-
មេបញ្ជាការកងកម្លំាងអាម៉េរិកប្រចំាំកូរ៉េខាងត្បូងអះអាងថា សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីដោះស្រាយភាពតានតឹងនានា

កូរ៉េខាងត្បូង៖ រាល់បណ្តាមេដឹកនំាជាន់ខ្ពស់នៃសម្ព័ន្ធយោធាសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងបានប្តេជ្ញាចិត្តយ៉ាងពិតប្រាកដដើម្បីធានាថា កងកម្លំាងរបស់យើងគឺត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់តម្រូវការណាមួយ ដើម្បីដោះស្រាយវិបត្តិ ឬមានអរិភាពផ្សេងៗ ។ មេបញ្ជាការកងកម្លំាងអាម៉េរិកប្រចំាកូរ៉េខាងត្បូង USFK លោក Gen. Robert Abrams បានកត់សម្គាល់បែបនេះ នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញ មួយថ្ងៃបន្ទាប់ពីការធ្វើសមយុទ្ធយោធារួមគ្នារវាងប្រទេសទំាងពីរ ។ ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនបានបញ្ចប់ការធ្វើសមយុទ្ធយោធារួមគ្នាឈ្មោះថា Dong Maeng មានរយៈពេលមួយសប្តាហ៍របស់ខ្លួន ប៉ុន្តែការហាត់ហ្វឹកហ្វឺនចុងក្រោយនេះ មានលក្ខណៈទ្រង់ទ្រាយតូចប៉ុណ្ណោះ ដើម្បីជំនួសឲ្យការធ្វើសមយុទ្ធចំនួន២ គឺ Key Resolve និង Foal Eagle ។ ការសម្រេចចិត្តបែបនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងផ្នែកការទូត ដើម្បីបន្ធូរបន្ថយភាពតានតឹង និងសម្រេចឲ្យបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េយ៉ាងពិតប្រាកដ ក៏ដូចជាវិធីសាស្រ្តផ្ទៀងផ្ទាត់ដែលអាចជឿជាក់បាន នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់មន្ទីរប៉ង់តាហ្គោន និងក្រសួងការពារជាតិកូរ៉េខាងត្បូងកាលពីដើមខែមិនា ៕ធ.ដ
-
វៀតណាមបង្ហាញការសោកស្តាយ ក្រោយម៉ាឡេស៊ីបដិសេដការសុំដោះលែងស្ត្រីវៀតណាមក្នុងករណីឃាតកម្មលើលោក គីម ចុងណាម

វៀតណាម៖ រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចចិត្តបន្តការកាត់ទោសស្ត្រីវៀតណាម ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់លោក គីម ចុងណាម បងប្អូនប្រុសរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ។ ការសម្រេចចិត្តនេះ បានធ្វើឱ្យវៀតណាមមានការខកចិត្ត បន្ទាប់ពីជនជាប់ចោទម្នាក់ទៀតដែលត្រូវបានចោទប្រកាន់ក្នុងករណីនេះ ជាស្ត្រីឥណ្ឌូនេស៊ីនោះ ត្រូវបានឱ្យរួចទោស និងត្រូវបានដោះលែងកាលពីដើមសប្តាហ៍នេះ ។ស្ថានទូតវៀតណាមប្រចំាំប្រទេសម៉ាឡេស៊ី បានលើកឡើងថា ខ្លួនមានការសោកស្តាយចំពោះការបដិសេធរបស់តុលាការម៉ាឡេស៊ី ក្នុងការទម្លាក់ចោលការចោទប្រកាន់អំពីឃាតកម្មប្រឆាំងនាង ឌ័ន ធីហឿង ហើយដោះលែងនាង ។ ស្របពេលជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតវៀតណាមបានបញ្ជាក់ទៅកាន់គេហ ទំព័រ VnExpress ថា វៀតណាមនឹងបន្តដាក់សម្ពាធកាន់តែខ្លាំងឡើងលើម៉ាឡេស៊ី ដើម្បីធានាការកាត់ក្តីដោយយុត្តិធម៌និងដោះលែងនាង ៕ធ.ដ
-
អាម៉េរិកកំពុងពិចាណារសាកល្បងប្រព័ន្ធមីស៊ីល ក្រោយពេលដកខ្លួនចេញពីសន្ធិសញ្ញា INF ជាមួយរុស្ស៊ីនៅឆ្នាំនេះ

សហរដ្ឋអាម៉េរិក៖ សារព័ត៌មាន CGTN បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងចាប់ផ្តើមការធ្វើតេស្តប្រព័ន្ធមីស៊ីល ដែលត្រូវបានហាមឃាត់ក្រោមសន្ធិសញ្ញានុយក្លេអ៊ែរ INF បន្ទាប់ពីការដកខ្លួនចេញពីសន្ធិសញ្ញានេះជាមួយរុស្ស៊ី។ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានប្រកាសកាលពីដើមខែមុនថា សហរដ្ឋអាម៉េរិកនឹងដកខ្លួនចេញពីសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ Intermediate-Range Nuclear Forces ហៅកាត់ថា INF ក្នុងរយៈពេល០៦ខែ ដោយចាប់ផ្តើមពីថ្ងៃទី០២ ខែកុម្ភៈកន្លងទៅនេះ ខណៈលោក វ៉្លាឌីមៀរ ពូទីន ក៏បានចេញបទបញ្ជាឲ្យផ្អាកនូវរាល់កាតព្វកិច្ចដែលរុស្ស៊ីត្រូវអនុវត្តន៍នៅក្រោមសន្ធិសញ្ញា INF ភ្លាមៗផងដែរ។ យ៉ាងណាមិញ ប្រព័ន្ធមីស៊ីលដែលសហរដ្ឋអាម៉េរិកកំពុងពិចារណាធ្វើតេស្តខាងលើនេះ ត្រូវគេរំពឹងថា ជាមីស៊ីលប្រភេទ Cruise ហោះហើរកម្រិតទាប ដែលមានចម្ងាយធ្វើដំណើរប្រមាណជា១,០០០គីឡូម៉ែត្រ និងមីស៊ីលផ្លោងដែលមានសមត្ថភាពហោះហើរក្នុងរង្វង់ចម្ងាយ៣,០០០ទៅ៤,០០០គីឡូម៉ែត្រ ក្នុងនោះមីស៊ីល ប្រភេទ Cruise Missile នឹងត្រូវធ្វើតេស្តនៅខែសីហា ឆ្នាំ២០១៩ខាងមុខនេះ៕ធ.ដ
-
រុស្ស៊ីនឹងដាក់ឲ្យដំណើរការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពីរគ្រឿងទៀត ក្នុងឆ្នាំ២០១៩នេះ

