-
វៀតណាម-ជប៉ុន ចុះកិច្ចព្រមព្រៀងផលិត និងចែកចាយស៊ុតថ្មីៗ

ក្រុមហ៊ុននៅវៀតណាម និងក្រុមហ៊ុននៅជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការ កាលពីពេលថ្មីៗនេះ ស្តីពីការផលិតនិងចែកចាយស៊ុតថ្មីៗ នេះបើតាមសារព័ត៌មាន Vietnamplus។ ក្រុមវៀតណាមឈ្មោះថា Ba Huan Joint Stock នឹងទទួលខុសត្រូវលើការផ្គត់ផ្គង់ ខណៈដែលក្រុមហ៊ុនជប៉ុនឈ្មោះថា Ise Foods Inc នឹងចែកចាយផលិតផល នៅទីផ្សារអន្តរជាតិជប៉ុន និងបណ្តាហាងនានា ក្នុងប្រទេសវៀតណាម។ Ba Huan ត្រូវធានាថា ស៊ុតទាំងនេះត្រូវមានស្តង់ដារបស់ជប៉ុន ជាមួយនឹងដំណើរការរក្សាទុកនិងការបង្កាត់ពូជយកចិត្តទុកដាក់ខ្ពស់។ តំណាងក្រុមហ៊ុនជប៉ុនថា គេមានគោលដៅជំរុញគម្រោងអភិវឌ្ឍន៍ ដើម្បីចែកចាយស៊ុតថ្មីៗ ទៅបណ្តាប្រទេសជាច្រើន ជាពិសេស នៅអាស៊ី៕ធ.ដ
-
ធនាគារកសិកម្មថៃទម្លាក់ប្រាក់ជួយដល់កសិករប៉ះពាល់ ដោយសារគ្រោះរាំងស្ងួត

ធនាគារកិច្ចសហប្រតិបត្តិការកសិកម្ម-កសិកម្ម គ្រប់គ្រងដោយរដ្ឋនៅប្រទេសថៃ ហៅកាត់ថា BAAC បានសម្រេចដាក់ចេញវិធានការសង្គ្រោះទប់ទល់នឹងបញ្ហារាំងស្ងួត ដោយផ្តល់ជូនដល់កសិករនូវផែនការថវិកា៣ឆ្នាំ សម្រាប់ទូទាត់លើការវិនិយោគ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃទី១៨ មីនា ២០១៩នេះ។ ប្រភពថា វិធានការនេះត្រូវបានរៀបចំ ដើម្បីទប់ទល់នឹងការព្យាករណ៍ទុកថា ឆ្នាំនេះ ភ្លៀងធ្លាក់តិចតួច បង្កការប៉ះពាល់ដល់ប្រជាកសិករ ដែលជាប់បំណុលរដ្ឋ នេះបើតាមលោក Apirom Sukprasert ប្រធានធនាគារ BAAC។ លោកបន្តថា ទោះបីជា ថ្មីៗនេះ រដ្ឋាភិបាលបានផ្តល់ការពន្យារពេលទូទាត់បំណុលដើម៣ឆ្នាំ សម្រាប់កសិកររួចហើយក៏ដោយ ប៉ុន្តែកសិករនៅតែប្រឈមនឹងបំណុលការប្រាក់។ ធនាគារនឹងផ្តល់ប្រាក់ទូទាត់រយៈពេល៣ឆ្នាំ ក្នុងករណី ដែលភាពរាំងស្ងួតនៅតែប៉ះពាល់ដល់ចំណូលរបស់ពួកគាត់៕ធ.ដ
-
ប្រជាជនថៃយ៉ាងច្រើនកុះករសម្រុកចេញទៅបោះឆ្នោត មុនថ្ងៃបោះឆ្នោតផ្លូវការនៅប្រទេសថៃ

