-
អឺរ៉ុបប្រកាសពីផែនការ ដើម្បីធ្វើឲ្យមានតុល្យភាពជាមួយចិនឡើងវិញ

សហគមអឺរ៉ុប កាលពីថ្ងៃអង្គារទី១២ មីនា ម្សិលមិញ បានកំណត់ដាក់ចេញផែនការ១០ចំណុច ក្នុងគោលដៅធ្វើឲ្យមានតុល្យភាពឡើងវិញ ជាមួយប្រទេសចិន ខណៈដែលមានការព្រួយបារម្ភពីការវិនិយោគរបស់ចិន និងឥទ្ធិពល នៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានទាំងបច្ចេកវិទ្យាគមនាគមថ្មីៗដែរ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channelnewsasia ។ មេដឹកនាំអឺរ៉ុបនឹងត្រូវស្នើឲ្យចុះហត្ថលេខាលើសំណើនានា នៅពេលពួកគាត់ចូលរួមកិច្ចប្រជុំមួយ នៅប្រទេសបែលហ្ស៊ិក នាសប្តាហ៍ក្រោយ ដោយមន្ត្រីជាន់ខ្ពស់ជំរុញឲ្យពួកគេចាត់វិធានការ ការពារតម្លៃនិងស្តង់ដាររបស់អឺរ៉ុប ព្រមានថា ចិនគឺជាគូប្រជែងមួយ តែក៏ជាដៃគូពាណិជ្ជកម្មដ៏ធំរបស់អឺរ៉ុប។ ការប្រកាសដាក់ចេញផែនការនេះធ្វើឡើង ក្រោយពេលសហរដ្ឋអាមេរិកបានជំរុញដល់បណ្តាប្រទេសជាសម្ព័ន្ធក្នុងប្លុកអឺរ៉ុប បោះបង់ចោល ផែនការប្រើប្រាស់ទូរស័ព្ទចិន Huawei ក្នុងគម្រោងទូរគមនាគម ជាពិសេស ប្រព័ន្ធអ៊ីនធើណិតជំនាន់ទី៥ ឬ 5G ដោយអាមេរិកចាត់ទុកថា ជាចារកម្មរបស់ចិន។ អឺរ៉ុបកាលពីខែមុន ក៏បានដាក់ចេញជំហានធំៗ ជាការរឹតបន្តឹងលើការងារពិនិត្យ គ្រប់គ្រងបរទេស ក្នុងនោះ ប្រធានគណៈកម្មការពាណិជ្ជកម្មអឺរ៉ុប លោកស្រី Cecilia Malmstroem ទទួលស្គាល់ថា គ្មានអាថ៌កំបាំងទេ អំពីកង្វល់លើប្រទេសចិន។ ពាណិជ្ជកម្មរវាងអឺរ៉ុប និងចិន មានតម្លៃច្រើនជាង១ពាន់លានអឺរ៉ូ ក្នុងមួយថ្ងៃៗ…
-
រលកកម្តៅគំរាមកំហែងខ្លាំង នៅភាគខាងត្បូងប្រទេសវៀតណាម

វៀតណាមខាងត្បូង ត្រូវបានព្យាករណ៍ថា នឹងរងការគំរាមកំហែងពីរលកកម្ដៅនាសប្ដាហ៍នេះ ស្របពេលដែលជាតិអំបិលខ្ពស់ក្នុងដីអាចនឹងបង្កគ្រោះថ្នាក់ដល់រុក្ខជាតិទឹកសាប នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន tuoitre news ដកស្រង់ប្រភពពីអាជ្ញាធរ។ ទីភ្នាក់ងារអាកាសធាតុនៅភាគខាងត្បូងវៀតណាមឲ្យដឹងថា សីតុណ្ហភាពនឹងហក់ឡើងដល់៣៦អង្សានៅសប្ដាហ៍នេះ ហើយសំណើមក្នុងខ្យល់នឹងធ្លាក់ចុះទាប។ ខេត្តដែលទទួលរងឥទ្ធិពលនេះ មានដូចជាខេត្ត Binh Phouc, Dong Nai និងTay Ninh ខណៈដែលទីក្រុងហូជីមិញ, ឡុងអាន, Can Tho និង Vinh Long មានសីតុណ្ហភាព ៣៥អង្សា។ ជាមួយគ្នាដែរ តំបន់ជាច្រើនក្នុងប្រទេសវៀតណាម មិនមានភ្លៀងធ្លាក់អស់រយៈពេល២ខែមកហើយ ដែលបណ្ដាលឲ្យប៉ះពាល់ដល់វិស័យកសិកម្ម និងព្រៃឈើផងដែរ៕ធ.ដ
-
អង្គការសហប្រជាជាតិ៖ កូរ៉េខាងជើងនៅតែបន្តរំលោភបំពានលើទណ្ឌកម្មដដែល