រុស្ស៊ី៖ នាវាមុជទឹកនុយក្លេអ៊ែរពីរគ្រឿងរបស់ប្រទេសរុស្ស៊ី មានឈ្មោះថា Kazan និង Knyaz នឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការសម្រាប់កងនាវារុស្ស៊ីនៅមុនដំណាច់ឆ្នាំ២០១៩នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានឱ្យដឹងថា នាវាមុជទឹក Kazan ត្រូវបានចាប់ផ្ដើមផលិតកាលពីឆ្នាំ២០០៩ និងដាក់ដំណើរការសាកល្បងកាលពីឆ្នាំ២០១៧ ចំណែកឯការផលិតរបស់នាវាមុជទឹក Knyaz វិញ ចាប់ផ្ដើមឡើងកាលពីឆ្នាំ២០១២ ហើយដំណើរការសាកល្បងនៅឆ្នាំ២០១៧ដូចគ្នា ។ នៅក្នុងកិច្ចប្រជុំមួយនៅឯទីក្រុង Severodvinsk នាសប្ដាហ៍នេះ ប្រមុខការពារជាតិរុស្ស៊ីបានថ្លែងថា នាវាមុជទឹកនុយក្លេអ៊ែរថ្មីទាំង២គ្រឿងនឹងត្រូវចូលរួមជាមួយកងនាវារុស្ស៊ីនៅមុនដំណាច់ឆ្នាំ២០១៩នេះ ហើយថា វាក៏នឹងជួយយើងផងដែរ ក្នុងការពង្រឹងសមត្ថភាពការពារជាតិ និងឥទ្ធិពលរុស្ស៊ីនៅឯតំបន់មហាសមុទ្រនៅលើពិភពលោក៕ធ.ដ
-
ចិនខឹងសម្បរយ៉ាងខ្លាំងចំពោះរបាយការណ៍សិទ្ធិមនុស្សរបស់សហរដ្ឋអាម៉េរិក

ចិន៖ ចិនបានសម្ដែងការខឹងសម្បារយ៉ាងខ្លាំងនៅថ្ងៃព្រហស្បតិ៍តនេះ ជុំវិញរបាយការណ៍សិទ្ធិមនុស្សឆ្នាំ២០១៨របស់សហរដ្ឋអាម៉េរិក ដែលបានចាត់បញ្ចូលទីក្រុងប៉េកាំង ទៅក្នុងបញ្ជីឈ្មោះប្រទេសរំលោភសិទ្ធិមនុស្ស។ នៅក្នុងរបាយការណ៍សិទ្ធិមនុស្សឆ្នាំ២០១៨ ដែលចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ ក្រសួងការបរទេសអាម៉េរិកបានដាក់ប្រទេសចិន ទៅក្នុងក្រុមប្រទេសរំលោភសិទ្ធិមនុស្សធ្ងន់ ក្នុងនោះក៏រួមមានកូរ៉េខាងជើង អ៊ីរ៉ង់ ស៊ូដង់ខាងត្បូង និងនីការ៉ាហ្គ័រ ផងដែរ។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានគូសបញ្ជាក់ថា ការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោន ធ្វើឡើងដោយគ្មានមូលដ្ឋាន ខណៈចិនបានថែរក្សាការពារយ៉ាងពេញលេញនូវសិទ្ធិមនុស្ស និងសម្រេចបានសមិទ្ធិផលជាច្រើននៅក្នុងវិស័យនេះ ហើយថែមទាំងអះអាងថា សហរដ្ឋអាម៉េរិក គួរតែយកចិត្តទុកដាក់លើការរើសអើងនៅក្នុងប្រទេសរបស់ខ្លួន មុននឹងឈឺឆ្អាលរឿងអ្នកដទៃ៕ធ.ដ
-
សមាជិកសភាមកពីប្រទេសអាស៊ីអាគ្នេយ៍ជំរុញឲ្យរបបយោធាថៃ ធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌

ថៃ៖ សមាជិកសភាមកពីប្រទេសអាស៊ីអាគ្នេយ៍ចំនួន៤ នៅថ្ងៃព្រហស្បតិ៍តនេះ បានជំរុញឱ្យរបបយោធាថៃ ដកចោលការរឹតបន្តឹងលើសេរីភាពបញ្ចេញមតិ ដើម្បីអនុញ្ញាតឱ្យមានយុទ្ធនាការឃោសនាដោយសេរី និងយុត្តិធម៌ នៅមុនការបោះឆ្នោតសកលនៅថ្ងៃទី២៤ ខែមីនា ឆ្នំា២០១៩ខាងមុខ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមសមាជិកសភាចំនួន៥២នាក់ ដែលមកពីប្រទេស៤ ដែលរួមទាំងសមាជិក២៤នាក់នៃសភាអាស៊ាន សម្រាប់អង្គការសិទ្ធិមនុស្សហៅកាត់ថា APHR ក៏បានអំពាវនាវឲ្យប្រទេសថៃ អនុញ្ញាតឱ្យរដ្ឋាភិបាលស៊ីវិលក្រោយអនុវត្តអាណត្តិរបស់ខ្លួន ដោយសេរី និងគ្មានការជ្រៀតជ្រែក។ ប្រទេសទាំង៤នេះ គឺ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ទីម័រខាងកើត និងហ្វីលីពីន។ ជុំវិញការបោះឆ្នោតនៅប្រទេសថៃនេះដែរ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃបានអញ្ជើញសមភាគីរបស់ខ្លួននៅអាស៊ាន និងប្រទេសដទៃទៀតនៅក្រៅប្លុកនេះ រួមមានសហភាពអឺរ៉ុប មកសង្កេតការណ៍ការបោះឆ្នោតជាតិនៅថ្ងៃ២៤ ខែមីនាខាងមុន ហើយការអញ្ជើញត្រូវបានបញ្ជូនទៅកាន់អ្នកត្រួតមើលការបោះឆ្នោតអាស៊ាន ម៉ិកស៊ិក ម៉ាល់ឌីវ និងកូរ៉េខាងត្បូង ព្រមទាំងប្រទេសជាច្រើនបានទទួលយក៕ធ.ដ
-
ក្រុមហ៊ុន Toyota សហការជាមួយទីភ្នាក់ងារអវកាសជប៉ុន JAXA ដើម្បីអភិវឌ្ឍន៍យានសម្រាប់បើកនៅលើឋានព្រះចន្ទ

ជប៉ុន៖ ក្រុមហ៊ុន TOYOTA បានសហការជាមួយទីភ្នាក់ងាររុករកអវកាសជប៉ុន ចាសា (JAXA) ដើម្បីអភិវឌ្ឍន៍យានអវកាសស្វ័យប្រវត្តិដំណើរការដោយថាមពលពន្លឺព្រះអាទិត្យដែលមានសមត្ថភាពដឹកអវកាសយានិកនៅលើផ្ទៃឋានព្រះចន្ទ ដោយមិនចាំបាច់ស្លៀកពាក់ឈុតអវកាស។ យានគំរូរបស់ Toyota ដែលបង្ហាញឱ្យឃើញនៅក្នុងវីដេអូថ្មី និងរូបភាពជាច្រើននៅសប្តាហ៍នេះ នឹងត្រូវរចនាឡើងដើម្បីដឹកអវកាសយានិកពីរនាក់ និងដំណើរការលើថាមពលពន្លឺព្រះអាទិត្យ និងបច្ចេកវិជ្ជាអាគុយឥន្ធនៈ។ យាននេះ អាចត្រូវបានប្រើដើម្បីរុករកចម្ងាយ១០,០០០គីឡូម៉ែត្រលើផ្ទៃព្រះចន្ទ ដោយទីភ្នាក់ងារ JAXA មានគោលបំណងបាញ់បង្ហោះប្រព័ន្ធយានអវកាសនេះនៅឆ្នាំ២០២៩។ បើតាមប្រធានទីភ្នាក់ងារអវកាស JAXA លោក ហ៊ីរ៉ូស៊ី យ៉ាម៉ាកាវ៉ា យានដឹកមនុស្សដែលមានកាប៊ីនប្រើសម្ពាធទំនាញដូចលើផែនដីនេះ គឺជាធាតុមួយដែលនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរុករកពេញលេញ និងការប្រើប្រាស់ផ្ទៃឋានព្រះចន្ទ។ លោកបន្តថា កាប៊ីនមានសម្ពាធនៅខាងក្នុង នឹងអនុ ញ្ញាតឱ្យយានអវកាសនេះ ដឹកអវកាសយានិកឆ្លងកាត់ផ្ទៃព្រះចន្ទដ៏សែនវែង។ គួរបញ្ជាក់ថា ទីភ្នាក់ងារអវកាសជប៉ុន JAXA គ្រោងនឹងចាប់ផ្តើមបញ្ជូនមនុស្សទៅធ្វើបេសកកម្មរុករកឋានព្រះចន្ទក្នុងឆ្នាំ២០៣០ខាងមុខនេះ ប៉ុន្តែដំបូង ជប៉ុនត្រូវការបច្ចេកវិជ្ជាដើម្បីគាំទ្រពួកគេអោយបានជាមុនសិន៕ម.ន
