-
កូរ៉េខាងជើងរៀបចំការបោះឆ្នោតសភា បន្ទាប់ពីជំនួបកំពូលលើកទី២ជាមួយសហរដ្ឋអាម៉េរិកនៅវៀតណាមបរាជ័យ

សេអ៊ូល៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា កូរ៉េខាងជើងបានធ្វើការបោះឆ្នោតសភានៅថ្ងៃអាទិត្យសប្តាហ៍មុន ដោយនេះជព្រឹត្តិការណ៍នយោបាយសំខាន់មួយ ស្របពេលមានភាពមិនប្រាកដប្រជា ពាក់ព័ន្ធនឹងកិច្ចចរចានុយក្លេអ៊ែរដ៏តានតឹងជាមួយសហរដ្ឋអាម៉េរិក ។ អ្នកចូលរួមបោះឆ្នោតដែលមានអាយុ១៧ឆ្នាំ ឬលើសពីនេះ ត្រូវបានគេរៀបចំសន្លឹកឆ្នោតរបស់ពួកគេ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៦យប់ ហើយបើតាមសារព័ត៌មាន KCNA គិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យម្យិលមិញនេះ មានចំនួន៥៦,៧៦ភាគរយនៃអ្នកបោះឆ្នោត ដែលបានចុះឈ្មោះទាំងអស់បានបោះឆ្នោតរួចរាល់ ។ គួរបញ្ជាក់ថា រដ្ឋកុម្មុយនិស្តមួយនេះ នឹងជ្រើសរើសតំណាងថ្មីសម្រាប់នីតិកាលទី១៤ នៃសភាប្រជាជនជាន់ខ្ពស់នីតិប្បញ្ញត្តិរបស់ខ្លួន នៅក្នុងការបោះឆ្នោតដែលធ្វើឡើងរៀងរាល់៥ឆ្នាំម្តង ។ ពួកគេនឹងជំនួសអ្នកដែលត្រូវបានជ្រើសរើស នៅក្នុងការបោះឆ្នោតសភាដំបូង ក្រោមមេដឹកនាំបច្ចុប្បន្នកាលពីខែមីនា ឆ្នាំ២០១៤ ៕ធ.ដ
-
លោក ដូណាល់ ត្រាំ នឹងស្វះស្វែងរកថវិកាប្រមាណ៨,៦ពាន់លានដុល្លារសម្រាប់សង់ជញ្ជាំងព្រំដែន

សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេតវិមាន លោក ឡារី ឃើដឡូ បានថ្លែងនៅថ្ងៃអាទិត្យម្សិលមិញថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននឹងកំពុងស្វះស្វែងរកថវិកាចំនួន៨,៦ពាន់លានដុល្លារ ក្នុងការផ្តល់ មូលនិធិថ្មីសម្រាប់សង់ជញ្ជាំងនៅព្រំដែនអាម៉េរិក និងម៉ិកស៊ិក។ ទន្ទឹមគ្នានោះ ទីប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេតវិមានរូបនេះ ក៏បានទទួលស្គាលដែរថា សំណើថ្មីនេះ ទំនងជាមានន័យថា ជាការឈ្លោះគ្នាជាថ្មីនៅក្នុងសភា ជុំវិញមូលនិធិសង់ជញ្ជាំងព្រំដែន ។ សំណើថវិកាឆ្នាំ ២០២០ ដែលគ្រោងនឹងបង្ហាញជាផ្លូវការនៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ អាចនឹងលើសពីទឹកប្រាក់៥,៧ពាន់លានដុល្លារ ដែលលោក ត្រាំ បានទាមទារកាលពីឆ្នាំមុន។ សំណើកាលពីមុន បាននាំឱ្យមានការជាប់គាំងមួយ ដែលបណ្តាលឱ្យមានការបិទរដ្ឋាភិបាលរយៈពេល៣៥ ថ្ងៃ ដែលជាការបិទយូរបំផុតមិនធ្លាប់មានពីមុនមក។ យ៉ាងណាមិញ មេដឹកនាំសភារបស់គណបក្សប្រជាធិបតេយ្យ លោកស្រី ណាន់ស៊ី ផេឡូស៊ី និងលោក ឆាក់ ស៊ូមឺ បានថ្កោលទោសចំណាត់ការនេះ ដោយព្រមានលោក ត្រាំ ថា ការបរាជ័យមួយទៀតនៅរដ្ឋសភាកំពុងរង់ចាំគាត់ ៕ធ.ដ