បរទេស៖ អ្នកជំនាញអង្គការសហប្រជាជាតិនិយាយថា កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើងនៅតែរក្សាដដែល ហើយថា រដ្ឋកុម្មុយនីស្តមួយនេះ ក៏នៅតែបន្តប្រមូលមូលនិធិដោយច្បាប់ ក្នុងការរំលោភបំពានលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ ក្រុមអ្នកជំនាញស្រាវជ្រាវការរំលោភបំពាន ដែលអាចកើតមានក្នុងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដោយកូរ៉េខាងជើង បានចេញផ្សាយរបាយការណ៍របស់ខ្លួននៅដើមសប្តាហ៍នេះ បន្ទាប់ពីបានចងក្រងឡើងកាលពីខែមុន ។របាយការណ៍នេះបានឱ្យដឹងថា រោងចក្រនុយក្លេអ៊ែរកូរ៉េខាងជើងនៅតែបន្តសកម្មភាពដដែល នេះបើយោងតាមរូបភាពថតដោយផ្កាយរណប ហើយត្រូវបានសារព័ត៌មានបរទេសជាច្រើនចេញផ្សាយ។ ទន្ទឹមគ្នានេះ ក្រុមអ្នកជំនាញក៏កំពុងស៊ើបអង្កេតនាវាចំនួន៥០គ្រឿង និងក្រុមហ៊ុនដឹកជញ្ជូនតាមកប៉ាល់ចំនួន១៦០នៅជុំវិញពិភពលោក ក្នុងនោះរួមមានទំាងប្រទេសប៉ាណាម៉ា និងសង្ហិបុរីផងដែរ ដែលទំនងជាមានជាប់ពាក់ព័ន្ធនឹងការផ្ទេរទំនិញតាមនាវា ទៅវិញទៅមកជាមួយកូរ៉េខាងជើង៕ធ.ដ
-
កូរ៉េខាងត្បូងប្តេជ្ញាស្វែងរកកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ដើម្បីជួយបន្ដកិច្ចចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាម៉េរិក

កូរ៉េខាងត្បូង៖ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានឲ្យដឹងថា ទីក្រុងសេអ៊ូលនឹងជំរុញឱ្យមានការចរចាជាមួយកូរ៉េខាងជើង រួមទាំងកិច្ចប្រជុំកំពូលនៅឆ្នាំនេះ ដើម្បីពង្រឹងទំនាក់ទំនងអន្តរកូរ៉េ ក៏ដូចជាជួយដល់ការបន្ដទៅមុខនូវកិច្ចចរចាអំពីការរំសាយអាវុធនុយក្លេអ៊ែររវាងសហរដ្ឋអាម៉េរិក និងកូរ៉េខាងជើង ។ នៅក្នុងរបាយការណ៍មួយដែលរៀបរាប់អំពីគោលនយោបាយឆ្នាំ២០១៩របស់ខ្លួន ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានបញ្ជាក់ថា នៅក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាម៉េរិក កូរ៉េខាងត្បូងនឹងជំរុញឱ្យមានកិច្ចចរចាអន្តរកូរ៉េ ដើម្បីជួយដល់សហរដ្ឋអាម៉េរិក និងកូរ៉េខាងជើងជួបគ្នាម្តងទៀត ក៏ដូចជាសម្រេចបាននូវកិច្ចព្រមព្រៀងមួយ ស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ រួមទាំងវិធានការដែលត្រូវគ្នា។ បើតាមក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង រដ្ឋាភិបាលក្រុងសេអ៊ូលនឹងបន្តជំរុញឱ្យមានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមេដឹកនាំកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដើម្បីជំរុញទំនាក់ទំនងអន្តរកូរ៉េ និងបង្កើតសន្តិភាពនៅលើឧបទ្វីបកូរ៉េ៕ធ.ដ
-
សហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មធនាគាររុស្ស៊ី ជុំវិញការគាំទ្រដល់រដ្ឋាភិបាលវេណេស៊ុយអេឡា

សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានសម្រេចដាក់ទណ្ឌកម្មធនាគារមួយរបស់រុស្ស៊ី ដែលមានមូលដ្ឋាននៅក្នុងទីក្រុងម៉ូស្គូ ដោយចោទប្រកាន់ថា ធនាគារនេះ បានផ្តល់ការគាំទ្រដល់រដ្ឋបាលរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។ ក្រសួងរតនាគារជាតិអាម៉េរិកបានប្រកាសនៅដើមសប្តាហ៍នេះថា ខ្លួនបានដាក់បញ្ចូលឈ្មោះធនាគារ Evrofinance Mosnarbank ទៅក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ខណៈធនាគារនេះ គឺជាការបណ្តាក់ទុនរួមគ្នារវាងប្រទេសរុស្ស៊ី និងក្រុមហ៊ុនរដ្ឋរបស់វេណេស៊ុយអេឡា ។ បើតាមក្រសួងរតនាគារជាតិអាម៉េរិក ធនាគារខាងលើនេះ បានផ្តល់ការគំាទ្រដល់ក្រុមហ៊ុនប្រេងរដ្ឋរបស់ប្រទេសវេណេស៊ុយអេឡា ហើយតាមរយៈការដាក់ទណ្ឌកម្មនេះដែរ រាល់ទ្រព្យសម្បត្តិទាំងអស់របស់ធនាគារ Evrofinance Mosnarbank នៅសហរដ្ឋអាម៉េរិក នឹងត្រូវបង្កកទាំងអស់៕ធ.ដ
-
ប្រមុខការទូតអាម៉េរិកចោទថា គុយបា និងរុស្ស៊ីជាអ្នកចូលរួមបង្កវិបត្តិនយោបាយនៅវេណេស៊ុយអេឡា

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកស្តីបន្ទោសគុយបា និងរុស្ស៊ី ដោយចោទថា ជាអ្នកចូលរួមបង្កវិបត្តិនយោបាយនៅវេណេស៊ុយអេឡា តាមរយៈការគាំទ្រលោក នីកូឡាស់ ម៉ាឌូរ៉ូ ហើយថែមទាំងជំរុញឱ្យឥណ្ឌាបញ្ឈប់ការទិញប្រេងពីទីក្រុងការ៉ាកាស់ផងដែរ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅដើមសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានគូសបញ្ជាក់ថា ពិតប្រាកដណាស់ គុយបា និងរុស្ស៊ីបានចូលរួមបង្កវិបត្តិនយោបាយនៅវេណេស៊ុយអេឡា និងបន្តបំផ្លាញប្រជាធិបតេយ្យដែលជាក្ដីស្រម៉ៃរបស់ប្រជាជនវេណេស៊ុយអេឡា តាមរយៈការគាំទ្រលោក ម៉ាឌូរ៉ូ។ ប្រមុខការទូតអាម៉េរិករូបនេះ បានអះអាងយ៉ាងដូច្នេះ បន្ទាប់ពីក្រសួងរតនាគារជាតិអាម៉េរិកបានប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងធនាគារ Evrofinance Mosnarbank របស់ប្រទេសរុស្ស៊ី ដោយចោទប្រកាន់ថា បានជួយក្រុមហ៊ុនប្រេងរដ្ឋរបស់វេណេស៊ុយអេឡា PDVSA ឱ្យគេចចេញពីទណ្ឌកម្មហិរញ្ញវត្ថុរបស់សហរដ្ឋអាម៉េរិក៕ធ.ដ
-
នាយករដ្ឋមន្រ្តីអង់គ្លេសជំរុញសមាជិកសភាអោយគាំទ្រកិច្ចព្រមព្រៀង Brexit បន្ទាប់ពីធានាបានការផ្លាស់ប្តូរស្របច្បាប់

អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី ថេរ៉េសា មេ បានថ្លែងថា លោកស្រីបានទទួលនូវការផ្លាស់ប្តូរ “ស្របច្បាប់” ចំពោះកិច្ចព្រមព្រៀង ព្រីហ្ស៊ីត (Brexit) ដែលធានាថា ការរារាំងពីអៀរឡង់មិនអាចស្ថិតស្ថេរអចិន្ត្រៃយ៍បានទេ ។នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកហ្សង់ក្លោដ ចាំងឃើ លោកស្រី មេ បានលើកឡើងថា ឯកសារថ្មីចំនួនបីបានព្រមព្រៀងផ្តល់ការធានាស្របច្បាប់ ដែលក្រុមអ្នករិះគន់ជំហររបស់លោកស្រីបានអំពាវនាវ ។ លោកស្រីបន្តថា អ្វីដែលយើងធានាបានគឺច្បាស់លាស់ណាស់ថា ការរារាំងរបស់អៀរឡង់មិនអាចមានជារៀងរហូតបានទេ ។សូមបញ្ជាក់ថា បន្ទាប់ពីកិច្ចចរចាវិនាទីចុងក្រោយនៅទីក្រុង ស្ត្រាស្បឺក របស់បារាំង នៅមុនការបោះឆ្នោតសភានៅថ្ងៃអង្គារនេះ លោកស្រី មេ បាននិយាយថា ឥឡូវនេះលោកស្រីបាននាំមកនូវអ្វីដែលសភាបានស្នើឱ្យលោកស្រីធ្វើហើយ ។ ជាមួយគ្នានេះ លោកស្រីជឿជាក់ថា កិច្ចព្រមព្រៀង ព្រីហ្ស៊ីត របស់លោកស្រីបានដោះស្រាយនូវការព្រួយបារម្ភ ដែលលើកឡើងដោយសមាជិកសភា ដែលភ័យខ្លាចថា ការរារាំងរបស់អៀរឡង់ នឹងធ្វើឱ្យចក្រភពអង់គ្លេសបន្តរៀបចំកិច្ចការគយជាមួយសហភាពអឺរ៉ុបឥតមានពេលបញ្ចប់ ៕
-
មេដឹកនាំអ៊ីរ៉ង់ធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ាក់ សំដៅព្យាយាមលុបចោលការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក

អ៊ីរ៉ាក់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៊ូហានី បានធ្វើដំនើរទៅដល់រដ្ឋធានីបាដដាដ ហើយ នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសអ៊ីរ៉ាក់។ ដំណើរទស្សនកិច្ចនេះ បានកើតមានឡើងស្របពេលដែលអ៊ីរ៉ង់កំពុងព្យាយាមពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសជិតខាងអារ៉ាប់ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រេចចិត្តដកសហរដ្ឋអាម៉េរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នំា២០១៥ រវាងអ៊ីរ៉ង់ និងប្រទេសមហាអំណាចទាំង៦ ហើយថែមទាំងដាក់ឡើងវិញនូវទណ្ឌកម្មប្រឆាំងនឹងទីក្រុង តេហេរ៉ង់ ផងដែរ។ នាអំឡុងបំពេញទស្សនកិច្ចនេះ ភាគីទាំងពីរត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនពាក់ព័ន្ធនឹងវិស័យជាច្រើន ក្នុងនោះរួមវិស័យថាមពល ការដឹកជញ្ជូន កសិកម្ម ឧស្សាហកម្ម និងផ្នែកសុខាភិបាល នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA៕ធ.ដ
-
សហរដ្ឋអាម៉េរិកគ្រោងសាកល្បងប្រព័ន្ធមីស៊ីលបាញ់ចេញពីដី ក្រោយដកខ្លួនពីសន្ធិសញ្ញា INF ជាមួយរុស្ស៊ីជាផ្លូវការ