-
ចិនអះអាងថា កិច្ចចរចានយោបាយ គឺជាគន្លឹះដែលអាចដោះសា្រយបញ្ហានៅលើឧបទ្វីបកូរ៉េ

ចិន៖ រដ្ឋាភិបាលក្រុងប៉េកំាង នៅថ្ងៃពុធនេះ បានអះអាងសារជាថ្មីម្តងទៀត ដោយបន្តរក្សាជំហររបស់ខ្លួនថា កិច្ចចរចានយោបាយ គឺជាគន្លឹះដ៏សំខាន់តែមួយប៉ុណ្ណោះ ក្នុងការដោះស្រាយភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ ខណៈមានរបាយការណ៍ថ្មីពីកូរ៉េខាងជើងថា ទីក្រុងព្យុងយ៉ាងមានការប្តេជ្ញាចិត្តលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង។ ប្រទេសចិនតែងតែផ្តល់ការគំាទ្រជានិច្ចថា វិបត្តិនៅឧបទ្វីបកូរ៉េអាចស្វែងរកច្រកចេញដោយសន្តិភាពទៅបាន គឺមានតែតាមរយៈកិច្ចចរចានយោបាយតែមួយគត់ប៉ុណ្ណោះ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង។ នៅក្នុងសន្និសីទសារព័ត៌មួយនាថ្ងៃពុធម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ បានសង្កត់ធ្ងន់ថា មានតែតាមរយៈវិធីសាស្រ្តនេះទេ ទើបភាគីទាំងសងខាង (សហរដ្ឋអាម៉េរិក-កូរ៉េខាងជើង) អាចជឿទុកចិត្តគ្នា និងយល់ស្របគ្នាទៅវិញទៅមក ហើយបង្កើតលក្ខខណ្ឌដើម្បីដោះស្រាយនយោបាយជាជំហានៗ៕ម.ន
-
មនុស្ស៥០០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារបញ្ហាសារធាតុគីមីពុលក្នុងប្រទេសម៉ាឡេស៊ី

ម៉ាឡេស៊ី៖ ការចាក់ចោលសារធាតុគីមីពុលចូលទៅក្នុងទន្លេមួយ នៅភាគខាងត្បូងរដ្ឋ ចូហ័រ មួយសប្តាហ៍កន្លងទៅនេះ បានធ្វើឱ្យមនុស្ស៥០០នាក់ ក្នុងនោះរួមមានសិស្សរាប់សិបនាក់ផងដែរ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែការពិបាកដកដង្ហើម និងជំងឺផ្លូវដង្ហើម។ ជុំវិញបញ្ហានេះដែរ រដ្ឋមន្រ្តីក្រសួងអប់រំម៉ាឡេស៊ី លោក Maszlee Malik នៅថ្ងៃពុធនេះ បានបញ្ជាឱ្យបិទសលារៀនទាំងអស់ចំនួន១១១នៅទីក្រុង ប៉ាសឺ ហ្គូដំាង នៅក្នុងរដ្ឋនេះ ស្របពេលដែលតំបន់មួយនៃទីក្រុងនេះ បានទទួលរងសារធាតុគីមីពុល ដែលបង្កផលប៉ះពាល់ដល់សាលារៀនទាំងនោះ ដែលនៅជិតទន្ល