-
ចិនផ្អាកការហោះហើរបស់យន្តហោះ Boeing 737 Max បន្ទាប់ពីយន្តហោះប្រភេទនេះធ្លាក់ ស្លាប់មនុស្ស១៥៧នាក់

អាជ្ញាធរអាកាសចរណ៍ស៊ីវិលចិនបានបង្គាប់ឱ្យក្រុមហ៊ុនអាកាសចរណ៍ចិនទាំងអស់ផ្អាកជាបណ្ដោះអាសន្នរាល់ការធ្វើប្រតិបត្តិការយន្ដហោះប្រភេទ Boeing 737 Max បន្ទាប់ពីមនុស្ស១៥៧នាក់ ស្លាប់នៅក្នុងសោកនាដកម្មធ្លាក់យន្ដហោះ 737 MAX 8 នៅឯប្រទេសអេត្យូពី កាលពីថ្ងៃអាទិត្យ។ យន្ដហោះ Boeing 737 Max 8 របស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានធ្លាក់តែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយហោះឡើងបានបន្តិចចេញពីអាកាសយានដ្ឋាននៃរដ្ឋធានី Addis Ababa របស់ប្រទេសអាហ៊្វ្រិកណ្តាលអេត្យូពី សំដៅទៅកាន់រដ្ឋធានីNairobi នៃប្រទេសកេនយ៉ា ដោយផ្ដាច់ជីវិតមនុស្សនៅលើនោះទាំងអស់១៥៧នាក់ ក្នុងនោះមានអ្នកដំណើរ១៤៩នាក់ និងក្រុមអាកាសយានិក៨នាក់។ សូមរម្លឹកថា យន្ដហោះត្រកូល Boeing 737 Max បានធ្លាក់ចូលសមុទ្រនៅប្រទេសឥណ្ឌូណេស៊ី កាលពីខែតុលា ឆ្នាំ២០១៨ ផ្ដាច់ជីវិតមនុស្សទាំងអស់១៨៩នាក់៕ម.ន
-
វៀតណាមរកចំណូលបានជិត១,១ពាន់លានដុល្លារអាម៉េរិក ពីការនាំចេញអាហារសមុទ្រ ក្នុងពេល២ខែដំបូងឆ្នាំ២០១៩

វៀតណាមរកចំណូលបានជិត១,១ពាន់លានដុល្លារអាម៉េរិក ពីការនាំចេញអាហារសមុទ្រ ទៅក្រៅប្រទេស ជាពិសេស ប្រភេទត្រីគ្មានស្រកា និងបង្កង ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០១៩នេះ កើនឡើង២,៣ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ២០១៨ នេះបើតាមការរបាយការណ៍របស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសវៀតណាម កាលពីចុងសប្តាហ៍។ ប្រភពថា គ្រាន់តែខែកុម្ភៈ ២០១៩ ការនាំចេញអាហារសមុទ្ររបស់វៀតណាមមានតម្លៃ៣៥០លានដុល្លារអាម៉េរិក ធ្លាក់ចុះ១២,៦ភាគរយ បើធៀបនឹងខែកុម្ភៈ ២០១៨។ ប្រភពបន្ថែមទៀតថា ទីផ្សារសំខាន់របស់វៀតណាមសម្រាប់អាហារសមុទ្រ រួមមាន សហរដ្ឋអាម៉េរិក ជប៉ុន កូរ៉េខាងត្បូង និងចិន។ វៀតណាមគ្រោងថា នឹងនាំចេញអាហារសមុទ្រឲ្យបានតម្លៃ១០ពាន់លានដុល្លាអាម៉េរិក នៅឆ្នាំ២០១៩។ ជាមួយគ្នាដែរ វៀតណាមបានបង្កើនផលិតផលជលផលនិងវារីវប្បកម្ម ៣,៦ភាគរយ ឲ្យបានក្នុងទំហំ៤,៣លានតោន និងពង្រឹងគុណភាពអាហារសមុទ្រ តាមរយៈការបំពាក់ជាមួយនឹងឧបករណ៍ទំនើបៗ៕ម.ន
-
ទីបំផុតអ្នកផ្ទុកមេរោគអេដស៍អាចព្យាបាលជាសះស្បើយ១០០%ហើយ

បរទេស៖ យោងតាមរបាយការណ៍របស់វេជ្ជបណ្ឌិត ដែលត្រូវបានដកស្រង់ដោយគេហទំព័រ Nature បានឱ្យដឹងថា អ្នកជំងឺផ្ទុកមេរោគអេដស៍ម្នាក់នៅអង់គ្លេស បានជាសះស្បោយពីជំងឺដ៏មួយនេះ បន្ទាប់ពីទទួលការព្យាបាលដោយផ្សាំកោសិកា ដែលវាគឺជាករណីទី២ហើយ ដែលមានអ្នកជាពីជំងឺអេដស៍។ ប្រភពបន្តថា អ្នកផ្ទុកមេរោគអេដស៍រស់នៅក្នុងទីក្រុងឡុងដ៏ ដែលធ្លាប់បានទទួលការព្យាបាលជំងឺមហារីកផងដែរនោះ ពេលនេះលែងមានវីរុស ហ៊ីវ ក្នុងខ្លួនទៀតហើយ ក្រោយទទួលការព្យាបាលដោយផ្សាំកោសិកា១៨ខែ ហើយលោកក៏លែងទទួលទានថ្នាំពន្យាអាយុទៀតដែរ។ អ្នកជំងឺក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះរូបនេះ ត្រូវបានធ្វើគេរោគវិនិច្ឆ័យថា មានផ្ទុកមេរោគអេដស៍កាលពីឆ្នាំ២០០៣ និងបានចាប់ផ្តើមប្រើថ្នាំប្រឆាំងនឹងមេរោគនៅឆ្នាំ២០១២។ បើតាមក្រុមអ្នកស្រាវជ្រាវ មេរោគបានប្រមូលផ្តុំគ្នា ហើយមួយរយៈក្រោយមកគេបានធ្វើការតាមដានមេរោគអេដស៍នៅក្នុងកោសិការបស់អ្នកជំងឺនោះ និងរកឃើញថា អ្នកជំងឺនោះគ្មានផ្ទុកមេរោគអេដស៍ទៀតទេ។ គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ មានអ្នកផ្ទុកមេរោគ HIV ចំនួនពីរនាក់ហើយ ដែលជាសះស្បើយពីជំងឺនេះ តាមរយៈការព្យាបាលយ៉ាងត្រឹមត្រូវពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ដែលអ្នកទី១ ជាអ្នកជំងឺនៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់៕ម.ន ឮ
-
រដ្ឋាភិបាលឥណ្ឌាអំពាវនាវឲ្យរៀបចំការបោះឆ្នោតសកលជាផ្លូវការ នាអំឡុងខែមេសា និងខែឧសភា ឆ្នាំ២០១៩នេះ

