភពទឹកសម្រាប់ផ្គត់ផ្គង់យ៉ាងសំខាន់ដល់ទីក្រុង ហេតុដូច្នេះ ទើបមិនមានទឹកហូរទៅកាន់រោងចក្រចម្រោះ Manila Water។ ជាការឆ្លើយតបនឹងបញ្ហានេះ ប្រធានាធិបតីហ្វីលីពីនលោក ឌូតឺតេ បានបញ្ជាកាលពីថ្ងៃសុក្រឲ្យបញ្ចេញទឹកពីទំនប់ Angat រយៈពេល ១៥០ថ្ងៃស្មើនឹង ៦០០ ០០០លានលីត្រដើម្បីផ្គត់ផ្គង់ដល់តម្រូវការ។ សូមរម្លឹកថា វិបត្តិខ្វះខាតទឹកប្រើប្រាស់នេះ ធ្លាប់កើតឡើងម្ដងដែរក្នុងប្រទេសហ្វីលីពីន កាលពីឆ្នាំ ២០១០ ដែលប្រទេសនេះរងគ្រោះដោយសាររលកកម្ដៅ El Nino ហើយផ្ទះនីមួយៗមិនមានទឹកប្រើប្រាស់ជាច្រើនម៉ោងក្នុងមួយថ្ងៃៗ៕ធ.ដ
-
មេដឹកនាំប្រេស៊ីលធ្វើទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានធ្វើដំណើរមកដល់សហរដ្ឋអាម៉េរិកអមដោយរដ្ឋមន្ត្រី៦នាក់ ស្ថិតក្នុងគោលបំណងពង្រឹងពង្រីកការធ្វើពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការការទូតរវាងប្រទេសទាំងពីរ។ បើតាមការគ្រោងទុកនោះ លោក Bolsonaro នឹងជួបជាមួយប្រធានាធិបតីអាម៉េរិកលោក Donald Trump នៅថ្ងៃអង្គារ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីពិភាក្សាអំពីបញ្ហាជាច្រើន ក្នុងនោះរួមទាំងមធ្យោបាយបង្កើនការវិនិយោគឯកជនរបស់អាម៉េរិកនៅ ប្រេស៊ីល និងវិធីដោះស្រាយវិបត្តិនយោបាយនៅវ៉េណេស៊ុយអេឡាផងដែរ។ ប្រទេសប្រេស៊ីល កំពុងស្វែងរកការជ្រោមជ្រែងពីសហរដ្ឋអាម៉េរិកឲ្យជួយខ្លួន បានចូលជាសមាជិកអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ ក៏ដូចជាដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម។ បើតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់អាម៉េរិក សហរដ្ឋអាម៉េរិក មានផលលើសផ្នែកពាណិជ្ជកម្មចំនួន២៧ពាន់លានដុល្លារជាមួយនឹងប្រទេសប្រេស៊ីល និងមានឱកាសដើម្បីឲ្យសហគមន៍អាជីវកម្មប្រទេសទាំងពីរកាន់តែខិតជិតគ្នា៕ធ.ដ
-
រុស្ស៊ីប្រារព្ធពិធីរំលឹកខួប៥ឆ្នាំ នៃការបង្រួបបង្រួមទឹកដីឧបទ្វីបគ្រីមៀជាមួយប្រទេសខ្លួន

រុស្ស៊ី៖ សហព័ន្ធរុស្ស៊ីបានរៀបចំពិធីរំលឹកខួបលើកទី៥ នៃការផ្តាច់ខ្លួនរបស់ឧបទ្វីប គ្រីមៀ ពីអ៊ុយក្រែន ដើម្បីចូលមករួមរស់ជាមួយខ្លួននៅថ្ងៃច័ន្ទសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅកំពង់ផែនាសមុទ្រខ្មៅ ខណៈប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទី បានបង្ហាញវត្តមានជាអធិបតីក្នុងពិធីគម្រប់ខួបដ៏ធំនេះផងដែរ ជាមួយប្រជាជនជាងមួយម៉ឺននាក់។ សូមរំលឹកថា កាលពីឆ្នាំ២០១៤ រុស្ស៊ីបានក្រសោបយកទឹកដីគ្រីមៀ ពីអ៊ុយក្រែន បន្ទាប់ពីការរៀបចំប្រជាមតិមួយនៅទីនោះ ហើយនៅថ្ងៃ១៨ ខែមីនា លោក ពូទីន សម្រេចចុះហត្ថលេខាលើសន្ធិសញ្ញាមួយ កំណត់យកទឹកដីនេះ ស្ថិតក្រោមឧបសម្ព័ន្ធរបស់ខ្លួនផងដែរ។ ការដណ្តើមយកមកវិញនូវទឹកដីគ្រីមៀ ដែលជាទឹកដីយុទ្ធសាស្ត្រសម្រាប់កងទ័ពជើងទឹករុស្ស៊ីនេះ ធ្វើឲ្យប្រជាប្រិយភាពរបស់លោក ពូទីន កើនឡើងក្នុងចំណោមប្រជាជនរុស្ស៊ីទូទៅដែរ។ យ៉ាងណាមិញ ឆ្លើយតបនឹងសកម្មភាពរបស់រុស្ស៊ីខាងលើនេះ សហគមន៍អន្តរជាតិនៅតែបន្តថ្កោលទោសទីក្រុងម៉ូស្គូ និងបដិសេធភាពស្របច្បាប់ ក្នុងការគ្រប់គ្រងទឹកដីនេះដដែល។ ជាក់ស្តែងកាលពីសប្តាហ៍មុននេះ អាម៉េរិក កាណាដា និងអឺរ៉ុប បានដាក់ទណ្ឌកម្មថ្មីទៀតប្រឆាំងលើមន្ត្រី និងអ្នកជំនួញរុស្ស៊ីមិនតិចជាង១០នាក់ឡើយ ដោយចោទថា រុស្ស៊ីបន្តសកម្មភាពឈ្លានពានអ៊ុយក្រែនដដែល ៕ធ.ដ
-
ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះស៊ីក្លូន Idai វាយប្រហារប្រទេសម៉ូសំប៊ិក រំពឹងថា នឹងបន្តកើនឡើងច្រើនជាង១,០០០នាក់

ម៉ូសំប៊ិក៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារខ្យល់ព្យុះស៊ីក្លូន អ៊ីដៃ (Idai) និងគ្រោះទឹកជំនន់នៅក្នុងប្រទេសម៉ូសំប៊ិក អាចនឹងបន្តកើនឡើងលើស១,០០០នាក់ ដែលច្រើនជាងចំនួននាបច្ចុប្បន្ន។ នេះបើតាមការអះអាងរបស់ប្រធានាធិបតីម៉ូសំប៊ិក លោក ហ្វីលីប នីយូស៊ី។ ថ្លែងប្រាប់វិទ្យុក្នុងស្រុកនាថ្ងៃចន្ទនេះ ប្រធានាធិបតីម៉ូសំប៊ិក បានបញ្ជាក់ទៀតថា គិតមកទល់នឹងពេលនេះ មនុស្ស៨៤នាក់ហើយបានស្លាប់ បន្ទាប់ពីការវាយប្រហាររបស់ព្យុះស៊ីក្លូន អ៊ីដៃ និងគ្រោះទឹកជំនន់ ស្របពេលដែលប្រទេសម៉ាឡាវី និងស៊ីមបាវ៉េ សុទ្ធតែរងគ្រោះដោយសារខ្យល់ព្យុះដ៏កំណាចនេះដែរ។ មិនតែប៉ុណ្ណោះ ព្យុះស៊ីក្លូន អ៊ីដៃ នេះដែរ ក៏បានឆក់យកអាយុជីវិតមនុស្ស៩៨នាក់ និងច្រើនជាង២០០នាក់ បាត់ខ្លួននៅក្នុងប្រទេសស៊ីមបាវ៉េ ផងដែរ ចំណែកឯមនុស្ស៥៦នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតនៅប្រទេសម៉ាឡាវី កាលពីសប្ដាហ៍មុន ហើយមកទល់ពេលនេះ ចំនួនអ្នកស្លាប់ថ្មីទៀត មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ៕ធ.ដ
-
មន្រ្តីជាន់ខ្ពស់កូរ៉េខាងត្បូង៖ ខ្លួននឹងជំរុញពន្លឿនកិច្ចចរចាយោធាជាមួយកូរ៉េខាងជើង

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ខ្លួននឹងជំរុញឱ្យមានកិច្ចចរចាផ្នែកយោធាជាមួយកូរ៉េខាងជើង ក្នុងការបង្កើតវិធានការជាក់ស្តែង សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងយោធា។ នេះបើតាមរបាយការណ៍មួយរបស់ក្រសួងការពារជាតិបញ្ជូនទៅកាន់គណៈកម្មាធិការការពារជាតិរបស់សភា។ កិច្ចព្រមព្រៀងយោធានេះ ត្រូវបានធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំកំពូលអន្តរកូរ៉េជាលើកទី៣ នៅក្នុងទីក្រុងព្យុងយ៉ាង កាលពីចុងខែកញ្ញាកន្លងទៅ ហើយស្ថិតក្រោមកិច្ចព្រៀមព្រៀងនេះ ភាគីទាំងពីរបានសន្យាថា នឹងបញ្ឈប់រាល់សកម្មភាពអរិភាពទាំងអស់ រួមមានទំាងនៅលើដី ទឹក និងអាកាស ដែលស្ថិតនៅក្បែរបន្ទាត់កំណត់ព្រំដែនយោធា (MDL)។ បន្ថែមលើនេះ ខាងភាគីអាជ្ញាធរយោធាកូរ៉េខាងត្បូង បានផ្តល់ដំណឹងទៅកាន់ភាគីកូរ៉េខាងជើងរួចរាល់ហើយ ពាក់ព័ន្ធនឹងផែនការរបស់ខ្លួន ក្នុងការជំរុញលើកកម្ពស់កិច្ចចរចាយោធារវាងប្រទេសទាំងពីរ តាមរយៈបណ្តាញទំនាក់ទំនងយោធា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានយ៉ុនហាប់៕ធ.ដ
-
តួកគី និងអ៊ីរ៉ង់ ព្រមព្រៀងធ្វើប្រតិបត្តិការរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឃើដ

តួកគី៖ រដ្ឋាភិបាលតួកគី និងអ៊ីរ៉ង់ នៅថ្ងៃច័ន្ទនេះ បានព្រមព្រៀងគ្នាផ្តោតសំខាន់ក្នុងការចូលរួមប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ដែលកើតចេញពីបក្សពលករឃើដ (PKK) នេះបើតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃតួកគី លោក ស៊ូលេម៉ាន់ ស៊យលូ ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ។ ទន្ទឹមគ្នានោះដែរ លោក ស៊យលូ បាននិយាយថា យើងចាប់ផ្តើមផ្តោតសំខាន់ក្នុងប្រតិបត្តិការមួយជាមួយអ៊ីរ៉ង់ ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាម PKK នៅឯភាគខាងកើតព្រំដែនយើងនៅព្រឹកនេះ ហើយនឹងធ្វើការប្រកាសលទ្ធផលផងដែរ។ គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធ PKK ត្រូវបានចាត់ទុកថា ជាក្រុមភេវរករមួយពីសំណាក់ប្រទេសតួកគី សហរដ្ឋអាម៉េរិក និងអឺរ៉ុប ហើយកន្លងមក យោធាតួកគីតែងតែបើកការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងនឹងពួកឧទ្ទាមនេះនៅឯភាគខាងជើងអ៊ីរ៉ាក់ ក៏ដូចជាតាមចាប់ខ្លួនសមាជិករបស់ក្រុមនេះនៅតួកគីផងដែរ៕ធ.ដ
-
អ្នកវិទ្យាសាស្រ្តអះអាងថា នឹងបញ្ចេញរូបភាពពិតនៃប្រហោងខ្មៅយក្សលើកដំបូងបំផុត នៅឆ្នាំ២០១៩នេះ