សាន់ហ្គៃ គីម គីម។ រដ្ឋមន្រ្តីក្រសួងអប់រំម៉ាឡេស៊ីបានបញ្ជាក់ថា កាកសំណល់ដែលមានសារធាតុគីមីពុល ដែលត្រូវបានប្រើសម្រាប់រំលាយលោហធាតុនៅឃ្លាំងដែកមួយកន្លែង និងរោងចក្រគីមីមួយនៅទីក្រុងចូហ័រ ត្រូវបានបង្ហូរចូលទឹកទន្លេនេះ។ លោកបន្ថែមថា ដោយសារចំហាយសារធាតុគីមីពុលចេញពីផ្នែកខាងក្រោមនៃទន្លេនេះ សិស្សជាច្រើននាក់បានដួលសន្លប់ រីឯមនុស្សជិត៣០០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែករដ្ឋមន្ត្រីក្រសួងបរិស្ថានម៉ាឡេស៊ី លោកស្រី Yeo Bee Yin បានថ្លែងដែរថា ម្ចាស់រោងចក្រខុសច្បាប់នេះ នឹងត្រូវចោទប្រកាន់នៅថ្ងៃព្រហស្បតិ៍តនេះ ពាក់ព័ន្ធនឹងការចាក់ចោលការសំណល់គីមីពុលនេះ ហើយថា បើសិនម្ចាស់រោងចក្រនេះត្រូវបានរកឃើញទោសកំហុស នោះអាចប្រឈមនឹងការជាប់ពន្ធធនាគារ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន១២៦,០០០ដុល្លារ៕ម.ន
-
អាម៉េរិកសម្រេចចិត្តផ្អាកការហោះហើរយន្ដហោះ Boeing 737 MAX

ប្រធានាធិបតីអាម៉េរិក បានសម្រេចឲ្យសហព័ន្ធអាកាសចរណ៍ផ្អាកការហោះហើរយន្ដហោះ Boeing 737 MAX ដោយបារម្ភពីបញ្ហាសុវត្ថិភាព ក្រោយមានការធ្លាក់យន្ដហោះពីរលើកត្រឹមរយៈពេលតិចជាង៦ខែ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC កាលពីថ្ងៃម្សិលមិញ។ សហរដ្ឋអាម៉េរិកបានបញ្ឈប់មិនឲ្យប្រើប្រាស់យន្ដហោះ Boeing 737 MAX8 និង Boeing 737 MAX9 សម្រាប់ការហោះហើរក្នុងស្រុក និងក្នុងដែនអាកាសអាម៉េរិកក្រោយការធ្លាក់យន្ដហោះនៅអេត្យូពីសម្លាប់មនុស្ស១៥៧នាក់។ យ៉ាងណាមិញ ការអនុញ្ញាតឲ្យយន្ដហោះប្រភេទនេះហោះហើរឡើងវិញ នឹងត្រូវធ្វើឡើងក្រោយពេលដែលមានដំណោះស្រាយសមស្របពីក្រុមហ៊ុន Boeing នេះគឺជាអ្វីដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩។ សូមបញ្ជាក់ថា យន្ដហោះ Boeing 737 MAX8 បានធ្លាក់ចំនួនពីរលើកហើយក្នុងរយៈពេលតិចជាង៥ខែ ដោយកាលពីខែតុលាកន្លងទៅយន្ដហោះប្រភេទនេះ ក៏បានធ្លាក់ផងដែរនៅកោះចាវា នៃប្រទេសឥណ្ឌូនេស៊ី និងសម្លាប់មនុស្សទាំង១៨៩នាក់នៅលើយន្ដហោះ ហើយកាលពីពេលថ្មីៗនេះ ក៏បានជួបឧបទ្ទវហេតុលើកទី២ ក្នុងប្រទេសអេត្យូពីរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះក្រោយហោះហើរចេញពីអាកាសយានដ្ឋាន៕ធ.ដ