ថៃ៖ ពលរដ្ឋថៃរាប់សែននាក់ នៅថ្ងៃអាទិត្យម្សិលមិញនេះ បានសម្រុកចេញទៅបោះឆ្នោតមុនថ្ងៃបោះឆ្នោតផ្លូវការ នៅតាមមណ្ឌលបោះឆ្នោតនានា នៅតាមសាលារៀន កន្លែងចតរថយន្ត និងវត្តអារាមនានានៅទូទាំងប្រទេស។ ជាទូទៅ ពលរដ្ឋថៃមិនសូវចាប់អារម្មណ៍រឿងបោះឆ្នោតមុនថ្ងៃបោះឆ្នោតផ្លូវការទេ ប៉ុន្តែសម្រាប់ការបោះឆ្នោតមុនកាលកំណត់នៅថ្ងៃអាទិត្យ សប្តាហ៍មុននេះវិញ ប្រជាជនថៃហាក់ដូចជាមានអារម្មណ៍ច្រាស់ច្រាល់ខ្លាំង ដោយនំាគ្នាសម្រុកចេញមកបោះឆ្នោត។ បើតាមប្រភពនោះ ពលរដ្ឋថៃជាង៥១លាននាក់ មានសិទ្ធិបោះឆ្នោតនៅថ្ងៃទី២៤ ខែមីនាខាងមុខ ខណៈការបោះឆ្នោតនេះ នឹងធ្វើឡើងនៅក្រោមច្បាប់រដ្ឋធម្មនុញ្ញថ្មីដែលតាក់តែងដោយរបបយោធា។យ៉ាងណាមិញ អ្នកវិភាគមួយចំនួនបានលើកឡើងថាថា ប្រព័ន្ធបោះឆ្នោតថ្មីនេះ នឹងមានការលម្អៀងទៅរកគណបក្សដែលគាំទ្ររបបយោធា ប៉ុន្តែអ្នកបោះឆ្នោតកាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅតែមានក្ដីសង្ឃឹមថា នឹងមានការផ្លាស់ប្ដូរ៕ម.ន
-
រុស្ស៊ីប្រតិកម្មយ៉ាងខ្លាំង ជុំវិញការដាក់ទណ្ឌកម្មនានាពីសំណាក់សហរដ្ឋអាម៉េរិក កាណាដា និងសហភាពអឺរ៉ុប

រុស្ស៊ី៖ រដ្ឋាភិបាលក្រុងម៉ូស្គូបានលើកឡើងថា ខ្លួននឹងទាមទារឱ្យមានការស្រាយបំភ្លឺ ចំពោះទណ្ឌកម្មដែលសហរដ្ឋអាម៉េរិក កាណាដា និងសហភាពអឺរ៉ុប បានដាក់លើរុស្ស៊ី ទាក់ទិននឹងការវាយប្រហាររបស់រុស្ស៊ីកាលពីឆ្នាំ២០១៨ លើកប៉ាលអ៊ុយក្រែនចំនួន៣គ្រឿង ការទន្ទ្រានចូលកាន់កាប់ដែនដីគ្រៀមមៀ ហើយនឹងការបង្កសកម្មភាពរុស្ស៊ីនៅភាគខាងកើតប្រទេសអ៊ុយក្រែននោះ។ បើតាមរដ្ឋមន្រ្តីក្រសួងរតនាគារជាតិអាម៉េរិកលោក Steven Mnuchin គំនិតផ្តួចផ្តើមរួមជាមួយដៃគូរបស់យើងក្នុងសហភាពអឺរ៉ុប និងកាណាដា នេះ គឺត្រូវអនុវត្តឡើងវិញចំពោះការតាំងចិត្តរួមរបស់យើង ដើម្បីដាក់ទណ្ឌកម្មឲ្យចំគោលដៅ និងមានសារៈសំខាន់ ជាការឆ្លើយតបទៅនឹងការព្យាយាមរបស់រុស្ស៊ីដែលធ្វើព្រងើយចំពោះបទដ្ឋានអន្តរជាតិ និងធ្វើឲ្យខូចខាតដល់បូរណភាពដែនដី និងអធិបតេយ្យភាពអ៊ុយក្រែន។ សូមបញ្ជាក់ថា ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកបានផ្តោតសំខាន់លើបុគ្គលរុស្ស៊ី៦នាក់ និងសហគ្រាសចំនួន៨ ហើយតាមរយៈការដាក់ទណ្ឌកម្មនេះដែរ ទ្រព្យសម្បត្តិ និងផលប្រយោជន៍ក្នុងទ្រព្យសម្បត្តិរបស់បុគ្គលដែលជាប់ឈ្មោះទាំងអស់ ហើយនឹងក្រុមហ៊ុនរបស់ពួកគេត្រូវបង្កក ហើយពលរដ្ឋអាម៉េរិកជាទូទៅត្រូវហាមឃាត់មិនឲ្យមានទំនាក់ទំនងជាមួយជនទាំងអស់នោះទេ។ បន្ថែមលើនេះ ក្រុមហ៊ុនដែលបុគ្គលទាំងនោះមានកម្មសិទ្ធិចំនួន៥០ភាគរយ ឬច្រើនជាងនេះ ក៏ត្រូវបង្កកតាមប្រត្តិបត្តិការច្បាប់ដែរ៕ម.ន
-
សហរដ្ឋអាម៉េរិក និងជប៉ុន គ្រោងអភិវឌ្ឍន៍ប្រព័ន្ធរ៉ាដា Aegis ថ្មី