សហរដ្ឋអាម៉េរិក៖ ក្នុងពេលដ៏ខ្លីខាងមុខ យើងទាំងអស់គ្នានឹងអាចមើលឃើញរូបភាពពិតដំបូងបំផុតមិនធ្លាប់មាននៃប្រហោងខ្មៅយក្ស (Super Massive Black Hole) ដែលកំពុងពួនសម្ងំនៅកណ្តាលបេះដូងរបស់លំហកាឡាក់ស៊ី នេះបើតាមការបញ្ជាក់របស់អ្នកវិទ្យាសាស្រ្ត។ ប្រធានដឹកនាំគម្រោងស្រាវជ្រាវខាងលើនេះ គឺលោក ហ្ស៊ឺភើត ដូលេមែន បានបញ្ជាក់ថា រូបលោក និងក្រុមការងារមានសុទិដ្ឋិនិយមខ្ពស់ថា ការបង្កើតរូបភាពពិតជាលើកដំបូង នៃប្រហោងខ្មៅ (Black Hole) នឹងទទួលបានជោគជ័យ ស្របពេលដែលកិច្ចការគ្រប់យ៉ាងជិតរួចរាល់ជាស្ថាពរហើយ។ លោកបានសង្កត់ធ្ងន់ថា រូបភាពដំបូងទាំងនេះ នឹងត្រូវបានបញ្ចេញជាផ្លូវការក្នុងឆ្នាំ២០១៩នេះ ដោយពួកវាគឺជាសមិទ្ធផលបានមកពីកិច្ចប្រឹងប្រែងជាសកល ក្នុងការបង្កើតបណ្តាញតេឡេស្កូបនិម្មិតមួយ (Virtual Telescope) ទំហំប៉ុនផែនដី ហៅថា អ៊ីវេន ហឺរីហ្សូន តេលេស្កុប (Event Horizon Telescope) ដើម្បីថតយករូបភាពប្រហោងខ្មៅធំៗដែលនៅជិតៗ៕ធ.ដ
-
ថ្នាក់ដឹកនាំក្រុមហ៊ុន Boeing នឹងចាត់វិធានការស្វែងរកការពិតនៃការធ្លាក់យន្តហោះនៅប្រទេសអេត្យូពី

សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន ប៊ូអ៊ីង បាននិងកំពុងចាត់វិធានការ ដើម្បីធានាសុវត្ថិភាពពេញលេញរបស់យន្ដហោះត្រកូល ៧៣៧ មិច ដោយផ្អែកលើអ្វីដែលបានរកឃើញ ក្នុងការស៊ើបអង្កេតទាក់ទិននឹងករណីធ្លាក់យន្ដហោះនៅអេត្យូពី។ នេះបើតាមការបញ្ជាក់របស់នាយកប្រតិបត្តិក្រុមហ៊ុន ប៊ូអ៊ីង លោក ឌែននីស មុយឡេនប៊ឺក។ ហេតុការណ៍ធ្លាក់យន្ដហោះ ប៊ូអ៊ីង ៧៣៧ មិច៨ របស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី បានធ្វើឱ្យមនុស្ស១៥៧នាក់ស្លាប់ ហើយមូលហេតុធ្លាក់ ត្រូវបានសន្និដ្ឋានថា មានភាពស្រដៀងគ្នានឹងករណីធ្លាក់យន្ដហោះប្រភេទនេះ របស់ក្រុមហ៊ុនអាកាសចរ ឡាយអិន អ៊ែរ នៅឥណ្ឌូណេស៊ី ដែលបណ្តាលឱ្យមនុស្ស១៨៩នាក់ស្លាប់កាលពីចុងខែតុលា ឆ្នាំ២០១៨ ដោយទាក់ទិននឹងដំណើរការនៃប្រព័ន្ធចង្អុលប្រាប់ទិសស្វ័យប្រវត្តិ នៅពេលដែលយន្តហោះជួបគ្រាអាសន្នភ្លាមៗ។ យ៉ាងណាមិញ តាមរយៈសេចក្ដីថ្លែងការណ៍មួយនៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ នាយកប្រតិបត្តិក្រុមហ៊ុន ប៊ូអ៊ីង រូបនេះ បានអះអាងថា ខ្លួនកំពុងចាត់វិធានការនានា ដើម្បីធានាសុវត្ថិភាពរបស់យន្ដហោះត្រកូល ៧៣៧ មិច យ៉ាងពេញសំដៅទប់ស្កាត់សោកនាកម្មនាពេលអនាគត កុំឲ្យកើតឡើងទៀត៕ធ.ដ
-
ក្រុមអ្នកស្រាវជ្រាវរកឃើញថង់ប្លាស្ទិកប្រមាណ៤០គីឡូក្រាមនៅក្នុងពោះត្រីបាឡែនងាប់មួយក្បាលនៅឆ្នេរសមុទ្រហ្វីលីពីន