ឥណ្ឌា៖ ប្រទេសឥណ្ឌាដែលមានប្រជាជនច្រើនបំផុតទីពីរនៅលើពិភពលោក នឹងរៀបចំការបោះឆ្នោតនៅសប្តាហ៍ទី២ នៃខែមេសា ឆ្នំា២០១៩នេះ ហើយលទ្ធផលនឹងសម្រេចជោគវាសនារដ្ឋាភិបាលថ្មី សម្រាប់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ ដែលរដ្ឋាភិបាលកណ្តាលគឺមានអាណត្តិ៥ឆ្នាំ។ គណៈកម្មការបោះឆ្នោតឥណ្ឌា បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា ការបោះឆ្នោតសភានឹងប្រព្រឹត្តទៅក្នុងដំណាក់កាលចំនួន៧ ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ខណៈការរាប់សន្លឹកឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩។ អាណត្តិបច្ចុប្បន្ននៃរដ្ឋាភិបាលរបស់គណបក្ស BJP ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី នឹងផុតកំណត់នៅថ្ងៃទី០៣ ខែមិថុនា ហើយការបោះឆ្នោតសកលនឹងត្រូវធ្វើឡើងជា៧ដំណាក់កាល។ លោក ណារិនដ្រា ម៉ូឌី នឹងឈរឈ្មោះប្រជែងអាណត្តិទី២នេះ ទល់នឹងសម្ព័ន្ធបក្សប្រឆាំងដ៏ធំដឹកនាំដោយលោក រ៉ាហ៊ុល គន្ធី។ បើតាមលោក ស៊ូនីល អារ៉ូរ៉ា ដែលជាប្រធានគណៈកម្មការបោះឆ្នោតឥណ្ឌា ពលរដ្ឋប្រមាណ៩០០លាននាក់មានសិទ្ធិបោះឆ្នោត នៅក្នុងការបោះឆ្នោតសកលនាឆ្នាំ២០១៩នេះ បើធៀបនឹងចំនួន៨១៤,៥លាននាក់នៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៤។ លោកបន្ថែមថា ឆ្នាំនេះ ម៉ាស៊ីនបោះឆ្នោតអេឡិចត្រូនិច នឹងមានរូបថតបេក្ខជនដើម្បីបញ្ចៀសកំហុសនៃការបោះឆ្នោតដែលមានឈ្មោះត្រួតគ្នា ហើយថា អ្នកបោះឆ្នោតខ្ទង់៩០០លាននាក់ នឹងបោះឆ្នោតជ្រើសរើសសមាជិកសភាចំនួន៥៤៣នាក់នៅសភាជាន់ទាបរបស់ប្រទេសឥណ្ឌា៕ម.ន
-
សេតវិមាន៖ លោក ត្រាំ ចង់កាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល៥% ក្នុងឆ្នាំ២០២០

សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេតវិមាន លោក Larry Kudlow បានលើកឡើងថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ នឹងអំពាវនាវឱ្យមានការកាត់បន្ថយការចំណាយក្នុងស្រុករបស់រដ្ឋាភិបាលចំនួន៥ភាគរយ ទៅលើការគ្រប់មុខចំណាយទាំងអស់នៅក្នុងឆ្នាំ២០២០ នៅពេលដែលលោកដាក់សំណើថវិកាថ្មី ជូនសភានៅថ្ងៃចន្ទនេះ។ ថ្លែងក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះថា លោក Kudlow បាននិយាយថា ថវិកាឆ្នាំ២០២០ នឹងមានលក្ខណៈយ៉ាប់យ៉ឺន ដោយសារយើងនឹងដាក់កំហិតលើខ្លួនឯងនៅឆ្នាំនេះ ហើយលោកគិតថា យើងគួរតែបានធ្វើបែបនេះយូរណាស់មកហើយ។ ទីប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សេតវិមានរូបនេះ បានសង្កត់ធ្ងន់ថា ការអនុម័តថវិកាថ្មីៗនេះ ខ្លះមិនអំណោយផលល្អដល់ការចំណាយនោះទេ ដូច្នេះលោកគិតថា ការកាត់បន្ថយចំណាយនេះ គឺពិតជាវិធីសាស្ត្រដ៏ត្រឹមត្រូវ។ គួរបញ្ជាក់ថា សំណើថវិកាថ្មីខាងលើ ដែលនឹងធ្វើឱ្យមានការជជែកសួរដេញដោលគ្នារាប់ខែ បានចាប់ផ្ដើមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីការបិទរដ្ឋាភិបាលអស់រយៈពេល៣៥ថ្ងៃ ដែលបានបំបែកឯកតទគ្គកម្មពីមុន ដោយសារការចំណាយរបស់រដ្ឋាភិបាលក្នុងឆ្នាំបច្ចុប្បន្ននេះ បានបញ្ចប់ទៅ៕ម.ន
-
អ្នកដំណើរ១៥៧នាក់បាត់បង់ជីវិតទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះអេត្យូពី

អេត្យូពី៖ អ្នកដំណើរសរុប១៥៧នាក់ ត្រូវបានអាជ្ញាធរក្នុងតំបន់រាយការណ៍ថា បានបាត់បង់ជីវិតទាំងអស់ បន្ទាប់ពីករណីធ្លាក់យន្តហោះរបស់អាកាសចរណ៍អេត្យូពី ដែលហោះហើរពីរដ្ឋធានី អេដឌីស អាបាបា របស់ប្រទេសអេត្យូពី សំដៅទៅកាន់រដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ ជាមួយគ្នានេះ នាយកប្រតិបត្តិ (CEO) របស់អាកាសចរណ៍នេះ គឺលោក Gebremariam បាននិយាយថា តាមពិតទៅយន្តហោះ Boeing ខាងលើ ទើបតែបានសម្រាកបីម៉ោងប៉ុណ្ណោះ ក្រោយពីវាបានហោះមកពីទីក្រុងចូហាន់ណែសប៊ឺក ប្រទេសអាហ៊្វ្រិកខាងត្បូង នៅព្រឹកព្រលឹមថ្ងៃកើតហេតុ ប៉ុន្តែក្រុមត្រួតពិនិត្យមុនការហោះហើរ ពុំបានរកឃើញភាពមិនប្រក្រតីអ្វីឡើយ មុនការគ្រោងហោះហើរបន្តទៅកេនយ៉ា។ ពាក់ព័ន្ធនឹងសោកនាដកម្មនេះដែរ ប្រភពព័ត៌មានក្នុងតំបន់បានបញ្ជាក់ថា យន្ដហោះមួយគ្រឿងនេះ ជាប្រភេទយន្តហោះ Boeing 737 និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី ដោយមុនពេលធ្លាក់ប៉ុន្មាននាទី ពីឡុតដែលបញ្ជាការនៅលើនោះ បានព្យាយាមទាក់ទងទៅអាកាសយានដ្ឋាន អេដឌីស អាបាបា ដើម្បីស្នើសុំបកត្រឡប់ក្រោយវិញ បន្ទាប់ពីទើបបានហោះចេញមកបន្តិច ព្រោះពួកគេបានជួបប្រទះបញ្ហាបច្ចេកទេសមួយចំនួននៃម៉ាស៊ីនយន្តហោះ ដែលពិបាកនឹងដោះស្រាយ។ បើតាមការសន្និដ្ឋានបឋមនោះ បញ្ហាបច្ចេកទេសមួយចំនួននៃគ្រឿងម៉ាស៊ីនអាចជាមូលហេតុនៅពីក្រោយសោកនាដកម្មធ្លាក់យន្ដហោះនេះ ហើយវាក៏ជាលើកទី២ផងដែរ ដែលយន្ដហោះត្រកូល Boeing 737 Max បានធ្លាក់ បន្ទាប់ពីយន្ដហោះប្រភេទនេះធ្លាក់ចូលសមុទ្រនៅប្រទេសឥណ្ឌូណេស៊ីកាលពីខែតុលា ឆ្នាំ២០១៨ ផ្ដាច់ជីវិតមនុស្សទាំងអស់១៨៩នាក់៕ម.ន…