ជប៉ុន៖ ប្រភពពីការទូតបានប្រាប់ទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូ កាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា សហរដ្ឋអាម៉េរិក និងជប៉ុន កំពុងធ្វើការឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធរ៉ាដាថ្មី សម្រាប់នាវារបស់កងទ័ពជើងទឹកអាម៉េរិក ដែលបំពាក់ដោយប្រព័ន្ធរ៉ាដា Aegis ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនសមត្ថភាពការពារជាតិ។ ប្រភពបន្តថា ប្រព័ន្ធថ្មីនេះ មានបំណងទប់ទល់នឹងអាវុធថ្មីៗ រួមមានមីស៊ីលលឿនជាងសំឡេងដែលកំពុងបង្កើតឡើងដោយចិន និងរុស្ស៊ី ហើយថា ការសម្របសម្រួលលើគម្រោងនេះ បានឈានដល់ដំណាក់កាលចុងក្រោយហើយ។ បើតាមរបាយការណ៍នោះ ជប៉ុនកំពុងប្រើប្រាស់ការបណ្តាក់ទុនរួមគ្នានេះ ជាមធ្យោបាយមួយ ដើម្បីពង្រឹងការការពារជាតិរបស់ខ្លួន ប្រឆាំងនឹងការវាយប្រហារដែលអាចកើតមានឡើងពីកូរ៉េខាងជើង ដែលទីក្រុងតូក្យូចាត់ទុកថា ជាការគំរាមកំហែងដែលអាចកើតមានចំពោះសន្តិសុខជាតិរបស់ខ្លួន។ ទន្ទឹមនឹងនេះដែរ ទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូ បានរាយការណ៍ថា ការសម្រេចចិត្តរបស់ជប៉ុនក្នុងការចូលរួមក្នុងគម្រោងនេះ បានលើកឡើងពីការព្រួយបារម្ភថា គម្រោងនេះអាចត្រូវគេមើលឃើញថា ជាការលើកទឹកចិត្តដល់ការប្រណាំងប្រជែងសព្វាវុធរវាងមហាអំណាចលើពិភពលោក៕ម.ន
-
លោក ត្រាំ ចោទ Google ថា ជាអ្នកនៅពីក្រោយភាពជោគជ័យនៃបច្ចេកវិទ្យាវិស័យយោធារបស់ចិន

សហរដ្ឋអាម៉េរិក៖ តាមរយៈបណ្តាញសង្គម Twitter នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចោទប្រកាន់ក្រុមហ៊ុន Google ថា កំពុងតែជួយបង្កើនភាពជឿនលឿននៃវិស័យយោធាចិន តាមរយៈការធ្វើអាជីវកម្មនៅក្នុងប្រទេសអាស៊ីមួយនេះ។ ជុំវិញបញ្ហានេះដែរ កាលពីថ្ងៃទី១៤ ខែមីនាកន្លងទៅនេះ មេបញ្ជាការយោធាអាម៉េរិក លោក Joseph Dunford ក៏បានថ្លែងប្រាប់សភាផងដែរថា ក្រសួងការពារជាតិអាម៉េរិកមានការព្រួយបារម្ភខ្លាំងថា Google កំពុងជួយបង្កើនភាពជឿនលឿននៃវិស័យយោធារបស់ចិន តាមរយៈការធ្វើអាជីវកម្មក្នុងប្រទេសចិន។ យ៉ាងណាមិញ បើតាមការបកស្រាយរបស់រដ្ឋមន្រ្តីការពារជាតិស្តីទីរបស់អាម៉េរិក លោក Patrick Shanahan អាជីវកម្មរបស់ក្រុមហ៊ុន និងការអភិវឌ្ឍនៃវិស័យយោធា គឺមានទំនាក់ទំនងដោយផ្ទាល់រវាងគ្នា ហើយលោកក៏បានអះអាងដែរថា ការលួចបច្ចេកវិទ្យាអាម៉េរិកជាប្រព័ន្ធដោយក្រុមហ៊ុនចិន កំពុងតែជួយបង្កើនការរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ទីក្រុងប៉េកាំង នៅក្នុងវិស័យការពារជាតិ៕ម.ន
-
មនុស្សដែលធ្វើការបាញ់ប្រហារក្នុងវិហារអ៊ីស្លាមនៅនូវែលសេឡង់សម្លាប់មនុស្ស៤៩នាក់ និង៣៩នាក់របួសមាន ឈ្មោះ Tarrant