ហ្វីលីពីន៖ ត្រីបាឡែនមួយក្បាលត្រូវបានគេប្រទះឃើញងាប់ និងបានស្រង់ចេញពីទឹកសមុទ្រនៅហ្វីលីពីន កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយជាមួយគ្នានេះ អ្នកស្រាវជ្រាវពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយរកឃើញថង់ប្លាស្ទិកប្រមាណ៤០គីឡូក្រាមក្នុងពោះរបស់វា ។ បើតាមក្រុមអ្នកស្រាវជ្រាវផ្នែកសមុទ្រមកពីសារមន្ទីរ The D’ Bone Collector ក្នុងទីក្រុង Davao កោះ Mindanao បន្ទាប់ពីពិនិត្យសាកសពត្រីបាឡែននេះរួច ពួកគេបានរកឃើញថង់ប្លាស្ទិកប្រមាណ៤០គីឡូក្រាម រួមមានបាវអង្ករចំនួន១៦ ថង់ច្រកផ្លែចេកចំនួន៤ និងថង់ទំនិញជាច្រើនប្រភេទទៀត នៅក្នុងពោះរបស់សត្វត្រីបាឡែននេះ ។ យោងតាមរបាយការណ៍ឆ្នាំ២០១៧របស់អង្គការ Ocean Conservancy បានបង្ហាញថា ចិន ឥណ្ឌូណេស៊ី ថៃ និងវៀតណាមកំពុងបោះចោលផ្លាស្ទិកចូលទៅក្នុងមហាសមុទ្រ ច្រើនជាងប្រទេសនៅទូទាំងពិភពលោក បូកបញ្ចូលគ្នាទៅទៀត ។ បើតាមអ្នកជីវវិទូផ្នែកសមុទ្រឈ្មោះថា Darrell Blatchley ដែលជាម្ចាស់នៃសារមន្ទីរ D’Bone Collector បាននិយាយថា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ក្រោយពិនិត្យលើសត្វផ្សោតសមុទ្រ និងត្រីបាឡែនប្រមាណ៥៧ក្បាល ក្នុងចំណោមសត្វត្រីទាំងនោះ ត្រូវបានរកឃើញថា ស្លាប់ដោយសារតែសំរាម និងប្លាស្ទិកនៅក្នុងពោះ ៕ …
-
នាយករដ្ឋមន្រ្តីនូវែលសេឡង់ ប្តេជ្ញាធ្វើកំណែទម្រង់ច្បាប់គ្រប់គ្រងកាំភ្លើង

នូវែលសេឡង់៖ នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី Jacinda Ardern បានសន្យាថា នឹងធ្វើកំណែទម្រង់ច្បាប់គ្រប់គ្រងកាំភ្លើងក្នុងរយៈពេល១០ថ្ងៃខាងមុខ ប៉ុន្តែលោកស្រីមិនបានបញ្ជាក់លម្អិតទាក់ទងនឹងកិច្ចការកែទម្រង់នេះឡើយ។ នាយករដ្ឋមន្រ្តីនូវែលសេឡង់រូបនេះ បានសង្កត់ធ្ងន់ថា ការកើតទុក្ខព្រួយ ភ្លើងកំហឹង និងសំណួរជាច្រើនដែលត្រូវបានចម្លើយបានកើតមានឡើង ក្រោយមនុស្ស៥០នាក់ត្រូវបានសម្លាប់ នៅពេលខ្មាន់កាំភ្លើងបើកការបាញ់ប្រហារទៅលើព្រះវិហារអ៊ីស្លាមពីរកន្លែង ខណៈអ្នករងរបួសច្រើនជាង៣០នាក់ទៀតកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ ការអះអាងបែបនេះ របស់លោកស្រី Jacinda Ardern ត្រូវបានធ្វើឡើង បន្ទាប់ពីផ្ទុះករណីបាញ់ប្រហារដ៏អាក្រក់បំផុតមួយនៅឯព្រះវិហារអ៊ីស្លាមចំនួន០២កន្លែង ក្នុងទីក្រុងក្រៃឆឺច ដែលស្ថិតនៅបណ្តោយឆ្នេរភាគខាងកើតប្រទេស៕ធ.ដ