-
នាយកប្រតិបត្តិ Apple ត្រូវបានប្រធានាធិបតីអាម៉េរិកប្តូរឈ្មោះពី Tim Cook ទៅជា Tim Apple

អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគោលនយោបាយការងារថ្មីៗនេះ លោក Donald Trump បានប្តូរឈ្មោះនាយកប្រតិបត្តិ Apple។ លោកពុំបានហៅឈ្មោះ CEO ក្រុមហ៊ុន Apple ថាជា Tim Cook ឡើយ តែលោកបានប្តូរឈ្មោះទៅជា Tim Apple វិញ។ នៅថ្ងៃបន្ទាប់ Tim Cook បានសម្រេចចិត្តប្តូរឈ្មោះតាមការចង់បានរបស់លោកត្រាំ។ នាយកប្រតិបត្តិក្រុមហ៊ុន Apple ក៏បានប្ដូរឈ្មោះលើគណនី Twitter របស់ខ្លួន ដោយប្ដូរពី Tim Cook ទៅជា Tim ដោយសញ្ញាផ្លែប៉ោមនៅពីក្រោយតំណាងឲ្យ “Tim Apple” ដូចការហៅរបស់លោក ដូណាល់ ត្រាំ។ យ៉ាងណាក៏ដោយ មិនចម្លែកទេ ដែលមេដឹកនាំអាម៉េរិករូបនេះបង្កើតរឿងកម្លែងៗបែបនេះ ជាក់ស្តែង ក្រោយជាប់ជាប្រធានាធិបតីអាម៉េរិកកាលពីឆ្នាំ ២០១៦ លោកត្រាំក៏ធ្លាប់បង្កើតរឿងរ៉ាវអស់សំណើចស្រដៀងគ្នា ជុំវិញការហៅឈ្មោះនាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Lockheed Martin ដែលអ្នកស្រីមានឈ្មោះផ្លូវការ Marillyn Hewson…
-
ថៃនឹងដំណើរការបណ្ដាញអ៊ីនធឺណិត៥G នៅឆ្នាំក្រោយ

ថៃនឹងដាក់ដំណើរការគម្រោងបណ្តាញអ៊ីនធឺណិតជំនាន់ទី៥ (5G) ចាប់ពីឆ្នាំ២០២០ខាងមុខតទៅ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិលបាល កាលពីពេលថ្មីៗនេះ។ លោក Somkid Jatusripitak ឧបនាយករដ្ឋមន្ត្រីថៃ នៅក្នុងកម្មវិធីរបស់ក្រុមហ៊ុនទូរសព្ទចិនមួយ បានឲ្យដឹងថា គណៈកម្មាធិការផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិថៃ (NBTC) នឹងត្រូវទទួលរ៉ាប់រងចំពោះគម្រោង 5G ហើយ NBTC ក៏នឹងត្រូវពិភាក្សាការអភិវឌ្ឍនេះជាមួយនឹងវិស័យឯកជនជាមុនសិនផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្រោយពេលដំណើរការ 5G រួច សេដ្ឋកិច្ចរបស់ថៃអាចនឹងហក់ឡើងជាងមុនបានចំនួន ៥% ជាពិសេសនៅក្នុងទម្រង់ការបើកអាជីវកម្មថ្មី ឬក៏សហគ្រាសខ្នាតតូច និងខ្នាតមធ្យម។ បច្ចុប្បន្ន ពលរដ្ឋថៃមានទូរសព្ទប្រើប្រាស់សរុបចំនួន១២១លានគ្រឿង ហើយនៅក្នុងនោះ មានតែ៤០លានគ្រឿងប៉ុណ្ណោះដែលប្រើប្រាស់អ៊ីនធឺណិត៕ធ.ដ