នូវែលសេឡង់៖ ជនសង្ស័យឈ្មោះ ប្រេនតុន តារ៉ែនត៍ មានអាយុ ២៨ឆ្នាំ បានចម្រើនធំធាត់នៅក្នុងទីក្រុង ហ្គ្រាហ្វតុន (Grafton) នៃភាគខាងជើងរដ្ឋ ញូសោតវែលស៍ (New South Wales) ជាទីដែលបុរសរូបនេះបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ និងបម្រើការក្នុងក្លឹបហាត់ប្រាណមួយកន្លែងនៅក្នុងតំបន់ កាលពីឆ្នាំ២០០៩ មុនឈប់ពីការងារនៅឆ្នាំ២០១១។ ដោយឡែក ម្ចាស់ក្លឹបហាត់ប្រាណខាងលើ គឺលោកស្រី ត្រេសេយ ហ្គ្រេយ៍ (Tracey Gray) បានបញ្ជាក់ប្រាប់សារព័ត៌មាន ABC ថា តារ៉ែនត៍ គឺជាមនុស្សធម្មតា និងប្រឹងធ្វើការក្នុងមានជាគ្រូបង្ហាត់ការហាត់ប្រាណម្នាក់។ ប៉ុន្តែរូបគាត់បានផ្លាស់ប្ដូរបន្ទាប់ពីបានធ្វើដំណើរទៅកាន់ ទ្វីបអឺរ៉ុប និងអាស៊ី ក្នុងនោះរួមមានទាំងកូរ៉េខាងជើង និងប៉ាគីស្ថានជាដើម។ ជនសង្ស័យភេរវករបាញ់សម្លាប់មនុស្ស ៤៩នាក់នៅនូវែលសេឡង់ ឈ្មោះ ប្រេនតុន តារ៉ែនត៍ (Brenton Tarrant) ត្រូវបានគេអះអាងថា ធ្លាប់ជាមនុស្សធម្មតាម្នាក់ ប៉ុន្តែអ្វីៗបានផ្លាស់ប្ដូរបន្ទាប់ពីរូបគេបានធ្វើដំណើរទៅកាន់អឺរ៉ុប និងកូរ៉េខាងជើង ដោយបានស្ពាយមកវិញនូវគំនិតជ្រុលនិយម និងរើសអើងពូជសាសន៍មកជាមួយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia…
-
សេដ្ឋកិច្ចចិននាឆ្នាំ២០១៩នេះ ចាប់ផ្តើមដំណើរការក្នុងភាពនឹងនរ

អ្នកនាំពាក្យការិយាល័យស្ថិតិជាតិចិនបានថ្លែងនៅក្រុងប៉េកាំង កាលពីថ្ងៃទី ១៤ ខែមីនា ២០១៩ថា រយៈពេល២ខែក្នុងដើមឆ្នាំ២០១៩ នេះ សេដ្ឋកិច្ចចិនបន្តរក្សានូវភាពនឹងនរជាទូទៅ ហើយបានបង្ហាញពីស្ថានភាពអភិវឌ្ឍន៍។ លោក Mao Shengyong ថាស្ថិតិបានបង្ហាញឲ្យឃើញថា រយៈពេល២ខែដើមឆ្នាំនេះ សន្ទស្សន៍ការប្រើប្រាស់របស់ប្រជាជនចិនមានការកើនឡើងតិចតួច ការនាំចេញ និងនាំចូលរក្សានូវការកើនឡើង។លោក Mao Shengyong បានបន្តទៀតថា សភាពការណ៍នឹងនរជាទូទៅនៃសេដ្ឋកិច្ចចិននាពេលបច្ចុប្បន្ននេះអាចបន្តទៅទៀត។ បន្ទាប់ពីអនុវត្តនយោបាយកាត់បន្ថយអត្រាយកពន្ធ និងថ្លៃចំណាយ ទំហំវិនិយោគទុន ត្រូវបានគេរំពឹងថានឹងបន្តកើនឡើងវិញ៕ធ.ដ
-
ប្រជាជនវេណេស៊ុយអេឡា បង្ខំចិត្តត្រងទឹកលូប្រើប្រាស់ ដោយសារដាច់ភ្លើង