សហរដ្ឋអាម៉េរិក៖ ទីក្រុងវ៉ាស៊ីនតោននឹងចាប់ផ្ដើមផលិតគ្រឿងបន្លាស់សម្រាប់ការធ្វើតេស្ដប្រព័ន្ធមីស៊ីលបាញ់ចេញពីដី ដែលដំបូងឡើយស្ថិតក្រោមបម្រាមនៃសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ (INF) រវាងរុស្ស៊ី និងសហរដ្ឋអាម៉េរិក នេះបើតាមក្រសួងការពារជាតិអាមេរិកនៅក្នុងសប្ដាហ៍នេះ។ បើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ សហរដ្ឋអាម៉េរិកអាចនឹងពិចារណា ឬបញ្ឈប់គម្រោងនេះទៅវិញ បើសិនជារុស្ស៊ីត្រឡប់មកអនុវត្តន៍តាមយ៉ាងពេញលេញវិញនូវសន្ធិសញ្ញា INF មុននឹងសហរដ្ឋអាម៉េរិកសម្រេចចិត្តដកខ្លួនជាផ្លូវការ ចេញពីសន្ធិសញ្ញានេះនៅខែសីហា ឆ្នាំ២០១៩ខាងមុខ។ ការប្រកាសរបស់ក្រសួងការពារជាតិអាម៉េរិកបែបនេះ បានកើតមានឡើងក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ កាលពីខែកុម្ភៈកន្លងទៅ ប្រកាសដកសហរដ្ឋអាម៉េរិកចេញពីសន្ធិសញ្ញាកំណត់អានុភាពអាវុធមីស៊ីល INF ដែលបានចុះហត្ថលេខាជាមួយរុស្ស៊ីកាលពីឆ្នាំ១៩៨៧។ បច្ចុប្បន្នទាំងសហរដ្ឋអាម៉េរិក និងរុស្ស៊ី កំពុងចាប់ផ្ដើមនីតិវិធីរយៈពេល០៦ខែ ដើម្បីដកខ្លួនចេញពីសន្ធិសញ្ញា INF នេះហើយ ខណៈមានការព្រួយបារម្ភជាច្រើនថា ការរត់ប្រណាំងសព្វាវុធអាចនឹងផ្ទុះឡើងជាថ្មី៕ធ.ដ
-
យានរ៉ុក្កែត Virgin Galactic ហោះទៅដល់ដងតារាវិថីជាថ្មីម្តងទៀត ក្នុងការហោះសាកល្បងជាលើកទីពីរ

សហរដ្ឋអាម៉េរិក៖ យានរ៉ុក្កែតរបស់ក្រុមហ៊ុន វើជីន ហ្គាឡាធិច (Virgin Galactic) បានហោះចូលទីអវកាសជាលើកទី២ នៅក្នុងការហោះហើរសាកល្បងនៅលើរដ្ឋ កាលីហ្វ័រញ៉ា ដោយហោះឡើងខ្ពស់ជាងមុន និងលឿនជាងមុន ខណៈដឹកជញ្ជូនអវកាសយានិក ដើម្បីវាយតម្លៃបទពិសោធន៍អ្នកដំណើរដែលគេទន្ទឹងរង់ចាំជាយូរមកនោះ។ ក្រុមហ៊ុន វើជីន ហ្គាឡាធិច បានគូសបញ្ជាក់ថា យានរ៉ុក្កែតមានស្លាបនេះ បានហោះឡើងលើមេឃក្នុងល្បឿនលឿនជាងសំឡេង៣ដង គឺដល់កម្ពស់៨៩,៨គីឡូម៉ែត្រ មុនពេលចុះចតដោយសុវត្ថិភាពនៅកំពង់ផែអាកាស និងអវកាស ម៉ូចែវ (Mojave) នៅក្នុងតំបន់វាលខ្សាច់ភាគខាងជើងនៃទីក្រុង ឡូសអាន់ជីលេស។ គួរបញ្ជាក់ថា ក្រុមហ៊ុន វើជីន ហ្គាឡាធិច កំពុងធ្វើការងារឆ្ពោះទៅរកការធ្វើពាណិជ្ជកម្ម ដែលនឹងដឹកអ្នកដំណើរទៅដងតារាវិថី ទាបក្បែរស្រទាប់ផែនដីរយៈពេលពីរបីនាទី ដើម្បីឱ្យស្គាល់រសជាតិការហោះអណ្តែតលើសុញ្ញអាកាស និងគយគន់ទេសភាពផែនដី។ ក្រុមហ៊ុននេះមានគោលបំណងធ្វើប្រតិបត្តិការយានអវកាសជាច្រើនចេញពីស្ថានីយ ស្ពេសផត អាម៉េរិក (Spaceport America) ក្នុងតំបន់វាលខ្សាច់ខ្ពស់នៅភាគខាងត្បូងរដ្ឋញ៊ូម៉ិកស៊ីកូ៕ធ.ដ