សារព័ត៌មាន Dailymail បានចេញផ្សាយថ្មីៗនេះថា ប្រជាជនវេណេស៊ុយអេឡា កំពុងជួបវិបត្តិធ្ងន់ក្រោយពេលដាច់ភ្លើងទូទាំងប្រទេស ចាប់តាំងពីថ្ងៃព្រហស្បតិ៍្តសប្ដាហ៍មុន ខណៈដែលនៅតែមិនទាន់មានដំណោះស្រាយ សមស្របនៅឡើយ ជាហេតុធ្វើឲ្យប្រជាជនជាច្រើនត្រូវបង្ខំចិត្តនាំគ្នាទៅត្រងទឹកលូសម្រាប់ទុកប្រើប្រាស់ ខណៈដែលភ្លើងបន្ដដាច់អស់រយៈពេល១សប្ដាហ៍។ ចំណែកឯមន្ត្រីបានឲ្យដឹងថា ប្រសិនបើគ្មានអគ្គិសនី នោះទឹកមិន អាចបូមសម្រាប់ផ្គត់ផ្គង់តាមផ្ទះនីមួយៗនោះទេ ជាហេតុធ្វើឲ្យប្រជាជនបង្ខំចិត្តទៅត្រងទឹកពីទន្លេ បំពង់បង្ហូរទឹក និងទឹកលូជាដើម។ ក្រោយរយៈពេល៦ថ្ងៃដោយគ្មានទឹក ប្រជាជនរអ៊ូរទាំខ្លាំង ដោយអ្នកខ្លះថាមិនអាចងូតទឹកគ្រប់គ្រាន់ មិនអាចលាងចាន និងបង្គន់មានក្លិនស្អុយដោយសារគ្មានទឹកចាក់។ ជាមួយគ្នាដែរ វេណេហ្ស៊ុយអេឡាកំពុងព្រួយបារម្ភពី ការរាតត្បាតនៃជំងឺផ្សេងៗដោយសារការប្រើប្រាស់ទឹកមិនស្អាត។ ក្រៅពីកង្វះខាតទឹកស្អាតប្រើប្រាស់ ការដាច់ភ្លើងនៅវេណេស៊ុយអេឡា ក៏បណ្ដាលឲ្យអ្នកជំងឺ១៧នាក់ស្លាប់ផងដែរដោយភាគច្រើនមានបញ្ហាតម្រងនោមធ្ងន់ ដោយសារតែការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់កន្លែងវេជ្ជសាស្រ្តត្រូវបានកាត់ផ្ដាច់។ ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro ជាបុគ្គលត្រូវបានអាម៉េរិករិះគន់ខ្លាំងនោះ បានចោទថា ពួកបក្សប្រឆាំងជាអ្នកបង្កើតបញ្ហាដាច់ភ្លើងនេះ ដោយមានការគាំទ្រពីសហរដ្ឋអាម៉េរិក៕ធ.ដ
-
រុស្ស៊ីបញ្ចេញខ្សែអាតិ៍វីដេអូមួយបង្ហាញពីអនុភាពមីស៊ីលជំនាន់ថ្មីរបស់ខ្លួន

រុស្ស៊ី៖ ស្ថានីយទូរទស្សន៍រុស្ស៊ី 1tv.ru បានបញ្ចេញវីដេអូមួយ ដើម្បីបង្ហាញពីអានុភាពរបស់មីស៊ីល Zircon ដែលត្រូវបានលាតត្រដាងកាលពីខែមុន ដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌឺមៀ ពូទីន ។ ខ្សែអាតិ៍វីដេអូនេះ បង្កើតឡើងដោយកុំព្យូទ័រដើម្បីបង្ហាញពីសមត្ថភាពរបស់មីស៊ីល ដែលត្រូវបាញ់ចេញពីនាវាចម្បាំង ដោយវាអាចគេចពីប្រព័ន្ធប្រឆាំងមីស៊ីល និងបាញ់ចំគោលដៅដែលនៅលើទឹក ដូចជានាវាដឹកយន្តហោះចម្បាំងជាដើម ខណៈមីស៊ីល Zircon របស់រុស្ស៊ី មានល្បឿនលឿនជាងសំឡេង៩.៦៥០គីឡូម៉ែត្រក្នុងមួយម៉ោង ។ សូមរំលឹកថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ពូទីន បានធ្វើការបង្ហាញនូវមីស៊ីលថ្មីឈ្មោះថា Zircon ដែលមានល្បឿនលឿនជាងសំឡេង៩ដង និងអាចបាញ់ទៅលើគោលដៅដែលមានចម្ងាយ១ពាន់គីឡូម៉ែត្រ ហើយបើតាមសារព័ត៌មាន TASS រុស្ស៊ីនឹងធ្វើតេស្តសាកល្បងមីស៊ីល Zircon នៅចុងឆ្នាំ២០១៩នេះ ខណៈផលិតកម្មនឹងចាប់ផ្ដើមក្នុងឆ្នាំ២០២១ និងដាក់ឲ្យប្រើប្រាស់នៅឆ្នាំបន្ទាប់ ៕ធ.ដ